អារម្ភកថា | សៀវភៅណែនាំសិក្សា
នៅក្នុងការ​បោះពុម្ពលើកទី6 ជាភាសាខ្មែរ
សម័យកាលគឺ​ផ្លាស់ប្តូរជានិច្ច។ ប៉ុន្តែនៅក្នុងនោះ យើងគ្រប់គ្នានៅតែត្រូវបន្តប្រឹងប្រែងកែលំអ​របៀប​នៃការ​រស់នៅរបស់មនុស្សគ្រប់រូបឲ្យកាន់តែមានសុភមង្គលជាងមុន។
«សៀវភៅណែនាំសិក្សាក្រម​រដ្ឋប្បវេណី» ត្រូវបាន​បោះពុម្ពជាលើកដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំ1997 និងទទួលបាន​ការ​គាំទ្រច្រើនពីអ្នកអានជាបន្តបន្ទាប់ក្នុងនាម​ជា​សៀវភៅសេចក្តីផ្តើមនៃក្រម​រដ្ឋប្បវេ​ណី ហើយឈានដល់​ការ​បោះពុម្ពលើកទី6 គម្រប់ខួប 23ឆ្នាំ នា​ខែវិច្ឆិកា ឆ្នាំ2020។
ដូចបាន​ជម្រាបជូននៅក្នុង «ការបោះពុម្ពលើកទី6 បុព្វកថា» រួចហើយថា ការ​រៀបចំបកប្រែជាភាសាខ្មែរនេះ អាចលេចជារូបរាងបានដោយសារការជ្រោមជ្រែងពី «សមាគមអ្នក​ច្បាប់​ជប៉ុនកម្ពុជា» (JJL, សហតំណាងដោយ៖ លោកស្រីមេធាវី SAKURAGI KAZUYO និង លោកមេធាវី KIMURA SHINSUKE)។ ចាប់តាំង​ពីខែធ្នូ ឆ្នាំ2000 មក សៀវភៅនេះត្រូវបាន​បកប្រែជាបន្តបន្ទាប់ ហើយត្រូវបាន​យកទៅប្រគល់ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រសួងយុត្តិធម៌ គណៈមេធាវី និង សាលាភូមិន្ទចៅក្រម។ នៅឆ្នាំ2008 ការ​បោះពុម្ពលើកទី3 នៃសៀវភៅនេះ ត្រូវបាន​បកប្រែចប់ជាស្ថាពរ ហើយ​ត្រូវបាន​ប្រគល់​ជូន​ស្ថាប័នពាក់ព័ន្ធខាងលើនេះផងដែរ។
ខ្ញុំលឺថា សៀវភៅបកប្រែនេះត្រូវបាន​គេហៅថាជា សៀវភៅលឿង ហើយត្រូវបាន​ប្រើប្រាស់ក្នុង​បរិបទ​ជាច្រើន។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន​ក្លាយទៅជា​ប្រទេសមួយដែល​មាន​ក្រម​រដ្ឋប្បវេណីយ៉ាងទំនើបរួចហើយ ប៉ុន្តែ នាសម័យនោះ ខ្ញុំសង្ឃឹមថា សៀវភៅនេះ បាន​ចូលរួមចំណែកទោះបីជា​តិចតួចក៏ដោយ ដល់ការស្តារប្រទេសកម្ពុជាឡើងវិញ។
ក្រោយមកទៀត ដោយសារ​មានភាពចាំបាច់​ក្នុងការ​ធ្វើបច្ចុប្បន្នភាព ដើម្បី​ឆ្លើយតបជាមួយនឹងការកែសម្រួល​ច្បាប់ដើម ការបោះពុម្ពលើកទី 5 (ឆ្នាំ2018) របស់សៀវភៅនេះ ត្រូវបានចាប់ផ្តើមបកប្រែឡើងវិញ ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែងពីលោកមេធាវី SHINODA YOICHIRO ជំនាញការ​នៃ​អង្គការចៃកា (JICA) ដែលបាន​បំពេញបេសកកម្មនៅកម្ពុជាក្នុងពេលនោះ ។ ការបកប្រែថ្មីបំផុត នៃការ​បោះពុម្ពលើកទី6 (ឆ្នាំ2020) បានបកប្រែបញ្ចប់ស្ថាពរ ដោយអ្នកបកប្រែដ៏ជំនាញ គឺលោកឈឿន គុយអេង (បញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងមជ្ឈមណ្ឌល​ស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុន (CJL), ហើយបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យណាហ្គោយ៉ាប្រទេសជប៉ុន)។
នៅខែមេសា ឆ្នាំ2020 ប្រទេសជប៉ុនបានធ្វើវិសោធនកម្មទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេល 120ឆ្នាំនេះ ទៅលើផ្នែកស្តីពីសិទ្ធិលើបំណុល និង កិច្ចសន្យា​នៅក្នុង​ក្រម​រដ្ឋប្បវេណី ហើយក្នុងពេល​ទន្ទឹមគ្នានេះ ផ្នែក​ស្តីពីសន្តតិកម្មក៏មាន​ការធ្វើ​វិសោធនកម្មនូវចំណុច​សំខាន់ៗមួយ​ចំនួន​ផងដែរ។ ការបោះពុម្ពលើក​ទី6 នេះ បានបញ្ចូលនូវ ​វិសោធនកម្មទាំងអស់នេះ។ ដូចនេះ ការ​បោះពុម្ពលើកទី6 ជាភាសាខ្មែរនេះ គឺជា​សៀវភៅដែល​បង្ហាញអំពីក្រមរដ្ឋប្បវេណីថ្មីបំផុតរបស់ជប៉ុន ដូចមាន​ក្នុង​ចំណងជើងស្រាប់។
ខ្ញុំនៅចងចាំយ៉ាងច្បាស់ នៅពេលដែល​ខ្ញុំបាន​មកប្រទេសកម្ពុជានៅចុងខែធ្នូ ឆ្នាំ2000 ដើម្បី​ចូល​រួម​ពិធីដាក់បង្ហាញសៀវភៅបកប្រែនៃផ្នែកខ្លះៗជាលើកដំបូង និង បាន​ធ្វើបទបង្ហាញជាអនុស្សាវរីយ៍ ហើយ​ក្រោយមកទៀត ខ្ញុំនៅតែបន្តទៅធ្វើបទបង្ហាញនៅកម្ពុជាជាច្រើនលើកច្រើនសារ ស្របជាមួយនឹង​ដំណើរការនៃការបកប្រែ។ ខ្ញុំរីករាយយ៉ាងខ្លាំង ដោយ​មើលឃើញនូវការរីកចម្រើនរបស់កម្ពុជា នៅរាល់ពេល​ដែល​ខ្ញុំបានទៅ។
គិតចាប់តាំងពីពេលនោះមក រយៈពេល 20ឆ្នាំគត់ បានកន្លងផុតហើយ។ ការ​តាក់តែងក្រម​រដ្ឋប្ប​វេណី​ថ្មីរបស់កម្ពុជានេះ ក៏មានការ​ចូលរួមសហការពីអ្នកស្រាវជ្រាវច្បាប់ជប៉ុនជាច្រើនផងដែរ។ ពិតហើយថា ក្រម​រដ្ឋប្បវេ​ណី​របស់កម្ពុជាគឺខុសពីក្រម​រដ្ឋប្បវេណីជប៉ុន ហើយ​មាន​ផ្នែកខ្លះគឺក្រមរដ្ឋប្បវេណីកម្ពុជាមាន​លក្ខណៈ​ទំនើបជាងក្រម​រដ្ឋប្បវេណីជប៉ុនទៅទៀត ប៉ុន្តែ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងមានអត្ថប្រយោជន៍ដើម្បី​ស្វែងយល់ក្រម​រដ្ឋប្បវេណី​កម្ពុជាផងដែរ។
រឿងដែលសំខាន់បំផុតគឺ ក្រម​រដ្ឋប្បវេណីគឺបង្កើតនូវវិធានដើម្បីឲ្យប្រទេសនីមួយៗ និងប្រជាជន​គ្រប់រូបនៃបណ្តាប្រទេសទាំងនោះ កាន់តែរស់នៅដោយមាន​សុភមង្គល និងដោយមានសន្តិភាព។ ខ្ញុំរំពឹង​ថាសៀវភៅនេះ នឹងក្លាយជាស្ពាននាំឲ្យប្រទេសជប៉ុន និង ប្រទេសកម្ពុជាយល់ដឹងអំពីគ្នា​ទៅវិញទៅមកក្នុងនាមជា «មិត្ត» ក្នុងតំបន់អាស៊ី ហើយខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាអត្ថបទដែលអាចសិក្សាអំពី «គោល​គំនិត» រួមនៃច្បាប់មូលដ្ឋានរបស់ប្រជាជនបាន ពោលគឺ «ក្រម​រដ្ឋប្បវេណី»។
ជាចុងក្រោយ ខ្ញុំសូមអរគុណចេញពីចិត្តដល់អ្នកបកប្រែ គឺលោក ឈឿន គុយអេង។ ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះលោកស្រីមេធាវី SAKURAGI KAZUYO និង លោកមេធាវី KIMURA SHINSUKE នៃសមាគម JJL, លោកមេធាវី SHINODA YOICHIRO អតីតជំនាញការ​នៃ​អង្គការចៃកា ព្រមទាំងក្រុមគ្រួសារ និង មិត្តភក្តិរបស់​លោកឈឿន គុយអេង ដែលបាន​ខិតខំប្រឹងប្រែងរៀបចំតាក់តែងការ​បោះពុម្ពលើកទី6 ជាភាសាខ្មែរនេះ។
ទីក្រុងតូក្យូ ខែ កុម្ភៈ ឆ្នាំ 2021
Masao IKEDA
Professor emeritus at Keio University
Dean, Graduate School of Law (Ex-Vice President) at Musashino University