នៅក្នុងការ​បោះពុម្ពលើកទី6 ជាភាសាខ្មែរ | JJL
អារម្ភកថា
សមាគមអ្នកច្បាប់កម្ពុជាជប៉ុន (Japan Jurist league with Cambodia)
សហតំណាងដោយ៖
លោកស្រីមេធាវី SAKURAGI KAZUYO
លោកមេធាវី KIMURA SHINSUKE
សមាគមអ្នកច្បាប់កម្ពុជាជប៉ុន គឺជា NGO ដែល​ត្រូវបាន​បង្កើតឡើងនៅខែតុលា ឆ្នាំ1993 ដើម្បីផ្តល់ការ​សហការផ្នែកច្បាប់ដើម្បីស្តារប្រទេសកម្ពុជាឡើងវិញ។ សមាគមនេះចាប់ផ្តើមសកម្មភាពនៅឆ្នាំ1993 ហើយគិតមកដល់ឆ្នាំនេះគឺមានរយៈពេលជាង 28ឆ្នាំហើយ។ នៅក្នុងសកម្មភាពរបស់សមាគម​ មានគម្រោងជាច្រើន ហើយមួយក្នុងចំណោមសកម្មភាពនោះ គឺ «ការ​ផ្តល់ឯកសារសិក្សា​ច្បាប់​ជា​ភាសាខ្មែរ»។ តាំងពីមុនមក សមាគមបាន​ផ្តល់នូវវីដេអូជាភាសាខ្មែរអំពីតុលាការ​ប្រឌិតនៃរឿងក្តីព្រហ្មទណ្ឌ និងបានផ្តល់ «សៀវភៅសេចក្តីផ្តើមនៃក្រម​ព្រហ្មទណ្ឌ» របស់អ្នកច្បាប់ជប៉ុនជំនាញក្រមព្រហ្មទណ្ឌជាភាសាខ្មែរ ជាអាទិ៍។ តាំងពីឆ្នាំ2000 ការងារបកប្រែជាភាសាខ្មែរនូវ «សៀវភៅណែនាំសិក្សាក្រម​រដ្ឋប្បវេណី» របស់លោកសាស្ត្រាចារ្យ Masao IKEDA អ្នកស្រាវជ្រាវក្រម​រដ្ឋប្បវេណីជប៉ុន បាន​ចាប់ផ្តើម។ «សៀវភៅណែនាំសិក្សាក្រម​រដ្ឋប្បវេណី» របស់លោកសាស្ត្រាចារ្យ IKEDA បានតាក់តែងដោយផ្អែកលើ​ក្រម​រដ្ឋប្បវេណីជប៉ុន ហើយក៏មានភាពងាយស្រួលយល់សម្រាប់អ្នកដែលមិនសិក្សាជំនាញនីតិសាស្ត្រផងដែរ។ សៀវភៅនេះគឺសក្តិសមបំផុតសម្រាប់ស្វែងយល់នូវក្រមរដ្ឋប្បវេណីដែលជាច្បាប់យ៉ាងធំ និង ងាយចាប់បាននូវ​គោលការ​ណ៍សំខាន់ៗនៃក្រម​រដ្ឋប្បវេណី ហើយយើងខ្ញុំពិតជាចង់បកប្រែជាភាសាខ្មែរ ហើយជូនជនជាតិកម្ពុជា​ទាំងអស់គ្នា។
ការ​បកប្រែជាភាសាខ្មែរនូវការបោះពុម្ពលើកទី3 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ សមាគមបានពឹង​ពាក់ទៅកាន់លោកសាស្ត្រាចារ្យ គង់ ទេលី។ យើងបានលឺមកថា នៅពេលនោះប្រទេសកម្ពុជាពុំទាន់មាន​ក្រម​រដ្ឋប្បវេណីនៅឡើយទេ ហើយក៏ពុំសូវមានឯកសារពាក់ព័ន្ធនឹងច្បាប់ផងដែរ ហេតុនេះ លោកសាស្ត្រាចារ្យ ទេលី មាន​តែ​ក្រម​រដ្ឋប្បវេណីដែល​បាន​អនុម័ត​នៅក្នុង​ឆ្នាំ1920 ក្នុងសម័យអាណានិគមបារាំងប៉ុណ្ណោះជាឯកសារយោង។ លោកសាស្ត្រាចារ្យពិតជួបការលំបាក​ច្រើនហើយក្នុងការ​បកប្រែនេះ។
រយៈពេល 20ឆ្នាំ បានកន្លងផុតហើយ គិតចាប់តាំងពីការ​បកប្រែជាភាសាខ្មែរលើកដំបូង ហើយ​ក្នុង​អំឡុងពេល 20ឆ្នាំនោះ ប្រទេសកម្ពុជាបាន​ទទួលជំនួយក្នុងការ​តាក់តែង​ច្បាប់ពីប្រទេសជប៉ុន ហើយក្រម​រដ្ឋប្ប​វេណី​ថ្មីត្រូវបាន​អនុម័តឡើង។ ដូចនេះ យើងខ្ញុំមាន​បំណងបកប្រែ «សៀវភៅណែនាំសិក្សា​ក្រម​រដ្ឋប្ប​វេណី» ឲ្យស្រប​ទៅតាមពាក្យបច្ចេកទេសនៅក្នុង​ក្រម​រដ្ឋប្បវេណីថ្មីរបស់កម្ពុជា ហើយក៏បានចាប់ផ្តើមការ​ងារ​បកប្រែការ​បោះ​ពុម្ពលើកទី5 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ។
អ្នកបកប្រែគឺ លោក ឈឿន គុយអេង។ ក្រោយពី​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងមជ្ឈមណ្ឌល​ស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុន លោក គុយអេង បានបន្តការ​សិក្សាថ្នាក់អនុបណ្ឌិតលើនីតិសិទ្ធិលើបំណុល នៅសាកលវិទ្យាល័យណាហ្គោយ៉ាប្រទេសជប៉ុន។ ក្រោយពីត្រឡប់មកកម្ពុជាវិញ លោក គុយអេង បានធ្វើការងារពាក់ព័ន្ធនឹងការបកប្រែឯកសារច្បាប់ជាភាសាជប៉ុន・ខ្មែរ និងបកប្រែដោយផ្ទាល់នៅក្នុង​សិក្ខាសាលាជាអាទិ៍ នៅក្នុងគម្រោងអភិវឌ្ឍន៍ច្បាប់ និងតុលាការនៃអង្គការ JICA ក្នុង​ឋានៈជា មន្ត្រីច្បាប់ជាន់ខ្ពស់។ លោក គុយអេង​ មាន​ចំណេះដឹងលើក្រម​រដ្ឋប្បវេណីកម្ពុជា និងក្រមរដ្ឋប្បវេណីជប៉ុន និងមានជំនាញក្នុងការ​បកប្រែពាក្យបច្ចេកទេសច្បាប់នៃប្រទេសទាំងពីរ ហេតុនេះ យើង​ខ្ញុំគិតថា លោក គុយអេង ជាបុគ្គលសក្តិសមបំផុតក្នុងការបកប្រែ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ ហើយ​លោក គុយអេង ពេញចិត្តនឹង​ទទួលយកការងារនេះ តាមសំណូមពររបស់យើងខ្ញុំ។
នៅក្នុងឆ្នាំ2020 ប្រទេសជប៉ុនមានវិសោធនកម្មទ្រង់ទ្រាយធំលើផ្នែកស្តីពីសិទ្ធិលើបំណុល និង កិច្ចសន្យា​ក្នុងក្រម​រដ្ឋប្បវេណីជប៉ុន ហើយលោកសាស្ត្រាចារ្យ IKEDA បានចេញផ្សាយការបោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ដោយបញ្ចូលនូវខ្លឹមសារវិសោធនកម្មដ៏សំខាន់ខាងលើនេះ។ ហេតុនេះ យើង​ខ្ញុំបាន​ស្នើសុំបន្ថែមឲ្យលោក គុយអេង បកប្រែចេញពីច្បាប់ដើមនៃការបោះពុម្ពលើកទី6 នេះ ហើយលោក​គុយអេង បានយល់ព្រមចំពោះការស្នើសុំបន្ថែមនេះ។ ការ​បកប្រែជាភាសាខ្មែរ នៃការ​បោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» បាន​ប្រសូត្រឡើង ដោយមានសាវតាបែបនេះ។
ការ​ងារ​បកប្រែ «សៀវភៅណែនាំឲ្យសិក្សាក្រមរដ្ឋប្បវេណី» នេះ បាន​ចាប់ផ្តើមឡើងតាម​សំណូមពរពីមជ្ឈដ្ឋាននានារបស់​អ្នក​ច្បាប់កម្ពុជា។ ទោះបីជាក្រមរដ្ឋប្បវេណីខ្មែរ មាន​ខ្លឹមសារខុសពី​ក្រម​រដ្ឋប្បវេណី​ជប៉ុនក៏​ដោយ ក៏យើងខ្ញុំបាន​ដឹងថា អត្ថបទចាស់នៃការ​បកប្រែជាភាសាខ្មែរនៃ «សៀវភៅណែនាំឲ្យសិក្សាក្រមរដ្ឋប្បវេណី» បាន​ផ្តល់ប្រយោជន៍ដល់អ្នកទាំងអស់គ្នានៅកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការ​បកប្រែជាភាសាខ្មែរនៃការ​បោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ស្របតាមក្រមដ្ឋប្បវេណីថ្មីរបស់កម្ពុជានេះ នឹង​កាន់តែផ្តល់ប្រ​យោជន៍ដល់អ្នកទាំងអស់គ្នា។
យើងខ្ញុំសូមអរគុណចេញពីចិត្តដល់អ្នកបកប្រែ លោក ឈឿន គុយអេង ដែលបានជួយជាអ្នកបកប្រែ។ យើងខ្ញុំសូមថ្លែង​អំណរគុណផងដែរចំពោះក្រុមគ្រួសាររបស់លោក គុយអេង ដែល​ជួយគាំទ្រនូវការងារនេះ។
មួយវិញទៀត សាកលវិទ្យាល័យជាតិគ្រប់គ្រងដោយមានឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហោ ប៉េង ជាប្រធាន បាន​រៀបចំបង្កើតនូវ «គណកម្មការកែសម្រួលការបកប្រែជាភាសាខ្មែរនៃ “សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី” » ដើម្បីសហការដល់ការងារបកប្រែនេះ។ យើងខ្ញុំមានទឹកចិត្តសោមនស្សរីករាយដែលការ​បោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ បានប្រសូត្រឡើងដោយមានកិច្ចសហការរវាងភាគីកម្ពុជា និង ភាគីជប៉ុនហើយយើងខ្ញុំមានការរំពឹងទុកខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហការរួមគ្នារបស់ភាគីទាំងសងខាងនាពេលអនាគត។
ថ្ងៃទី1 ខែមេសា ឆ្នាំ2021