ជំពូកទី 7
នីតិ​សិទ្ធិប្រត្យក្ស (2) ― នីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
1. អត្ថន័យ និង លក្ខណៈនៃ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
2. មុខងាររបស់​សិទ្ធិ​ប្រាតិភោគប្រត្យក្ស និង ឋានៈ​នៃនីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
II. ចំណុច​សំខាន់ៗ​នៃនីតិសិទ្ធិប្រាតិភោគ​ប្រត្យក្ស​
1. សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាមការ​កំណត់​ក្នុង​កិច្ចសន្យា
2. សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាមការកំណត់​របស់​ច្បាប់
3. ប្រាតិភោគ​ដែល​គ្មាន​ច្បាប់​កំណត់
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​ប្រាតិភោគប្រាត្យក្ស
1​. អត្ថន័យ និង លក្ខណៈ​នៃ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
(1) អត្ថន័យ
សូម​សាកល្បងគិតថា នៅពេល​ឱ្យទុនទៅអ្នក​ដទៃ (ឱ្យគេខ្ចីប្រាក់) តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច? បើសិនជា​នៅក្នុង​រង្វង់ឪពុកម្តាយ និង បងប្អូន ភាគច្រើនយើងជឿជាក់លើភាគីម្ខាងទៀត ហេតុនេះ យើងគ្រាន់​តែ​កំណត់​ថ្ងៃ​ត្រូវ​សង និង ចំនួន​ការប្រាក់​ប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងកិច្ចការជំនួញទូទៅ វាមិន​ងាយស្រួលបែបនេះទេ។ ស្ទើរតែ​គ្រប់​ករណី ភាគី​អ្នក​ឱ្យ​ខ្ចីនឹង​ទាមទារ​ឱ្យ​មាន​ប្រាតិភោគ ដើម្បីការ​ពារពេល​ភាគី​អ្នកខ្ចី​មិន​ព្រម​សងវិញ។ វិធីសាស្ត្រមួយក្នុង​ចំ​ណោមនោះគឺ ដាក់ប្រាតិភោគ​លើ​វត្ថុ​ដែលជារបស់​អ្នក​ខ្ចី ហើយបើមិនអាច​សងបានទេ អ្នក​ឱ្យខ្ចី​នឹង​យកវត្ថុ​នោះទៅ​ប្តូរជាប្រាក់ (លក់ដោយបង្ខំ) ហើយ​ប្រមូល​បំណុល​វិញ។ នេះហៅថា ការធានាដោយវត្ថុ (ផ្ទុយមកវិញ ការ​ចាត់តាំង​អ្នក​ធានា ដែល​បាន​រៀបរាប់​នៅក្នុងជំពូកមុន ហៅថា អ្នក​ធានាដោយ​បុគ្គល)។ ក្នុងករណីនេះ ម្ចាស់បំណុល​ដែល​ជាភាគីឱ្យទុន បាន​គ្រប់គ្រង​លើ​តម្លៃដោះដូរ (បើប្តូរជា​លុយ តើ​ត្រូវ​បាន​ប៉ុន្មាន) លើវត្ថុ​ដែល​បាន​ដាក់​ប្រាតិភោគ​នោះ ហើយមិនមាន​គ្រប់​គ្រង​លើ​តម្លៃ​ប្រើ​ប្រាស់​ទេ។ នៅក្នុង​ចំណោម​សិទ្ធិ​ប្រត្យក្សដែល​ជា​សិទ្ធិ​គ្រប់គ្រង​ដោយ​ផ្ទាល់​ចំពោះវត្ថុ សិទ្ធិ​ប្រាតិភោគប្រត្យក្សគឺ​ជា​សិទ្ធិដែល​គ្រប់គ្រង​តាម​ទម្រង់​បែបនេះ។
(2) លក្ខណៈគតិយុត្ត
ដូចនេះ នៅក្នុង​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្សមាន លក្ខណៈបន្ទាប់បន្សំ (បើសិទ្ធិ​លើ​បំណុល​រលត់ នោះ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​ក៏ត្រូវ​រលត់ដែរ) (និង លក្ខណៈទៅ​ជាមួយគ្នា ពោលគឺ បើសិទ្ធិ​លើ​បំណុល​ត្រូវ​បានធ្វើ​អនុប្បទាន នោះ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​ក៏ត្រូវ​​ភ្ជាប់ទៅជាមួយដែរ) ដែលមាន​វាសនារួមជាមួយនឹង​សិទ្ធិ​លើ​បំណុល​ដែល​ជាប្រភពដើម។ ហើយដើម្បី​ឱ្យ​អានុភាព​នៃ​សិទ្ធិប្រាតិភោគ​ប្រត្យក្ស​កាន់​តែខ្លាំង ក្រម​រដ្ឋប្បវេណីបានកំណត់ថា សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​អាច​អនុវត្ត​ចំពោះកម្មវត្ថុទាំងមូល រហូត​ដល់ពេលម្ចាស់​បំណុល​ទទួលបាន​ការ​សង​គ្រប់​ចំនួន ពោលគឺ លក្ខណៈអវិភាគភាព (មាត្រា296 និង​មាត្រា​ផ្សេងទៀត)។ លើសពីនេះ បើសិនជា​កម្មវត្ថុនៃ​ប្រាតិភោគត្រូវ​បាន​យក​ទៅ​លក់ ឬ ដាក់​ជួល ហើយ​បង្កើត​ជាថ្លៃលក់ និង ថ្លៃឈ្នួល ឬ កម្មវត្ថុ​នៃប្រាតិភោគ​នោះត្រូវបានបាត់បង់ ឬ ខូច​ខាត ហើយ​បង្កើតជា​ប្រាក់​សំណងការ​ខូច​ខាតជាអាទិ៍ ក្នុងករណីនេះ សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​ក៏មាន​អានុភាព​ទៅលើ​របស់​ទាំង​អស់​ខាងលើផងដែរ។ នេះហៅថា លក្ខណៈឧបាទេសកម្ម​លើវត្ថុ។ ហើយលក្ខណៈនេះ​ត្រូវ​បាន​ទទួលស្គាល់ចំ​ពោះ​សិទ្ធិ​ប្រាតិភោគប្រត្យក្ស 3 ប្រភេទ នៅក្នុង​ចំណោម​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្សទាំង 4ប្រភេទ (មាត្រា304 និង​មា​ត្រា​ផ្សេងទៀត។ សិទ្ធិ​ឃាត់ទុកដែល​នឹង​លើកមកបង្ហាញនៅពេលក្រោយនេះ មិន​ត្រូវ​បាន​ទទួលស្គាល់​លក្ខណៈ​ឧ​បាទេសកម្ម​លើវត្ថុទេ ដោយសារតែ សិទ្ធិនេះគ្មាន​អានុភាព​ទទួលបាន​ការ​សង​ដោយ​អាទិភាព​ពី​តម្លៃ​នៃកម្មវត្ថុ​ទេ)។
(3) ប្រភេទ​នៃ​សិទ្ធិ​ប្រាតិភោគប្រត្យក្ស​
ដូចបាន​បង្ហាញនៅក្នុងជំពូកទី3 រួចហើយថា នៅក្នុង​សិទ្ធិប្រាតិភោគ​ប្រត្យក្សរួមមាន សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យា ដែល​កើត​ឡើង​តាមរយៈកិច្ចសន្យា​របស់ភាគី និង សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់ ដែល​ច្បាប់​បានផ្តល់ឱ្យ​នៅពេល​ដែលបាន​បំពេញ​ស្ថានភាព​ជាក់លាក់មួយ។ ក្រម​រដ្ឋប្បវេណីបាន​កំណត់ថា ហ៊ីប៉ូតែក និង សិទ្ធិលើការ​បញ្ចាំ គឺជា​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាមការ​កំណត់​ក្នុង​កិច្ចសន្យា ហើយ សិទ្ធិ​ឃាត់ទុក និង ឯកសិទ្ធិ គឺជា​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាមការ​កំណត់​របស់​ច្បាប់។ នៅក្នុង​សង្គមជំនួញបច្ចុប្បន្ននេះ បាន​ផ្តោត​សំខាន់លើ​សិទ្ធិ​ប្រាតិភោគប្រត្យក្ស​តាមការកំណត់​ក្នុង​កិច្ចសន្យា​ខ្លាំងជាង។ ជាពិសេសគឺ ហ៊ីប៉ូតែក។ ក្រម​រដ្ឋប្បវេណីបានទទួលស្គាល់សិទ្ធិ​ប្រាតិភោគប្រត្យក្ស​តែ​ 4ប្រភេទប៉ុណ្ណោះ ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង​បាន​គិត​ចេញនូវការ​ប្រើប្រាស់​វត្ថុ​ ដើម្បី​បម្រើឱ្យ​មុខងារ​ប្រាតិភោគក្រៅពីការ​កំណត់​ក្នុង​ក្រម​រដ្ឋប្បវេណី​ផងដែរ ហើយ​ប្រាតិ​ភោគនេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ច្បាប់​យុត្តិសាស្ត្រ ឬ ច្បាប់​ទំនៀមទម្លាប់។ សិទ្ធិ​ប្រាតិភោគទាំងនេះ ហៅថា សិទ្ធិប្រាតិភោគដែល​គ្មាន​ច្បាប់កំណត់ (ខ្ញុំនឹងពន្យល់ត្រួសៗនៅ​ក្នុង​ផ្នែក​ចុង​ក្រោយ​នៃ​ជំពូកនេះ)។
2. មុខងារ​របស់​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស និង ឋានៈនៃ​នីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស គឺជា​សិទ្ធិ​ប្រត្យក្ស​ដែល​គ្រប់​គ្រង​តម្លៃ​ដោះដូរ​នៃវត្ថុ ដូចបាន​ពន្យល់​នៅ​ក្នុង​លក្ខ​ណៈ​គតិយុត្តនៃ​សិទ្ធិ​ប្រាតិភោគប្រត្យក្សខាងលើរួចហើយថា សិទ្ធិ​ប្រាតិភោគប្រត្យក្ស សំដៅទៅលើ សិទ្ធិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានាដល់​អត្ថិភាព​នៃសិទ្ធិ​លើបំណុល ដោយយក​តម្លៃនៃវត្ថុ​ដែលកំពុង​ក្តោបក្តាប់​ជា​ថ្នូរ។ នេះ​ជា​មូល​ហេតុដ៏ត្រឹមត្រូវ ដែល​យើងគួរ​តែ​សិក្សា​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស រួម​ជា​ចង្កោមជា​មួយ​នឹង​សិទ្ធិ​លើ​បំណុល។
ឧបមាថា ទ្រព្យសម្បត្តិទាំងអស់របស់កូន​បំណុល X ក្នុងពេល​បច្ចុប្បន្នមានចំនួន 400លានរៀល (ទ្រព្យសម្បត្តិ​ទទួល​ខុសត្រូវដែលអាច​យក​ទៅសងបំណុលបានជាដើម) ហើយ​ក្នុង​នោះមាន​ដី «ក» ដែល​មាន​តម្លៃ 200លានរៀល។ កូន​បំណុលនោះមាន​ម្ចាស់​បំណុលចំនួន 5នាក់ គឺ A B C D និង E ហើយ​ម្ចាស់​បំណុល​ម្នាក់ៗ​ មាន​សិទ្ធិ​លើបំណុល​ចំនួន 200លានរៀល។ បើសិនជាគ្មាន​ម្ចាស់បំណុល A B C D និង E ណាមួយ បាន​យក​ប្រា​តិភោគមក​ធានា​សិទ្ធិ​លើ​បំណុលទេ ក្នុងករណី​ម្ចាស់បំណុល A B C D និង E អនុវត្តដោយបង្ខំដោយសារកូនបំណុលមិនសងបំណុលនេះ ម្ចាស់​បំណុល​ទាំង 5នាក់ ត្រូវ​ប្រមូល​បានស្មើៗគ្នានូវ​ចំនួន 80លានរៀលក្នុងម្នាក់ ពី​​ទ្រព្យសម្បត្តិ​ចំនួន 400លានរៀល របស់ X ដោយ​អនុលោម​តាមគោលការណ៍​សមភាព​រវាង​ម្ចាស់​បំណុល (សូម​សិក្សា​លំអិត​នៅក្នុង​ច្បាប់​អនុវត្ត​រដ្ឋប្បវេណី)។ សូម​ប្តូរមកករណីដែលមានតែ A ម្នាក់ បាន​បង្កើត​ហ៊ីប៉ូតែក​ដែល​ជា​សិទ្ធិ​ប្រាតិភោគប្រត្យក្សនៅលើដី «ក» វិញម្តង។ បើសិនជាកំណត់ពេល​សងបានមកដល់ ហើយកូន​បំណុល​នៅតែ​មិនទាន់​សងនៅឡើយ ក្នុង​ករណីនេះ A អាច​អនុវត្ត​ហ៊ីប៉ូតែក​លើ​ដី «ក» នោះ។ ហើយ​បើដី «ក» លក់​បាន​តម្លៃ 200លានរៀល A អាច​ប្រមូល​សិទ្ធិ​លើ​បំណុលពីថ្លៃលក់ដីនោះចំនួន 200លានរៀល ដោយ​អាទិភាព​ជាង​ម្ចាស់​បំណុល​ដទៃបាន។ មានន័យថា ម្ចាស់​បំណុល 4នាក់ផ្សេងទៀត ត្រូវ​ប្រមូល​បំណុលស្មើគ្នាពីទ្រព្យ​សម្បត្តិ​ដែល​នៅសល់ចំនួន 200លានរៀល​ ពោលគឺ ក្នុងម្នាក់​ត្រូវទទួលបាន 50លានរៀលប៉ុណ្ណោះ។ នេះហៅថា អានុភាពនៃការ​សង​ដោយ​អាទិភាព ដែលមាន​ក្នុង​សិទ្ធិប្រាតិភោគ​ប្រត្យក្ស ដូច​ជា ហ៊ីប៉ូតែក ជាអាទិ៍។
ពិតហើយថា វិធីសាស្ត្រធានាសិទ្ធិលើបំណុល ក៏មាន​ការ​ធានាដោយ​បុគ្គល​ដែ​លបាន​សិក្សា​រួចហើយ ​នៅ​ក្នុង​ជំ​ពូកមុន។ នៅក្នុង​រឿងក្តីខាងលើនេះ បើសិនជា B បាន​ឱ្យ X ចាត់តាំងអ្នកធានា Y ក្នុងករណីនេះ B នឹង​អាច​ទទួល​បាន​ការ​សង​គ្រប់ចំនួន​នៃទឹកប្រាក់ 200លានរៀល ពី Y (ឬបូករួមពីទ្រព្យសម្បត្តិរបស់ X និង Y តែ​ម្តង) ដរាបណា Y មាន​ទ្រព្យធន​គ្រប់​គ្រាន់។ ប៉ុន្តែ ការ​ធានាដោយ​បុគ្គលនេះ ពោលគឺទ្រព្យសម្បត្តិ​របស់​អ្នកធានាជាអាទិ៍ ងាយ​នឹង​ប្រែ​ប្រួលណាស់ ហើយគ្មាន​ស្ថិរភាព​នោះទេ។ ផ្ទុយមកវិញ ការ​ធានាដោយ​វត្ថុដែល​ជា​ហ៊ីប៉ូតែកជាអាទិ៍ មាន​ភាព​ពិតប្រាកដជាង។ ទោះជា​យ៉ាងណាក៏ដោយ ក៏​សិទ្ធិ​ប្រត្យក្សដែល​មាន​អានុភាពនៃការសងដោយអាទិភាព ត្រូវ​ការ​ចុះបញ្ជី និងគោរព​នីតិវិធី​បង្កើតស្មុគស្មាញជាងការ​ធានាដោយ​បុគ្គល ដែល​ត្រូវ​ការតែ​កិច្ចសន្យា​ប៉ុណ្ណោះ។ មួយ​វិញទៀត អចលនវត្ថុ​មួយ​ចំនួន​អាច​ធ្លាក់​ថ្លៃយ៉ាងគំហុក ហើយ​បង្កើត​ជា​ហានិភ័យដែល​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​មិន​អាច​ប្រមូល​បំណុល​គ្រប់​ចំនួន ដូច​គ្នា​នឹង​ការ​ធានាដោយបុគ្គលដែរ។ ហេតុនេះហើយ សូម​អ្នក​ទាំងអស់គ្នាពិចារណាអំពី​មធ្យោបាយនានាទៅ​តាម​ប្រភេទ​ដែល​បាន​បញ្ញត្តនៅ​ក្នុង​នីតិសិទ្ធិ​ប្រាតិភោគប្រត្យក្ស និង នីតិសិទ្ធិ​លើបំណុលទូទៅ ដើម្បី​ប្រើប្រាស់​ឱ្យមាន​ប្រ​សិទ្ធិ​ភាព​ក្នុងការ​ប្រមូល​សិទ្ធិ​លើបំណុលវិញ។
II. ចំណុច​សំខាន់ៗ​នៃនីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស
1​. សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យា
(1) ហ៊ីប៉ូតែក
① សញ្ញាណទូទៅ
សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាមការ​កំណត់​ក្នុង​កិច្ចសន្យារួមមាន ហ៊ីប៉ូតែក និង សិទ្ធិ​លើ​ការបញ្ចាំ។ សិទ្ធិ​ប្រា​តិ​ភោគ​ប្រត្យក្ស គ្រាន់​តែ​ក្តោបក្តាប់​តម្លៃ​សេដ្ឋកិច្ច​នៃ​វត្ថុនោះ ហេតុនេះ បើសិនជា​ហ៊ីប៉ូតែក យើង​គ្រាន់​តែ​ចុះបញ្ជី​អំពី​ហេតុនៃការ​បង្កើត​ហ៊ីប៉ូតែក​លើ​ដី និង អគារប៉ុណ្ណោះ ហើយ​ដី និង អគារដែល​បាន​ចុះបញ្ជី​បង្កើត​ហ៊ី​ប៉ូតែកនោះ មិន​ចាំបាច់ផ្ទេរការ​កាន់កាប់​មកម្ចាស់​បំណុលទេ ហើយ​កូន​បំណុល ពោលគឺអ្នកខ្ចីប្រាក់ នៅតែ​អាច​បន្ត​ប្រើប្រាស់ដូច​ធម្មតាបាន (សូមយោងមាត្រា369)។ ក្រោយមក បើសិនជា​កូន​បំណុល​មិន​អាច​សង​ប្រាក់បានទេ ម្ចាស់​បំណុល​អាច​អនុវត្ត​ហ៊ីប៉ូតែក​ដែល​បាន​ចុះបញ្ជីនោះ (មានន័យថា ស្នើឱ្យតុលាការលក់ដោយបង្ខំចំពោះដី និងអគារ) ហើយទទួលយក​ការ​សង​ដោយ​អាទិភាព​ជាង​ម្ចាស់​បំណុលដទៃពី​ប្រាក់ថ្លៃលក់នោះ។ សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​ដែល​មាន​សារៈសំខាន់ខ្លាំងបំផុតនៅក្នុង​សង្គមជំនួញ គឺ​ហ៊ីប៉ូតែកនេះ។
② មុខងារ​នៃ​ហ៊ីប៉ូតែក និងការចុះបញ្ជី
ដូចបាន​រៀបរាប់ខាងលើនេះ ហ៊ីប៉ូតែកគឺជា​សិទ្ធិប្រត្យក្សក្នុង​ទស្សនអរូបិយ (មិន​អាច​វិនិច្ឆ័យដោយ​មើលពីខាងក្រៅបាន) ដែល​ក្តោបក្តាប់​តែ​តម្លៃ​នៃ​កម្មវត្ថុ ហេតុនេះ សិទ្ធិនេះ​មានភាព​ចាំបាច់​ក្នុង​ការ​ចុះបញ្ជីដើម្បី​បង្ហាញ​ជា​សាធារណៈ។ ដូចនេះ ក្រម​រដ្ឋប្បវេណីបានកំណត់យកតែ​អចលនវត្ថុ និង សិទ្ធិ​ប្រត្យក្ស​​លើអចលនវត្ថុ​ដែលមាន​មធ្យោបាយ​បង្ហាញ​ជា​សាធារណៈនៅក្នុង​សៀវភៅប៉ុណ្ណោះ មកធ្វើ​ជា​កម្មវត្ថុ​នៃ​ហ៊ីប៉ូតែក (មាត្រា369។ ក្រៅពីនេះមាន​កំណត់នៅក្នុង​ច្បាប់ពិសេស ដូចជា សំណង់ការដ្ឋាន នាវា និង ក្រុមហ៊ុនជាអាទិ៍ ដែលមាន​ប្រើប្រាស់​ប្រព័ន្ធ​ចុះ
បញ្ចី និង កំណត់ត្រា ក៏ក្លាយជាកម្មវត្ថុ​នៃ​ហ៊ីប៉ូតែកផងដែរ)។
ដើមឡើយ ហ៊ីប៉ូតែកគឺជា​ប្រព័ន្ធដើម្បី​ធានាដល់សិទ្ធិ​លើបំណុលនីមួយៗ។ ក្រម​រដ្ឋប្បវេណីប្រទេស​ជប៉ុនដែល​បាន​យក​លំនាំពី​ក្រម​រដ្ឋប្បវេណីបារាំង មាន​និន្នាការ​ធានាសិទ្ធិលើបំណុលនីមួយៗនេះខ្លាំងណាស់ (ប៉ុន្តែ ប្រ​ទេស​នានាដូចជា អាឡឺម៉ង់ជាដើម មិន​គិតហ៊ីប៉ូតែកត្រឹមតែជា​ប្រពន្ធ័ធានាសិទ្ធិ​លើបំណុលនោះទេ ថែមទាំងបង្កើត​ច្បាប់ដោយយកជា​កម្មវត្ថុ​នៃការ​វិនិយោគផងដែរ។ នេះមានន័យថា គេព្យាយាមធ្វើ​ឱ្យ​ហ៊ីប៉ូតែកមាន​លំហូរនៃការ​លក់​បាន)។ ដូចនេះ គោលគំនិត​នៃការ​កំណត់​លំដាប់​ហ៊ីប៉ូតែក​ក៏ត្រូវបាន​បង្កើតឡើងផងដែរ ដោយសារ​តែហ៊ីប៉ូតែក​ក្តោប​ក្តាប់​តែតម្លៃ​នៃ​កម្មវត្ថុ​ហ៊ីប៉ូតែក​ដើម្បី​ធានា​ត្រឹមតម្លៃនៃ​សិទ្ធិ​លើបំណុលប៉ុណ្ណោះ។ នេះមានន័យថា កូន​បំណុល​អាច​បង្កើត​ហ៊ី​ប៉ូតែក​ច្រើន និង អាច​ចុះបញ្ជីបានលើ​សិទ្ធិ​ប្រា​តិភោគប្រត្យក្សតែមួយ។ ឧទាហរណ៍ថា ដំបូង កូន​បំណុល A បាន​បង្កើត​ និងចុះបញ្ជីហ៊ីប៉ូតែកលើដី «ក» របស់ខ្លួនដែល​សន្មតថាអាចលក់ក្នុងតម្លៃ 4000លានរៀល នៅពេលខ្ចីប្រាក់ 2000​លាន​រៀលពី B (នេះហៅថា ហ៊ីប៉ូតែក​លំដាប់​ទីមួយ)។ បន្ទាប់មក A បានខ្ចីប្រាក់ចំនួន 1600លានរៀល ពី C ហើយបាន​បង្កើត និង ចុះបញ្ជីហ៊ីប៉ូតែកលើដី «ក» ដដែលនោះ (ហ៊ីប៉ូតែក​លំដាប់​ទីពីរ)។ ហើយ​ក្រោយមកទៀត A បានខ្ចីប្រាក់ចំនួន 800លានរៀល ពី D ហើយ​បាន​បង្កើត​ និង ចុះបញ្ជី​ហ៊ីប៉ូតែកលើដី «ក» ដដែលដើម្បីធានា (ហ៊ីប៉ូតែក​លំដាប់​ទីបី)។ ហើយឧបមាថា A មិនអាច​សងប្រាក់ទៅ B C និង D ទេ ហើយកំណត់ពេល​សម្រាប់​សង​សុទ្ធតែ​ហួសពេល​កំណត់​ទាំងអស់ (ជាក់ស្តែង វានៅមានបញ្ហានៃការ​ប្រាក់ទៀត ប៉ុន្តែ ខ្ញុំ​សូម​រំលងចំណុចនេះ។ សូម​យោងមាត្រា374 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។ ហើយដី «ក» លក់ជាក់ស្តែង​បានចំនួន 4000លានរៀល។ B មាន​អាទិភាពលំដាប់ទីមួយ ហេតុនេះអាច​ប្រមូល​បំណុលទាំង​អស់ចំនួន 2000​លាន​រៀល ពីក្នុង 4000លានរៀល។ បន្ទាប់មក C អាច​ប្រមូល​សិទ្ធិ​លើបំណុលចំនួន 1600លានរៀល ពីក្នុងទឹកប្រាក់នៅសល់ 2000​លាន​រៀល។ ប៉ុន្តែ D ដែល​ជា​ម្ចាស់​បំណុល​ហ៊ីប៉ូតែក​លំដាប់ទីបីចុងក្រោយបំផុត បាន​ឱ្យខ្ចីចំនួន 800លានរៀល ប៉ុន្តែ ប្រាក់​ថ្លៃ​លក់​ដី «ក» នៅសល់តែ 400លានរៀលប៉ុណ្ណោះ ក្រោយពីម្ចាស់បំណុលពីរនាក់បានដករួច ហេតុនេះ បាន​ទទួល​ត្រឹមប្រាក់​ 400លានរៀល (ប្រាក់ដែលនៅសល់ 400លានរៀលទៀត នឹងគ្មានប្រាតិភោគធានា ហើយអាច​បន្តទាមទារ​ឱ្យកូន​បំណុលសងបាន)។ ប៉ុន្តែ បើសិនជា​ម្ចាស់បំណុល​ហ៊ីប៉ូតែក​លំដាប់លើ (ឧបមាថា ហ៊ីប៉ូតែកលំដាប់​ទីពីរ C) បាន​ទទួលការ​សង​តាមកិច្ចសន្យា ក្នុងករណីនេះ ការចុះបញ្ចី​ហ៊ីប៉ូតែក​របស់​បុគ្គលនោះ​នឹង​ត្រូវ​លុបចោល ហើយ ម្ចាស់​ហ៊ីប៉ូតែកលំដាប់ទីបី D នឹង​បាន​ឡើង​លំដាប់ (តាមឧទាហរណ៍ខាងលើនេះ គឺឡើងពីលំដាប់ទីបី ទៅលំដាប់ទីពីរ ហើយនៅ​ក្នុង​ការអនុវត្តហ៊ីប៉ូតែក D នឹងទទួលបាន​ការសងគ្រប់ចំនួននៃទឹកប្រាក់ 800លានរៀល បន្ទាប់ពី B)។ ប៉ុន្តែ ឧបមាថា តម្លៃទីផ្សារនៃដីបានធ្លាក់ចុះ ហើយ​ដី «ក» លក់បាន​តែ​តម្លៃ 2000​លាន​រៀល ក្នុងករណីនេះ ហ៊ីប៉ូ​តែក​លំដាប់ទីមួយ B នឹង​ប្រមូល​បំណុលចំនួន 2000​លាន​រៀលនោះ ហើយចាប់​ពីអ្នក​លំដាប់​ទីពីរទៅ សូម្បី​តែ 100រៀល​ក៏​ប្រមូល​មិន​បានដែរ។
https://gyazo.com/8c5716ff2636585f7f97ed146d97689a
③ ទំនាក់​ទំនងនៃ​ហ៊ីប៉ូតែក និង សិទ្ធិ​ប្រើប្រាស់
ហ៊ីប៉ូតែក​ក្តោបក្តាប់​តែ​តម្លៃនៃ​កម្មវត្ថុ ហើយ​សិទ្ធិ​ប្រើប្រាស់​ស្ថិតនៅនឹង​កម្មសិទ្ធិ​ករដដែល។ ហេតុនេះ ក្រោយបង្កើត​ហ៊ីប៉ូតែកក៏ដោយ ក៏កម្មសិទ្ធិ​ករអាច​បង្កើត​សិទ្ធិ​ជួល​ និង ទទួល​យក​ផលប្រយោជន៍ពីដី​នោះបាន​ដែរ។ ដើម្បី​ការ​ពារដល់អ្នកជួល គេបាន​រៀប​ចំនូវបញ្ញត្តិដែល​អនុញ្ញាតឱ្យអ្នក​ជួល​រយៈពេលខ្លី (សិទ្ធិជួល​ដែលមាន​អំឡុងពេលមិនលើសពីការកំណត់ក្នុងមាត្រា602។ 5ឆ្នាំចំពោះដី និង 3ឆ្នាំចំពោះអគារ) អាច​តតាំង​ចំពោះ​ម្ចាស់​បំណុល​ហ៊ី​ប៉ូ
តែក បើទោះបីជា​បាន​ចុះបញ្ជី​ក្រោយការ​បង្កើត​ហ៊ីប៉ូតែក​ក៏ដោយ (មាត្រា395 ចាស់)។​ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ននេះ សិទ្ធិ​ជួល​រយៈ​ពេល​ខ្លីនេះ​ ភាគច្រើនត្រូវ​បាន​បង្កើត​ឡើង​ក្នុងគោលបំណង​រារាំង​ដល់​ការអនុវត្ត​ហ៊ីប៉ូតែករបស់ម្ចាស់
បំ​ណុល​ហ៊ីប៉ូតែក ​ហេតុនេះហើយ វិសោធនកម្មច្បាប់ឆ្នាំ2003 បាន​លុបចោលបញ្ញត្តិនេះ ហើយបាន​បង្កើតនៅ​រយៈ​ពេល​បង្អង់ចំនួន 6ខែ (មាត្រា395 ថ្មី) ចំពោះ​អ្នក​ជួល​ដែល​ត្រូវ​បាន​ទាមទារ​ឱ្យ​ប្រគល់​តាមការ​អនុវត្ត​ហ៊ីប៉ូតែក (លក់​ដោយ​បង្ខំ)។
④ ហ៊ីប៉ូតែក និង សិទ្ធិ​ទាមទារ​ដោយ​ផ្អែក​លើ​សិទ្ធិ​ប្រត្យក្ស
ដោយសារតែ​ហ៊ីប៉ូតែកគឺជា​សិទ្ធិ​ប្រត្យក្ស ហេតុនេះ ម្ចាស់​សិទ្ធិ​ហ៊ីប៉ូតែកក៏មាន​សិទ្ធិ​ទាមទារ​ឱ្យ​បញ្ឈប់ការ​រារាំង​ចំពោះ​ការ​បំពានដែរ។ ប៉ុន្តែ ហ៊ីប៉ូតែកជា​សិទ្ធិ​គ្រប់​គ្រង​តម្លៃប៉ុណ្ណោះ ដូចនេះ យើងនៅមាន​មន្ទិលថា តើអ្វីទៅ​ជា​ការបំពាន ហើយ​ពេលណាទើបអាច​ទាមទារ​ឱ្យ​បញ្ឈប់បាន។ ទស្សនៈភាគច្រើនលើកឡើងថា បើសិនជា​តម្លៃ​នៃ​កម្ម​វត្ថុ​បាន​ធ្លាក់​ចុះក្នុងកម្រិត​ដែល​មិន​អាច​ធានាដល់​ហ៊ីប៉ូតែកបាន ដោយសារតែ​ការ​កាប់ដើមឈើដោយ​មិនត្រឹមត្រូវ ឬ បំផ្លាញផ្ទះនៅលើដីដែល​ជាប់ហ៊ីប៉ូតែក ក្នុងករណីនេះ ម្ចាស់សិទ្ធិ​ហ៊ីប៉ូតែក​អាច​ទាមទារ​ឱ្យ​បញ្ឈប់​ការរារាំងបាន (ការ​ទាមទារ​ឱ្យ​បញ្ឈប់ការ​យកចេញ ឬ ទាមទារ​ឱ្យ​ធ្វើបដិទាន ជាអាទិ៍)។
⑤ ហ៊ីប៉ូតែក​​ដើម្បីធានាបំណុល​អណ្តែត
ហ៊ីប៉ូតែក​ដើម្បី​ធានាបំណុលអណ្តែត ក៏​ត្រូវ​បាន​ទទួលស្គាល់​ផងដែរ។ បើសិនជាហ៊ីប៉ូតែកធម្មតា គេ​បង្កើត​ឡើង​ដើម្បី​ធានាសិទ្ធិ​លើបំណុលជាក់លាក់ (សិទ្ធិ​លើបំណុលចំនួន 2000​លាន​រៀល របស់ AចំពោះB) ប៉ុន្តែ បើសិនជា A និង B ជួញដូរជា​មួយ​គ្នាជារឿយៗ ក្នុងករណីនេះ វានឹង​គួរឱ្យធុញទ្រាន់ណាស់ ដែល​ត្រូវ​បង្កើត និង លុប​ហ៊ីប៉ូតែកម្តងមួយៗ ពី​សិទ្ធិ​លើបំណុលជាក់លាក់នីមួយៗនោះ។ ហេតុនេះ ហ៊ីប៉ូតែក​ដើម្បី​ធានា​បំណុល​អណ្តែត​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អាចធានាកាតព្វកិច្ច​ជាសកល​មិន​ជា​ក់លាក់ (ដោយកំណត់ជាមុនអំពីកម្រិត​នៃចំនួនអតិបរមា ពោលគឺ ចំនួន​ខ្ពស់​បំផុតនៃ​ជំនួញ​ដែល​ធានា)។ ចំណុចនេះបានធ្វើ​ឱ្យលេចឡើងនូវ​បញ្ហាជាច្រើន ហេតុនេះ ក្រម​រដ្ឋប្បវេណី​បាន​បន្ថែមបញ្ញត្តិពិស្តារជាច្រើន ដើម្បី​សម្រួល​ដល់​បញ្ហាទាំងនេះ (មាត្រា398.2~មាត្រា398.22)។
⑥ វិសាលភាពនៃហ៊ីប៉ូតែកទៅលើកម្មវត្ថុ
ហ៊ីប៉ូតែក​មាន​វិសាលភាព​ទៅលើ វត្ថុ​ដែល​បាន​ក្លាយ​ទៅជា​វត្ថុតែមួយ (វត្ថុ​ភ្ជាប់) នៃអចលនវត្ថុដែល​ជា​ប់ហ៊ីប៉ូតែក (មាត្រា370 វាក្យខណ្ឌទី1)។ ខ្ញុំយល់ស្របចំពោះ វិសាលភាពនៃហ៊ីប៉ូតែកទៅលើ​វត្ថុភ្ជាប់ (មាត្រា242។ ឧទាហរណ៍ របងថ្ម ថ្មចិញ្ចើមផ្លូវ ដើមឈើ និង កូន​រុក្ខជាតិដែល​ជាប់នឹង​ដីជាអាទិ៍) នៃគោលគំនិត​នៃ​វត្ថុ​ភ្ជាប់នេះ ប៉ុន្តែ ខ្ញុំនៅមាន​មន្ទិលចំពោះការពន្លាតអានុភាពទៅលើវត្ថុចំណុះ (មាត្រា87។ ថ្មដែលបាន​ទុកនៅលើដី ឬ ថ្មទុកក្នុងសួនច្បារដែល​អាច​លើក​ចេញបាន ឬ កម្រាលដែល​ក្រាលនៅលើអគារ និងគ្រឿងសង្ហារឹមជាអាទិ៍។ ⇒ពាក្យគន្លឹះ: វត្ថុ​ចម្បង និង វត្ថុចំណុះ, វត្ថុដើម និង ផល)។ ផ្ទុយមកវិញ ចំពោះ​ផលធម្មជាតិ និង ផលស៊ីវិល គឺជា​វត្ថុ​ដែល​ភ្ជាប់នឹង​អចលនវត្ថុ​តែ​មួយ​ ប៉ុន្តែ ហ៊ីប៉ូតែកគឺជា​សិទ្ធិ​ដែល​រក្សាទុកសិទ្ធិកាន់កាប់ និង អាស្រ័យផល​លើកម្មវត្ថុឱ្យ​ទៅ​អ្នក​បង្កើត ហេតុនេះ ជា​គោល​ការណ៍ អានុភាព​នៃហ៊ីប៉ូតែក​មិន​មាន​ទៅលើផល​ដែល​បាន​ប្រមូល ឬ ទទួល​នៅមុន​ពេល​អនុវត្ត​ហ៊ីប៉ូតែក​នោះទេ (ប៉ុន្តែ មាន​អានុភាពទៅលើផលដែលកំពុងតែមាន​នៅពេល​អនុវត្ត។ មាត្រា371)។
លើសពីនេះ ហ៊ីប៉ូតែកក៏មាន​អានុភាព​ទៅលើ​សិទ្ធិ​ដែល​ចំណុះឱ្យ​កម្មវត្ថុ​នៃហ៊ីប៉ូតែកដែរ (សិទ្ធិ​ដែល​ភ្ជាប់​នឹង​អចលនវត្ថុ​ដែល​ត្រូវ​បាន​បង្កើតហ៊ីប៉ូតែក)។ ឧទាហរណ៍ កូន​បំណុល​បាន​បង្កើត​ហ៊ីប៉ូតែក​ទៅលើ​អគាររបស់​ខ្លួន​នៅ​លើ​ដីដែល​កំពុងជួល ក្នុងករណីនេះ ហ៊ីប៉ូតែក​ក៏មាន​ទៅលើ​សិទ្ធិ​ជួលដីផងដែរ ហើយ​អ្នក​ទិញដោយបង្ខំនូវ​អគារនោះ (​អ្នក​ដែល​បាន​ទិញ​ក្នុងការ​លក់​ដោយបង្ខំ) នឹង​ធ្វើលទ្ធកម្ម​អគារដែល​មាន​ភ្ជាប់ជាមួយ​សិទ្ធិ​ជួល (ប៉ុន្តែ វាមាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិជួល​នៅក្នុង​ក្រម​រដ្ឋប្បវេណី និង នៅ​ក្នុង​ច្បាប់​ស្តីពីការ​ជួលដីជួលផ្ទះ។ ⇒:ជំពូកទី4 III.3)។
⑦ ឧបាទេសកម្ម​លើវត្ថុ
ឧទាហរណ៍ថា B បាន​យក​ផ្ទះ «ក» ទៅបង្កើត​ហ៊ីប៉ូតែក ដើម្បី​ខ្ចីទុនពី A (ម្ចាស់បំណុល A ហៅថា ម្ចាស់​សិទ្ធិ​ហ៊ីប៉ូតែក ហើយ​ កូនបំណុល B ហៅថា អ្នកបង្កើត​ហ៊ីប៉ូតែក)។ បើសិនជា​ផ្ទះ «ក» នោះ​ត្រូវ​ភ្លើងឆេះ ហើយ​បាត់​បង់ទៅ ក្នុងករណីនេះ A នឹង​បាត់បង់​ប្រាតិភោគផងដែរ។ ប៉ុន្តែ បើសិនជា B បានទិញធានារ៉ាប់​រងអគ្គិភ័យលើផ្ទះ «ក» ហើយ​នាំឱ្យ B អាច​ទាមទារ​ថ្លៃធានារ៉ាប់រងពី​ក្រុម​ហ៊ុនធានារ៉ាប់រងបាន ក្នុងករណីនេះ អានុភាព​នៃហ៊ីប៉ូតែក​ក៏​មាន​ទៅលើ​សិទ្ធិ​ទាមទារ​ប្រាក់​ធានារ៉ាប់​រងអគ្គិភ័យនេះផងដែរ (A អាច​ប្រមូល​ប្រាក់ទុន ពីប្រាក់​ធានារ៉ាប់​រងអគ្គិភ័យ​នោះ​បាន)។ ក្នុងករណីដូចខាងលើនេះដែលកម្មវត្ថុ​នៃប្រាតិភោគបានបាត់បង់ ឬ ខូចខាត(ឬករណីដែលមានការលក់ទិញ ឬការជួល) ហើយ​អានុភាព​នៃ​សិទ្ធិ​ប្រាតិភោគមាន​ទៅដល់ «ប្រាក់ ឬ វត្ថុ​ផ្សេងទៀត» ដែលអ្នក​បង្កើត (នៅក្នុង​ឧទាហរណ៍ខាងលើនេះ គឺ B) ត្រូវ​​ទទួលបាន ហៅថា «ឧបា​ទេសកម្ម​លើ​វត្ថុ»។​ នៅក្នុងក្រម​រដ្ឋប្បវេណីជប៉ុនបានទទួលស្គាល់​អានុភាពនេះ ចំពោះហ៊ីប៉ូតែក (មាត្រា372 និង មាត្រា304) សិទ្ធិ​លើការបញ្ចាំ និង ឯកសិទ្ធិដែល​នឹង​ត្រូវ​រៀប​រាប់នៅបន្ទាប់នេះ។ យុត្តិសាស្ត្រ​បាន​ទទួល​ស្គាល់ឧបាទេសកម្ម​លើវត្ថុនៃ​សិទ្ធិ​លើបំណុលដែល​ជាថ្លៃឈ្នួល ហេតុនេះ ម្ចាស់​សិទ្ធិ​ហ៊ីប៉ូតែកចំពោះអគារ​ដែល​មាន​អ្នក​ជួល អាចអនុវត្ត​ហ៊ីប៉ូតែកដោយ​ប្រមូល​បំណុល ពី​ការ​លក់ដោយ​បង្ខំលើអគារនោះក៏បាន ឬ ពីការធ្វើ​ឧបាទេសកម្ម​លើ​វត្ថុ​ដែល​ជា​សិទ្ធិ​លើបំណុល​ថ្លៃឈ្នួលដោយ​មិន​លក់ដោយបង្ខំក៏បាន។
⑧ សិទ្ធិ​លើ​ដី​តាមច្បាប់កំណត់
ឧទាហរណ៍ថា B មាន​កម្មសិទ្ធិ​លើដី និង អគារដែល​នៅលើដីនោះ ហើយ B បង្កើត​ហ៊ី​ប៉ូតែកនៅ​លើ​តែ​អា​គារ​ប៉ុណ្ណោះ នៅពេល​ B ខ្ចីប្រាក់ទុនពី A (ដូចបាន​រៀបរាប់រួចហើយថា នៅប្រទេសជប៉ុនបានចាត់ទុកថា ដី និង អគារ​ គឺជា​អចលនវត្ថុ​ដាច់​ដោយឡែកពីគ្នា។ ⇒ ជំពូកទី3 I.1)។ ហើយឧបមាថា B មិនអាចសងបំណុលបាន ហើយ A បានអនុវត្តហ៊ីប៉ូតែក ហើយ​ក្រោយពីលក់ដោយបង្ខំ C បាន​ទិញ​យក​អគារនោះ (A ប្រមូល​​ប្រាក់​កម្ចីពីថ្លៃលក់​អគារ)។ តាមរយៈនេះ C នឹងស្ថិតក្នុងស្ថានភាពដែល​ទទួល​បាន​កម្មសិទ្ធិ​លើអគារ ប៉ុន្តែ គ្មាន​សិទ្ធិ​ប្រើប្រាស់​ដី។ ដូច​នេះ នៅពេល​ដែល​បង្កើត​ហ៊ីប៉ូតែក បើសិនជានៅ​លើដីនោះមាន​អគារ ហើយ​ដី និង អគារនោះ​គឺជា​របស់​កម្មសិទ្ធិ​ករ​តែ​ម្នាក់ (នៅក្នុង​ឧទាហរណ៍ខាងលើនេះ គឺ B) ហើយបើសិនជាដី ឬ អគារណាមួយនោះត្រូវ​បាន​យកទៅ​បង្កើតហ៊ីប៉ុតែក ហើយក្រោយមកទៀត កម្មសិទ្ធិ​ករលើដី និង កម្មសិទ្ធិករលើអគារ អាច​ក្លាយទៅ​ជាបុគ្គលផ្សេងគ្នា តាមរយៈការ​លក់ដោយ​បង្ខំ (នៅក្នុង​ឧទាហរណ៍ខាងលើនេះ គឺ C បាន​ក្លាយជា​កម្មសិទ្ធិ​ករលើអគារ) ក្នុងករណីនេះ ក្រម​រដ្ឋប្បវេណីបាន​ចាត់ទុកថា អ្នក​បង្កើត​ហ៊ីប៉ូតែកដែលជា​កម្មសិទ្ធិករលើដី (B) បាន​បង្កើត​សិទ្ធិ​លើ​ដី ដើម្បីកម្មសិទ្ធិ​ករថ្មី​លើអគារ (C) នៅពេលលក់ដោយ​បង្ខំ។ យើងបាន​សិក្សា​រួចមកហើយ​អំពី​សិទ្ធិ​លើ​ដី (⇒ជំពូកទី3) ប៉ុន្តែ សិទ្ធិ​លើដីដែល​ដើមឡើយ​ត្រូវ​កើតឡើងដោយ​តាមរយៈកិច្ចសន្យា​បង្កើត​របស់​ភាគី បែរជា​ត្រូវកើតឡើង​តាមកំណត់របស់​ច្បាប់​​នៅពេល​លក្ខខណ្ឌជាក់លាក់បានបំពេញបែបនេះ ហៅថា សិទ្ធិ​លើ​ដី​តាមច្បាប់​កំណត់ (មាត្រា388)។
(2) សិទ្ធិ​លើការ​បញ្ចាំ
សិទ្ធិលើការ​បញ្ចាំ គឺជា​សិទ្ធិ​ដែល​ក្តោបក្តាប់​តែ​តម្លៃសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែ សិទ្ធិ​នេះខុសពី​ហ៊ីប៉ូតែកត្រង់​ថា​ វត្ថុ​នោះ​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ម្ចាស់បំណុល (ម្ចាស់​បំណុល​ត្រូវ​កាន់កាប់)។ មិនមែនផ្ទេរកម្មសិទ្ធិនោះទេ ប៉ុន្តែ ម្ចាស់បំណុលត្រូវ​គ្រប់​គ្រងវត្ថុ​របស់​កូនបំណុល។ បើសិនជា​កូន​បំណុលមិនអាច​សង​ប្រាក់បានទេ ម្ចាស់​បំណុល​អាចប្រមូល​សិទ្ធិ​លើ​បំណុល​ដោយ​អាទិភាព តាមរយៈការ​លក់ដោយបង្ខំវត្ថុ​នោះ (សូមយោង មាត្រា342)។ សិទ្ធិ​លើការបញ្ចាំ អាច​បង្កើត​លើចលនវត្ថុ អចលនវត្ថុ និង សិទ្ធិលើទ្រព្យសម្បត្តិដូចជាសិទ្ធិ​លើបំណុល​ផ្សេងទៀតបានទាំងអស់ ប៉ុន្តែ សិទ្ធិ​លើការបញ្ចាំនេះអាច​សមស្របនឹងករណីចលនវត្ថុ (ដោយសារតែម្ចាស់បំណុលនឹងបាត់បង់ផលប្រយោជន៍ នៅពេល​ដែល​ទុកវត្ថុនៅនឹងកូនបំណុល ហើយកូនបំណុលលក់ និង ប្រគល់ទៅឱ្យ​តតិយជនតាមទំនើងចិត្តនោះ​) ប៉ុន្តែ ចំពោះអចលនវត្ថុវិញ គេនិយមប្រើប្រាស់ហ៊ីប៉ូតែក​ដោយសារកូន​បំណុល​នៅមាន​សិទ្ធិ​ប្រើប្រាស់​វត្ថុ​ (យ៉ាងណា​មិញ ចំពោះចលនវត្ថុក៏ដោយ ក្នុងពេលថ្មីៗនេះ គេតែងប្រើប្រាស់ប្រាតិភោគ​ដោយ​អនុប្បទាន​ដែល​នឹង​លើក​មក​រៀប​រាប់​នៅខាងក្រោយ)។
2. សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់
(1) សិទ្ធិ​ឃាត់ទុក
ឧបមាថា អតិថិជន A បានយក​នាឡិកាដៃមកជួសជុលនៅក្នុងហាងនាឡិកា B ហើយ​ថ្លៃជួសជុល​អស់ចំនួន 40ម៉ឺនរៀល។ នៅពេលដែល​ជួសជុលរួចហើយ បើហាងនាឡិកា B ប្រគល់នាឡិកាដៃវិញទាំង A មិន​ទាន់​បង់ប្រាក់ ក្នុងករណីនេះ ខ្លួន​នឹង​បាត់​បង់ការធានាដែល​អាច​ទាមទារ​ថ្លៃជួសជុលបាន (មធ្យោបាយ​ដែលបង្ខំ​ដោយ​ប្រយោល)។ ហេតុដូច្នេះហើយ ក្រមរដ្ឋប្បវេណីបាន​កំណត់វិធានដែល​ B មិនចាំបាច់​ប្រគល់វិញ​រហូត​ដល់ពេល​ទទួលបាន​ការបង់ថ្លៃជួសជុល (មិនពាក់ព័ន្ធនឹង​ឆន្ទៈរបស់​ភាគី)។ នេះគឺជា សិទ្ធិឃាត់ទុក នៅក្នុង​ប្រភេទ​នៃ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​តាម​ការ​កំណត់​របស់​ច្បាប់។ បើនិយាយជាភាសាច្បាប់គឺ «សិទ្ធិដែលអាចឃាត់ទុកវត្ថុនោះ ប្រសិន​បើអ្នក​កាន់កាប់ (ហាងនាឡិកា B) ​វត្ថុ​របស់​អ្នក​ដទៃ (នាឡិកាដៃ) មាន​សិទ្ធិ​លើបំណុល​ដែល​បានកើត​ឡើងដោយ​ទាក់ទងនឹង​វត្ថុ​នោះ (សិទ្ធិ​លើបំណុលលើថ្លៃជួសជុលចំនួន 40ម៉ឺនរៀល) រហូត​ដល់ពេល​ដែល​ខ្លួន​ទទួល​ការ​សង​ចំពោះ​សិទ្ធិ​លើបំណុល​នោះបាន» (ប៉ុន្តែ នៅក្នុង​សិទ្ធិឃាត់ទុកនេះ មិនមានអានុភាពនៃការ​ប្រមូល​សិទ្ធិ​លើ​បំណុល​ដោយ​អាទិភាពពី​ថ្លៃ​លក់នៃកម្មវត្ថុ​ដែល​បាន​ឃាត់ទុក នៅពេល​ប្តូរវត្ថុ​នោះជា​ប្រាក់​នោះទេ (អានុភាព​សងដោយ​អាទិភាព)។ ដោយ​ឡែក សូមប្រៀបធៀប សិទ្ធិ​ឃាត់ទុកនេះ ទៅនឹង​ការ​តវ៉ា​ឱ្យ​អនុវត្តព្រមគ្នាដែលបាន​រៀបរាប់​នៅ​ក្នុង​ជំពូកទី4។ ⇒ជំពូកទី4 II.3(3))។
(2) ឯកសិទ្ធិ
ឧបមាថា ហាងលក់ទំនិញ Y កំពុងជួបវិបត្តិក្នុងការ​បង្វិលដើមទុន ហើយ Y មិនព្រម​បង់ប្រាក់ខែចំនួន 8លានរៀល ទៅឱ្យ X ដែលបម្រើការងារ​នៅ​ក្នុង​ហាងនោះ។ មួយវិញទៀត ​Y កំពុងជំពាក់ប្រាក់កម្ចីពីដៃគូជំនួញ Z ចំនួន 72លានរៀល ហើយ Z មាន​បំណងអនុវត្ត​ដោយបង្ខំ (លក់ដោយបង្ខំនូវទ្រព្យសម្បត្តិ ហើយប្រមូល​សិទ្ធិលើបំណុលពីប្រាក់​ថ្លៃលក់នោះ​) ទៅលើទ្រព្យសម្បត្តិរបស់ Y (មានត្រឹមតែចំនួន 40លានរៀល​ប៉ុណ្ណោះ) ដោយសារតែ Y មិន​បាន​បង់ប្រាក់ បើទោះបីជា​ពេល​កំណត់​សង​បានកន្លងផុតក៏ដោយ។ បើសិនជា X ចូលរួមចែកចំណែក ដូចនេះ Z និង X ត្រូវ​បែង​ចែក​នូវ​ទ្រព្យសម្បត្តិរបស់ Y ។ ហើយ​បើយោងតាមគោលការណ៍សមភាពនៃម្ចាស់បំណុល​នៅក្នុង​ច្បាប់អនុវត្ត​រដ្ឋប្បវេណីជប៉ុន ក្នុងករណីនេះ Z ត្រូវ​បាន​ចំនួន 36លានរៀល ហើយ X ត្រូវ​បាន​ចំនួន 4លានរៀល ពីទ្រព្យសម្បត្តិ 40លានរៀល របស់ Y ដោយសារតែ សមមាត្រនៃសិទ្ធិ​លើបំណុលរបស់ X និង Y គឺ 1ភាគ 9។ ប៉ុន្តែ សិទ្ធិ​លើបំណុលនៃប្រាក់ខែ គឺជាសិទ្ធិ​លើបំណុល​ដែល​ពាក់ព័ន្ធនឹង​ជីវភាពរបស់ X ហេតុនេះ បើមើល​ពីទស្សនៈគោលនយោបាយសង្គម សិទ្ធិ​លើបំណុលនេះគួរតែ​រក្សាទុកឱ្យបាន​គ្រប់​ចំនួនដល់ X។ ដូចនេះ ក្រម​រដ្ឋប្បវេណី​បានបញ្ញត្តអំពី «សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់ដែលបុគ្គល​មាន​សិទ្ធិ​លើបំណុលជាក់លាក់ (នៅក្នុង​ឧទាហរណ៍ខាងលើនេះគឺ X) អាច​ទទួល​បាន​នូវការ​សង​សិទ្ធិ​លើបំណុលនោះ (នៅ​ក្នុង​ឧទាហរណ៍ខាងលើនេះ គឺ 8លានរៀល ត្រូវ​ទទួលបាន​ការសង​គ្រប់ចំនួនដោយ​អាទិភាព) ដោយ​អាទិភាព​ជាង​ម្ចាស់​បំណុលផ្សេងទៀត (Z) ពីទ្រព្យសម្បត្តិ​របស់​កូនបំណុល (Y)។ នេះហៅថា ឯកសិទ្ធិ។ ឯកសិទ្ធិនៅក្នុង​ក្រម​រដ្ឋប្បវេណី មាន​កំណត់​ចាប់​ពីមាត្រា306 ប៉ុន្តែឯកសិទ្ធិ​នេះបែងចែកជា ឯកសិទ្ធិ​ទូទៅដែល​មាន​លើ​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​កូន​បំណុល និងឯកសិទ្ធិ​លើចលនវត្ថុដែល​មាន​អានុភាព​ទៅលើ​ចលនវត្ថុ​ជាក់​លាក់​របស់​កូន​បំណុល ព្រមទាំង ឯកសិទ្ធិ​លើ​អចលនវត្ថុដែល​មាន​អានុភាព​ទៅលើអចលនវត្ថុ​ជាក់លាក់​របស់​កូន​បំណុល។ ទោះបីជាឯកសិទ្ធិទូទៅ ឬ ឯក​សិទ្ធិ​លើ​ចលនវត្ថុ​ក៏ដោយ ក៏ម្ចាស់​ឯកសិទ្ធិ​មិនអាច​អនុវត្ត​បានទៀតទេ នៅក្រោយ​ពេលកូន​បំណុល​បាន​ប្រគល់​កម្មវត្ថុ​ទៅ​ឱ្យ​តតិយជន (ពុំមាន «អានុភាព​ទៅជាមួយ» នោះទេ។ មាត្រា333)។
3. ប្រាតិភោគដែលគ្មានច្បាប់កំណត់
សិទ្ធិ​ប្រាតិភោគប្រត្យក្សទាំង 4ប្រភេទដែលមាន​កំណត់ក្នុង​ក្រមរដ្ឋប្បវេណីខាងលើនេះ គឺជា​សិទ្ធិ​ប្រា​តិភោគ​ដែលមាន​ច្បាប់កំណត់ ហើយសិទ្ធិប្រាតិភោគក្រៅពីនេះពុំមាន​កំណត់ក្នុង​ក្រម​រដ្ឋប្បវេណីទេ ប៉ុន្តែ នៅ​ក្នុង​ការអនុវត្ត​ជាក់ស្តែង​បាន​បង្កើតនូវទម្រង់នៃប្រាតិភោគ ដែល​ម្ចាស់បំណុល​អាច​ទទួល​បាន​កម្មវត្ថុ​នៃប្រាតិភោគផ្ទាល់ ដើម្បី​សង​ទៅ​លើសិទ្ធិ​លើបំណុលរបស់ខ្លួន (ឧទាហរណ៍ថា កូន​បំណុល​បានអនុប្បទានកម្មវត្ថុធានាឱ្យទៅម្ចាស់បំណុល ក្នុងគោលបំណង​ដាក់​ធានាប៉ុណ្ណោះ ប៉ុន្តែ បើសិនជា​កូនបំណុលមិនអាច​សងបំណុលទេ ម្ចាស់បំណុល​នឹងធ្វើ​លទ្ធ​កម្មសិទ្ធិនោះតែម្តង) នៅពេលដែល​កូនបំណុល​មិនអាច​សងបំណុលបាន ហើយដែលត្រូវបានទទួលស្គាល់ដោយច្បាប់ទំនៀមទម្លាប់ និងយុត្តិសាស្ត្រ។ នេះហៅថា ប្រាតិភោគ​ដែល​គ្មាន​ច្បាប់​កំណត់។ ប្រាតិភោគទាំងនោះរួមមាន ប្រាតិភោគដោយ​ការ​ចុះបញ្ជី​បណ្តោះ​អាសន្ន ប្រាតិភោគ​ដោយ​អនុប្បទាន និង ប្រាតិភោគដោយឃាត់កម្មសិទ្ធិ (ប្រាតិភោគទាំងនេះ មិនមែនជា​ប្រភេទ​នៃ​សិទ្ធិ​ប្រត្យក្ស​ដែល​ទើប​បង្កើតថ្មីនោះទេ ហេតុនេះ វាមិន​ផ្ទុយនឹង​គោល​ការណ៍សិទ្ធិ​ប្រត្យក្ស​ដែល​កំណត់​ក្នុង​ច្បាប់នោះទេ។ ប្រាតិភោគ​ដោយ​ការ​ចុះបញ្ជី​បណ្តោះអាសន្ន​នៅក្នុង​ចំណោមនោះ ត្រូវ​បាន​បញ្ញត្ត​ដោយ​ច្បាប់​ពិសេសហើយ)។ ជាពិសេស ប្រាតិភោគដោយ​​អនុប្បទាន កាន់តែ​មាន​សារៈសំខាន់​ខ្លាំងនៅ​ក្នុង​សង្គមពាណិជ្ជកម្ម​បច្ចុប្បន្ន។
(1) ប្រាតិភោគ​ដោយ​ការ​ចុះបញ្ជី​បណ្តោះ​អាសន្ន
ឧបមាថា A បានចុះកិច្ចសន្យាឱ្យ B ខ្ចីប្រាក់ ហើយបើសិនជាដល់ពេលកំណត់ B មិន​អាច​សងបានទេ A នឹង​ទទួល​បាន​កម្មសិទ្ធិលើវត្ថុ​ដែល​ជា​របស់ B ឬ របស់តតិយជន (អ្នក​ធានាដោយ​វត្ថុ) ជំនួស​ឱ្យ​ការអនុវត្តដោយ​បង្ខំ។ ហើយត្រូវ​ចុះបញ្ជី​បណ្តោះអាសន្នជាមុនអំពី ​សិទ្ធិ​ដែល​រំពឹងទុកថានឹង​ទទួលបាន​ការផ្ទេរកម្មសិទ្ធិលើវត្ថុនោះ។ នេះគឺជាទម្រង់នៃ​ការ​ធានាក្នុងពាណិជ្ជកម្មដែល គេហៅថា «ប្រាតិភោគ​ដោយ​ការ​ចុះបញ្ជី​បណ្តោះ​អាសន្ន»។ ជាក់ស្តែង ភាគីអាច​បង្កើតនូវ​កិច្ចសន្យា​ដូចជា «ការ​សន្យាជាមុននៃការសងដោយវត្ថុជំនួស» ឬ «កិច្ចសន្យា​សង​ដោយវត្ថុ​ជំនួសដែលមានភ្ជាប់​លក្ខ​ខណ្ឌ​បង្អង់» ដែលមាន​ខ្លឹមសារថា «កូនបំណុលនឹង​យកវត្ថុ​នេះមកសង បើសិនជាមិន​អាច​សង​បំណុលបាន» ហើយ​លើស​ពីនេះអាច​ជា​ «ការសន្យាជាមុន​នូវ​ការ​ទិញលក់» ដែល​មានខ្លឹមសារថា «កូន​បំណុលនឹងលក់វត្ថុនេះឱ្យ បើសិនជា​មិន​អាច​សង​បំណុលបាន» ជាដើម (បើជាក់ស្តែងមិន​បានចុះបញ្ជី​បណ្តោះអាសន្នក៏ដោយ ក៏​កិច្ចសន្យា​មាន​សុពលភាពដែរ)។ ហើយភាគីនឹងជ្រើសរើសយកវិធីចុះបញ្ជីបណ្តោះ​អាសន្ន អំពីការ​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិដែល​ជា​លទ្ធ​ផលនៃការ​ចុះកិច្ចសន្យាខាងលើនេះ (ការ​ចុះបញ្ជី​បណ្តោះ​អាសន្ន​អាច​បន្តទៅចុះបញ្ជី​ចម្បងនៅពេលដែល​កូន​បំណុលមិនអាច​សងបាន ហើយការ​ចុះបញ្ជីបណ្តោះអាសន្ននេះមានអានុភាព​ធានានូវ​លំដាប់អាទិភាពនៃការ​ចុះបញ្ជី បើទោះបីជា​កូន​បំណុល​បានចុះបញ្ជីផ្ទេរទៅឱ្យ​តតិយជនក្នុងអំឡុងពេលនោះក៏ដោយ)។ ការអនុវត្ត​វិធីបែបនេះ ត្រូវ​បាន​គេយកមកប្រើប្រាស់យ៉ាងទូលំទូលាយមួយរយៈពេលផងដែរ ដោយសារ​តែម្ចាស់បំណុល​អាច​ធ្វើ​លទ្ធកម្មប្រាក់ បានច្រើនជាងប្រាក់ដែល​បាន​ឱ្យ​កូន​បំណុលខ្ចី (ឧបមាថា ឱ្យខ្ចីទុនចំនួន 40លានរៀល ហើយសន្យាទទួលយកការសងដោយវត្ថុជំនួសដែលមាន​តម្លៃ 80លានរៀល)។ ដូចនេះ ដើម្បីមិន​ឱ្យ​ម្ចាស់​បំណុល​ទទួលបាន​ផលប្រយោជន៍ច្រើនហួសហេតុ ច្បាប់ស្តីពីប្រាតិភោគ​ដោយ​ការ​ចុះបញ្ជីបណ្តោះអាសន្ន​ ត្រូវ​បាន​បង្កើត​ឡើងនៅក្នុងឆ្នាំ1978 ហើយ​ច្បាប់នេះបាន​ដាក់ករណីយកិច្ចឱ្យម្ចាស់បំណុល​ត្រូវ​បង់ប្រាក់ដែល​នៅសល់ពីតម្លៃនៃ​កម្មវត្ថុ និង តម្លៃនៃ​សិទ្ធិ​លើបំណុល​ដែល​ត្រូវ​បាន​ធានា (ប្រាក់ជម្រះ)។
(2) ប្រាតិភោគ​ដោយអនុប្បទាន
នៅពេលដែល A ឱ្យ B ខ្ចីប្រាក់ B ត្រូវធ្វើក្នុងទម្រង់ដែល​អនុប្បទាន​កម្មសិទ្ធិ​លើវត្ថុ​ឱ្យទៅ A ហើយ​ពេលដែលកំណត់ពេលសងមកដល់ បើសិនជា B អាច​សងបំណុលបាន A ត្រូវសងវត្ថុ​នោះមកវិញ ប៉ុន្តែ បើសិនជា B មិន​អាច​សង​បំណុល​បានទេ A ធ្វើ​លទ្ធកម្មលើវត្ថុ​នោះតែម្តង។ នេះជា​ប្រាតិភោគក្នុងទម្រង់ពាណិជ្ជកម្ម ដែលគេហៅថា «​ប្រា​តិភោគ​ដោយអនុប្បទាន»។ ការអនុវត្ត​បែបនេះ ដើមឡើយគឺមាន​បញ្ហា​នៃភាព​ស្របច្បាប់ ដោយសារតែ វាជាទម្រង់ (ទិញលក់) គឺខុសខ្លាំងពីស្ថានភាពជាក់ស្តែង (ខ្ចីប្រាក់) ប៉ុន្តែ យុត្តិសាស្ត្រតុលាការ ​បាន​ទទួលស្គាល់ថា មិនមែនជា​សកម្មភាពដែលខុសនឹង​គន្លងច្បាប់នោះទេ។ ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង​ត្រូវ​បានធ្វើឡើងច្រើនពេក ហើយ​ករណីភាគច្រើនបំផុត គឺម្ចាស់បំណុល​ទទួលបាន​ផលប្រយោជន៍​ច្រើនហួសហេតុ ដូចនេះ យុត្តិសាស្រ្តតុលាការ​បាន​ដាក់ឱ្យ អ្នក​ទិញ (ម្ចាស់បំណុល) មានករណីយកិច្ចសងប្រាក់ជម្រះដូចករណីប្រាតិភោគ​ដោយ​ការ​ចុះបញ្ជី​បណ្តោះ​អាសន្នដែរ។ យ៉ាងណាមិញ នៅក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ក៏អ្នក​សិក្សា​ច្បាប់ជាច្រើនកំពុងតែខ្វែងគំនិតគ្នាត្រង់ចំណុចថា ប្រាតិភោគដោយ​អនុប្បទាននេះ ត្រូវ​មាន​ទម្រង់​ផ្លូវ​ច្បាប់ជា​ការ​ផ្ទេរកម្មសិទ្ធិ (ចាត់ទុកម្ចាស់បំណុល ថាជា​កម្មសិទ្ធិករ។ ទម្រង់ផ្ទេរកម្មសិទ្ធិ) ឬ ត្រូវ​មាន​ទម្រង់ផ្លូវ​ច្បាប់​ជា​ការ​បង្កើត​សិទ្ធិ​ប្រាតិភោគ (ចាត់ទុកថាម្ចាស់បំណុលទទួលបាន​តែ​សិទ្ធិ​ប្រាតិភោគប៉ុណ្ណោះ។ ទម្រង់​សិទ្ធិ​ប្រាតិភោគ)។ ​គេយល់ថា យុត្តិសាស្ត្រតុលាការបានគាំទ្រនូវទម្រង់​ផ្ទេរកម្មសិទ្ធិ ប៉ុន្តែ បន្ថែមការកែតម្រូវក្នុងនាម​ជា​ប្រាតិភោគ​ទៅតាមភាពចាំបាច់។ ដោយឡែក ប្រាតិភោគដោយ​អនុប្បទាននេះ ត្រូវ​បានគេយកមកអនុវត្តទូលំទូលាយលើ​អចលនវត្ថុ និង ចលនវត្ថុ ព្រមទាំងសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត ដូច​ជា​សិទ្ធិ​លើបំណុលជាដើម ក្នុងនាម​ជា​មធ្យោបាយផ្លូវ​ច្បាប់​ក្នុង​ការ​ប្រមូល​ប្រាក់ទុន (បើសិនជាចលនវត្ថុ និង សិទ្ធិលើបំណុលវិញ គេតែងនិយមធ្វើ​ក្នុង​ទម្រង់ប្រាតិភោគដោយ​អនុប្បទានលើចលនវត្ថុលក្ខណៈ​ប្រមូល​ផ្តុំ ដែល​ដាក់​ប្រាតិភោគនូវ​វត្ថុ​ជា​ច្រើនរួមគ្នា ឬ ប្រាតិភោគ​ដោយ​​អនុប្បទាន​នូវ​សិទ្ធិ​លើបំណុល​នាពេល​អនាគត។ ក្នុងករណីនេះ គេបានជ្រើសរើសយក​វិធីប្តូរលក្ខណៈនៃការ​កាន់កាប់ (⇒ជំពូកទី3 II.2(5)③) ធ្វើជាលក្ខខណ្ឌតតាំង​ចំពោះករណី​ចលនវត្ថុ ដែល​វិធីនេះមិនអាច​មើលឃើញការ​ផ្លាស់ប្តូរពីខាងក្រៅ​ទាល់​តែ​សោះ ប៉ុន្តែ ប្រព័ន្ធនៃការ​ចុះបញ្ជី អំពីការធ្វើអនុប្បទានចលនវត្ថុថ្មី ត្រូវ​បាន​បង្កើតឡើង ដោយអនុវត្តដូចគ្នាទៅនឹងប្រព័ន្ធនៃការ​ចុះបញ្ជី អំពីការធ្វើអនុប្បទានសិទ្ធិ​លើបំណុល ដែលបាន​រៀបចំឡើងដោយការ​ធ្វើវិសោធនកម្មច្បាប់​ពិ​សេស​ស្តីពីការធ្វើអនុប្បទានសិទ្ធិ​លើបំណុលឆ្នាំ2004 (⇒ជំពូកទី6 5(4))។ តាមរយៈនេះ ចលន​វត្ថុក៏ត្រូវ​បាន​ធ្វើ​តាមវិធី​បង្ហាញ​ជាសាធារណៈយ៉ាងច្បាស់លាស់ដែរ។ ប៉ុន្តែ ការ​ចុះបញ្ជីនេះ មាន​លក្ខខណ្ឌតតាំងស្រប​គ្នា​ទៅនឹង​ការ​ប្រគល់ និង ការ​ប្តូរលក្ខណៈនៃការកាន់កាប់ដែរ ហេតុនេះហើយ ឧបមាថា បើមាន​បុគ្គលណា​ដែល​ទទួល​បា​នការប្តូរលក្ខណៈនៃការកាន់កាប់មុន នឹងទទួលបានអាទិភាពមុន។ យ៉ាងណាមិញ នៅក្នុង​ការ​វិសោធនកម្ម​នេះ បាន​ផ្លាស់ប្តូរឈ្មោះច្បាប់នេះ ទៅជាច្បាប់ថ្មីស្តីពីការធ្វើអនុប្បទាន​ចលនវត្ថុ និង សិទ្ធិ​លើបំណុល)។
(3) ប្រាតិភោគ​ដោយឃាត់កម្មសិទ្ធិ
ឧបមាថា អ្នកលក់បង់រំលស់ A (ការលក់ដោយវិធីបង់រំលស់ជាដំណាក់កាលទៅតាមខែ ឬ ឆ្នាំ ជាដើម) បាន​ចុះកិច្ចសន្យាលក់ទំនិញឱ្យទៅ B។ ក្នុងករណីនេះ ទំនិញបាន​ប្រគល់ទៅឱ្យ B ភ្លាមៗ ប៉ុន្តែ កម្មសិទ្ធិ​នៃ​ទំនិញ​នោះ​ត្រូវ​ឃាត់ទុកនៅ A រហូតដល់ពេលដែល​បង់ប្រាក់បានគ្រប់ចំនួននាពេល 1ឆ្នាំក្រោយ (ក្នុងអំឡុងពេល 1ឆ្នាំនេះ ទោះបី Bប្រើប្រាស់វត្ថុនោះក៏ដោយ តែមិនមែនជាកម្មសិទ្ធិករនោះទេ)។ នេះគឺជាវិធីធានាដែល​តម្រូវឱ្យ B បង់ប្រាក់ដែល​នៅ​សល់ តាមរយៈការ​ឃាត់ទុក​កម្មសិទ្ធិ។​ កិច្ចសន្យាបែបនេះ គឺមាន​សុពលភាព ហើយ​ត្រូវ​បានគេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ។ ដើមឡើយ ក្រមរដ្ឋប្បវេណីបានបញ្ញត្តអំពី ឯកសិទ្ធិ​នៃចលនវត្ថុ​ ដែលជាមធ្យោបាយ​ដើម្បី​ធានានូវ​សិទ្ធិ​លើបំណុល​ថ្លៃលក់របស់​អ្នកលក់នៃចលនវត្ថុដែល​បានប្រគល់នោះ (មាត្រា311) ប៉ុន្តែ ភាគីតែងនិយមជ្រើសរើសយកមធ្យោបាយនៃការ​ធ្វើការសន្យាពិសេស អំពីការ​មិនផ្ទេរកម្មសិទ្ធិ​រហូតដល់​ពេល​បង់ថ្លៃលក់គ្រប់ចំនួនដូច​ខាងលើនេះ ហើយនៅពេលដែល​អ្នក​ទិញ​មិនបាន​បង់ថ្លៃគ្រប់ចំនួន អ្នក​លក់នឹង​រំលាយ​កិច្ចសន្យា​លក់ទិញ ហើយ​ទាមទារ​ឱ្យ​ប្រ​គល់​កម្មវត្ថុ​វិញ ដោយផ្អែក​លើកម្មសិទ្ធិ។ នេះហៅថា «ការឃាត់​កម្មសិទ្ធិ»។ វាស្រដៀងគ្នានឹង​ប្រាតិភោគ​ដោយ​អនុ​ប្បទានដែរ ប៉ុន្តែ ខុសគ្នាត្រង់ថា អ្នកទិញមាន​ឆន្ទៈ​ធ្វើ​លទ្ធកម្មលើកម្មវត្ថុ មិនមែនជា​ការ​កម្ចីទុននោះទេ។ ទ្រឹស្តីជា​ច្រើន​បានបកស្រាយខុសគ្នា ប៉ុន្តែ យុត្តិសាស្ត្រតុលាការបានបកស្រាយថា វិធីនេះមាន​ទម្រង់ជា​ការផ្ទេរកម្មសិទ្ធិ (ពោលគឺ ចាត់ទុកថា អ្នកលក់នៅមាន​ឋានៈជាកម្មសិទ្ធិករដដែល) ក្នុង​នាម​ទំនាក់​ទំនងគតិយុត្តខាងក្រៅ (ករណី​ដែល​មាន​វិវាទ​ជាមួយ​តតិយជនដែលបាន​ទិញបន្តពី​អ្នក​ទិញ)។