ជំពូកទី 9 : នីតិសន្តតិកម្ម
I. ទិដ្ឋភាពទូទៅនៃនីតិសន្តតិកម្ម
1. រចនាសម្ព័ន្ធនៃសន្តតិកម្ម
II. ចំណុចសំខាន់ៗនៃនីតិសន្តតិកម្ម
1. សន្តតិកម្មតាមច្បាប់
2. ការយល់ព្រម និង ការបោះបង់សន្តតិកម្ម
3. ការបែងចែកមត៌ក
4. សន្តតិកម្មដោយមតកសាសន៍
5. ការបំបែកទ្រព្យសម្បត្តិ
6. នត្ថិភាពនៃសន្តតិជន
I. ទិដ្ឋភាពទូទៅនៃនីតិសន្តតិកម្ម
1. រចនាសម្ព័ន្ធនៃសន្តតិកម្ម
(1) ការទទួលសិទ្ធិ និងករណីយកិច្ចដោយសន្តតិកម្ម
បុគ្គលនឹងបាត់បង់សមត្ថភាពទទួលសិទ្ធិនៅពេលដែលទទួលមរណភាព។ មានន័យថា បុគ្គលនោះពុំមែនជាកម្មសិទ្ធិករ ហើយក៏ពុំមែនជាម្ចាស់បំណុលទៀតដែរ។ ដូចនេះ យើងត្រូវតែពិចារណាអំពី បុគ្គលណាដែលត្រូវក្លាយជាម្ចាស់សិទ្ធិថ្មីដោយទទួលបន្តនូវទ្រព្យធនរបស់បុគ្គលនោះ។ ចំពោះកាតព្វកិច្ចក៏ដោយ បើសិនជាគ្មានអ្នកណាដែលត្រូវទទួលបន្តនោះទេ ម្ចាស់បំណុលនឹងគ្មានស្ថិរភាពឡើយ។ វិធានដែលកំណត់អំពីការទទួលបន្តទាំងអស់ខាងលើនេះ គឺជា នីតិសន្តតិកម្ម។ បុគ្គលដែលទទួលបន្តនូវសិទ្ធិ និង ករណីយកិច្ចពីអ្នកស្លាប់ ហៅថា សន្តតិជន ហើយបុគ្គលដែលត្រូវគេទទួលបន្ត (អ្នកស្លាប់) ហៅថា មតកជន។
(2) សន្តតិកម្មតាមមតកសាសន៍ និង សន្តតិកម្មតាមច្បាប់
វិធានជាមូលដ្ឋាននៃសន្តតិកម្មមាន 2ប្រភេទ។ វិធានទីមួយគឺជា សន្តតិកម្មតាមមតកសាសន៍។ ដោយគោរពតាមគោលការណ៍ស្វ័យភាពនៃឆន្ទៈ និង ស្វ័យភាពនៃបុគ្គលឯកជន ជាគោលការណ៍ បុគ្គលអាចសម្រេចបានដោយសេរី ចំពោះវិធីបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពេលស្លាប់។ វិធីនេះគឺជា មតកសាសន៍ដែលជាសកម្មភាពឯកតោភាគី។ ដូចនេះ មតកជនអាចធ្វើមតកសាសន៍ដែលមានខ្លឹមសារថា ប្រទានកម្មទ្រព្យសម្បត្តិទាំងអស់ឱ្យទៅនរណាម្នាក់ដែលមិនជាប់សាច់ឈាមទាល់តែសោះក៏បាន ឬ បរិច្ចាគទៅកន្លែងណាក៏បានដែរ។ ប៉ុន្តែ នៅប្រទេស
ជប៉ុនមានបញ្ញត្តិស្តីពី ភាគបម្រុង (នឹងពន្យល់នៅផ្នែកខាងក្រោយ) ហើយបានកម្រិតជាក់លាក់នូវការធ្វើមតកសាសន៍ (ឪពុកម្តាយ សហព័ទ្ធ និង កូនរបស់មតកជនជាអាទិ៍ ត្រូវបានការពារសិទ្ធិ ចំពោះចំណែកជាក់លាក់មួយនៃមត៌ក)។ ប៉ុន្តែ មតកសាសន៍នឹងមានអានុភាពទាំងស្រុង ប្រសិនបើគ្មានការទាមទារអំពីភាគបម្រុងនេះ។
វិធានទីពីរ គឺជាសន្តតិកម្មតាមច្បាប់ ហើយដែលច្បាប់បានកំណត់នូវ ការបែងចែកនូវទ្រព្យសម្បត្តិរបស់អ្នកស្លាប់ទៅញាតិជាក់លាក់ នូវភាគរយជាក់លាក់មួយ។ ក្រមរដ្ឋប្បវេណីជប៉ុនទទួលស្គាល់នូវសន្តតិកម្មតាមមតកសាសន៍ និង សន្តតិកម្មតាមច្បាប់ទាំងពីរនេះ។ ទ្រឹស្តីច្បាប់នៅមានវិវាទនៅឡើយ ចំពោះការកំណត់យកនូវវិធីសន្តតិកម្មណាមួយធ្វើជាគោលការណ៍ ប៉ុន្តែ ទស្សនៈភាគច្រើនបានកំណត់យកសន្តតិកម្មតាមមតកសាសន៍ជាគោលការណ៍ ដោយសារតែគោរពតាមស្វ័យភាពនៃឆន្ទៈ ហើយករណីដែលគ្មានការកំណត់ដោយមតកសាសន៍ទេ សន្តតិកម្មតាមច្បាប់ត្រូវយកមកបំពេញបន្ថែម។ ប៉ុន្តែ នៅប្រទេសជប៉ុនជាក់ស្តែង គេមិនសូវនិយមធ្វើជាមតកសាសន៍នៅឡើយទេ ហេតុនេះ យើងហាក់ដូចជាមើលឃើញថា សន្តតិកម្មតាមច្បាប់គឺជាគោលការណ៍ ហើយមតកសាសន៍ធ្វើឡើងតែក្នុងករណីដែលមិនចង់បែងចែកដោយសន្តតិកម្មតាមច្បាប់ប៉ុណ្ណោះ។
(3) អានុភាពនៃសន្តតិកម្ម
សន្តតិជនត្រូវទទួលបន្តនូវសិទ្ធិ និង ករណីយកិច្ចទាំងស្រុងដែលជាទ្រព្យសម្បត្តិរបស់មតកជន នៅពេលដែលសន្តតិកម្មចាប់ផ្តើម (មាត្រា896)។ លើកលែងតែសិទ្ធិ និង ករណីយកិច្ចផ្តាច់មុខរបស់មតកជន (សិទ្ធិ និង ករណីយកិច្ចផ្តាច់មុខរបស់មតកជនប៉ុណ្ណោះ)។ សិទ្ធិផ្តាច់មុខរបស់បុគ្គលសំដៅទៅលើ សិទ្ធិទាមទារអាហារកាតព្វកិច្ច និង សិទ្ធិទាមទារប្រាក់ឧបត្ថម្ភជីវភាពជាអាទិ៍ ហើយករណីយកិច្ចផ្តាច់មុខរបស់បុគ្គលសំដៅទៅលើ កាតព្វកិច្ចធានានៅក្នុងកិច្ចសន្យាធានាផ្ទាល់ខ្លួនជាអាទិ៍។ ប្រសិនបើសន្តតិជនមានច្រើននាក់ មត៌កនឹងក្លាយជាកម្មសិទ្ធិអវិភាគរបស់សន្តតិជននីមួយៗ (មាត្រា898) ហើយសហសន្តតិជននីមួយៗត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជន តាមសមាមាត្រនៃចំណែកសន្តតិកម្មរបស់ខ្លួន (មាត្រា899)។
(4) វិសោធនកម្មច្បាប់សន្តតិកម្មឆ្នាំ2018
គន្ថីទី5 ស្តីពី សន្តតិកម្ម នៃក្រមរដ្ឋប្បវេណីជប៉ុន ត្រូវបានធ្វើវិសោធនកម្មនៅខែ កក្កដា ឆ្នាំ2018 ដោយផ្តោតទៅលើផ្នែកស្តីពី មតកសាសន៍ សន្តតិកម្មតាមច្បាប់ ការបែងចែកមត៌ក កិច្ចគំាពារសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធជាអាទិ៍។ វិសោធនកម្មទាំងនេះ គឺជាគោលនយោបាយដោះស្រាយបញ្ហាសង្គមដែលមានអត្រាកំណើតទាប និង អត្រាជរាខ្ពស់។ នៅពេលសិក្សាអំពីផ្នែកស្តីពីសន្តតិកម្មនេះ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើទំនោររបស់សង្គមផងដែរ។
II. ចំណុចសំខាន់ៗនៃនីតិសន្តតិកម្ម
1. សន្តតិកម្មតាមច្បាប់
(1) សន្តតិជនតាមច្បាប់
សន្តតិកម្មតាមច្បាប់បានកំណត់អំពី បុគ្គលដែលនឹងក្លាយទៅជាអ្នកទទួលបន្ត តាមរយៈការកើតឡើងនូវអង្គហេតុស្តីពីមរណភាពរបស់មតកជន (ពេលចាប់ផ្តើមសន្តតិកម្មគឺជាពេលស្លាប់របស់មតកជន។ មាត្រា882)។ តើអ្នកណាខ្លះដែលច្បាប់បានកំណត់ថាជាអ្នកទទួលបន្ត ឬ សន្តតិជន (សន្តតិជនតាមច្បាប់)។ ដំបូង ប្រសិនបើមតកជនមានសហព័ទ្ធ (ពោលគឺ ប្រពន្ធ ប្រសិនបើមតកជនគឺជាប្តី) បុគ្គលនោះនឹងក្លាយជាសន្តតិជនជានិច្ច (មាត្រា890) ហើយត្រូវទទួលសន្តតិកម្មនូវលំដាប់ដូចគ្នាទៅនឹងញាតិលោហិតរបស់មតកជនខាងក្រោមនេះ (ប៉ុន្តែ សហព័ទ្ធអនីតិសង្វាសដែលមិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ពុំត្រូវបានទទួលស្គាល់សិទ្ធិសន្តតិកម្មនោះទេ)។ ហើយញាតិលោហិតរបស់មតកជនត្រូវបានកំណត់លំដាប់ ក្នុងនោះ លំដាប់ទីមួយ គឺជាកូនរបស់មតកជន (មាត្រា887 កថាខណ្ឌទី1)។ ប្រសិនបើកូនរបស់មតកជនបានស្លាប់នៅមុនពេលចាប់ផ្តើមសន្តតិកម្ម (កូននោះបានស្លាប់នៅមុនពេលមតកជនស្លាប់) ជាអាទិ៍ បច្ឆាញាតិដែលជាកូនរបស់បុគ្គលនោះ (ពោលគឺ ចៅរបស់មតកជន) ត្រូវក្លាយជាសន្តតិជនដោយជំនួស (ហៅថា សន្តតិជនជំនួស។ មាត្រា887 កថាខណ្ឌទី2)។ យ៉ាងណាមិញ ក្រមរដ្ឋប្បវេណីបានកំណត់អំពី ការចាត់ទុកថាទារកនៅក្នុងគភ៌បានចាប់កំណើតចំពោះសន្តតិកម្ម ហើយនេះជាការទទួលស្គាល់សិទ្ធិសន្តតិកម្មរបស់ទារកក្នុងគភ៌ (មាត្រា886 កថាខណ្ឌទី1។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយនៅពេលដែលទារកបានស្លាប់នៅពេលកើត។ មាត្រាដដែល កថាខណ្ឌទី2)។ បើសិនជាមតកជនពុំមានកូន និងចៅទេ សន្តតិជននឹងត្រូវកំណត់ទៅតាម់លំដាប់ដូចខាងក្រោមនេះ។ លំដាប់ទីពីរ គឺបុព្វញាតិខ្សែផ្ទាល់ (ញាតិលោហិតនៃជំនាន់មុនដែលមានទំនាក់ខ្សែផ្ទាល់ជាមួយមតកជន ដូចជា ឪពុកម្តាយ និង យាយតា។ ប៉ុន្តែ ឪពុកម្តាយមានអាទិភាពជាងយាយតា), បន្ទាប់មកលំដាប់ទីបី គឺបងប្អូនប្រុសស្រីរបស់មតកជន។ ដូចនេះ សូមកត់សម្គាល់ថា ចំពោះសន្តតិជននៃញាតិលោហិត បើសិនជាមានកូន (ឬ បច្ឆាញាតិផ្ទាល់របស់កូននោះ) បុព្វញាតិខ្សែផ្ទាល់ដូចជា ឪពុកម្តាយជាដើម មិនអាចក្លាយជាសន្តតិជនទេ ហើយលុះតែគ្មានបច្ឆាញាតិខ្សែផ្ទាល់ និង បុព្វញាតិខ្សែផ្ទាល់ ទើបបងប្អូនប្រុសស្រី (ឬបច្ឆាញាតិរបស់ពួកគេ) ទើបអាចក្លាយជាសន្តតិជន (មាត្រា889)។
យ៉ាងណាមិញ បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាតលើមតកជន ឬ បានបង្ខំ ឬ ឆបោកឱ្យមតកជនធ្វើមតកសាសន៍ មិនអាចក្លាយជាសន្តតិជនបានឡើយ (មូលហេតុនៃអភ័ព្វរបស់សន្តតិជន។ មាត្រា891)។ ហើយប្រសិនបើបុគ្គលដែលត្រូវសន្មតជាសន្តតិជនដែលមានសិទ្ធិទាមទារភាគបម្រុង បានធ្វើបាប ឬ ធ្វើអំពើមិនត្រឹមត្រូវលើមតកជន ក្នុងករណីនេះ មតកជនអាចទាមទារឱ្យតុលាការគ្រួសារ ដកសន្តតិជននោះចេញពីសន្តតិជនដែលត្រូវសន្មតបាន (ការផ្តាច់មត៌កពីសន្តតិជន។ មាត្រា892)។
(2) ចំណែកសន្តតិកម្មតាមច្បាប់
ក្រមរដ្ឋប្បវេណី មាត្រា900 កំណត់អំពីចំណែកនៃសន្តតិកម្មក្នុងករណីសន្តតិជនដែលត្រូវបានច្បាប់សន្មតនៃលំដាប់ដូចគ្នាមានច្រើននាក់ ដូចខាងក្រោមនេះ។ (1) ករណីសហព័ទ្ធ និង កូន គឺ ម្នាក់ៗត្រូវបានចំណែក 1 ភាគ 2។ ប្រសិនបើកូនមានចំនួន 2នាក់ ដូចនេះ ចំណែក 1 ភាគ 2 របស់កូនត្រូវយកទៅចែកស្មើគ្នាទៀត (បែងចែកពាក់កណ្តាលម្នាក់ទៀត) ហេតុនេះ កូនម្នាក់ៗត្រូវបានចំណែក 1 ភាគ 4 ។ (2) ករណីសហព័ទ្ធ និង បុព្វញាតិខ្សែផ្ទាល់ គឺ សហព័ទ្ធទទួលបាន 2 ភាគ 3 ហើយ បុព្វញាតិខ្សែផ្ទាល់ទទួលបាន 1 ភាគ 3 ។ ប្រសិនបើបុព្វញាតិខ្សែផ្ទាល់មានច្រើននាក់ ចំណែកសន្តតិកម្មរបស់បុព្វញាតិខ្សែផ្ទាល់ត្រូវយកទៅបែកចែកស្មើៗគ្នា។ (3) ករណីសហព័ទ្ធ និង បងប្អូនប្រុសស្រី គឺ សហព័ទ្ធទទួលបានចំណែក 3 ភាគ 4 ហើយបងប្អូនប្រុសស្រីទទួលបានចំណែក 1 ភាគ 4។ ប្រសិនបើបងប្អូនប្រុសស្រីនោះមានច្រើននាក់ ចំណែកសន្តតិកម្មរបស់បងប្អូនប្រុសស្រីត្រូវយកទៅបែងចែកស្មើៗគ្នា។ (4) ចំណែកសន្តតិកម្មរបស់បងប្អូនប្រុសស្រីដែលមានឪពុកម្តាយរួមគ្នាតែម្ខាង គឺទទួលបានចំណែក 1 ភាគ 2 នៃចំណែករបស់បងប្អូនប្រុសស្រីដែលមានឪពុកម្តាយទាំងសងខាងរួមគ្នាប៉ុណ្ណោះ (បញ្ញត្តិស្តីពីចំណែកសន្តតិកម្មរបស់កូនគ្មានខាន់ស្លា ត្រូវស្មើនឹង 1 ភាគ 2 នៃកូនមានខាន់ស្លា ធ្លាប់មានពីមុនមក ប៉ុន្តែ ត្រូវបាននិរាករណ៍នៅក្នុងឆ្នាំ2013)។
ពាកគន្លឹះ : ចំណែកសន្តតិកម្មរបស់សហព័ទ្ធ
ចំណែកសន្តតិកម្មរបស់សហព័ទ្ធ នៅក្នុងបញ្ញត្តិច្បាប់បច្ចុប្បន្នដែលបានធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីឆ្នាំ1980 បានកើនឡើងច្រើនជាងមុន បើប្រៀបធៀបនឹងបញ្ញត្តិច្បាប់កន្លងមក (ឆ្នាំ1947)។ តារាងខាងក្រោមនេះ គឺបង្ហាញអំពីចំណែកសន្តតិកម្មដែលបានរៀបរាប់ខាងលើនេះ។
https://gyazo.com/482de51d5f3deb9e80bbbfc44b92c63f
ក្រមរដ្ឋប្បវេណី មាត្រា901 បានកំណត់ថា ករណីដែលបច្ឆាញាតិផ្ទាល់ក្លាយជាសន្តតិជនជំនួស ផ្អែកតាមមាត្រា887 កថាខណ្ឌទី2 និង ទី3 (មានន័យថា ចៅជាអាទិ៍ ក្នុងករណីដែលកូនដែលជាសន្តតិជនបានស្លាប់) ត្រូវទទួលបានចំណែកសន្តតិកម្មដូចគ្នានឹងចំណែករបស់បុព្វញាតិផ្ទាល់នៃសន្តតិជនជំនួសនោះ។ ប្រសិនបើបច្ឆាញាតិផ្ទាល់មានច្រើននាក់ ចំណែកដែលបច្ឆាញាតិផ្ទាល់នីមួយៗនោះត្រូវទទួលបាន គឺត្រូវអនុលោមតាមបញ្ញត្តិនៃមាត្រា900 ស្តីពីចំណែកសន្តតិកម្ម (មាត្រា901 កថាខណ្ឌទី1។ មានន័យថា ប្រសិនបើចៅមានច្រើននាក់ ចំណែកសន្តតិកម្មរបស់កូនដែលបានស្លាប់នោះ ត្រូវយកមកបែងចែកស្មើៗគ្នារវាងចៅៗ)។ ហើយត្រូវអនុវត្តដូចគ្នាផងដែរ (មាត្រា901 កថាខណ្ឌទី2) ចំពោះករណីកូនរបស់បងប្អូនប្រុសស្រីក្លាយជាសន្តតិជនជំនួស ដោយផ្អែកលើបញ្ញត្តិនៃមាត្រា889 កថាខណ្ឌទី2 (មានន័យថា កូនរបស់បងប្អូនប្រុសស្រីដែលបានក្លាយជាសន្តតិជន ហើយបុគ្គលទាំងនោះបានស្លាប់)។
(3) ចំណែកសន្តតិកម្មតាមការកំណត់
ក្រមរដ្ឋប្បវេណី មាត្រា902 បានកំណត់ថា ទោះបីជាមានបញ្ញត្តិទាំងពីរខាងលើនេះក៏ដោយ ក៏មតកជនអាចកំណត់អំពីចំណែកសន្តតិកម្មរបស់សហសន្តតិជន ឬ ប្រគល់អាណត្តិឱ្យតតិយជនដើម្បីកំណត់អំពីចំណែកសន្តតិកម្មនេះ នៅក្នុងមតកសាសន៍បាន (មាត្រា902 កថាខណ្ឌទី1។ ប៉ុន្តែ ចំពោះភាគបម្រុង សូមយោងចំណុច 4. (សន្តតិកម្មតាមមតកសាសន៍) 5)។ ប្រសិនបើមតកជន បានកំណត់អំពីចំណែកសន្តតិកម្មរបស់សន្តតិជនម្នាក់ ឬ ច្រើននាក់នៅក្នុងចំណោមសហសន្តតិជនច្រើននាក់ ឬ បើសិនជាមតកជនបានកំណត់ឱ្យតតិយជនផ្សេងជាអ្នកកំណត់ខ្លឹមសារខាងលើនេះ ក្នុងករណីនេះ ចំណែកសន្តតិកម្មរបស់សហសន្តតិជនផ្សេងទៀត (សន្តតិជនដែលមិនទទួលបានការកំណត់អំពីចំណែកសន្តតិកម្ម) ត្រូវអនុលោមតាមបញ្ញត្តិទាំងពីរមាត្រាខាងលើនេះ (មាត្រា902 កថាខណ្ឌទី2)។
(4) សមភាពរវាងសន្តតិជន
① ចំណែកសន្តតិកម្មរបស់បុគ្គលដែលទទួលបានផលប្រយោជន៍ពិសេស
ប្រសិនបើសន្តតិជនដែលត្រូវបានសន្មតមានច្រើននាក់ ហើយនៅក្នុងចំណោមសន្តតិជនទាំងអស់នោះ បើសិនជាមានបុគ្គលណាដែលបានទទួលប្រទានកម្មជាពិសេសនៅពេលមតកជននៅរស់ ឬ ទទួលបានដោយអច្ច័យទានជាដើម ក្នុងករណីនេះ ទ្រព្យសម្បត្តិដែលបានទទួលទាំងអស់ខាងលើនេះ ត្រូវសន្មតថាជាចំណែកសន្តតិកម្មដែលបានប្រគល់ឱ្យមុន ហើយត្រូវគណនាចំណែកសន្តតិកម្ម ដោយរាប់បញ្ចូលទ្រព្យសម្បត្តិទាំងអស់នោះត្រឡប់មកវិញ (ផ្នែកដែលបានទទួលផលរួចហើយ ត្រូវដកចេញពីចំណែកសន្តតិកម្មរបស់បុគ្គលនោះ)។ នេះគឺជា ប្រព័ន្ធយកត្រឡប់មកវិញនូវផលប្រយោជន៍ពិសេស (មាត្រា903)។ ផលប្រយោជន៍ពិសេសដែលអាចយកមកពិចារណាបាន មានដូចជា ការទទួលបាននូវការឧបត្ថម្ភថ្លៃសិក្សាដែលមានចំនួនច្រើនខ្លាំងបើប្រៀបធៀបជាមួយសន្តតិជនផ្សេងទៀត និង ប្រទានកម្មអចលនវត្ថុនៅពេលរៀបអាពាហ៍ពិពាហ៍ជាអាទិ៍។ ប៉ុន្តែ ច្បាប់វិសោធនកម្មឆ្នាំ2018 បានបង្កើតនូវបញ្ញត្តិថ្មីដែលកំណត់ថា ត្រូវសន្មតថាការបង្ហាញឆន្ទៈប្រទានកម្ម ឬ អច្ច័យទានរបស់មតកជនត្រូវបានដកមកវិញ ប្រសិនបើមតកជនបានធ្វើប្រទានកម្ម ឬ អច្ច័យទាននូវអចលនវត្ថុ (អគារ ឬ ដីនៃអគារនោះ) ដែលសហព័ទ្ធម្ខាងដែលមានចំណងអាពាហ៍ពិពាហ៍លើសពី 20ឆ្នាំ កំពុងរស់នៅ (កថាខណ្ឌទី4 មាត្រា904 នៃច្បាប់វិសោធនកម្ម)។ នេះគឺជាបញ្ញត្តិដែលបង្កើតឡើងដើម្បីធានានូវជីវភាពរបស់ភាគីម្ខាងទៀតនៅពេលជរា (ដាក់ឱ្យអនុវត្ត នៅថ្ងៃទី1 ខែ សីហា ឆ្នាំ2019)។
② ភាគនៃវិភាគទាន
នៅក្នុងចំណោមសហសន្តតិជនទាំងអស់ បើសិនជាមានបុគ្គលណាបានធ្វើវិភាគទានពិសេស ដើម្បីថែរក្សា ឬ បង្កើនទ្រព្យសម្បត្តិរបស់មតកជន ដោយការផ្តល់ពលកម្មដល់ការងាររបស់មតកជន ឬ ដោយការថែទាំមតកជន ជាអាទិ៍ ក្នុងករណីនេះ ការធ្វើវិភាគទានទាំងនោះត្រូវតែយកមកគណនានៅក្នុងចំណែកនៃសន្តតិកម្ម ទើបអាចឆ្លុះបញ្ជាំងអំពីសមភាពបាន។ ដោយផ្អែកតាមទស្សនៈនេះ ទើបនៅឆ្នាំ1980 បញ្ញត្តិស្តីពីភាគនៃវិភាគទានត្រូវបានបន្ថែម (មាត្រា904.2)។ វិភាគទានបែបនេះ ត្រូវវាយតម្លៃជាចំនួនទឹកប្រាក់ ហើយទទួលស្គាល់ជាចំនួនកើនតម្លៃនៃចំណែកសន្តតិកម្មសម្រាប់តែចំនួនវិភាគទាននោះ តាមការពិភាក្សារបស់សហសន្តតិជន ឬ សេចក្តីសម្រេចរបស់តុលាការគ្រួសារ។
③ ការបង្កើតប្រព័ន្ធជនដែលផ្តល់វិភាគទានពិសេស
ផ្ទុយមកវិញ នៅក្នុងក្រមរដ្ឋប្បវេណីពុំមានកំណត់អំពីប្រព័ន្ធដែលលើកទឹកចិត្តដូចប្រព័ន្ធភាគនៃវិភាគទានខាងលើនោះទេ បើទោះជាបុគ្គលដែលក្រៅពីសហសន្តិជន បានផ្តល់នូវការបរិច្ចាគពិសេសដល់មតកជនយ៉ាងណាក៏ដោយ (ឧទាហរណ៍ថា សហព័ទ្ធរបស់សន្តតិជន ជាដើម)។ ឧទាហរណ៍ថា A និង B មានកូនពីរនាក់គឺ C និង D ហើយក្រោយមក B បានស្លាប់ ហើយ D ក៏បានបំបែកលំនៅ។ អ្នកដែលមើលថែរក្សា A ដែលជាចាស់ជរានោះ គឺជា E ដែលជាប្រពន្ធរបស់ C។ បើទោះបីជា C បានស្លាប់ទៅហើយ ក៏ E នៅតែបន្តមើលថែរក្សា A ដដែល។ ក្នុងករណីនេះ បើសិនជាក្រោយមក A បានស្លាប់, D នឹងក្លាយទៅជាសន្តតិជនតែម្នាក់គត់ ហើយ E មិនទទួលបាននូវមត៌កណាមួយទាល់តែសោះពី A។ ចំណែកឯ ប្រព័ន្ធជនមាននិស្ស័យពិសេសវិញ (នឹងរៀបរាប់លម្អិតនៅផ្នែកខាងក្រោយ) គឺមិនអាចយកមកប្រើប្រាស់បាននោះទេ បើទោះបីជាមានសន្តតិជនតែម្នាក់ក៏ដោយ។ ហេតុនេះ នៅក្នុងច្បាប់វិសោធនកម្មឆ្នាំ2018 គេបានបង្កើតនូវមាត្រា1050 នៅក្នុងជំពូកទី10 ថ្មី «ការផ្តល់វិភាគទានពិសេស» ចូលទៅផ្នែកចុងក្រោយនៃគន្ថីស្តីពីសន្តតិកម្មនៃក្រមរដ្ឋប្បវេណី។ ក្នុងជំពូកនេះបានបង្កើតនូវប្រព័ន្ធថ្មីដែលអនុញ្ញាតឱ្យ «ញាតិរបស់មតកជនដែលបានផ្តល់នូវវិភាគទានពិសេសក្នុងការទ្រទ្រង់ ឬ បង្កើនមត៌ករបស់មតកជន តាមរយៈការមើលថែទាំ ព្យាបាល ឬ ការផ្តល់កម្លាំងពលកម្មផ្សេងទៀតដល់មតកជនដោយមិនយកកម្រៃ» អាចទាមទារឱ្យបង់ថ្លៃវិភាគទានពិសេស ដែលជាការលើកទឹកចិត្តផ្លូវច្បាប់ដល់ការបរិច្ចាគរបស់ជនដែលបានផ្តល់វិភាគទានពិសេស បើទោះបីជាក្នុងករណីដែលមានសន្តតិជនផ្សេងក៏ដោយ។ តាមរយៈនេះ E ដែលនៅក្នុងឧទាហរណ៍ខាងលើនេះ អាចទាមទារឱ្យបង់ប្រាក់ស្មើនឹងកម្រិតនៃការបរិច្ចាគ (ថ្លៃវិភាគទានពិសេស) ចំពោះសន្តតិជន D នៅក្រោយពេលសន្តតិកម្មចាប់ផ្តើមបាន។
2. ការយល់ព្រម និង ការបោះបង់សន្តតិកម្ម
សន្តតិកម្មគឺជាការទទួលបន្តទំនាក់ទំនងទ្រព្យសម្បត្តិទាំងស្រុងរបស់អ្នកស្លាប់ (ហៅថា ការទទួលបន្តជាសកល)។ នេះមានន័យថា នៅក្នុងករណីអ្នកស្លាប់មានបំណុលកាលនៅរស់ បំណុលនោះក៏ត្រូវដាក់បញ្ចូលក្នុងមត៌កផងដែរ។ តាមរយៈនេះហើយ ទើបមានករណីខ្លះបំណុលមានច្រើនជាងទ្រព្យសម្បត្តិសកម្ម។ នៅក្នុងករណីបែបនេះក៏ដោយ តើបុគ្គលដែលក្លាយជាសន្តតិជនត្រូវតែទទួលសន្តតិកម្មដែរឬទេ? បើសិនជាពិចារណាពីទស្សនៈអំពីស្វ័យភាពនៃឆន្ទៈរបស់បុគ្គល យើងត្រូវតែផ្តល់ឱកាសឱ្យសន្តតិជនអាចសម្រេចចិត្តដោយខ្លួនឯង។ ដូចនេះ ក្រមរដ្ឋប្បវេណីបានទទួលស្គាល់នូវសិទ្ធិរបស់សន្តតិជនក្នុងការជ្រើសរើសយក ①ការបដិសេធទាំងស្រុងចំពោះការទទួលទ្រព្យសម្បត្តិបន្ត (ការបោះបង់សន្តតិកម្ម) ឬ ②ការទទួលយកទ្រព្យសម្បត្តិទាំងស្រុង (ការយល់ព្រមទាំងស្រុង) ឬ ③ទទួលខុសត្រូវក្នុងការសងកាតព្វកិច្ចជាដើម ក្នុងកម្រិតនៃទ្រព្យសម្បត្តិសកម្មដែលបានធ្វើសន្តតិកម្ម (ការយល់ព្រមដោយកម្រិត) (សូមកត់សម្គាល់ថា សន្តតិជនពុំមានជម្រើសក្នុងការទទួលសន្តតិកម្មតែទ្រព្យសម្បត្តិសកម្ម ហើយមិនទទួលកាតព្វកិច្ចនោះទេ)។ សន្តតិជនត្រូវតែជ្រើសរើសតាមជម្រើសខាងលើនេះ ក្នុងអំឡុងពេល 3ខែ (គេហៅថា អំឡុងពេលសម្រាប់ពិចារណា) ចាប់ពីពេលដែលបានដឹងថាសន្តតិកម្មរបស់ខ្លួនបានចាប់ផ្តើម (មាត្រា915 កថាខណ្ឌទី1)។
① ការបោះបង់សន្តតិកម្ម : ការបោះបង់សន្តតិកម្មត្រូវដាក់ពាក្យសុំទៅតុលាការគ្រួសារ (មាត្រា938) ប៉ុន្តែ បុគ្គលដែលបានបោះបង់ ត្រូវចាត់ទុកថា មិនមែនជាសន្តតិជនតាំងពីដំបូង (មាត្រា939)។
② ការយល់ព្រមទាំងស្រុង : នៅក្នុងករណីយល់ព្រមទាំងស្រុង សន្តតិជនត្រូវទទួលបន្តសិទ្ធិ និងករណីយកិច្ចរបស់មតកជនដោយគ្មានកម្រិត (មាត្រា920)។ ត្រូវចាត់ទុកថា សន្តតិជនបានយល់ព្រមទាំងស្រុងផងដែរ នៅក្នុងករណីដែលសន្តតិជននោះបានចាត់ចែងមត៌កទាំងស្រុង ឬ មួយផ្នែក ឬ ក្នុងករណីដែលសន្តតិជនមិនបានធ្វើការបោះបង់ ឬ យល់ព្រមដោយកម្រិត ក្នុងអំឡុងពេល 3ខែ គិតចាប់ពីពេលដែលបានដឹងអំពីការចាប់ផ្តើមសន្តតិកម្មជាអាទិ៍ (មាត្រា921)។
③ ការយល់ព្រមដោយកម្រិត : សន្តតិជនដែលយល់ព្រមដោយកម្រិត ត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិ ហើយដាក់ទៅតុលាការគ្រួសារ និងថ្លែងការណ៍អំពីការយល់ព្រមដោយកម្រិត ក្នុងអំឡុងពេល 3ខែ គិតចាប់ពីពេលដែលបានដឹងអំពីការចាប់ផ្តើមសន្តតិកម្មជាអាទិ៍ (មាត្រា924)។ ដោយឡែក ប្រសិនបើសន្តតិជនមានច្រើននាក់ ការយល់ព្រមដោយកម្រិតនេះ អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីសន្តតិជនទាំងអស់ប៉ុណ្ណោះ (មាត្រា923)។ បើមិនធ្វើបែបនេះទេ ទំនាក់ទំនងគតិយុត្តនឹងស្មុគស្មាញខ្លាំង។ ហេតុនេះ នៅក្នុងចំណោមសន្តតិជនជាច្រើន បើមានសន្តតិជនតែម្នាក់បានអះអាងអំពីបោះបង់ ឬ យល់ព្រមទាំងស្រុង សន្តតិជនផ្សេងទៀតមិនអាចទទួលយល់ព្រមដោយកម្រិតឡើយ (យ៉ាងណាមិញ ប្រសិនបើសហសន្តតិជនផ្សេងទៀតបានបោះបង់សន្តតិកម្មទាំងអស់គ្នា ក្នុងករណីនេះ បុគ្គលដែលនៅសល់តែម្នាក់ឯងអាចយល់ព្រមដោយកម្រិតបាន)។
3. ការបែងចែកមត៌ក
ករណីដែលសន្តតិជនមានច្រើននាក់ ទ្រព្យសម្បត្តិសន្តតិកម្មត្រូវក្លាយជាទ្រព្យអវិភាគរបស់សហសន្តតិជនទាំងអស់នោះសិន។ ហើយនីតិវិធីផ្ទេរចុងក្រោយបំផុតនៃទ្រព្យសម្បត្តិសន្តតិកម្មទាំងអស់នោះ គឺជា ការបែងចែកមត៌ក។ ការបែងចែកមត៌កមាន 2ប្រភេទ គឺ ការបែងចែកតាមការពិភាក្សា និង ការបែងចែកតាមតុលាការ (មាត្រា907)។ រឿងក្តីវិវាទភាគច្រើននៃសន្តតិកម្ម កើតឡើងនៅក្នុងដំណាក់កាលបែងចែកមត៌កនេះ។ បើសិនជាសន្តតិជនអាចពិភាក្សារវាងគ្នាបាន ឧបមាថា ដីមួយឡូត៌ដែលបានធ្វើសន្តតិកម្មរួម អាចធ្វើជាកម្មសិទ្ធិអវិភាគទៅតាមភាគរយនៃចំណែកសន្តតិកម្មដដែល ដោយមិនបែងចែកក៏បានដែរ។ មតកជនក៏អាចកំណត់អំពីវិធីបែងចែក
មត៌កនៅក្នុងមតកសាសន៍បានដែរ (មាត្រា908)។ ការបែងចែកដោយតុលាការ ត្រូវធ្វើឡើងតាមរយៈនីតិវិធីសម្រេចសេចក្តីនៃតុលាការគ្រួសារ។
4. សន្តតិកម្មដោយមតកសាសន៍
(1) ទម្រង់នៃមតកសាសន៍
មតកសាសន៍កើតមានអានុភាពចាប់ពីពេលដែលម្ចាស់បណ្តាំស្លាប់ (មាត្រា985) ហេតុនេះ ក្រមរដ្ឋប្បវេណីបានតម្រូវឱ្យមតកសាសន៍គោរពនូវទម្រង់យ៉ាងតឹងរឹង ក្នុងគោលបំណងក្តាប់ឱ្យបានច្បាស់លាស់អំពីឆន្ទៈចុងក្រោយរបស់អ្នកស្លាប់ និង ជៀសវាងមិនឱ្យបុគ្គលផ្សេងអាចបន្លំបាន (មតកសាសន៍ពុំអាចធ្វើខុសពីទម្រង់ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីនោះទេ។ មាត្រា960)។ ទម្រង់ធម្មតាដែលត្រូវ បានកំណត់(មាត្រា967) មាន 3ប្រភេទគឺ មតកសាសន៍ដោយលិខិតឯកជន មតកសាសន៍ដោយលិខិតយថាភូត និង មតកសាសន៍ដោយលិខិតសម្ងាត់ ហើយទម្រង់ពិសេស (មាត្រា967 វាក្យខណ្ឌទី2) ដែលត្រូវបានកំណត់រួមមាន មតកសាសន៍ក្នុងពេលគ្រោះថ្នាក់បន្ទាន់ និង មតកសាសន៍នៅទីដាច់ពីគេ (មតកសាសន៍ដោយជនដែលមានគ្រោះថ្នាក់បន្ទាន់ដល់អាយុជីវិត នៅក្នុងចំណោមមតកសាសន៍ខាងលើនេះ គឺជាវិធីធ្វើមតកសាសន៍ដែលជនកំពុងជួបប្រទះគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារជំងឺ ឬ ហេតុផ្សេងទៀត ត្រូវមានការចូលរួមដោយសាក្សីយ៉ាងតិច 3នាក់ ហើយប្រកាសអំពីខ្លឹមសារនៃមតកសាសន៍ដោយផ្ទាល់មាត់ចំពោះសាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងអស់នោះ ហើយសាក្សីម្នាក់នោះត្រូវសរសេរខ្លឹមសារជាលាយលក្ខណ៍អក្សរ។ មតកសាសន៍ប្រភេទនេះ អាចហៅម៉្យាងទៀតថា មតកសាសន៍នៅដង្ហើមចុង
ក្រោយ។ មាត្រា976)។ ប្រសិនបើពុំមានមតកសាសន៍ ឬ មានមតកសាសន៍ដែរ តែគ្មានអានុភាព ក្នុងករណីនេះ សន្តតិកម្មតាមច្បាប់ត្រូវយកមកអនុវត្ត។
① មតកសាសន៍ដោយលិខិតឯកជន : មតកសាសន៍ដោយលិខិតឯកជននេះ គឺជាទម្រង់ដែលងាយស្រួលធ្វើជាងគេ ដោយម្ចាស់បណ្តាំមិនចាំបាច់ខ្ចីដៃពីអ្នកណាឡើយ ប៉ុន្តែ ម្ចាស់បណ្តាំត្រូវសរសេរខ្លឹមសារទាំងអស់ ចុះថ្ងៃខែឆ្នាំ និង សរសេរឈ្មោះដោយខ្លួនឯង និង ត្រូវបោះត្រា។ យ៉ាងណាមិញ បញ្ជីទ្រព្យសម្បត្តិដែលជាឯកសារភ្ជាប់មិនចាំបាច់សរសេរដោយដៃខ្លួនឯងនោះទេ។ ការបន្ថែម ការលុប និង ការកែប្រែពុំមានអានុភាពឡើយ ប្រសិនបើម្ចាស់បណ្តាំមិនបានបង្ហាញអំពីកន្លែងនោះ ហើយសរសេរបន្ថែមនូវខ្លឹមសារកែតម្រូវ ហើយចុះឈ្មោះ និង បោះត្រានៅនឹងកន្លែងនោះទេ (មាត្រា968)។
② មតកសាសន៍ដោយលិខិតយថាភូត : មតកសាសន៍ដោយលិខិតយថាភូតនេះ ត្រូវធ្វើឡើងដោយមន្ត្រីសារការី ហើយ 1)មានការចូលរួមពីសាក្សីយ៉ាងតិច 2នាក់។ 2)ម្ចាស់បណ្តាំត្រូវប្រកាស (ប្រាប់ផ្ទាល់មាត់) អំពីខ្លឹមសារនៃមតកសាសន៍ចំពោះមន្ត្រីសារការី។ 3)មន្ត្រីសារការីត្រូវសរសេរជាលាយលក្ខណ៍អក្សរនូវសេចក្តីថ្លែងរបស់ម្ចាស់បណ្តាំ ហើយអានឱ្យម្ចាស់បណ្តាំ និង សាក្សីស្តាប់ ក្រោយមកដាក់ឱ្យម្ចាស់បណ្តាំ និង សាក្សីពិនិត្យមើល (ការដាក់ឱ្យពិនិត្យមើលនេះ ត្រូវបានបន្ថែមនៅក្នុងវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។ 4)ម្ចាស់បណ្តាំ និង សាក្សីត្រូវសរសេរឈ្មោះ និង បោះត្រា ក្រោយពីទទួលស្គាល់នូវភាពត្រឹមត្រូវនៃសេចក្តីថ្លែងជាលាយលក្ខណ៍អក្សរ។
5)មន្ត្រីសារការីត្រូវសរសេរឈ្មោះ និង បោះត្រា ហើយលេខាចារឹកនូវខ្លឹមសារថា មតកសាសន៍នេះបានធ្វើឡើងដោយគោរពតាមលក្ខខណ្ឌខាងលើនេះ (មាត្រា969)។ ទម្រង់នេះអាចស្មុគស្មាញបន្តិច ប៉ុន្តែ មានភាពច្បាស់លាស់ខ្លាំង។ យ៉ាងណាមិញ នៅក្នុងករណីដែលបុគ្គលដែលមិនអាចនិយាយបានមានបំណងធ្វើមតកសាសន៍ដោយលិខិតយថាភូត ម្ចាស់បណ្តាំត្រូវឱ្យអ្នកបកប្រែភាសាកាយវិការជាអ្នកធ្វើសេចក្តីថ្លែង ឬ សរសេរដោយខ្លួនឯងនូវខ្លឹមសារមតកសាសន៍ ជំនួសឱ្យការប្រកាសដោយម្ចាស់បណ្តាំក្នុងចំណុច 2)បាន។ ត្រូវអនុវត្តដូចគ្នាផងដែរ ក្នុងករណីដែលម្ចាស់បណ្តាំ ឬ សាក្សីគឺជាបុគ្គលដែលមិនអាចស្តាប់បាន ដោយមន្ត្រីសារការីត្រូវឱ្យអ្នកបកប្រែកាយវិការបង្ហាញអំពីខ្លឹមសារនៃមតកសាសន៍ ជំនួសឱ្យការអានឱ្យស្តាប់នៃចំណុចទី 3)បាន (ខ្លឹមសារនេះកំណត់ក្នុងមាត្រា969.2 ដែលត្រូវបានបន្ថែមនៅក្នុងវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។
③ មតកសាសន៍ដោយលិខិតសម្ងាត់ : មតកសាសន៍ដោយលិខិតសម្ងាត់នេះ គឺជាមតកសាសន៍ដែលម្ចាស់បំណ្តាំត្រូវសរសេរដោយខ្លួនឯង ឬ ឱ្យអ្នកដទៃសរសេរ ដោយសរសេរឈ្មោះ និង បោះត្រារបស់ខ្លួនឯង ហើយដាក់ចូលក្នុងស្រោមសំបុត្របិទជិត និង បោះត្រាពីលើមាត់ស្រោមសំបុត្រនោះ។ បន្ទាប់មកម្ចាស់បំណ្តាំ ត្រូវដាក់សំបុត្របិទជិតនោះ នៅចំពោះមុខមន្ត្រីសារការីម្នាក់ និង សាក្សី 2នាក់ ហើយថ្លែងការណ៍ថា ក្នុងសំបុត្រនេះជាលិខិតមតកសាសន៍របស់ខ្លួន ហើយសរសេរដោយខ្លួនឯងផ្ទាល់ ឬ ដោយបុគ្គលណាផ្សេងជាអាទិ៍ និងក្រោយមកមន្ត្រីសារការីត្រូវចុះថ្ងៃខែឆ្នាំដែលម្ចាស់បំណ្តាំបានដាក់ចូល និង សរសេរសេចក្តីថ្លែងការណ៍របស់ម្ចាស់បណ្តាំនៅលើសំបុត្របិទជិតនោះ ហើយត្រូវចុះហត្ថលេខាដោយខ្លួនមន្ត្រីសារការីផ្ទាល់ ជាមួយគ្នានឹងសាក្សី និង ម្ចាស់បំណ្តាំ (មាត្រា970)។ យ៉ាងណាមិញ នៅក្នុងករណីដែលបុគ្គលដែលមិនអាចនិយាយបាន ហើយមានបំណងធ្វើមតកសាសន៍ដោយលិខិតសម្ងាត់ បុគ្គលនោះត្រូវធ្វើសេចក្តីថ្លែងការណ៍ដូចខាងលើនេះ ដោយការបកប្រែរបស់អ្នកបកប្រែ ឬ ដោយលិខិតបិទជិតនោះដោយខ្លួនឯង (មាត្រា972 នៃវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។
(2) អច្ច័យទាន
ជាគោលការណ៍ ខ្លឹមសារនៃមតកសាសន៍គឺធ្វើបានដោយសេរី។ ម្ចាស់បណ្តាំ អាចកំណត់អំពីការផ្លាស់ប្តូរចំណែកនៃសន្តតិកម្មចំពោះសន្តតិជនដែលត្រូវបានសន្មតជាអាទិ៍នៅក្នុងមតកសាសន៍បាន ហើយក្នុងមតកសាសន៍នេះ ក៏អាចកំណត់អំពីការប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅអ្នកណាក៏បានដែរ (ទោះបីជាបុគ្គលក្រៅពីសន្តតិជនដែលបានសន្មតក៏បានដែរ)។ នេះហៅថា អច្ច័យទាន។ អាចធ្វើអច្ច័យទាននូវទ្រព្យសម្បត្តិទាំងអស់ឱ្យទៅអ្នកណាម្នាក់ (អច្ច័យទានសកល) ឬ ធ្វើអច្ច័យទានតែទ្រព្យសម្បត្តិជាក់លាក់ណាមួយឱ្យទៅអ្នកណាម្នាក់ (អច្ច័យទានមានកំណត់) ក៏បានដែរ (មាត្រា964)។
អ្នកដែលទទួលអច្ច័យទានហៅថា អច្ច័យលាភី។ បើសិនជាមិនចង់ទទួលអច្ច័យទានទេ អច្ច័យលាភីអាចបោះបង់អច្ច័យទានពេលណាក៏បាន នៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព (មាត្រា986 កថាខណ្ឌទី1)។ ដោយសារតែ សន្តតិជនតាមផ្លូវច្បាប់អាចបោះបង់សន្តតិកម្មបាន ហេតុនេះ អច្ច័យលាភីក៏ដូចគ្នាដែរ។ យ៉ាងណាមិញ អច្ច័យលាភីសកលត្រូវមានសិទ្ធិ និង ករណីយកិច្ចដូចគ្នានឹងសន្តតិជនផងដែរ (មាត្រា990)។
សូមពិនិត្យមើលអំពី ប្រទានកម្មដោយមូលហេតុមរណភាពវិញម្តង។ ដូចបានរៀបរាប់នៅក្នុងជំពូកទី4 រួចហើយថា ប្រទានកម្មដោយមូលហេតុមរណភាព គឺជាប្រទានកម្មដែលមានភ្ជាប់លក្ខខណ្ឌបង្អង់ស្តីពីមរណភាពរបស់ទាយក (អានុភាពកើតឡើងដោយសារមរណភាព) ហើយវាជាកិច្ចសន្យាដែលមតកជនបានធ្វើពេលនៅរស់ ខុសពីអច្ច័យទានដែលជាសកម្មភាពឯកតោភាគី។ ដោយឡែក ប្រទានកម្មនេះមានមុខងារស្រដៀងគ្នានឹងអច្ច័យទាន ហេតុនេះហើយ ក្រមរដ្ឋប្បវេណីបានកំណត់ថា បញ្ញត្តិស្តីពីអច្ច័យទានត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីប្រទានកម្មដោយមូលហេតុមរណភាព (មាត្រា554)។ នៅក្នុងច្បាប់ស្តីពីពន្ធលើសន្តតិកម្មក៏បានបញ្ចូលប្រទានកម្មដោយមូលហេតុមរណភាពជាអច្ច័យទានផងដែរ (ច្បាប់ដដែល មាត្រា1.3 កថាខណ្ឌទី1 ចំណុចទី1)។
(3) ការដកមតកសាសន៍
គោលការណ៍សេរីភាពនៃមតកសាសន៍ រួមបញ្ជូលទាំងសេរីភាពនៃខ្លឹមសារ និង សេរីភាពនៃការដកវិញ។ ម្ចាស់បណ្តាំ អាចដកមតកសាសន៍មួយផ្នែក ឬ ទាំងមូលនៅពេលណាក៏បាន ដោយគោរពតាមទម្រង់នៃមតកសាសន៍ (មាត្រា1022)។ មានន័យថា គេគោរពនូវឆន្ទៈនាពេលចុងក្រោយបំផុតនៅមុនពេលទទួលមរណភាព ហេតុនេះ មតកសាសន៍អាចសរសេរឡើងវិញចំនួនប៉ុន្មានដងក៏បានដែរ។ ហើយប្រសិនបើខ្លឹមសារនៃមតកសាសន៍មុន និង មតកសាសន៍ក្រោយផ្ទុយគ្នា ត្រូវចាត់ទុកថា មតកសាសន៍ក្រោយបានដកនូវមតកសាសន៍មុន ចំពោះផ្នែកដែលផ្ទុយគ្នានោះ (មាត្រា1023 កថាខណ្ឌទី1)។
5. សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ
(1) គោលបំណងនៃការបង្កើត
តាមរយៈវិសោធនកម្មច្បាប់សន្តតិកម្មឆ្នាំ2018 បញ្ញត្តិស្តីពី សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ និង សិទ្ធិអាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធត្រូវបានបង្កើតថ្មី ហើយត្រូវដាក់ឱ្យអនុវត្តនៅថ្ងៃទី1 ខែមេសា ឆ្នាំ2020។ គោលបំណងនៃការបង្កើតបញ្ញត្តិនេះ គឺដើម្បីគាំពារសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធដែលនៅរស់ ក្នុងសង្គមដែលសម្បូរដោយចាស់ជរាក្នុងពេលបច្ចុប្បន្ន។ បើនិយាយឱ្យងាយយល់ទៅ នេះគឺជាវិធានដែលបានបង្កើតថ្មី ដើម្បីឱ្យប្រពន្ធដែលរស់នៅក្នុងផ្ទះដែលមានឈ្មោះរបស់ប្តី អាចបន្តរស់នៅក្នុងផ្ទះនោះទៀត ក្នុងករណីដែលប្រពន្ធ និង កូនបានបែងចែកទ្រព្យសម្បត្តិនៅពេលដែលប្តីស្លាប់។
(2) សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ
សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ (មាត្រា1028 ថ្មី) គឺជាសិទ្ធិតាមច្បាប់ដែលទទួលស្គាល់ឱ្យសហព័ទ្ធអាចប្រើប្រាស់ ឬ អាស្រ័យផលពីអចលនវត្ថុដែលជាកម្មសិទ្ធិរបស់មតកជនដោយមិនគិតកម្រៃអស់មួយជីវិត ឬ ក្នុងអំឡុងពេលជាក់លាក់ណាមួយ ក្នុងករណីដែលសហព័ទ្ធកំពុងស្នាក់នៅអចលនវត្ថុនោះនៅពេលចាប់ផ្តើមសន្តតិកម្ម។ ①សហព័ទ្ធអាចធ្វើលទ្ធកម្មសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ ក្នុងនាមជាជម្រើសមួយនៅពេលបែងចែកមត៌កក៏បាន ឬ②សហព័ទ្ធអាចធ្វើលទ្ធកម្មសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ តាមរយៈអច្ច័យទានរបស់មតកជនក៏បាន។
ឧបមាថា មត៌កសរុបមានចំនួន 50ម៉ឺនដុល្លារ (ផ្ទះតម្លៃ 30ម៉ឺនដុល្លារ ហើយប្រាក់ក្នុងគណនីចំនួន 20ម៉ឺនដុល្លារ) ហើយសន្តតិជនរួមមាន ប្រពន្ធ និង កូន 2នាក់។ ករណីនេះពុំមានមតកសាសន៍ទេ ហេតុនេះ សន្តតិកម្មត្រូវបែងចែកជា 1ភាគ2 តាមការកំណត់របស់ច្បាប់។ នៅមុនពេលវិសោធនកម្ម ប្រពន្ធត្រូវទទួលបានសន្តតិកម្មក្នុងចំនួន 25ម៉ឺនដុល្លារប៉ុណ្ណោះ ហេតុនេះ គាត់មិនអាចធ្វើសន្តតិកម្មទាំងស្រុងនូវកម្មសិទ្ធិនៃផ្ទះបានទេ។ ដូចនេះ ផ្ទះនោះត្រូវលក់ ហើយប្តូរជាប្រាក់ ដើម្បីបែងចែកទៅសន្តតិជន។ ហើយក្រោយមក សហព័ទ្ធនឹងបាត់បង់ផ្ទះដើម្បីស្នាក់នៅបន្តទៀត។ ដូចនេះ បន្ទាប់ពីការធ្វើវិសោធនកម្ម កម្មសិទ្ធិនៃផ្ទះដែលជាកម្មសិទ្ធិដែលមានភ្ជាប់បន្ទុក (កាតព្វកិច្ចដែលត្រូវឱ្យសហព័ទ្ធរស់នៅក្នុងអំឡុងពេលជាក់លាក់មួយ គឺជា «បន្ទុក») និង សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ ត្រូវយកមកបែងចែកគ្នា ហើយប្រពន្ធត្រូវទទួលសន្តតិកម្មនូវសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ ដើម្បីអាចបន្តរស់នៅផ្ទះរបស់ខ្លួន ចំណែកឯ កូនត្រូវទទួលសន្តតិកម្មនូវកម្មសិទ្ធិដែលភ្ជាប់បន្ទុក។ ឧបមាថា តម្លៃនៃសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធមានចំនួន 15ម៉ឺនដុល្លារ ក្នុងករណីនេះ ប្រពន្ធអាចធ្វើសន្តតិកម្មនូវសិទ្ធិអាស្រ័យនៅ និង ប្រាក់ក្នុងគណនីចំនួន 10ម៉ឺនដុល្លារទៀត (កូនធ្វើសន្តតិកម្មនូវកម្មសិទ្ធិដែលមានភ្ជាប់បន្ទុកចំនួន 15ម៉ឺនដុល្លារ និង ប្រាក់ក្នុងគណនីចំនួន 10ម៉ឺនដុល្លារ)។ តាមរយៈនេះ ប្រពន្ធអាចរក្សាបានទាំងកន្លែងស្នាក់នៅ និង ប្រាក់ថ្លៃជីវភាពបាន។
អំឡុងពេលអត្ថិភាពនៃសិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធនេះ គឺពេញមួយជីវិតរបស់សហព័ទ្ធ (វាក្យខណ្ឌទី1 មាត្រា1030 ថ្មី។ ប៉ុន្តែ គេអាចកំណត់ផ្សេងបាន តាមរយៈការពិភាក្សាបែងចែកទ្រព្យសម្បត្តិ, មតកសាសន៍ ឬ ដីកាសម្រេចរបស់តុលាការគ្រួសារ។ វាក្យខណ្ឌទី2 មាត្រាដដែល)។ មានន័យថា នៅពេលដែលសហព័ន្ធបានស្លាប់ កូនដែលទទួលកម្មសិទ្ធិដែលមានភ្ជាប់បន្ទុក នឹងទទួលបានកម្មសិទ្ធិយ៉ាងពេញលេញ នៅចំណុចពេលដែល «បន្ទុក» បានបាត់បង់នោះ។
(3) សិទ្ធិអាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធ
សិទ្ធិអាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធ សំដៅទៅលើសិទ្ធិដែលសហព័ទ្ធអាចបន្តប្រើប្រាស់ដោយមិនគិតកម្រៃពីអគារជាកម្មសិទ្ធិរបស់មតកជន ក្នុងអំឡុងពេលរហូតដល់មានការសម្រេចស្ថាពរចំពោះអគារនោះតាមរយៈការពិភាក្សាបែងចែកទ្រព្យសម្បត្តិ ឬ ក្នុងអំឡុងពេល 6ខែ គិតចាប់ពីពេលដែលសន្តតិកម្មបានចាប់ផ្តើម ក្នុងករណីដែលសហព័ទ្ធនោះកំពុងស្នាក់នៅដោយមិនគិតកម្រៃលើអគារនោះនៅពេលចាប់ផ្តើមសន្តតិកម្ម នៅក្នុងរឿងក្តីដែលត្រូវបែងចែកមត៌ករវាងសហសន្តតិជន (មាត្រា1037 ថ្មី)។ នៅក្នុងយុត្តិសាស្ត្រច្បាប់មុនពេលវិសោធនកម្ម គេបានសន្មតថា ជាគោលការណ៍ មតកជន និង សន្តតិជនណាម្នាក់ក្នុងចំណោមសហសន្តតិជនទាំងអស់ បានបង្កើតនូវកិច្ចសន្យាជួលរវាងគ្នា ប្រសិនបើសន្តតិជននោះកំពុងតែរស់នៅផ្ទះរបស់មតកជន នៅពេលចាប់ផ្តើមសន្តតិកម្ម។ ប៉ុន្តែ នៅក្នុងយុត្តិសាស្ត្រច្បាប់នេះមានចំណុចបញ្ហាមួយ។ ប្រសិនបើផ្ទះស្នាក់នោះបានធ្វើអច្ច័យទានទៅឱ្យតតិយជន ឬ មតកជនបានបង្ហាញឆន្ទៈបដិសេធ ក្នុងករណីនេះ សិទ្ធិជួលមិនត្រូវបានសន្មតថាកើតឡើងនោះទេ។ ដូចនេះ តាមរយៈបញ្ញត្តិនៃសិទ្ធិអាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធនេះ សហព័ទ្ធអាចបន្តអាស្រ័យនៅយ៉ាងហោចណាស់រយៈពេល 6ខែ បើទោះបីជាមតកជនជាអាទិ៍មានឆន្ទៈយ៉ាងណាក៏ដោយ។
6. ភាគបម្រុង
ក្រមរដ្ឋប្បវេណីមានកំណត់អំពីប្រព័ន្ធភាគបម្រុង ហើយវាជាការកម្រិតជាក់លាក់មួយចំពោះសេរីភាពនៃមតកសាសន៍។ បើផ្អែកតាមការគោរពឆន្ទៈរបស់បុគ្គលឯកជន គេគួរតែទទួលស្គាល់នូវសេរីភាពនៃការចាត់ចែងទាំងពេលនៅរស់ និងការចាត់ចែងក្រោយពេលស្លាប់ ប៉ុន្តែ ក្រុមគ្រួសារដែលទទួលបានអាហារកាតព្វកិច្ចពីអ្នកស្លាប់ជាអាទិ៍ និង ការរំពឹងទុកនៃការទទួលបន្តទ្រព្យសម្បត្តិរបស់សន្តតិជនដែលត្រូវសន្មត ក៏គួរតែត្រូវបានការពារផងដែរ។ ដូចនេះ មត៌កមួយផ្នែកត្រូវចាត់ទុកជាភាគបម្រុង ហើយទុកសម្រាប់ធានាដល់សន្តតិជន។ ប៉ុន្តែ ទោះបីជាមានការធានាភាគបម្រុងនេះក៏ដោយ ក៏ការធ្វើអច្ច័យទាន ឬ ប្រទានកម្មមុនពេលស្លាប់ នូវទ្រព្យសម្បត្តិទាំងអស់មិនត្រូវបានមោឃភាពនោះទេ។ តាមរយៈការអនុវត្តការទាមទារចំនួនដែលបំពានភាគបម្រុង អ្នកមានសិទ្ធិលើភាគបម្រុងដែលរងការបំពានភាគបម្រុង អាចទាមទារជាទឹកប្រាក់ស្មើនឹងកម្រិតនៃការបំពានដល់ភាគបម្រុងបាន (មាត្រា1046 ថ្មី។ មុនវិសោធនកម្មឆ្នាំ2018 គេបានបញ្ញត្តថា អ្នកមានសិទ្ធិលើភាគបម្រុងអាចបដិសេធអច្ច័យទាន និង ប្រទានកម្មពេលនៅរស់ នូវផ្នែកដែលបានបំពានភាគបម្រុងបាន។ ប៉ុន្តែ តាមរយៈវិសោធនកម្មនេះ គេបានប្តូរពីការបដិសេធនោះ មកជាអាចទាមទារជាប្រាក់នូវផ្នែកដែលបំពាននោះបាន។ ហេតុនេះ ពាក្យ «ការទាមទារដើម្បីបង្គ្រប់ភាគបម្រុង» នៅក្នុងមាត្រា1031 ដែលប្រើមុនពេលវិសោធនកម្ម ត្រូវប្តូរមក «ការទាមទារចំនួនដែលបំពានភាគបម្រុង» វិញ)។
អ្នកដែលមានសិទ្ធិលើភាគបម្រុងដែលត្រូវបានទទួលស្គាល់ភាគបម្រុង គឺជាបុគ្គលដែលជាសន្តតិជនត្រូវបានសន្មតទាំងអស់ ក្រៅពីបងប្អូនប្រុសស្រី។ សមាមាត្រនៃភាគបម្រុងមានដូចតទៅនេះ : 1 ភាគ 3 នៃទ្រព្យសម្បត្តិសន្តតិកម្ម ក្នុងករណីដែលមានតែបុព្វញាតិខ្សែផ្ទាល់ក្លាយជាសន្តតិជន ហើយ 1 ភាគ 2 នៃទ្រព្យសម្បត្តិ (មាត្រា1042) ក្នុងករណីក្រៅពីនេះ (ករណីដែលមានសហព័ទ្ធ និង បច្ឆាញាតិខ្សែផ្ទាល់ជាអាទិ៍)។ ភាគបម្រុងនីមួយៗរបស់អ្នកដែលមានសិទ្ធិលើភាគបម្រុង ត្រូវយកមកគណនាតាមសមាមាត្រនៃចំណែកសន្តតិកម្មតាមច្បាប់របស់បុគ្គលនីមួយៗ។ ឧទាហរណ៍ថា សន្តតិជនរួមមាន សហព័ទ្ធ និង កូន 2នាក់។ ដំបូង ភាគបម្រុងសរុប គឺចំនួន 1 ភាគ 2 នៃទ្រព្យសម្បត្តិសន្តតិកម្ម។ បន្ទាប់មកទៀត ចំណែក 1 ភាគ 2 នៃភាគបម្រុងសរុបនោះ ត្រូវចែកទៅឱ្យសហព័ទ្ធ ហើយ ចំណែក 1 ភាគ 2 នៃភាគបម្រុងសរុបដែលនៅសល់ ត្រូវចែកទៅឱ្យកូន 2នាក់។ ហើយកូនទាំង 2នាក់ ត្រូវយកទៅចែកបន្ត ជា 2 ចំណែកស្មើៗគ្នា។
សូមកត់សម្គាល់ថា ទ្រព្យសម្បត្តិដែលជាមូលដ្ឋានក្នុងការគណនាភាគបម្រុង ត្រូវរាប់បញ្ចូលទាំងទ្រព្យសម្បត្តិដែលបានបាត់បង់ តាមរយៈប្រទានកម្មដែលបានធ្វើក្នុងអំឡុងពេល 1ឆ្នាំ នៅមុនពេលចាប់ផ្តើមសន្តតិកម្មផងដែរ (មាត្រា1044)(ចំពោះប្រទានកម្មដែលបានធ្វើឡើងដោយភាគីទាំងសងខាងដែលបានដឹងថា ប្រទានកម្មនោះនឹងបណ្តាលឱ្យប៉ះពាល់ដល់ភាគបម្រុង គឺត្រូវតែរាប់បញ្ចូល បើទោះបីជារយៈពេល 1ឆ្នាំ បានកន្លងផុតក៏ដោយ)។ បើមិនកំណត់បែបនេះទេ ប្រព័ន្ធនៃភាគបម្រុងអាចរងការបំផ្លាញ ដោយប្រទានកម្មមុនពេលមតកជនទទួលមរណភាព។ ដូចនេះ ទ្រព្យសម្បត្តិដែលក្លាយជាមូលដ្ឋាននៃភាគបម្រុង ត្រូវគណនាដោយយកទ្រព្យសម្បត្តិនៅពេលស្លាប់ (ពេលចាប់ផ្តើមសន្តតិកម្ម) បូកជាមួយតម្លៃនៃទ្រព្យសម្បត្តិជាក់លាក់ដែលបានធ្វើប្រទានកម្ម ហើយដកចេញវិញនូវចំនួនកាតព្វកិច្ចពីទ្រព្យសម្បត្តិទាំងអស់នោះ (មាត្រា1043 កថាខណ្ឌទី1)។
យ៉ាងណាមិញ សិទ្ធិទាមទារចំនួនដែលបំពានភាគបម្រុងត្រូវរលត់ដោយអាជ្ញាយុកាល បើមិនបានអនុវត្តក្នុងអំឡុងពេល 1ឆ្នាំបានកន្លងហួស គិតចាប់ពីពេលដែលអ្នកមានសិទ្ធិលើភាគបម្រុងបានដឹងអំពីការចាប់ផ្តើមសន្តតិកម្ម និង អត្ថិភាពនៃអច្ច័យទាន ឬ ប្រទានកម្មដែលបានបំពានភាគបម្រុង។ សិទ្ធិទាមទារឱ្យកាត់បន្ថយនេះ ក៏ត្រូវរលត់ផងដែរ បើអំឡុងពេល 10ឆ្នាំបានកន្លងផុត គិតចាប់ពីពេលចាប់ផ្តើមសន្តតិកម្ម (មាត្រា1048)។
7. ការបំបែកទ្រព្យសម្បត្តិ
ម្ចាស់បំណុលលើទ្រព្យសម្បត្តិសន្តតិកម្ម (បុគ្គលដែលមានសិទ្ធិលើបំណុលចំពោះមតកជន) ឬ អច្ច័យលាភីដែលទទួលទ្រព្យសម្បត្តិពីមតកជនតាមរយៈអច្ច័យទាន (ករណីដែលសន្តតិជនខ្លួនឯងផ្ទាល់កំពុងជាប់បំណុល) អាចទាមទារឱ្យតុលាការគ្រួសារ បំបែកទ្រព្យសម្បត្តិសន្តតិកម្មចេញពីទ្រព្យសម្បត្តិរបស់សន្តតិជន ក្នុងអំឡុងពេល 3ខែ គិតចាប់ពីពេលសន្តតិកម្មចាប់ផ្តើមបាន ដើម្បីការពារមិនឱ្យទ្រព្យសម្បត្តិសន្តតិកម្ម និងទ្រព្យសម្បត្តិរបស់សន្តតិជនច្របល់ចូលគ្នា ហើយម្ចាស់បំណុលមិនអាចទាមទារឱ្យផ្តល់តាវកាលិកបាន (នេះហៅថា ការបំបែកទ្រព្យសម្បត្តិប្រភេទទីមួយ។ មាត្រា941 កថាខណ្ឌទី1)។ ហើយបុគ្គលដែលបានទាមទារឱ្យបំបែកទ្រព្យសម្បត្តិ អាចទទួលការសងពីទ្រព្យសម្បត្តិសន្តតិកម្មនោះ មុនម្ចាស់បំណុលនៃសន្តតិជនបាន (មាត្រា942)។ ផ្ទុយមកវិញ ម្ចាស់បំណុលរបស់សន្តតិជន ក៏អាចទាមទារឱ្យបំបែកទ្រព្យសម្បត្តិផងដែរ (ក្នុងករណីដែលសន្តតិជនបានទទួលសន្តតិកម្មនូវទ្រព្យសម្បត្តិអកម្មជាច្រើន ហើយស្ថានភាពហិរញ្ញវត្ថុក្លាយជាយ៉ាប់យ៉ឺនខ្លាំង) ដើម្បីរក្សាការពារនូវការប្រមូលសិទ្ធិលើបំណុលរបស់ខ្លួនបាន (នេះហៅថា ការបំបែកទ្រព្យសម្បត្តិប្រភេទទីពីរ។ មាត្រា950)។
8. នត្ថិភាពនៃសន្តតិជន
ប្រសិនបើពុំច្បាស់ថាមានសន្តតិជនទេ មត៌កត្រូវក្លាយជានីតិបុគ្គល (នីតិបុគ្គលមត៌ក។ មាត្រា951)។ នៅក្នុងករណីនេះ តុលាការគ្រួសារត្រូវជ្រើសតាំងអ្នកគ្រប់គ្រងមត៌ក តាមការទាមទាររបស់បុគ្គលដែលមានទំនាក់ទំនងផលប្រយោជន៍ ឬ ព្រះរាជអាជ្ញា (មាត្រា952 កថាខណ្ឌទី1។ បញ្ញត្តិស្តីពីអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលអវត្តមានត្រូវយកមកអនុវត្តដូចគ្នា ចំពោះករណីអ្នកគ្រប់គ្រងមត៌កនេះ។ មាត្រា953)។ ទោះបីជាមិនអាចស្វែងរកឃើញសន្តតិជន នៅពេលដែលតុលាការគ្រួសារ ប្រកាសជាសាធារណៈអំពីការជ្រើសតាំងអ្នកគ្រប់គ្រងមត៌កក៏ដោយ ក៏អ្នកគ្រប់គ្រងនោះត្រូវប្រកាសជាសាធារណៈ ដើម្បីផ្តល់ឱកាសឱ្យម្ចាស់បំណុលរបស់មតកជន ឬ អច្ច័យលាភី អាចដាក់ពាក្យសុំទាមទារ (មាត្រា957)។ ហើយតុលាការគ្រួសារអាចប្រកាសអំពីការស្រាវជ្រាវរកសន្តតិជន តាមការទាមទាររបស់អ្នកគ្រប់គ្រង ឬ ព្រះរាជអាជ្ញាបាន (មាត្រា958)។ បើសិនជានៅតែមិនអាចរកឃើញសន្តតិជនទៀត តុលាការគ្រួសារ អាចផ្តល់មត៌កទាំងអស់ ឬ មួយផ្នែកដែលនៅសល់ក្រោយពីការជម្រះបញ្ជី ទៅឱ្យជនដែលមានជីវភាពជាមួយនឹងមតកជន ជនដែលបានខិតខំមើលថែទាំព្យាបាលមតកជន និង ជនមាននិស្ស័យពិសេសផ្សេងទៀត តាមការទាមទាររបស់ជនទាំងនោះបាន (ការផ្តល់ចំណែកមត៌កទៅឱ្យជនមាននិស្ស័យពិសេស។ មាត្រា958.3)។ នៅក្នុងករណីដែលពុំមានទាំងជនមាននិស្ស័យពិសេសទៀត មត៌កដែលនៅសល់ទាំងអស់ត្រូវដាក់ទៅក្នុងរតនាគារបស់រដ្ឋ (មាត្រា959)។
សូមអ្នកទាំងអស់គ្នាកុំយល់ច្រលំអំពី ការផ្តល់ចំណែកមត៌កឱ្យជនមាននិស្ស័យពិសេស និង ជនដែលផ្តល់វិភាគទានពិសេស ដែលត្រូវបានបង្កើតថ្មីនៅក្នុងវិសោធនកម្មឆ្នាំ2018។ ប្រព័ន្ធជនដែលផ្តល់វិភាគទានពិសេស ដែលបានរៀបរាប់ខាងលើនេះ (មាត្រា1050 ថ្មី, សូមយោងជំពូកនេះ II.1(4)③) គឺជាប្រព័ន្ធដែលគាំពារដល់សាច់ញាតិដែលបានថែទាំព្យាបាលជាអាទិ៍ដោយមិនយកកម្រៃ ហើយមិនអាចក្លាយជាសន្តតិជន នៅពេលដែលមានសន្តតិជនផ្សេងទៀត។ ចំណែកឯ ការផ្តល់ចំណែកមត៌កឱ្យជនមាននិស្ស័យពិសេស ត្រូវយកមកប្រើប្រាស់តែក្នុងករណីដែលពុំមានសន្តតិជនណាម្នាក់ប៉ុណ្ណោះ។