ជំពូកទី 8 : នីតិ​ញាតិ
I. អត្ថន័យ និង ឋានៈ​នៃនីតិគ្រួសារ
II. ទិដ្ឋភាពទូទៅ​នៃនីតិញាតិ​
1. ខ្លឹមសារ​នៃនីតិញាតិ
2. ទស្សនៈស្តីពីញាតិ
III. ចំណុចសំខាន់ៗនៃនីតិញាតិ
1. អាពាហ៍ពិពាហ៍
2. ការលែងលះ
3. ឪពុកម្តាយនិងកូនបង្កើត​・​កូន​ចិញ្ចឹម
4. អំណាចមេបា អាណាព្យាបាល ហិតូបត្ថម្ភ និង ការទំនុកបម្រុង
I. អត្ថន័យ និង ឋានៈនៃនីតិគ្រួសារ
បទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី នីតិសិទ្ធិប្រត្យក្ស និង នីតិសិទ្ធិ​លើបំណុល​ ដែល​បាន​សិក្សានៅ​ក្នុង​ជំពូកមុន គេហៅថា ផ្នែក​ស្តីពី​នីតិទ្រព្យសម្បត្តិ​នៃក្រម​រដ្ឋប្បវេណី។ ផ្ទុយមកវិញ ផ្នែកស្តីពីនីតិញាតិ (គន្ថីទី4 ញាតិ នៃក្រមរដ្ឋប្បវេណី) និង ផ្នែកស្តីពីនីតិសន្តតិកម្ម (គន្ថីទី5 សន្តតិកម្ម) ត្រូវ​បានគេហៅថា វិស័យនីតិគ្រួសារ (ពីមុនគេហៅថា នីតិឋានៈបុគ្គល)។ វិស័យនៃនីតិគ្រួសារនេះ ពិតជា​មាន​សារៈសំខាន់ណាស់នៅក្នុង​ជីវភាព​រស់នៅរបស់ប្រជាជន ប៉ុន្តែ វិស័យនេះមិន​សូវបាន​ដាក់បញ្ចូលទៅ​ក្នុង​វិញ្ញា​សាប្រឡងវិជ្ជាជីវៈនានានោះទេ បើប្រៀបធៀបជាមួយវិស័យនីតិទ្រព្យសម្បត្តិ។ ប៉ុន្តែ ផ្នែកស្តីពីនីតិសន្តតិកម្ម មាន​ខ្លឹមសារជាច្រើន​ដែល​ទាក់ទងជាមួយ​វិស័យនីតិទ្រព្យសម្បត្តិ ហើយ​ផ្នែកមួយចំនួននៃនីតិញាតិក៏មាន​ទំនាក់ទំនង​ជា​មួយនឹង​បញ្ហានៃនីតិទ្រព្យសម្បត្តិផងដែរ។ យើងគួរតែ​មាន​ចំណេះដឹង​អំពីវិស័យនេះជាមុនផងដែរ មុនពេលសិក្សា​អំពី​ច្បាប់​ស្តីពីពន្ធសន្តតិកម្ម ជាអាទិ៍។ នៅខាងក្រោមនេះ ខ្ញុំសាកល្បងរៀបរាប់ឱ្យងាយយល់អំពីផ្នែកស្តីពីនីតិគ្រួសារ ដោយ​ផ្តោតសំខាន់​លើចំណុច​ដែល​ទាក់ទងនឹង​នីតិទ្រព្យសម្បត្តិ និង ចំណុច​ដែលបាន​រៀបរាប់ខាងលើនេះ។
II. ទិដ្ឋភាពទូទៅ​នៃនីតិញាតិ
1​. ខ្លឹមសារនៃនីតិញាតិ
នៅក្នុង​គន្ថីស្តីពីញាតិនៃក្រមរដ្ឋប្បវេណីមានកំណត់អំពី ទស្សនៈស្តីពីញាតិ ក្នុងនាម​ជា​បទប្បញ្ញត្តិ​ទូទៅ, បន្ទាប់​មកនៅក្នុង​ជំពូកទី2 ស្តីពីអាពាហ៍ពិពាហ៍ មានកំណត់អំពី ការ​បង្កើត មោឃភាពនិងការ​លុប​ចោល ព្រមទាំងអានុភាពនៃអាពាហ៍ពិពាហ៍ ហើយ​បន្ទាប់មកទៀតមានកំណត់អំពី ប្រព័ន្ធទ្រព្យសម្បត្តិ​ប្តីប្រពន្ធ និង ការ​លែងលះ។ នៅ​ក្នុង​ជំពូកទី3 ស្តីពីឪពុកម្តាយនិងកូន មានកំណត់អំពី កូនបង្កើតនិងកូន​ស្មុំ ហើយ​នៅក្នុង​ជំពូកទី4 ស្តីពី​អំ​ណាច​មេបា, ជំពូកទី5 ស្តីពីអាណាព្យាបាល និង ជំពូកទី6 ស្តីពីហិតូបត្ថម្ភ និង ការ​ទំនុកបម្រុង, ជំពូកទី7 ស្តីពីអាហារកា
តព្វកិច្ច។ នៅក្នុងពេលថ្មីៗនេះ ជំពូកទី2: អាយុគ្រប់រៀបអាពាហ៍ពិពាហ៍ និង ជំពូកទី3: ការ​ស្មុំកូនពិសេស មាន​ការ​ធ្វើ​វិសោធនកម្ម​យ៉ាង​សំខាន់។
2. ទស្សនៈស្តីពីញាតិ
(1) ញាតិ និង ថ្នាក់ញាតិ
«ញាតិ » ដែលបញ្ញត្តិ​ក្នុងក្រម​រដ្ឋប្បវេណីរួមមាន ①ញាតិលោហិត​ក្នុង 6ថ្នាក់ ②សហព័ទ្ធ និង ③ញាតិ​ពន្ធក្នុង 3ថ្នាក់ (មាត្រា725)។ ការ​កំណត់​អំពី​ទំហំនៃ​ញាតិនេះ មិន​សូវ​ជា​មានតម្លៃនោះទេក្នុងពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ សូមយល់ទាំងអស់គ្នា​អំពី​វិធីរាប់​ថ្នាក់​ញាតិ ក្នុងនាម​ជា​ចំណេះដឹងទូទៅ។ ថ្នាក់ញាតិត្រូវ​កំណត់ដោយគណនា​ចំនួន​នៃ​តំណពូជរវាង​ញាតិ (មាត្រា726 កថាខណ្ឌទី1)។ ដូចនេះ អ្នក និង ឪពុក គឺជា​ញាតិថ្នាក់ទី1 ហើយ​អ្នក និង ជីតា​របស់​អ្នក គឺជា​ញាតិថ្នាក់ទី2។ ករណីខ្សែផ្ទាល់រវាងឪពុកនិងកូន ឬ ជីតានិងចៅ (បើ​ក្នុងរូបទំនាក់​ទំនងគ្រួសារ គឺជាខ្សែបញ្ឈរ) គឺងាយស្រួលរាប់នោះទេ។ ប៉ុន្តែ ករណីសាខាញាតិដូចជាបងប្អូនបង្កើត ឬ បងប្អូនជីដូនមួយវិញ (បើ​ក្នុងរូបទំនាក់​ទំនងគ្រួសារ គឺជាខ្សែផ្តេក) ត្រូវ​រាប់​លំដាប់​តំណពូជ​ឡើងទៅ​បុព្វញាតិរួម ហើយរាប់ចុះមកដល់បុគ្គលនោះ (មាត្រា726 កថាខណ្ឌទី2)។ ដូចនេះ ករណីរបស់​បងប្អូនបង្កើត (បង-ឪពុកម្តាយ-ប្អូន) គឺជាញាតិថ្នាក់ទី2 ហើយ​ករណីរបស់​បងប្អូនជីដូនមួយ (ឧបមា​ថា កូន​របស់ប្អូនរបស់​ឪពុក) គឺ សាមីខ្លួន-ឪពុក-ជីដូនជីតា-ប្អូនរបស់ឪពុក-កូន​របស់​ឪពុក) គឺជាញាតិថ្នាក់​ទី4។
(2) ញាតិលោហិត និង ញាតិពន្ធ
ញាតិលោហិត​ សំដៅទៅលើក្រុមនៃបុគ្គល​ដែល​មានបុព្វជនរួមគ្នា ពោលគឺមាន​ចំណង​លោហិតជាមួយ​គ្នាដូចជា ឪពុកនិងកូន ឬ បងនិងប្អូន ជាដើម។ ហើយ​ទំនាក់​ទំនង​រវាង​កូន​ចិញ្ចឹម (⇒ជំពូកនេះ III.3) និង ឪពុកម្តាយ​ចិញ្ចឹម ជាមួយ​នឹង​ញាតិ​លោហិតរបស់​ឪពុកម្តាយ​ចិញ្ចឹមនោះ នឹង​ត្រូវ​បង្កើត​នូវ​ញាតិភាព ដូច​គ្នា​នឹង​ញាតិ​លោហិត គិតចាប់​ពីថ្ងៃដែល​បាន​ស្មុំ​កូនកើតឡើង (មាត្រា727)​។ ប៉ុន្តែ ទំនាក់​ទំនងញាតិនេះនឹង ​ត្រូវ​បញ្ចប់​ដោយ​ការ​កាត់កាល់ (ការរំលាយ​កូន​ស្មុំ, មាត្រា729)។ ញាតិពន្ធ សំដៅទៅលើ​ក្រុម​នៃ​បុគ្គលដែល​បាន​បង្កើត​ទំនាក់​ទំនង​តាមរយៈ​អាពាហ៍ពិពាហ៍ (⇒ជំពូកនេះ III.1) ដូចជា ប្អូនរបស់​ប្រពន្ធ ឬ ម្តាយ​របស់​ប្តី ជាអាទិ៍។ ដូចនេះ ទំនាក់​ទំនងញាតិពន្ធនេះ នឹង​ត្រូវ​បញ្ចប់ដោយ​ការ​លែង​លះ (មាត្រា728 កថាខណ្ឌទី1។ ត្រូវ​អនុវត្ត​ដូចគ្នាផងដែរ ចំពោះករណី​ដែល​ប្តីប្រពន្ធណាម្ខាង​បាន​ទទួលមរណភាព ហើយ​បុគ្គលដែល​នៅរស់​បាន​បង្ហាញ​ឆន្ទៈ​បញ្ចប់​ទំនាក់​ទំនងញាតិពន្ធ។ មាត្រាដដែល កថាខណ្ឌ​ទី2)។ យ៉ាងណាមិញ ប្តីប្រពន្ធ​ត្រូវគិត​ជា​ឯកតារួមគ្នា នៅពេល​រាប់ថ្នាក់​ញាតិ
ពន្ធ។
III. ចំណុចសំខាន់ៗនៃនីតិញាតិ
1. អាពាហ៍ពិពាហ៍
(1) ការ​បង្កើតអាពាហ៍ពិពាហ៍
ចំពោះអាពាហ៍ពិពាហ៍ (ការរៀបការ) ត្រូវ​គោរពគោលការណ៍អាពាហ៍ពិពាហ៍តាមច្បាប់ មានន័យថា ប្តីប្រពន្ធត្រូវ​បានគេចាប់ផ្តើម​ទទួលស្គាល់ នៅពេល​ដាក់ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍នៅសាលាក្រុង (មាត្រា739)។ ដូចនេះ ការ​បង្កើត​អាពាហ៍​ពិពាហ៍ គឺតម្រូវ​ឱ្យបំពេញ​លក្ខខណ្ឌសារធាតុ ពោលគឺ ភាគីមាន​ឆន្ទៈរៀបអាពាហ៍​ពិពាហ៍​ជាមួយគ្នា (អាពាហ៍​ពិពាហ៍ក៏​ជា​ប្រភេទមួយនៃកិច្ចសន្យា​ផងដែរ​) និង លក្ខខណ្ឌទម្រង់ ពោលគឺ ការ​ដាក់ពាក្យ និង ទទួលពាក្យសុំ​រៀបអាពាហ៍ពិពាហ៍។ បើសិនជា​មិន​បានដាក់​ពាក្យសុំ​រៀបអាពាហ៍ពិពាហ៍ទេ ទោះបីជាពួកគេបានរៀប​ចំពិធីយ៉ាងអធិកអធមនៅក្នុង​ព្រះវិហារ ឬ វត្តអារ៉ាម​តាមប្រពៃណីយ៉ាងណាក៏ដោយ ក៏ពួកគេអាច​មាន​ទំនាក់​ទំនងត្រឹមអនីតិសង្វាសប៉ុណ្ណោះ តែ​មិនអាច​ក្លាយ​ជា​ប្តីប្រពន្ធស្របច្បាប់នោះទេ។ នៅប្រទេសជប៉ុន អាយុគ្រប់​រៀប​អាពាហ៍ពិពាហ៍ ត្រូវបាន​កំណត់ថា ចំពោះ​បុរសគឺ 18ឆ្នាំ ហើយចំពោះនារីគឺ 16ឆ្នាំ ទើបអាច​រៀបអាពាហ៍ពិពាហ៍បាន (មាត្រា731) ប៉ុន្តែ អាយុគ្រប់រៀបអាពាហ៍ពិពាហ៍​របស់នារី ត្រូវបាន​តំឡើងមក 18ឆ្នាំវិញ ចាប់ពីការដាក់ឱ្យអនុវត្តខ្លឹមសារវិសោធនកម្ម​ក្រម​រដ្ឋប្បវេណី នៅថ្ងៃទី1 ខែមេសា ឆ្នាំ2022 (ទន្ទឹមនឹងនេះ អាយុដល់នីតិភាពនៃបុរសនារី ក៏ត្រូវ​បាន​ធ្វើ​វិសោធនកម្មប្តូរមក 18ឆ្នាំ ផងដែរ)។ មានន័យថា នៅក្រោយពេលការអនុវត្តក្រមរដ្ឋប្បវេណីវិសោធនកម្ម ករណី​ដែលអនីតិជនរៀបអាពាហ៍ពិពាហ៍នៅប្រទេសជប៉ុននឹងលែងកើតមានបន្តទៅទៀត។ ជាមួយគ្នានេះផងដែរ បញ្ញត្តិដែលស្តីពីការចាំបាច់ទទួលការយល់ព្រមពីឪពុកម្តាយ នៅពេល​អនីតិជនរៀបអាពាហ៍ពិពាហ៍ ក៏ត្រូវ​បាននិរាករណ៍ផងដែរ (កថាខណ្ឌទី1 មាត្រា737))។ ហើយ​ទ្វេ​ពន្ធភាព​ត្រូវ​បាន​ហាមឃាត់ (មាត្រា732)។ ក្រៅពីនេះ កាលពីមុន គេបាន​កំណត់​អំពី​អំឡុងពេលហាម​ឃាត់​មិន​ឱ្យ​រៀបអាពាហ៍​ពិពាហ៍សារជាថ្មីចំពោះនារី ក្នុងអំឡុងពេល 6ខែ គិតចាប់ពីថ្ងៃអាពាហ៍ពិពាហ៍មុនត្រូវបាន​រំលាយ ឬ លុប​ចោល (មាត្រា733 កថាខណ្ឌទី1 ចាស់, បញ្ញត្តិនេះធ្វើឡើង ដើម្បីជៀសវាងនូវបញ្ហានៃការ​កំណត់​អំពីបិតុភាពចំពោះកូន​ដែល​បាន​កើត​មក)។ ប៉ុន្តែ សាលដីកាតុលាការ​កំពូលខែធ្នូ ឆ្នាំ2015 បាន​សម្រេច​ថា ការហាមឃាត់មិនឱ្យ​រៀបអាពាហ៍​ពិ​ពាហ៍​សារជាថ្មីដែលលើសពី 100ថ្ងៃ គឺផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ហេតុនេះ នៅឆ្នាំ2016 អំឡុងពេលហាម​ឃាត់​មិន​ឱ្យ​រៀប​អាពាហ៍ពិពាហ៍នេះត្រូវ​បាន​ធ្វើវិសោធនកម្មមកត្រឹម 100ថ្ងៃវិញ (លើសពីនេះ មាត្រា733 កថាខណ្ឌទី2 ដែល​កំណត់អំពី ​ករណីដែល​អាច​រៀបអាពាហ៍ពិពាហ៍​ក្នុង​អំឡុង​ពេល​ហាម​ឃាត់មិន​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​សារជាថ្មី ត្រូវ​បាន​បង្កើតថ្មី)។ ហើយ​ការ​រៀបអាពាហ៍ពិពាហ៍រវាងបុរសនារី ដែលមាន​ទំនាក់​ទំនង​ញាតិជិត​គ្នាក្នុងទំហំជាក់លាក់មួយត្រូវ​បាន​ហាម​ឃាត់ (មាត្រា734 កថាខណ្ឌទី1 ជាអាទិ៍)។ យ៉ាងណាមិញ ចំពោះ​ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍​រវាង​ញាតិ​ជិតគ្នានេះ គឺសំដៅទៅលើ អាពាហ៍ពិពាហ៍​រវាង​ញាតិ​លោហិតផ្ទាល់ (ឪពុក និង កូន ជាអាទិ៍) ឬ សាខាញាតិ​លោហិត​ក្នុង 3ថ្នាក់ (ឧទាហរណ៍ កូនរបស់បង និង ប្អូន ជាអាទិ៍) ត្រូវ​បាន​ហាមឃាត់ (មាត្រា734 កថា​ខណ្ឌទី1។ ដូចនេះ ការរៀបអាពាហ៍ពិពាហ៍​រវាងបងប្អូន​ជីដូនមួយដែលជា​ញាតិថ្នាក់​ទី4 អាច​ធ្វើទៅបាន)។ កូន​ចិញ្ចឹម និង ឪពុកម្តាយចិញ្ចឹម ក៏មិន​អនុញ្ញាត​ឱ្យ​រៀបអាពាហ៍ពិពាហ៍រវាងគ្នាបានដែរ ដោយសារតែពួកគេកើតមាន​ទំនាក់​ទំនង​ញាតិលោហិតផ្ទាល់ចាប់ពីថ្ងៃស្មុំកូន។ ប៉ុន្តែ កូន​ចិញ្ចឹម និង កូន​បង្កើត​អាច​រៀបអាពាហ៍​ពិពាហ៍​រវាង​គ្នាបាន (​មាត្រា734 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។ លើសពីនេះ ការរៀបអាពាហ៍ពិពាហ៍​រវាង​ញាតិពន្ធ​ខ្សែផ្ទាល់ (ឧទា​ហរណ៍ ឪពុកក្មេក និង កូនប្រសាស្រី) ក៏​ត្រូវ​បាន​ហាម​ឃាត់ដែរ ហើយ​ត្រូវ​អនុវត្ត​ដូច​គ្នា​ផងដែរ ចំពោះករណី​ដែល​ប្តី​ប្រ​ពន្ធណាម្ខាងបាន​ទទួលមរណភាព ហើយបុគ្គលដែល​នៅរស់បាន​បង្ហាញ​ឆន្ទៈបញ្ចប់​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍ (​មាត្រា735)។
(2) នាម​ត្រកូលរបស់ប្តីប្រពន្ធ
​ក្រម​រដ្ឋប្បវេណីបច្ចុប្បន្ននេះ បាន​កំណត់ឱ្យប្តីប្រពន្ធ​ជ្រើសរើស​យក​នាម​ត្រកូលរួម (ត្រកូល) នៅ​ពេល​រៀបអាពាហ៍ពិពាហ៍។ នេះគឺជា គោលការណ៍​នាម​ត្រកូលរួម​របស់​ប្តីប្រពន្ធ (មាត្រា750)។ ចំណុចនេះមិនអាច​និយាយ​ជា​ផ្លូវ​ការថា ផ្ទុយនឹង​សមភាពនៃប្តីប្រពន្ធនោះទេ ប៉ុន្តែ បច្ចុប្បន្ននេះ ប្តីប្រពន្ធ​សឹងតែ 98% បាន​ជ្រើសរើស​យក​នាម​ត្រកូល​របស់​ប្តី។ នាពេលបច្ចុប្បន្ននេះ ការធ្វើ​វិសោធនកម្មច្បាប់ ដែលផ្តល់​សិទ្ធិ​ជ្រើសរើស​នាម​ត្រកូល​ប្តី​ប្រពន្ធ​ផ្សេងគ្នាក្រោយពេលរៀបការ ក្នុង​ករណី​ដែល​ប្តីប្រពន្ធនីមួយៗចង់រក្សា​នាម​ត្រកូល​រៀងៗខ្លួន ត្រូវ​បាន​លើក​យកមក​ពិភាក្សាដែរ ប៉ុន្តែ មិន​អាច​សម្រេចជា​លទ្ធផលបាន ហើយ​សាលដីកាតុលាការកំពូលចុះខែធ្នូ ឆ្នាំ2015 បាន​បកស្រាយ​ថា មាត្រា750 មាន​ធម្មនុញ្ញភាព (ការសម្រេចដែល​បន្សល់​នៅ​មន្ទិលជាច្រើន)។
(3) ប្រព័ន្ធទ្រព្យសម្បត្តិ​ប្តីប្រពន្ធ
​ប្តីប្រពន្ធ​អាច​សម្រេច​​ដោយ​សេរីនៅក្នុងកិច្ចសន្យា អំពីការ​ចាត់ចែង​ទំនាក់​ទំនង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​អាពាហ៍
​ពិ​ពាហ៍ (កិច្ចសន្យា​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ) ប៉ុន្តែ ក្រមរដ្ឋប្បវេណីជប៉ុនបាន​កម្រិតនូវ​ចំណុចមួយចំនួន ដូចជា កិច្ចសន្យា​ដែល​មិនបាន​ចុះបញ្ចីមុនពេល​ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ មិនអាច​តតាំង​នឹង​ប្រតិសិទ្ធិ​នៃប្តី​ប្រពន្ធ ឬ
តតិយ​ជន (មាត្រា756) ហើយកិច្ចសន្យា​នេះមិន​អាចផ្លាស់ប្តូរនោះទេ នៅក្រោយពេល​ដាក់​ពាក្យសុំ​រៀបអាពាហ៍​ពិពាហ៍ (មាត្រា758 កថាខណ្ឌទី1)។ ម្យ៉ាងទៀត ប្រសិនបើមិនបានបង្កើតកិច្ចសន្យាដោយឡែកមុនពេលដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទេ គេត្រូវអនុវត្តតាមបញ្ញត្តិនៃប្រព័ន្ធទ្រព្យសម្បត្តិតាមច្បាប់កំណត់នៅក្នុងក្រមរដ្ឋប្បវេណី ហើយករណីភាគច្រើននៅក្នុងប្រទេសជប៉ុន គឺអនុវត្តតាមប្រព័ន្ធទ្រព្យសម្បត្តិតាមច្បាប់កំណត់។
ករណីអនុលោមតាម​ប្រព័ន្ធ​ទ្រព្យសម្បត្តិ​ដែល​ច្បាប់​កំណត់ គឺទ្រព្យសម្បត្តិដែល​មាន​តាំងពីមុនអាពាហ៍​ពិពាហ៍​ និង ទ្រព្យសម្បត្តិដែល​ទទួលបាន​ក្នុង​អំឡុងពេលអាពាហ៍ពិពាហ៍​ដែល​ដាក់​ឈ្មោះ​របស់ខ្លួនឯង ត្រូវ​ក្លាយ​ជា​ទ្រព្យសម្បត្តិ​ដោយ​ឡែករបស់បុគ្គលដែល​ដាក់ឈ្មោះនោះ (បើដាក់ឈ្មោះប្តី គឺជារបស់ប្តី, បើដាក់​ឈ្មោះ​ប្រពន្ធ គឺជា​របស់​ប្រពន្ធ) ហើយ​ទ្រព្យសម្បត្តិដែល​មិន​ដឹង​ច្បាស់ថាជា​របស់​អ្នកណា ត្រូវ​សន្មតថា ជា​ទ្រព្យសម្បត្តិ​រួម​របស់​ប្តី​ប្រពន្ធ (មាត្រា762។ ពាក្យថា សន្មត គឺជាករណីដែល​ច្បាប់គិតថាមានន័យបែបនឹងជាមុនសិន ហើយភាគី​អាច​ផ្លាស់ប្តូរការគិតបែបនេះ ដោយ​ការ​បញ្ជាក់​ផ្ទុយពីនេះ)។ នេះហៅថា ប្រព័ន្ធទ្រព្យសម្បត្តិ​ដោយឡែក។
សោហ៊ុយអាពាហ៍ពិពាហ៍ ពោលគឺ សោហ៊ុយជីវភាពរបស់ប្តីប្រពន្ធ និង សោហ៊ុយ​ចិញ្ចឹមកូន​ដែល​មិនទាន់ពេញវ័យជាដើម ត្រូវ​ទទួលបន្ទុកតាមចំណែកដោយប្តីប្រពន្ធ ដោយពិចារណាទៅលើទ្រព្យធន ចំណូល និង ចំណុច​ផ្សេងទៀតទាំងអស់ (ករណីយកិច្ច​ទទួល​ចំណែកបន្ទុកសោហ៊ុយអាពាហ៍ពិពាហ៍។ មាត្រា760។ ពាក្យថា សោហ៊ុយអាពាហ៍ពិពាហ៍ មិន​មែនសំដៅលើសោហ៊ុយចំណាយលើពិធីអាពាហ៍ពិពាហ៍នោះទេ)។
(4) ការ​ទទួលខុសត្រូវ​ដោយ​សាមគ្គីភាពចំពោះ​កាតព្វកិច្ចនៃកិច្ចការគ្រួសារ​ប្រចាំថ្ងៃ
ក្រម​រដ្ឋប្បវេណីបាន​កំណត់អំពី ការទទួលខុសត្រូវ​ដោយ​សាមគ្គីភាពចំពោះកាតព្វកិច្ច​នៃ​កិច្ចការ​គ្រួសារប្រចាំថ្ងៃ ក្នុងនាម​ជាការ​ពន្លាត​នូវប្រព័ន្ធ​ទ្រព្យសម្បត្តិ​ដែល​ច្បាប់កំណត់ ទៅលើទំនាក់​ទំនងខាងក្រៅរបស់​ប្តី​ប្រពន្ធ។ ក្រម​រដ្ឋប្បវេណី មាត្រា761 កំណត់ថា ប្រសិនបើ​ប្តី ឬ ប្រពន្ធណាម្ខាង ​បាន​ធ្វើ​សកម្មភាព​គតិយុត្តដែលពាក់ព័ន្ធនឹងកិច្ចការ​គ្រួសារប្រចាំថ្ងៃជា​មួយ​តតិយជន ប្តី ឬ ប្រពន្ធម្ខាងទៀត ត្រូវ​ទទួលខុសត្រូវ​ដោយសាមគ្គីភាព ចំ​ពោះ​កាតព្វកិច្ច​ដែល​បាន​កើតឡើង តាមរយៈ​សកម្មភាពនោះ (ប៉ុន្តែ បញ្ញត្តិនេះមិន​ត្រូវ​យកមកអនុវត្តឡើយ ក្នុង​ករណីដែល ប្តី ឬ ប្រពន្ធម្ខាងទៀតនោះ បាន​ជូន​ដំណឹង​ជាមុនទៅកាន់​តតិយជន អំពី​ការ​មិន​ទទួល​ខុសត្រូវ)។ ​បើសិន​ជាប្តី ឬ ប្រពន្ធណាម្ខាងបានចំណាយ ឬ ខ្ចីប្រាក់ពីគេជាដើម សម្រាប់​បំពេញតម្រូវ​ការចំណីអាហារ សំលៀកបំពាក់ ឬ ការ​ស្នាក់នៅ ដើម្បី​ទ្រទ្រង់ជីវភាព​រួមរបស់​ប្តីប្រពន្ធ ហើយ​តាមរយៈនេះបានធ្វើឱ្យ​ប្តី ឬ ប្រពន្ធម្ខាងនោះមាន​កាតព្វកិច្ចចំពោះ​អ្នកដទៃ (កាតព្វកិច្ច​ដែលមានលក្ខណៈប្រចាំថ្ងៃ និង លក្ខណៈកិច្ចការ​គ្រួសារ) ក្នុងករណីនេះ ប្តីប្រពន្ធ​ទាំងសងខាង មាន​ការ​ទទួល​ខុសត្រូវ​ដោយ​សាមគ្គីភាព នៅក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​។ ឧ​ទាហរណ៍ ប្តីក៏មាន​ទំនួលខុសត្រូវ​ផងដែរ ចំពោះការអនុវត្ត​កាតព្វកិច្ច​ដែល​បង្កើត​ឡើងដោយ​ប្រពន្ធ។ កាតព្វកិច្ច​ទាំង​នោះមានដូចជា កាតព្វកិច្ច​បង់ថ្លៃអគ្គិសនី កាតព្វកិច្ច​បង់ថ្លៃឈ្នួល (ឈ្នួលផ្ទះ) និង កាតព្វកិច្ច​បង់​ថ្លៃ​ទិញ​គ្រឿងឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះ ជាដើម។ ពោលគឺ នេះគឺជា​បញ្ញត្តិដែល​ផ្តល់​ការ​ទទួលខុស​ត្រូវ​ដោយ​សាមគ្គីភាពទៅលើ​សហព័ទ្ធម្ខាងទៀត ដើម្បី​ការពារដល់​ភាគីម្ខាងទៀតនៃកិច្ចការជំនួញ ចំពោះកាតព្វកិច្ច​ដែល​កើត​ចេញពីជីវភាព​រួម​​របស់​ប្តីប្រពន្ធ (ដោយសារតែលក្ខណៈជីវភាពរួម មិនអាចទទួលខុសត្រូវចំពោះកាតព្វកិច្ចបាន) ជៀសជាងកាតព្វកិច្ច​របស់​ប្តី ឬ ប្រពន្ធណាតែម្ខាង។ ដូចនេះ កាតព្វកិច្ច​ដែល​សមស្របនឹង​កាតព្វកិច្ចនៃកិច្ចការ​ប្រចាំថ្ងៃ ត្រូវ​តែមានព្រំដែន​ច្បាស់លាស់ ហើយ​ឧបមាថា សកម្មភាព​ចាត់ចែង​អចលនវត្ថុ​ដែល​ជា​ទ្រព្យសម្បត្តិ​ដោយ​ឡែករបស់​ប្តី ឬ ប្រពន្ធណាម្ខាង មិនអាច​ក្លាយជា​កិច្ចការ​គ្រួសារ​ប្រចាំថ្ងៃឡើយ។
(5) កិច្ចសន្យា​រវាង​ប្តីប្រពន្ធ
​បើសិនជាប្តីប្រពន្ធបាន​ចុះកិច្ចសន្យារវាងគ្នា ឧបមាថា កិច្ចសន្យាប្រទានកម្ម ក្នុងករណីនេះ ប្តី ឬ ប្រពន្ធ​ណាម្ខាង​ អាច​លុបចោល​កិច្ចសន្យា​ប្រទានកម្ម​នោះពេលណាក៏បានដែរ ក្នុង​អំឡុងពេល​អាពាហ៍ពិពាហ៍ (មាត្រា754)។ ហើយ​ការ​អនុវត្ត​កិច្ចសន្យា​រវាង​ប្តីប្រពន្ធ ត្រូវ​ធ្វើ​ឡើង​តាមរយៈសេចក្តីស្រលាញ់ និង សីលធម៌ មិនមែនការអនុវត្ត​ដោយ​បង្ខំតាមផ្លូវ​ច្បាប់នោះទេ ប៉ុន្តែ បញ្ញត្តិនេះរងការរិះគន់ជា​ច្រើនពីអ្នក​ច្បាប់។
(6) កំជាប់ពាក្យ និង អនីតិសង្វាស
​នៅក្នុង​សង្គមទូទៅបានហៅ ការសន្យាថានឹង​រៀបអាពាហ៍ពិពាហ៍ (រៀបការ) ថា កំជាប់ពាក្យ ប៉ុន្តែ នៅ​ក្នុង​ក្រម​រដ្ឋប្បវេណីពុំមានបញ្ញត្តអំពី កំជាប់ពាក្យនោះទេ។ ដូចនេះ ការវាយតម្លៃនៃកំជាប់ពាក្យ គឺអាស្រ័យទៅលើ​យុត្តិ​សាស្ត្រ និង ទ្រឹស្តី។ បើសិនជាបកស្រាយថា កំជាប់ពាក្យនេះគឺជា កិច្ចសន្យា​ដែលសន្យាជាមុនអំពី​ការ​រៀបអាពាហ៍​ពិពាហ៍នាពេល​អនាគត ក្នុងករណីនេះ​ ការបដិសេធតាមទំនើងចិត្តរបស់ភាគីម្ខាង គឺជា​ការមិន​អនុវត្ត​កាតព្វ​កិច្ច (⇒ជំពូកទី6)។ ហើយបើសិនជាបកស្រាយថា ការ​បដិសេធ​ដោយ​ចេតនា ឬ កំហុសនេះ បានបង្កការ​ខូច​ខាត​ដោយ​មិន​ត្រឹម​ត្រូវ​ចំពោះបុគ្គលផ្សេង (ជា​ទ្រព្យសម្បត្តិ ឬ ជាសតិអាម្មណ៍) ក្នុងករណីនេះ វានឹងក្លាយជា​អំពើអនីត្យានុកូល (⇒ជំពូកទី5)។ ទោះ​បីជា​ជ្រើសរើសយកការបកស្រាយណាមួយក៏ដោយ ក៏ការ​បដិសេធតាមទំនើងចិត្ត​របស់​ភាគីម្ខាង នឹង​ក្លាយ​ជា​កម្មវត្ថុនៃ​ការ​ផ្តល់សំណងការខូចខាត។
ការបង្កើត​កំជាប់ពាក្យ មិនតម្រូវ​ឱ្យ​គោរពតាម​លក្ខខណ្ឌទម្រង់ណាមួយនោះទេ។ យ៉ាងណាមិញ នៅក្នុង​សង្គមទូទៅ តែង​និយម​ប្រគល់ជំនូនផងដែរ។ ប៉ុន្តែ នេះគឺជា​ទំនៀមទម្លាប់ក្នុងសង្គមទូទៅប៉ុណ្ណោះ ហើយ​ការបង្កើតកំជាប់ពាក្យនេះ មិន​អាស្រ័យទៅលើការប្រគល់ជំនូន ឬ ការមិនប្រគល់ជំនូននោះទេ។ លក្ខណៈគតិយុត្តនៃជំនូន គឺជាប្រភេទ​មួយនៃប្រទានកម្ម ដើម្បីជាភស្តុតាង​បញ្ជាក់​អំពី​ការបង្កើត​កំជាប់ពាក្យប៉ុណ្ណោះ។ ជាទូទៅ ជំនួននេះត្រូវ​បាន​ប្រគល់ដើម្បីបញ្ជាក់​អំពីការ​កំជាប់ពាក្យ រួមជាមួយ​នឹង​គោលបំណងនៃការ​រៀបអាពាហ៍ពិពាហ៍នាពេលអនាគត ហេតុនេះហើយ ជំនូនត្រូវ​សងមកវិញ ប្រសិនបើ​កំជាប់​​ពាក្យបានរលាយ។ ជាគោលការណ៍ ការ​ទាមទារ​ឱ្យ​សងវិញនេះ ត្រូវ​ធ្វើឡើងដោយផ្អែក​លើ​សេចក្តី​ចម្រើនដោយឥតហេតុ (⇒ជំពូកទី5) ប៉ុន្តែ យុត្តិសាស្ត្របានបកស្រាយថា ការ​ទាមទារ​ឱ្យសងវិញនេះមិន​អាច​ធ្វើបានឡើយ ប្រ​សិនបើការរលាយនៃ​កំជាប់ពាក្យនោះ កើតឡើងដោយសារ​ទំនួលខុសត្រូវ​របស់​ភាគី​ដែល​បាន​លើកជំនូន។ សូមពិចារណាថា វាគឺជា​ប្រភេទមួយនៃ​ការ​ដាក់ពិន័យ ហើយផលប្រ​យោជន៍ជា​ទ្រព្យសម្បត្តិដែល​ទទួលបានពី​ជំនូន ត្រូវ​ចាត់ទុកថាជា សំណងនៃការ​ខូច​ខាត​នៃអំពើអនីត្យា​នុកូល ហើយភាគីម្ខាងទៀតអាច​រក្សាទុកនូវ​ជំនូននោះបាន (បើសិនជា​ការ​ខូច​ខាតដែល​កើតឡើងនោះ មានទំហំធំធេងជាង​តម្លៃជាទ្រព្យសម្បត្តិនៃជំនូនដែលបាន​ទទួល ភាគីម្ខាងទៀតនោះអាច​ទាមទារ​សំណងការខូចខាតបន្ថែមបាន)។
ពាក្យថា «អនីតិសង្វាស» ក៏មិនមែនជាពាក្យពេចន៍ដែលបញ្ញត្តក្នុងច្បាប់ផងដែរ។ នៅក្នុងចំណោមបុរសនារីដែលបាន​រស់នៅជីវភាពរួមគ្នាដោយ​មិន​បានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ (ករណីដូចជា រស់នៅជាមួយគ្នា ហើយរួមគ្នាទ្រទ្រង់ការ​ចំណាយនានាក្នុងផ្ទះ) ចំពោះបុរសនារីដែលមាន​ឆន្ទៈរៀបអាពាហ៍​ ទោះបីជាមិន​បាន​ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ក៏ដោយ ក៏ត្រូវបានគេហៅថាជា អនីតិសង្វាស ផងដែរ(បើគ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍នោះទេ វាគ្រាន់​តែជាការស្នាក់នៅរួមគ្នាធម្មតាប៉ុណ្ណោះ)។ បើសិនជាជ្រើសរើសយកគោលការណ៍អាពាហ៍ពាហ៍តាមច្បាប់ ក្នុង​ករណីនេះ បើទោះបីជាបុរសនារីនោះ​មាន​ជីវភាពរួមគ្នាដូចជាប្តីប្រពន្ធយ៉ាងណាក៏ដោយ ក៏ពួកគេគ្រាន់តែមាន​ទំនាក់​ទំនងអនីតិសង្វាស បើមិន​បាន​ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ហើយពួកគេ​មិន​អាច​ទទួលបាន​ការការពារ​តាម​ផ្លូវ​ច្បាប់​នោះទេ។ ប៉ុន្តែ ការ​ជ្រើសរើសយកគោលការណ៍នេះបានបង្កឱ្យមានបញ្ហា។ ហេតុនេះហើយ យុត្តិ​សាស្ត្រ និង ទ្រឹស្តីបាន​ប្រឹងប្រែងរកវិធីផ្តល់ការការពារផ្លូវ​ច្បាប់ដល់ភាគីអនីតិសង្វាស។ ទ្រឹស្តីបច្ចុប្បន្ននេះ បាន​ចាត់​ទុក អនីតិសង្វាសជា​ទំនាក់ទំនង​ឧបអាពាហ៍ពិពាហ៍ ហើយអះអាងថា ការ​បដិសេធទំនាក់​ទំនងនេះត្រូវ​ពិចារណា​តាមបែបបទនៃអំពើអនីត្យានុកូល (គោលការណ៍ឧបអាពាហ៍​ពិពាហ៍)។ បើនិយាយឱ្យច្បាស់ទៅ នេះមានន័យថា អនីតិសង្វាសដែលមិនបាន​ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ មិន​អាចទទួលស្គាល់តាមអានុភាពនៃអាពាហ៍​ពិ​ពាហ៍ដែលអាច​ចុះជាសមាជិកក្នុងប័ណ្ណគ្រួសារ​ឡើយ ប៉ុន្តែ តាមរយៈអានុភាពនៃការ​ទទួលស្គាល់ជីវភាពរួមគ្នានេះ គេ​អាច​អនុវត្តប្រដូចចំពោះចំណុចដូចជា ករណីយកិច្ចរួមរស់នឹងគ្នា សហការ និងសង្គ្រោះគ្នា​ទៅវិញ​ទៅមក ករណីយ​កិច្ចទទួលបន្ទុកចំណែកនៃសោហ៊ុយ​អាពាហ៍ពិពាហ៍ ការ​ទទួលខុសត្រូវ​ដោយ​សាមគ្គីភាពចំពោះកាតព្វ​កិច្ចនៃកិច្ច​ការ​ផ្ទះប្រចាំថ្ងៃ និង ការ​បែង​ចែក​ទ្រព្យសម្បត្តិ ជាដើម។
2. ការលែងលះ
(1) នីតិវិធីនៃការ​លែងលះ
បើសិនជាទំនាក់​ទំនង​អាពាហ៍ពិពាហ៍​មិន​ចុះសម្រុងនឹងគ្នាទេ បញ្ហា​នៃការ​លែង​លះនឹងកើតឡើង ហើយក្រម​រដ្ឋប្បវេណីជប៉ុនមានបញ្ញត្តអំពី ការ​លែង​លះតាមការព្រមព្រៀង ដែលអាច​លែង​លះដោយ​គ្រាន់​តែមាន​ការព្រម​​ព្រៀង​របស់ភាគី (មាត្រា763) និង ការ​លែងលះតាមតុលាការ ដែល​ត្រូវ​មាន​ការ​ទទួលស្គាល់នៅ​ក្នុង​តុលាការ។ ចំពោះការលែងលះតាមតុលាការ ចាំបាច់​ត្រូវ​មាន​មូលហេតុនៃការ​លែងលះដូចជា ការផិតក្បត់ ឬ ការបោះបង់ចោល​សហព័ទ្ធដោយ​ទុច្ចរិត ជាអាទិ៍ ហើយមូលហេតុធ្ងន់ធ្ងរផ្សេងទៀតដែលពិបាកនឹង​បន្តអាពាហ៍ពិពាហ៍ ក៏ជាមូល​ហេតុនៃ​ការ​លែង​លះ​ផងដែរ (មាត្រា770)។ នៅក្នុងចំណុចនេះ សាលដីកាពេញអង្គរបស់តុលាការ​កំពូលឆ្នាំ1987 បាន​សម្រេចថា ការ​ទាមទារ​លែង​លះពីបុគ្គលដែល​មាន​ទំនួលខុសត្រូវ ពោលគឺភាគីដែល​មាន​ការទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​វិវាទលែងលះ ក៏​អាច​ត្រូវ​បាន​ទទួលស្គាល់ដែរ។ យ៉ាងណាមិញ ក្រៅពីនីតិវិធីទាំង 2ខាងលើនេះ ច្បាប់​មាន​កំណត់អំពីនីតិវិធីនៃការលែងលះដោយសន្ធានកម្ម​នៅក្នុង​តុលាការ​គ្រួសារ និង ការ​លែង​លះ​ដោយ​ដីកា​សម្រេច​ផងដែរ។
(2) ការបែង​ចែក​ទ្រព្យសម្បត្តិ
ភាគីម្ខាងដែលបាន​លែងលះ អាច​ទាមទារ​ឱ្យ​ភាគី​ម្ខាង​ទៀត​បែង​ចែក​ទ្រព្យសម្បត្តិបាន ហើយបើសិនជា​ភាគីមិន​អាចពិភាក្សារវាង​គ្នា​បានទេ តុលាការ​គ្រួសារ​អាច​កំណត់អំពីលទ្ធភាពនៃការបែងចែក និង ចំនួនដែលត្រូវ​បែង​ចែក​បាន (មាត្រា768)។ នៅពេលបែងចែកទ្រព្យសម្បត្តិ តុលាការ​ត្រូវពិចារណាទៅលើ​ចំនួននៃទ្រព្យសម្បត្តិ​ដែល​ប្តី​ប្រពន្ធបាន​ធ្វើលទ្ធកម្មដោយសហការគ្នា និង ស្ថានភាពផ្សេងៗទៀត។ ​
យ៉ាងណាមិញ ទំនាក់ទំនងនៃការបែងចែក​ទ្រព្យសម្បត្តិនេះ និង សំណងជម្ងឺចិត្ត អាចក្លាយជាបញ្ហា។ យើងអាចគិតថា មានករណីខ្លះនៃសំ​ណង​ជម្ងឺចិត្តនៃការ​លែងលះអាចបញ្ចូល​ទៅ​ក្នុងការ​បែង​ចែក​ទ្រព្យសម្បត្តិ ប៉ុន្តែ យុត្តិ​សាស្រ្តតុលាការ​បាន​សម្រេចថា ទោះបីជា​ការ​បែង​ចែក​ទ្រព្យសម្បត្តិបាន​ធ្វើ​ឡើង​រួចហើយក៏ដោយ ក៏ការបែង​ចែក​នេះ​មិនបាន​បញ្ចូល​នូវ​សារធាតុនៃសំណងការ​ខូច​ខាតនោះទេ ហេតុនេះ ភាគីរងគ្រោះ​នៅតែអាច​ទាមទារ​សំណង​
​ជំងឺចិត្តបន្ថែម ប្រសិនបើចំនួននៃទ្រព្យសម្បត្តិ ឬ វិធីបែងចែក​មិន​គ្រប់គ្រាន់ សម្រាប់ការ​ខូច​ខាតផ្នែកស្មារតី​របស់
ភាគី​រងគ្រោះ។
លើសពីនេះ នៅក្នុងករណីមួយចំនួននៃការ​បែងចែក​ទ្រព្យសម្បត្តិតាមការពិភាក្សា គឺធ្វើឡើង​​ដើម្បីលាក់​ទ្រព្យសម្បត្តិប៉ុណ្ណោះ ឧបមាថា ប្តីបាន​លែងលះជាមួយប្រពន្ធ ហើយបែង​ចែក​ទ្រព្យសម្បត្តិ​ទៅឱ្យប្រពន្ធ ដើម្បីបញ្ជៀសពីការ​ទាមទារ​របស់​ម្ចាស់​បំណុល ជាអាទិ៍។ ដូចនេះ បើសិនជា​ចំនួនទ្រព្យសម្បត្តិដែល​បាន​បែងចែកនោះ មាន​ទំហំ​លើសហួសហេតុពេកពីគោល​បំណងក្នុងមាត្រា768 នៃក្រម​រដ្ឋប្បវេណី និងមានហេតុពិសេសអំពីការចាត់ចែងទ្រព្យសម្បត្តិដោយបន្លំក្នុងរូបភាពបែងចែកទ្រព្យសម្បត្តិ ក្នុងករណីនេះ ទ្រព្យសម្បត្តិទាំងអស់ ឬ មួយ​ផ្នែក​នោះនឹង​ក្លាយជា​កម្មវត្ថុ​នៃការ​អនុវត្ត​សិទ្ធិ​លុបចោល​អំពើ​ដែល​នាំឱ្យ​ខូច​ខាតផលប្រយោជន៍ (មាត្រា424)។
3. ឪពុកម្តាយនិងកូនបង្កើត・កូន​ចិញ្ចឹម
(1) ឪពុកម្តាយ និង កូនបង្កើត
នៅក្នុង​ទំនាក់​ទំនងឪពុកម្តាយនិងកូន រួមមាន កូន​ដែល​ចាប់កំណើតពីប្តីប្រពន្ធ​ដែល​បាន​ដាក់ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍ គេហៅថា កូន​មាន​ខាន់ស្លា (មាត្រា772ដូចរៀបរាប់ខាងក្រោយនេះ បញ្ញត្តពីការសន្មតបិតុភាព និងការសន្មតភាពមានខាន់ស្លា) និង កូនដែលចាប់កំណើត​ពី​បុរសនារីដែល​មិនបាន​ដាក់​ពាក្យសុំ​រៀប​អាពាហ៍​ពិពាហ៍ គេ​ហៅថា កូន​ឥតខាន់ស្លា។ ដើមឡើយ​ កូន​ទាំង 2នេះ ត្រូវទទួលបាន​ចំណែក​សន្តតិកម្មខុសគ្នា (ចំពោះចំណែក​សន្តតិកម្ម សូម​យោងចំណុច III.2) ប៉ុន្តែ វិសោធនកម្មច្បាប់ឆ្នាំ2013 បានកែតម្រូវឱ្យទទួលបានចំណែក​សន្តតិកម្មស្មើគ្នាវិញ។
ចំពោះទំនាក់​ទំនងឪពុកម្តាយ និង កូនបង្កើត ពោលគឺ ទំនាក់​ទំនងសាច់ឈាមនៃកូន​ដែល​បាន​កើត​ចេញ​ពី​ឪពុកម្តាយ អាច​បែងចែកជា 2ករណី។ ករណីទី1 គឺជាទំនាក់ទំនងម្តាយ និង កូន ដែលករណីភាគច្រើនបំផុតយើងអាច​បញ្ជាក់តាមរយៈ​អង្គហេតុនៃការ​សម្រាល​កូន​នោះបាន ប៉ុន្តែ ករណីទី2 គឺជាទំនាក់ទំនងឪពុក និង កូន ដែលយើង​អាច​មានការលំពាក់ក្នុងការបញ្ជាក់ក្នុង​ករណី​ខ្លះ​។ មាត្រា772 កថាខណ្ឌទី1 កំណត់ថា ទារកដែល​នៅក្នុង​ផ្ទៃ​របស់​ប្រពន្ធដែលកំពុងមានចំណងអាពាហ៍​ពិពាហ៍ ត្រូវ​សន្មតថាជាកូន​របស់​ប្តី។ ការសន្មតនេះអាចផ្លាស់ប្តូរ​បាន ចំពោះតែ​ការ​តវ៉ាដែល​បាន​ធ្វើ​ឡើង​ក្នុង​នីតិវិធី​ពិសេស​ដែល​បាន​កំណត់ក្នុង​ច្បាប់​ប៉ុណ្ណោះ (ការ​បដិសេធ​បិតុភាពដោយ​ឪពុក។ មាត្រា774)។ ហើយផ្ទុយមកវិញ ប្រព័ន្ធស្តីពីការ​ទទួលស្គាល់បានរៀបចំឡើង សម្រាប់​ករណីកូន​ដែល​ចាប់កំណើតនៅពេលដែលម្តាយ​មិនបាន​រៀបអាពាហ៍ពិពាហ៍។ បុគ្គលដែល​ជា​ឪពុកអាច​ទទួលស្គាល់ទំនាក់​ទំនង​ឪពុកកូនតាម​ការស្ម័គ្ររបស់ខ្លួនបាន ហើយ​នេះ​ហៅថា​ការ​ទទួលស្គាល់​ដោយស្ម័គ្រចិត្ត ក្នុងករណីនេះ បុគ្គលដែល​បាន​ទទួលស្គាល់​នោះ នឹង​ត្រូវ​បាន​សន្មតថាជា ឪពុក (មាត្រា779។ មាត្រាច្បាប់ ក៏មាន​កំណត់អំពី​ការ​ទទួលស្គាល់​ដោយ​ម្តាយផងដែរ។ ប៉ុន្តែ នេះជាបញ្ញត្តិសម្រាប់ករណីពិសេសដែលម្តាយមិន​អាច​បញ្ជាក់អំពី​អង្គហេតុពពោះ និង សម្រាលបាន ដូច​ជាករណីកូនវង្វេង ឬ កូន​ដែល​ត្រូវ​គេបោះបង់ចោល)។ ហើយកូន បច្ឆាញាតិរបស់កូននោះ ឬ អ្នកតំណាង​ដែលច្បាប់​កំណត់របស់​បុគ្គល​ទាំងនោះ អាចដាក់ពាក្យបណ្តឹង​ទាមទារ​ឱ្យ​ទទួលស្គាល់ ដើម្បី​​បញ្ជាក់​អំពី​ទំនាក់​ទំនង​ឪពុកនិងកូន​ តាមផ្លូវ​តុលាការ​​បាន (មាត្រា787។ ការ​ទទួលស្គាល់ដោយបង្ខំ)។
កូន​ដែលឥតខាន់ស្លាអាច​ទទួលបាន​ឋានៈជាកូន​មាន​ខាន់ស្លាចំពោះ 2ករណី ដូច​តទៅនេះ។ ករណីទីមួយគឺ កូន​ដែល​ឪពុកបាន​ទទួលស្គាល់ ទទួលបាន​ឋានៈជា​កូន​មាន​ខាន់ស្លា តាមរយៈអាពាហ៍ពិពាហ៍​របស់​ឪពុកម្តាយរបស់​កូន​នោះ (មាត្រា789 កថាខណ្ឌទី1)។ ករណីទីពីរគឺ កូន​ដែល​ឪពុក​ម្តាយបាន​ទទួលស្គាល់​ក្នុង​អំឡុងពេលអាពាហ៍​ពិពាហ៍ បាន​ទទួល​ឋានៈ​ជា​កូន​មានខាន់ស្លាចាប់ពីពេលដែល​បាន​ទទួលស្គាល់ (មាត្រា789 កថាខណ្ឌទី2)។
(2) កូន​ចិញ្ចឹម
ប្រព័ន្ធដែល​បង្កើត​ទំនាក់​ទំនង​កូន​របស់​អ្នក​ដទៃដែលគ្មាន​ជាប់សាច់ឈាម ឱ្យក្លាយជា​កូន​តាមផ្លូវ​ច្បាប់របស់អ្នក​តាម​ការព្រមព្រៀង​របស់ភាគី ហៅថា កូនចិញ្ចឹម (មាត្រា792)។ កូន​ចិញ្ចឹមទទួលឋានៈ​ជា​កូន​មាន​ខាន់ស្លា ប៉ុន្តែ កូន​ចិញ្ចឹមនឹង​មាន​ឪពុកម្តាយ​ 4នាក់ ដោយសារតែ កូនចិញ្ចឹម​មិន​កាត់ផ្តាច់​ទំនាក់​ទំនង​ទាំង​ស្រុងជា​មួយ​ឪពុក​ម្តាយ​បង្កើត និង ញាតិរបស់ខ្លួននោះទេ (កូនចិញ្ចឹមនោះនៅតែមាន​សិទ្ធិទទួលសន្តតិកម្ម​ នូវ​ទ្រព្យសម្បត្តិ​ពី​ឪពុកម្តាយ​បង្កើត​​របស់​ខ្លួន។ ⇒ជំពូកទី9 II.1(1))។ ប៉ុន្តែ មានបុគ្គលខ្លះចង់ចិញ្ចឹមបីបាច់កូន​ដែល​ទើបតែកើតរបស់​អ្នកដទៃក្នុងនាម​ជា​កូន​របស់ខ្លួនឯង ហើយ​ចង់រំលត់ទំនាក់​ទំនងកូននោះជាមួយនឹងឪពុកម្តាយ និង ញាតិរបស់កូន​នោះតែ​ម្តង ហេតុនេះ​ហើយ នៅឆ្នាំ1987 ប្រទេសជប៉ុន​បាន​បង្កើត​នូវ​ប្រព័ន្ធ​ស្មុំកូនពិសេស ដើម្បី​បំពេញ​តម្រូវ​ការ​នេះ (ក្រមរដ្ឋប្ប​វេណី ចាប់ពីមាត្រា817.2)។ ហើយ​ជាគោលការណ៍ កូន​នោះត្រូវ​មាន​អាយុតិចជាង 15ឆ្នាំ ហើយ​ត្រូវ​បង្កើត​ទំ​នាក់​ទំនង​កូន​ស្មុំនេះ ដោយ​ដីកាសម្រេច​របស់​តុលាការ​គ្រួសារ (វាក្យខណ្ឌទី1 កថាខណ្ឌទី1 នៃមាត្រា817.5 នៃច្បាប់វិសោធនកម្មក្រមរដ្ឋប្បវេណីដែលអនុវត្តនៅថ្ងៃទី1 ខែមេសា ឆ្នាំ2020។ ហើយបទបញ្ញត្តិដែល​កំណត់ឱ្យកូនស្មុំត្រូវមាន​អាយុក្រោម 6ឆ្នាំ ត្រូវ​បានដំឡើងយ៉ាង​ច្រើនមកអាយុក្រោម 15ឆ្នាំវិញ។ លើសពីនេះទៅទៀត បើសិនជា​អាច​បំពេញលក្ខខណ្ឌពិសេសផ្សេងទៀត ការ​ស្មុំកូនអាច​ទទួលស្គាល់រហូតដល់អាយុក្រោម 18ឆ្នាំ។ (វាក្យខណ្ឌទី2 កថាខណ្ឌទី1 នៃមាត្រា817.5)។ចំពោះករណីស្មុំកូនពិសេសនេះ ទំនាក់​ទំនង​របស់​កូន​នោះជាមួយ​នឹង​ឪពុកម្តាយបង្កើតត្រូវ​បាត់បង់ (សិទ្ធិសន្តតិកម្មក៏បាត់បង់ដែរ) ហើយការកត់ត្រាជាសមាជិកក្នុងប័ណ្ណ​គ្រួសារ ក៏ត្រូវ​បាន​ប្រើ​ប្រាស់​វិធីខុសពីកូន​ចិញ្ចឹមទូទៅ ដើម្បីធ្វើយ៉ាងណាមិនឱ្យដឹងយ៉ាងងាយស្រួលថាកូននោះជាកូន​ចិញ្ចឹមឡើយ (យ៉ាង​ណាមិញ ការ​ស្នើសុំចុះសំបុត្រកំណើត​ចំពោះ​កូន​របស់​អ្នកដទៃដែល​ទើបតែកើតភ្លាមៗ ក្នុងនាម​ជា​កូន​បង្កើតរបស់ខ្លួន ពោលគឺ «ការបន្លំជាកូនបង្កើត» គឺមិនអាច​បង្កើត​ទំនាក់​ទំនង​ឪពុកម្តាយនិងកូន​បង្កើតនោះទេ ដោយសារតែ​ការស្នើសុំចុះ​សំបុត្រកំណើតត្រូវ​មោឃភាព។ ប៉ុន្តែ ទ្រឹស្តីច្បាប់ និង សាលក្រម​របស់តុលាការ​ជាន់ទាបបានសម្រេច​ទទួលស្គាល់អានុភាពនៃការស្នើសុំនោះ ក្នុងនាម​ជា​ការ​ស្នើសុំបង្កើត​ទំនាក់​ទំនងកូន​ស្មុំ។ ដោយឡែក តុលាការ​កំពូល​បាន​បដិសេធការ​បកស្រាយបែបនេះ)។
ទំនាក់​ទំនង​ឪពុកម្តាយ និងកូន​ចិញ្ចឹមតាមរយៈ​ការ​ស្មុំកូន​ធម្មតា អាច​បញ្ចប់ដោយការកាត់កាល់បាន (ផ្ទុយ​មកវិញ ទំនាក់​ទំនងឪពុកម្តាយ និងកូនចិញ្ចឹមតាមរយៈការ​បង្កើតស្មុំកូន​ពិសេស ជាគោលការណ៍មិនអាច​រំលត់​ដោយ​ការ​កាត់កាល់នោះទេ។ មាត្រា817.10 កថាខណ្ឌទី2។ ដោយសារតែ ស្មុំកូន​ពិសេសមាន​បំណង​បង្កើត​ទំនាក់​ទំនងឱ្យដូច​ជាឪពុកម្តាយនិងកូនបង្កើតរវាងភាគី)។ គោលគំនិតនៃការ​កាត់កាល់ ដូចគ្នានឹង​ការលែងលះផងដែរ ដោយសារការកាត់កាល់នេះ រួមមាន​ការ​កាត់កាល់តាមការព្រមព្រៀង និង ការកាត់កាល់​តាមតុលាការ។ ​ក្រោយ​ពេលដែល​ភាគីនៃការ​ស្មុំកូន​ណាម្ខាងបានទទួលមរណភាព ហើយ​ភាគី​ម្ខាងទៀតដែល​នៅរស់ អាច​ស្នើសុំ​ការ​អនុញ្ញាតពីតុលាការ​គ្រួសារ ដើម្បីកាត់កាល់បាន (មាត្រា811 កថាខណ្ឌទី6។ គេហៅថា ការ​កាត់កាល់ក្រោយមរណភាព)។
4. អំណាចមេបា អាណាព្យាបាល ហិតូបត្ថម្ភ និង ការ​ទំនុកបំរុង
(1) សញ្ញាណទូទៅ
ទិសដៅនៃនីតិគ្រួសារសម័យទំនើប គឺ ការពារកូន ការពារសហព័ទ្ធ និង ការពារចាស់ជរានៅក្នុង​គ្រួ​សារ។ ប្រទេសជប៉ុនបាន​វិវត្តន៍ទៅរកសង្គមដែល​សម្បូរចាស់ជរា ហេតុនេះ បញ្ហស្តីពីអាណាព្យាបាល និង ការ​ទំនុក​បំរុង ត្រូវពិចារណាឡើងវិញពីជ្រុងមួយផ្សេង (នេះគឺជាបញ្ហាពាក់ព័ន្ធ​នឹង​អាណាព្យាបាលលើនីតិជន ហើយ​ចំណុច​​នេះ​ត្រូវ​បានធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីនៅខែធ្នូ ឆ្នាំ1999 ហើយដាក់ឱ្យអនុវត្តនៅខែមេសា ឆ្នាំ2000​។ ដូចនេះ គេបានពិចារណាពីគោលគំនិតនៃជីវភាពធម្មតា ដែល​ជាគោលគំនិតក្នុងការ​បង្កើតសង្គមមួយដែល​គោរព​ឆន្ទៈរបស់សាមីខ្លួន និង សិទ្ធិសម្រេចដោយខ្លួនឯង ព្រម​ទាំងអាចឱ្យបុគ្គលដែលមាន​ពិការភាព ក៏អាច​រស់​នៅជីវភាព​ធម្មតានៅក្នុង​ផ្ទះ និង ក្នុងតំបន់ជាមួយ​មនុស្សទូទៅ)។
(2) អំណាចមេបា
① អំណាចមេបា និង អ្នក​មាន​អំណាចមេបា
កូនដែល​មិន​ទាន់ដល់នីតិភាព ត្រូវ​ស្ថិតនៅក្រោម​អំណាចមេបា (មាត្រា818)។ មានន័យថា ស្ថិតនៅ​ក្រោម​ការ​ថែរក្សា ការអប់រំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិពីឪពុកម្តាយ។ យ៉ាងណាមិញ កន្លងមកយើងមានប្រព័ន្ធមួយដែលកូន​ជា​អនីតិជនត្រូវ​ចាត់ទុក​ថាដល់នីតិភាពដោយការ​រៀបអាពាហ៍ពិពាហ៍ (មាត្រា753) ហើយនៅក្នុងករណីនេះ កូននោះ​នឹង​រួចផុត​ពីអំណាច​មេ​បា (ការ​ចាត់ទុកជានីតិជន)។ ដូចបាន​រៀបរាប់ខាងលើនេះ អាយុដល់​នីតិភាពទាំង​បុរសទាំងនារីត្រូវបាន​ធ្វើវិសោធនកម្មដោយប្តូរមកអាយុ18ឆ្នាំ ហើយអាយុគ្រប់លក្ខណៈរៀបអាពាហ៍​ពិពាហ៍​របស់នារី ក៏ត្រូវ​ដំឡើងមក 18ឆ្នាំផងដែរ នៅក្នុង​ការអនុវត្ត​វិសោធនកម្មក្រម​រដ្ឋប្បវេណីថ្ងៃទី1 ខែមេសា ឆ្នាំ2022។ ហេតុនេះ ស្ថានភាពដែល​អនីតិជនរៀបអាពាហ៍ពិពាហ៍នឹងលែងកើតមាន ហើយ​បញ្ញត្តិនេះក៏ត្រូវបាន​និរាករណ៍។
បុគ្គលដែលមាន​អំណាចមេបា គឺជាឪពុកម្តាយរបស់​អនីតិជននោះ (មាត្រា818 កថាខណ្ឌទី1)។ មិនត្រឹមតែ​ឪពុកម្តាយបង្កើតនោះទេ ឪពុកម្តាយចិញ្ចឹមក៏មាន​សិទ្ធិអំណាចមេបាផងដែរ (មាត្រា818 កថាខណ្ឌទី2)។ ទ្រឹស្តីបាន​យល់ឃើញខុសគ្នាត្រង់ចំណុចថា បើសិនជាឪពុកម្តាយចិញ្ចឹម​មាន​អំណាចមេបា តើឪពុកម្តាយបង្កើតបាត់​បង់​អំណាចមេបាដែរឬទេ? ឬក៏ គ្រាន់តែឪពុកម្តាយចិញ្ចឹមមាន​អាទិភាព​ជាងប៉ុណ្ណោះ។ ប៉ុន្តែ មិនមែន​ឪពុកម្តាយគ្រប់រូបសុទ្ធតែអាចក្លាយជាអ្នកមាន​អំណាចមេបានោះទេ។ នៅពេល​ដែល​ឪពុក ឬ ម្តាយខ្លួនឯងគឺជា​អនីតិជន អ្នកមាន​អំណាចមេបារបស់​ឪពុក ឬ ម្តាយ (ឬ អ្នកអាណាព្យាបាល) ​ត្រូវ​អនុវត្ត​សិទ្ធិអំណាចមេបាជំនួស (មាត្រា833 និង មាត្រា​867 កថាខណ្ឌទី1)។ ​បើសិនជាឪពុក ឬ ម្តាយដែល​ត្រូវ​បាន​ចាត់ទុកថាជា ជនដែលហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិ​បាន​ដោយផ្អែកលើក្រម​រដ្ឋប្បវេណីចាស់ ទ្រឹស្តីភាគច្រើនបកស្រាយថា បុគ្គលទាំងនោះក៏មិន​អាចអនុវត្ត​សិទ្ធិអំណាចមេបាបានដែរ ប៉ុន្តែ ចំណុច​ទាំងនេះពុំបាន​បញ្ញត្តក្នុង​ច្បាប់​នោះទេ (យុត្តិសាស្រ្តតុលាការ​បាន​បកស្រាយ​បន្ថែមថា ឧបជនដែល​ហាមមិនឱ្យចាត់ចែងទ្រព្យសម្បត្តិបាន ក៏មិន​អាច​អនុវត្ត​អំណាចមេ​បាបានឡើយ)។
② ខ្លឹមសារនៃសិទ្ធិ​អំណាចមេបា
ខ្លឹមសារនៃ​សិទ្ធិ​អំណាចមេបារួមមាន ទីមួយគឺ បីបាច់ថែរក្សារូបកាយ ពោលគឺ ការ​គ្រប់គ្រង ថែរក្សា និង អប់រំ ហើយអំណាចនេះគឺជា​សិទ្ធិផង និង ករណីយកិច្ចផងរបស់​ឪពុកម្តាយ (មាត្រា820)។ ទីពីរគឺ គ្រប់គ្រងទ្រព្យសម្បត្តិ ពោលគឺ គ្រប់គ្រងទ្រព្យ​របស់​កូន ហើយតំណាងឱ្យ​កូននោះ ចំពោះសកម្មភាព​គិតយុត្ត​ពាក់ព័ន្ធនឹង​ទ្រព្យសម្បត្តិនោះ (សិទ្ធិ​គ្រប់​គ្រង​ទ្រព្យសម្បត្តិ។ មាត្រា824)។ ប៉ុន្តែ បើសិនជាសកម្មភាពណាដែល​បង្កើត​ឱ្យ​មាន​កាតព្វ​កិច្ចដែល​កូន​ត្រូវអនុវត្ត អ្នកមានអំណាចមេបាត្រូវ​ទទួល​ការយល់ព្រមពីកូនដែល​ជា​សាមីខ្លួន (មាត្រាដដែល។ ឧទាហរណ៍ ការ​ចុះ​កិច្ចសន្យា​ដែល​តម្រូវ​ឱ្យ​កូនទៅសំដែងក្នុងភាពយន្តជាដើម ឪពុកម្តាយ​មិនអាច​ចុះកិច្ចសន្យា​ដោយ​គ្មានការ​យល់​ព្រម​​ពី​កូននោះទេ)។ ពាក្យថា «តំណាង» នៅក្នុង​មាត្រា842 មានអត្ថន័យដូចគ្នានឹងការ​តំណាងទូទៅ។ មាន​ន័យថា អ្នក​ដែល​មាន​អំណាច​មេបា (មិនមែនជា​អ្នក​តំណាង​តាម​រយៈកិច្ចសន្យា​ប្រគល់​សិទ្ធិ​តំណាងនោះទេ ប៉ុន្តែ ច្បាប់​បាន​ប្រគល់ឋានៈក្នុងនាម​ជា​អ្នក​តំណាង) គឺ​ជា​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​របស់កូន។ ជាគោលការណ៍ អ្នកមាន​អំណាច​មេ​បាអាច​គ្រប់គ្រងទ្រព្យសម្បត្តិ​ទាំងអស់របស់កូន ប៉ុន្តែ មិនមាន​អំណាចទៅលើ​ទ្រព្យសម្បត្តិ​ដែលអ្នក​មាន​អំណាច​មេ​បាបាន​អនុញ្ញាត​ឱ្យ​ចាត់ចែង​ដោយ​កំណត់​គោល​បំណង (មាត្រា5) និង ទ្រព្យសម្បត្តិ​អាជីវកម្មដែលកំពុងគ្រប់​គ្រងដោយ​កូន​ដែល​បាន​ទទួលការ​អនុញ្ញាត​ឱ្យ​ធ្វើអាជីវកម្ម (មាត្រា6)។
③ សកម្មភាព​ដែល​ផលប្រយោជន៍​ផ្ទុយគ្នា
ឧទាហរណ៍ ចំពោះសកម្មភាពដែល​យក​ទ្រព្យសម្បត្តិរបស់កូនទៅប្រទានកម្មឱ្យ​អ្នកមាន​អំណាចមេបា វានឹងផ្តល់​ប្រយោជន៍ដល់​អ្នកមាន​អំណាចមេបា ប៉ុន្តែ វានាំឱ្យបាត់​បង់ផលប្រយោជន៍ដល់កូន។ សកម្មភាពដែលមាន​ផលប្រយោជន៍ផ្ទុយគ្នារវាងឪពុក ឬ ម្តាយដែល​មាន​អំណាចមេបា ជាមួយនឹងកូនបែបនេះ ហៅថា សកម្មភាព​ដែល​ផល​ប្រយោ​ជន៍​ផ្ទុយគ្នា។ ចំពោះ​សកម្មភាព​ដែល​មាន​ផលប្រយោជន៍ផ្ទុយគ្នានេះ បុគ្គលដែលមាន​អំណាចមេបា ត្រូវ​ទាមទារ​ឱ្យ​តុលាការ​គ្រួសារ ជ្រើសតាំង​អ្នក​តំណាង​ពិសេសសម្រាប់កូន (មាត្រា826 កថាខណ្ឌទី1)។ ចំណុច​នេះ​ត្រូវ​យកមកអនុវត្ត​ដូចគ្នាផងដែរ ចំពោះករណីដែល​កូនមាន​ច្រើននាក់ ហើយផលប្រយោជន៍​របស់​កូន​ណាម្នាក់ផ្ទុយគ្នានឹង​ផល​ប្រយោជន៍​របស់​កូន​ផ្សេងទៀត (មាត្រា826 កថាខណ្ឌទី2)។
④ ការដកហូត និង ការ​ព្យួរអំណាចមេបា
នៅក្នុងឆ្នាំ2011 គេបាន​បង្កើត​នូវ​យន្តការ 2 ដើម្បីការ​ពារ​ដល់​ការ​រំលោភភបំពាន​លើកុមារ។ ទីមួយគឺ យន្តការ​នៃការ​សម្រេច​ដកហូតអំណាចមេបា ក្នុងករណីដែលមាន​ការ​អនុវត្ត​អំណាចមេបាដោយ​ប៉ះពាល់យ៉ាងខ្លាំង​ទៅលើផលប្រយោជន៍របស់​កូន​ ដូចជា ឪពុកម្តាយបាន​បោះបង់កូន​ចោល​ដោយបំពាន ឬ ដោយ​​ទុច្ច​រិតជាអាទិ៍ (មាត្រា834)។ ទីពីរគឺ យន្តការនៃការ​សម្រេច​ព្យួរអំណាចមេបា ដែល​អាច​កម្រិត​អំណាចមេបា​ក្នុង​រយៈពេលតិចជាង 2ឆ្នាំ ក្នុង​ករណីដែលការអនុវត្ត​អំណាចមេបាជួបការលំបាក ឬ មិន​ត្រឹមត្រូវ​ ហើយ​ប៉ះពាល់​ដល់ផល​ប្រយោជន៍​របស់​កូន (មាត្រា834.2)។
(3) ប្រព័ន្ធអាណាព្យាបាល ហិតូបត្ថម្ភ និង ទំនុកបម្រុង
① និយមន័យ
ប្រព័ន្ធអាណាព្យាបាល គឺជា​ប្រព័ន្ធ​ដែល​បង្កើតឡើងដើម្បីការពារ​ដល់អនីតិជនដែល​មិន​អាច​ទទួលបាន​ការការពារដោយ​អំណាចមេបា និង នីតិជននៅ​ក្រោម​អាណាព្យាបាល (ជនដែល​ហាមមិនឱ្យ​ចាត់ចែងទ្រព្យសម្បត្តិ​នៅ​ក្នុង​ច្បាប់ចាស់)។ បុគ្គលដែល​អនុវត្តមុខងារអាណាព្យាបាល ហៅថា អ្នកអាណាព្យាបាល។ ដូចនេះ អនីតិជន​ត្រូវ​អមដោយ​អ្នកមាន​អំណាចមេបាក្នុងនាម​ជា​អ្នកតំណាង​តាមច្បាប់កំណត់ និងត្រូវ​អមដោយអ្នក​អា​ណា​ព្យាបាល​របស់​អនីតិជន ក្នុងករណីដែលគ្មាន​អ្នកមាន​អំណាចមេបា ឬ អ្នកអំណាចមេបាគ្មាន​សិទ្ធិគ្រប់គ្រង។ អ្នក​អា​ណាព្យាបាល ក៏ជា​អ្នក​តំណាងដែល​ច្បាប់​កំណត់ដែរ។ នីតិជននៅក្រោមអាណាព្យាបាលត្រូវ​តែ​អមដោយ​អ្នក​អា​ណាព្យាបាលជានិច្ច។ ហើយគេអាចបន្ថែម អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល ដើម្បី​ពិនិត្យលើអ្នក​អាណាព្យាបាល​បាន (ចាប់ពីមាត្រា848)។ ផ្ទុយមកវិញ ប្រព័ន្ធហិតូបត្ថម្ភ គឺជា​ប្រព័ន្ធដែលបង្កើតឡើង​សម្រាប់ការពារដល់ជននៅ​ក្រោម​ហិតូបត្ថម្ភ (ឧបជនដែល​ហាមមិនឱ្យ​ចាត់ចែងទ្រព្យសម្បត្តិ​នៅ​ក្នុង​ច្បាប់ចាស់) ហើយ​បុគ្គលដែល​អនុវត្ត​មុខងារ​ហិតូបត្ថម្ភ ហៅថា ហិតូបត្ថម្ភកៈ។ សូមបញ្ជាក់ថា នៅ​ក្នុង​ច្បាប់​ចាស់ ហិតូបត្ថម្ភកៈ​មាន​សិទ្ធិអំណាចត្រឹមតែ​ផ្តល់ការ​យល់ព្រម នៅពេល​ដែល​ឧបជន​ដែល​ហាម​មិន​ឱ្យ​ចាត់ចែង​ទ្រព្យ​​សម្បត្តិធ្វើសកម្មភាពជាក់លាក់ណាមួយ​ប៉ុណ្ណោះ ប៉ុន្តែ នៅ​ក្នុង​ច្បាប់​ថ្មី ហិតូបត្ថម្ភកៈមាន​ទាំង​សិទ្ធិ​លុប​ចោល​សកម្មភាព​ដែល​ជននៅក្រោម​ហិតូបត្ថម្ភបាន​ធ្វើដោយ​គ្មានការយល់ព្រម និងសិទ្ធិ​តំណាង​ចំពោះ​សកម្មភាពជាក់​លាក់​ណាដែល​ភាគី​បាន​ជ្រើសរើស។ យ៉ាងណាមិញ នៅ​ក្នុងច្បាប់ថ្មីក៏បានបញ្ចូល​នូវ​ប្រព័ន្ធថ្មីដែល​ជា​ប្រព័ន្ធទំនុក​បម្រុង​។ ហើយប្រព័ន្ធនេះ មាន​គោលបំណងការពារដល់បុគ្គលដែល​មាន​សម្ថភាព​ក្នុង​ការ​វិនិច្ឆ័យមិនពេញលេញ ដោយ​សារតែវិបត្តិផ្នែកស្មារតីកម្រិតទាប ហើយមិនទទួលបាន​ការការពារពីច្បាប់ចាស់ (ចំពោះចំណុច​ខាងលើនេះ សូម​យោងខ្លឹមសារនៅក្នុងជំពូកស្តីពី បទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី ⇒ជំពូកទី2 II.2(3))។
② ការ​ចាប់ផ្តើមអាណាព្យាបាល
អាណាព្យាបាលនឹងចាប់ផ្តើម នៅពេលដែល​ពុំមានបុគ្គល​ដែល​អនុវត្ត​អំណាចមេបាចំពោះ​អនីតិជន ឬ បុគ្គល​ដែល​អនុវត្ត​អំណាចមេបាគ្មានសិទ្ធិ​គ្រប់គ្រងទ្រព្យសម្បត្តិ ឬ នៅពេលដែល​មាន​ដីកាសម្រេច​ចាប់ផ្តើម​អាណាព្យា
​បាល ចំពោះនីតិជននៅក្រោម​អាណាព្យាបាល (មាត្រា838)។
③ ការជ្រើសរើសអ្នកអាណាព្យាបាល និង អ្នក​ត្រួត​ពិនិត្យ​អ្នក​អាណាព្យាបាល
បុគ្គលដែលមាន​អំណាចមេបាចុងក្រោយ អាច​កំណត់អ្នក​អាណាព្យាបាល​សម្រាប់​អនីតិជន ​នៅក្នុង​មតក​សាសន៍បាន។ ឪពុក ឬ ម្តាយណាម្ខាងដែល​មាន​អំណាចមេបា ប៉ុន្តែគ្មាន​សិទ្ធិគ្រប់គ្រង អាចកំណត់ឪពុក ឬ ម្តាយ​ម្ខាងទៀតធ្វើជា​អ្នក​អាណាព្យាបាល​សម្រាប់​អនីតិជនបាន (មាត្រា839)។ ប្រសិនបើគ្មានការកំណត់ដូច​ខាងលើនេះទេ តុលាការ​គ្រួសារ​អាច​ជ្រើ​សរើសអ្នកអាណាព្យាបាល​សម្រាប់​អនីតិជន តាមការ​ទាមទារ​របស់អនីតិជននៅ​ក្រោមអាណាព្យាបាល ឬ ញាតិ និង អ្នកមាន​ទំនាក់​ទំនងផលប្រយោជន៍ផ្សេងទៀតរបស់​អនីតិជននោះ (មាត្រា​840)។ ចំពោះអ្នកអាណាព្យា​បាល​សម្រាប់​នីតិជនវិញ តុលាការ​គ្រួសារ​ត្រូវ​ជ្រើសរើសដោយឆន្ទានុសិទ្ធិ នៅពេលដែល​សម្រេចសេចក្តីអំពី​ការ​ចាប់​​ផ្តើម​​អាណាព្យាបាល។ ទោះបីជាអ្នកអាណាព្យាបាល​សម្រាប់​នីតិជនត្រូវ​បាន​ជ្រើសតាំងក៏ដោយ ក៏នៅពេលដែលចាំបាច់ ​តុលាការ​គ្រួសារ​អាចជ្រើសរើសអ្នកអាណាព្យាបាល​សម្រាប់​នីតិជនបន្ថែម ដោយឆន្ទានុសិទ្ធិ ឬ តាមការ​ទាម​ទារ​របស់នីតិជននៅក្រោមអាណាព្យាបាល ឬ ញាតិ និង អ្នក​មានទំនាក់​ទំនង​ផលប្រយោជន៍ផ្សេងទៀតរបស់នីតិជន​នោះ ឬ អ្នក​អាណាព្យាបាល​សម្រាប់​នីតិជនខ្លួនឯង (មាត្រា843)។ ហើយវិធីជ្រើសរើសអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល​ ចំពោះ​អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់​អនីតិជន ត្រូវ​កំណត់​ដោយ​បុគ្គលដែល​អាច​កំណត់អ្នក​អាណាព្យាបាល​សម្រាប់​អនីតិជន ឬ តា​មការ​ជ្រើសតាំងរបស់តុលាការ​គ្រួសារ។ អ្នក​ត្រួតពិនិត្យ​អ្នក​អាណា​ព្យាបាលសម្រាប់​នីតិជន ត្រូវ​ជ្រើសតាំង​ដោយ​តុលាការគ្រួសារ (ចាប់ពីមាត្រា​848)។
④ មុខងាររបស់អ្នកអាណាព្យាបាល និង អ្នក​ត្រួត​ពិនិត្យ​អ្នក​អាណាព្យាបាល
អ្នកអាណាព្យាបាល​សម្រាប់​អនីតិជន មានមុខងារស្ទើរតែដូចគ្នាទាំងស្រុងនឹង​អ្នក​មានអំណាចមេបា ប៉ុន្តែមាន​ការកម្រិតតិចតួច (មាត្រា857)។ អ្នកអាណាព្យាបាលសម្រាប់នីតិជនមានមុខងារចាត់ចែង​កិច្ចការជីវភាព និង ថែទាំសុខភាពដល់នីតិជននៅក្រោមអាណាព្យាបាល និង គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​នីតិជននៅក្រោមអាណាព្យា​បាលក្នុងនាម​ជា​អ្នក​តំណាងដែល​ច្បាប់កំណត់ (មាត្រា858 និងមាត្រា859)។ នៅក្នុងច្បាប់ថ្មីបាន​បន្ថែមចំណុចអំពី រាល់​សកម្មភាព​ទាំង​អស់​ត្រូវ​គោរព​ឆន្ទៈរបស់​ជន​នៅក្រោម​អាណាព្យាបាលទូទៅ (មាត្រា858)។ ក្នុង​ពេល​ថ្មី​ៗ​នេះ គេបាន​បង្កើត​នូវ​បញ្ញត្តិ​ដែល​អនុវត្ត​ឱ្យ នីតិជននៅក្រោម​អាណាព្យាបាលអាច​គ្រប់គ្រងវត្ថុប្រៃសណីយ៍ (មាត្រា​860.2)។ មុខងារ​របស់​អ្នក​ត្រួតពិនិត្យ​អាណាព្យាបាល គឺត្រួតពិនិត្យកិច្ច​ការ​របស់​អ្នក​អាណាព្យាបាល ហើយ​​អ្នក​ត្រួតពិនិត្យនោះ ត្រូវ​ទាមទារ​ឱ្យ​តុលាការ​គ្រួសារជ្រើស​រើសអ្នក​អាណាព្យាបាល​ ដោយគ្មាន​ការ​យឺតយ៉ាវ ក្នុង​ករណី​​ដែលគ្មានអ្នក​អាណាព្យាបាល ជាអាទិ៍ (មាត្រា851)។
⑤ មុខងារ​របស់​ហិតូបត្ថម្ភកៈ និង អ្នក​ទំនុក​បម្រុង
ហិតូបត្ថម្ភកៈមានសិទ្ធិ​ផ្តល់ការ​យល់ព្រម (មាត្រា13) នៅពេលដែល​ជននៅក្រោមហិតូបត្ថម្ភបាន​ធ្វើ​សកម្ម​ភាព​ជាកំណត់​ណាមួយ (ការ​ទិញលក់អចលនវត្ថុ ការ​ធានា ការប្រទានកម្ម ឬ ការ​សាងសង់ និង កែ​លម្អផ្ទះជា
អាទិ៍)។ លើសពីនេះ ហិតូបត្ថម្ភកៈក៏មាន​សិទ្ធិ​លុបចោល និង សិទ្ធិ​តំណាង​លើ​សកម្មភាព​ជាក់លាក់​ណាមួយ​ផងដែរ
(⇒​សូម​យោង ជំពូកទី2 III.2(3))។ ចំពោះករណីប្រព័ន្ធនៃការ​ទំនុកបម្រុងដែល​ទើបនឹងបង្កើតថ្មីក៏ដូចគ្នាផងដែរ អ្នក​ទំនុកបម្រុង​អាច​ត្រូវ​បាន​ប្រគល់នូវ​សិទ្ធិ​ផ្តល់ការយល់ព្រម សិទ្ធិលុបចោល ឬ សិទ្ធិ​តំណាង ចំពោះ​សកម្មភាពគតិយុត្ត​​ជាក់លាក់ដែល​ភាគី​បាន​ជ្រើសរើសបាន (⇒​សូម​យោង ជំពូកទី2 III.2(3))។