ជំពូកទី 6
នីតិ​សិទ្ធិលើបំណុល (3) ― នីតិសិទ្ធិ​លើបំណុលទូទៅ
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​លើបំណុល
1. ខ្លឹមសារ​នៃសិទ្ធិ​លើបំណុលទូទៅ
2. លក្ខណៈជាមូល​ដ្ឋាននៃសិទ្ធិ​លើបំណុល
3. អត្ថន័យនៃបញ្ញត្តិ​ស្តីពីសិទ្ធិ​លើបំណុលទូទៅ​-​ភាពចាំបាច់នៅ​ក្នុង​សកម្មភាព​ជំនួញ​ជាក់ស្តែង
II. ការ​សិក្សាអំពី​ចំណុច​សំខាន់​នៃសិទ្ធិលើបំណុលទូទៅ​
1. ប្រភេទនៃ​សិទ្ធិ​លើបំណុល
2. ការមិន​អនុវត្ត​កាតព្វកិច្ច
3. សមត្ថភាព​របស់​ម្ចាស់បំណុល
4. ទំនាក់​ទំនង​សិទ្ធិ​លើបំណុល​នៃភាគីច្រើននាក់
5. អនុប្បទានសិទ្ធិ​លើបំណុល
6. ការរលត់​សិទ្ធិលើបំណុល
III. ក្រម​រដ្ឋប្បវេណី និង កិច្ចការ​ច្បាប់នៃសហគ្រាស
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​លើបំណុល
1​. ខ្លឹមសារនៃសិទ្ធិ​លើបំណុល​ទូទៅ
ដូចបានរៀបរាប់នៅក្នុងជំពូកទី4 នៅក្នុងផ្នែកស្តីពី​សិទ្ធិ​លើបំណុលទូទៅគឺកំណត់អំពី លក្ខណៈនៃសិទ្ធិលើ​បំណុល អានុភាព និង ការ​ផ្ទេរ ព្រមទាំងការរលត់នៃសិទ្ធិ​លើបំណុលនោះ។ ផ្នែកនេះគឺត្រូវនឹងបទប្បញ្ញត្តិនៃជំពូកទី1 គន្ថីទី3 នៅ​ក្នុង​ក្រមរដ្ឋប្បវេណី។ នៅក្នុងក្រមរដ្ឋប្បវេណីបានកំណត់អំពី គោលបំណងនៃសិទ្ធិ​លើបំណុលនៅ​ក្នុង​ផ្នែកដំបូងនៅក្នុងជំពូកនេះ ប៉ុន្តែ គោលបំណងនៃសិទ្ធិ​លើបំណុលដែលរៀបរាប់នៅទីនេះ សំដៅទៅ ​ខ្លឹមសារ និង កម្មវត្ថុ​នៃសិទ្ធិ​លើបំណុល។ នៅក្នុងផ្នែកបន្ទាប់ស្តីពីអានុភាព​នៃ​សិទ្ធិ​លើបំណុល គឺបញ្ញត្តិអំពី ករណីដែលមានការបំពាន ឬ ប្រុងនឹងបំពានអានុភាពចងរវាងភាគី​នៃកិច្ចសន្យា​ដែល​ជាមូលដ្ឋាននៃសិទ្ធិ​លើបំណុល។ ពោលគឺ បញ្ហាដែល​ទាក់ទងនឹង​ការ​អនុវត្ត​កាតព្វកិច្ចដោយ​បង្ខំ សំ​ណង​ការ​ខូច​ខាតនៃការ​មិនអនុវត្ត​កាតព្វកិច្ច និង ការ​រក្សាការពារ​ទ្រព្យសម្បត្តិ​ទទួលខុសត្រូវ​។ ប៉ុន្តែ ចំពោះសំណងនៃ​ការ​ខូច​ខាតនៃការ​មិនអនុវត្តកាតព្វកិច្ច ខ្ញុំបាន​រៀបរាប់ខ្លះមកហើយនៅក្នុងជំពូកទី4។ នៅក្នុងផ្នែកទីបី គឺជាផ្នែកស្តីពី​ទំនាក់​ទំនង​សិទ្ធិ​លើបំណុល និងកាតព្វកិច្ចរបស់ភាគីច្រើននាក់ ហើយបញ្ញត្តិអំពីករណីដែលម្ចាស់បំណុល ឬកូន​បំណុល​មានច្រើននាក់។ ផ្នែកបន្ទាប់ទៀត ស្តីពីអនុប្បទានសិទ្ធិលើបំណុល ពោលគឺ បញ្ហាទាក់ទងនឹងការផ្ទេរសិទ្ធិ​លើ​បំណុល​ទៅឱ្យបុគ្គល​ផ្សេងតាមរយៈកិច្ចសន្យា ហើយផ្នែកចុងក្រោយស្តីពីបញ្ហានៃការ​រំលត់សិទ្ធិ​លើបំណុល តាមរយៈការ​សង​សិទ្ធិ​លើ​បំណុល​ជាអាទិ៍។
2. លក្ខណៈជាមូលដ្ឋាននៃសិទ្ធិ​លើបំណុល
ដូចបានសិក្សាកន្លងមក សិទ្ធិ​ប្រត្យក្សគឺជាសិទ្ធិ​ដែល​មានលក្ខណៈផ្តាច់មុខ និង ដាច់ខាតដែល​អាច​អះអាង​ចំ​ពោះ​បុគ្គលគ្រប់រូបក្នុងសកលលោក ហេតុនេះហើយ ច្បាប់ត្រូវ​កំណត់អំពី​ប្រភេទនៃ​សិទ្ធិ​ប្រត្យក្ស​នេះឱ្យ​បាន​ច្បាស់លាស់។ ផ្ទុយមកវិញ សិទ្ធិ​លើបំណុល គឺជា​សិទ្ធិ​ដែល​បុគ្គលជាក់លាក់ម្នាក់អាច​ទាមទារ​ចំពោះ​បុគ្គលជាក់លាក់​ម្នាក់ទៀត ហើយជាគោលការណ៍សិទ្ធិនេះមាន​អានុភាពមិនដាច់ខាត ដែល​កើត​មាន​រវាង​តែ​គូរភាគីប៉ុណ្ណោះ (ភាពមិនដាច់ខាតនៃសិទ្ធិលើបំណុល)។ ដោយសារតែបែបនេះហើយ ទើបភាគីអាចបង្កើត​ដោយសេរីនូវខ្លឹមសារ​នៃ​សិទ្ធិ​លើ​បំណុលរាប់ពាន់ម៉ឺនប្រភេទ ក្នុងទំហំដែល​មិន​ផ្ទុយនឹង​ទំនៀមទម្លាប់ល្អ និង សណ្តាប់ធ្នាប់សាធារណៈ។ នេះ​ហៅថា សេរីភាពនៃការ​បង្កើត​សិទ្ធិ​លើបំណុល។ សិទ្ធិ​លើបំណុល​គ្មានលក្ខណៈផ្តាច់មុខដូចសិទ្ធិ​ប្រត្យក្ស​នោះទេ ហើយក៏គ្មានកម្រិតនូវ​គោលការណ៍សិទ្ធិ​ប្រត្យក្សតែមួយលើវត្ថុ​តែមួយដែរ (នៅលើវត្ថុ​តែមួយ គេអាច​បង្កើត​សិទ្ធិ​ប្រត្យក្ស​តែ​មួយប៉ុណ្ណោះ)។ ឧបមាថា តារាងចម្រៀង A បានចុះកិច្ចសន្យា​ទៅសម្តែងនៅមហោស្រព B ហើយក៏បានចុះកិច្ចសន្យាទៅសម្តែងនៅមហោស្រព C នៅថ្ងៃនិងម៉ោងតែមួយ។ ក្នុងករណីនេះ កិច្ចសន្យា​ទាំងសងខាងសុទ្ធតែ​មាន​អានុ​ភាព ហេតុនេះ ទាំងសិទ្ធិលើបំណុលរបស់មហោស្រព B ​ទាមទារឱ្យ​ទៅសម្តែង ហើយនិងសិទ្ធិលើបំណុលរបស់មហោស្រព C​ទាមទារឱ្យ​ទៅសម្តែង ដែលមានចំពោះ A គឺកើតឡើងដូចគ្នាដោយគ្មានបញ្ហាអ្វីឡើយ (ក្នុងករណីនេះ មហោស្រព B និង មហោស្រព C ស្មើភាពគ្នាដោយគ្មានអ្នកណាមានសិទ្ធិអាទិភាពលើអ្នក​ណា​នោះទេ។ នេះហៅថា គោលការ​ណ៍សមភាពនៃម្ចាស់បំណុល)។ ប្រាកដហើយថា រាងកាយរបស់ A គឺមានតែមួយ ហើយ​អាច​ទៅសម្តែង​នៅកន្លែង​តែមួយប៉ុណ្ណោះ។ ប៉ុន្តែ សិទ្ធិ​លើ​បំណុល​របស់​មហោស្រពដែល A មិនបាន​ទៅសម្តែង មិនបាត់បង់នោះទេ ហើយសិទ្ធនេះត្រូវ​ផ្លាស់ប្តូរទៅជា​សិទ្ធិ​ទាមទារ​សំណង​ការ​ខូច​ខាត ដោយផ្អែក​លើការ​មិនអនុវត្តកាតព្វកិច្ចរបស់ A វិញ។
សិទ្ធិ​លើបំណុលគឺជា​សិទ្ធិ​ដែលមិន​ដាច់ខាត ដូចនេះ ជាគោលការណ៍ សិទ្ធិនេះមានតែអានុភាព​ទាមទារ និង អានុភាព​បណ្តឹង​ (អានុភាពសម្រេចសិទ្ធិដោយបណ្តឹង) ចំពោះភាគីម្ខាងទៀតប៉ុណ្ណោះ។ បើទោះបីជាមានតតិយជនផ្សេងមករំខាន​ក៏ដោយ ក៏ភាគីមិន​អាច​ទាមទារ​ឱ្យ​តតិយជនបញ្ឈប់ការរារាំងនោះទេ ហើយ​ដូច​ក្នុងឧទាហរណ៍​ខាងលើនេះ សិទ្ធិ​លើបំណុលនេះ ជាគោលការណ៍ មាន​អានុភាពត្រឹមតែ​ទាមទារ​ការ​ខូច​ខាត ក្នុង​នាមជា​ការ​មិនអនុវត្ត​កាតព្វកិច្ចប៉ុណ្ណោះ ប្រសិនបើភាគីម្ខាងទៀតមានហេតុនៃការ​ទទួលខុសត្រូវ។ ហើយអញ្ញត្តិកម្មអាច​មាន​ករណី​ដូចជា សិទ្ធិ​ជួល​ដែលបាន​ចុះបញ្ជី ជាអាទិ៍ (ជាទូទៅ សិទ្ធិ​លើបំណុលមិនមានប្រព័ន្ធបង្ហាញជាសាធារណៈអំពីអត្ថិភាពរបស់វាទេ (ចំពោះការផ្ទេរគឺអនុវត្តផ្សេង) ប៉ុន្តែមានប្រព័ន្ធចុះបញ្ជីសម្រាប់សិទ្ធិជួល។ មើលជំពូកទី4 III (1)​) ហើយយុត្តិសាស្ត្រ និង ទ្រឹស្តីមួយ​ចំនួនបាន​ទទួលស្គាល់​សិទ្ធិ​ទាមទារ​ឱ្យ​បញ្ឈប់ការ​រារាំង ចំពោះការ​បំពានពីតតិយជនដែល​គ្មាន​សិទ្ធិ ដោយ​ផ្អែកលើសិទ្ធិ​ជួលដែល​បាន​ចុះបញ្ជីបាន។ ពិតហើយថា សិទ្ធិលើបំណុល​ផ្សេងទៀត ដូចជាចំណុចស្តីពីអំពើ​អនីត្យានុកូល​នៃ​ជំនួញដែល​បាន​រៀបរាប់ពីមុន ដែល​ជាការ​ដណ្តើមកិច្ចសន្យា​ដោយ​ទុច្ចរិតខ្លាំង ហើយ​បំពានសិទ្ធិលើបំណុល ក្នុងករណីនេះ ភាគី​អាចទាមទារ​សំណងការ​ខូច​ខាតបាន បើសិនជា​លក្ខខណ្ឌនៃអំពើអនីត្យានុកូល​បាន​បំពេញ។ ប៉ុន្តែ នេះ​ជាការ​ទាមទារដោយ​ផ្អែក​លើអំពើអនីត្យានុកូលនោះទេ ហើយសិទ្ធិ​លើបំណុលផ្ទាល់នេះ គ្មាន​អានុភាព​ទាមទារ​ចំពោះតតិយជននោះទេ។ ​
3. អត្ថន័យនៃបញ្ញត្តិ​ស្តីពីសិទ្ធិ​លើបំណុល​ទូទៅ
―ភាពចាំបាច់​នៅក្នុងសកម្មភាពជំនួញជាក់ស្តែង
សិទ្ធិ​លើបំណុល​ទូទៅនេះជាផ្នែក​មួយដែល​ឆ្លុះបញ្ចាំងអំពី​ទំនាក់​ទំនងផលប្រយោជន៍​ដ៏ស្មុគ​ស្មាញជាងគេនៅ​ក្នុង​សង្គមជំនួញ បន្ទាប់ពីនីតិប្រាតិភោគដែល​នឹង​សិក្សា​ក្នុង​ជំពូក​បន្ទាប់។ នេះមានន័យថា បើសិនជា​យើងយល់​អំពី​ការ​អនុវត្ត​ជំនួញជាក់ស្តែង យើងនឹង​យល់កាន់តែ​ច្បាស់​អំពី​ខ្លឹមសារនេះ។ សូមចាប់អារម្មណ៍ថា ចំណុចដែល​ស្តីពី​ការ​ដាក់ប្រាតិភោគ ការ​គ្រប់គ្រង និង ការ​ប្រមូលសិទ្ធិ​លើបំណុលដែល​ជាចំណុចសំខាន់​នៅក្នុង​កិច្ចការ​របស់សហគ្រាសពាណិជ្ជកម្ម​នេះហើយ វាពាក់ព័ន្ធខ្លាំងជាមួយនឹងសិទ្ធិ​លើបំណុលនេះ និង នីតិប្រាតិភោគ។
បញ្ហាជាក់ស្តែងនៃការ​ដាក់ប្រាតិភោគរួមមាន ការ​ធានាដោយវត្ថុ ដែល​ជាការ​ធានាដោយ​ទទួលយកវត្ថុ ពោលគឺចលនវត្ថុ ឬ អចលនវត្ថុធ្វើ​ជាថ្នូរ និង ការ​ធានាដោយ​បុគ្គល ដែលជាការ​ធានាដោយទ្រព្យសម្បត្តិទាំងអស់​របស់​បុគ្គល​ណាម្នាក់ក្រៅពីកូនបំណុល ក្នុងករណីដែលកូនបំណុល​ពុំមាន​ចលនវត្ថុ និង អចលនវត្ថុ​ដែល​សមស្រប​សម្រាប់ដាក់ធានា។ រូបភាពនៃការ​ធានាដោយបុគ្គលនេះ គឺការធានាដែល​នឹង​រៀបរាប់ខាងមុខ។ ការធានាដោយ​បុគ្គលនេះ​មិនសូវ​មាន​ស្ថេរភាពដូច​ការ​ធានាដោយវត្ថុនោះទេ ដោយសារតែទ្រព្យសម្បត្តិ​របស់​បុគ្គលដែល​យកមក​​ធា​នានោះ​អាច​មាន​ការ​ឡើងចុះ។ ប៉ុន្តែ ការធានាដោយវត្ថុនេះត្រូវ​ឆ្លងកាត់នីតិវិធី​ស្មុគស្មាញ​ដូច​ជាការ​ចុះបញ្ជី ឬ ការ​ប្រគល់វត្ថុជាអាទិ៍ ផ្ទុយមកវិញ ការធានាដោយ​បុគ្គលវិញមាន​លក្ខណៈងាយស្រួល ដោយសារតែ​តម្រូវ​ឱ្យ​មាន​លិខិត​កិច្ចសន្យា​តែមួយប៉ុណ្ណោះ ពោលគឺការព្រមព្រៀងរបស់ភាគី។
លើសពីនេះ ក្នុងពេល​បច្ចុប្បនេះ យើងអាច​សង្កេតឃើញថា អ្នកជំនួញភាគច្រើន​បាន​និយមប្រើប្រាស់សិទ្ធិ​លើបំ​ណុលទៅដាក់ធានាដើម្បី​ទទួលយកដើមទុន ឬ លក់សិទ្ធិ​លើ​បំណុលដើម្បីបំពេញទុន​ក្នុង​សហគ្រាស។ ដើមឡើយ សិទ្ធិ​លើបំណុល​តាមក្រម​រដ្ឋប្បវេណីត្រូវ​បាន​ទទួលស្គាល់​ឱ្យធ្វើអនុប្បទានបាន ប៉ុន្តែ តាម​ខ្លឹមសារនៃ​មាត្រាមិន​បាន​ប៉ាន់ស្មានដល់​ការ​ផ្ទេរយ៉ាង​សកម្មបែបនេះ ដើម្បីប្រមូល​ទុននោះទេ។ នេះហៅថាលំហូរនីយកម្មនៃសិទ្ធិ​លើបំណុល។ បញ្ហាទាំងអស់នេះ សុទ្ធតែមាន​ពាក់ព័ន្ធជាមួយ​សិទ្ធិលើបំណុល​ទូទៅនេះ។
II. ការ​សិក្សា​អំពី​ចំណុច​សំខាន់នៃសិទ្ធិ​លើបំណុល​ទូទៅ
1. ប្រភេទនៃ​សិទ្ធិ​លើបំណុល
ភាគីអាចបង្កើត​ដោយសេរីនូវខ្លឹមសារ​នៃ​សិទ្ធិ​លើ​បំណុលរាប់ពាន់ម៉ឺនប្រភេទ ប៉ុន្តែ យើងអាច​បែង​ចែកជាប្រភេទ​មួយ​ចំនួនបាន។ ឧទាហរណ៍ ការបែង​ចែក​ជា​ប្រភេទ សិទ្ធិ​លើបំណុលដែលបាន​កំណត់វត្ថុជាក់លាក់ និង សិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុ គឺមាន​សារៈសំខាន់ណាស់។
(1) សិទ្ធិលើបំណុលដែល​បាន​កំណត់វត្ថុ​ជាក់លាក់
បើសិនជាយើងពិចារណាអំពីការ​ទិញលក់ផ្ទាំងគំនូរ និង ដី គឺគ្មានរបស់​ណាផ្សេងទៀតដែល​ដូច​គ្នានោះទេ ហេតុនេះ សិទ្ធិ​លើបំណុលគឺជាសិទ្ធិ​ទាមទារ​ទៅលើ​តាវកាលិកនៃវត្ថុ​ដែល​បាន​កំណត់​ជាក់លាក់នោះ។ នេះហៅថា សិទ្ធិលើបំណុលដែល​បាន​កំណត់វត្ថុ​ជាក់លាក់។ ចំពោះសិទ្ធិ​លើបំណុល​ដែល​បាន​កំណត់វត្ថុ​ជាក់លាក់នេះ កូន​បំណុល​មាន​ករណីយកិច្ច​ប្រុងប្រយ័ត្នក្នុងនាម​ជា​អ្នក​គ្រប់គ្រង​ដោយសុចរិតលើវត្ថុ​ដែល​ជា​កម្មវត្ថុ (ករណីយកិច្ចគ្រប់គ្រងដោយប្រុងប្រយ័ត្ន) (ចំណុច​នេះបាន​កំណត់ដោយពិចារណាអំពី​ដើមហេតុនៃការ​កកើតកិច្ចសន្យា និង សិទ្ធិ​លើបំណុលផ្សេងទៀត ព្រមទាំង​គោលគំនិត​ទូទៅនៃសង្គមជំនួញ) រហូត​ដល់ពេល​អនុវត្ត (មាត្រា400។ មានន័យថា បើសិនជា​កម្មវត្ថុ​នៃកិច្ចសន្យា​លក់ទិញគឺជាវត្ថុ​ដែលបាន​កំណត់ជាក់លាក់ ក្នុងករណីនេះ បើសិនជានៅក្រោយពេល​ចុះកិច្ចសន្យានិងរហូតដល់ពេលប្រគល់ ​កូនបំណុល​បាន​ទុកវត្ថុ​នោះចោលហាលភ្លៀង ហើយបណ្តាលឱ្យខូច​ខាតវត្ថុនោះ វានឹងក្លាយ​ជាការ​មិនបាន​អនុវត្ត​កាតព្វកិច្ច​របស់កូនបំណុលខ្លួនឯង ហើយ​ត្រូវ​មាន​ករណីយកិច្ចសងការខូច​ខាតនោះ)​។ បើសិនជា​វត្ថុដែលជា​កម្មវត្ថុបាន​បាត់បង់នៅមុនពេលប្រគល់ (ដោយសារតែ​គ្មានវត្ថុណាយកមកជំនួសបាន) ក្នុងករណីនេះ វានឹងក្លាយជា​អលទ្ធភាព​ក្នុងការអនុវត្ត ហើយសិទ្ធិលើបំណុល​របស់​ម្ចាស់បំណុលនឹង​ប្តូរទៅ​ជា​សិទ្ធិ​ទាមទារ​សំណង​ការ​ខូច​ខាត។
(2) សិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុ
① សញ្ញាណទូទៅ
ផ្ទុយមកវិញ បើសិនជា​ទិញលក់​ស្រាបៀម៉ាកណាមួយចំនួនប៉ុន្មានយួរជាដើម វាគឺជា​វត្ថុដែលបាន​កំណត់​តាមប្រភេទដែល​អាច​ជំនួសបាន ក្នុងករណីនេះ គេហៅថា សិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុ។ ចំពោះ​សិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុនេះ (ដោយសារតែមានវត្ថុជំនួស) ​ករណីយកិច្ច​គ្រប់គ្រងរបស់កូនបំណុលមិនត្រូវ​បាន​កំណត់នោះទេ ប៉ុន្តែ កូនបំណុល​មាន​ករណីយកិច្ច​រកវត្ថុ​ផ្សេងដែល​មាន​ប្រភេទដូច​គ្នាពីទីផ្សារមកជំនួស ក្នុងករណី​ដែល​កម្មវត្ថុ​បាន​បាត់​បង់នៅមុនពេល​ប្រគល់ (ពោលគឺ បើសិនជា​ហាងលក់ស្រាបៀបានធ្វើឱ្យបែកដបស្រាបៀដែល​គេបានកម្មង់នៅក្នុងហាង​របស់ខ្លួន ក្នុងករណីនេះ ហាងលក់ស្រាបៀរនោះ​មាន​ករណីយកិច្ច​រៀបចំនូវដបស្រាបៀផ្សេងដែល​មាន​ប្រភេទ​ដូច​គ្នាមកជំនួស)។ ឧបមាថា ភាគីគ្រាន់​តែ​កម្ម៉ង់ថាយក «ឥដ្ឋការ៉ូដែលជា​គ្រឿង​សំណង់» ដោយមិនបាន​កំណត់​អំពី​គុណភាព​នៃ​កម្មវត្ថុ​នោះទេ (ហើយបើសិនជាមិន​បាន​កំណត់​អំពីសាធាតុ​នៃកិច្ចសន្យា​ផងដែរនោះ) ក្នុងករណីនេះ កូន​បំណុល​ត្រូវ​តែ​ផ្តល់នូវ​វត្ថុ​ដែល​មាន​គុណភាពធម្មតាពីក្នុងចំណោម​វត្ថុ​ដែល​មាន​ប្រភេទ​ដូច​គ្នា (មាត្រា401 កថាខណ្ឌទី1)។​
② ការ​កំណត់​ជាក់លាក់​នូវសិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុ
ទោះបីជា​ឧទាហរណ៍អំពី​ស្រាបៀនៅខាងលើក៏ដោយ យើងអាចមើលឃើញថានៅក្នុង​ដំណាក់​កាលណាមួយរហូត​ដល់​ពេល​អនុវត្ត​កិច្ចសន្យា ម្ចាស់​បំណុល​នឹងសម្រេច​ថា «យកយួរមួយនេះ» ពីក្នុង​ចំណោម​ប្រភេទនៃស្រាបៀជា​ច្រើននោះ។ ចំពោះការដឹកជញ្ជូនស្រាបៀ ជាធម្មតាវាមិនបានកំណត់ទេរហូតដល់ដំណាក់កាលដែលហាងលក់ស្រាបៀដឹកដល់ផ្ទះអ្នកទិញ ហើយអ្នកទិញចង្អុលថា «យកមួយនេះ» ប៉ុន្តែក្នុងករណីដែលអ្នកទិញបានទៅទិញស្រាវីស្គីនៅហាងផ្ទាល់សម្រាប់ជាអំណោយ ហើយបានចង្អុលម៉ាកស្រាវីស្គីណាមួយពីធ្នើរក្នុងហាងថា «យកមួយនោះ» ដើម្បីឱ្យហាងវេចខ្ចប់ឱ្យ ស្រាវីស្គីមួយដបដែលត្រូវបានវេចខ្ចប់នោះគឺត្រូវបានកំណត់។ នេះហៅថា «ការ​កំណត់​ជាក់លាក់» នូវ​សិទ្ធិ​លើ​បំណុល​តាមប្រភេទ។ ក្រម​រដ្ឋប្បវេណីបានកំណត់ថា បើសិនជា​កូន​បំណុល​បាន​បញ្ចប់​សកម្មភាព​នានាដើម្បីប្រគល់ ឬ បាន​កំណត់វត្ថុដែល​ត្រូវប្រគល់​ដោយមានការ​ឯកភាពពី​ម្ចាស់បំណុល បន្ទាប់ពីនេះ វត្ថុនោះនឹងក្លាយជាកម្មវត្ថុនៃសិទ្ធិលើបំណុល (មាត្រា401 កថាខណ្ឌទី2)។ ចាប់ពីពេល​ដែល​បាន​កំណត់ជាក់លាក់ ជាលទ្ធផល សិទ្ធិ​លើបំណុល​ដែល​បាន​កំណត់​តាមប្រភេទវត្ថុនឹង​ត្រូវ​អនុវត្តដូចគ្នានឹងសិទ្ធិ​លើបំណុល​ដែល​បាន​កំណត់វត្ថុ​ជាក់លាក់ ហើយ​កូន​បំណុល​មានករណីយកិច្ច​គ្រប់គ្រងដោយ​ប្រុង​ប្រយ័ត្ន ចំពោះ​វត្ថុ​ដែល​បាន​កំណត់​ជាក់លាក់នោះ (បើទោះបីជាមាន​ករណីយកិច្ចគ្រប់គ្រងកើតឡើងក៏ដោយ ប៉ុន្តែក្នុងករណីដែល​វត្ថុ​នោះ​បាន​បាត់បង់ វាគ្រាន់តែក្លាយទៅជាករណីយកិច្ចសងសំណងការខូចខាត ហើយកូន​បំណុលលែងមានករណីយកិច្ចក្នុង​ការ​ស្វែង​រក​វត្ថុ​ដែល​មាន​ប្រភេទដូច​គ្នាពី​ទីផ្សារមកជំនួសកម្មវត្ថុ​ទៀតហើយ)។
③ សិទ្ធិ​លើបំណុលដែល​បានកំណត់​តាមប្រភេទវត្ថុដែលត្រូវបានកម្រិត
សិទ្ធិលើបំណុលដែលបានកំណត់តាមប្រភេទវត្ថុដែលត្រូវបានកម្រិត (មានកំណត់) គឺជាការកម្រិតនូវប្រភេទតាមវិសាលភាពពិសេស (អត្ថិភាពនៅទីតាំង) ដែលជាទម្រង់មួយនៃសិទ្ធិលើបំណុលដែលបានកំណត់តាមប្រភេទវត្ថុ។ ឧទាហរណ៍ ក្នុងករណីសិទ្ធិទាមទារឱ្យប្រគល់អង្ករ Koshihikari ចំនួន៣០០គីឡូក្រាម ដែលមាននៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន ក ទោះបីជានៅមុនពេលកំណត់ជាក់លាក់ក៏ដោយ ប្រសិនបើអង្ករនៅក្នុងឃ្លាំងនោះអស់ វានឹងក្លាយជាអលទ្ធភាពក្នុងការអនុវត្ត ហើយកូនបំណុលមិនមានករណីយកិច្ច​ស្វែង​រក​វត្ថុ​នោះពីទីផ្សារឡើយ (ប្រសិនបើអង្ករ Koshihikari នៅក្នុងឃ្លាំងត្រូវបានឆេះអស់នោះ មានតែកាតព្វកិច្ចសងសំណងការខូចខាតប៉ុណ្ណោះដែលកើតឡើង)។
(3)​ សិទ្ធិ​លើបំណុលជាប្រាក់ និង អត្រាការ​ប្រាក់​ដែល​កំណត់​ដោយ​ច្បាប់
សិទ្ធិលើ​បំណុលដែល​ត្រូវបង់ជាប្រាក់ (សិទ្ធិ​លើបំណុលជាប្រាក់) គឺជា​សិទ្ធិ​លើបំណុលដែលបាន​កំណត់​តាមប្រភេទវត្ថុដែលច្បាស់​លាស់​បំផុត (ប្រាក់មិនអាច​បាត់បង់ពីលើពិភពលោកនេះទេ ហេតុនេះ អលទ្ធភាព​ក្នុងការ​អនុវត្ត​មិន​អាច​កើតមានឡើយ។ មាត្រា419 កថាខណ្ឌទី3) ប៉ុន្តែ ក្រម​រដ្ឋប្បវេណីមាន​កំណត់​អំពី​បញ្ញត្តិពិសេសមួយ​ចំនួន​ស្តីពី​សិទ្ធិលើ​បំណុល​ជាប្រាក់​។ ដោយឡែក អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ក្នុងក្រម​រដ្ឋប្បវេណី គឺ 3ភាគរយក្នុង១ឆ្នាំ (មាត្រា404)។ ដើមឡើយ អត្រាការប្រាក់ដែល​កំណត់ដោយច្បាប់ (អនុវត្ត​នៅក្នុង​ករណីដែលភាគីមិនបាន​សម្រេច​នៅក្នុង​កិច្ចសន្យា និង ករណី​ការប្រាក់យឺតយ៉ាវ​នៃការ​មិន​អនុវត្ត​កាតព្វកិច្ច ឬ អំពើអនីត្យានុកូល​ជាអាទិ៍) គឺត្រូវបានកំណត់ «5ភាគរយក្នុង១ឆ្នាំ» ប៉ុន្តែ នៅ​ក្នុង​វិសោធនកម្មច្បាប់ឆ្នាំ2017 គេបានទម្លាក់មក «3ភាគរយ»(មាត្រា404កថាខណ្ឌទី២) ដោយ​ពិចារណា​អំពីស្ថានភាព​នៃទីផ្សារអត្រាការប្រាក់ក្នុងរយៈពេលខ្លីក្នុងរយៈពេល៣ឆ្នាំ (មាត្រាដដែល ចាប់ពីកថាខណ្ឌទី3)។ នេះជា​​វិសោធនកម្មមួយ​ដែល​មាន​ការ​ឯកភាពគ្នា (មានប្រទេសជា​ច្រើន​នៅប៉ែកអឺរ៉ុបបាន​កែប្រែ​អត្រាការប្រាក់​នេះ)។ ទន្ទឹមនឹងនេះ បទបញ្ញត្តិដោយឡែកស្តីពីអត្រាការប្រាក់​ក្នុងប្រតិបត្តិការពាណិជ្ជកម្ម (ច្បាប់ពាណិជ្ជកម្ម មាត្រា514 កំណត់​អត្រា 6ភាគរយក្នុងមួយឆ្នាំ) ក៏ត្រូវ​បាន​លុបចោល​ដែរ។
ពាក្យគន្លឹះ: ការកាត់បន្ថយការប្រាក់​ពាក់កណ្តាល​កាល
ត្រង់នេះគឺមាន​បញ្ហាមួយ អំពីការកាត់បន្ថយការប្រាក់​ពាក់កណ្តាលកាល ដែល​យកមក​ប្រើប្រាស់​សម្រាប់​គណនា «ផលប្រយោជន៍ដែល​បាត់បង់» នៅក្នុង​សំណងធានារ៉ាប់រងជា​អាទិ៍។ នៅប្រទេសជប៉ុន ប្រាក់​ធានារ៉ាប់​រងមិន​បង់ជា​ដំណាក់កាលនោះទេ ហើយ​ត្រូវ​បង់ផ្តាច់តែ​ម្តង។ ឧបមាថា ផលប្រយោជន៍ដែល​បាត់​បង់​មាន​អំឡុងពេល 10ឆ្នាំ ក្នុងករណីនេះ ចំនួនទឹកប្រាក់​ដែល​ត្រូវ​បាន​ទទួល​រៀងរាល់ឆ្នាំជាបន្តបន្ទាប់ ត្រូវ​យក​មកបង់តែ​មួយ​លើក។ ហេតុនេះ ក្រុមហ៊ុនធានារ៉ាប់រង​នឹង​បង់ដោយ​យកចំនួន​ទឹកប្រាក់​សរុបទាំងអស់ ដកជាមួយនឹងអត្រាការ​ប្រាក់​ប្រចាំ​ឆ្នាំ។ ដូចនេះ បើអត្រាការប្រាក់កំណត់ដោយច្បាប់​ធ្លាក់ចុះ ការ​កាត់បន្ថយការ​ប្រាក់​ពាក់កណ្តាល​កាលក៏ថយចុះដែរ ហេតុនេះ​ហើយ ភាគីទទួលផលនឹង​ទទួលបាន​ប្រាក់​ធានារ៉ាប់រងខ្ពស់ជាងចំនួន​ទឹកប្រាក់ពីមុននៅក្នុង​គ្រោះថ្នាក់​ដូច​គ្នា (ចំណុច​នេះ យើងអាច​និយាយថា ​វិសោធនកម្មនេះផ្តល់​ប្រយោជន៍ដល់ភាគី​ទទួលផល ប៉ុន្តែ ភាគីក្រុមហ៊ុនធានារ៉ាប់រង​អាច​នឹង​បង្កើន​តម្លៃធានារ៉ាប់រងដើម្បីបង្រ្គប់)។
(4) សិទ្ធិ​លើបំណុលជាប្រាក់ដើម និង សិទ្ធិ​លើបំណុលជាការប្រាក់
នៅក្នុង​ការខ្ចីប្រាក់អាច​បង្កើត​ឱ្យមាន សិទ្ធិ​លើ​បំណុលជាប្រាក់ដើម និង សិទ្ធិលើបំណុលជាការប្រាក់ ប៉ុន្តែ សិទ្ធិ​លើ​បំណុល​ជា​ការ​ប្រាក់ដែលបានកើតឡើងរួចហើយ ​អាច​កាត់ផ្តាច់ចេញតែចំណែកនោះ ហើយ​ចាត់ចែង​បាន​។ បើសិនជាមានសិទ្ធិលើបំណុលក្នុងកម្ចីប្រាក់ចំនួន 200លានរៀល ហើយបង្កើត​ការប្រាក់ 10លានរៀលក្នុងមួយឆ្នាំ ក្នុងករណីនេះ សិទ្ធិលើ​បំណុល​ជា​ប្រាក់​ដើមនោះ (ភ្ជាប់កិច្ចសន្យា​ការប្រាក់) ប្រាកដជាអាច​ធ្វើ​អនុប្បទានបាន ប៉ុន្តែ ឧបមាថា មានការប្រាក់នៅ​ក្នុង​ឆ្នាំដំបូងដែលបាន​កើត​ឡើង ហើយម្ចាស់​បំណុលមិន​ទាន់​បានទទួលការសងនៅឡើយ នោះ​ម្ចាស់​បំណុល​​អាចធ្វើ​អនុប្បទាន​នូវ​សិទ្ធិ​លើ​បំណុល​ជា​ការប្រាក់ចំពោះតែចំណែកដែលបានកើតឡើងហើយ ពីការប្រាក់ចំនួន 1០លានរៀលនោះ ទៅ​ឱ្យ​តតិយជន​បាន។
(5) សិទ្ធិ​លើ​បំណុល​អនិយ័ត
នៅក្នុងការ​ព្រមព្រៀងរបស់ភាគី ដែលអនុញ្ញាតឱ្យ​មាន​សិទ្ធិ​លើបំណុលដែល​អាច​ជ្រើសរើសយក «រថយន្តមួយគ្រឿង ឬ ប្រាក់ 40លានរៀល» ជាអាទិ៍ ធ្វើ​ជា​គោលបំណងនៃតាវកាលិក សិទ្ធិ​លើបំណុលនេះហៅថា សិទ្ធិ​លើ​បំណុល​អនិយ័ត (មាត្រា406)។ នេះជាការ​ជ្រើសរើសរបស់ដែល​មាន​លក្ខណៈខុសៗគ្នានៃការ​ជ្រើសរើសនីមួយៗ ហើយ​វាមិនដូច​គ្នា​ទាល់តែសោះទៅនឹង សិទ្ធិ​លើបំណុលដែល​បាន​កំណត់​តាមប្រភេទវត្ថុ ដូច​ជា «យកស្រាបៀមួយ​យួរនេះជំនួសឱ្យស្រាបៀមួយយួរផ្សេងទៀត (ពីក្នុងប្រភេទនៃស្រាបៀដូច​គ្នា)»។
2. ការ​មិន​អនុវត្ត​កាតព្វកិច្ច​
(1) ការ​អនុវត្តកាតព្វកិច្ច​ដោយ​បង្ខំ
ការ​អនុវត្ត​ដោយ​បង្ខំ គឺជាការ​ទទួល​យក​ជំនួយពីស្ថាប័នរដ្ឋ ដើម្បី​សម្រេច​ការ​អនុវត្ត​ដោយ​បង្ខំ ក្នុង​ករណីដែល​ភាគី​ម្ខាង​ទៀត​មិន​អនុវត្ត​កាតព្វកិច្ច​តាមការ​សន្យា (ការ​ដែល​ម្ចាស់​បំណុល​ប្រើកម្លាំងខ្លួនឯងបង្ខំ​ឱ្យ​កូន​បំណុល​អនុវត្ត​កាតព្វកិច្ច (ការ​សង្រ្គោះ​ដោយ​កម្លាំងខ្លួនឯង) ជាគោលការណ៍ គឺមិន​ត្រូវ​បាន​អនុញ្ញាតឡើយ)។ ក្រមរដ្ឋប្ប​វេ​ណី (មាត្រា414) និង ច្បាប់​ស្តីពីការអនុវត្ត​ បាន​កំណត់​អំពីវិធី​អនុវត្ត​ដោយ​បង្ខំជា 3ប្រភេទ ដូច​ខាង​ក្រោម​នេះ។
​ ① ការបង្ខំ​ដោយ​ផ្ទាល់
វិធីដែល​ស្ថាប័នរដ្ឋ​សម្រេច​ដោយ​បង្ខំ​នូវ​ការ​បង់ប្រាក់ ឬ ប្រគល់វត្ថុ ដោយ​មិន​ពិចារណា​អំពី​ឆន្ទៈ​របស់​កូន​បំ
ណុល។ អាជ្ញាសាលា​ទៅដល់​ទីតាំងរបស់​កូន​បំណុល ហើយ​អនុវត្ត​។
② ការអនុវត្ត​ជំនួស
វិធីដែលឱ្យ​តតិយជន​សម្រេច​ខ្លឹមសារនៃសិទ្ធិ​លើបំណុល ហើយស្ថាប័នរដ្ឋ​ប្រមូលសោហ៊ុយសម្រាប់ចំណាយ​ពី​កូន​បំណុល។ ឧទាហរណ៍ថា ក្រុមហ៊ុនសំណង់បញ្ឈប់ការ​សាងសង់ពាក់កណ្តាលទី ក្នុងករណីនេះ គេអាច​ឱ្យ​ក្រុម​ហ៊ុនសំណងផ្សេងបន្តសាងសង់ ហើយប្រមូលសោហ៊ុយដែល​បាន​ចំណាយលើការ​សាងសង់ពី​ក្រុម​ហ៊ុនសំណង់ដើម។
​ ③ ការ​បង្ខំ​ដោយ​ប្រយោល
វិធីដែល​ដាក់សម្ពាធផ្លូវ​ចិត្ត​ដល់​កូន​បំណុលឱ្យ​អនុវត្ត​កាតព្វកិច្ច ដោយតុលាការ​បង្គាប់ឱ្យ​កូន​បំណុល​មាន​ករណីយកិច្ច​ត្រូវ​បង់ប្រាក់​ចំនួន​ជាក់​លាក់មួយ រហូត​ដល់​ពេល​អនុវត្ត​កាតព្វកិច្ច។ ឧទាហរណ៍ វិធីអនុវត្ត​នេះ​ ​ប្រើប្រាស់​ក្នុង​ករណី​ដែល​ការ​បំពាន​កាតព្វកិច្ច​មិន​ឱ្យបញ្ចេញសម្លេង​រំខាននៅ​តែ​មាន​ជា​បន្តបន្ទាប់ (តុលាការ​ចេញ​សាលក្រម​ «​បង្គាប់​ឱ្យ​បង់ប្រាក់ 4លានរៀលក្នុង​មួយថ្ងៃ​រហូត​ដល់​ពេល​បញ្ឈប់​សម្លេង​រំខាន»)។ ដើមឡើយ ប្រទេសជប៉ុនមិនអនុញ្ញាតការអនុវត្តជំនួស②ទេ ​ក្នុងករណីដែល​ ការ​បង្ខំដោយ​ផ្ទាល់①អាច​ធ្វើ​បាន ហើយ​​ទទួល​ស្គាល់​ការអនុវត្ត​ដោយ​ប្រយោល③ តែ​ក្នុង​ករណីដែលការអនុវត្ត​វិធីទី① និងទី② មិន​អាច​ធ្វើ​ទៅបានប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ក្នុងវិសោធនកម្ម​ច្បាប់អនុវត្ត​រដ្ឋប្បវេណីឆ្នាំ2003 បាន​ពង្រីកវិសាលភាពនៃការអនុវត្តដោយ​ប្រយោល។​
(2) សំណងការ​ខូចខាតនៃការ​មិន​អនុវត្ត​កាតព្វកិច្ច​
① សញ្ញាណ​ទូទៅ
ចំណុចនេះ ខ្ញុំ​បាន​ពន្យល់ត្រួសៗរួចហើយនៅក្នុង​ជំពូកទី4។ ការមិនអនុវត្ត​កាតព្វកិច្ច​ (ការ​មិន​បាន​អនុវត្ត​តាមគោល​បំណង​នៃកាតព្វកិច្ច) បែង​ចែកជា 3ប្រភេទ គឺ ការអនុវត្ត​យឺតយ៉ាវ អលទ្ធភាព​ក្នុងការអនុវត្ត និង ការអនុវត្ត​មិន​ពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាមិន​បាន​អនុវត្ត​កាតព្វកិច្ច​តាមការ​សន្យាទេ ម្ចាស់​បំណុល​អាច​ទាមទារ​សំណង​ការ​ខូច​ខាតបាន។ ប៉ុន្តែ កូន​បំណុល​អាច​រួចផុតពីការទទួលខុសត្រូវ ប្រសិនបើ​កូន​បំណុល​គ្មានហេតុនៃការទទួលខុសត្រូវ ដោយ​ពិចារណា​លើ​ខ្លឹមសារនៃកិច្ចសន្យា និង ទស្សនៈទូទៅ​ក្នុង​សង្គម (មាត្រា415)។ នៅ​មុន​វិសោធនកម្មច្បាប់ឆ្នាំ2017 ក្រមរដ្ឋប្បវេណីកំណត់ថា កូន​បំណុល​ពុំមាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​មិន​អនុវត្ត​កាតព្វកិច្ចឡើយ ប្រសិន​បើ​កូន​បំណុល​គ្មាន​ហេតុដែល​ត្រូវ​ទទួល​ខុសត្រូវ (ហេតុដែល​អាច​ដាក់ឱ្យ​ទទួល​ខុស​ត្រូវ)។ ពោលគឺ ហេតុនៃការ​ទទួល​ខុសត្រូវមិនមែនជាលក្ខខណ្ឌ​បង្កើត​ការ​មិន​អនុវត្ត​កាតព្វកិច្ចនោះទេ ប៉ុន្តែ វា​ជាលក្ខខណ្ឌ​ដែល​អាច​រួច​ផុត​ពីការ​ទទួល​ខុសត្រូវ​ទៅវិញ (មានន័យថា ករណីប្រធានសិក្តដូច​ជា ការ​កាត់ផ្តាច់​ផ្លូវ​ដោយ​​សារ​រញ្ជួយដី ជាអាទិ៍ កូនបំណុល​ពុំមាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​មិន​អនុវត្ត​កាតព្វកិច្ច​នោះទេ បើទោះបីជា​អនុវត្ត​យឺតយ៉ាវក៏ដោយ ពីព្រោះគ្មាន​ហេតុនៃការ​ទទួល​ខុសត្រូវ​)។
② ទំហំនៃសំណងការ​ខូច​ខាត​
ក្រម​រដ្ឋប្បវេណីជប៉ុនបាន​កំណត់ថា ការ​ខូច​ខាតដែល​កើតឡើងជា​ទូទៅដោយសារ​ការ​មិន​អនុវត្ត​កាតព្វកិច្ច (ការ​ខូច​ខាតធម្មតា) ត្រូវ​បញ្ចូល​ទៅ​ក្នុងទំហំ​នៃសំណង ចំណែកឯការ​ខូច​ខាតដែល​កើតឡើង​ដោយ​កាលៈទេសៈពិសេសវិញ (ការ​ខូច​ខាតពិសេស) អាច​បញ្ជូល​ក្នុង​ទំហំនៃសំណងបាន លុះត្រា​តែ​កូន​បំណុល​អាច​ព្យាករណ៍​អំពីការ​ខូចខាតនោះជាមុន​ប៉ុណ្ណោះ (ដែល​អាច​ព្យាករជាមុន) (មាត្រា416។ នេះហៅថា គោលការណ៍​កម្រិត​សំណង)។ តើអ្វីជា​ការ​ខូចខាតធម្មតា ហើយអ្វីជា​ការ​ខូចខាតពិសេសនោះ គឺអាស្រ័យ​ទៅ​លើ​រឿ​ងក្តី​នីមួយៗ។ ឧប​មាថា អ្នក​លក់​បានប្រគល់ផ្ទះយឺតយ៉ាវរយៈពេល 1ខែ នៅក្នុងកិច្ចសន្យា​ទិញផ្ទះសម្រាប់​​ស្នាក់​នៅ ហើយអ្នក​ទិញ​ត្រូវ​ទៅជួលបន្ទប់ស្នាក់នៅសិន ក្នុងករណីនេះ ថ្លៃឈ្នួលបន្ទប់នេះគឺជា​ការ​ខូច​ខាតទូទៅ។ បើសិនជា​អ្នក​ទិញនោះ​បាន​សន្យា​លក់បន្តទៅឱ្យអ្នក​ផ្សេង តែ​ត្រូវ​បញ្ឈប់វិញដោយ​សារតែ​ការយឺតយ៉ាវក្នុងការប្រគល់នេះ ហើយ​អ្នក​លក់​បាន​ខូច​ខាតនូវផលប្រយោជន៍ពីការលក់បន្តនោះ ក្នុងករណីនេះ យើងអាច​និយាយថា វាជាការ​ខូច​ខាតពិសេស។ ការ​ខូច​ខាត​នេះ​អាច​បញ្ចូល​ក្នុង​ទំហំនៃសំណងបាន លុះត្រាតែ​កូន​បំណុល​បាន​ដឹង​ ឬ​ អាច​ព្យា​ករអំពី​ការ​លក់​បន្តនេះប៉ុណ្ណោះ។
③ ការ​ទូទាត់កំហុស​
សំណងនៃការ​ខូច​ខាតដែល​កើតឡើង​ដោយ​សារ​ការ​មិន​អនុវត្ត​កាតព្វកិច្ច ឬការកើតឡើងនូវការខូចខាត ឬការរីករាលដាលការខូចខាតដោយសារការមិនអនុវត្តកាតព្វកិច្ច អាចត្រូវ​បាន​កាត់​បន្ថយ​ចំនួនទឹក​ប្រាក់​នៃ​សំណងបាន ដោយពិចារណា​អំពី​ទំហំនៃ​កំហុស​របស់​ភាគី​ម្ចាស់​បំណុល (មាត្រា418។ ចំណុចនេះស្ទើរតែដូច​គ្នា​នឹង​ការ​ទូទាត់កំហុសនៃអំពើអនីត្យានុកូល​ (មាត្រា722) ដែល​បាន​សិក្សារួចហើយ ជំពូកទី5 II 4 (3))។
④ ការ​កំណត់​ជា​មុន​នូវ​ចំនួន​សំណង​
ភាគី​អាច​ព្រមព្រៀង​ជា​មុន​អំពី​ចំនួន​នៃសំណង​ការ​ខូច​ខាតបាន (ប៉ុន្តែ ការ​កំណត់ដែល​ផ្ទុយនឹង​សណ្តាប់​ធ្នាប់​សាធារណៈ និង ទំនៀម​ទម្លាប់ល្អ អាច​ត្រូវ​បាន​មោឃភាព។ មាត្រា420 កថាខណ្ឌទី1)។ តាមការអនុវត្ត​ជាក់ស្តែង ការ​កំណត់​ជា​មុន​នូវ​ចំនួន​នៃសំណងនេះធ្វើឡើងដោយមូលហេតុថា ការគណនាអំពី​សំណង​នៅពេលក្រោយគឺលំបាក ហើយ​មួយទៀត គឺការកំណត់ចំនួន​ទឹកប្រាក់​ឱ្យខ្ពស់ ដើម្បី​បង្ការមិន​ឱ្យ​ភាគីម្ខាងទៀត​មិន​អនុវត្ត​កាតព្វកិច្ច។
⑤ ឧបាទេសកម្មនៃអ្នក​សង​
នៅពេលដែល​ម្ចាស់​បំណុល​បាន​ទទួល​សំណង​គ្រប់​ចំនួននៃវត្ថុ ឬ សិទ្ធិ​​ដែល​ជា​គោល​បំណង​នៃ​សិទ្ធិ​លើបំណុលរួចហើយ កូន​បំណុល​នឹង​ទទួល​បាន​ឋានៈជំនួសឱ្យ​ម្ចាស់​បំណុល​ទៅលើ​វត្ថុ និង សិទ្ធិ​លើបំណុល​នោះ។ នេះ​ហៅថា ឧបាទេសកម្ម​នៃ​អ្នក​សង (មាត្រា422⇒ សូម​យោងចំណុច 3(1) នៅខាងក្រោយ)​។ ឧទាហរណ៍ បុគ្គលម្នាក់បាន​សងការ​ខូចខាតទាំងស្រុងដល់ម្ចាស់​បំណុល ដោយសារតែ​បាន​ធ្វើ​ឱ្យ​បាត់វត្ថុដែល​ខ្លួន​យកមក​រក្សាទុក​ក្នុង​កិច្ច​សន្យា​បញ្ញើ។ ក្រោយមក បើសិនជា​វត្ថុ​នោះបាន​រកឃើញមកវិញ បុគ្គលនោះនឹងទទួលបាន​កម្មសិទ្ធិ​នៅលើវត្ថុនោះ (ជំនួស​ឱ្យ​កម្មសិទ្ធិ​ករដើម)។
(3) ការយឺតយ៉ាវក្នុងការ​ទទួលរបស់​ម្ចាស់​បំណុល
ផ្ទុយមកវិញ កូន​បំណុល​បាន​ព្យាយាមអនុវត្ត​តាមខ្លឹមសារនៃកិច្ចសន្យា​ហើយ ប៉ុន្តែ ម្ចាស់បំណុល​មិន​ព្រម​ទទួល។ ករណីនេះ គេហៅថា ការ​យឺតយ៉ាវក្នុងការ​ទទួល។ ក្រម​រដ្ឋប្បវេណី មាត្រា413 កំណត់ថា បើសិនជាម្ចាស់​បំណុលបាន​ប្រកែក ឬ មិន​ទទួល​ការ​សងដែល​កូន​បំណុល​បាន​ស្នើផ្តល់ការ​សង (មានន័យថា កូន​បំណុល​បាន​យកកម្មវត្ថុ​ទៅដល់​ផ្ទះរបស់​ម្ចាស់បំណុល បើសិនជា​កាតព្វកិច្ចដែលកូន​បំណុល​សន្យា​ថាយកទៅឱ្យ ឬ កូន​បំណុល​បានរៀបចំរួច​រាល់​ក្នុងការប្រគល់ ហើយ​បាន​ជូន​ដំណឹងទៅម្ចាស់​បំណុល បើសិនជាកាតព្វកិច្ច​ដែល​ម្ចាស់​បំណុល​សន្យាថាទៅយក) ក្នុងករណីនេះ កូន​បំណុល​នឹង​រួច​ផុតពីការ​ទទួល​ខុសត្រូវ​ចំពោះសំណង​នៃការ​មិន​អនុវត្ត​កាតព្វកិច្ច ហើយ​ករណីយកិច្ចប្រុងប្រយ័ត្ននៃការ​គ្រប់គ្រង​វត្ថុត្រូវប្តូរពី​ការ​គ្រប់គ្រង​ក្នុងនាម​ជា​អ្នក​គ្រប់គ្រងដោយ​​សុចរិត (ករណីយកិច្ច​ប្រុងប្រយ័ត្នក្នុងការ​គ្រប់គ្រង​ដោយ​សុចរិត) មកត្រឹមការ​គ្រប់គ្រង​ក្នុងនាម​ជា​របស់​ខ្លួនឯង ពោលគឺកម្រិត​នៃករណីយកិច្ច​គ្រប់គ្រង​ទាបជាងមុន (មាត្រា413 កថាខណ្ឌទី1⇒ចំពោះ«ការប្រុងប្រយ័ត្នដូចនឹងការគ្រប់គ្រងក្នុងនាមជារបស់ខ្លួនឯង» សូមយោងកិច្ចសន្យាបញ្ញើមិនយកតម្លៃថ្នូរនៅក្នុងជំពូកទី4)។ ហើយនៅពេលដែល​សោហ៊ុយ​នៃការ​អនុវត្ត​កើនឡើង ម្ចាស់​បំណុល​ត្រូវ​ទទួល​បន្ទុក​នូវចំនួននៃការ​កើនឡើងនោះ (មាត្រាដដែល កថាខណ្ឌទី2)។ ទោះបីជាមាន​ការ​ព្រមព្រៀងជា​មុនយ៉ាងណាក៏ដោយ ក៏​បន្ទុកហានិភ័យក្នុងករណីដែល​កម្មវត្ថុ​បាន​បាត់បង់នៅ​មុន​ពេល​ប្រគល់ ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ម្ចាស់​បំណុលបន្ទាប់ពីបាន​ស្នើអនុវត្តហើយ (មាត្រា567 កថាខណ្ឌទី2)។ ប៉ុន្តែ គេកំពុងតែពិភាក្សាគ្នាថា អានុភាព​ទាំងនេះ គឺជា​អានុភាព​នៃការ​​យឺតយ៉ាវក្នុងការទទួល ឬ អានុភាព​នៃការស្នើផ្តល់ការសង។
ដោយឡែក ទ្រឹស្តីជាច្រើនបាន​លើកឡើងថា ការ​យឺតយ៉ាវក្នុងការទទួល ​អាច​បង្កើត​ឱ្យមាន​អានុភាពត្រឹមកម្រិតដូចខាងលើ​ប៉ុណ្ណោះ ហើយ​មិន​ទទួល​ស្គាល់ដល់ថ្នាក់ជា «ការមិនអនុវត្ត​កាតព្វកិច្ច​» របស់ម្ចាស់​បំណុលនោះទេ (ដោយពិចារណា​ថា កាតព្វកិច្ច​ទទួល​គឺជា​កាតព្វកិច្ច ហើយពិចារណាថា មិនបាន​អនុវត្ត​កាតព្វកិច្ច​ទទួល​នោះ។ មាន​ទ្រឹស្តី​ខ្លះ​បកស្រាយ​បែបនេះ)។ ផ្ទុយមកវិញ ភាគីកូនបំណុលមិនអាចទាមទារលុបចោល ឬសំណងការខូចខាតចំពោះម្ចាស់បំណុលបានឡើយ។ ប៉ុន្តែ ទ្រឹស្តីមាន​ឥទ្ធិពលក្នុងពេលបច្ចុប្បន្ននេះមាន​គំនិតផ្ទុយពីនេះ មានន័យថា ចំពោះ​កិច្ច​សន្យា​ដែល​ម្ចាស់​បំណុលមាន​ករណីយ​កិច្ច​ទទួល​យក​ដូច​ជា​កិច្ចសន្យា​លក់ទិញជាអាទិ៍ គេ​អាច​ទទួល​ស្គាល់​ការ​មិន​អនុវត្ត​កាតព្វកិច្ច​ចំពោះ​ករណីយ​កិច្ច​នោះបាន (នៅក្រោយពេលធ្វើវិសោធនកម្ម កិច្ចសន្យា​ដែល​មានទទួលស្គាល់​អំពី​កាតព្វកិច្ច​ទទួល នឹងអាច​វាយតម្លៃថា​មានការមិនអនុវត្ត​កាតព្វកិច្ច​នោះ នៅក្នុងការ​សម្រេច​នីមួយៗ)។
3. សមត្ថភាព​របស់​ម្ចាស់​បំណុល (ការ​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ទទួល​ខុស​ត្រូវ)​
(1) ការ​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ទទួល​ខុសត្រូវ​គឺជា
ជាទូទៅ ករណី​ខ្ចីដើមទុនពីធនាគារជាដើម អ្នក​ឱ្យ​ខ្ចី​តែង​យកអ្វីមក​ដើម្បីធានា។ ប៉ុន្តែ នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ភាគីដែលជួញ​ដូរទំនិញជាមួយគ្នាជា​បន្តបន្ទាប់ ភាគ​ច្រើនម្ចាស់​បំណុល​មិន​ទាមទារ​ឱ្យមាន​ការ​ធានាចំពោះ​សិទ្ធិ​លើបំណុលនៃថ្លៃលក់ដែល​មិន​ទាន់បាន​បង់គ្រប់ពេលទាំងអស់ទេ ទោះបីជាថ្លៃលក់នោះមិនទាន់ទូទាត់ហើយសិទ្ធិលើបំណុលនោះកើនឡើងច្រើនក៏ដោយ ហើយនៅតែបន្តការជួញដូរជាមួយគ្នាជាបន្តបន្ទាប់ដោយសារតែទុក​ចិត្តគ្នា​ទៅវិញទៅមក។ ម្ចាស់បំណុលបែបនេះ ហៅថា​ម្ចាស់​បំណុល​ទូទៅ បើសិនជា​ប្រៀបធៀប​ជា​មួយ​ម្ចាស់​បំណុល​​​ដែល​ទទួលបាន​ការ​សង​ដោយ​អាទិភាពពីប្រាតិភោគ។ ដូច្នេះ ការទាមទារសិទ្ធិ​លើបំណុល​របស់​ម្ចាស់បំណុលទូទៅ​អាច​​សម្រេចបាន លុះត្រាតែ​កូនបំណុល​មាន​ទ្រព្យសម្បត្តិស្មើនឹងសិទ្ធិ​លើបំណុល​នោះប៉ុណ្ណោះ។ ទ្រព្យ​​សម្បត្តិទាំងអស់​ដែល​កូន​បំណុលអាច​ចាត់ចែង​បាន សម្រាប់ធានាការសងសិទ្ធិ​លើបំណុលរបស់​ម្ចាស់​បំណុល​ទូទៅបែបនេះ ហៅថា ទ្រព្យសម្បត្តិទទួល​ខុសត្រូវ។ ប៉ុន្តែ ទ្រព្យសម្បត្តិនេះប្រែប្រួល​ទៅតាមស្ថានភាព​របស់​កូន​បំណុល ពោលគឺ ពេលខ្លះប៉ោង ហើយពេលខ្លះធូរ ដូច​ជា​ប៉េតប៉ោងអញ្ចឹង។ ដូចនេះ បើសិនជាទ្រព្យសម្បត្តិទទួល​ខុស​ត្រូវ​របស់​កូន​បំណុលមានលើសពី 40លានរៀល ចំពោះសិទ្ធិ​លើបំណុល 40លានរៀល គឺ ការ​ទាមទារសិទ្ធិ​លើបំណុល​នោះអាច​សម្រេចបាន​ទាំងស្រុង ប៉ុន្តែ បើទ្រព្យសម្បត្តិទទួល​ខុសត្រូវ​របស់​កូន​បំណុលមាន​តែ 32លានរៀល ឬ 24លានរៀលវិញ នោះសិទ្ធិ​លើ​បំណុល​មិនអាច​ប្រមូល​បាន​ទាំង​ស្រុងនោះទេ។ ហេតុនេះហើយ ក្រម​រដ្ឋប្បវេណី​បាន​បង្កើតនូវ​ប្រព័ន្ធដែលអនុញ្ញាតឱ្យ​ម្ចាស់​បំណុលដែល​ស្ថិតនៅក្នុងគោលជំហរអស្ថិរភាពបែបនេះ អាច​អនុវត្ត​សិទ្ធិ​លើបំណុលជំនួសឱ្យកូន​បំណុល​ក្នុងករណីកំណត់មួយ ហើយ​ការ​ជ្រៀតជ្រែក​ក្នុងការ​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​កូន​បំណុលនេះ ធ្វើឡើងក្នុងគោលបំណង​រក្សា​ទំហំ​នៃទ្រព្យសម្បត្តិទទួល​ខុសត្រូវ​របស់​កូន​បំណុល។ ប្រព័ន្ធនេះគឺជា សិទ្ធិ​ឧបាទេសកម្មរបស់​ម្ចាស់​បំណុល និង សិទ្ធិ​លុបចោល​នូវអំពើដែល​នាំឱ្យ​ខូចខាត​ផលប្រយោជន៍។ ដើមឡើយ កូន​បំណុល​អាច​ចាត់ចែង​ទ្រព្យសម្បត្តិខ្លួន​ដោយ​សេរី ហេតុនេះ ការ​ជ្រៀតជ្រែករបស់​ម្ចាស់​បំណុល​ ត្រូវ​កម្រិត​ក្នុង​ទំហំនៃកម្រិតអប្បបរមានៃការរក្សាការពារ​សិទ្ធិ​លើបំណុល​របស់ខ្លួន​ប៉ុណោ្ណះ (យ៉ាងណាមិញ ពាក្យថាឧបាទេសកម្មគឺសំដៅ​ទៅលើ​ការទទួល​យកឋានៈជំនួស ហេតុនេះ វាមានខ្លឹមសារខុសគ្នានឹងការតំណាង។ សូមយោង «ឧបាទេសកម្មដោយការសង» នៅក្នុងជំពូកនេះ II 6(2)④ )។
(2) សិទ្ធិ​ឧបាទេសកម្ម​របស់​ម្ចាស់​បំណុល
① សញ្ញាណទូទៅ​
ម្ចាស់​បំណុល A មាន​សិទ្ធិលើបំណុលនៃថ្លៃលក់ចំនួន 40លានរៀល ចំពោះកូន​បំណុល B។ ដោយឡែក B បែរជា​មានសិទ្ធិលើបំណុលដែលមិន​ទាន់ប្រមូលចំនួន 60លានរៀល ចំពោះកូន​បំណុល C (បើមើលពី A វិញ C គឺជា​កូន​បំណុលទី3) ហើយគ្មានទ្រព្យ​សម្បត្តិ​អ្វី​ផ្សេងពីនេះទេ។ ហើយ B មិនអើពើក្នុងការ​ទាមទារសិទ្ធិលើបំណុលដែលមាន​ចំនួន 60លានរៀលនេះ ពី C នោះទេ ហេតុនេះ បើនៅតែ​ទុកចោលបែបនេះ សិទ្ធិ​លើ​បំណុល​នេះ​អាច​នឹង​ត្រូវ​រលត់​ដោយអាជ្ញាយុកាល។ នៅក្នុងករណីបែបនេះ សិទ្ធិឧបាទេសកម្ម​របស់​ម្ចាស់​បំណុល គឺជាសិទ្ធិដែលអនុញ្ញាត​ឱ្យ​ A ទទួលយកឋានៈជំនួសឱ្យ B ហើយ​ទាម​ទារ​សិទ្ធិលើបំណុលចំពោះ C (មាត្រា423)។ មានន័យថា សិទ្ធិឧបាទេសកម្ម​របស់​ម្ចាស់​បំណុល គឺម្ចាស់​បំណុល​អាច​អនុវត្ត​សិទ្ធិ​ចំពោះ​កូន​បំណុល​ទី3 ជំនួសឱ្យកូន​បំណុលបាន (សិទ្ធិដែលត្រូវបានធ្វើឧបាទេសកម្ម) ក្នុងករណីដែល​ចាំបាច់​ដើម្បី​រក្សាការពារ​សិទ្ធិ​លើ​បំណុល​របស់ខ្លួន (នេះជាការអនុវត្ត​សិទ្ធិ​ដោយ​ផ្ទាល់​របស់​ម្ចាស់បំណុល ហើយ​មិន​មែន​ជា​ការអនុវត្ត​ក្នុង​នាម​អ្នក​តំណាងនោះទេ)។
https://gyazo.com/91791c89e419f60ab2246b220049c1a8
② អានុភាព​
ក្នុងករណីនេះ A អាច​ប្រមូល​ក្នុងទំហំនៃសិទ្ធិ​លើ​បំណុលរបស់ខ្លួន ពោលគឺត្រឹមកម្រិត 40លានរៀល (មាត្រា423.2)។ ដើមឡើយ ការប្រមូលសិទ្ធិ​លើបំណុល​ជំនួស គឺត្រូវ​តែ​យក​ទៅប្រគល់ឱ្យ B ជាមុន​សិន ប៉ុន្តែ ករណី​របស់​ដែល​ប្រមូលបាន​នោះគឺជាប្រាក់វិញ A អាច​ទទួលយកការ​សងដោយអាទិភាពជាក់ស្តែងបាន តាមរយៈ​ការទូទាត់​ (ជំពូកនេះ II.6(5)) ប្រាក់នោះជាមួយនឹង​សិទ្ធិលើបំណុលរបស់ខ្លួន (មាត្រា423.3)។
③ ទំហំនៃការអនុវត្ត និង លក្ខខណ្ឌនៃការអនុវត្ត​
សិទ្ធិ​ឧបាទេសកម្មរបស់​ម្ចាស់​បំណុល ក៏អាច​អនុវត្ត​ចំពោះសិទ្ធិ​ជាក់​លាក់​ក្រៅពីសិទ្ធិ​លើ​បំណុល​ជា​ប្រាក់ផងដែរ (សិទ្ធិ​លើបំណុល​ដែល​ទាមទារ​ឱ្យ​ផ្តល់តាវកាលិកជាក់លាក់ក្រៅពីការបង់ជាប្រាក់។ ឧទាហរណ៍ សិទ្ធិជួល ឬ សិទ្ធិ​ទាមទារ​ឱ្យ​ចុះបញ្ជី​ផ្ទេរ ជាអាទិ៍)។ ឧទាហរណ៍ A បាន​ជួល​ដីពី B ហើយជនដែល​គ្មាន​សិទ្ធិ C បាន​ចាប់ផ្តើមប្រើប្រាស់ដីនោះដោយ​ចិត្តឯង ហើយ​បាន​បំពានដល់សិទ្ធិ​ជួល​របស់ A ក្នុងករណីនេះ សិទ្ធិ​ជួល​របស់ A គឺជាសិទ្ធិលើបំណុល ហេតុនេះ A មិន​អាច​តតាំង​ចំពោះ​តតិយជនឡើយ (ពោលគឺ C) ដរាបណាមិន​ទាន់បាន​ចុះបញ្ជី (មាត្រា605) ឬ បំពេញ​អានុភាព​តតាំង​ផ្សេងទៀត។ ដូចនេះ A អាចអនុវត្ត​សិទ្ធិទាមទារ​ឱ្យបញ្ឈប់ការ​រារាំងរបស់ B (ដោយសារតែ B ជាកម្មសិទ្ធិករនៅលើដី ហេតុនេះ គាត់មាន​សិទ្ធិ​ទាមទារ​ឱ្យបញ្ឈប់ការ​រារាំង​ដោយ​ផ្អែក​លើ​កម្ម​សិទ្ធិ​បាន) ចំពោះ C ដោយឧបាទេសកម្ម ដើម្បី​រក្សាការពារ​សិទ្ធិ​ជួល​របស់ខ្លួន​ដែលមាន​ចំពោះ B បាន។ ប៉ុន្តែ ម្ចាស់​បំណុល​មិនអាច​អនុវត្ត​សិទ្ធិឧបាទេសកម្មចំពោះ សិទ្ធិដែល​មាន​តែ​កូន​បំណុល​ផ្ទាល់​ទើបអាចអនុវត្តបាន ដូចជា សិទ្ធិទាមទារ​ឱ្យ​លែង​លះរបស់​កូន​បំណុលជាដើម (សិទ្ធិ​ផ្តាច់មុខផ្ទាល់​ក្នុងការអនុវត្ត) និង សិទ្ធិ​ដែល​ហាម​មិន​ឱ្យ​រឹប​អូសនោះទេ (វាក្យខណ្ឌទី2 កថាខណ្ឌ1 នៃមាត្រា423)។
យ៉ាងណាមិញ សិទ្ធិ​ឧបាទេសកម្មអាច​អនុវត្ត​បានតែ​ក្នុងករណីដែលមាន​ភាព​ចាំបាច់​ដើម្បី​រក្សាការ​ពារ​សិទ្ធិ​លើបំណុល​របស់​អ្នក​អនុវត្ត​សិទ្ធិ​ឧបាទេសកម្មប៉ុណ្ណោះ ដោយសារ​តែ នេះ​ជាការ​ជ្រៀតជ្រែក​ដល់​ការ​ចាត់ចែង​សិទ្ធិ​របស់​អ្នកដទៃ។ ដូច្នេះ បើសិទ្ធិ​ជា​សិទ្ធិ​លើបំណុល​ដែល​ត្រូវ​បានរក្សាការពារ គឺជាសិទ្ធិ​លើបំណុល​ជាប្រាក់ ក្នុងករណី​នេះ លក្ខខណ្ឌជាមូលដ្ឋាននៃការអនុវត្ត​សិទ្ធិឧបាទេសកម្ម គឺកូន​បំណុលអសាធនភាព។ ប៉ុន្តែ បើសិនជាសិទ្ធិ​លើ​បំណុលដែល​ត្រូវ​បាន​រក្សាការពារ គឺជា​សិទ្ធិ​លើបំណុល​ជាក់លាក់ ដូច​ជាសិទ្ធិ​ទាមទារ​ឱ្យ​ចុះបញ្ជី​ផ្ទេរជាដើម ក្នុងករណីនេះ សិទ្ធិ​ឧបាទេសកម្មអាច​អនុវត្ត​ទៅបាន បើសិនជាគ្មាន​វិធីផ្សេងដើម្បី​រក្សាការពារសិទ្ធិ ហើយអសាធនភាព​នៃ​កូន​បំណុលមិនមែនជា​បញ្ហាទៀតនោះទេ (មាត្រា423.7)។ ​
(3) សិទ្ធិ​លុបចោល​នូវ​អំពើ​ដែល​នាំឱ្យ​ខូចខាត​ផលប្រយោជន៍
① សញ្ញាណទូទៅ​
សិទ្ធិ​លុបចោល​នូវ​អំពើដែល​នាំឱ្យ​ខូច​ខាតផលប្រយោជន៍ ឬ អាចហៅម៉្យាងទៀតថា សិទ្ធិ​លុប​ចោល​របស់​ម្ចាស់បំណុល។ ឧទាហរណ៍ដូចខាងលើនេះ B មានទ្រព្យសម្បត្តិដែល​ជា​ដីតែមួយគត់ដែលមាន​តម្លៃប្រហែល 200លាន​រៀល ហើយ B បាន​ប្រទានកម្ម​ដីនោះទៅឱ្យ D ដែល​ជា​សាច់​ញាតិរបស់ខ្លួន ដើម្បីគេចពីការទាមទារ​របស់​ម្ចាស់បំណុល ហើយ B បាន​ក្លាយ​ជា​អសាធនភាព។ ក្នុងករណីនេះ ដើម្បីរក្សាការពារនូវ​សិទ្ធិ​លើ​បំណុល​ចំនួន 40លាន​រៀល របស់ខ្លួន A អាចលុប​ចោល​កិច្ចសន្យា​ប្រទានកម្មរវាង B និង D បាន ក្នុងនាម​ជា​អំពើដែល​នាំឱ្យ​ខូចខាត​ផល​ប្រយោជន៍ (មាត្រា424)។ តាមរយៈនេះ សិទ្ធិ​លុបចោល​នូវ​អំពើ​ដែល​នាំឱ្យ​ខូច​ខាតផលប្រយោជន៍ គឺជា​ប្រព័ន្ធ​ដែល​មាន​គោលបំណងលុប​ចោលនូវអំពើ​ដែល​នាំឱ្យ​ខូចខាតផលប្រយោជន៍ ហើយ​បង្វែរទ្រព្យសម្បត្តិដែល​បាន​ចាកចេញ​ពីទ្រព្យសម្បត្តិ​ទទួល​ខុសត្រូវ​របស់​កូន​បំណុលចូលមកក្នុងនោះវិញ (ឧទាហរណ៍ ការបង្វែរទំហំនៃទ្រព្យសម្បត្តិទទួលខុសត្រូវឱ្យដូចដើមវិញ ករណីដែលកូនបំណុលបានបន្ថយទំហំទ្រព្យនោះដោយចេតនា)។
② អានុភាព
ជាគោលការណ៍ សិទ្ធិ​លុបចោល​នូវ​អំពើ​ដែល​នាំឱ្យ​ខូច​ខាតផលប្រយោជន៍ អាចអនុវត្ត​បាន​ក្នុង​ទំហំ​ដែល​​ប៉ះពាល់​ដល់​សិទ្ធិ​លើបំណុល​របស់​ម្ចាស់​បំណុល​ខ្លួន​ឯងប៉ុណ្ណោះ។ ដូចនេះ សិទ្ធិ​លើបំណុលចំនួន 40លានរៀល របស់​ម្ចាស់​បំណុល A អាចលុបចោលត្រឹមកម្រិតនៃទឹកប្រាក់ 40លានរៀលនេះ ប៉ុណ្ណោះ ចំពោះ​​ប្រទានកម្ម​នូវ​ទំ​ហំទឹកប្រាក់ 200លានរៀល ដែ​ល B បាន​ផ្ទេរទៅឱ្យ D (មាត្រា424.8)។ ប៉ុន្តែ ដីគឺមិន​អាចបែងចែកទេ ពោលគឺត្រូវ​លុបចោល​នូវ​ប្រទានកម្មទាំងស្រុង ហើយលក់ដោយបង្ខំនូវដីដែល​ត្រឡប់មកជារបស់Bវិញ ហើយ A ប្រមូល​បំណុល​​ចំនួន 40លានរៀល ពីថ្លៃលក់ដោយបង្ខំនោះ។ ក្នុងករណីនេះ ម្ចាស់​បំណុល​ទូទៅផ្សេងទៀតក្រៅពី A ក៏​អាច​ចូល​រួមប្រមូល​បំណុលបានដែរ ពោលគឺ ការ​ចូល​រួមចែក​ចំណែក។
https://gyazo.com/15472d84a4ee733e184260caf7e45b17
សាលក្រម​ស្ថាពរនៃសិទ្ធិ​លុបចោល នឹង​មាន​អានុភាពចំពោះកូន​បំណុល និង ម្ចាស់​បំណុលទាំងអស់ (មាត្រា425) ប៉ុន្តែ ករណីសិទ្ធិ​លើបំណុលជាប្រាក់វិញ នឹងមាន​លទ្ធផលដូចគ្នានឹងករណីសិទ្ធិ​ឧបាទេសកម្មដែរ ដែល​ជាក់​ស្តែង​ម្ចាស់​បំណុល​ដែល​បាន​អនុវត្ត​សិទ្ធិ​លុបចោល អាច​ទទួលបាន​ការប្រមូល​បំណុល​ដោយ​អាទិភាព។ ឧបមាថា ម្ចាស់​បំណុល A បានលុប​ចោល​នូវ​អំពើដែល​នាំ​ឱ្យ​ខូច​ខាតផលប្រយោជន៍ ដោយការ​ផ្តល់តាវកាលិកជាប្រាក់ជាដើម ក្នុងករណីនេះ ម្ចាស់​បំណុល A អាច​ទាមទារ​ឱ្យ​ប្រគល់តាវកាលិកនោះមកខ្លួនផ្ទាល់ជាមុនសិនបាន ដោយមូលហេតុ​ថា កូន​បំណុល B អាច​នឹង​ប្រកែក​មិន​ព្រម​ទទួលយក​នូវ​ប្រាក់ដែល​បដិទានមកវិញជាអាទិ៍ (មាត្រា424.9)។ ហើយ​ម្ចាស់​បំណុល A អាច​ទូទាត់​នូវ​ប្រាក់​ដែល​បាន​ទទួលមកនោះ ជាមួយនឹង​សិទ្ធិ​លើបំណុល​ដែល​ខ្លួន​អាច​ទាមទារ​ចំពោះ B បាន​ (ជំពូកនេះ II.6(5)) ហើយ​តាមរយៈនេះ ម្ចាស់​បំណុល​បាន​ទទួលការ​សង​ដោយ​អាទិភាព។
③ លក្ខខណ្ឌ
សិទ្ធិ​លុបចោលនូវ​អំពើ​ដែល​នាំ​ឱ្យ​ខូច​ខាតផលប្រយោជន៍ គឺខុសពីសិទ្ធិឧបាទេសកម្ម ត្រង់ថា សិទ្ធិ​លើ​បំណុលដែល​ត្រូវ​បាន​រក្សាការពារគឺចាំបាច់​ត្រូវជា​សិទ្ធិ​លើបំណុលជាប្រាក់។ លក្ខខណ្ឌនៃអំពើដែល​នាំឱ្យខូច​ខាត​នូវ​ផល​ប្រយោជន៍នេះ ត្រូវ​មានលក្ខខណ្ឌសត្យានុម័តដែលជាស្ថានភាព​នៃ​អំពើនោះត្រូវ​មាន​ភាព​បំពាន​ផលប្រយោជន៍ (សូម​យោងមាត្រា424.2 និងមាត្រា424.3 ជាអាទិ៍) និង ត្រូវ​មាន​លក្ខខណ្ឌ​អត្តនោម័តដែលជា​ឆន្ទៈបំពាន​ប្រយោជន៍​ចំពោះ​ម្ចាស់​បំណុលរបស់​អ្នក​ធ្វើអំពើ និង ភាព​ទុច្ច​រិត​របស់អ្នក​ដែល​បាន​ទទួល​ផលប្រយោជន៍។ យ៉ាងណា​មិញ សិទ្ធិ​ឧបាទេសកម្ម​អាច​ធ្វើ​ឡើងក្រៅផ្លូវ​តុលាការបាន ប៉ុន្តែ សិទ្ធិ​លុបចោលនេះ (អានុភាពមាន​អំណាចខ្លាំង​ជាង) ត្រូវ​តែ​ធ្វើ​ឡើង​តាម​ផ្លូវ​តុលា​ការ។
④ អំឡុងពេល​ដាក់ពាក្យ​បណ្តឹង
ការ​ធ្វើបណ្តឹង​នៃ​សិទ្ធិ​លុបចោលនូវ​អំពើ​ដែល​នាំ​ឱ្យ​ខូច​ខាត​ផលប្រយោជន៍មិន​អាច​ធ្វើ​ទៅបានឡើយ បើសិនជា​អំឡុងពេល 2ឆ្នាំបានកន្លងផុតគិត​ចាប់ពីពេលដែល​ម្ចាស់​បំណុល​បាន​ដឹង​អំពីមូលហេតុនៃការលុបចោល ឬ 10ឆ្នាំគិតចាប់ពីពេលដែលបានប្រព្រឹត្តអំពើ (មាត្រា426)។
https://gyazo.com/7c6886188c35454bd007224649fd3920
4. ទំនាក់​ទំនង​សិទ្ធិ​លើបំណុល​នៃ​ភាគី​ច្រើននាក់​
(1) ចំណុច​ដែល​ត្រូវ​សិក្សា​អំពី​ទំនាក់​ទំនង​នៃភាគី​ច្រើននាក់
នៅទីនេះ យើងមិន​ផ្តោតទៅលើ​ករណីម្ចាស់​បំណុលម្នាក់ជាមួយ​កូន​បំណុល​ម្នាក់នោះទេ តែជា​ករណី​ដែល​នៅ​ក្នុង​កិច្ចសន្យា​មួយដែល​មាន​ម្ចាស់​បំណុល ឬ កូន​បំណុល​ច្រើននាក់ ហេតុនេះ បញ្ហាដែល​បង្កពីភាគី​ច្រើននាក់​នឹង​កើត​មាន​ឡើង។ ចំណុចនេះមាន​ប្រភេទជា​ច្រើនដូចជា កាតព្វកិច្ចវិភាគីយ៍ និង សិទ្ធិ​លើ​បំណុល​អវិភាគីយ៍ ជាអាទិ៍។ ប៉ុន្តែ ឧបមាថា ភាគី​កូន​បំណុលមាន​ច្រើននាក់ ហើយ​ខ្លឹមសារនៃ​សិទ្ធិ​លើ​បំណុល​គឺជា​ប្រាក់ ក្នុងករណីនេះ ចំណុច​បញ្ហាអាច​មាន 3 ​ដូច​តទៅនេះ។ (1) តើម្ចាស់​បំណុល​អាច​ទាមទារ​ចំពោះ​កូន​​បំណុល​ច្រើននាក់ដោយរបៀបណា ហើយទាមទារ​ចំនួនប៉ុន្មាន? នេះហៅថាទំនាក់​ទំនងខាងក្រៅ។ (2) ហេតុ​ដែល​កើតមាន​ឡើង​រវាង​ម្ចាស់​បំណុលនិងកូនបំណុលម្នាក់ក្នុងចំណោមកូន​បំណុលជា​ច្រើន ឧបមាថា ម្ចាស់​បំណុល​បាន​លើកលែង​បំណុល​ចំពោះកូន​បំណុលម្នាក់ តើ​វាមាន​ឥទ្ធិពល​បែបណា​ដល់​កូន​បំណុល​ផ្សេងទៀត? នេះហៅថា ទំនាក់​ទំនង​ឥទ្ធិពល។ (3) បើកូន​បំណុលម្នាក់បាន​សងបំណុលរួចហើយ តើ​កូន​បំណុល​ម្នាក់​នោះទាមទារពីកូន​បំណុលផ្សេងវិញរបៀបណា? នេះហៅថា ទំនាក់​ទំនងទាមទារ​ឱ្យសងនៅ​ផ្ទៃក្នុង​របស់​កូន​បំណុល។ ចំណុចដំបូង យើង​នឹង​ចាប់​ផ្តើមវែកញែកទៅ​តាម​ប្រភេទនីមួយៗនៃ​ទំនាក់​ទំនង​ភាគីច្រើនចំពោះ​ចំណុច​ទាំង 3នេះ។ ចំណុចបន្ទាប់គឺ យើងនឹង​មើល​អំពីមុខងារនៃការធានា​សិទ្ធិ​លើបំណុលត្រូវបានបំពេញនៅក្នុងទំនាក់ទំនងដែល​ភាគី​មានច្រើននាក់។ ទោះបីជាបែបនេះក៏ដោយ គ្រប់ប្រភេទកាតព្វកិច្ចទាំងអស់ មិនសុទ្ធតែមានមុខងារនេះទេ ។ មុខងារ​នៃ​ការ​ធានា​មាន​សារៈ​សំ​ខាន់ខ្លាំង​ចំពោះ​កាតព្វកិច្ចដោយ​សាមគ្គីភាពដែលលេចឡើងនៅចុងបញ្ចប់នៃមាត្រារហូតដល់ចំណុចទី២ ហើយ​​ចំពោះ​កាតព្វ​កិច្ច​នៃការ​ធានា គឺអាចនិយាយបាន​ថា ការ​បង្កើត​ឱ្យមាន​ភាគី​ច្រើនរូបគឺដើម្បី​បម្រើមុខ​ងារនៃការធានានេះឯង។
(2) សិទ្ធិ​លើបំណុលវិភាគីយ៍ និង កាតព្វកិច្ច​វិភាគីយ៍
ក្រម​រដ្ឋប្បវេណីកំណត់ថា ក្នុងករណី​ដែលមាន​កូន​បំណុល និង ម្ចាស់​បំណុល​ច្រើន​នាក់ ចំពោះ​សិទ្ធិលើ​បំណុល​តែ​មួយ ប្រសិនបើ​ភាគី​មិន​មាន​ការ​ព្រមព្រៀងពិសេសទេ ជាគោល​ការណ៍ កូន​បំណុល និង ម្ចាស់​បំណុល​នីមួយៗអាច​ទាមទារ​ឱ្យ​បែង​ចែក​បាន (មាត្រា427)។ ហើយការ​បែង​ចែក​នេះ​ត្រូវសន្មតថាស្មើៗគ្នា បើសិនជា​ភាគី​មិន​បាន​កំណត់​ពិសេស។ ឧទាហរណ៍ បើសិនជាកូន​បំណុល 3នាក់​បានខ្ចីប្រាក់​ពីធនាគារចំនួន 120លានរៀល ក្នុងករណីនេះ កូនបំណុលនីមួយៗត្រូវ​មាន​កាតព្វកិច្ច 40លានរៀលម្នាក់ (កាតព្វកិច្ច​វិភាគីយ៍) ហើយបើសិនជាបុគ្គល 2នាក់បានលក់វត្ថុអវិភាគរបស់ខ្លួនទៅឱ្យកូន​បំណុលតែម្នាក់ ក្នុងតម្លៃ 120លានរៀល ក្នុងករណីនេះ បុគ្គល​ម្នាក់ៗមាន​សិទ្ធិ​លើបំណុល​ជា​ទឹកប្រាក់ថ្លៃលក់ទិញ ម្នាក់60លានរៀល (សិទ្ធិលើ​បំណុល​វិភាគីយ៍)។ ប៉ុន្តែ បើសិនជា​ទទួល​ស្គាល់​គោលការណ៍​នេះ​ជ្រុលពេក ជា​ពិសេសករណី​កាតព្វកិច្ច​វិភាគីយ៍ ភាគច្រើនវានឹង​អាច​មាន​លទ្ធផល​មិន​ល្អ​ចំពោះ​ម្ចាស់​បំណុល (សូមយោង (4) កាតព្វកិច្ច​សាមគ្គីភាព ខាងក្រោយនេះ)។
(3) សិទ្ធិ​លើបំណុល​អវិភាគីយ៍ និង កាតព្វកិច្ចអវិភាគីយ៍
បើសិនជាមិន​អាច​បែង​ចែក​តាវកាលិកបានដោយសារតែលក្ខណៈ​នៃកម្មវត្ថុ ក្នុង​ករណីនេះ ការ​អនុវត្ត​ត្រូវ​ធ្វើ​ទាំង​មូលតែម្តង ដោយ​មិន​អាច​បែង​ចែកជាសិទ្ធិលើ​បំណុល​វិភាគីយ៍ និង កាតព្វកិច្ច​វិភាគីយ៍​នោះទេ (សូមយោងមាត្រា428 និងមាត្រា430)។ ឧទាហរណ៍ នៅក្នុង​កិច្ចសន្យា​លក់ទិញរថយន្តមួយគ្រឿង ដែលមាន​អ្នកទិញ 2នាក់ ក្នុង​ករណីនេះ រថយន្តមិនអាចបែងចែកជាពាក់កណ្តាលនោះទេ ហេតុនេះ បើសិនជា​បុគ្គលណាមួយ​បាន​ទទួល​ការ​ប្រគល់រួចហើយ តាមរយៈនេះ បុគ្គល​ម្នាក់ទៀតនឹង​សន្មតថាបាន​ទទួល​ការ​ប្រគល់ដូច​គ្នា (សិទ្ធិ​លើ​បំណុល​អវិភាគីយ៍។ ចំពោះថ្លៃឈ្នួលដែល​បាន​ជួលឱ្យ C នូវ​បន្ទប់ដែល​ជាកម្មសិទ្ធិ​អវិភាគរបស់ A និង B ក៏ជា សិទ្ធិ​លើបំណុល​អវិភាគីយ៍ផងដែរ ហេតុនេះ មិន​អាច​បង់ត្រឹមពាក់កណ្តាលនោះទេ)។ អ្នកលក់ 2នាក់ មាន​កម្ម​សិទ្ធិ​អវិភាគ​លើរថយន្តមួយគ្រឿង ហើយ​អ្នកទិញមាន​តែម្នាក់ ក្នុងករណីនេះ ប្រសិនបើ​អ្នកលក់ណាម្នាក់បាន​ប្រគល់​រថ​យន្តទៅឱ្យអ្នក​ទិញ ហើយតាមរយៈនេះ អ្នក​លក់ម្នាក់​ផ្សេងទៀតក៏ត្រូវ​សន្មតថា បាន​អនុវត្ត​កាតព្វកិច្ច​ផងដែរ (កាតព្វកិច្ចអវិភាគិយ៍)។
(4) កាតព្វកិច្ច​ដោយសាមគ្គីភាព
① អត្ថន័យ​នៃកាតព្វកិច្ច​ដោយ​សាមគ្គីភាព
ខ្ញុំយល់ថា កាតព្វកិច្ចធានាជារឿង​ដែលសំខាន់​បំផុត​នៅ​ក្នុង​ជីវភាព​ពិតរបស់​បុគ្គលម្នាក់ៗ ប៉ុន្តែ យើងចាំបាច់​ត្រូវ​ដឹងអំពី កាតព្វកិច្ច​ដោយ​សាមគ្គីភាពជាមុន​សិន។ ឧបមាថា B C និង D បាន​ខ្ចីប្រាក់​ពីធនាគារ A ចំនួន 360លានរៀល ក្នុងគោល​បំណង​បើកហាងរួមគ្នា។ ដូចបាន​រៀបរាប់ពីមុន ក្រម​រដ្ឋប្បវេណីបានកំណត់ថា បើសិនជាម្ចាស់​បំណុល​ដែលជា​ធនាគារ A និង កូន​បំណុល 3នាក់ទៀត មិនបាន​សម្រេច​ជា​មុន​នោះទេ បំណុលនេះនឹង​ក្លាយ​ជា​កាតព្វកិច្ច​វិភាគីយ៍។ ការបែង​ចែក​នេះគឺជាគោលការណ៍ (មាត្រា427)។ បើសិនជា​កាតព្វកិច្ចនេះជាកាតព្វកិច្ច​វិភាគីយ៍ នៅពេល​កំណត់ពេលបានមកដល់ A អាច​ទាមទារ​ឱ្យ B C និង D ​សងចំនួន 120លានរៀលម្នាក់បាន។ ដូចនេះ ឧបមាថា នៅពេល​កំណត់សងនេះ B បានបាត់ខ្លួន ឬ ក្លាយ​ជា​អសាធនភាពជាដើម ក្នុងករណីនេះ ម្ចាស់​បំណុលអាច​ទាមទារ 120លានរៀលម្នាក់ ពីកូន​បំណុល 2នាក់ប៉ុណ្ណោះ ប៉ុន្តែ មិនអាច​ប្រមូលបំណុល 120លានរៀលទៀត ពី B នោះទេ។ ដូច្នេះហើយ ម្ចាស់​បំណុល​នឹង​ជួបការ​លំបាក ហេតុនេះ A អាចឱ្យ B C និង D ខ្ចីប្រាក់ 360លានរៀល ដោយធ្វើ​កិច្ចសន្យា​ជា​កាតព្វកិច្ច​ដោយ​សាមគ្គីភាពបាន។ បើធ្វើបែបនេះ នៅពេលដែលកំណត់ពេលសងមកដល់ A អាចទាមទារ B ក៏បាន C ក៏បាន ឬ D ក៏បាន ឱ្យ​សងប្រាក់ចំនួន 360លានរៀល ទាំងអស់បាន។ ប្រាកដហើយថា ម្ចាស់​បំណុល​មិន​អាច​ទាមទារឱ្យសង​សរុបរហូតដល់ទៅ 1080លានរៀលនោះទេ។ កាតព្វកិច្ច​ដោយសាមគ្គីភាព សំដៅទៅលើករណី​ដែល​កូន​បំណុល​នីមួយៗ​មាន​ករណីយកិច្ច​ត្រូវសងនូវ​ប្រាក់​ទាំងអស់ ហេតុនេះ A អាច​ជ្រើសរើសឱ្យ B C ឬ D សងប្រាក់​ទាំងអស់ក៏បាន ឬ ទាមទារ​ឱ្យសង​ដោយ​បែង​ចែក​ចំនួនយ៉ាងម៉េចក៏បានដែរ (មាត្រា436 គឺមាន​ន័យ​បែបនេះ)។
នេះគឺជា ករណីដែលក្រមរដ្ឋប្បវេណីបាន​កំណត់អំពី ស្ថានភាពដែលកូន​បំណុល​ដោយសាមគ្គីភាពមានឆន្ទៈសាមគ្គីភាព​ជា​អត្តនោម័ត (នៅក្នុង​ឧទាហរណ៍​ខាងលើនេះ កូន​បំណុលដោយសាមគ្គីភាព​បាន​បង្ហាញឆន្ទៈខ្ចីប្រាក់ ដោយ​មាន​បំណង​បើក​ហាង​រួមគ្នា។ នេះហៅថា ភាគីមាន​ «ទំនាក់​ទំនងរួម​ជាអត្តនោម័ត»)។ ពិតប្រាកដហើយ ការ​ទទួលយកជា​កាតព្វកិច្ច​ដោយ​សាមគ្គីភាព ឬ យ៉ាងណានោះ គឺ​ជា​សេរីភាព​របស់​ភាគី ហើយ​ភាគី​អាច​ព្រមព្រៀង​ពិសេសផ្សេងទៀតដោយ​ស្ម័គ្រចិត្ត ប៉ុន្តែប្រសិនបើចុះ​កិច្ចសន្យា​ដោយយកកាតព្វកិច្ច​ដោយសាមគ្គីភាព គឺនឹងក្លាយទៅជាបែបនេះ។ ក្នុងករណីនេះ នៅ​ក្នុង​ទំនាក់​ទំនងផ្ទៃក្នុង​រវាងកូន​បំណុលខ្លួនឯង កូន​បំណុល​អាច​សម្រេចអំពី​ភាគនៃ​បន្ទុកចុងក្រោយបាន(⇒ពាក្យគន្លឹះ៖ចំណែកនៃបន្ទុក) ឧបមាថា 120លានរៀលក្នុងម្នាក់ជាអាទិ៍ ប៉ុន្តែ ម្ចាស់​បំណុលនៅតែ​អាច​ទាមទារ​ចំពោះកូន​បំណុល​ណាក៏បាន នូវ​ចំនួន​ទឹក​ប្រាក់​ទាំង​អស់នោះ។ ចំពោះម្ចាស់បំណុល បើទោះបីជា​មាន​កូន​បំណុលណាម្នាក់បាត់ខ្លួនក៏ដោយ ក៏ខ្លួននៅតែអាច​ប្រមូល​បំណុល​ពីកូន​បំណុលផ្សេងទៀតបាន ហេតុនេះ អានុភាព​នៃ​សិទ្ធិ​លើ​បំណុល​ត្រូវ​បាន​ពង្រឹងជាងមុន ឬនិ​យាយម៉្យាងទៀតថា កូន​បំណុល​ត្រូវ​ធានាកាតព្វកិច្ច​ចំពោះ​គ្នា​ទៅវិញទៅមក។
ពាក្យគន្លឹះ៖ ចំណែកនៃបន្ទុក
ចំណែកនៃបន្ទុកគឺជា​ភាគរយនៃបន្ទុក។ ដូ​ចនេះ ករណីដែល​មាន​កូន​បំណុលសាមគ្គីភាព 3នាក់ដែលជា B C និង D ចំពោះកាតព្វកិច្ច 360លានរៀល នោះចំណែក​នៃ​បន្ទុកម្នាក់ៗ ក្នុង​ករណីគ្មាន​ការ​កំណត់​ពិសេសគឺ 120លានរៀល ស្មើៗគ្នា។ ក្នុងស្ថានភាពនេះ បើសិនជា B បាន​បង់ប្រាក់ 72លានរៀល ឱ្យទៅម្ចាស់​បំណុល ក្នុង​ករណីនេះ B អាច​ទាមទារ C និង D សងប្រាក់​ក្នុងម្នាក់ចំនួន 24លានរៀល មកឱ្យខ្លួនបាន។ ប៉ុន្តែ សូមនិយាយដដែលៗ ដើម្បី​កុំ​ឱ្យ​ច្រឡំត្រង់ចំណុចថា កូន​បំណុល​នីមួយៗនៃ​កាតព្វកិច្ច​ដោយសាមគ្គីភាពមាន​ករណីយកិច្ច​សងប្រាក់​ទាំង​អស់​ (360លានរៀល) ឱ្យ​ទៅម្ចាស់​បំណុល ហើយបើសិនជាកូន​បំណុល​ណាមួយ បានសងលើសរហូត​ដល់​ចំណែកកូន​បំណុលផ្សេង​ដទៃ កូន​បំណុល​នោះអាច​ទាមទារឱ្យសងវិញចំពោះកូន​បំណុលដូចគ្នាបាន ប៉ុន្តែ នៅក្នុង​ទំនាក់​ទំនង​ជាមួយម្ចាស់​បំណុល កូន​បំណុលនីមួយៗ​មិនអាច​អះអាងថាខ្លួន​​សងប្រាក់​ត្រឹមចំណែកនៃបន្ទុករបស់​ខ្លួន​នោះទេ។
② ហេតុនៃអានុភាព​ដាច់ខាតនៃកាតព្វកិច្ចដោយ​សាមគ្គីភាព
នៅ​ក្នុង​កាតព្វកិច្ច​ដោយ​សាមគ្គីភាព បាន​យកទំនាក់​ទំនង​ជា​អត្តនោម័តនៃកូន​បំណុល​ដូច​គ្នាធ្វើ​ជា​បុរេ​លក្ខ​ខណ្ឌ។ ហេតុនេះហើយ ហេតុដែល​បាន​កើតឡើង​រវាង​ម្ចាស់​បំណុល និង កូនបំណុលម្នាក់ ដែលធ្វើឱ្យ​មាន​ឥទ្ធិពល​ណា​មួយ​ដល់​កូន​បំណុលផ្សេងទៀត​ គឺមានលក្ខណៈសមហេតុផល។ ឧទាហរណ៍ ហេតុទាំងនេះរួមមាន ការ​សង (បើសិនជាកូន​បំណុល​ណាម្នាក់​បាន​សងមួយផ្នែក នោះចំនួនទឹកប្រាក់​ដែល​កូន​បំណុល​ដោយសាមគ្គីភាព​ផ្សេងទៀតត្រូវសង គឺ​ជាចំនួន​ដែល​នៅ​សល់) នវកម្ម (មាត្រា513) និង ការ​ទូទាត់ (ចាប់ពីមាត្រា505) ជាអាទិ៍។ ប៉ុន្តែ នៅ​ក្នុង​​វិសោធនកម្ម​ច្បាប់​ឆ្នាំ2017 មាន​កែប្រែហេតុមួយ​ចំនួន​ដែលធ្លាប់មាន​ឥទ្ធិពល​ចំពោះ​កូន​បំណុលដោយ​សាមគ្គីភាពផ្សេងទៀត (ហៅថា ហេតុនៃ​អានុភាព​ដាច់ខាត) ទៅជាគ្មាន​ឥទ្ធិ​ពល​ចំពោះកូន​បំណុល​ដោយ​សាមគ្គីភាពផ្សេងទៀត (ហៅថា ហេតុនៃ​អា​នុភាព​មិន​ដាច់ខាត) ទៅវិញ (ប្រសិនបើគ្មានបញ្ញត្តិថាជាអានុភាពដាច់ខាតទេ ជាគោលការណ៍គឺជាអានុភាពមិនដាច់ខាត)។ ①ដំបូង គឺការ​ទាមទារ​ឱ្យ​អនុវត្ត​ (មាត្រា434 អំពីហេតុ​នៃអានុភាពដាច់​ខាតមុនវិសោធនកម្មច្បាប់ ត្រូវ​បាន​លុបចោល)។ មូលហេតុគឺ កាតព្វកិច្ចដោយសាមគ្គីភាព​មាន​ប្រភេទជា​ច្រើនខុសៗគ្នា ហេតុនេះ បើសិនជា​ទទួលស្គាល់​អំពី​អានុភាព​ដាច់​ខាតជាទូទៅចំពោះ​កាតព្វកិច្ច​ដោយសាមគ្គីភាព ក្នុងករណី​នេះ កូន​បំណុល​ដោយ​សាមគ្គីភាព​ដែល​មិន​បាន​ទទួល​ការ​ទាមទារ​ឱ្យ​អនុវត្ត​ អាច​ក្លាយ​ជាការ​អនុវត្ត​យឺតយ៉ាវ ឬ អំឡុងពេលរលត់ដោយ​អាជ្ញាយុកាលត្រូវបាន​បន្តសារជាថ្មីទាំង​កូន​បំណុល​នោះមិន​បានដឹង។ ②បន្ទាប់មកគឺ ការ​លើកលែងក៏ដូចគ្នាដែរ (មាត្រា437 អំពីហេតុ​នៃអានុភាពដាច់​ខាតមុនវិសោធនកម្មច្បាប់ ត្រូវ​បាន​លុបចោល)។ ពីព្រោះ យើងយល់ឃើញថា ឆន្ទៈជាទូទៅ​របស់​ម្ចាស់​បំណុល​ដែល​លើកលែង​បំណុល​ឱ្យ​កូន​បំណុល​ដោយ​សាមគ្គីភាព​ណាម្នាក់ គ្មាន​បំណង​ចង់ឱ្យមាន​ឥទ្ធិពល​ដល់​កូន​បំណុល​ដោយ​សាមគ្គីភាព​ផ្សេងទៀតនោះទេ។ ③ចំណុច​ចុងក្រោយមួយទៀតគឺ ការ​សម្រេច​អាជ្ញាយុកាលចំពោះ​កូន​បំណុល​ដោយ​សាមគ្គីភាព​ណាម្នាក់ (មាត្រា439 អំពីហេតុ​នៃអានុភាពដាច់​ខាតមុនវិសោធនកម្មច្បាប់ ត្រូវ​បាន​លុបចោល)។ តាមរយៈនេះ មុខងារធានានៃ​កាតព្វកិច្ចដោយ​សាមគ្គីភាព​ត្រូវ​បាន​ពង្រឹង។ ចំណុចផ្សេងទៀត ដូច​ជា ហេតុនៃការ​រាប់​អាជ្ញាយុកាល​សារជាថ្មី ហេតុនៃការបង្អង់អាជ្ញាយុកាល កំហុសរបស់​កូន​បំណុល​សាមគ្គីភាព​ណាម្នាក់ ការ​អនុវត្ត​យឺតយ៉ាវ អានុភាព​នៃ​សាល​ក្រមដែល​បាន​ចេញ​ចំពោះ​កូន​បំណុលណាម្នាក់ និងអានុភាព​នៃការ​ជូន​ដំណឹង​ទៅ​កាន់​កូន​បំណុល​ណា​ម្នាក់ ជា​អាទិ៍ ត្រូវ​មាន​អានុភាព​មិន​ដាច់​ខាតទាំងអស់។
(5) កាតព្វកិច្ច​ធានា
① សញ្ញាណទូទៅ
បន្ទាប់​ពីយល់អំពីខ្លឹមសារខាងលើរួចហើយ ខ្ញុំនឹង​រៀប​រាប់បន្តអំពីកាតព្វកិច្ច​ធានា។ នេះជាចំណុចដែលតំណាងឱ្យការធានា​ដោយ​បុគ្គលដូចបានលើកឡើងពីខាងដើម ប៉ុន្តែនៅពេល​ក្លាយ​ខ្លួន​ជា​អ្នកធានា ត្រូវតែប្រុង​ប្រយ័ត្នហើយប្រយ័ត្នទៀត។ នៅក្នុងការធានា មាន​ការ​ធានាធម្មតា និង ការ​ធានាដោយ​សាមគ្គីភាព ហើយជាពិសេស ការ​ធានាដោយ​សាមគ្គីភាពនេះត្រូវ​ប្រុង​ប្រយ័ត្នជាងគេ។ ពាក្យថា ការធានានេះ យើង​បាន​ឮជា​ញឹក​ញាប់នៅ​ក្នុង​ជីវភាពរស់​នៅប្រចាំថ្ងៃ ហើយ​ប្រហែល​ជា​អាច​យល់​ខ្លឹមសារមួយ​កម្រិតដែរ ប៉ុន្តែ បញ្ហាត្រង់ថា តើ​ការ​យល់​នោះ​ត្រឹមត្រូវ​ដែរឬទេ? ខ្ញុំនឹង​ពន្យល់បណ្តើរ និង សាកល្បងការយល់ដឹងនេះបណ្តើរ។
យ៉ាងណាមិញ កាតព្វកិច្ច​ធានា គឺភ្ជាប់ជាមួយ​នឹង​កាតព្វកិច្ច​ចម្បង ហើយ​មាន​វាសនារួមគ្នា។ ​នេះមានន័យថា បើសិនជា​កាតព្វកិច្ច​ចម្បងបាន​រលត់​ដោយសារ​ការសង នោះ​កាតព្វកិច្ចធានាក៏រលត់ដែរ ហើយ​បើសិនជា​កាតព្វកិច្ច​ចម្បង​ត្រូវបាន​លុបចោល នោះ​កាតព្វកិច្ចធានាក៏​ត្រូវ​បាត់បង់ដែរ (នេះហៅថា ភាពបន្ទាប់បន្សំនៃ​កាតព្វ​កិច្ច​ធានា)។
② កិច្ចសន្យា​ធានា និង កាតព្វកិច្ចធានា
ឧបមាថា A គឺជា​ម្ចាស់​បំណុល និង B គឺជា​កូនបំណុល ហើយ B ពឹងពាក់ឱ្យ C ជួយធ្វើ​ជា​អ្នក​ធានា ក្នុងករណីនេះ តើ C ត្រូវ​ចុះកិច្ចសន្យា​ជាមួយអ្នកណា? ចម្លើយគឺ មិនមានចុះជាមួយ B ទេ។ កិច្ចសន្យា​ធានានេះគឺ ត្រូវចុះជាមួយ A ដែលជា​ម្ចាស់​បំណុល។ លើសពីនេះ បើសិនជា B បាននិយាយថា «ខ្លួនមានអ្នក​ធានាផ្សេងទៀតដែរ ហេតុនេះ ខ្ញុំមិន​នាំ​ការ​លំបាកដល់​អ្នកនោះទេ» ហើយករណីដែល C​ក្លាយ​ខ្លួនជា​អ្នកធានា ប៉ុន្តែ ធាតុពិតគឺគ្មាន​អ្នក​ធានា​ផ្សេងទៀតនោះទេ ក្នុងករណីនេះក៏ដោយ ក៏អ្នកធានាមិន​អាច​បញ្ឈប់កិច្ចសន្យា​ជាមួយ A ដែល​គ្មានទំនាក់ទំនង​អ្វីទាល់តែសោះជាមួយស្ថានភាពនោះទេ។ យ៉ាងណាមិញ កន្លងមកក្រមរដ្ឋប្បវេណី​បាន​ទទួលស្គាល់ការ​បង្កើត​កិច្ចសន្យា​ធានាទោះបីជា​គ្មាន​លិខិតកិច្ចសន្យា​ក៏ដោយ ប៉ុន្តែ វិសោធនកម្មឆ្នាំ2004 បានកែប្រែបញ្ញត្តិនេះទៅជា កិច្ចសន្យា​ធានានឹងមិន​កើត​មាន​អានុភាពឡើយ បើសិនជា​មិន​បាន​ធ្វើ​ជាលាយលក្ខ័អក្សរទៅវិញ ដោយសារ​បានពិចារណា​អំពីការ​ការពារដល់​អ្នក​ធានាដែល​ត្រូវ​ទទួល​បន្ទុកតែ​ម្ខាង​តាមរយៈ​កិច្ចសន្យា​ធានា (មាត្រា446 កថាខណ្ឌទី2។ ដោយ​ឡែក លិខិតជាលាយលក្ខណ៍អក្សរនេះអាច​ធ្វើ​ជា​ទម្រង់អេឡិចត្រូនិចក៏បានដែរ។ មាត្រាដដែល កថាខណ្ឌទី3)។ បន្ទាប់មក នៅពេលការកំណត់ពេល​សងបាន​មកដល់ A បាន​ទាមទារ​ឱ្យ C សង។ នៅក្នុងករណីនេះ តើ C អាច​និយាយថា សូម​ទៅទាមទារពី B ជាមុន​សិន​ទៅបានដែរឬទេ? ចម្លើយគឺ អ្នក​ធានាធម្មតាអាច​និយាយបែបនេះបាន ប៉ុន្តែ អ្នក​ធានា​ដោយ​សាមគ្គីភាព​មិន​អាច​និយាយបែបនេះនោះទេ។
https://gyazo.com/d27840557f80b10d90034850656bf60a
③ អ្នក​ធានាធម្មតា និង អ្នក​ធានា​ដោយ​សាមគ្គីភាព
នៅក្នុងមាត្រា446 កំណត់ថា អ្នក​ធានាសំដៅទៅលើ​បុគ្គល​ដែល​ទទួល​បន្ទុក​អនុវត្ត​កាតព្វកិច្ចរបស់​កូនបំ ណុល ក្នុង​ករណី​ដែល​កូន​បំណុល​ចម្បង​មិន​អនុវត្ត​កាតព្វកិច្ច (នេះហៅថា ភាពបំពេញបន្ថែមនៃកាតព្វកិច្ច​ធានា)។ ប៉ុន្តែ នេះ​ជា​ករណី​នៃការ​ធានាធម្មតា មានន័យថា អ្នក​ធានាមានសិទ្ធិ​តវ៉ាចំនួន 2។ ទីមួយគឺ ការតវ៉ាឱ្យដាស់តឿន ដែល​ជា​ការតវ៉ា​ឱ្យ​ម្ចាស់​បំណុល​ទាមទារពី​កូន​បំណុល​ចម្បង​ជាមុន និង ទីពីរគឺ ការតវ៉ាឱ្យស្រាវជ្រាវ ដែល​ជា​ការ​តវ៉ា​ឱ្យ​ម្ចាស់​បំណុល​អនុវត្ត​ដោយ​បង្ខំទៅលើ​ទ្រព្យសម្បត្តិ​ដែល​កូនបំណុល​ចម្បង​មាន​ជាមុន។ មានន័យថា អ្នកធានា​ស្ថិត​នៅពីក្រោយខ្នងរបស់កូន​បំណុល​ចម្បង ប៉ុន្តែ ប្រសិនបើវាជា​ទំនាក់​ទំនងនៃ​កូន​បំណុល​ចម្បងជាមួយ​នឹង​អ្នក​ធានា​ដោយ​សាមគ្គីភាពវិញ ក្នុង​ករណីនេះ សិទ្ធិ​តវ៉ាទាំង​ពីរខាងលើនេះនឹង​ត្រូវ​បាត់បង់ ហើយ​ទំនាក់​ទំនង​របស់​អ្នក​ធានា​ដោយ​សាមគ្គីភាពជា​មួយ​ម្ចាស់​បំណុល គឺដូច​គ្នា​នឹងទំនាក់​ទំនង​កូន​បំណុល​ដោយ​សាមគ្គីភាពដែល​បាន​រៀប​រាប់​ខាងលើនេះ (មាត្រា454, មាត្រា458)។ ពោលគឺ អ្នក​ធានាដោយ​សាមគ្គីភាពឈរទន្ទឹមគ្នា​ជាមួយ​កូន​បំណុល​ចម្បង ហើយនៅពេលដែល​កំណត់ពេលសងមកដល់ ម្ចាស់​បំណុល​អាច​ទាមទារ​ប្រាក់ទាំង​អស់ពីអ្នក​ធានា​ដោយ​សាមគ្គីភាពតែម្តង ដោយ​មិន​ចាំបាច់យកកូន​បំណុលចម្បងធ្វើ​ជា​ភាគី​ម្ខាងទៀតតាំងពីដំបូងនោះទេ។
សូម​ប្រុងប្រយ័ត្នត្រង់​ចំណុចនេះថា មាន​អ្នក​ខ្លះយល់ច្រឡំ​ថាអ្នក​ធានាដោយសាមគ្គីភាព មាន​ភាពងាយ​ស្រួល​ជាងអ្នក​ធានាធម្មតា ដោយសារ​តែបន្ទុកនៃការ​ធានាត្រូវ​បែងចែក​ជាមួយ​អ្នក​ផ្សេងច្រើននាក់។ ប៉ុន្តែ វាផ្ទុយស្រឡះពីការពិត។
④ ការធានារួម
យ៉ាងណាមិញ ករណីមានអ្នកធានាច្រើននាក់ ហៅថា ការធានារួម។ ការធានារួមនៅ​ក្នុង​ការធានាធម្មតា​ គឺមាន​ផលប្រយោជន៍នៃការ​បែង​ចែក​នូវ​បន្ទុក ហើយ​ផលប្រយោជន៍នេះ សំដៅ​ទៅលើ​ការ​បែង​ចែក​បន្ទុក​រវាង​អ្នក​ធានាច្រើននាក់ (មាត្រា456។ ពោលគឺ បើមានអ្នកធានា 2រូប ចំពោះកាតព្វកិច្ចចំនួន 760លានរៀល ក្នុងករណីនេះ បន្ទុកម្នាក់ៗគឺ 80លានរៀល)។ ប៉ុន្តែ ករណី​ធានាដោយ​សាមគ្គីភាពវិញ បើទោះបីជា​មាន​អ្នកធានាផ្សេងទៀតប៉ុន្មាននាក់​ក៏ដោយ ក៏ម្ចាស់​បំណុល​អាច​ទាមទារ​ពី​អ្នក​ធានាណាតែម្នាក់ ឱ្យសងប្រាក់​មុនគេនូវ​ចំនួនទឹកប្រាក់ទាំងអស់បានដែរ ហើយ​ដូច​គ្នា​នឹង​ករណីកាតព្វកិច្ច​ដោយសាមគ្គីភាព​ដែល​បាន​រៀបរាប់ពីមុន (ទោះបីជាមាន​អ្នក​ធានាដោយ​សាមគ្គីភាព 2នាក់ ចំពោះកាតព្វកិច្ចចំនួន 160លានរៀលក៏ដោយ ក៏​អ្នក​ធានាដោយ​សាមគ្គីភាព​នីមួយៗមាន​ករណីយ​កិច្ច​សងប្រាក់ទាំងអស់ចំនួន 160លានរៀល ដែរ បើសិនជា​ទទួលបាន​ការ​ទាមទារ​ពីម្ចាស់​បំណុល។ សូមចងចាំថា ការធានាដោយ​សាមគ្គីភាពមិន​មែនសំដៅលើ​ការ​សាមគ្គីរួមគ្នាជា​មួយ​អ្នក​ធានាដូចគ្នានោះទេ ប៉ុន្តែ វា​ជា​ការ​សាមគ្គីភាព​ជាមួយ​នឹង​កូន​បំណុល​ចម្បង)។
⑤ ការធានាបំណុល​អណ្តែត(ការធានាជាបន្តបន្ទាប់)
ដើមឡើយ ការធានា គឺជាប្រព័ន្ធ​ដែល​មាន​គោលបំណងធានានូវ​ការសងកាតព្វកិច្ច​ចម្បងជាក់​លាក់​មួយ។ ប៉ុន្តែ ឧទាហរណ៍ថា ម្ចាស់​បំណុល​ និង កូនបំណុលប្រកបកិច្ចការជំនួញជាមួយ​គ្នាជាបន្តបន្ទាប់ (សូមគិតថា ជាទំនាក់​ទំនងមួយដែល​ទិញទំនិញជាប្រចាំ ហើយ​សងប្រាក់នៅរៀងរាល់ចុងខែនីមួយៗ) ហើយ​ចំនួន​កាតព្វកិច្ចមាន​ឡើងមានចុះទៅតាមខែនីមួយៗ។ នៅក្នុងករណីបែបនេះ ប្រសិនបើយើងចុះកិច្ចសន្យា​ធានាកាតព្វកិច្ចគ្រប់ពេល​នីមួយៗ គឺ វាគួរឱ្យ​ធុញណាស់។ ដូចនេះ យើង​អាច​បង្កើតកិច្ចសន្យា​ធានាក្នុងទំហំមួយ​ដែល​កំណត់អំពីកម្រិត​នៃ​ចំនួនទឹកប្រាក់ជាក់លាក់ និង អំឡុងពេល (ឧទាហរណ៍ថា រយៈពេល 3ឆ្នាំ ត្រឹមទឹកប្រាក់ខ្ពស់បំផុតចំនួន 1200លានរៀល ជាអាទិ៍) ដើម្បីធានា​កាតព្វកិច្ច​របស់​កូន​បំណុល​នោះបាន។ ​នេះហៅថា ការធានាបំណុល​អណ្តែត។ លើស​ពីនេះ នៅក្នុង​ន័យទូលាយ គេបាន​ពិចារណា​អំពី​គោល​គំនិតនៃការធានាជាបន្តបន្ទាប់ ដែល​ជាទម្រង់មួយសម្រាប់​ធានានូវ​កាតព្វកិច្ច​បង់ថ្លៃឈ្នួលនៃកិច្ចសន្យា​ជួល​ក្នុងអំឡុងពេលជាក់លាក់ បន្ថែម​ពី​ការធានាបំណុល​អណ្តែតខាង​លើនេះ។
ការធានាបំណុល​អណ្តែតនេះ ជា​ការធានាដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង ងាយស្រួលជាងការធានាដាច់ដោយ​​ឡែក ហេតុនេះ នៅក្នុងការអនុវត្ត​ជាក់ស្តែងគេ​និយមប្រើប្រាស់​ការធានាបែបនេះ។ ប៉ុន្តែ បើយើងមើលពី​ជ្រុង​ម្ខាងទៀតវិញ អ្នក​ធានាបំណុល​អណ្តែត​នឹង​មាន​បន្ទុកកាន់តែធំតែ​ម្ខាងក្នុង​រយៈពេលមួយ​ដ៏វែង។ ដូចនេះ នៅក្នុង​វិ​សោធនកម្មឆ្នាំ2004 គេបានរៀបចំនូវ​បញ្ញត្តិថ្មីដែល​កម្រិត​នូវអានុភាពនៃកិច្ចសន្យា​ធានាបំណុល​អណ្តែតចំពោះ​កម្ចី​ប្រាក់​ជាបុគ្គលឯកជនជាអាទិ៍ ដើម្បីការពារដល់​អ្នក​ធានាបំណុល​អណ្តែតឯកជន (មាត្រា465.2 ដល់មាត្រា465.5)។ ហេតុនេះហើយ កិច្ចសន្យា​ដែល​គ្មាន​កំណត់​អំពី​កម្រិតអតិបរិមាត្រូវ​ចាត់ទុកថាមោឃភាព ហើយការទទួល​ខុស​ត្រូវ​របស់​អ្នក​ធានាបំណុល​អណ្តែត គឺ​កម្រិត​ត្រឹមកាលបរិច្ឆេទស្ថាពរនៃប្រាក់ដើម ហើយអំឡុងពេលការធានាខ្ពស់បំផុត គឺ 5ឆ្នាំ បើមាន​កំណត់ក្នុង​កិច្ចសន្យា និងចាត់ទុកថាអំឡុងពេល 3ឆ្នាំ បើគ្មាន​កំណត់​ក្នុងកិច្ចសន្យា។ លើសពីនេះ នៅ​ក្នុង​វិសោធនកម្មឆ្នាំ2017 បាន​ពង្រីក​ទៅ​ដល់​គ្រប់ប្រភេទកិច្ចសន្យាធានាបំណុលអណ្តែតទាំងអស់ ដើម្បី​ការពារ​ដល់​អ្នក​ធានាជា​ឯកជន ហើយ​កិច្ចសន្យា​ធានាជាបុគ្គលឯកជនដែលមិន​បាន​កំណត់​កម្រិត​អតិបរិមាត្រូវចាត់ទុកថា មោឃភាពទាំងអស់ (វិសោធនកម្ម មាត្រា465.2)។​
⑥ ការធានាដោយស្ថាប័ន
ថ្មីៗនេះ មាន​ស្ថាប័នធ្វើ​អាជីវកម្ម​ធានាដែលត្រូវបានបង្កើតឡើងដោយច្បាប់ពិសេស។ ឧទាហរណ៍ សមាគម​ផ្តល់ការ​ធានា​ឥណទាន មាននៅទូទាំងប្រទេស បាន​ទទួលកម្រៃសេវាធានាពីសហគ្រាស​ធុនតូច និង ធុនមធ្យម ហើយ​សមាគមនោះ​នឹង​ក្លាយជា​អ្នកធានា ដើម្បីផ្តល់ជំនួយដល់​សហគ្រាស​ធុន​តូច និង ធុនមធ្យម ក្នុងការ​ខ្ចីដើម​ទុន​ពី​ស្ថាប័នហិរញ្ញវត្ថុ។ ប៉ុន្តែ ដើម្បី​ធានានិរន្តរភាពនៃ​ស្ថាប័នរបស់ខ្លួន សមាគមផ្តល់ការ​ធានា​ឥណទានតែងតម្រូវ​ឱ្យ​កូន​បំណុល​ចាត់តាំង​អ្នកធានាដោយ​សាមគ្គីភាពផ្សេងទៀត ឬ ចុះកិច្ចសន្យា​ដែល​ផ្តល់​ផលប្រយោ​ជន៍​ដល់​សមាគម​ក្នុង​ការ​ទាមទារ​ឱ្យសងវិញនៅដំណាក់​កាលចុងក្រោយក្នុង​កិច្ចសន្យា​ផ្តល់ការធានានេះ។
⑦ ការធានារូបវន្តបុគ្គល
កិច្ចសន្យា​ធានារូប​វន្តបុគ្គល​ ដែល​ឪពុកម្តាយធានាឱ្យកូន​របស់ខ្លួន​នៅពេល​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ជាអាទិ៍ គឺមាន​លក្ខណៈ​ខុសគ្នាបន្តិចបន្តួចនឹង​ការ​ធានានៅទីនេះ។ ការធានានៅទីនេះ​ សំដៅ​ទៅលើការ​ធានា​ដោយយក​ចំនួន​កាតព្វកិច្ចរបស់​កូន​បំណុល​ចម្បងធ្វើ​ជា​កម្មវត្ថុ។ ប៉ុន្តែ កិច្ចសន្យា​ធានារូប​វន្តបុគ្គល សំដៅ​ទៅលើកិច្ចសន្យា​ធានាការ​ខូច​ខាតមួយប្រភេទ ដែល​ធានាដល់​ការ​សង​សំណងក្នុងករណីដែល​សាមីខ្លួន​ដែល​បានបម្រើការងារ​នោះ បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ក្រុមហ៊ុន ហើយ​អ្នក​ធានាមិនអាច​បាន​ដឹង​ជា​មុន​អំពី​ចំនួន​សំណងនោះទេ។ ក្នុង​ករណីបែបនេះហើយ ទើប​ច្បាប់​ពិសេសស្តីពីការធានារូបវន្តបុគ្គល (ឆ្នាំ1933) បាន​តាក់តែង​ឡើង ដោយសារ​ព្រួយបារម្ភ​ថា បន្ទុករបស់​អ្នក​ធានានឹងធ្ងន់ហួសហេតុ។ ច្បាប់នេះបាន​ការពារមិន​ឱ្យអ្នក​ធានា​ទទួល​បន្ទុកធ្ងន់ហួសហេតុពេកដោយកម្រិត​អំពី​អំឡុងពេល​មាន​អានុភាព​របស់​កិច្ចសន្យា និង ភ្ជាប់ករណីយកិច្ច​ឱ្យ​និយោជក​ត្រូវ​ជូន​ដំណឹង​ទៅ​អ្នក​ធានា នៅពេល​ដែលសាមីខ្លួន​ផ្លាស់​ប្តូរ​ប្រភេទនៃការងារ ជាអាទិ៍។
⑧ ការការពារអ្នក​ធានា​ដោយបុគ្គលចំពោះកាតព្វកិច្ច​អាជីវកម្ម
វិសោធនកម្មច្បាប់ឆ្នាំ2017 បាន​តាក់តែង​ថ្មីនូវ​បញ្ញត្តិដែល​ការពារ​ដល់​អ្នក​ធានា ចំពោះ​កិច្ចសន្យា​ធានា​ដោយ​បុគ្គលឯកជនចំពោះ​កាតព្វកិច្ច​ទាក់ទងនឹង​អាជីវកម្ម ដោយបន្តឹងនូវ​លក្ខខណ្ឌទម្រង់ និង ករណីយកិច្ចរបស់​កូន​បំណុល​​ចម្បង។
ដំបូង វិសោធនកម្មច្បាប់បាន​កំណត់ថា បើសិនជាបុគ្គល​ឯក​ជន​ធានា​អំពី​កាតព្វកិច្ច​ទាក់ទងនឹង​អាជីវកម្ម ក្នុង​ករណីនេះ ការ​បញ្ជាក់​អំពី​ឆន្ទៈ​នៃការ​ធានានេះ​ត្រូវ​ធ្វើយ៉ាង​តឹងរ៉ឹង ហើយ​ការ​បង្ហាញឆន្ទៈ​ធានា​ដែល​មិន​បាន​ធ្វើ​ដោយ​លិខិតយថាភូត ត្រូវ​ចាត់ទុកថាមោឃភាព (ច្បាប់​វិសោធនកម្ម មាត្រា465.6)។ នេះមានន័យថា ចំពោះ​កាតព្វកិច្ចអាជីវកម្ម​ដែល​មាន​ចំនួន​ទឹកប្រាក់ច្រើន និង ហានិភ័យខ្ពស់ គឺ​ត្រូវ​បញ្ជាក់​ឆន្ទៈនៅចំពោះ​មុខ​របស់មន្ត្រីសារការី។
ប៉ុន្តែ វាមានករណីលើកលែង។ គេហៅថា ការធានាដោយអ្នកគ្រប់គ្រងពាណិជ្ជកម្ម។ ពោលគឺ ប្រសិនបើ​កូន​បំណុល​ចំបងគឺជា​នីតិបុគ្គល ហើយអ្នក​ធានាគឺជា​បុគ្គលឯកជនដែល​ជា អភិបាល ប្រធាន ឬ នាយក​ប្រតិបត្តិនៃនីតិបុគ្គលនេះ ជា​អាទិ៍ ក្នុងករណីនេះ គេមិន​ចាំបាច់​បញ្ជាក់​ឆន្ទៈ​ដោយ​លិខិត​យថាភូតនោះទេ (ច្បាប់វិសោធនកម្ម មាត្រា465.9 ចំណុច1)។ ចំពោះករណីលើកលែងមួយទៀតគឺ អ្នក​ធានាជាអ្នក​សហការអាជីវកម្មជាមួយ​នឹង​កូន​បំណុល​ចម្បងដែល​មិន​មាន​ជា​នីតិបុគ្គល ឬ ជា «សហព័ទ្ធ​របស់​កូន​បំណុល​ចម្បងដែល​កំពុងបម្រើការងារ» នៅក្នុងអាជីវកម្ម​របស់​កូន​បំណុល​ចម្បងនោះ (ច្បាប់​វិសោធនកម្ម មាត្រា465.9 ចំណុច3)។ នៅក្នុងចំណោម​ករណីទាំងពីរខាងលើនេះ ចំ​ពោះការធានាដែល​ជាសហព័ទ្ធ​របស់​កូន​បំណុល គឺនៅមាន​បញ្ហាមួយ​ចំនួន។ ចំពោះលក្ខ​ខណ្ឌថា
«កំពុងបម្រើការងារ» នេះ ចុះបើសហព័ទ្ធនោះ​គ្រាន់​តែ​មាន​ឈ្មោះជា​បុគ្គលិកប៉ុណ្ណោះ តើករណី​បែប​នេះ​ត្រូវ​សម្រេច​ដូច​ម្តេច? ជា​ទូទៅ សហព័ទ្ធ​មាន​ការលំបាក​ក្នុងការ​បដិសេធមិនព្រមក្លាយ​ជា​អ្នកធានា ហើយ​វា​អាចមាន​ហានិភ័យ​ដល់​ការបែក​បាក់​គ្រួសារទៀត ហេតុនេះហើយ ខ្ញុំយល់ថា ទោះបីជា​ដាក់ឱ្យ​អនុវត្ត​ហើយ​ក៏ដោយ ក៏នៅមាន​ចំណុចដែល​ត្រូវ​ពិភាក្សា​ដែរ។
មួយវិញទៀត ច្បាប់​វិសោធនកម្ម​បាន​កំណត់​អំពី​ករណីយកិច្ចថ្មី​ដែល​កូន​បំណុលចម្បង ត្រូវ​មាន​ករណីយ​កិច្ច​ផ្តល់​នូវ​ព៌ត័មាន​អំពី​ទ្រព្យសម្បត្តិ និង ស្ថានភាពចំណូល​ចំណាយ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​ធានាដែល​ជា​បុគ្គល​ឯក​ជន នៅពេល​ចុះកិច្ចសន្យា ចំពោះការធានាកាតព្វកិច្ច​ទាក់ទងនឹង​អាជីវកម្ម (ច្បាប់​វិសោធនកម្ម មាត្រា465.10)។ អ្នក​ធានា​អាច​លុបចោល​កិច្ចសន្យា​ធានាបាន បើសិនជាកូនបំណុលមិនបាន​ផ្តល់ព័ត៌មាន​ខាងលើនេះ ឬ បាន​ផ្តល់​ព៌តមាន​ដែល​មិន​ត្រឹមត្រូវ ដើម្បី​ឱ្យ​អ្នក​ធានាផ្តល់ការ​យល់​ព្រម​ដោយ​ជឿជាក់ខុស ហើយម្ចាស់​បំណុល​បាន​ដឹង ឬ អាច​ដឹង​អំ​ពី​ស្ថានភាព​ទាំងនេះ (មាត្រាដដែល កថាខណ្ឌទី2)។
⑨ ការធានាដោយ​វត្ថុ
ដោយ​ឡែក នៅទីនេះខ្ញុំនឹង​ពន្យល់ជា​មុន​អំពី ​អ្នក​ធានាដោយ​វត្ថុ។ ទោះបីជាគេហៅថា ការធានាក៏ដោយ ក៏វា​មានលក្ខណៈខុសគ្នា​ទាំងស្រុង​ទៅនឹង​ការ​ធានា​តាមនីតិសិទ្ធិ​លើបំណុល​ដែរ។ អ្នក​ធានា​ដោយ​វត្ថុ សំដៅទៅលើ «អ្នក​ដែល​បាន​ផ្តល់​វត្ថុ​ធានា​សម្រាប់​បុគ្គលដទៃ» នៅក្នុងករណី​តតិយជន​ក្រៅពី​កូន​បំណុលបាន​ដាក់​វត្ថុ​ធានាដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួនដើម្បី​កូន​បំណុល។ ឧបមាថា A ជា​ម្ចាស់បំណុល និង B ជា​កូន​បំណុល ហើយ C បាន​បង្កើតហ៊ីប៉ូតែកលើដីរបស់ខ្លួន​ឱ្យ​ A ដើម្បីធានាឱ្យ B ជាអាទិ៍ (ជំពូកទី7 II (1))។ ពោលគឺ អ្នក​ធានាមាន​កាតព្វកិច្ច​ធានានូវ​កាតព្វកិច្ច​របស់​កូន​បំណុល​ចម្បង ប៉ុន្តែ អ្នក​ធានាដោយ​វត្ថុគ្រាន់​តែ​ទទួល​ខុសត្រូវ​ត្រឹម​កម្រិត​នៃ​វត្ថុ​ធានាដែល​បាន​ផ្តល់ ហើយ​មិន​មាន​កាតព្វកិច្ច​សង​ចំពោះ​ម្ចាស់​បំណុលទេ (មានន័យថា បើសិនជា B មិន​អាច​សង​បាន​ទេ C គ្រាន់តែបាត់បង់ដី ដោយសារ​ A អនុវត្ត​ហ៊ីប៉ូតែក ប៉ុន្តែ C មិនមាន​ករណីយកិច្ច​សង​ដោយ​ផ្ទាល់ជា​អាទិ៍នោះទេ)។
5. អនុប្បទានសិទ្ធិ​លើ​បំណុល​
(1) សញ្ញាណ​ទូទៅ
នៅទីនេះ យើង​នឹង​លើកអំពី​បញ្ហានៃការ​ផ្ទេរសិទ្ធិ​លើបំណុល។ សិទ្ធិ​លើបំណុល​ដែល​ជា​បញ្ហា​នៅទីនេះ គឺជា​សិទ្ធិ​លើ​បំណុល​ធម្មតា ដែល​ជា​សិទ្ធិ​លើបំណុល​នៃប្រាក់កម្ចី​ចំនួន 40លានរៀល ដែល​ A មាន​លើ B (រហូត​ដល់​មានពេល​វិសោធនកម្មឆ្នាំ2017 គេបានហៅថា «សិទ្ធិ​លើ​បំណុល​ដែល​មាន​កំណត់​ឈ្មោះ»)។ សូម​ប្រយ័ត្នថា វា​ខុសគ្នា​ពីឧបករណ៍​ដែល​អាច​ជួញដូរបាន​ ដែល​ជា​កម្មវត្ថុ​នៅក្នុង​វិស័យច្បាប់​ពាណិជ្ជកម្ម (នៅក្នុងវិសោធនកម្ម​ច្បាប់ឆ្នាំ2017 បាន​រៀប​ចំនូវ​បញ្ញត្តិ​ទូទៅ​ស្តីពី​ឧបករណ៍ដែល​អាច​ជួញដូរបាន នៅចាប់ពីមាត្រា520.2)។ ឧបករណ៍​ដែលអាច​ជួញដូរបាន ដូចជា រូបិយាណត្តិ ឬ មូល​ប្បទានប័ត្រ ជាដើម បានយក​ ​សិទ្ធិលើបំណុលដែលជាសិទ្ធិ​របស់​មនុស្សចំពោះមនុស្សមកសរសេរលើសន្លឹកមូលបត្រ ហើយសិទ្ធិ​លើ​បំណុលនោះត្រូវបាន​ផ្ទេរ តាមរយៈការ​ចារនៅខ្នងនៃសន្លឹកប័ណ្ណ និង ការ​ផ្ទេរសន្លឹកប័ណ្ណនេះ។ នេះ​ជា​វិធីមួយ​ដែលអាច​ធ្វើ​ឱ្យ​សិទ្ធិ​លើ​បំណុល​មាន​លំហូរយ៉ាង​សកម្ម។ ប៉ុន្តែ សិទ្ធិ​លើ​បំណុល​ដែល​មាន​កំណត់​ឈ្មោះ មិន​អាចក្លាយ​ជាឧបករណ៍ដែល​អាច​ជួញដូរបាន​បែបនេះទេ។ ទោះ​បីជា​មាន​លិខិត​បញ្ជាក់​សិទ្ធិ​លើបំណុល​ក៏ដោយ ក៏លិខិតនេះគ្រាន់តែ​ជា​ឯកសារបញ្ជាក់​អំពីសិទ្ធិ​លើបំណុល ហើយការ​ផ្ទេរសិទ្ធិ​ត្រូវ​ធ្វើ​ឡើង​តាមរយៈការ​ព្រមព្រៀង​របស់​ភាគី (អនុប្បទានគឺមាន​អានុភាព បើទោះបីជា​គ្មាន​ការ​ធ្វើ​លិ​ខិត​កិច្ចសន្យា​អនុប្បទាន និង ការ​ប្រគល់​លិខិត​បញ្ជាក់​សិទ្ធិ​លើបំណុល​ក៏ដោយ)។
នៅដើមសម័យកាលនៃច្បាប់រ៉ូម៉ាំង មិន​បាន​ទទួលស្គាល់​ការធ្វើ​អនុប្បទានដោយសេរីនោះទេ ដោយសារគិតថា សិទ្ធិ​លើបំណុល​គឺជា​ច្រវ៉ាក់ច្បាប់​ដែល​ភ្ជាប់បុគ្គលនិងបុគ្គល ប៉ុន្តែ នៅក្នុង​ក្រម​រដ្ឋប្បវេណីបច្ចុប្បន្ន ទោះបីជា​ប្រទេស​ណាក៏ដោយ ក៏ទទួលស្គាល់ការធ្វើ​អនុប្បទាន​ដោយសេរីនៃសិទ្ធិលើបំណុលផងដែរ (មាត្រា466 កថាខណ្ឌទី1)។ ពាក្យថា អាច​អនុប្បទានបានដោយសេរី សំដៅទៅលើ ការ​ផ្ទេរដែល​ម្ចាស់​បំណុល​អាច​ព្រមព្រៀងជាមួយ​បុគ្គល​ណា​ផ្សេង ហើយផ្ទេរសិទ្ធិ​លើបំណុល​ទៅ​ឱ្យ​បុគ្គលផ្សេងនោះ ដោយ​មិន​ពិចារណា​អំពីឆន្ទៈរបស់​កូនបំណុលនោះទេ។ ក្នុងករណីនេះ អ្នក​ធ្វើ​អនុប្បទានហៅថា អនុប្បាទាយី ហើយអ្នក​ទទួល​អនុប្បទានហៅថា អនុប្បទានិក។ ដូច្នេះ ​អនុប្បទានសិទ្ធិ​លើបំណុល សំដៅទៅលើកិច្ចសន្យា​រវាង​អនុប្បទាយី និង អនុប្បទានិកដែល​បាន​ផ្ទេរ​សិទ្ធិ​លើ​បំណុល​ដោយមិន​ផ្លាស់ប្តូរលក្ខណៈដើម តាមរយៈការលក់ ឬ ប្រទានកម្មសិទ្ធិ​លើបំណុល។ ដោយឡែក ភាគី​អាច​ព្រមព្រៀងអំពីខសន្យាពិសេសដែល​ហាម​ឃាត់មិន​ឱ្យ​ធ្វើអនុប្បទាន ឬ កម្រិតការធ្វើ​អនុប្បទានបាន (មាត្រា466 កថាខណ្ឌទី2)។
https://gyazo.com/589fe0affad5ce3d02b4351a45cbeb3b
(2) អានុភាព​នៃការសន្យាពិសេស​កម្រិត​ការធ្វើ​អនុប្បទាន
និង សុពលភាព​នៃ​អនុប្បទាន​សិទ្ធិ​លើ​បំណុល
កន្លងមកនេះ នៅក្នុង​ក្រមរដ្ឋប្បវេណីបាន​កំណត់ថា អនុប្បទាន​សិទ្ធិ​លើបំណុល​ដែលត្រូវបាន​ហាម​ឃាត់មិន​ឱ្យ​ធ្វើអនុប្បទាន ត្រូវ​ចាត់ទុកថាមោឃភាព ប៉ុន្តែ វិសោធនកម្មច្បាប់ឆ្នាំ2017 បាន​កែតម្រូវ​ចំណុច​នេះ​យ៉ាង​ច្រើន។ ក្នុងការអនុវត្តជាក់ស្តែង ​អនុប្បទាន​សិទ្ធិលើបំណុល (ឬ ក្នុង​នាម​ជា​ប្រាតិភោគដោយ​អនុប្បទាន) ដើម្បីប្រមូលដើមទុន គឺមាន​ច្រើនខ្លាំងណាស់ ហេតុនេះ ដើម្បី​កុំឱ្យរាំង​ស្ទះដល់​ការ​ធ្វើ​ពាណិជ្ជកម្មនេះ ជាគោលការណ៍​អនុប្បទាន​សិទ្ធិ​លើ​បំណុលត្រូវ​កំណត់ថាមាន​សុពលភាព បើទោះបីជា​មាន​ការសន្យា​ពិសេសកម្រិត​ការ​ធ្វើ​អនុប្បទានក៏ដោយ (​មាត្រា466 កថាខណ្ឌទី2)។ ប៉ុន្តែ ផ្ទុយមកវិញ ការ​សន្យាពិសេសអំពីការកម្រិតការធ្វើ​អនុប្បទានក៏មាន​សុពលភាពផងដែរ ដើម្បីការពារនូវ​ផលប្រយោជន៍នៃការ​បង់​ប្រាក់ចំពោះភាគី​ជាក់លាក់​របស់​កូន​បំណុល (កូនបំណុល​អាច​បដិសេធ​ការអនុវត្ត​កាតព្វកិច្ច ចំពោះអនុប្បទានិកដែល​បាន​ដឹង​អំពីអត្ថិភាព​នៃការសន្យាពិសេស​កម្រិត​ការ​ធ្វើអនុប្បទាន ឬ​មិន​បានដឹងដោយមាន​កំហុសធ្ងន់ធ្ងរ ហើយកូន​បំណុល​នោះនឹង​រួចផុតពីការទទួលខុសត្រូវ បើសិនជា​បាន​សងទៅកាន់​អនុប្បទាយីដើម។ មាត្រា466 កថាខណ្ឌទី3) ហេតុនេះហើយ បញ្ញត្តិនេះ ​មាន​ភាពស្មុគស្មាញ
ខ្លាំង។ យើង​ត្រូវ​រង់ចាំការវាយតម្លៃពីការអនុវត្ត​ជាក់ស្តែង ដើម្បី​អាច​ដឹង​ថា នេះជា​ វិសោធនកម្មដែលល្អ ឬ យ៉ាងណា (ក៏មាន​មតិលើកឡើងថា ការទទួល​អនុប្បទាននូវ​ការសន្យា​ហាម​ឃាត់ដែលមាន​សុពលភាព គឺផ្ទុយនឹង​គោលការណ៍ អនុលោមភាពរបស់​សហគ្រាស)។ យ៉ាងណាមិញ កូន​បំណុល​ដែល​ត្រូវ​បាន​អនុប្បទាន​សិទ្ធិ​លើបំណុលដែលភ្ជាប់ការ​សន្យាពិសេសអំពី​ការ​កម្រិត​ការ​ធ្វើអនុប្បទាន អាចរួចផុតពីកាតព្វកិច្ច ដោយ​តម្កល់សិទ្ធិ​នោះ​នៅ​មន្ទីរកិច្ចការ​ច្បាប់ (មាត្រា466.2)។ ហើយ​សិទ្ធិ​លើបំណុល​ដែលបាន​ភ្ជាប់ការ​សន្យាពិសេសអំពី​ការ​កម្រិត​ការ​ធ្វើអនុប្បទាន ក៏​អាច​​រឹប​អូសបាន​ដែរ (មាត្រា466.4។ នេះជា​គោលគំនិតដែល​មាន​តាំង​ពីពេល​តាក់តែង​ក្រម​រដ្ឋប្បវេណីសម័យម៉ីជិ)។
(3) សុពលភាពនៃការអនុប្បទាន​សិទ្ធិ​លើបំណុលពេលអនាគត
សូមប្រុងប្រយ័ត្នថា ការធ្វើអនុប្បទាន​សិទ្ធិ​លើបំណុលដែល​គ្រោងនឹងកើតឡើងពេល​អនាគត ក៏មាន​សុពល​ភាពដែរ (សិទ្ធិលើបំណុលជាថ្លៃឈ្នួលសម្រាប់​ឆ្នាំក្រោយនៃសាខាហាងជួល ឬ សិទ្ធិ​លើបំណុល​នៃថ្លៃលក់​ទំនិញដែលអ្នកទិញបច្ចុប្បន្ន នឹងទិញក្នុងពេល3ឆ្នាំក្រោយ ជាអាទិ៍)។ ​នេះជា​ចំណុចដែលយុត្តិសាស្ត្របាន​ទទួលស្គាល់រួចហើយ (ការធ្វើ​អនុប្បទាន​សិទ្ធិលើបំណុលនាពេលប៉ុន្មានឆ្នាំក្រោយក៏មាន​សុពលភាព ហើយ​លទ្ធភាពដែល​អាច​កើតមាន​ឡើង​តិចក៏ដោយ ឬ ច្រើនក៏ដោយ គឺមិនប៉ះពាល់​ដល់សុពលភាពនោះទេ។ ក្នុងករណីដែលមិនកើតមាន​ឡើងទេ ភាគីត្រូវ​ដោះស្រាយ​រវាងគ្នាតាមរយៈការមិន​អនុវត្ត​កាតព្វកិច្ច​ជាអាទិ៍) ហើយនៅក្នុង​វិសោធនកម្មច្បាប់ឆ្នាំ2017 គេបានកំណត់ជា​បញ្ញត្តិច្បាស់លាស់ (មាត្រា466.6)។
(4) លក្ខខណ្ឌតតាំង​នៃអនុប្បទាន​សិទ្ធិ​លើបំណុល
ក្រម​រដ្ឋប្បវេណីប្រទេសជប៉ុនបាន​ប្រើប្រាស់គោលការណ៍នៃលក្ខខណ្ឌតតាំង ចំពោះការធ្វើ​អនុប្បទាន​សិទ្ធិ​លើ​បំណុលនេះ ដូច​គ្នា​នឹង​ការផ្ទេរសិទ្ធិ​ប្រត្យក្សដែរ (⇒ជំពូកទី3 II.2(2))។ នេះក៏ជា​បញ្ញត្តិ​នៃប្រព័ន្ធក្រមរដ្ឋប្បវេណីរបស់បារាំងដែរ។ នេះមានន័យថា សិទ្ធិ​លើបំណុល​ត្រូវ​បានផ្ទេរ ដោយគ្រាន់​តែ​មាន​ការព្រមព្រៀងរវាងអនុប្បទានិក និង អនុ​ប្បទាយីប៉ុណ្ណោះ ប៉ុន្តែ អនុប្បទានិក និង អនុ​ប្បទាយីត្រូវ​ធ្វើ​នីតិវិធីបំពេញលក្ខខណ្ឌតតាំង ដើម្បី​អាច​អះអាង​អំពី​ការ​អនុប្បទាននោះ ចំពោះ​កូន​បំណុល និងតតិយជនបាន។ លក្ខខណ្ឌតតាំងនៃករណីអចលនវត្ថុ គឺការ​ចុះបញ្ជី ប៉ុន្តែ លក្ខខណ្ឌតតាំងនៃករណីសិទ្ធិលើបំណុល គឺការ​ជូន​ដំណឹង​ទៅកូនបំណុល​ដោយ​លិខិត​បញ្ជាក់ដែលមានកាលបរិច្ឆេទ​ស្ថាពរ ឬ ការយល់ព្រម​របស់​កូន​បំណុល​ដោយ​លិខិតបញ្ជាក់​ដែលមានកាលបរិច្ឆេទស្ថាពរ (មាត្រា467 កថា​ខណ្ឌទី2)។ ប៉ុន្តែ នៅក្នុង​ទំនាក់ទំនង​ចំពោះកូនបំណុលវិញ គឺមាន​ភាពងាយស្រួលជាង ត្រង់ថា ការជូន​ដំណឹង ឬ ការ​យល់​ព្រម អាច​ធ្វើ​តាមវិធីធម្មតា ដោយមិន​ចាំបាច់​ប្រើប្រាស់​លិខិត​បញ្ជាក់ដែល​មាន​កាលបរិច្ឆេទស្ថាពរនោះទេ (​មាត្រា467 កថាខណ្ឌទី1)។ មូលហេតុដែល​គេដាក់លក្ខខណ្ឌតតាំង​ដោយផ្តោតសំខាន់លើកូនបំណុលដែលជាការ​ជូន​ដំណឹង​ទៅកូនបំណុល ឬ ការយល់ព្រមពីកូនបំណុលនេះ គឺដោយសារតែ សិទ្ធិលើបំណុលខុសពីសិទ្ធិប្រត្យក្ស ហើយសិទ្ធិ​នេះ​ត្រូវ​សម្រេច​ដោយ​ការអនុវត្ត​របស់កូនបំណុល ហេតុនេះហើយ កូនបំណុល​ចាំបាច់​ត្រូវ​តែ​ដឹង​ថាខ្លួន​ត្រូវ​សង​ទៅកាន់​អ្នកណា។ អ្នកតាក់តែងច្បាប់យល់ឃើញថា បើសិនជា​កូន​បំណុលបានដឹងជាមុន ក្នុងករណីនេះ តតិយជន​ដែល​ចង់បញ្ជាក់​អំពី​អត្ថិភាព​នៃ​សិទ្ធិ​លើ​បំណុលអាច​សួរអំពីស្ថានភាពពីកូនបំណុលបាន ពោលគឺ មុខងារបង្ហាញជា​សាធារណៈត្រូវបាន​ប្រើប្រាស់ ទោះបីជាមិនបានពេញលេញក៏ដោយ តាមរយៈកូន​បំណុលដើរតួនាទីជាមជ្ឈមណ្ឌល​ព័ត៌មានកណ្តាល។ លិខិតបញ្ជាក់​ដែលមាន​កាលបរិច្ឆេទស្ថាពរ សំដៅទៅលើលិខិតដែល​អាច​​បញ្ជាក់​បានថា ត្រូវ​បាន​ធ្វើ​ឡើង​នៅពេលណា ដែលជា​លិខិតយថាភូតដែល​ធ្វើឡើងដោយសារការី ឬ លិខិតបញ្ជាក់ដែល​បាន​បោះ​ត្រាកាលបរិច្ឆេទដោយមន្ត្រី ឬ ស្ថាប័នរដ្ឋ ជាអាទិ៍ (ច្បាប់​ស្តីពីការអនុវត្តក្រម​រដ្ឋប្បវេណី មាត្រា5)។
(5) កាលបរិច្ឆេទស្ថាពរ និង អនុប្បទានជាន់គ្នា
មូលហេតុដែល​ចាំបាច់ឱ្យមានកាលបរិច្ឆេទស្ថាពរ គឺដោយសារតែការ​ជូន​ដំណឹង ឬ ការ​យល់ព្រមដែល​ជា​លក្ខ​ខណ្ឌតតាំងនេះ អាច​មាន​អត្ថិភាពច្រើន ហើយខុសពីការ​ចុះបញ្ជី​នៃការផ្លាស់ប្តូរសិទ្ធិ​ប្រត្យក្សដែលមាន​តែមួយ។ ហេតុនេះ យើងត្រូវការ​ទម្រង់លិខិតដែលអាចជា​ភស្តុតាងច្បាស់លាស់ ថាបានចេញមុន ឬ ក្រោយ ដើម្បី​សម្រេច​ថាអ្នកណា​បានបំពេញលក្ខខណ្ឌតតាំងបានលឿនជាងគេបំផុត។ លើសពីនេះ បើសិនជា​សិទ្ធិ​លើបំណុល​ត្រូវ​បានធ្វើ​អនុ​ប្បទានជាន់គ្នា ក្នុងករណីនេះ អនុប្បទានិកដែល​បាន​បំពេញលក្ខខណ្ឌតតាំងមុនគេ នឹង​ក្លាយជា​ម្ចាស់​សិទ្ធិ ប៉ុន្តែ មិនមែន​អនុប្បទានិក​ដែល​បាន​ធ្វើ​កិច្ចសន្យា​អនុប្បទានមុនគេនោះទេ (សូមកុំច្រឡំ ហើយ​ចងចាំចំណុច​នេះ​ទុក)។ នៅ​ប្រទេសជប៉ុន វិធី​ទទួលកាល​បរិចេ្ឆទស្ថាពរដែល​ស្រួលធ្វើជាងគេ គឺការផ្ញើសំបុត្រប្រៃសណីយ៍ដែលមានបញ្ជាក់ខ្លឹមសារនៅ​តាម​ការិយាល័យប្រៃសណីយ៍ (⇒ពាក្យគន្លឹះ: កាលបរិច្ឆេទស្ថាពរ និង សំបុត្រប្រៃសណីយ៍ដែលបញ្ជាក់ខ្លឹមសារ)។
ពាក្យគន្លឹះ: កាលបរិច្ឆេទស្ថាពរ និង សំបុត្រប្រៃសណីយ៍ដែលបញ្ជាក់ខ្លឹមសារ
នៅពេលផ្ញើសំបុត្រប្រៃសណីយ៍ដែលបញ្ជាក់ខ្លឹមសារ អ្នកផ្ញើត្រូវ​រៀប​ចំសំបុត្រជា​ 3ច្បាប់ (ច្បាប់ដើម 1 និង ច្បាប់​ចម្លង 2) និង កាន់ស្រោមសំបុត្រទៅកាន់កន្លែងទទួលនៅតាមការិយាល័យប្រៃសណីយ៍។ មន្ត្រីទទួលពាក្យនឹងបោះ​ត្រា​បញ្ជាក់កាលបរិច្ឆេទទទួលសំបុត្រផ្ញើ ហើយផ្ញើចេញមួយច្បាប់ ហើយ​រក្សាទុកមួយច្បាប់​នៅក្នុងការិយាល័យ និង ប្រគល់ជូន​អ្នកផ្ញើមួយ​ច្បាប់វិញ។
វិធីនេះគឺងាយស្រួល ប៉ុន្តែ វាមាន​បញ្ហា​ធំមួយ។ ការបញ្ជាក់​កាលបរិច្ឆេទទទួលសំបុត្រផ្ញើ គឺជា​កាលបរិច្ឆេទ​នៃចំណុច​ពេលដែលការិយាល័យនឹង​ផ្ញើចេញ ហើយ​ចំណុចពេលនោះនឹង​ក្លាយជា​ចំណុច​សំខាន់​នៃលក្ខខណ្ឌតតាំង ប៉ុន្តែ កូន​បំណុល​មិន​ទាន់បាន​ដឹង​នៅឡើយទេ។ ហេតុនេះហើយ នៅប្រទេសជប៉ុនគឺមាន​ទ្រឹស្តីនៃពេល​ទៅដល់ ដែល​លើកឡើងថា មូលដ្ឋាន​ដែល​យកមក​កំណត់​អំពីអាទិភាព​នៃលក្ខខណ្ឌតតាំងក្នុងករណី​អនុប្បទានជាន់គ្នា គួរ​តែសម្រេច​តាមការជូនដំណឹងដែលបានទៅ​ដល់​កូន​បំណុលមុនវិញ ចំពោះ​ករណី​ជូន​ដំណឹង​ដែល​មាន​កាលបរិច្ឆេទស្ថាពរ។ ​​សូម​អ្នក​ទាំងអស់គ្នាសិក្សា​ឱ្យបានលម្អិតអំពីការធ្វើអនុប្បទានសិទ្ធិលើបំណុលនេះ ដោយសារតែយុត្តិសាស្រ្ត និង ទ្រឹស្តីជា​ច្រើន​បាន​បកស្រាយលើបញ្ហានេះ ក្នុងពេល​ថ្មីៗនេះ។ ការអនុវត្តជាក់​ស្តែង​ក៏ចាប់ផ្តើមមានការ​លក់ ឬ ដាក់ប្រាតិភោគ​សិទ្ធិលើ​បំណុលដើម្បីជា​វិធី​ប្រមូលទុន​កាន់តែច្រើងផងដែរ។
(6) ការចុះបញ្ជី​អនុប្បទានសិទ្ធិ​លើ​បំណុល
ដូចបានរៀបរាប់ខាងលើនេះ នៅពេលដែលម្ចាស់បំណុល​យកសិទ្ធិ​លើបំណុល​ទៅលក់ដើម្បី​ប្រមូលទុន (ចរន្តកម្មសិទ្ធិលើបំណុល) ឬ ដាក់ប្រាតិភោគដោយអនុប្បទានដើម្បីយកកម្ចី (ប្រាតិភោគ​ដោយ​អនុប្ប​ទាន​សិទ្ធិ​លើបំណុល) ជាអាទិ៍ នោះការ​ជូន​ដំណឹង​ទៅកូន​បំណុល​ម្នាក់ៗទាំងអស់គ្រប់ពេល គឺ​ស្មុគស្មាញ​ខ្លាំង ហើយ​ចំណាយ​សោហ៊ុយច្រើន។ ដូចនេះ ច្បាប់ពិសេសស្តីពី អនុប្បទាន​សិទ្ធិ​លើបំណុល​ បាន​អនុម័តឡើងនៅឆ្នាំ1998។ ច្បាប់​នេះ បាន​បង្កើតអំពី​ប្រព័ន្ធដែល​ចុះបញ្ជីអេឡិចត្រូនិច​អំពី​ព័ត៌មាន​នៃ​អនុប្បទានជាច្រើន ដែលធ្លាប់​បាន​កត់​ត្រា​ជាឯកសារ ហើយចាត់ទុកថា ជាការ​ជូនដំណឹង​ដោយផ្អែក​លើ​លិខិត​បញ្ជាក់​ដែល​មាន​កាលបរិច្ឆេទស្ថាពរ នៅ​ក្នុង​​កថាខណ្ឌទី2 មាត្រា467 នៃក្រម​រដ្ឋប្បវេណី (ប៉ុន្តែ នេះជា​ការ​ចុះបញ្ជី​ដែល​កូន​បំណុល​មិនបាន​ដឹង ហេតុនេះ អនុប្បទានិក​អាចប្រើប្រាស់ការចុះបញ្ជី ដើម្បីបំពេញ​លក្ខខណ្ឌតតាំង​ចំពោះ​តតិយជនបាន។ យ៉ាងណាមិញ អនុប្បទានិកត្រូវ​ជូន​ដំណឹង​ដោយភ្ជាប់​នូវ​លិខិត​បញ្ជាក់អំពី​ចំណុច​ចុះបញ្ជីដោយឡែកទៅកូន​បំណុល ដើម្បី​អនុវត្ត​សិទ្ធិ​ចំពោះកូនបំណុល)។ វាជា​ការ​ចុះបញ្ជី​អេឡិចត្រូនិច​ដំបូង​បង្អស់នៅប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះ មានការអនុវត្ត​ជាក់​ស្តែង​ច្រើនខ្លាំងណាស់ (ដោយឡែកច្បាប់នេះ​ត្រូវ​បាន​វិសោធនកម្មបន្ថែមនៅឆ្នាំ2004 ហើយប្តូរ​ទៅជា​ច្បាប់​ពិសេស​ស្តីពីការ​អនុប្បទានសិទ្ធិ​លើបំណុល​ចលនវត្ថុ។ ⇒ជំពូកទី7 II.3(2))។
(7) អនុប្បទាន​សិទ្ធិលើ​បំណុល និង ការ​តវ៉ា​របស់​កូន​បំណុល
កូន​បំណុល​ដែល​ត្រូវ​បានធ្វើ​អនុប្បទាន​សិទ្ធិលើបំណុល អាចអះអាងចំពោះម្ចាស់​បំណុល​ថ្មី នូវ​ការតវ៉ា (ការ​ដែលបានសង​មួយផ្នែក ឬ ការ​ទូទាត់នៃសិទ្ធិលើបំណុលផ្ទុយ (⇒ជំពូកនេះ 6(5)) ​ដែល​ខ្លួន​មាន​ទាំង​អស់​លើ​ម្ចាស់​បំណុលចាស់ (អនុប្បទាយី) រហូត​ដល់​ពេល​លក្ខខណ្ឌតតាំងនៃអនុប្បទាន​ត្រូវ​បាន​បំពេញ (មាត្រា468 កថាខណ្ឌទី1។ «លក្ខខណ្ឌតតាំង» នៅទីនេះ សំដៅលើ ការ​ជូនដំណឹង ឬ យល់ព្រមដែល​កំណត់​ក្នុងមាត្រា467 កថាខណ្ឌទី1 (លក្ខ​ខណ្ឌ​អនុវត្តសិទ្ធិចំពោះកូន​បំណុល))។ បញ្ញត្តិនេះគឺត្រូវ​តែ​មាន ដោយសារតែកូន​បំណុល​ត្រូវ​បានគេធ្វើ​កិច្ច​សន្យា​អនុប្បទានទាំងខ្លួនមិនបានចូលរួម ហេតុនេះ ការ​ដាក់ឱ្យកូន​បំណុល​ស្ថិតនៅក្នុង​ស្ថានភាព​ដែលបាត់​បង់​ផលប្រយោជន៍ជាងមុន​ពេលអនុប្បទាន គឺមិន​សមហេតុផលទេ។
ដោយឡែក នៅមុនពេល​វិសោធនកម្មច្បាប់ឆ្នាំ2017 នៅចំណុចនេះ មាន​បញ្ញត្តិមួយដែល​កំណត់ថា កូនបំណុល​មិន​អាច​អះអាងចំពោះ​អនុប្បទានិក នូវការតវ៉ាដែល​បាន​អះអាងចំពោះអនុប្បទាយីកន្លងមកនោះទេ ប្រ​សិន​បើខ្លួន​បាន​ផ្តល់ការ​យល់​ព្រមដោយ​គ្មាន​ការតវ៉ា។ ប៉ុន្តែ បញ្ញត្តិនេះ​ត្រូវ​បាន​លុបចោលហើយ (ចាប់ពីក្រោយពេល​វិសោធនកម្មទៅ អានុភាព​ដូច​ខាងលើនេះ អាច​កើតមានបាន លុះត្រាតែកូនបំណុលបាន​បង្ហាញ​ឆន្ទៈបោះ​បង់ចោល​នូវ​ការតវ៉ាទាំងអស់ប៉ុណ្ណោះ)។
(8) សិទ្ធិ​លើបំណុល​ដែល​ចុះបញ្ជីអេឡិចត្រូនិច
តាំងពីដើមមក សិទ្ធិលើបំណុល​ដែល​មានកំណត់ឈ្មោះតាមក្រម​រដ្ឋប្បវេណីនេះអាច​ធ្វើ​អនុប្បទានបាន ប៉ុន្តែយើងមិនដែលនឹកស្មានថា វាត្រូវ​បានធ្វើ​ចរន្តកម្មយ៉ាងសកម្មបែបនេះនោះទេ។ ដើមឡើយ គេប្រើប្រាស់នូវ រូបិយាណត្តិ ដើម្បី​ឱ្យ​ការ​ផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយមាន​ភាពងាយស្រួល និង រលូន។ វាជាសិទ្ធិលើបំណុលដែលមាន​សរសេរ​នៅលើក្រដាស (មានរូបរាង្គ) ហើយសិទ្ធិ​លើបំណុល​ត្រូវធ្វើ​អនុប្បទាន (គេហៅថាខ្នងលិខិត ហើយការ​ផ្ទេរអាច​ធ្វើបាន​តាមរយៈការ​ចុះហត្ថលេខាលើខ្នងលិខិតនោះ) តាមរយៈការផ្ទេរក្រដាសនោះ (សូមពិនិត្យមើលលំអិតនៅក្នុង​ច្បាប់ស្តីពី រូបិយាណត្តិ)។ នៅប្រទេសជប៉ុន គេនិយម​ប្រើប្រាស់ប្រព័ន្ធរូបិយាណត្តិនេះខ្លាំងណាស់ ប៉ុន្តែ នៅពេល​សម័យកុំព្យូទ័រចូលមកដល់ គេបានយល់ឃើញថា ការ​ចេញ ការ​ថែរក្សា​ និង ការ​ដោះដូររូបិយាណត្តិនេះ ក្លាយ​ទៅ​ជា​បន្ទុកទៅវិញ (លើសពីនេះ រូបិយាណត្តិនេះ​ត្រូវ​បង់ពន្ធតែមប្រិយ៍)។ ការប្រើប្រាស់រូបិយាណត្តិ ធ្លាក់មកត្រឹម 10% នៅ​ក្នុង​អំឡុងពេល 20ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ1990។ ដោយឡែក សិទ្ធិលើបំណុល​ធម្មតាវិញ មិនចាំបាច់ប្រគល់ក្រដាសទេ ហើយ​ក៏មិន​ត្រូវ​បង់ពន្ធនោះទេ ប៉ុន្តែវាមានហានិភ័យអនុប្បទានជាន់គ្នា និងមានផលវិបាកត្រង់ថា អត្ថិភាពនៃសិទ្ធិ​លើបំណុល​នេះ​មិនច្បាស់​លាស់ ហើយមិនមានការធានាថាកូន​បំណុលនឹង​សងនោះទេ។ ដោយសារមាន​ស្ថានភាពបែបនេះហើយ នៅក្នុងឆ្នាំ2007 គេបានបង្កើត​នូវ​សិទ្ធិ​លើ​បំណុលដែល​ចុះបញ្ជី​អេឡិចត្រូនិច ដែល​បង្កើត​ និង ផ្ទេរតាមរយៈ​ការ​ចុះបញ្ជី​នៅ​ក្នុង​កុំព្យូទ័រ ដើម្បីលុបបំបាត់នូវ​ចំណុច​ខ្វះខាតនានារបស់សិទ្ធិលើបំណុល និង រូបិយាណត្តិ (ច្បាប់ស្តីពីសិទ្ធិ​លើបំណុល​ដែល​ចុះបញ្ជី​អេឡិច​ត្រូនិច)។ នៅចុងឆ្នាំ2009 ស្ថាប័ន​ចុះបញ្ជីសិទ្ធិ​លើបំណុល​អេឡិចត្រូនិចដែលជាសហគ្រាសរបស់​ឯកជន បាន​ចាប់ផ្តើមដំណើរការ ហើយប្រតិបត្តិការជាក់ស្តែងបាន​ចាប់បង្កើតឡើង។ នៅពេលអនាគត យើង​សង្ឃឹមថានឹងអាច​រកវិធីសាស្ត្រដែល​អាចប្រើប្រាស់​ជំនួសឱ្យរូបិយាណត្តិ និង វិធីសាស្ត្រដាក់ប្រាតិភោគ​ជំនួសឱ្យ​សិទ្ធិ​លើបំណុលបាន។
(9) ការ​ទទួលកាតព្វកិច្ច និង អនុប្បទានកិច្ចសន្យា (ផ្ទេរឋានៈក្នុងកិច្ចសន្យា)
ការផ្ទេរកាតព្វកិច្ច (ការទទួលកាតព្វកិច្ច) ក៏ត្រូវ​បានយុត្តិសាស្ត្រ និង ទ្រឹស្តីនានាទទួលស្គាល់ ហើយ​នៅ​ក្នុង​វិ​សោធនកម្មឆ្នាំ2007 បាន​យក​ខ្លឹមសារទាំងនោះធ្វើ​ជា​បញ្ញត្តិ​ច្បាប់តែម្តង។ ការទទួលកាតព្វកិច្ចនេះរួមមាន ការទទួល​កាតព្វកិច្ច​ដែល​ធ្វើ​ឱ្យ​កូនបំណុល​ដើមរួចខ្លួន (ពោលគឺ កូន​បំណុលមុន​រួចខ្លួន ហើយ​ជំនួសដោយ​កូន​បំណុលថ្មី។ មាត្រា472 ដល់ មាត្រា472.4) និង ការ​ទទួលកាតព្វកិច្ច​ដំណាលគ្នា (ពោលគឺ កូនបំណុល​មុន​នៅដដែល ហើយ​បន្ថែម​កូន​បំណុល​ថ្មី។ មាត្រា470 និង មាត្រា471)។ ប៉ុន្តែ កិច្ចសន្យា​នេះមិនអាច​បង្កើត​ឡើង​តាម​ទំនើង​ចិត្ត​របស់​កូន​បំណុល និង អ្នក​ទទួលនោះទេ។ សិទ្ធិ​លើបំណុលមិន​អាច​សម្រេចបាន​នោះទេ បើសិនជា​កូនបំណុល​គ្មាន​សមត្ថភាពសង ហេតុនេះ ការ​ផ្លាស់ប្តូរកូន​បំណុល ​គឺជា​បញ្ហាសំខាន់ខ្លាំងណាស់ដែល​អាច​ផ្លាស់ប្តូរ​លទ្ធភាពនៃការ​សម្រេច​សិទ្ធិ​លើបំណុល​ចំពោះម្ចាស់​បំណុល។ ដូចនេះ កិច្ចសន្យា​ទទួលកាតព្វកិច្ច ​ត្រូវ​ធ្វើឡើងដោយបុគ្គលបីនាក់ដែល​ជា កូន​បំណុល ម្ចាស់បំណុល និង អ្នក​ទទួល ឬ ធ្វើឡើងដោយកូន​បំណុល និង អ្នក​ទទួល ហើយ​ត្រូវ​មាន​ការ​ឯកភាពពី​ម្ចាស់​បំណុល (យល់ព្រម)។
ម្យ៉ាងទៀត ក្រៅពីការផ្ទេរតែសិទ្ធិលើបំណុល ឬ ផ្ទេរតែកាតព្វកិច្ច ការផ្ទេរសិទ្ធិ​លើបំណុល និង កាតព្វកិច្ច​ជា​សកលដែល​កើតចេញពីកិច្ចសន្យា ទៅឱ្យ​តតិយជនក៏បានដែរពោលគឺ ឋានៈ​ក្នុង​កិច្ចសន្យា (នៅ​ក្នុងច្បាប់វិសោធន​កម្មឆ្នាំ2017 បាន​បង្កើតថ្មីនូវ មាត្រា539.2)។ នេះហៅថា អនុប្បទានកិច្ចសន្យា ឬ ការផ្ទេរឋានៈ​ក្នុង​កិច្ច​សន្យា។ អនុប្បទាន​នៃកិច្ចសន្យានេះ រួមមាន​ទាំងការ​ទទួលកាតព្វកិច្ចផងដែរ ហេតុនេះហើយ បើសិនជា​កិច្ចសន្យា​នោះធ្វើឡើងដោយអនុប្បទានិក និង អនុប្បទាយី ក្នុងករណីនេះ ត្រូវ​មាន​ការ​ឯកភាពពី​ភាគី​ម្ខាងទៀត (យល់​ព្រម​) ផងដែរ។ សូមចងចាំថា អនុប្បទាននៃកិច្ចសន្យា ​ត្រូវក្តោបទាំង​អនុប្បទានសិទ្ធិលើបំណុល និង ការ​ទទួល​កាតព្វកិច្ច ព្រមទាំងការ​ផ្ទេរនូវ​សិទ្ធិលុបចោល និង សិទ្ធិ​រំលាយដែល​ភាគីនៃកិច្ចសន្យា​មានផងដែរ។
6. ការ​រលត់​សិទ្ធិ​លើបំណុល
(1) សញ្ញាណ​ទូទៅ
ចំណុច​ចុងក្រោយនៃ​នីតិសិទ្ធិ​លើបំណុលទូទៅ គឺបញ្ញត្តិអំពីមូល​ហេតុនៃការ​រំលត់​សិទ្ធិលើបំណុល ដូច​ជា ការសង​ ជាអាទិ៍។ សិទ្ធិ​លើបំណុល​ត្រូវ​រលត់ដោយសារគោលបំណងនៃសិទ្ធិ​លើបំណុលនោះបានសម្រេច តាមរយៈការ​ទទួលការ​សងតាមខ្លឹមសារនៃកិច្ចសន្យា​ពីកូនបំណុល។ ហើយមូលហេតុផ្សេងទៀតនៃការ​រលត់សិទ្ធិលើបំណុល រួមមាន​ ការ​សងដោយវត្ថុជំនួសដែល​ភាគីបាន​ចុះកិច្ចសន្យា​រំលត់សិទ្ធិ​លើបំណុល​ដោយការ​យកវត្ថុ​មកជំនួស ឬ ការ​តម្កល់ឱ្យរំលត់សិទ្ធិ​លើបំណុល តាមវិធីស្នើសុំឱ្យ​កន្លែងតម្កល់​នៃមន្ទីរកិច្ចការច្បាប់រក្សាទុក នៅពេល​ដែលម្ចាស់​បំ​ណុល​​មិន​ព្រម​ទទួល ឬ នៅពេលដែល​មិន​ដឹងថា ​អ្នកណាជាម្ចាស់​បំណុល, ឬ ការ​ទូទាត់ដែល​រំលត់​នូវ​សិទ្ធិលើបំណុល​ក្នុង​ចំនួន​ស្មើគ្នារវាង​សិទ្ធិ​លើបំណុលរបស់ខ្លួន និង សិទ្ធិ​លើបំណុល​របស់ភាគី​ម្ខាងទៀតដែលមានចំពោះខ្លួន, ឬ តាមវិធីផ្សេងទៀត។ នៅ​ក្នុង​ចំណោមវិធីរំលត់ទាំងនេះ សូមចងចាំថា ការ​ទូទាត់មានមុខងារធានាកាតព្វកិច្ច (មានន័យថា នៅពេល​ដែលភាគី​ម្ខាងទៀតមិន​ព្រមសងទេ យើងអាច​ប្រមូល​បំណុលដោយទូទាត់ជាមួយ​សិទ្ធិ​លើបំណុល​របស់​យើង) និង ការ​ទូទាត់នេះជា​មធ្យោ​បាយប្រមូល​បំណុលងាយស្រួលជាងគេបំផុត នៅក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម។
(2) ការសង
① សំណើផ្តល់ការសង
បើសិនជាបាន​សង​ជាក់ស្តែង​ដោយ​គោរពតាមគោលបំណងដើមនៃកាតព្វកិច្ច នោះកាតព្វកិច្ច​នឹង​រលត់។ ប៉ុន្តែ ឧបមាថា ភាគីម្ខាងទៀតមិន​ព្រម​ទទួលដោយគ្មានហេតុផល ឬ មិនអាច​សងបានដោយសារភាគីម្ខាងទៀត​មិន​នៅផ្ទះ ក្នុងករណីនេះ កូន​បំណុល​អាច​រួចផុត​ពីការ​ទទួល​ខុសត្រូវ​ក្នុងការ​មិន​អនុវត្ត​កាតព្វកិច្ច ដោយធ្វើសំណើ​ផ្តល់​ការ​សងបាន។ សំណើរផ្តល់ការសងរួមមាន «ការស្នើជាក់ស្តែង» ពោលគឺ ​កូន​បំណុលយកវត្ថុ​ទៅដល់​កន្លែង​ត្រូវ​អនុវត្ត (មាត្រា493 វាក្យខណ្ឌទី1) និង «ការស្នើផ្ទាល់មាត់» ពោលគឺ ក្នុងករណីដែលម្ចាស់​បំណុលបាន​បដិសេធ​ក្នុងការ​ទទួល​ជា​មុន ជាអាទិ៍ កូន​បំណុល​ត្រូវ​បញ្ចប់ការៀបចំសង ហើយ​ដាស់​តៀនឱ្យ​ម្ចាស់​បំណុល​មកទទួលការសង (មាត្រា493 វាក្យខណ្ឌទី2)។ ចំពោះការអនុវត្តដែល​ម្ចាស់បំណុល​ត្រូវ​ធ្វើសកម្មភាពណាមួយសម្រាប់​ការអនុវត្ត (ករណីដែលម្ចាស់​បំណុលបាន​សន្យាថានឹង​មកយកដោយផ្ទាល់ ឬ ម្ចាស់បំណុល​បាន​សន្យា​ថានឹង​ប្រាប់​អំពី​ទីតាំងដើម្បី​អនុវត្ត​ ជាអាទិ៍) ក៏អាចស្នើផ្ទាល់មាត់បានដែរ (មាត្រាដដែល វាក្យខណ្ឌទី3)។​
② ការសង​ដោយ​តតិយជន
ការ​សង​អាច​ធ្វើតាមរយៈ​តតិយជនក្រៅពី​កូន​បំណុលក៏បានដែរ (មាត្រា474)។ ការសងដោយ​តតិយជននេះ អាចជាការសងជំនួសដោយ​ចេញពី​ទឹកចិត្តសប្បុរសក៏មាន ឬ ការសងជំនួសដើម្បី​មិន​ឱ្យ​ខាតបង់​ប្រយោ​ជន៍របស់​ខ្លួន​ឯងក៏មាន (ឧបមាថា កូនបំណុល B មិនអាចសងបំណុលចំពោះម្ចាស់បំណុល A ហើយធ្វើឱ្យ អ្នកធានាដោយវត្ថុ C ព្រួយ​បារម្ភអំពី​ការដាក់លក់ដោយបង្ខំនូវវត្ថុ​ហ៊ីប៉ូតែកដែល​ខ្លួនបានដាក់សម្រាប់​ធានាបំណុល។ ហេតុនេះ C បាន​សងទៅ A ជំនួសឱ្យ B ដោយសារតែ​ខ្លួន​មិន​ចង់​របូត​វត្ថុ​ដែល​ដាក់​ហ៊ីប៉ូតែកនោះពីក្នុងដៃ)។ ប៉ុន្តែ កាតព្វកិច្ច​មួយ​ចំនួនមិនអនុញ្ញាតឱ្យ​សង​ដោយ​អ្នកដទៃនោះទេ ដោយសារតែសារធាតុនៃកាតព្វកិច្ចនោះ ដូច​ជា កាតព្វកិច្ច​ប្រគុំភ្លេង​របស់​តន្ត្រីករ ជាអាទិ៍ (មាត្រាដដែល កថាខណ្ឌទី4)។ ហើយ​ការ​សងដោយ​ទឹកចិត្តសប្បុរសរបស់តតិយជនដែល​គ្មាន​ទំនាក់​ទំនង​ផល​ប្រយោជន៍​ មិន​អាច​ធ្វើឡើង​ដោយ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​កូនបំណុល​ឡើយ (លើកលែងតែ ករណីម្ចាស់​បំណុល​មិនបាន​ដឹង​អំពីភាព​ផ្ទុយនឹង​ឆន្ទៈ​របស់កូន​បំណុល។ មាត្រា474 កថាខណ្ឌទី2)។
③ ការកាត់​បំណុល​ដោយ​ការ​សង
ក្នុងករណីដែល​កូន​បំណុល​មាន​កាតព្វកិច្ច​ច្រើន​ដែល​មាន​ប្រភេទដូច​គ្នា (ឧទាហរណ៍ថា មានកាតព្វកិច្ចជាប្រាក់មួយចំនួន 200លានរៀល និងកាតព្វកិច្ច​ជាប្រាក់មួយទៀតចំនួន 240លានរៀល) ចំពោះម្ចាស់​បំណុលតែ​ម្នាក់ ហើយបើសិនជាការ​សង​មិនទាន់​គ្រប់គ្រាន់​សម្រាប់​រំលត់កាតព្វកិច្ច​ទាំងអស់នៅឡើយទេ (ឧទា​ហរណ៍ថា សងបានតែចំនួន 160លានរៀល) អ្នក​សង​អាច​សម្រេច​យក​កាតព្វកិច្ចណាដែល​ត្រូវ​យក​មកកាត់មុនបាន (មាត្រា488 កថាខណ្ឌទី1)។​ ប្រសិនបើអ្នក​សងមិនបាន​សម្រេច​យក​កាតព្វកិច្ចណាទេ អ្នក​ដែល​ទទួលការ​សង​អាច​សម្រេចបាន (មាត្រាដដែល កថាខណ្ឌទី2) ប៉ុន្តែ បើសិនជា​អ្នក​ទាំងពីរខាងលើនេះមិនបានសម្រេចទេ ការ​កាត់កាតព្វកិច្ច​ត្រូវ​ធ្វើ​ឡើង​តាមលំ​ដាប់​ដែលមាន​កំណត់នៅក្នុងមាត្រា488 កថាខណ្ឌទី4 (ហៅថា ការកាត់កាតព្វកិច្ច​តាមច្បាប់កំណត់)។
④ ឧបាទេសកម្ម​ដោយការសង
បើសិនជាតតិយជន​​បាន​សង​ជំនួស​កូនបំណុល តតិយជននោះ​អាច​ទាមទារ​សំណង​ចំពោះកូន​បំណុលបាន លើកលែងតែករណីដែល​មាន​ឆន្ទៈ​ប្រទានកម្ម។ ប៉ុន្តែ ខ្ញុំយល់ថា​អំណាចបង្ខំឱ្យ​សងជាក់ស្តែងនឹង​ទន់ខ្សោយណាស់បើសិនជាតតិយជននោះអាចអនុវត្តសិទ្ធិទាមទារ​សំណង ដោយ​គ្រាន់តែ​និយាយថា «សងខ្ញុំមក»។ ហេតុនេះហើយ ប្រព័ន្ធ​ដែល​មាន​មុខងារធានានូវ​ការសម្រេច​សិទ្ធិទាមទារសំណងនៅក្នុង​រឿងក្តីបែបនេះ គឺជា ឧបាទេសកម្ម​ដោយ​ការ​សង (ចាប់ពីមាត្រា499)។ ឧបាទេសកម្មមានន័យថាជំនួសឋានៈ ហើយ​វាខុសពីការតំណាង។ កន្លែងនេះមានន័យថា តតិយជនដែលបានសងទទួល​ឋានៈ​ពី​ម្ចាស់​បំណុល ហើយអាច​អនុវត្ត​នូវ​សិទ្ធិ​របស់​ម្ចាស់​បំណុល​ដែល​បានរលត់នៅក្នុង​ទំនាក់​ទំនង​ជា​មួយ​កូន​បំណុលបាន។ ហេតុដូច្នេះហើយ ឧបមាថា កូនបំណុល B បាន​បង្កើត​ហ៊ីប៉ូតែក ឬ មាន​អ្នកធានាចំពោះម្ចាស់​បំណុល A ​ក្នុងករណីនេះ តតិយជន C ដែល​បាន​សង​ដោយ​ជំនួស អាចធ្វើ​ឧបាទេសកម្មជំ​នួស A ក្នុង​ទំហំ​នៃ​សិទ្ធិ​ទាមទារ​សំណង ហើយ​អាច​អនុវត្ត​ហ៊ីប៉ូតែក ឬ ទាមទារ​ឱ្យ​អ្នក​ធានា​សង​ ដើម្បី​សម្រេច​ការ​ទាមទារ​សំណង​បាន។ ឧបាទេសកម្ម​ដោយ​ការ​សង​រួមមាន ឧបាទេសកម្មដោយ​ស្ម័គ្រចិត្ត និង ឧបាទេសកម្ម​ដោយ​ច្បាប់​កំណត់។ ដូច​នៅក្នុង​ឧទាហរណ៍អំពី​អ្នក​ធានាដោយ​វត្ថុដែល​បាន​លើកឡើងខាងលើនេះ ប្រសិន​បើ​អ្នក​ដែល​មាន​ទំនាក់​ទំនង​ផលប្រយោជន៍បានសង (បើមិនសង​នោះទេ ខ្លួននឹង​អាច​បាត់បង់ផលប្រយោជន៍) ក្នុង​ករណីនេះ អ្នកធានាដោយវត្ថុ​នោះអាច​ធ្វើឧបាទេសកម្ម​ដោយការ​សង​ដោយស្វ័យប្រវត្តិបាន (មានន័យថា គ្មាន​នីតិវិធីណា​មួយ​ដែល​ត្រូវ​បំពេញទេ) ក្នុងនាម​ជា​ឧបាទេសកម្ម​ដោយ​ច្បាប់​កំណត់។ ប៉ុន្តែ ក្នុង​ករណី​តតិយជន​ដែល​គ្មាន​ទំនាក់​ទំ​នង​ផលប្រយោជន៍បានសងវិញ វានឹងក្លាយ​ជា​ឧបាទេសកម្ម​ដោយ​ស្ម័គ្រចិត្ត ហើយឧបាទេសកម្ម​ដោយ​ស្ម័គ្រចិត្ត​នេះអាច​តតាំង​ចំពោះកូន​បំណុល និង អ្នក​ដទៃបាន​ លុះ​ត្រាតែតតិយជននោះបាន​បំពេញ​លក្ខខណ្ឌតតាំង​ ដូច​គ្នានឹង​លក្ខខណ្ឌតតាំងនៃ​អនុប្បទាន​សិទ្ធិ​លើបំណុលផងដែរ (មាត្រា500)។
⑤ ការសងទៅ​ជន​ដែល​គ្មាន​សិទ្ធិ
ជាទូទៅ បើសិនជាការ​សង​មិនបាន​ធ្វើ​ចំពោះម្ចាស់​បំណុល​ពិតប្រាកដ ឬ បុគ្គល​ដែល​ទទួលបាន​សិទ្ធិអំណាច​ក្នុងការ​ទទួល​ការ​សង​ពី​ម្ចាស់​បំណុល (អ្នក​តំណាង​ ជាអាទិ៍) ទេ អានុភាព​មិន​កើត​មាន​ឡើង​ឡើយ។ ប៉ុន្តែ វាមាន​ករណីលើកលែងចំពោះបញ្ញត្តិស្តីពី ការសងទៅជនដែលមាន​រូប​ខាងក្រៅដូចជា​បុគ្គល​ដែល​មាន​សិទ្ធិ​ទទួល (មាត្រា​478)។ នៅមុន​វិសោធនកម្មឆ្នាំ2017 គេបានហៅថា ការ​សង​ចំពោះ​ឧបអ្នកកាន់កាប់​សិទ្ធិ​លើបំណុល។ មានន័យថា បុគ្គលនោះមិន​មែនជា​ម្ចាស់​បំណុលទេ ប៉ុន្តែមើលទៅហាក់បីដូច​ជា​ម្ចាស់​បំណុល។ បើសិនជាកូន​បំណុល​បាន​សងទៅបុគ្គលនោះដោយ​សុចរិត និង គ្មាន​កំហុស (លក្ខខណ្ឌគ្មានកំហុសនេះ ត្រូវបានបន្ថែមនៅក្នុងវិសោធនកម្មច្បាប់ឆ្នាំ2004 ដោយយកតាមយុត្តិសាស្ត្រ និងទ្រឹស្តីទូទៅ) ពោលគឺ បាន​សងដោយ​ជឿជាក់លើរូបភាព​ខាង​ក្រៅ​ថា​បុគ្គលនោះ​ គឺជាម្ចាស់បំណុល ​​ក្នុងករណីនេះ ការ​សង​នោះនឹង​មាន​សុពលភាព។ ដើមឡើយ យើងគិតថា បញ្ញត្តិនេះ​ជា​ករណី​លើក​លែងក្នុងករណីដែលអ្នកណាក៏ងាយច្រឡំ ប៉ុន្តែ នៅប្រទេសជប៉ុនត្រូវ​បាន​ធនាគារប្រើប្រាស់​យ៉ាង​ច្រើនចំពោះការ​ទាមទារ​ឱ្យសងវិញ ចំពោះ​បុគ្គល​ដែល​មិន​មែន​ជា​ម្ចាស់​គណនីពិតប្រាកដ (បញ្ញត្តិនេះ​បាន​ទទួល​បន្តពី​ក្រម​រដ្ឋប្បវេណីបារាំង ប៉ុន្តែ នៅប្រទេសបារាំងប្រើប្រាស់​តែ​ក្នុង​ករណីដែល​មាន​ការសង​ដោយ​ភាន់​ច្រឡំ​ ដោយសារតែមិន​អាចជៀសបាន។ ហើយការ​ប្រើប្រាស់យ៉ាង​ច្រើននេះ គឺជាលក្ខណៈពិសេសដែលមាន​តែ​នៅ​ប្រទេសជប៉ុននោះទេ)។
(3) ការសងដោយ​វត្ថុជំនួស
ឧបមាថា A បានឱ្យប្រាក់ B ខ្ចីចំនួន 400លានរៀល ហើយជំនួសឱ្យ​ការ​សង​ប្រាក់កម្ចីនេះ B ទទួល​ការ​ឯកភាពពី A ហើយ​បានផ្ទេរផ្ទះដែល​ជា​កម្មសិទ្ធិ​របស់ខ្លួនឱ្យទៅ A។ នៅក្នុង​ករណីដូចខាងលើនេះ ការ​ដែល​កូន​បំណុល​បាន​ព្រមព្រៀងជា​មួយ​ម្ចាស់​បំណុល ដើម្បី​រំលត់​សិទ្ធិ​លើបំណុល​ដើម តាមរយៈ​ការ​អនុវត្ត​នូវការ​ផ្តល់តាវកាលិក​ខុស​ពី​ខ្លឹមសារនៃតាវកាលិកដើម ហៅថា ការ​សង​ដោយ​វត្ថុ​ជំនួស (មាត្រា482។ ឱ្យតែភាគីបាន​ព្រមព្រៀងគ្នា ការ​សង​ដោយ​វត្ថុ​ជំនួសដែល​ផ្តល់តាវកាលិកនូវ​ត្បូងដែលមាន​តម្លៃ 320លានរៀល ជំនួសឱ្យដីដែលមាន​តម្លៃ 400លាន​រៀល ក៏មាន​សុពលភាពដែរ)។ ការ​សង​ដោយ​វត្ថុ​ជំនួស គឺជា​កិច្ចសន្យា​ដែល​ចាំបាច់​ត្រូវ​មាន​ការព្រមព្រៀង​របស់​ម្ចាស់បំណុល និង អ្នក​សង ហើយ​នៅក្នុង​វិសោធនកម្មច្បាប់បានកំណត់កិច្ចសន្យា​នេះ ជាកិច្ចសន្យាកើត​ឡើង​តាម​ការព្រមព្រៀង ប៉ុន្តែ សិទ្ធិ​លើបំណុល​នឹង​រលត់​នៅពេលដែល​បាន​ផ្តល់​តាវកាលិក​ជាក់ស្តែង។ ការ​សង​ដោយ​វត្ថុ​ជំនួសក៏អាចធ្វើ​ឡើង​ក្នុងគោល​បំណង​ធានាដែរ ក្នុងនាម​ជា ការសន្យាជាមុន​នៅ​កិច្ចសន្យា​សងជំនួស (ឬ កិច្ចសន្យា​សង​ដោយ​វត្ថុ​ជំនួសដោយ​ភ្ជាប់​លក្ខខណ្ឌ) ដែល​មាន​ខ្លឹមសារថា «ខ្ញុំនឹង​ព្រមប្រគល់ផ្ទះនេះ បើសិនជាមិន​អាច​សងប្រាក់​កម្ចីបាន» ជាដើម។
(4) ការតម្កល់
បើសិនជាកូនបំណុលបាន​ព្យាយាមសង ប៉ុន្តែ ម្ចាស់បំណុល​មិន​ព្រម​ទទួល​ដោយសារ​ មិន​សុខ​ចិត្តនឹង​ចំនួន​ទឹកប្រាក់ ឬ ម្ចាស់​បំណុល​បាន​បាត់ខ្លួនជាអាទិ៍ ក្នុងករណីនេះ កូន​បំណុល​អាច​រួច​ផុត​ពីការទទួល​ខុស​ត្រូវ​នៃ​ការ​មិន​អនុវត្ត​កាតព្វកិច្ច ដោយការ​ស្នើផ្តល់ការ​សងដែលបាន​រៀបខាងលើនេះ។ ប៉ុន្តែ បើគ្រាន់តែ​ស្នើផ្តល់ការសងទេ ​កាតព្វ​កិច្ចនៅ​តែ​មាន​ដដែល។ ហើយវិធី​ធ្វើ​ឱ្យកាតព្វកិច្ច​នោះរលត់ គឺ​ការ​តម្កល់។ ជាក់ស្តែង កូន​បំណុល​អាចធ្វើ​ឱ្យ​សិទ្ធិ​លើបំណុល​រលត់ ដោយការ​ដាក់​តម្កល់​កម្មវត្ថុ​ដែល​ត្រូវ​សង នៅ​ការិយាល័យតម្កល់នៃមន្ទីរកិច្ចការ​ច្បាប់​ទូទាំងប្រ​ទេសបាន។ ប៉ុន្តែ ការ​តម្កល់នេះមិន​អនុញ្ញាត​ឱ្យ​ធ្វើនោះទេ បើសិនជាដើមឡើយអាច​សងបាន ពោលគឺ បើ​គ្មានមូល​ហេតុនៃការ​តម្កល់ទេ គឺ​មិន​អាច​ធ្វើ​បានទេ។ មូលហេតុនៃការ​តម្កល់អាចជា ករណី​ដែលម្ចាស់​បំណុល​បដិសេធមិន​ទទួល ឬ មិន​អាច​ទទួលបាន, ឬករណីដែល​មិន​អាច​ស្គាល់​ម្ចាស់​បំណុល​ដោយគ្មាន​កំហុស ពោលគឺករណីដែលនៅ​ក្រោយពេល​ម្ចាស់បំណុលបាន​ស្លាប់ កូន​បំណុល​មិន​អាច​ដឹង​ថាបុគ្គលណាគឺជា​សន្តតិជន, ឬករណីដែល​សិទ្ធិ​លើ​បំណុល​តែមួយ​ត្រូវបានធ្វើ​អនុប្បទានជាច្រើនដងពេក ហើយ​មិន​អាច​ដឹង​ថាអ្នកណាជាម្ចាស់​បំណុល​ពិត​ប្រាកដ​ជាដើម (មាត្រា494)។
(5) ការទូទាត់
ឧបមាថា A មានសិទ្ធិលើបំណុលនៃប្រាក់​កម្ចីចំនួន 160លានរៀល ចំពោះ B ហើយ B បាន​លក់ទំនិញឱ្យ A ហើយមានសិទ្ធិ​លើបំណុលជាថ្លៃលក់ចំនួន 80លានរៀល។ ក្នុងករណីនេះ B អាច​បង្ហាញឆន្ទៈរំលត់សិទ្ធិលើបំណុល និង កាតព្វកិច្ចទៅវិញទៅមកចំពោះទឹកប្រាក់ចំនួន 80លានរៀល ហើយ​បដិសេធចំពោះការ​បង់ប្រាក់ចំនួន 80លានរៀលនេះ ចំពោះការទាមទារ​ឱ្យសងប្រាក់ចំនួន 160លានរៀល ពី A បាន។ នេះហៅថា ការទូទាត់។ ការ​ទូទាត់ គឺជា​ការ​រំលត់​សិទ្ធិ​លើបំណុលក្នុងចំនួនទឹកប្រាក់ស្មើគ្នា តាមរយៈការបង្ហាញឆន្ទៈតែម្ខាង ក្នុងករណីដែលម្ចាស់​បំណុល និង កូន​បំណុល​មាន​សិទ្ធិ​លើបំណុល​ប្រភេទដូច​គ្នា (ឧទាហរណ៍ សិទ្ធិលើបំណុលជាប្រាក់ និងសិទ្ធិលើបំណុលជាប្រាក់) ទៅវិញទៅមក (មាត្រា505)។ ក្នុងករណីនេះ សិទ្ធិ​លើបំណុល​ដែល​ផ្តើមធ្វើការ​ទូទាត់ ហៅថា សិទ្ធិ​លើបំណុល​ដែល​ផ្តើមការទូទាត់ ហើយ​សិទ្ធិ​លើ​បំណុល​ដែលទទួលរង​ការ​ទូទាត់ ហៅថា សិទ្ធិ​លើបំណុល​ដែល​ទទួលការ​ទូទាត់។ ការ​ទូទាត់​ដែលក្រម​រដ្ឋប្បវេណីបានកំណត់ គឺជាសកម្ម​ភាព​ឯកតោភាគីតាមរយៈការ​បង្ហាញ​ឆន្ទៈតែម្ខាង ប៉ុន្តែ ភាគី​ទាំង​សង​ខាងអាច​ព្រមព្រៀង​គ្នាទាំងសងខាង ហើយបង្កើត​កិច្ចសន្យា​ទូទាត់ដោយសេរីបាន។ នៅក្នុងករណីនៃការ​ទូទាត់ក្នុងនាម​ជា​សកម្មភាពឯកតោភាគី សិទ្ធិ​លើបំណុល​ទាំងសងខាងត្រូវ​តែ​មាន​ប្រភេទដូច​គ្នា ហើយ​សិទ្ធិ​លើបំណុល​ទាំង​សង​ខាងនោះ​ត្រូវតែ​ដល់​កំណត់​ពេល​សងដូច​គ្នា (ថ្ងៃកំណត់​ដែល​ត្រូវសង) (មាត្រា505 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។​ ស្ថានភាព​ដែល​សិទ្ធិ​លើបំណុល​ទាំង​សង​ខាងអាច​ទូទាត់បានបែបនេះ ហៅថា ស្ថានភាព​សមស្រប​នឹង​ការ​ទូទាត់។ ប៉ុន្តែ ឧបមាថា សិទ្ធិ​លើ​បំណុល​របស់ A បាន​ដល់កំណត់សង (ថ្ងៃកំណត់ដែល B ត្រូវ​សង​បានមកដល់) ប៉ុន្តែ សិទ្ធិ​លើបំណុល​ B មិន​ទាន់​ដល់​កំណត់សងនោះទេ (A មិន​ទាន់ត្រូវសងនោះទេ ដោយសារតែ​កំណត់ពេល​សងដែលបាន​សន្យា​មិន​ទាន់​មកដល់) ក្នុងករណីនេះ ភាគី A អាច​បោះបង់ផលប្រយោជន៍នៃកំណត់ពេល (មាត្រា136 កថាខណ្ឌទី2) ហើយ​ទូទាត់បាន។ ហើយ​អានុភាពនៃការ​ទូទាត់ ត្រូវ​កើតឡើងត្រឡប់ទៅថ្ងៃដែលជា​ស្ថានភាពសមស្រប​នឹង​ការ​ទូទាត់ (មាត្រា506 កថា​ខណ្ឌទី2)។
យ៉ាងណាមិញ ភាគី​អាច​កំណត់​ការ​សន្យាពិសេសហាមឃាត់​មិន​ឱ្យ​ទូទាត់ជាមុនបាន (មាត្រា505 កថាខណ្ឌទី2) ប៉ុន្តែ ការ​សន្យា​ពិសេស​ដែល​ហាម​ឃាត់នេះ អាច​តតាំងចំពោះតែ​តតិយជនដែលបានដឹង ឬ មិន​បាន​ដឹង​ដោយ​មាន​កំហុស​ធ្ងន់ធ្ងរ (ពោលគឺ ទុច្ចរិតមានកំហុសធ្ងន់ធ្ងរ) ប៉ុណ្ណោះ (មាត្រាដដែល កថាខណ្ឌទី2 វាក្យ​ខណ្ឌទី2)។ កូនបំណុលនៃសិទ្ធិ​ទាមទារ​សំណង​ការ​ខូចខាតដោយ​អំពើអនីត្យានុកូល​ទុច្ចរិត និង ម្ចាស់​បំណុលនៃ​សិទ្ធិ​លើបំណុលទាមទារ​សំណង​ការ​ខូចខាតទាក់ទងនឹងអាយុជីវិត និង រូបរាងកាយរបស់​បុគ្គល មិន​អាច​តតាំង​អំពី​ការ​ទូ​ទាត់​នោះទេ បើទោះ​បីជា​មាន​សិទ្ធិ​លើបំណុលជា​ប្រាក់​ចំពោះម្ចាស់​បំណុល​ (ជនរងគ្រោះ) ក៏ដោយ (មាត្រា509។ ការ​កំណត់នេះ ធ្វើ​ឡើងដើម្បីធានាឱ្យជនរងគ្រោះ​ទទួលបាន​ការសំណងជាប្រាក់ជាក់ស្តែង)។
III. ក្រម​រដ្ឋប្បវេណី និងកិច្ចការច្បាប់នៃសហគ្រាស
បញ្ហាដែល​ស្មុគស្មាញជាងគេនៅក្នុង​ការអនុវត្ត​ជាក់ស្តែង គឺបញ្ហានៃការ​ប្រមូលសិទ្ធិលើបំណុល និង ការអនុវត្ត​ប្រាតិភោគដែល​ពាក់ព័ន្ធជាចម្បងនៅក្នុង​នីតិសិទ្ធិ​លើបំណុលទូទៅ និង នីតិប្រាតិភោគ​ប្រត្យក្ស។ នៅក្នុង​ស្ថាន​ភាពនេះហើយដែល​ក្រមរដ្ឋប្បវេណីបាន​បង្ហាញអំពី ការ​តទល់គ្នានៃផលប្រយោជន៍របស់ភាគី។ ទោះបីជាអ្នក​ទាំង​អស់គ្នាមិន​ប្រឡងយកវិជ្ជាជីវៈ ដើម្បី​ក្លាយជា​អ្នក​ច្បាប់ ហើយបម្រើការងារនៅតាមធនាគារ ក្រុមហ៊ុនពាណិជ្ជកម្ម និង រោងចក្រនានាក៏ដោយ ក៏ចំណេះដឹងដែល​បាន​រៀបរាប់​ខាងលើនេះ មាន​សារៈសំខាន់ដែរ។ ខ្ញុំសូមលើកអំពី​ឧទា​ហរណ៍​ជាក់ស្តែងជូន។ ឧបមាថា ​ក្រុមហ៊ុនពាណិជ្ជកម្មដៃគូដែលអ្នកបាន​ឱ្យកម្ចីទុន ឬ មាន​សិទ្ធិលើបំណុលនៃថ្លៃលក់ទំនិញជា​អាទិ៍ បាន​​ធ្លាក់​ក្នុង​សភាពលំបាក។ បុគ្គលគ្រប់គ្នាដែលកាន់​កិច្ចការ​ច្បាប់របស់សហគ្រាសត្រូវតែ​ប្រើ​ប្រាស់ចំណេះដឹង​នៃនីតិសិទ្ធិ​លើបំណុលទូទៅ និង នីតិ​ប្រាតិភោគប្រាត្យក្ស ដើម្បីរក្សាការពារ និង ប្រមូល​សិទ្ធិលើ​បំណុល​របស់ខ្លួន។ ដំបូង បើសិនជា​មាន​ភ្ជាប់ហ៊ីប៉ូតែកជាដើម (⇒ជំពូកទី7 II.1(1)) ទៅលើសិទ្ធិ​លើបំណុលចំពោះក្រុមហ៊ុនដែល​ជិតរលំនោះ ក្នុង​ករណីនេះ ត្រូវ​អនុវត្ត​សិទ្ធិ​ហ៊ីប៉ូតែក​នោះ ដើម្បីប្រមូល​បំណុលមុន។ បើសិនជា​មាន​អ្នក​ធានាដោយបុគ្គល មាន​ករណីខ្លះ​អ្នក​ធានានោះក៏អាច​ដួលរលំជាមួយ​ក្រុមហ៊ុននៃកូន​បំណុលផងដែរ ហេតុនេះ យើង​ត្រូវ​ចាត់ចែង​ការងារនេះជាបន្ទាន់មុនពេលស្ថានភាពទ្រព្យធនកាន់តែយ៉ាប់យ៉ឺន។ ចំពោះសិទ្ធិ​លើ​បំណុល​ដែល​គ្មាន​ប្រាតិភោគវិញ យើង​ត្រូវ​គិតថា តើក្រុមហ៊ុនខាង​យើងមាន​ជាប់កាតព្វកិច្ចអ្វីចំពោះក្រុមហ៊ុននោះដែរទេ ពោលគឺ ស្វែង​រក​សិទ្ធិ​លើ​បំ​ណុល​ផ្ទុយ បើសិនជាមាន យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​ទូទាត់ចំពោះកាតព្វកិច្ច​នោះជាមុនសិន។ បន្ទាប់​មក បើសិនជាក្រុមហ៊ុនជិតរលត់នោះមានសិទ្ធិ​លើបំណុលចំពោះតតិយជន យើង​អាច​ទាមទារសិទ្ធិ​លើ​បំណុល​នោះ​ជំនួសឱ្យប្រាក់ថ្លៃលក់ទំនិញ ពោលគឺ មធ្យាបាយ​ដែល​ទាមទារ​ឱ្យធ្វើ​អនុប្បទាន​សិទ្ធិលើបំណុល ​ក្នុងនាម​ជាការ​សង​ដោយ​វត្ថុជំនួស ​ប៉ុន្តែ មានករណីខ្លះ ការធ្វើបែបនេះត្រូវ​បាន​លុប​ចោល ដោយ​ម្ចាស់​បំណុល​ផ្សេងទៀតដែលបាន​អនុវត្ត​សិទ្ធិ​ទាមទារ​ឱ្យ​លុបចោល​អំពើដែលនាំឱ្យ​ខូច​ខាតផល​ប្រយោជន៍។ ម្ចាស់​បំណុល​ដែល​បានអនុវត្ត​សិទ្ធិ​លុបចោល​អំពើ​ដែលនាំឱ្យ​ខូច​ខាតផល​ប្រ​យោជន៍ តែ​ងទទួល​បាន​នូវ​ផលប្រយោជន៍​សម្រាប់​ខ្លួន ហេតុនេះ យើង​ត្រូវ​ពិនិត្យ​មើល​សកម្ម​ភាពរបស់​ម្ចាស់​បំណុលផ្សេងផងដែរ ហើយ​មិន​ត្រូវ​ឱ្យកន្លងផុតឱកាស​ប្រើប្រាស់​សិទ្ធិ​លុប​ចោល​ទេ។ បើ​ពិនិត្យ​មើលទៅ វាហាក់បីដូចជា​វិធាន​នៅក្នុង​សៀវភៅធម្មតា ប៉ុន្តែ ពេលខ្លះ វាអាចជាអាវុធដែល​ប្រើប្រាស់​​ក្នុងសង្គ្រាមវិវាទ​ពាណិជ្ជកម្ម (⇒ពាក្យគន្លឹះ: កិច្ចការច្បាប់នៃសហគ្រាស)។
ពាក្យគន្លឹះ: កិច្ចការច្បាប់សហគ្រាស
កិច្ចការ​ច្បាប់​សហគ្រាសមានដំណើរវិវត្តន៍ពី កិច្ចការ​ច្បាប់ដោះស្រាយវិវាទ ទៅជាកិច្ចការ​ច្បាប់​បង្ការ​វិវាទ និង កិច្ចការ​ច្បាប់​ជាយុទ្ធសាស្ត្រ។ កិច្ចការ​ច្បាប់ជា​យុទ្ធសាស្ត្រ សំដៅទៅលើការរៀប​ចំរចនាសម្ព័ន្ធចាត់ចែង​ផ្លូវ​ច្បាប់​ ដោយមាន​ទិសដៅលើកកំពស់ប្រសិទ្ធិភាពកិច្ចការពាណិជ្ជកម្ម និងពិចារណា​អំពីហានិភ័យ និង ផលចំណេញនៃ​សហគ្រាស។ ហើយនៅក្នុងសហគ្រាសទំនើបនពេលបច្ចុប្បន្ន ផ្នែក​កិច្ចការ​ច្បាប់កាន់តែមានសារៈសំខាន់​ខ្លាំងឡើង​។
យ៉ាងណាមិញ ខ្ញុំសូម​ផ្តាំផ្ញើដល់​អ្នក​ដែលចង់ចាប់ជំនាញកិច្ចការ​សហគ្រាស។ សូមសិក្សា​ទាំងក្រម​រដ្ឋប្បវេណី ច្បាប់​ក្រុមហ៊ុន និង ច្បាប់ក្ស័យធនផងដែរ។ ហើយសហគ្រាសដែលមាន​ទំហំធំ តែង​មាន​ទំនាក់​ទំនងពាណិជ្ជកម្ម​ច្រើនឆ្លងប្រទេស ហេតុនេះ សូម​សិក្សាភាសាអង់គ្លេស​ក្នុង​កម្រិតដែល​អាច​អាន​លិខិត​កិច្ចសន្យាជា​ភាសា​អង់គ្លេស​បាន។ លើសពីនេះ អ្នក​ត្រូវ​យល់ដល់អំពីមូលដ្ឋានគ្រឹះនៃគណនេយ្យផងដែរ (តើគួរតែរកដើមទុនដែលចូលនៅក្នុងផ្នែកណានៃតារាងតុល្យការជាដើម) ចំពោះ​កិច្ចការ​ច្បាប់​នៅក្នុង​សហគ្រាស​ហិរញ្ញវត្ថុ។ ដោយឡែក «ច្បាប់គ្រឹះស្ថានហិរញ្ញវត្ថុ» មិន​មែនជា​វិស័យច្បាប់​ដែល​ឯករាជ្យនោះទេ ប៉ុន្តែ វាគឺជា​ពិភពច្បាប់ដ៏ធំ​ដែល​យកក្រម​រដ្ឋប្បវេណីជាមូលដ្ឋាន ហើយ​មានបូករួមនូវបញ្ញត្តិច្បាប់ជាច្រើនដូចជា ច្បាប់ក្រុមហ៊ុន ច្បាប់ក្ស័យធន (ច្បាប់ក្ស័យធន ឬច្បាប់សម្បទារដ្ឋប្បវេណី) ច្បាប់​អនុវត្ត​រដ្ឋប្បវេណី ច្បាប់​រក្សាការពាររដ្ឋប្បវេណី ច្បាប់ប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុ និង ច្បាប់​ពន្ធ ជាអាទិ៍។