ជំពូកទី 5
នីតិ​សិទ្ធិលើបំណុល (2) ― នីតិអំពើ​អនីត្យានុកូល
I. មូលហេតុនៃការកកើតសិទ្ធិ​លើបំណុលក្រៅពីកិច្ចសន្យា
II. ការ​សិក្សាអំពី​ចំណុច​សំខាន់​នៃអំពើអនីត្យានុកូល​
1. អំពើអនីត្យានុកូលគឺជា
2. គំនិត​ដើម​ស្តីពី​សំណងការ​ខូច​ខាត​នៃអំពើ​អនីត្យានុកូល
3. លក្ខខណ្ឌ​បង្កើត​អំពើអនីត្យានុកូល
4. អានុភាព​នៃអំពើអនីត្យានុកូល
5. អំពើអនីត្យានុកូល​ពិសេស
III. ការ​សិក្សាអំពី​ចំណុច​សំខាន់​នៃការគ្រប់គ្រង​ដោយឈឺឆ្អាល និង សេចក្តី​ចម្រើនឥតហេតុ
1. ការគ្រប់គ្រងដោយ​ឈឺឆ្អាល
2. សេចក្តីចម្រើនឥតហេតុ
I. មូលហេតុនៃការកកើតសិទ្ធិ​លើបំណុលក្រៅពីកិច្ចសន្យា
ដូចបានរៀបរាប់នៅក្នុងជំពូកទី4 នៅក្នុងផ្នែកស្តីពី​សិទ្ធិ​លើបំណុលពិសេសៗ បានកំណត់​អំពីមូលហេតុ​នៃការ​កកើតសិទ្ធិ​លើបំណុល​ជា​ 4ប្រភេទ។ នៅក្នុងនោះមូលហេតុដែលសំខាន់ជាងគេបំផុត គឺកិច្ចសន្យា ហើយបន្ទាប់មកទៀតមាន ការ​គ្រប់គ្រង​ដោយ​ឈឺឆ្អាល សេចក្តី​ចម្រើនឥតហេតុ និង អំពើអនីត្យានុកូល។ នៅក្នុងចំណោមមូលហេតុនៃការកកើតសិទ្ធិលើបំណុលទាំងនោះ យើងអាច​និយាយថា ការគ្រប់គ្រងដោយ​ឈឺឆ្អាល និង សេចក្តី​ចម្រើនឥតហេតុ គឺជាករណីពិសេស ប៉ុន្តែ អំពើ​អនីត្យានុកូលមាន​សារៈសំខាន់បន្ទាប់ពីកិច្ចសន្យា។ ខ្ញុំនឹងពន្យល់ចាប់ពី​ចំ​ណុច​ស្តីពីអំពើអនីត្យានុកូលមុនដែល​មានសារៈខាន់ខ្លាំង ប៉ុន្តែខុសពីលំដាប់លំដោយនៃមាត្រាច្បាប់ ។
II. ការ​សិក្សា​អំពី​ចំណុច​សំខាន់នៃអំពើ​អនីត្យានុកូល​
1​. អំពើអនីត្យានុកូលគឺជា
អំពើអនីត្យានុកូល ​សំដៅទៅលើការកកើតសិទ្ធិ​ទាមទារ​ឱ្យ​សងសំណងការ​ខូចខាតដែល​ជនរងគ្រោះមាន​ទៅលើ​ចារី នៅក្នុងប្រព័ន្ធ​ផ្តល់​សំណងការ​ខូច​ខាត ក្នុងករណីដែល​បុគ្គលណាម្នាក់បាន​បង្ករជា​ការ​ខូច​ខាតដោយខុសច្បាប់ទៅលើ​បុគ្គលផ្សេង ដោយ​ចេតនា ឬ កំហុស។ ក្រមរដ្ឋប្បវេណីមាត្រា709 កំណត់ថា «បុគ្គលដែលបាន​បំពាន​ដល់សិទ្ធិ និង ផលប្រយោជន៍តាមផ្លូវ​ច្បាប់របស់​បុគ្គលដទៃ ដោយ​ចេតនា ឬ កំហុស ត្រូវ​ទទួល​ខុសត្រូវ​ក្នុងការ​សង​ការ​ខូច​ខាត​ដែល​កើតឡើង​ដោយ​អំពើនោះ»។ ពាក្យពេចន៍ដែល​ប្រើប្រាស់នៅមុនពេលវិសោធនកម្មច្បាប់ឆ្នាំ2004 គឺ «បានបំពានដល់សិទ្ធិ​របស់បុគ្គលដទៃ» ហេតុនេះហើយទើបពីមុនធ្លាប់មានបញ្ហាត្រង់ថា បើសិនជាការ​បំពាននោះមិនបានធ្វើទៅលើសិទ្ធិទេ តើវាអាចក្លាយជា​អំពើអនីត្យានុកូលដែរឬទេ?​ បច្ចុប្បន្ននេះ ចំណុចនេះត្រូវ​បានបកស្រាយថា «ការ​បំពានខុសច្បាប់ដល់បុគ្គលដទៃ» ហើយគេបានវិសោធនកម្មដោយប្រើប្រាស់ពាក្យដែលមាន​ន័យច្បាស់លាស់។
ដូចនេះ ឧទាហរណ៍​ជាក់ស្តែង​អំពីអំពើអនីត្យានុកូលគ្របដណ្តប់លើករណីជាច្រើនដូចជា គ្រោះថ្នាក់​ចរា​ចរណ៍ ការ​បំពុលបរិស្ថាន កំហុសនៃការ​ព្យាបាល ដែល​គេហៅថាអំពើអនីត្យានុកូលនៃអង្គហេតុ និង ការ​បំពាន​ផលប្រយោជន៍អាជីវកម្ម (ដណ្តើមអតិថិជន) និង ការ​ដណ្តើមយកកិច្ចសន្យា (ការ​បំពានសិទ្ធិ​លើ​បំណុលយ៉ាង​ធ្ងន់ធ្ងរ) ដែលគេហៅថា អំពើអនីត្យានុកូលនៃ​ជំនួញ។ កម្មវត្ថុនៃសំណងរួមមានការខូច​ខាតជា​ទ្រព្យសម្បត្តិ និង ការ​ខូច​ខាតផ្លូវ​ចិត្ត (ពោលគឺ សំណង​ជំងឺចិត្ត)។
2. គំនិតដើម​ស្តីពី​សំណងការ​ខូចខាតនៃអំពើ​អនីត្យានុកូល
ខ្ញុំសូមពន្យល់អំពីគោលគំនិត​នៃអំពើអនីត្យានុកូល​ ដោយ​ប្រៀបធៀប​ជាមួយ​នឹងទោសព្រហ្មទណ្ឌ​ដែលមាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ។ សំំណងការ​ខូច​ខាត​ក្នុងក្រម​រដ្ឋប្បវេណី និង ទោសព្រហ្មទណ្ឌ (រួមទាំងទោសពិន័យ​ជា​ប្រាក់) នៅក្នុង​ក្រម​ព្រហ្មទណ្ឌ គឺជា​របស់​ 2 ដែល​ខុសពីគ្នាដាច់ស្រឡះ។ អំពើអនីត្យានុកូលមិន​មែនជា​ការបង្គាប់​ឱ្យ​សងសំណង​ការ​ខូច​ខាត ក្នុងនាមជាទោសទណ្ឌចំពោះចារីនោះទេ។ វាគ្រាន់តែ​ជា​ការ​ពិចារណាអំពីសមភាពនៃការ​ទទួល​ខុស​ត្រូវ​នូវ​ការ​ខូច​ខាត ដែល​ចារីត្រូវ​ប៉ះប៉ូវផ្នែកសេដ្ឋកិច្ច ឬ ផ្នែកស្មារតីដល់​ជនរងគ្រោះ ពោលគឺ ការឱ្យបំពេញចន្លោះឡើងវិញ។ ហើយអំពើខ្លះត្រូវ​ក្លាយជា​បទល្មើសតាមក្រមព្រហ្មទណ្ឌ រួមជាមួយ​អំពើអនីត្យានុកូល​តាមក្រម​រដ្ឋប្បវេណី ប៉ុន្តែ អំពើ​ខ្លះអាច​បង្កើត​ជា​បទល្មើសព្រហ្មទណ្ឌ ប៉ុន្តែ មិន​អាច​ក្លាយ​ជា​អំពើអនីត្យានុកូលក៏មាន ហើយ​ក៏អាច​ផ្ទុយពីនេះ គឺ​អំពើ​ខ្លះ​ក្លាយ​ជា​អំពើអនីត្យានុកូល ប៉ុន្តែមិនបង្កើត​ជា​បទ​ល្មើស​ព្រហ្មទណ្ឌនោះទេ។ ពីព្រោះលក្ខខណ្ឌដើម្បីបង្កើត​អំពើ​អនីត្យាកូល និង លក្ខខណ្ឌដែល​នាំ​ឱ្យ​កើត​មាន​បទល្មើសនីមួយៗ គឺខុសគ្នា ហើយ​ដូច​បាន​រៀបរាប់ខាងលើ អំពីភាព​ខុសគ្នានៃគោលគំនិត​របស់​ប្រព័ន្ធទាំង2 នេះ។ ឧទាហរណ៍ ការបើកបរឡានក្នុងគោល​បំណងបុកបុគ្គលណាមួយ ហើយបង្ករជា​របួសស្នាម ក្នុងករណីនេះ អំពើអនីត្យានុកូលនឹងកើតមានឡើង ហើយ​ចារីនឹង​​ត្រូវទាមទារឱ្យ​បង់សំណងការ​ខូច​ខាតជាថ្លៃព្យាបាលរបួស និង ផលប្រយោជន៍​ដែល​បាត់បង់ក្នុងអំឡុងពេល​ដែលមិន​អាច​ធ្វើ​ការ​បាន ហើយ​ទន្ទឹមនឹងនេះ ចារីនឹង​ត្រូវ​ទទួលទោសបង្កររបួសស្នាមតាម​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ បើសិនជា​ការ​បើកឡានប៉ះទង្គិចដល់​ភាគីម្ខាង​ទៀតកើតឡើង​ដោយ​សារកំហុសវិញ បទល្មើសព្រហ្មទណ្ឌនឹង​មិនចោទ​ជា​បញ្ហាទេ តែសំណង​ការ​​ខូច​ខាតតាមអំពើអនីត្យានុកូល​នឹង​កើត​មានឡើង។ ផ្ទុយមកវិញ បើទោះបីជា​បទល្មើសព្រហ្មទណ្ឌកើតមាន​ក៏ដោយ ប៉ុន្តែ បើមិនមាន​កើតឡើងនូវ​ការ​ខូច​ខាត​ជា​ទ្រព្យសម្បត្តិ ឬ ស្មារតីដល់បុគ្គលដទៃនោះទេ អំពើអនីត្យានុកូល​ក៏ពុំមាន​កើតមាន​ឡើងដែរ។ ​
3. លក្ខខណ្ឌ​បង្កើតអំពើ​អនីត្យានុកូល
មាត្រា709 បានកំណត់​អំពីលក្ខខណ្ឌទូទៅនៃការបង្កើត​នូវ​អំពើ​អនីត្យានុកូល​ទូទៅជា 4 គឺ (1) ចេតនា ឬ កំហុស​របស់ចារី (2) ភាពខុសច្បាប់នៃ​អំពើ​បំពាន (3) ការ​កើតឡើង​ការ​ខូច​ខាត និង (4) ទំនាក់​ទំនង​ហេតុនិងផលរវាងអំពើបំពាននិងការ​ខូច​ខាត។
(1) ចេតនា និង កំហុស
ចំណុចនេះយើងអាចហៅបានថាជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ធំទាំង3 នៃក្រម​រដ្ឋប្បវេណី គឺ «គោលការណ៍​ទទួលខុសត្រូវ​ដោយមាន​កំហុស»។ ពោលគឺ បើសិនជា​ទង្វើគ្រប់យ៉ាងទាំង​អស់របស់យើងត្រូវ​តែ​មានការទទួលខុសត្រូវ​ ដោយមិន​ពិចារណាអំពីភាពមាន ឬ គ្មានកំហុសទាល់តែសោះនោះ ការអភិវឌ្ឍន៍សកម្មភាពរបស់​បុគ្គល​នីមួយៗនឹង​ត្រូវបាន​រារាំង ហេតុនេះហើយ ទើបគេបង្កើតឱ្យមាននូវ​គោលគំនិត​ស្តីពីការទទួលខុសត្រូវ​តែ​ក្នុង​ករណី​មាន​ចេតនា ឬ កំហុសប៉ុណ្ណោះ ដើម្បី​រក្សា​ការ​ពារនូវ​សេរីភាពនៃការធ្វើ​សកម្មភាព​របស់​បុគ្គលនីមួយៗ។ គោលគំនិតនេះ​នៅតែបន្តអនុវត្ត​រហូត​មកដល់ពេលបច្ចុប្បន្ន ប៉ុន្តែ ការរីកចម្រើននៃសង្គមពាណិជ្ជកម្មបានធ្វើឱ្យគេបន្ថែមនូវ​គោល​គំនិតបន្ថែមទៀត គឺ ការ​ទទួលខុសត្រូវ​ដោយ​គ្មានកំហុស សម្រាប់អនុវត្តទៅលើការ​ខូច​ខាតមួយ​ចំនួននៅ​ក្នុង​បរិបទផ្សេងៗនៃសង្គមបច្ចុប្បន្ន។ ដោយឡែក ទ្រឹស្តីនៃកំហុស គឺពិចារណាអំពីការមិនប្រុងប្រយ័ត្ននៅក្នុង​ចិត្ត​របស់​ចារីម្នាក់ៗតាមលក្ខណៈអត្តនោម័ត ប៉ុន្តែ នៅពេល​បច្ចុប្បន្ននេះ គេប្តូរមកពិចារណា​ទៅលើ​ការល្មើសទៅនឹង​ករណីយ​កិច្ចជៀសវាងនូវ​លទ្ធផល​ដែល​អាច​សម្រេចបាន​ដោយ​សត្យានុម័ត ដែល​ជា​ការខកខានអនុវត្តករណីយ កិច្ច​ត្រូវ​ជៀសវាង​នូវ​លទ្ធ​ផលដែល​អាចការពារបាន បើសិនជា​ចារីបាន​ព្យាករ និង ប្រុងប្រយ័ត្ន​ជាមុន។
យ៉ាងណាមិញ នៅក្នុងករណីអំពើអនីត្យានុកូល ជនរងគ្រោះ​ដែល​ទាមទារ​សំណង​ ត្រូវ​បញ្ជាក់​អំពីចេតនា ឬ កំហុសរបស់​ចារី (ចំណុចនេះ បញ្ច្រាសគ្នាជាមួយនឹង​ករណី​ភាគីនៃកិច្ចសន្យា។ ដើមឡើយ ភាគីនៃកិច្ចសន្យា​ត្រូវ​ឈរលើករណីយកិច្ចនៃការ​អនុវត្តដោយ​ផ្អែក​តាមគោលការណ៍សុចរិតនិងស្មោះត្រង់ ហេតុនេះ បើសិនជា​មាន​ការ​មិន​អនុវត្ត​កាតព្វកិច្ច​នៅក្នុង​កិច្ចសន្យា ម្ចាស់​បំណុល​ដែលទាមទារ​សំណង​ការ​ខូច​ខាត មិន​ចាំបាច់បញ្ជាក់​អំពី​ហេតុ​នៃការ​ទទួលខុសត្រូវ​ដូចជា ចេតនា ឬ កំហុសរបស់កូនបំណុលដែលមិនអនុវត្តនោះទេ ហើយកូនបំណុលត្រូវ​បញ្ជាក់ថាខ្លួនគ្មានហេតុនៃការ​ទទួល​ខុស​ត្រូវ ទើប​អាច​រួចផុតពីការ​ទទួល​ខុសត្រូវ​ក្នុង​ការសង​សំណង​ការ​ខូច​ខាត។
(2) ភាពខុសច្បាប់
លក្ខខណ្ឌទី2 គឺជាភាពខុសច្បាប់នៃការ​បំពានសិទ្ធិ​ និង ផលប្រយោជន៍ (មានអំពើបំពានខុសច្បាប់) ដូចពាក្យពេចន៍ដែល​ប្រើប្រាស់ក្នុងមាត្រា​ច្បាប់ខាងលើនេះ។ ឧទាហរណ៍ ភាគីម្ខាងបានអនុវត្តតាម​វិធានកំណត់នៅ​ក្នុង​ការ​ប្រកួតយូដូ ហើយបានបង្ករបួសស្នាមដល់ភាគីម្ខាងទៀត នៅក្នុងករណីនេះ ជាទូទៅអំពើនេះខ្វះភាពខុសច្បាប់ ហេតុនេះហើយ វាមិនអាច​ក្លាយ​ជា​អំពើ​អនី​ត្យានុកូលនោះទេ។ ការ​បង្ករបួសស្នាមដល់ភាគីម្ខាងទៀត ដោយសារតែ​គ្មាន​មធ្យោបាយផ្សេងពីនេះ ដើម្បីគេចខ្លួនពីការ​វាយប្រហារពីភាគីម្ខាងទៀតនោះ ក៏អាចរួចផុតពីភាពខុសច្បាប់ដែរ។ ករណីនេះហៅថា ការ​ការពារជា​ធម្មានុរូប (មាត្រា720)។
បើសិនជាពិបាកក្នុងការ​សម្រេចអំពីភាពមាន ឬ គ្មានភាពខុសច្បាប់នេះ ក្នុងករណីនេះ ទ្រឹស្តីជាច្រើន​នៅពេល​បច្ចុប្បន្ននេះបានបកស្រាយថា ត្រូវ​សម្រេចដោយ​វិនិច្ឆ័យទៅលើ​លក្ខណៈ និង ប្រភេទនៃផលប្រយោជន៍​ដែល​រង​ការបំពាន រួម​ជាមួយនឹងបែបយ៉ាងនៃអំពើបំពាន (មានន័យថា បើសិនជាការបំពានផលប្រយោជន៍​មាន​តិចតួច​ក៏ដោយ ប៉ុន្តែ បើវិធី​នៃការ​បំពានមានលក្ខណៈអាក្រក់ខ្លាំង គេអាចសម្រេចថា មានភាពខុសច្បាប់ធ្ងន់ធ្ងរ)។ ប៉ុន្តែ ចំ​ពោះលក្ខខណ្ឌនៃភាពខុសច្បាប់នេះ មាន​ទ្រឹស្តី2 ដែលបកស្រាយផ្ទុយគ្នា។ ទ្រឹស្តីមួយបកស្រាយថាភាពខុសច្បាប់នេះ ត្រូវពិចារណាដាច់ដោយឡែកពី​លក្ខខណ្ឌចេតនា និង កំហុស រីឯទ្រឹស្តីមួយទៀតបកស្រាយថា ពិចារណា​ដោយ​បញ្ចូល​លក្ខខណ្ឌទាំងនេះរួមគ្នា (ឧទាហរណ៍ នៅក្នុងករណី​អំពើអនីត្យានុកូលនៃជំនួញ ដែល X បាន​ចុះ​កិច្ចសន្យា​ជាមួយ A រួចហើយ ប៉ុន្តែ Y បានដណ្តើមយក ហើយ​បង្ខំឱ្យ A ចុះកិច្ចសន្យា​ជាមួយ​ខ្លួន។ រឿងនេះពេល​ខ្លះអាច​ស្ថិតនៅក្នុង​ទំហំនៃការ​ប្រកួតប្រជែងដោយសេរី ហេតុនេះហើយ ការសម្រេចអំពីអត្ថិភាពនៃភាព​ខុសច្បាប់ គឺ​មាន​ការលំបាកខ្លាំង។ ប៉ុន្តែ ទ្រឹស្តីមួយចំនួនបកស្រាយថា រឿងនេះអាច​ក្លាយជា​ករណី​អំពើអនីត្យានុកូល ប្រសិន​បើ Y មានឆន្ទៈ (ឆន្ទៈបំពាន) ដណ្តើមកិច្ចសន្យា ដោយបង្កការខូចខាត (ខ្លាំងជា​ងចេតនា) ដល់ X។
(3) ការ​កើត​ឡើង​ការ​ខូចខាត
លក្ខខណ្ឌទី3 គឺការ​កើត​ឡើង​ការ​ខូចខាត។ បើទោះបីជាអំពើនោះខុសច្បាប់ខ្លាំងយ៉ាងណាក៏ដោយ តែបើគ្មានការ​ខូច​ខាតកើតឡើងចំពោះភាគីម្ខាងទៀតទេ ក៏វាមិនអាច​ក្លាយ​ជា​អំពើ​អនីត្យានុកូល​ដែរ។ ការ​ខូច​ខាតនេះ បែកចែកជា ការខូចខាតទ្រព្យសម្បត្តិ និង ការ​ខូច​ខាតសតិអារម្មណ៍ (សំណងជំងឺចិត្ត) ដូចបាន​រៀបរាប់ខាងលើនេះ។ នៅក្នុងការ​ខូច​ខាតទ្រព្យសម្បត្តិត្រូវ​បែងចែកជា ការ​ខូច​ខាតសកម្ម ដូចជា ថ្លៃព្យាបាលរបួស និង ការ​ខូចខាត​អកម្ម ដូចជា ការ​បាត់បង់ផលប្រយោជន៍ដោយការមិន​ទទួលបាន​ចំណូល ក្នុងអំឡុងពេល​សម្រាកព្យាបាលរបួស។ លើសពីនេះ នៅក្នុងផលប្រយោជន៍ដែល​ទទួលរងការបំពាន រួមបញ្ចូលទាំងការប៉ះពាល់ដល់ផលប្រយោជន៍នៃ​បុគ្គលភាព ដូចជា កេរ្តិ៍ឈ្មោះ និង ឯកជនភាព ជាអាទិ៍ (មាត្រា710)។ ការ​បំពានដល់​អាយុជីវិត ពោលគឺ ឪពុក​ម្តាយ សហព័ទ្ធ និង កូន​របស់​ជនរងគ្រោះដែល​បាន​បាត់បង់​ជីវិត​ដោយសារ​រងអំពើអនីត្យា​នុកូល មាន​សិទ្ធិ​ទាមទារ​សំណង​ការ​ខូច​ខាតផ្លូវ​ចិត្តបាន (មាត្រា711) ប៉ុន្តែ បុគ្គលក្រៅពីនេះក៏​អាចមាន​សិទ្ធិទាមទារ​សំណង​ការ​ខូច​ខាត​ផ្លូវ​ចិត្ត​ផងដែរ បើសិនជា​អាច​បញ្ជាក់​អំពី​ការ​ទទួលរងនូវ​ការ​ខូច​ខាតផ្លូវ​ចិត្ត​បាន។
(4) ទំនាក់​ទំនង​ហេតុនិងផល
លក្ខខណ្ឌទី4 គឺ​ទំនាក់​ទំនង​ហេតុនិងផល ពោលគឺ ការ​ខូច​ខាតដែល​កើត​ឡើង​ដោយសារ​តែ​អំពើអនីត្យានុកូល​នោះ ត្រូវ​តែមាន​ទំនាក់​ទំនងដើមហេតុ និង លទ្ធផល។ ប៉ុន្តែ នៅក្នុងការ​បំពុលបរិស្ថានជាអាទិ៍ ជនរងគ្រោះ​មាន​ការ​លំបាក​យ៉ាងខ្លាំង​ក្នុង​ការ​បញ្ជាក់​អំពីចំណុចនេះ ដូច​ជា សារធាតុពុលបានចូល​ទៅក្នុង​ខ្លួន​ជនរងគ្រោះដោយរបៀបណា ហើយបង្កជាជំងឺដោយ​របៀបណាជាដើម។ ដូចនេះ យុត្តិសាស្ត្រតុលាការបានបកស្រាយអនុគ្រោះត្រង់ចំណុច​នេះថា ជនរងគ្រោះ​មិន​តម្រូវ​ឱ្យ​បញ្ជាក់​អំពីមូលហេតុវិទ្យាសាស្ត្រលម្អិតនោះទេ ហើយគ្រាន់តែមានការបញ្ជាក់​ត្រឹមតែ​អាច​ជឿជាក់​បានថា ប្រហែលជា​មានគឺគ្រប់គ្រាន់ហើយ។
(5) សមត្ថភាព​ក្នុង​ការ​ទទួល​ខុស​ត្រូវ​
ចំណុច​នេះ​មាន​លក្ខណៈ​ខុសគ្នា​បន្តិចទៅនឹង​លក្ខខណ្ឌនៃការ​បង្កើត​ខាងលើនេះ ប៉ុន្តែ ដើម្បីទម្លាក់​នូវ​ការ​ទទួល​ខុសត្រូវ​សំណង​ការខូចខាត​នៃ​អំពើអនីត្យានុកូលដល់ចារីបាន លុះត្រាតែ ចារីនោះមាន​សមត្ថភាព​ក្នុងការ​ទទួល​ខុសត្រូវ (សមត្ថភាពដែល​អាចទទួល​ខុស​ត្រូវ​នូវ​អំពើ​អនីត្យានុកូល)។ នេះមានន័យថា បុគ្គលនោះ​ត្រូវ​តែមាន​បញ្ញា និង សមត្ថភាពក្នុងការ​វិនិច្ឆ័យគ្រប់គ្រាន់ ដែល​អាច​មើលឃើញអំពី​លទ្ធផលដែល​អាច​កើតឡើង​ចេញពី​អំពើ​របស់​ខ្លួន ហេតុនេះ បុគ្គលដែល​គ្មាន​សមត្ថភាពបែបនេះនឹង​ត្រូវ​រួចផុតពីការ​ទទួល​ខុសត្រូវនូវ​អំពើអនីត្យានុកូល ក្នុង​នាម​ជា​បុគ្គលដែល​គ្មាន​សមត្ថភាព​ទទួល​ខុសត្រូវ។
ជន​ដែល​គ្មាន​សមត្ថភាព​ទទួលខុសត្រូវដែល​កំណត់​ក្នុង​ក្រម​រដ្ឋប្បវេណី គឺជា (1) ​ជននៅក្នុងចំណោម​អនីតិជនដែល​គ្មានសមត្ថភាពបញ្ញា​គ្រប់គ្រាន់​ដើម្បីពិចារណាលើ​ការ​ទទួលខុសត្រូវ​នូវ​អំពើរបស់ខ្លួន (មាត្រា712) និង(2) ជនដែល​ស្ថិត​ក្នុង​ស្ថានភាពដែល​ខ្វះសមត្ថភាព​ពិចារណាលើការ​ទទួលខុសត្រូវ​នូវ​អំពើរបស់ខ្លួន ដោយសារតែវិបត្តិផ្នែក​ស្មារតី (មាត្រា713)។ ចំពោះជនទី (1) យើងត្រូវ​វិនិច្ឆ័យ​តាមលក្ខណៈរបស់​បុគ្គលម្នាក់ៗ ប៉ុន្តែ ភាគច្រើនគេបាន​កម្រិតមូលដ្ឋាននេះត្រឹមអាយុតិច ឬ ច្រើនជាង 12ឆ្នាំ។ ឧទាហរណ៍ថា ក្មេង​ថ្នាក់មតេយ្យបាន​យកដុំថ្មទៅដាក់​នៅលើផ្លូវ​រថភ្លើង ហើយ​បណ្តាលឱ្យមាន​គ្រោះថ្នាក់រថភ្លើងរត់ធ្លាក់គន្លងផ្លូវ ក្នុងករណីនេះ ក្មេងនោះមិន​មាន​ទំនួលខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូលនោះទេ។ ប៉ុន្តែ បើសិនជាក្មេងថ្នាក់វិទ្យាល័យបានធ្វើនូវ​អំពើដូច​គ្នានេះ ក្មេង​នោះត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូល (ក្នុងនាម​ជា​ជនដែល​មាន​សមត្ថភាពពិចារណាលើការ​ទទួល​ខុស​ត្រូវ)។
ចំពោះជនទី (2) ដែល​ជា​ជន​ស្ថិត​ក្នុង​ស្ថានភាពដែល​ខ្វះសមត្ថភាព​ពិចារណាលើការ​ទទួលខុសត្រូវ​នូវ​អំពើរបស់ខ្លួនដោយសារតែវិបត្តិផ្នែក​ស្មារតីវិញ មាត្រា713 វាក្យខណ្ឌទី2 បាន​កំណត់ថា ជននោះ​មិន​អាច​រួច​ផុតពី​ការ​ទទួល​ខុសត្រូវ​នូវសំណង​ការ​ខូច​ខាតបានឡើយ បើសិនជាស្ថានភាពដែល​ខ្វះសមត្ថភាពពិចារណានោះកើត​ឡើង​ដោយ​ចេតនា ឬ កំហុសរបស់សាមីខ្លួនដែលមាន​លក្ខណៈបណ្តោះអាសន្ន ដូចជា ការធ្វើជា​ផឹកស្រាឱ្យស្រវឹងខ្លាំង ដើម្បី​វាយតប់បុគ្គលណាមួយ ជាអាទិ៍។
ទោះបីជា​ចារីអាចរួចផុតពីការ​ទទួលខុសត្រូវនូវអំពើ​អនីត្យានុកូល​ដោយផ្អែកលើមាត្រា712 និង មា​ត្រា​713 ក៏ដោយ ក៏មិនមែនមាន​ន័យថា គ្មាន​អ្នកដែល​ត្រូវ​ទទួលខុសត្រូវនោះទេ។ តាមរយៈមាត្រា714 ដូចរៀបរាប់ខាងក្រោម បុគ្គលដែល​មាន​ករណីយកិច្ច​ត្រួតពិនិត្យ នឹង​ទទួលខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូលជំនួសឱ្យបុគ្គលខាងលើនេះ ក្នុងនាម​ជា​ការ​បំពានករណីយកិច្ច​ត្រួតពិនិត្យ។
4. អានុភាព​នៃអំពើ​អនីត្យានុកូល
(1) គោលការណ៍នៃសំណងជា​ប្រាក់
ជាគោលការណ៍ សំណងនៃ​អំពើអនីត្យានុកូលគឺសំណងជា​ប្រាក់ (មាត្រា722 កថាខណ្ឌទី1)។ ចំពោះករណីបរិហារកេរ្តិ៍ តុលាការ​អាច​ចេញ​សាលក្រម​បង្គាប់ឱ្យធ្វើការចាត់ចែងសមរម្យណាមួយដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ ដូច​ជា ការ​សុំ​ទោសជា​សាធារណៈនៅលើទំព័រកាសែតជាដើម ជំនួសឱ្យការ​សងសំណង ឬ បន្ថែម​លើការ​សង​សំណង (មាត្រា723)។
(2) ទំហំ​នៃសំណង​ការ​ខូច​ខាត
មាត្រាច្បាប់មិនមានបញ្ញត្តិពី​កម្រិតណាមួយចំពោះចំណុចនេះទេ ហេតុនេះ ជាគោលការណ៍ ការ​ខូច​ខាតទាំង​អស់​ដែល​កើតឡើង​ដោយ​អំពើអនីត្យានុកូលនោះ ត្រូវ​ក្លាយ​ជា​កម្មវត្ថុ​នៃការ​សងសំណង​ទាំងអស់។ ប៉ុន្តែ យើង​ក៏មាន​ភាព​ចាំបាច់ក្នុងការ​ដកចេញនូវ​ការ​ទាមទារណាក្រៅពីច្បាប់ផងដែរ (ឧទាហរណ៍ នាវាមួយបានលិចបាត់ដោយ​សារ​តែបានប៉ះទង្គិចគ្នា ហើយក្នុងរយៈប៉ុន្មានថ្ងៃក្រោយគ្រោះថ្នាក់ តំបន់នោះបាន​ផ្ទុះសង្រ្គាមឡើង ហេតុនេះហើយ តម្លៃសម្រាប់​ចំណាយលើការ​ស្រង់នាវាជាអាទិ៍ កើនឡើងខ្ពស់ខ្លាំង។ នៅក្នុងរឿងក្តីនេះ ជនរងគ្រោះដែល​ជា​ម្ចាស់​នា​វាបានទាមទារសំណង​ការ​ខូចខាត ដែល​បាន​គណនាដោយយកតម្លៃដែល​កើនឡើងខ្ពស់នោះ​)។ ហេតុនេះហើយ គោលគំនិតនៅក្នុងយុត្តិសាស្ត្របានបកស្រាយថា អំពើ និង ការ​កើតឡើងនូវ​ការ​ខូច​ខាតត្រូវ​តែ​មាន​ទំនាក់​ទំនងហេតុផល​សម​ស្រប ហើយខ្លឹមសារនេះមានលេចឡើងនៅក្នុងមាត្រា416 នៃក្រមរដ្ឋប្បវេណី(បានរៀបរាប់រួចហើយ ក្នុងជំពូកទី៤ ការមិនអនុវត្តកាតព្វកិច្ច) ហេតុនេះ យើងអាច​យក​ចំណុច​នេះ​មក​អនុវត្ត​ប្រដូចបាន។ ពិតមែនហើយថា គោលគំនិតដែលលើកឡើងថា សំណងការ​ខូច​ខាតត្រូវ​ធ្វើក្នុងទំហំដែលអាចទទួលស្គាល់ថាសមស្របដោយពិ​ចារណាជាទូទៅ គឺសមហេតុផល ប៉ុន្តែ គោលគំនិតនេះមាន​ប្រភពនៅក្នុង​ច្បាប់អាឡឺម៉ង់ដែល​ប្រកាន់យករបបផ្តល់​សំណងគ្មានកម្រិត ហើយ​របៀបនៃការ​តាក់តែងបញ្ញត្តិ​ស្តីពីសំណងការ​ខូច​ខាតនេះខុសពីប្រទេសជប៉ុនទៀត ហេតុនេះ ខ្ញុំយល់ថារបៀបនៃការពន្យល់នេះនៅមាន​មន្ទិលជាច្រើន(នៅប្រទេសជប៉ុន មាត្រា416 បានបែងចែកជាការ​ខូច​ខាតធម្មតា និង ការ​ខូច​ខាតពិសេសចំពោះការ​មិន​អនុវត្ត​កាតព្វកិច្ច ហើយបាន​ប្រើប្រាស់របបផ្តល់សំណងមាន​កម្រិត​។ ដូចនេះ មានការ​រិះគន់ថា ការ​នាំយកនូវ​ពាក្យ​បច្ចេកទេសស្តីពីទំនាក់​ទំនង​ហេតុនិងផលដែល​កើត​មាន​ក្នុង​ស្ថានភាពនៃប្រទេសអាឡឺម៉ង់ គឺមិន​ចាំបាច់នោះទេ)។
(3) ការ​ទូទាត់កំហុស
នៅក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម បើសិនជាភាគី​ជនរងគ្រោះក៏មានកំហុសផងដែរនោះ តុលាការ​អាចពិចារណាអំពី​ការ​ទូទាត់កំហុស ហើយ​សម្រេចអំពីចំនួននៃសំណង​បាន (មាត្រា722 កថាខណ្ឌទី2)។ ឧបមា​ថា​ ការ​ខូច​ខាតដែល​កើតមានឡើងមានចំនួន 40លានរៀល ហើយតុលាការបានទទួលស្គាល់ថា ភាគីជនរងគ្រោះ​មាន​កំហុស 30% (ឧទាហរណ៍ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មានមូលហេតុចម្បងបណ្តាលមកពីអ្នកបើកបរមិនមើលទៅខាងមុខដោយប្រុងប្រយ័ត្ន ប៉ុន្តែ ជនរងគ្រោះក៏មាន​កំហុសក្នុងការចេញមកផ្លូវឡាន​ដោយ​ប្រញាប់ប្រញាល់ដែរ) ក្នុងករណីនេះ ការ​ខូចខាតសរុបរួមមានចារី 70% និងជនរងគ្រោះ 30% ហើយតុលាការ​ត្រូវចេញសាលក្រម​កំណត់អំពីសំណងចំនួន 28លានរៀល។
5. អំពើអនីត្យានុកូលពិសេស
(1) សញ្ញាណទូទៅ
ក្រមរដ្ឋប្បវេណីបានកំណត់អំពីអំពើអនីត្យានុកូល​ពិសេសមួយ​ចំនួន បន្ថែមពីលើអំពើអនីត្យានុកូល​ទូទៅ​នៃ​មាត្រា709។ អំពើអនីត្យានុកូលពិសេសទាំងនេះ សុទ្ធតែមាន​លក្ខណៈពិសេសត្រង់ថា នៅក្នុងលក្ខខណ្ឌនៃការ​បង្កើត​មានធាតុផ្សំនៃការ​ទទួល​ខុស​ត្រូវ​ដោយ​គ្មានកំហុសតិច ឬ ច្រើន។ មានន័យថា វាមិនមែនជា​ទង្វើរបស់សាមីខ្លួន​នោះទេ ប៉ុន្តែ ជននោះត្រូវ​ទទួលខុសត្រូវ​នៃអំពើអនីត្យានុកូលនោះក្នុងទំហំជាក់លាក់មួយ​ ដោយប្រៀបបាននឹងអំពើនោះសាមីខ្លួនបាន​ប្រព្រឹត្ត ដោយសារតែសាមីខ្លួនមាន​ទំនាក់​ទំនងជាក់លាក់ជាមួយ​បុគ្គលដែល​បាន​ប្រព្រឹត្ត (ប៉ុន្តែ ឧបមាថាជននោះមាន​ការប្រុងប្រយ័ត្នគ្រប់គ្រាន់ក្នុងការ​ជ្រើសរើស ឬ ត្រួតពិនិត្យអ្នក​ប្រព្រឹត្ត ក្នុងករណីនេះ ជននោះអាច​រួចផុតពីការ​ទទួលខុសត្រូវ ពោលគឺមានហេតុមួយចំនួនដែល​អាច​រួចផុតពីការទទួលខុសត្រូវ​បាន ប៉ុន្តែ មិនមែនមានន័យថា គ្មាន​ការ​ទទួលខុសត្រូវ​ទាល់តែសោះនោះទេ។ ចំណុចនេះនឹង​រៀបរាប់បន្ថែមខាងក្រោម)។
(2) ការទទួលខុសត្រូវ​របស់​អ្នក​ត្រួតពិនិត្យជនដែល​គ្មាន​សមត្ថភាព​ទទួលខុសត្រូវ
បុគ្គលដែល​មាន​ករណីយកិច្ចត្រួតពិនិត្យជនដែល​គ្មាន​សមត្ថភាពទទួលខុសត្រូវ (ឧទាហរណ៍ថា សិស្សថ្នាក់បឋម គឺសំដៅទៅលើឪពុកម្តាយក្មេងនោះជាអាទិ៍ ហើយបើសិនជា​អ្នកបាត់បង់ការ​ចង់ចាំ គឺសំដៅទៅលើអ្នក​អាណាព្យាបាល ឬ ប្រធានមន្ទីរពេទ្យផ្នែកវិបត្តិផ្លូវ​ចិត្តជាអាទិ៍) ឬ អ្នកតំណាងនៃអ្នក​ត្រួតពិនិត្យ (សិស្សសាលាបឋម គឺសំដៅទៅលើនាយកសាលាបឋមនោះ) មាន​ការ​ទទួលខុសត្រូវ​ក្នុងការ​សងសំណង ចំពោះអំពើអនីត្យានុកូល​ដែល​បាន​ធ្វើ​ឡើងដោយ​ជនដែលគ្មាន​សមត្ថភាពទទួលខុសត្រូវ (មាត្រា714 កថាខណ្ឌទី1 និងទី2)។ ក្នុងបញ្ញត្តិនេះក៏មានកំណត់ផងដែរថា អ្នកមានករណីយកិច្ចត្រួតពិនិត្យ​អាច​រួចផុតពីការទទួលខុសត្រូវបើសិនជាគ្មាន​ការធ្វេសប្រហែសចំពោះករណីយកិច្ចត្រួតពិនិត្យ ប៉ុន្តែ ការអះអាងអំពីភាពគ្មានការធ្វេសប្រហែសចំពោះករណីយកិច្ចត្រួតពិនិត្យនេះ មិនងាយនឹងបាន​ជោគជ័យនោះទេ។
(3) ការទទួលខុសត្រូវ​របស់និយោជក
មាត្រា715 ស្តីពីការ​ទទួលខុសត្រូវ​របស់និយោជក បានកំណត់ថា និយោជិតខ្លួនឯងត្រូវ​មាន​ការ​ទទួល​ខុសត្រូវផង ហើយនិយោជកដែលប្រើនិយោជិតនោះ ឬ អ្នក​ត្រួតពិនិត្យជំនួសនិយោជកនោះ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ចំពោះ​អំពើអនីត្យានុកូល​ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​និយោជិត ពោលគឺបុគ្គលដែល​ខ្លួនបាន​ប្រើឱ្យ​ធ្វើសកម្ម​ភាពការងារ។ ប៉ុន្តែ ​និយោជកអាចរួចផុតពីការទទួលខុសត្រូវបាន ប្រសិនបើខ្លួន​អាចបញ្ជាក់​អំពី​ការ​ប្រុងប្រយ័ត្នសម​ស្របក្នុងការ​ជ្រើសរើស និង ត្រួតពិនិត្យនិយោជិត។ និយោជក និង អ្នក​ត្រួតពិនិត្យ​ដែល​បាន​បង់សំណងដល់​ជនរងគ្រោះ អាច​ទាមទារសំណងនោះវិញបាន ពីនិយោជិតដែល​បានប្រព្រឹត្តអំពើ​អនីត្យានុកូល (មាត្រា715 កថាខណ្ឌទី3)។ ប៉ុន្តែ បញ្ញត្តិស្តីពីការ​ទាមទារ​សំណងវិញនេះ មានរឿងក្តីខ្លះ ជាចុងក្រោយនិយោជិតត្រូវ​បង់សំណងទាំងអស់ទៅវិញដែលមិនយុត្តិធម៌ ហេតុនេះ យុត្តិសាស្ត្រ និង ទ្រឹស្តីខ្លះបានបកស្រាយថា ការទាមទារ​ឱ្យសងវិញនេះមិន​អាចធ្វើ​ចំពោះ​ទំហំសំណងទាំងអស់បានទេ ដោយសារ​ពិចារ​ណាលើគោលការណ៍សុចរិតភាព។
(4) អំពើអនីត្យានុកូល​រួម
មាត្រា719 កំណត់អំពី​អំពើអនីត្យានុកូលរួម។ ឧបមាថា ជនម្នាក់​ត្រូវ​ជនមួយក្រុមវាយតប់ ហើយបាន​រង​របួស ហើយក្រោយមកទៀត ជនរងគ្រោះបាន​សន្លប់បាត់ស្មារតីដោយមិនដឹងថា​ត្រូវ​នឹង​កណ្តាប់ដៃរបស់​បុគ្គលណានោះទេ ហេតុនេះ បើសិនជាយើងកំណត់ថា ក្នុងករណីដែលគេ​មិនអាច​កំណត់អត្តសញ្ញាណចារីបាន គឺមិន​អាច​ទាមទារ​សំណង​បាន នោះជនរងគ្រោះនឹង​ខ្វះនូវ​ការការពារ។ នៅក្នុងករណីបែបនេះហើយ ទើបមាត្រានេះបញ្ញត្តថា បុគ្គលទាំងអស់នោះត្រូវ​មានការ​ទទួលខុសត្រូវ​ដោយសាមគ្គីភាព (បើសិនជា A B និង C បាន​វាយតប់ D ឱ្យ​រង​របួស ក្នុងករណីនេះ D អាច​ទាមទារ​សំណង​ទាំងអស់ចំពោះនរណាម្នាក់ក្នុងចំណោម A B និង C ក៏បាន)។ ហើយគោលគំនិតនេះក៏អាច​យកមកអនុវត្ត​ចំពោះករណីដែលគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត X និង រថយន្ត Y ហើយបណ្តាលឱ្យអ្នកថ្មើរជើង Z រងគ្រោះជាអាទិ៍ (វាក្លាយជាអំពើអនីត្យានុកូល​រួម​របស់ X និង Y)។ លើសពីនេះ អ្នកផ្តើមគំនិត និង អ្នកសមគំនិត ពោលគឺអ្នកបញ្ជាឱ្យធ្វើ និង អ្នកបានជួយទំនុកបម្រុង ត្រូវ​ចាត់ទុក​ថាជា​ចារីរួម (មាត្រាដដែល កថាខណ្ឌទី2)។
(5) ការទទួលខុសត្រូវ​របស់អ្នក​កាន់កាប់សត្វ
អ្នក​កាន់កាប់សត្វ ឬ អ្នក​គ្រប់គ្រងសត្វជំនួសឱ្យអ្នកកាន់កាប់ ត្រូវទទួលខុសត្រូវ​ចំពោះសំណងការ​ខូច​ខាត ដែលសត្វ​នោះបាន​ធ្វើ​ទៅលើអ្នក​ដទៃ (មាត្រា718 កថាខណ្ឌទី1 និង ទី2)។ ឧទាហរណ៍ សត្វចិញ្ចឹមបានរត់ចេញពី​ផ្ទះ ហើយខាំអ្នក​ដទៃឱ្យមានរបួស ក្នុងករណីនេះ អ្នក​កាន់កាប់សត្វនោះត្រូវ​សងសំណងការ​ខូចខាត (នៅទីនេះ គេ​ប្រើពាក្យថា អ្នកកាន់កាប់ ហេតុនេះហើយទោះបីជា​កម្មសិទ្ធិ​ករ ឬ មិនមែន​កម្មសិទ្ធិករក៏ដោយ ឱ្យតែ​បុគ្គលនោះជា​អ្នក​ចិញ្ចឹមសត្វជាក់ស្តែង) ហើយបើសិនជា​សត្វចិញ្ចឹមបានរត់ចេញពីពេទ្យសត្វ ហើយខាំអ្នក​ដទៃឱ្យមានរបួសវិញ ប្រធានមន្ទីរពេទ្យក្នុងនាម​ជា​អ្នកគ្រប់គ្រងជំនួសត្រូវ​ទទួលខុសត្រូវ​ចំពោះការ​ខូច​ខាត។ ប៉ុន្តែ មាត្រា718 ប្រើប្រាស់​ក្នុង​ករណីដែលសត្វនោះរត់ចេញក្រៅហើយខាំអ្នកដទៃ ប៉ុន្តែ បើសិនជា​ម្ចាស់សត្វជាអ្នក​ឱ្យ​សត្វចិញ្ចឹមខ្លួនខាំអ្នក​ដទៃ​វិញ ក្នុងករណីនេះ វាក្លាយ​ជាអំពើអនីត្យានុកូល​របស់​ម្ចាស់សត្វខ្លួនឯង ផ្អែក​តាមមាត្រា709។​
(6) ការទទួលខុសត្រូវ​ចំពោះសំណង់ដែល​ជាប់នឹងដី
មាត្រា717 កំណត់អំពីការ​ទទួល​ខុសត្រូវ​នៃអំពើអនីត្យានុកូល 3ដំណាក់កាល ចំពោះវិការៈនៃការថែរក្សា​ ឬ តម្លើងនូវ​ឧបករណ៍​សាងសង់សំណង់ដូចជាអគារ និង របងជាដើម (ឧទាហរណ៍ របងបេតុងបានដួលរលំទៅលើអ្នកថ្មើរ​ជើង​ហើយបង្កជាររបួស)។ នេះមានន័យថា ចំពោះអំពើអនីត្យានុកូលនៃសំណង់បែបនេះ អ្នក​មាន​ទំនួល​ខុសត្រូវ​សងសំ​ណងដំបូងបំផុត គឺ​អ្នក​កាន់កាប់​ដោយ​ផ្ទាល់ទីមួយ (បើផ្ទះជួល គឺសំដៅលើ អ្នក​ជួល)។ ប៉ុន្តែ កម្មសិទ្ធិករនៃសំណង់ត្រូវ​ទទួលខុសត្រូវ​ចំពោះការ​ខូច​ខាតនោះ (បើផ្ទះជួល គឺសំដៅលើ ម្ចាស់ផ្ទះដែល​ជួលផ្ទះឱ្យគេ) ប្រសិន​បើ​អ្នកកាន់កាប់នោះបានប្រុងប្រយ័ត្នគ្រប់គ្រាន់សម្រាប់ការពារមិនឱ្យកើតឡើងការខូចខាត (មាត្រា717 កថាខណ្ឌទី1)។ លើស​ពីនេះ ប្រសិនបើមានបុគ្គលដែល​ត្រូវ​ទទួល​ខុសត្រូវអំពីដើមហេតុនៃការ​ខូច​ខាតផ្សេងទៀត (ឧបមាថា ការ​ដួលរលំរបងបេតុងនោះបង្កឡើងពីការ​ធ្វេសប្រហែសរបស់ជាងសាងសង់ដែល​បាន​ទទួលម៉ៅការ ជាអាទិ៍) អ្នកកាន់កាប់ ឬ កម្មសិទ្ធិ​ករដែល​បាន​ផ្តល់សំណងឱ្យ​ជនរងគ្រោះ អាច​អនុវត្ត​សិទ្ធិ​ទាមទារ​សំណងចំពោះបុគ្គល​នោះបាន (តាមឧទាហរណ៍ខាងលើនេះ គឺសំដៅទៅលើ អ្នកម៉ៅការ) (មាត្រាដដែល កថាខណ្ឌទី3)។
6. បញ្ញត្តិផ្សេងទៀតស្តីពីអំពើអនីត្យានុកូល
ក្រមរដ្ឋប្បវេណីមានមាត្រាដែលកំណត់ថា ត្រូវ​ចាត់ទុកថាទារកនៅក្នុងផ្ទៃបាន​ចាប់កំណើត ចំពោះ​សិទ្ធិ​ទាម​ទារសំណងការ​ខូចខាត (មាត្រា721)។ ឧទាហរណ៍ថា ប្តីបាន​ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយបានបន្សល់ទុកនូវប្រពន្ធដែលកំពុងមានផ្ទៃពោះ ក្នុងករណីនេះ គេអាច​ទាមទារសំណងការ​ខូចខាត​ចំពោះចំណែក​របស់បុគ្គល 2នាក់ ដែលជាប្រពន្ធ និង ទារកក្នុងផ្ទៃបាន។ វាគឺជាបញ្ញត្តិដែលពិចារណាអំពីការ​ជួយសង្គ្រោះដល់ជន​រង​គ្រោះ។
ដោយឡែក សិទ្ធិ​ទាមទារសំណង​ការ​ខូចខាតចំពោះអំពើអនីត្យានុកូលនេះត្រូវ​បានបែងចែកជា 2 ហើយ​ទីមួយគឺរយៈពេល 20ឆ្នាំ គិតចាប់ពីពេលដែលអំពើនោះកើតឡើង និងទីពីរ គឺរយៈពេល 3ឆ្នាំ គិតចាប់ពីពេលដែលបាន​ដឹង​អំពីការ​ខូចខាត និង ចារី (មាត្រា724)។
7. ច្បាប់ស្តីពីការ​ធានាសំណងការខូចខាតដោយរថយន្ត
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែល​បង្កឡើង​ដោយ​រថយន្ត ត្រូវយក​ច្បាប់ស្តីពីការធានាសំណងការ​ខូច​ខាត​ដោយ​រថយន្ត(តទៅហៅកាត់ថា ច្បាប់សំណងការខូចខាតរថយន្ត) ដែលជា​ច្បាប់ពិសេសនៃក្រមរដ្ឋប្បវេណីមកអនុវត្ត។ នៅក្នុងច្បាប់នេះមានគោលគំនិតស្តីពី «បុគ្គលចូលរួមការ​បើកបរ» ហើយបុគ្គលដែល​គ្រប់គ្រងរថយន្តជាដើម (តែ​ក្នុងករណីជា​ច្រើនបុគ្គលនោះ គឺជាអ្នក​បើកបរ) ទោះបីជា​មិនមែនជា​អ្នក​បើកបរដោយផ្ទាល់ក៏ដោយ ក៏​ត្រូវ​មាន​ទំ​នួលខុសត្រូវ​ចំពោះសំណងការ​ខូចខាតផងដែរ (អ្នក​បើកបរជាក់ស្តែង​ក៏មាន​ការទទួលខុសត្រូវចំពោះ​អំពើ​អនីត្យានុកូលនៃមាត្រា709 ផងដែរ)។ នៅក្នុងច្បាប់នេះបានចែង​អំ​ពីប្រព័ន្ធធានារ៉ាប់រងសំណងការ​ខូច​ខាតដោយបង្ខំ (តទៅហៅកាត់ថា ការធានារ៉ាប់រងសំណង) ហើយ​បង្ខំឱ្យ​បុគ្គល​ដែល​គ្រប់គ្រងរថយន្តទាំងអស់ត្រូវ​តែមានធានារ៉ាប់រងនេះ ហេតុនេះ សំណងការ​ខូច​ខាតនឹង​ត្រូវ​ចំណាយ​ដោយ​ការ​ធានារ៉ាប់រងនោះ។ ដូចនេះ ជនរងគ្រោះដោយគ្រោះថ្នាក់រថយន្តនឹង​​ទទួលការធានាក្នុងការ​ផ្តល់សំណង​ពីធានារ៉ាប់រងនោះ ហើយបើសិនជាមិនទាន់គ្រប់គ្រាន់ ជងរងគ្រោះ​អាច​ទាមទារ​បន្ថែមដោយផ្អែក​លើអំពើ​អនីត្យានុកូល​នៃក្រមរដ្ឋប្បវេណីបាន (យ៉ាងណាមិញ នៅក្នុងច្បាប់នេះមានគោលបំណងសងសំណងចំពោះការ​ខូច​ខាតដល់​រូបរាងកាយ ដូចជាថ្លៃព្យាបាលជាដើម ហើយមិន​គ្របដណ្តប់លើការ​ខូច​ខាតជាវត្ថុនោះទេ ហេតុនេះហើយ ការ​ខូច​ខាតលើសំលៀកបំពាក់ ឬ សំភារៈផ្សេងជាដើម ត្រូវ​ទាមទារដោយផ្អែកលើមាត្រា709 នៃក្រម​រដ្ឋប្បវេណី)។
8. ច្បាប់ស្តីពីការទទួលខុសត្រូវ​ចំពោះផលិតផល
ចំពោះការ​ខូចខាតដែល​បណ្តាលមកពីវិការៈនៃទំនិញ គេត្រូវ​យកច្បាប់ស្តីពីការ​ទទួលខុសត្រូវ​ចំពោះ​ផលិត​ផល​ដែលបាន​ចូល​ជា​ធរមាននៅខែ7 ឆ្នាំ1995 មកអនុវត្ត (ច្បាប់នេះភាគច្រើនគេហៅកាត់ថា ច្បាប់PL ដោយយកតាមពាក្យភាសាអង់គ្លេសគឺ Product Liability (ការទទួលខុសត្រូវចំពោះផលិតផល))។ បើនិយាយឱ្យខ្លីទៅ ច្បាប់នេះបានជំនួសលក្ខខណ្ឌ «កំហុស» នៃអំពើអនី​ត្យា​នុកូល ដោយលក្ខខណ្ឌ «វិការៈ» នៃផលិតផល។ បើសិនជាវិការៈនៃផលិតផលដែល​បាន​ប្រគល់នោះ ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត រូបរាងកាយ និង ទ្រព្យសម្បត្តិរបស់​អ្នក​ដទៃ ក្នុងករណីនេះ អ្នកផលិតជាដើមត្រូវមាន​ទំនួលខុសត្រូវ​ចំពោះ​សំណងការ​ខូច​ខាតដែល​បាន​កើតឡើងដោយសារវិការៈនោះ (ច្បាប់PL មាត្រា3)។ ប៉ុន្តែ អ្នក​ផលិតមិនទទួល​ខុសត្រូវ​នោះទេតាមរយៈច្បាប់នេះ បើសិនជា​ការ​ខូច​ខាតនោះកើតមាន​ចំពោះតែ​វត្ថុ​នោះផ្ទាល់ (ច្បាប់PL មាត្រា3)។ ដោយសារតែ​ច្បាប់នេះត្រូវ​មាន​សង្គិតភាពជាមួយក្រមរដ្ឋប្បវេណីក្នុងនាម​ជា​ច្បាប់ពិសេស (ជាដំបូងត្រូវ​យក​ច្បាប់​ពិសេសមកប្រើ ហើយបើសិនជាគ្មានបញ្ញត្តិនោះទេ ក្រមរដ្ឋប្បវេណីដែលជា​ច្បាប់ទូទៅត្រូវ​យកមកអនុវត្តនៅពេល​ក្រោយ) ហេតុនេះ ចំពោះការខូចខាតកើតមានលើវត្ថុនោះផ្ទាល់ជនរងគ្រោះអាច​ទាមទារឱ្យមាន​ការ​ទទួល​ខុស​ត្រូវ​​ក្នុងករណីមិន​អនុវត្ត​កាតព្វកិច្ច ឬ ការទទួលខុសត្រូវ​ចំពោះការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា ឬ ការ​ទទួលខុសត្រូវ​អំពើអនីត្យានុកូលធម្មតាតាមក្រម​រដ្ឋប្បវេណីដែល​បានពន្យល់​កន្លងមកបាន (ច្បាប់PL មាត្រា6)។
យើងមាន​ភាពចាំបាច់ត្រូវ​យល់ឱ្យច្បាស់អំពីមូលហេតុដែល​ត្រូវ​បង្កើតច្បាប់ពិសេសបែបនេះ។ ឧទាហរណ៍ថា បុគ្គលណាម្នាក់​​បានទិញផលិតផលអគ្គិសនីមួយគ្រឿង ហើយផលិតផលនោះបានឆាបឆេះឡើង ហើយបង្ករឱ្យឆេះក្នុងបន្ទប់។ កន្លែងដែលអាចទាមទារសំណងបាន គឺកន្លែងលក់ និង កន្លែងផលិត។ ប៉ុន្តែ វាមានលទ្ធភាព​ខ្ពស់ណាស់ដែលកន្លែង​លក់មិនបាន​ដឹង​អំពីវិការៈនៃផលិតផលនោះ ហេតុនេះ កន្លែង​លក់គ្មាន​ហេតុដែល​ត្រូវ​ទទួល​ខុស​ត្រូវដោយសារការមិនអនុវត្ត​កាតព្វកិច្ចនៅក្នុងកិច្ចសន្យា​លក់ទិញ ហើយក៏គ្មាន​កំហុសនៃ​អំពើអនីត្យានុកូលផងដែរ។ ហេតុនេះ ជនរងគ្រោះបាន​ត្រឹមតែទាមទារឱ្យកន្លែងលក់ទទួលខុសត្រូវ​ក្នុងការ​ធានាវិការៈ ដែល​ត្រូវ​បាន​ទទួលស្គាល់មុនការធ្វើ​វិសោធនកម្មច្បាប់ឆ្នាំ2017ប៉ុណោ្ណះ (គ្មានកំហុស ក៏ទទួលខុសត្រូវដែរ)។ ប៉ុន្តែ ទស្សនៈទូទៅបក​ស្រាយថា សំណងការ​ខូច​ខាតនៅក្នុងករណីនៃការទទួលខុសត្រូវ​ក្នុងការ​ធានាវិការៈ ត្រូវ​កម្រិត​ត្រឹមតម្លៃនៃផលិត​ផលអគ្គិសនីនោះប៉ុណ្ណោះ (ដោយសារតែ នេះជា​ការទទួលខុសត្រូវដែល​បាន​ទទួលស្គាល់ដើម្បីធានានូវ​ការផ្តល់​សំណង​ស្មើនឹង​តម្លៃនៃកិច្ចសន្យាលក់ទិញ បើទោះបីជាគ្មាន​កំហុសក៏ដោយ)។ ឥឡូវពិចារណាអំពីការ​ទទួល​ខុស​ត្រូវ​របស់កន្លែង​ផលិតម្តង។ កន្លែងផលិតមិនមែនជា​ភាគីនៃកិច្ចសន្យាលក់ទិញជាមួយជនរងគ្រោះនោះទេ ហេតុនេះ ការ​ទាមទារ​ឱ្យទទួលខុសត្រូវ​ដោយសារការមិនអនុវត្ត​កាតព្វកិច្ចនៃកិច្ចសន្យា គឺមាន​ការលំបាកខ្លាំង។ បើទាមទារ​តាមអំពើ​អនីត្យានុកូលវិញ គឺអាច​ធ្វើបានបើទោះបីជាមិនមែនភាគីផ្ទាល់នៃកិច្ចសន្យា​ក៏ដោយ ប៉ុន្តែ ជនរងគ្រោះ​មាន​ករណីយកិច្ច​ក្នុងការ​បញ្ជាក់អំពីចេតនា ឬ កំហុសរបស់ចារីនៅក្នុងអំពើអនីត្យានុកូល។ ​អ្នកប្រើប្រាស់ដែលគ្មានជំនាញ មាន​ការ​លំបាកយ៉ាងខ្លាំងក្នុងការ​បញ្ជាក់​ថា តើអ្នកផលិតបានប្រព្រឹត្តកំហុសបែបណាក្នុងដំណើរការផលិត។ ហេតុនេះហើយ ច្បាប់ស្តីពីការ​ទទួលខុសត្រូវ​ចំពោះផលិតផលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដាក់ការ​ទទួលខុស​ត្រូវ​ឱ្យអ្នកផលិត ក្នុងករណីដែលជនរងគ្រោះអាចបញ្ជាក់អំពី «វិការៈ» នៃផលិតផល ជំនួសឱ្យ «កំហុស»។ «វិការៈ» សំដៅទៅលើ «ការខ្វះខាតលក្ខណៈសុវត្ថិភាពនៃផលិតផលធម្មតាដែលត្រូវ​តែមាន» (ច្បាប់PL មាត្រា2 កថាខណ្ឌទី2)។ ហេតុនេះ បើយើងគិតអំពីករណីទូរទស្សន៍ជាអាទិ៍ ដែលបានឆាបឆេះឡើង នៅពេលកំពុងប្រើប្រាស់ជាធម្មតា ក្នុងករណីនេះ ជនរងគ្រោះមានភាពងាយស្រួលខ្លាំងណាស់ក្នុងការបញ្ជាក់អំពី​វិការៈ ជាងការបញ្ជាក់​អំពីកំហុស។
ដោយឡែក បុគ្គលដែល​ត្រូវ​បាន​ចាត់ទុកថាជា «អ្នកផលិតជាដើម»នៅក្នុងច្បាប់នេះ សំដៅទៅលើបុគ្គលដែល​បានផលិត កែច្នៃ ឬ នាំចូលនូវផលិតផលនោះ (ទោះបីជា​មិនបាន​ផលិតដោយខ្លួនឯងក៏ដោយ) និង បុគ្គលដែលបាន​ដាក់នាមករណ៍ សញ្ញា​ពាណិជ្ជកម្ម ស្លាកពាណិជ្ជកម្ម និង សញ្ញាផ្សេងទៀតនៅលើទំនិញនោះក្នុងនាមជា​អ្នក​ផលិត (ច្បាប់PL មាត្រា2 កថាខណ្ឌទី3)។
ប៉ុន្តែ បើកម្មវត្ថុនៃការ​ទទួលខុសត្រូវមានរហូតដល់ការខូចខាតកើតឡើងពីវិការៈដែល​សូម្បី​តែ​បច្ចេកវិទ្យាទំនើបក៏មិនអាចរកឃើញនោះ គឺវាជ្រុលហួសហេតុចំពោះភាគីអ្នកផលិត។ ហេតុនេះហើយ នៅក្នុងច្បាប់នេះបានកំណត់អំពី «ការតវ៉ាអំពី​ហានិភ័យនៃការអភិវឌ្ឍន៍»។ ដូចនេះ បើសិនជា​អ្នក​ផលិតជាដើមអាចបញ្ជាក់ថា វិការៈនេះមិនអាចរកឃើញឡើយ តាមរយៈបច្ចេកវិទ្យានៅចំណុចពេលដែល​បានប្រគល់​ផលិតផលនោះ ក្នុងករណីនេះ អ្នក
ផលិតអាច​រួចផុត​ពីការ​ទទួល​ខុស​ត្រូវ​បាន (ច្បាប់PL មាត្រា4 ចំណុច1)។
III. ការ​សិក្សា​អំពី​ចំណុច​សំខាន់នៃការគ្រប់គ្រងដោយឈឺឆ្អាល និង សេចក្តីចម្រើនឥតហេតុ ​
1​. ការគ្រប់គ្រងដោយឈឺឆ្អាល
(1) និយមន័យ
មូលហេតុ​នៃការកកើតសិទ្ធិលើបំណុលទី3 គឺការគ្រប់គ្រងដោយ​ឈឺឆ្អាល។ បើគ្រាន់តែស្តាប់លឺពាក្យពេចន៍បែបនេះ វាពិបាកនឹងមើលឃើញអំពីឧទាហរណ៍ណាស់។ ប៉ុន្តែ សូមពិចារណាទាំងអស់គ្នាលើករណីដែលមានបុគ្គល​ម្នាក់​បានធ្វើសកម្មភាពណាមួយសម្រាប់ប្រយោជន៍របស់អ្នកដទៃ ទាំងអ្នកដទៃនោះមិនបានពឹងពាក់ឱ្យធ្វើនោះ​ទេ។ នៅក្នុងជំពូកទី4 ខ្ញុំបានរៀបរាប់រួចហើយ​អំពីកិច្ចសន្យាដែល​កើតឡើង​តាមការព្រមព្រៀងឱ្យបុគ្គលណា​ម្នាក់​ធ្វើ​សកម្មភាពណាមួយសម្រាប់ខ្លួន ហើយវាជាកិច្ចសន្យា​អាណត្តិ។ ក្នុងករណីនេះ វាជាកិច្ចសន្យា ហេតុនេះសោ​ហ៊ុយដែលបានចំណាយគឺអាចទាមទារបាន ហើយសិទ្ធិទាមទារកម្រៃក៏កើតមាន​ដែរ បើសិនជាភាគីបាន​ការព្រមព្រៀងអំពីកម្រៃនោះ។ ប៉ុន្តែ​ឧបមាថា អំឡុងពេលដែលអ្នកជិតខាងរបស់អ្នកមួយគ្រួសារកំពុង​តែធ្វើដំណើរកំសាន្ត ហើយមានខ្យល់ព្យុះបានបក់មកបណ្តាលឱ្យខូចដំបូលផ្ទះរបស់អ្នកជិតខាងនោះ។ បើទុកបែបនេះ សំភារៈក្នុងផ្ទះនឹងកាន់​តែ​ខូចខាតធ្ងន់ធ្ងរ ហេតុនេះ អ្នក​បានជួសជុលដំបូលនោះដោយទឹកចិត្តរបស់ខ្លួនឯង ទាំងអ្នកជិត​ខាងនោះ​មិនបាន​ផ្តាំផ្ញើឱ្យជួយចាំផ្ទះនោះទេ។ បើសិនជាគេមិនបានពឹងពាក់នោះទេ វាមិនអាច​កើតមាន​ជាកិច្ចសន្យា​អាណត្តិជាអាទិ៍​ឡើយ។ បើសិនជាច្បាប់មិនបាន​ពិចារណាទាល់តែសោះចំពោះករណីបែបនេះទេ អំពើរបស់អ្នកដែល​ជួយជួសជុលនោះ ​អាច​ក្លាយជា​ការប្រព្រឹត្តអំពើអនីត្យានុកូលដោយ​ជ្រៀតជ្រែកទ្រព្យសម្បត្តិ​របស់អ្នក​ដទៃដោយ​ចិត្តឯង ហើយការ​ជួយយក​អាសារគ្នានៅក្នុង​សង្គមនឹង​លែងកើតមាន​ទៀតហើយ។ ដូចនេះ ក្រមរដ្ឋប្បវេណីបានកំណត់ថា នៅក្នុងករណីបែបនេះ ការទាមទារកម្រៃតបស្នងមិនអាចធ្វើបានទេ ប៉ុន្តែ ការទាមទារ​ឱ្យសងសោហ៊ុយដែលបាន​ចំណាយនោះ​ (សោ​ហ៊ុយដែលជា​ប្រយោជន៍​សម្រាប់​សាមីខ្លួន) អាច​ធ្វើ​ទៅបាន។ នេះហៅថា ការគ្រប់គ្រងដោយ​ឈឺឆ្អាល (ចាប់ពីមាត្រា​697)។
(2) លក្ខខណ្ឌបង្កើត និង អានុភាព
ដើម្បីបង្កើតជាការគ្រប់គ្រងដោយ​ឈឺឆ្អាលបាន យ៉ាងហោចណាស់នៅពេលដែលធ្វើសកម្មភាព គឺចាំបាច់ត្រូវមានស្ថានភាពមិនអាច​ដឹង​ច្បាស់​ថា វាផ្ទុយនឹង​ឆន្ទៈ និងផលប្រយោជន៍របស់​សាមីខ្លួន (ភាគីដែលគេធ្វើការងារឱ្យ)។ នៅពេលដែលការ​គ្រប់គ្រងដោយឈឺឆ្អាលត្រូវបានទទួលស្គាល់ ភាពខុសច្បាប់នៃអំពើនោះត្រូវ​បានបដិសេធចោល ហើយក្លាយជា​អំពើស្របច្បាប់ ហើយអ្នក​គ្រប់គ្រង​ដោយឈឺឆ្អាល​មាន​សិទ្ធិ​ទាមទារ​ឱ្យសងសោហ៊ុយដែល​ជា​ផលប្រយោជន៍​ចំពោះ​សាមីខ្លួនបាន (មាត្រា702 កថាខណ្ឌទី1)។ ក្នុងករណីនេះ អ្នក​គ្រប់គ្រងដោយ​ឈឺឆ្អាលអាចទាមទារ​ពីសាមីខ្លួនបាន បើសិនជាបានចំណាយ​សោហ៊ុយរួចហើយ ប៉ុន្តែ ប្រសិនបើអ្នកគ្រប់គ្រងដោយឈឺឆ្អាលគ្រាន់តែមាន​កាតព្វកិច្ចវិញ​ (ឧទាហរណ៍ អ្នកគ្រប់គ្រងដោយឈឺឆ្អាលនោះបានហៅជាងដំបូលមកជួសជុល ប៉ុន្តែមិនទាន់បាន​បង់សោហ៊ុយនៅឡើយទេ) អ្នកគ្រប់គ្រងដោយឈឺឆ្អាលនោះអាច​ទាមទារ​ឱ្យ​សាមីខ្លួនបង់សោហ៊ុយជំនួស ដូច​គ្នា​នឹង​ករណីកិច្ចសន្យា​អាណត្តិ (ការ​អនុវត្តដូចគ្នានៃមាត្រា650 កថាខណ្ឌទី2 ស្របតាម​មាត្រា702 កថាខណ្ឌទី2)។
យ៉ាងណាមិញ នៅពេលដែល​ចាប់ផ្តើមគ្រប់គ្រងហើយ អ្នក​គ្រប់គ្រង​ដោយឈឺឆ្អាល​មាន​ករណីយកិច្ចប្រុង​ប្រយ័ត្នក្នុងនាម​ជា​អ្នក​គ្រប់គ្រងដោយសុចរិត ដូចគ្នានឹង​អាណត្តិគ្គាហកនៃកិច្ចសន្យា​អាណត្តិ ហើយ​ត្រូវ​គ្រប់គ្រង​ដោយ​វិធីណាដែលមាន​ប្រយោជន៍​បំផុត​សម្រាប់សាមីខ្លួន (មាត្រា697 កថាខណ្ឌទី1)។ ដោយឡែក បើសិនជា​អ្នក​គ្រប់គ្រង​ដោយឈឺឆ្អាលបានគ្រប់គ្រងកិច្ចការ ដើម្បីជួយសង្គ្រោះដល់សាមីខ្លួនពីគ្រោះថ្នាក់បន្ទាន់ផ្សេងៗ ក្នុងករណីនេះ អ្នក​គ្រប់គ្រង​ដោយ​ឈឺឆ្អាលមិនមាន​ទំនួលខុសត្រូវចំពោះសំណងនៃការ​ខូច​ខាតដែល​កើត​ចេញពីការ​គ្រប់គ្រង​នោះទេ លើកលែងតែករណីមាន​ចេតនា ឬ កំហុសធ្ងន់ធ្ងរ (មានន័យថា បើសិនជាបុគ្គលម្នាក់បានជួយអ្នក​កំពុងលង់ទឹក ហើយប្រសិនបើពេលជួយនោះធ្វើ​ឱ្យ​រហែកអាវរបស់អ្នកលង់ទឹកនោះក៏ដោយ ក៏​បុគ្គលនោះមិនមាន​ការ​ទទួលខុសត្រូវ​ចំពោះសំណងទេ លើកលែងតែ បុគ្គលនោះមានបំណងធ្វើឱ្យរហែកទាំងមិនសមហេតុផល)។ នេះ​ហៅថា ការ​គ្រប់គ្រងដោយ​ឈឺឆ្អាល​ក្នុងភាពបន្ទាន់ (មាត្រា698)។
2​. សេចក្តីចម្រើន​ឥតហេតុ
(1) និយមន័យ
មូលហេតុ​នៃការកកើតសិទ្ធិលើបំណុលទី4 គឺសេចក្តី​ចម្រើន​ឥតហេតុ។ នេះជាករណីដែល​បាន​ទទួល​ផល​ប្រយោជន៍​ទាំង​គ្មានមូលហេតុ​តាមផ្លូវ​ច្បាប់។ ឧទាហរណ៍ ករណីប្រាក់ដែល​ត្រូវ​បង់ទៅឱ្យអ្នកដទៃ បែរជាច្រឡំផ្ទេរមកលេខ​គណនីធនាគារបស់យើង ជាអាទិ៍។ ក្នុងករណីនេះ យើង​នឹង​ទទួលរងការ​ទាមទារ​ឱ្យសងវិញពីម្ចាស់​សិទ្ធិ​​ពិត​ប្រាកដ ក្នុងនាមជា​សេចក្តីចម្រើនឥតហេតុ។
ប៉ុន្តែ វិសាលភាពនៃសិទ្ធិទាមទារ នៅក្នុង​ករណីសេចក្តីចម្រើន​ឥតហេតុនេះ ខុសគ្នាអាស្រ័យទៅលើភាពសុចរិត ឬ ទុច្ចរិតរបស់​បុគ្គលដែល​បាន​ទទួល​ផលប្រយោជន៍។ បុគ្គលសុចរិត ពោលគឺបុគ្គលដែល​បាន​ទទួលផល​ប្រយោជន៍ដោយមិនបាន​ដឹង​ថាខ្លួនគ្មានមូលហេតុក្នុងការ​ទទួល ត្រូវ​សងវិញ​នូវ​ផលប្រយោជន៍ដែល​នៅតែមាន​ប៉ុណ្ណោះ (មាត្រា703)។ ប៉ុន្តែ បុគ្គលដែល​បាន​ទទួលផលប្រយោជន៍ទុច្ចរិតដែលបាន​ដឹង​ថាខ្លួន​គ្មាន​មូលហេតុ​ក្នុង​ការ​ទទួល ត្រូវ​សងវិញនូវ​ផលប្រយោជន៍ដែល​បានទទួលទាំងអស់រួមជាមួយការប្រាក់ និងត្រូវ​សង​ការ​ខូច​ខាត​ដែល​កើតមាន​ឡើង​ចំពោះ​ម្ចាស់​សិទ្ធិ​ពិតប្រាកដ (មាត្រា704)។
(2) លក្ខខណ្ឌបង្កើត
លក្ខខណ្ឌបង្កើតសេចក្តីចម្រើនឥតហេតុរួមមាន ①ការ​ទទួលផលប្រយោជន៍ ②ការ​បាត់បង់​ផលប្រយោជន៍ ③ទំនាក់នៃការ​ទទួលផលប្រយោជន៍ និង ការ​បាត់បង់​ផល​ប្រយោជន៍ (ការកើតឡើង​នូវ​ការ​ខូច​ខាតដោយសារអង្គហេតុដែល​ធ្វើឱ្យកើតឡើងនូវការ​ទទួលផលប្រយោជន៍) និង ④នត្ថិភាពនៃមូលហេតុតាមផ្លូវ​ច្បាប់​នៃការ​ទទួលបាន​ផលប្រយោជន៍។ ដូចនេះ ការ​បាន​ទទួលផលប្រយោជន៍ ដោយ​គ្មានអ្នកបាត់បង់​ផល​ប្រយោជន៍ មិនអាចក្លាយជា​សេចក្តីចម្រើនឥតហេតុនោះទេ (ការបាត់បង់ផលប្រយោជន៍ក្នុងករណីនេះសំដៅទៅលើ ការ​ធ្លាក់​ចុះ​នូវ​ទ្រព្យសម្បត្តិជាក់ស្តែង និង ការ​មិន​កើនឡើងនូវ​ទ្រព្យសម្បត្តិ​ដែលគួរតែ​កើនឡើង បើសិនជាគ្មាន​ហេតុនៃ​សេចក្តីចម្រើនឥតហេតុនោះ)។ សេចក្តីចម្រើនឥតហេតុត្រូវ​កម្រិតត្រឹមការទទួលបានផលប្រយោជន៍ ឬ ការ​បាត់​បង់​ផលប្រយោជន៍ដែល​មានទំហំតូចជាង ដូចនេះ បើការបាត់បង់ផលប្រយោជន៍របស់បុគ្គលម្នាក់មានចំនួន 2០លានរៀល ហើយការ​ទទួលបាន​ផលប្រយោជន៍របស់បុគ្គលម្នាក់ទៀតមានចំនួន 4០លានរៀល (ដោយមានទេពកោសល្យរបស់អ្នកទទួល​បានផលប្រយោជន៍) ក្នុងករណីនេះ បញ្ហា​នៃ​សេចក្តីចម្រើនឥតហេតុមានចំនួន 2០លានរៀល។
(3) អានុភាព
ទំហំនៃសិទ្ធិទាមទារ​ឱ្យសងវិញ ខុសគ្នាអាស្រ័យទៅលើភាពសុចរិត ឬ ទុច្ចរិតរបស់​បុគ្គលដែល​បាន​ទទួល​ផលប្រយោជន៍ ដូច​បាន​រៀបរាប់ខាងលើនេះ។ បុគ្គលសុចរិត ពោលគឺបុគ្គលដែល​បាន​ទទួលផល​ប្រយោជន៍ដោយមិនបាន​ដឹង​ថាខ្លួនគ្មានមូលហេតុក្នុងការ​ទទួល ត្រូវ​សងវិញ​នូវ ​ផលប្រយោជន៍ដែល​នៅតែមាន​ ប៉ុណ្ណោះ (មាត្រា​703)​។ ប៉ុន្តែ បុគ្គលដែល​បាន​ទទួលផលប្រយោជន៍ទុច្ចរិតដែលបាន​ដឹង​ថាខ្លួន​គ្មាន​មូលហេតុ​ក្នុង​ការ​ទទួល ត្រូវ​សងវិញនូវ​ផលប្រយោជន៍ដែល​បានទទួលទាំងអស់រួមជាមួយការប្រាក់ និងត្រូវ​សង​ការ​ខូច​ខាត​ដែល​កើតមាន​ឡើង​ចំពោះ​ម្ចាស់​សិទ្ធិ​ពិតប្រាកដ (មាត្រា704)។ នេះមានន័យថា បើសិនជាវត្ថុ​ដែល​បាន​ទទួលនោះជា​ទំនិញ ហើយបុគ្គលដែល​ទទួលផលប្រយោជន៍សុចរិតបាន​យកទៅប្រើទាំងមិនបានដឹង ហើយបាន​ធ្វើ​ឱ្យបែកបាក់ជាដើម ក្នុងករណីនេះ បុគ្គលដែល​ទទួលផលប្រយោជន៍សុចរិតនោះគ្រាន់តែប្រគល់នូវ​ទំនិញទាំងបែកបាក់នោះ គឺគ្រប់គ្រាន់។ បើសិនជា​ប្រាក់វិញ ក៏ត្រូវ​សងប្រាក់ដែលនៅសល់ក្នុងដៃប៉ុណ្ណោះ ប៉ុន្តែ ការយកប្រាក់​នោះទៅចំណាយ​សម្រាប់ជីវភាព ក៏ជា​ផ្នែកនៃផលប្រយោជន៍ដែល​នៅតែមានដែរ។
(4) ករណីលើកលែងនៃសេចក្តី​ចម្រើនឥតហេតុ
យ៉ាងណាមិញ មានករណីលើកលែងមួយចំនួនដែល​ការ​ទាមទារឱ្យសងសេចក្តីចម្រើនឥតហេតុវិញ មិនអាច​ធ្វើ​ទៅបាន បើទោះបីជា​ការ​ទទួលផលប្រយោជន៍នោះ​គ្មានមូលហេតុ​តាមផ្លូវ​ច្បាប់​ក៏ដោយ។ ក្នុងនោះមានករណីដែល​ហៅថា ការ​សងទាំងដឹង​ថាគ្មាន​អត្ថិភាពនៃកាតព្វកិច្ច ពោលគឺ កូនបំណុល​បាន​សងទាំងដឹង​ថាខ្លួនគ្មាន​ជំពាក់​បំណុលអ្វីទាល់តែសោះ (មាត្រា705)។ ក្រៅពីនេះនៅមានប្រព័ន្ធមួយទៀតដែលហៅថា ការ​ផ្តល់តាវកាលិកដោយ​មូលហេតុខុសច្បាប់ (មាត្រា708)។ នេះជាបញ្ញត្តិដែល​ហាមមិនឱ្យទាមទារឱ្យសងវិញនូវ​តាវកាលិកដែល​ខុសច្បាប់ ហើយវាជាបញ្ញត្តិអំពី​សកម្មភាព​គតិយុត្តដែល​ផ្ទុយ​នឹងទំនៀមទម្លាប់ល្អ និង​សណ្តាប់ធ្នាប់សាធារណៈនៃមាត្រា90 ដែល​បាន​រៀប​រាប់​រួច​មកហើយ (⇒ជំពូកទី2 III.1(3))។ ឧទាហរណ៍ កិច្ចសន្យា​ដែលមាន​ខ្លឹមសារថា បើលេងល្បែងចាញ់ត្រូវបង់ប្រាក់ គឺមោឃភាព ដោយផ្ទុយនឹងទំនៀមទម្លាប់ល្អ និង​សណ្តាប់ធ្នាប់សាធារណៈ ហេតុនេះ ជាក់ស្តែង​គ្មាន​កាតព្វកិច្ចកើតឡើងនោះទេ បើទោះបីជា​លេងល្បែង​ចាញ់ក៏ដោយ។ ប៉ុន្តែ បើសិនជាលេងចាញ់ ហើយ​បាន​ឱ្យ​ប្រាក់គេនៅកន្លែងនោះរួចហើយ តែ​ក្រោយមក​ទាមទារ​ឱ្យគេសងវិញដោយមូលហេតុ​មោឃភាពជាដើម ក្នុងករណីនេះ បើសិនជា​ប្តឹង​ទៅតុលាការទាមទារឱ្យសងវិញក៏ដោយ ក៏​តុលាការ​មិនអាច​ទទួលស្គាល់នោះទេ។ ច្បាប់មិន​ផ្តល់​ជំនួយដល់បុគ្គលណាដែល​ទាមទារ​ឱ្យ​បដិទាននូវផលប្រយោជន៍ដែលបាត់បង់មកវិញ ចំពោះការ​ប្រព្រឹត្តអំពើ​ផ្ទុយ​នឹង​សង្គមរបស់បុគ្គលនោះឡើយ (បើមិនដូច្នោះទេ ច្បាប់នឹងក្លាយទៅជាឧបករណ៍ការពារសកម្មភាពដែលផ្ទុយនឹងសង្គមមិនខាន)។ នេះជាការ​ផ្តល់តាវកាលិកដោយ​មូលហេតុខុសច្បាប់ ហើយនៅប្រទេសអង់គ្លេស​សម័យបុរាណបានបញ្ញត្តពី គោលការណ៍ Clean Hands (បុគ្គលត្រូវ​ចូលសវនាការដោយបាតដៃស្អាតស្អំ)។