អារម្ភកថា | បណ្ឌិត ហោ ប៉េង
សៀវភៅនេះ ត្រូវបានបកប្រែជាភាសាខ្មែរពីសៀវភៅដើមជាភាសាជប៉ុន ដែលត្រូវបានសរសេរឡើងសម្រាប់ជាការណែនាំអំពីការសិក្សានូវចំណុចសំខាន់ៗនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន។ កាលពីឆ្នាំ២០០៨ សៀវភៅនេះ ត្រូវបានបកប្រែនិងកែសម្រួលជាភាសាខ្មែរម្តងរួចទៅហើយ និងត្រូវបានប្រើប្រាស់ក្នុងបរិបទជាច្រើន។ និស្សិតខ្មែរដែលសិក្សាជំនាញច្បាប់ភាគច្រើនបានអានសៀវភៅនេះ ដើម្បីសិក្សាបន្ថែមពីក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន ហើយពួកគេនិយមហៅសៀវភៅនេះថា សៀវភៅលឿង។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បាន និងកំពុងធ្វើកំណែទម្រង់ច្បាប់ជាច្រើនដើម្បីសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ។ ជាសមិទ្ធផល ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយដែលមានក្រមរដ្ឋប្បវេណីទំនើប។ ទោះបីជាយ៉ាងនេះក៏ដោយ ការស្វែងយល់ពីចំណុចសំខាន់ៗនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន នៅតែមានសារៈសំខាន់សម្រាប់អ្នកច្បាប់ខ្មែរ ពីព្រោះ ក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន អាចត្រវូបានចាត់ទុកជាគំរូច្បាប់នៃក្រមរដ្ឋប្បវេណីរបស់កម្ពុជា។
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ នៅពេលដែលដឹងថា «សមាគមអ្នកច្បាប់ជប៉ុនជាមួយ
កម្ពុជា» (សហតំណាងដោយ៖ លោកស្រីមេធាវី SAKURAGI KAZUYO និង លោកមេធាវី KIMURA SHINSUKE)បាននិងកំពុងរៀបចំដំណើរការបោះពុម្ពសៀវភៅនេះ ជាលើកទី៦ ជាភាសាខ្មែរ ដោយបានបញ្ចូលនូវចំណុចសំខាន់ៗនៃក្រមរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន ដែលត្រូវបានធ្វើវិសោធនកម្ម នៅខែមេសា ឆ្នាំ២០២០។
ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មួយៗនិស្សិតច្បាប់នឹងទទួលបានការយល់ដឹងកាន់តែច្រើនពី វិស័យរដ្ឋប្បវេណីរបស់ប្រទេសជប៉ុន តាមរយៈការអានសៀវភៅនេះ។
ជាចុងក្រោយ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា និងក្រុមការងារបកប្រែដែលបានរៀបចំការបោះពុម្ពលើកទី៦ ជាភាសាខ្មែរ។ ខ្ញុំសូមអរគុណ លោកបណ្ឌិត សេង ប៊ុនធឿន និងលោកស្រី ប៉ុក ភារុន ដែលជាសមាជិកនៃគណកម្មការត្រួតពិនិត្យការបកប្រែនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងដំណើរការបោះពុម្ពសៀវភៅនេះ៕
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១
បណ្ឌិត ហោ ប៉េង
សាកលវិទ្យាធិការ
សាកលវិទ្យាល័យជាតិគ្រប់គ្រង