ជំពូកទី 4
នីតិ​សិទ្ធិលើបំណុល (1) ― នីតិកិច្ចសន្យា
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​លើបំណុល
1​. សិទ្ធិ​លើបំណុល​ដែល​ជាសិទ្ធិ​មាន​ចំពោះបុគ្គល
2. សិទ្ធិលើបំណុល​ក្នុង​នាម​ទ្រព្យ​ធនសកម្ម
3. រចនាសម្ព័ន្ធនៃ​នីតិសិទ្ធិលើបំណុល និង លំដាប់​សិក្សា
II. ការសិក្សា​ចំណុច​សំខាន់ៗនៃកិច្ចសន្យា​ទូទៅ​
1. ការបង្កើត​កិច្ចសន្យា
2. ប្រភេទនៃកិច្ចសន្យា
3. អានុភាព​នៃកិច្ចសន្យា
4. ការ​មិនអនុវត្ត​កាតព្វកិច្ច និង ការ​រំលាយ​កិច្ចសន្យា
5. ខសន្យា​តាមទម្រង់ជាក់លាក់
III. ការ​សិក្សាចំណុច​សំខាន់ៗនៃកិច្ចសន្យា​ពិសេស
1. កិច្ចសន្យា​លក់ទិញ
2. កិច្ចសន្យា​ប្រទានកម្ម
3. កិច្ចសន្យា​ជួល
4. កិច្ចសន្យា​ខ្ចីប្រើ
5. កិច្ចសន្យាខ្ចីបរិភោគ
6. កិច្ចសន្យាម៉ៅការ
7. កិច្ចសន្យាអាណត្តិ
8. កិច្ចសន្យាបញ្ញើ
9. កិច្ចសន្យាក្រុមហ៊ុន
10. កិច្ចសន្យាដែលមាន​ច្បាប់កំណត់ផ្សេងទៀត
11. កិច្ចការពារអ្នកប្រើប្រាស់ និង Cooling-Off
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​លើបំណុល
1​. សិទ្ធិ​លើបំណុល​ដែល​ជាសិទ្ធិ​មាន​ចំពោះបុគ្គល
ដូចបានរៀបរាប់ខាងលើនេះ ក្រមរដ្ឋប្បវេណីបានបញ្ញត្តិអំពីសិទ្ធិដែល​យើងមានជា 2 គឺ សិទ្ធិ​មាន​ចំពោះវត្ថុ និង សិទ្ធិមាន​ចំពោះ​បុគ្គល។ សិទ្ធិ​មាន​ចំពោះបុគ្គលស្ថិតនៅក្នុង​គន្ថីទី3 នៃក្រម​រដ្ឋប្បវេណី ហើយគេហៅថា នីតិសិទ្ធិ​លើបំណុល។
សិទ្ធិ​លើបំណុលត្រូវ​បាន​នាំ​ចូលពីអ៊ឺរ៉ុប (ដំបូងបំផុត គឺប្រទេសបារាំង) ចូលទៅក្នុងក្រម​រដ្ឋប្បវេណីទំនើបរបស់​​ជប៉ុនក្នុងសម័យម៉ីជិ គេបានហៅថា «សិទ្ធិមាន​ចំពោះបុគ្គល» ហើយវាគឺជាសិទ្ធិ​ដែលបុគ្គលជាក់លាក់អាច​ទាមទារ​ឱ្យ​បុគ្គលជាក់លាក់ផ្សេងទៀត​ធ្វើ​សកម្មភាព​ណាមួយជាដើម។ ពាក្យថា «សកម្មភាពណាមួយជាដើម» នេះ ជាទូទៅ សំដៅទៅលើសកម្មភាពដូចជា បង់ប្រាក់ ឬ ប្រគល់ទំនិញជាអាទិ៍ ប៉ុន្តែ ក្នុងករណីមួយចំនួន វា​សំដៅ​ទៅលើការ​មិន​ធ្វើ​សកម្មភាពណាមួយដូចជា «មិនបើកហាងលក់ដូច​គ្នា» ឬ «មិន​បញ្ចេញសម្លេង​រំខាននៅពេល​យប់» ជាដើម។ មានករណីខ្លះ យើងអាចប្រើពាក្យថា «តាវកាលិក» ដើម្បីសរុបន័យរួមរបស់ការ​ធ្វើសកម្មភាព ឬ មិន​ធ្វើ​សកម្មភាពទាំងនេះ។ តាវកាលិកដែ​លក្លាយ​ជា​កម្មវត្ថុ​នៃសិទ្ធិលើបំណុល តែ​ងតែជារបស់​ដែលមាន​តម្លៃសេដ្ឋកិច្ច ប៉ុន្តែ ក្រមរដ្ឋប្បវេណីបាន​កំណត់ថា របស់​ដែល​មិនអាចប៉ាន់ស្មាន​តម្លៃជា​ប្រាក់កាសក៏ដោយ ក៏​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​សិទ្ធិ​លើ​បំណុល​ផងដែរ (មាត្រា399។ ប៉ុន្តែ តាវកាលិកដែល​មាន​ខ្លឹមសារជាសីលធម៌ផ្លូវ​ចិត្តសុទ្ធសាធ ​មិន​អាច​ក្លាយ​ជា​សិទ្ធិ​លើ​បំណុលនោះទេ។ ឧទាហរណ៍ សកម្មភាពដែល​មាន​ខ្លឹមសារឱ្យ «រៀបចំសែនព្រេនជូនដូនតាជារៀងរាល់ឆ្នាំ» អាច​ក្លាយ​ជា​សិទ្ធិលើ​បំណុល​បាន ប៉ុន្តែ ខ្លឹមសារដែលឱ្យ «បួងសួងក្នុងចិត្តជារៀងរាល់ព្រឹក» មិន​អាច​វាយ​តម្លៃ​ថាជា សិទ្ធិ​លើ​បំណុលនោះទេ)។ យើងនឹងសិក្សា​អំពីលក្ខណៈ និង ប្រភពនៃ​សិទ្ធិលើបំណុលបែបនេះ នៅក្នុង​នីតិ​សិទ្ធិ​លើ​បំណុលនេះ។
2. សិទ្ធិលើបំណុល​ក្នុង​នាម​ទ្រព្យ​ធនសកម្ម
ខ្ញុំយល់ថាអ្នកសិក្សា​អំពីសេដ្ឋកិច្ច និង គណនេយ្យនឹងអាច​យល់អំពី​ខ្លឹមសារទាំងអស់នេះបានច្រើនថា នៅក្នុងចំណោមទ្រព្យធនសកម្ម (ទ្រព្យសម្បត្តិ) របស់រូបវន្តបុគ្គលក៏ដោយ ក្រុមហ៊ុនក៏ដោយ គឺមានវត្ថុ ពោលគឺអចលនវត្ថុ ឬ ចលនវត្ថុ ហើយក្រៅពីនេះទៀត គឺមាន​សិទ្ធិលើបំណុល​ដែល​មាន​ទម្រង់​ជា​ប្រាក់​ឱ្យគេខ្ចី ឬ ប្រាក់​សន្សំក្នុង​គណនី។ ឧទាហរណ៍ នៅក្នុងក្រុមហ៊ុនផ្តល់សេវាជួល និង ក្រុមហ៊ុនផ្តល់ប្រាក់ឥណទានដែលជាក្រុមហ៊ុនថ្មីក្នុងប្រវត្តិសាស្ត្រ ប្រហែល​ជា​មាន​កម្មសិទ្ធិ​តិចតួចលើ​អចលនវត្ថុជាដើម បើប្រៀបធៀបនឹង​សិទ្ធិ​លើ​បំណុលនៃកម្រៃសេវាជួលជាច្រើន និង សិទ្ធិលើបំណុលជា​ប្រាក់ឥណទានទូទាត់ជាមុន ដែល​ក្រុម​ហ៊ុនទាំងនេះកំពុងមានក្នុងនាម​ជា​ទ្រព្យធនសកម្ម តាមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
នៅក្នុងរង្វង់ក្រម​រដ្ឋប្បវេណីក៏ដោយ ដើមឡើយគេផ្តោតសំខាន់លើការ​កាន់កាប់​វត្ថុ ពោលគឺការ​មាន​សិទ្ធិប្រត្យក្សដូចជា កម្មសិទ្ធិ​លើវត្ថុជាដើម​ ​ ប៉ុន្តែ នាពេលថ្មីៗ និងនៅក្នុង​ពេល​បច្ចុប្បន្ននេះ ការផ្តោតសំខាន់​នេះត្រូវ​ធ្លាក់ចុះ ហើយ​សិទ្ធិ​លើបំណុលបាន​ទទួល​ឋានៈដែល​មាន​អាទិភាពខ្ពស់ជាង។ វាមាន​ទំនាក់​ទំនង​នឹងប្រវត្តិសាស្ត្រនៃការ​ទទួលស្គាល់​តម្លៃទ្រព្យសម្បត្តិ​នៃ​សិទ្ធិ​លើ​បំណុល។ នៅដើមសម័យកាលនៃ​ច្បាប់​រ៉ូម៉ាំងបានចាត់ទុក សិទ្ធិលើបំណុលនេះគឺជា «ចំណងច្បាប់» ដែល​ភ្ជាប់បុគ្គលជាក់​លាក់មួយទៅនឹង​បុគ្គលជាក់លាក់មួយទៀត ហើយ​មិន​អាច​ធ្វើ​អនុប្បទាន​តាមចិត្តឯងទៅឱ្យ​តតិយជន​នោះទេ។ ចាប់ពីពាក់​កណ្តាលសម័យកាលនៃច្បាប់​រ៉ូម៉ាំងមក គេ​បា​នចាប់ផ្តើម​ទទួល​ស្គាល់ភាពដែល​អាច​ធ្វើអនុប្បទានបាន​នៃ​សិទ្ធិ​លើ​បំណុលនេះ ហើយ​នៅក្នុង​ក្រមរដ្ឋប្បវេណីទំនើបនៅក្នុង​ប្រទេសណាក៏ដោយ គឺ​បាន​ទទួលស្គាល់​សេរីភាព​នៃ​អនុ​ប្បទានសិទ្ធិ​លើ​បំណុល។ ជាលទ្ធផល សិទ្ធិលើបំណុលបាន​ក្លាយ​ជា​ទ្រព្យសម្បត្តិមួយដែល​មាន​តម្លៃ និងសព្វថ្ងៃនេះវា​ជា​ទ្រព្យសម្បត្តិ​មួយដែល​ងាយស្រួលក្នុងការដោះដូរជាង​អចលនវត្ថុ​ជាអាទិ៍ ហើយ​សិទ្ធិ​លើបំណុលនេះ​កាន់​តែ​មាន​សារៈសំខាន់​នៅក្នុង​សង្គមជំនួញ។ បើយើងនិយាយពីជ្រុងម្ខាងទៀត នៅសម័យសក្តិភូមិ ទំនាក់​ទំនងរវាងអ្នក​គ្រប់​គ្រង និង អ្នក​ត្រូវ​បាន​គេគ្រប់គ្រង គឺអាស្រ័យទៅលើការ​មាន​កម្មសិទ្ធិ​នៅលើដី ប៉ុន្តែ នៅសម័យបច្ចុប្បន្ននេះ (វាមិនមែន​ជា ស្ថានភាពពិតដែល​យើង​ចង់ឃើញនោះទេ) វាបានផ្លាស់ប្តូរមកជាទំនាក់ទំនងរវាងអ្នក​គ្រប់​គ្រង និង អ្នក​ត្រូវ​បាន​គេគ្រប់គ្រងបែបសេដ្ឋកិច្ច ​ដែលអាស្រ័យទៅលើទំនាក់​ទំនងសិទ្ធិ​លើបំណុល។
ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយថា នីតិសិទ្ធិ​លើ​បំណុលនេះគឺជាផ្នែកមួយដែលមាន​សារៈសំខាន់ខ្លាំងណាស់នៅក្នុងការ​សិក្សាក្រម​រដ្ឋប្បវេណី។
3. រចនាសម្ព័ន្ធនៃ​នីតិសិទ្ធិលើបំណុល និង លំដាប់​សិក្សា
ដូចបានរៀបរាប់ដោយសង្ខេបនៅក្នុងជំពូកទី1 រួចហើយថា ជំពូកទី1 បទប្បញ្ញត្តិទូទៅ គន្ថីទី3 សិទ្ធិលើបំណុល​​នៃ​ក្រមរដ្ឋប្បវេណី បញ្ញត្តអំពី សារធាតុនៃសិទ្ធិ​លើបំណុល និង ដំណើរការចាប់ពីការ​កកើតរហូត​ដល់​រលត់ ហើយ​នៅក្នុងការ​សិក្សា​ច្បាប់ គេហៅផ្នែកនេះថា «សិទ្ធិ​លើបំណុលទូទៅ»។ ចាប់ពីជំពូកទី2 ដល់ជំពូកទី5 បញ្ញត្តអំពីមូលហេតុនៃការកកើតសិទ្ធិលើបំណុលទាំង 4 គឺ កិច្ចសន្យា ការគ្រប់គ្រងដោយ​ឈឺឆ្អាល សេចក្តីចម្រើនឥតហេតុ និងអំពើអនីត្យានុកូល ហើយនៅក្នុងការ​សិក្សាច្បាប់ គេហៅផ្នែកនេះថា «សិទ្ធិ​លើបំណុល​ពិសេស»។ បើប្រៀបធៀបអំពីសិទ្ធិលើបំណុលទូទៅ និង ពិសេស យើងអាច​មើលឃើញថា សិទ្ធិ​លើបំណុល​ពិសេស​មាន​ចំណុចងាយស្រួលយល់ជាច្រើន ដែល​និយាយជាក់ស្តែងអំពីបញ្ហានៃការ​កកើតសិទ្ធិលើ​បំណុល​ចាប់ពី​កិច្ច​សន្យា​រហូតមក។ ហេតុនេះ នៅទីនេះ ខ្ញុំនឹងពន្យល់បញ្រ្ចាសជាមួយក្រមរដ្ឋប្បវេណី ដោយ​ចាប់ផ្តើមពីខ្លឹមសារនៃ​សិទ្ធិ​លើបំណុល​ពិសេសជាមុន ហើយ​បន្តចូលទៅសិទ្ធិលើបំណុល​ទូទៅជាក្រោយ។ ដូចនេះ យើង​នឹង​ចាប់ផ្តើម​ពីផ្នែកនៃ​នីតិកិច្ចសន្យាមុន ប៉ុន្តែ យើងក៏បញ្ចូលចំណុច​ស្តីពីសំណងការ​ខូច​ខាត ជាអាទិ៍ ដែលស្ថិតក្នុងវិសាលភាពនៃ​សិទ្ធិ​លើបំណុល​ទូទៅ ចូល​ទៅក្នុងនីតិកិច្ចសន្យា​ផងដែរ។
II. ការសិក្សាចំណុច​សំខាន់ៗនៃកិច្ចសន្យា​ទូទៅ
1​. ការបង្កើត​កិច្ចសន្យា
(1) និយមន័យនៃកិច្ចសន្យា
ដូចបានរៀប​រាប់នៅមុននេះបន្តិច ក្រម​រដ្ឋប្បវេណីទំនើបបាន​ទទួលស្គាល់ «គោលការ​ណ៍​សេរីភាព​នៃ​កិច្ច​សន្យា​» ហើយ​ដរាបណាវាមិន​ផ្ទុយនឹង​ទំនៀមទម្លាប់ល្អ និង សណ្តាប់ធ្នាប់សាធារណៈរបស់យើងគ្រប់គ្នាទេ កិច្ចសន្យា​អាច​បង្កើត​នូវ​សិទ្ធិ​លើ​បំណុល​រាប់ពាន់ម៉ឺនទម្រង់បាន។ យើងក៏បានសិក្សារួចហើយថា ដោយសារតែសិទ្ធិ​លើ​បំណុល​មាន​អានុភាពមិន​ដាច់​ខាត​ទៅលើ​តែ​ភាគី​ប៉ុណ្ណោះ ហេតុនេះ បុគ្គលគ្រប់​រូប​អាច​បង្កើត​ដោយសេរី។
ដូចនេះ យើង​នឹង​សិក្សា​លម្អិត​បន្តិច​ចាប់ពីការ​បង្កើត​កិច្ចសន្យា។ បើសិនជាយើង​ប្រើប្រាស់​ពាក្យពេចន៍​ដែល​មាន​ក្នុង​ជំពូកទី2 បញ្ញត្តិទូទៅ នៃក្រម​រដ្ឋប្បវេណីមកផ្តល់និយមន័យ យើងអាចនិយាយបានថា កិច្ចសន្យា​សំដៅទៅ​លើ «សកម្មភាព​របស់​បុគ្គល 2នាក់ ឬ ច្រើននាក់​មានបង្ហាញ​ឆន្ទៈនៃសំណើ និង ការបង្ហាញឆន្ទៈនៃស្វីការត្រូវគ្នា ហើយ​បង្កើត​នូវ​ទំនាក់ទំនង​សិទ្ធិករណីយកិច្ចតាមច្បាប់ជាក់លាក់មួយ»។ ឧទាហរណ៍នៃកិច្ចសន្យា​លក់ទិញ នៅពេល​ដែល A បាន​និយាយទៅកាន់ B ចង់​លក់​ទំនិញនេះក្នុងតម្លៃ 2 លានរៀល ហើយ B បាន​និយាយថា​ទិញក្នុងតម្លៃ 2 លានរៀលនេះ ទៅកាន់ A គឺកិច្ចសន្យា​កើតមាន​ឡើង។ ពាក្យថា បុគ្គល 2នាក់ ឬ ច្រើននាក់ សំដៅទៅលើ ជាទូទៅគឺ​មាន​បុគ្គលតែ 2 នាក់ប៉ុណ្ណោះ ប៉ុន្តែ ម្ចាស់បំណុលច្រើននាក់ ឬ កូនបំណុល​ច្រើននាក់អាច​ចូល​រួម​ក្នុង​កិច្ច​សន្យា​តែ​មួយ​បាន​។
(2) កិច្ចសន្យា​អំពីសិទ្ធិ​លើ​បំណុល​
យើងគ្រប់គ្នាតែងគិតថា «កិច្ចសន្យា​» គឺជាកិច្ចសន្យា​អំពីសិទ្ធិ​លើ​បំណុល​ដែល​បង្កើត​ឱ្យ​មាន​ទំនាក់​ទំនង​សិទ្ធិ​លើ​បំណុល និង កាតព្វកិច្ចណាមួយ។ ឧទាហរណ៍ ជាទូទៅបំផុតគឺកិច្ចសន្យា​លក់ទិញ។ នៅក្នុងការលក់ទិញ សិទ្ធិ​លើបំណុលនៃថ្លៃលក់ទិញ និង សិទ្ធិ​លើបំណុលនៃការ​ប្រគល់វត្ថុ​កើតមាន​ឡើង (លើសពីនេះទៀត នៅក្នុង​ការ​លក់​ទិញ ការផ្ទេរកម្មសិទ្ធិ​លើវត្ថុក៏ត្រូវ​ភ្ជាប់មកជាមួយដែរ។ វាមានន័យថា ធាតុផ្សំដែល​ជា​ការ​ផ្ទេរសិទ្ធិ​ប្រត្យក្ស​ក៏មានផងដែរ ហើយសូម​យើងគិតថា ​នៅក្នុង​កិច្ចសន្យា​បង្កើតសិទ្ធិ​លើបំណុល និង កាតព្វកិច្ច ក៏មាន​រួម​ជាមួយ​នូវធាតុផ្សំនៃការ​ផ្ទេរសិទ្ធិ​ប្រត្យក្សផងដែរ)។ ដូច្នេះ បើសិនជា​យើងពិចារណាថា តើមានកិច្ចសន្យាអំពី​សិទ្ធិ​ប្រត្យក្សដែរឬទេ? យើង​អាច​មើល​ឃើញ​ដូច​ក្នុងករណី​កិច្ចសន្យា​បង្កើតសិទ្ធិ​លើ​ដី​ដែល​យើង​បាន​សិក្សា​កន្លងមក ហើយ​កិច្ចសន្យា​ដែលមាន​ខ្លឹមសារ​បង្កើតតែ​សិទ្ធិប្រត្យក្សមួយមុខបែបនេះ ហៅថា កិច្ចសន្យា​អំពីសិទ្ធិ​ប្រត្យក្ស។ ការព្រម​ព្រៀងដែល​បង្កើត​នូវ​ទំនាក់ទំនង​គតិយុត្ត​តាមច្បាប់​គ្រួសារដូច​ជា​ អាពាហ៍ពិពាហ៍ ហៅថា កិច្ចសន្យាអំពីឋានៈ​ (តទៅនេះ ពាក្យថា
«​កិច្ចសន្យា» ​ក្នុង​អត្ថបទនេះ សំដៅទៅលើ កិច្ចសន្យា​អំពី​សិទ្ធិ​លើបំណុល)។
(3) អត្ថន័យនៃបញ្ញត្តិអំពី​កិច្ចសន្យា​
ដោយឡែក យោងតាមគោលការណ៍​សេរីភាពនៃកិច្ចសន្យា កិច្ចសន្យា​អាច​មាន​ខ្លឹមសារជាច្រើនខុសៗគ្នា ប៉ុន្តែ នៅក្នុង​ចំណោមនោះ ក្រម​រដ្ឋប្បវេណីបាន​បញ្ញត្តនូវប្រភេទនៃកិច្ចសន្យាចំនួន 13ប្រភេទ។ ទោះជា​បែបនេះក៏ដោយ ខ្ញុំសូម​និយាយម្តងទៀតថា នៅក្នុងក្រម​រដ្ឋប្បវេណីក៏ដោយ ក៏នីតិសិទ្ធិលើបំណុលនេះបញ្ញត្តឡើងដោយ​យក «​គោលការណ៍​ស្វ័យភាពនៃបុគ្គលឯកជន» និង «គោលការណ៍ស្វ័យភាពខាងឆន្ទៈ» ធ្វើ​ជាមូលដ្ឋាន ដែលមានន័យថា យើងគ្រប់​គ្នាអាច​បង្កើត​ដោយសេរីនូវវិធានសម្រាប់ទំនាក់​ទំនង​រវាង​ខ្លួនឯង តាមរយៈការ​សន្យា​ដោយ​ផ្អែកលើ​ឆន្ទៈដោយ​សេរី​របស់​បុគ្គលម្នាក់ និង បុគ្គលម្នាក់ផ្សេងទៀត។ ហេតុនេះ បញ្ញត្តិ​ទាំងអស់នេះក៏ដោយ ក៏គេប្រើប្រាស់ជា​ការ​បំពេញបន្ថែម ក្នុងករណីដែល​ភាគីមិន​បាន​កំណត់វិធានល្អិតល្អន់ជាមុនប៉ុណ្ណោះ ហើយវាគឺជា បញ្ញត្តិ​ស្ម័គ្រចិត្ត។
2. ប្រភេទនៃកិច្ចសន្យា
(1) កិច្ចសន្យា​ដែល​មាន​ច្បាប់កំណត់ និង កិច្ច​សន្យា​ដែលគ្មាន​ច្បាប់កំណត់
​​ ក្រម​រដ្ឋប្បវេណី បាន​ជ្រើសរើសយកកិច្ចសន្យាចំនួន 13ប្រភេទ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់នៅក្នុង​សង្គម ហេតុនេះ គេហៅថា កិច្ចសន្យា​ដែល​មាន​ច្បាប់​កំណត់។ ហើយក្រៅពីកិច្ចសន្យាទាំងនេះ គឺជា​កិច្ច​សន្យា​ដែល​គ្មាន​ច្បាប់​កំណត់។ ម្យ៉ាងទៀតកិច្ចសន្យា​ទាំង 13ប្រភេទនេះ ត្រូវ​បាន​ដាក់​ឈ្មោះតាមច្បាប់ ហើយក្នុងអត្ថន័យនេះ គេ​អាច​ហៅថា កិច្ចសន្យា​មានឈ្មោះ (មិនមែនក្នុងន័យល្បីឈ្មោះឡើយ) ហើយ​កិច្ចសន្យា​ដែលគ្មាន​ច្បាប់​កំណត់ក្រៅពីនេះហៅថា កិច្ចសន្យា​គ្មាន​ឈ្មោះ ប៉ុន្តែ គ្មានឈ្មោះមិនមាន​ន័យថាមិន​មាន​សារៈសំខាន់នោះទេ។ នៅក្នុងពិភពលោកនេះ កិច្ចសន្យា Lease និង កិច្ច​សន្យា Credit ជាដើម គឺមាន​សារៈសំខាន់ខ្លាំងណាស់ទោះបីជា​មិន​ស្ថិតនៅក្នុង​ចំណោម​ប្រភេទទាំង 13 នៃកិច្ច​សន្យា​ក៏ដោយ។ ក្នុងចំណោមកិច្ចសន្យាទាំង 13 ប្រភេទនេះ មានកិច្ចសន្យាមួយ​ចំនួន​មិនសូវបាន​យកមកប្រើប្រាស់នោះទេក្នុងពេល​បច្ចុ​ប្បន្ននេះ។
នៅក្នុងករណីដែលការ​បង្ហាញ​ឆន្ទៈរបស់ភាគីមានភាពមិន​ច្បាស់លាស់នោះទេ បញ្ហានឹងកើតមាន​ឡើងថា វា​ជា​កិច្ចសន្យាអ្វី (ការ​បកស្រាយកិច្ចសន្យា)។ នៅក្នុង​ម៉ោង​សិក្សា​ក្រម​រដ្ឋប្បវេណី មានការ​បង្រៀន​អំពី​កិច្ចសន្យាលក់ទិញ ឬ កិច្ចសន្យា​ជួល​ជា​ដើម ប៉ុន្តែ នៅ​ក្នុង​សង្គមជាក់ស្តែង មាន​រឿងក្តី​ជា​ច្រើនដែល​មាន​បញ្ហា​អំពី​ការ​បកស្រាយ​កិច្ចសន្យា​នោះផ្ទាល់ ឬ បកស្រាយឆន្ទៈ​របស់​ភាគី។ យើងត្រូវ​យល់ដឹង​អំពី​បញ្ហានេះ ហើយ​វិភាគលក្ខណៈពិសេសនៃកិច្ចសន្យា​នីមួយៗ ដោយ​ផ្តោតសំខាន់លើកិច្ចសន្យា​ដែល​មាន​ច្បាប់​កំណត់។
(2) កិច្ចសន្យាកើតឡើង​តាមការព្រមព្រៀង កិច្ចសន្យាកើតឡើង​តាមការប្រគល់វត្ថុ និង កិច្ច​សន្យា​កើតឡើងតាមទម្រង់
ដំបូង យើង​អាច​បែងចែកជាប្រភេទកិច្ចសន្យាកើតឡើងតាមការព្រមព្រៀង និង កិច្ចសន្យា​កើតឡើង​តាម​ការ​ប្រគល់វត្ថុ។ កិច្ចសន្យា​ជា​ច្រើនក្នុងពេលបច្ចុប្បន្ន គឺ​ជា​កិច្ចសន្យាកើត​ឡើង​តាមការព្រមព្រៀង។ តាមការព្រម​ព្រៀង​នេះសំដៅទៅលើ ការ​កើតឡើងនូវ​អានុភាព​បង្កើត​ដោយ​មាន​ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​គ្នាប៉ុណ្ណោះ។ ឧទាហរណ៍ កិច្ចសន្យា​លក់ទិញ គឺជា​ប្រភេទនៃកិច្ចសន្យា​នេះហើយ (ដោយឡែក នៅតាមប្រទេសមួយ​ចំនួនមានការ​កំណត់​ថា កិច្ច​សន្យា​លក់ទិញ​របស់​ដែល​មាន​តម្លៃថ្លៃត្រូវ​បង្កើត​ដោយ​មាន​លិខិត​កិច្ចសន្យា​ជា​ចាំបាច់ដែល​ជា​លក្ខខណ្ឌ​ទម្រង់ ប៉ុន្តែ នៅក្នុងក្រមរដ្ឋប្បវេណីនៃប្រទេសជប៉ុន មិន​តម្រូវ​ឱ្យ​ធ្វើ​លិខិត​កិច្ច​សន្យា​នោះទេ។ ដូច​នេះ ទោះបីជា​កិច្ចសន្យា​លក់ទិញអចលនវត្ថុដែល​មាន​តម្លៃ​ខ្លាំងក៏ដោយ ក៏ត្រូវ​បង្កើត​ឡើង​ដោយ​ការ​ត្រូវ​គ្នា​នៃ​ការ​បង្ហាញឆន្ទៈ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ ជា​ទូទៅ ភាគី​តែង​ធ្វើ​ជាលិខិត​កិច្ចសន្យា ដើម្បី​បន្សល់ទុកនូវ​ភស្តុតាង​សម្រាប់​ខ្លួនឯង។ ហើយក៏មាន​ករណីដែលការ​ទិញអចលនវត្ថុ​ដែលមាន​ការ​ចូល​រួម​ពីភ្នាក់ងារ ជា​ដើម គឺ​ត្រូវ​អនុវត្ត​ដោយ​យោង​តាម​ច្បាប់ស្តីពី​ភ្នាក់​ងារអចលនវត្ថុ ហើយ​ផ្អែក​តាមច្បាប់ពិសេសនីមួយៗនេះ ភ្នាក់​ងារអចលនវត្ថុមាន​ករណី​យ​កិច្ច​ត្រូវ​ធ្វើលិខិត​កិច្ច​សន្យា)។
ជាករណីលើកលែងប្រភេទនៃកិច្ចសន្យាផ្សេងទៀត គឺកិច្ចសន្យា​ដែល​កើត​ឡើង​តាម​ការ​ប្រគល់វត្ថុ ដែលមិន​មែន​ជា​កិច្ច​សន្យា​កើត​ឡើង​តាមការ​ព្រមព្រៀងនោះទេ។ នេះមានន័យថា បើគ្រាន់​តែ​ការ​បង្ហាញឆន្ទៈ​ត្រូវ​គ្នានៅមិន​ទាន់​គ្រប់​គ្រាន់​នោះទេ ហើយ​អានុភាព​នៃការ​បង្កើត​នឹង​​មាន​​ចាប់ពីពេល​ដែល​វត្ថុ​​ជា​កម្មវត្ថុ​ត្រូវបាន​ប្រគល់។ ប៉ុន្តែ នៅក្នុង​​វិសោធនកម្មច្បាប់ឆ្នាំ2017 នេះ មាន​កិច្ចសន្យា​កើត​ឡើង​តាមការ​ប្រគល់វត្ថុ​មួយ​ចំនួនបានប្តូរមកជា​កិច្ច​សន្យា​កើត​ឡើង​តាមការ​ព្រម​ព្រៀងវិញ។ ឧទាហរណ៍ នៅ​ក្នុង​ករណីកិច្ចសន្យា​ឱ្យខ្ចី និង ឱ្យប្រើប្រាស់​វត្ថុធម្មតា ដែល​ជា​កិច្ចសន្យា​ខ្ចីប្រើ (មាត្រា593) ការ​ព្រមព្រៀងខ្ចី និង ឱ្យខ្ចីមិន​នាំ​ឱ្យបង្កើត​កិច្ចសន្យា​នោះទេ ហើយ​ចាប់ពីពេល​ដែល​វត្ថុ​​ជា​កម្មវត្ថុ​បាន​ប្រគល់ជាក់ស្តែង ទើប​កិច្ច​សន្យា​ត្រូវ​បាន​បង្កើត​ឡើង។ ប៉ុន្តែ គេបាន​ប្តូរ​មកជាកិច្ចសន្យា​កើត​ឡើង​តាមការ​ព្រមព្រៀងវិញ ដោយប្រកាន់​ជំហរចម្បងលើការ​បាន​ព្រមព្រៀងគ្នា។
លើសពីនេះ ដូច​បាន​រៀបរាប់ខាងលើនេះ នៅក្នុង​ករណីដែល​ច្បាប់​បាន​កំណត់​ឱ្យកិច្ចសន្យា​កើត​ឡើង ដោយ​ត្រូវ​មាន​ទម្រង់ជាក់លាក់ណាមួយ (ឧទាហរណ៍ ការ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ) ហៅថាកិច្ចសន្យា​កើតឡើង​តាមទម្រង់ (នៅក្នុងក្រមរដ្ឋប្បវេណី មាន​កិច្ចសន្យា​ធានា។ មាត្រា446 កថាខណ្ឌទី2)។
(3) កិច្ចសន្យាអញ្ញមញ្ញ និង កិច្ចសន្យា​ឯកតោភាគី
បន្ទាប់មក យើងអាច​បែង​ចែក​ជា​ប្រភេទកិច្ចសន្យា​អញ្ញមញ្ញ និង កិច្ច​សន្យា​ឯកតោភាគី។ ដូចជា​កិច្ចសន្យា​លក់​ទិញជាដើម ជាកិច្ចសន្យា​ដែល​បង្កើត​សិទ្ធិ​និងកាតព្វកិច្ច​ដល់​ភាគី​ទាំងសងខាង (មានន័យថា អ្នក​លក់​មាន​កាតព្វកិច្ច​ប្រគល់វត្ថុ​​ជា​កម្មវត្ថុ ហើយអ្នក​ទិញ​មាន​កាតព្វកិច្ច​បង់ថ្លៃលក់ទិញ)។ ក្នុងន័យនេះ យើងហៅថាកិច្ចសន្យា​អញ្ញ​មញ្ញ។ នៅក្នុង​កិច្ច​សន្យា​ជួលផ្ទះក៏ដោយ (សូមមើលនៅខាងក្រោម) ក៏ជាកិច្ចសន្យាអញ្ញមញ្ញផងដែរ ដោយអ្នកជួល​មាន​កាតព្វកិច្ច​បង់ថ្លៃឈ្នួល និង ប្រគល់ផ្ទះវិញនៅពេល​បញ្ចប់កិច្ចសន្យា​ ហើយ​អ្នក​ឱ្យ​ជួល​មាន​កាតព្វកិច្ច​បន្ត​ជួលនូវ​វត្ថុ​ដែល​ជា​កម្មវត្ថុ ក្នុង​ស្ថានភាព​អាច​ប្រើប្រាស់​បាន។
ផ្ទុយមកវិញ កិច្ចសន្យា​ប្រទានកម្ម (សូមមើលនៅខាងក្រោម) កើតឡើងតាមការ​ព្រមព្រៀងគ្នាថា «ព្រមឱ្យ-ព្រមទទួល» ប៉ុន្តែ ភាគីដែល​ព្រមទទួល​មិនមាន​កាតព្វកិច្ច​អ្វីនោះទេ ហើយភាគីទាយកតែម្ខាងប៉ុណ្ណោះដែល​មាន​កាតព្វកិច្ច​ប្រគល់។ កិច្ចសន្យា​ខ្ចីប្រើដែល​បាន​លើកឡើងមុននេះក៏ដូចគ្នាផងដែរថា ក្រោយពេលកិច្ចសន្យា​បានបង្កើតឡើង​តាម​ការ​ប្រគល់​វត្ថុ​រួចហើយ ភាគីអ្នក​ខ្ចីតែ​ម្ខាង​ប៉ុណ្ណោះ​ដែល​មាន​កាតព្វកិច្ច​សង​វិញ។ ក្នុងន័យដែលកាតព្វកិច្ច​មាន​ទៅ​លើភាគីតែ​ម្ខាងនេះហើយ ទើបគេហៅថា កិច្ចសន្យា​ឯកតោភាគី។ ការបែងចែក​ប្រភេទបែបនេះមាន​សារៈសំខាន់ណាស់ ដោយសារបញ្ញត្តិមួយ​ចំនួនស្តីពីអានុភាព​នៃកិច្ចសន្យា និង ការរំលាយ ត្រូវយកមក​ប្រើប្រាស់​ចំពោះ​តែ​កិច្ចសន្យា​អញ្ញមញ្ញប៉ុណ្ណោះ។
(4) កិច្ចសន្យា​ដែល​យក​តម្លៃថ្នូរ (មូលា) និង កិច្ច​សន្យា​ដែល​មិន​យក​តម្លៃថ្នូរ (មុធា)
ការបែង​ចែក​ប្រភេទមួយទៀតគឺ កិច្ចសន្យា​ដែល​យក​តម្លៃថ្នូរ និង កិច្ច​សន្យា​ដែល​មិន​យក​តម្លៃថ្នូរ។ វាគឺជា​ការបែងចែកថា តើកិច្ចសន្យា​នេះមាន​ការផ្តល់តម្លៃតបទៅវិញទៅមកដូច​ជាការប្រគល់ទំនិញ និង ថ្លៃលក់ទិញនៅក្នុង​កិច្ច​សន្យា​លក់ទិញដែរឬទេ (ការ​ផ្តល់តម្លៃតបនេះមិន​ចាំបាច់​រហូត​ទាល់តែ​សមស្រប​តាម​តម្លៃសេដ្ឋកិច្ច​ជា​សច្ចានុម័ត​នោះទេ ហើយ​ឱ្យ​តែភាគីទាំង​សងខាងយល់ថាជា​តម្លៃសមស្របគឺគ្រប់គ្រាន់​ហើយ)? ឬក៏ជាកិច្ចសន្យា​ដែលភាគី​តែ​ម្ខាង​ផ្តល់ទ្រព្យសម្បត្តិដោយ​គ្មាន​ការ​ផ្តល់​តម្លៃតបវិញដូច​ក្នុង​កិច្ច​សន្យា​ប្រទានកម្ម។
ការបែង​ចែក​នេះ​ ក៏មាន​សារៈសំខាន់ផងដែរ។ នេះមានន័យថា កម្រិតនៃការ​ទទួលខុសត្រូវ​ក្នុងការ​ធានាដែល​នឹង​លើកយក​មក​រៀបរាប់នៅពេលក្រោយ ​ប្រែប្រួលអាស្រ័យទៅលើ​ថា តើជាកិច្ចសន្យា​ដែល​យក​តម្លៃថ្នូរ ឬ កិច្ចសន្យា​ដែល​មិន​យក​តម្លៃថ្នូរ (នៅក្នុងកិច្ចសន្យា​យក​តម្លៃថ្នូរ ដូច​ជា​កិច្ចសន្យា​លក់ទិញ គឺ​មាន​ការ​ទទួលខុសត្រូវ​ក្នុងការធានាខ្លាំង ហើយ​អ្នកលក់​ត្រូវ​មាន​ទំនួលខុសត្រូវ​ ក្នុងករណីដែលវត្ថុដែល​បា​នប្រគល់ពីការ​លក់ទិញមិន​ស្របនឹង​តម្លៃនៃ​ថ្លៃលក់ទិញ។ ផ្ទុយមកវិញ កិច្ចសន្យា​ដែល​មិន​យក​តម្លៃថ្នូរ ដូច​ជាកិច្ចសន្យា​ប្រទានកម្ម ត្រូវ​បាន​បញ្ញត្តឡើងដោយកំណត់​ឱ្យមាន​ការ​ទទួលខុសត្រូវ​ស្រាល ក្នុង​ន័យថា វត្ថុដែល​ទទួលបានមកដោយទទេ បើទោះបីជា​មាន​ស្នាម​បន្តិចបន្តួចក៏ដោយ ក៏ទ្រាំទទួលយកទៅ)។
3. អានុភាព​នៃកិច្ចសន្យា
(1) សុពលភាពនៃកិច្ចសន្យា​
តាមពិតទៅ នៅក្នុងក្រម​រដ្ឋប្បវេណីជប៉ុនមិន​មានបញ្ញត្តិមូល​ដ្ឋានស្តីពីអានុភាព ឬ សុពលភាព​នៃ​កិច្ច​សន្យា​នោះទេ។ ដើម្បីឱ្យកិច្ចសន្យាមាន​អានុភាព​ កិច្ចសន្យាត្រូវ​មានខ្លឹមសារដែល​ស្របច្បាប់ (ភាព​ស្របច្បាប់), អាច​អនុវត្តបាន​ (ភាពអាចអនុវត្តបាន) និង ជាក់លាក់ (ភាព​ជាក់លាក់)។ ដូច​ជា​កិច្ចសន្យាលក់​ទិញ​​អគារដែលបាន​ឆេះបាត់ទៅហើយនៅពេល​ចុះកិច្ចសន្យា​ជាដើម។ ក្នុងករណីនេះ កម្មវត្ថុ​មិនមាន​អត្ថិភាពនោះទេ ហើយការ​អនុវត្ត​គឺគ្មាន​លទ្ធភាព​តាំង​ពីដើម ហេតុនេះ កិច្ចសន្យា​នេះក្លាយជាមោឃភាពដោយសារអលទ្ធភាព​តាំង​ពីដំបូង ហើយ​សិទ្ធិលើបំណុល និង កាតព្វកិច្ច​មិន​កើត​មាន​ឡើង​នោះទេ។ ប៉ុន្តែ បើសិនជា អ្នក​ទិញបាន​ជឿជាក់ថាខ្លួនអាច​ទទួលបាន​អគារនោះ ហើយ​បាន​ទិញគ្រឿង​សម្ភារៈសម្រាប់អគារនោះដែល​ធ្វើ​ឱ្យ​ការ​ខូច​ខាតកើតមាន​ឡើង ក្នុង​ករណីនេះ ការទទួល​ខុសត្រូវ​នៃ​សំណង​ការ​ខូច​ខាតដោយសារការ​ជឿជាក់ ក្នុងនាមជា «កំហុសនៃការ​ចុះកិច្ចសន្យា​» នឹងកើតមា​នឡើង។ ដោយឡែក ចំពោះ​កិច្ច​សន្យា​អនុប្បទាន​សិទ្ធិលើ​បំណុលលើថ្លៃលក់ទិញ​ដែល​កើត​ចេញពី​ការ​លក់​ទំនិញជាដើម ​មិន​មែន​អលទ្ធភាព​ពី​ដំបូង​នោះទេ ហើយ​អាច​បង្កើត​បាន​ដោយ​មាន​អានុភាព ប្រសិនបើយើងអាចទទួលស្គាល់​ភាព​ជាក់លាក់នៃ​អំឡុងពេល​កំណត់នៃការ​ចាប់ផ្តើម និង ការ​បញ្ចប់បាន។
(2) អានុភាពចង និង អានុភាព​មិន​ដាច់​ខាត​
អានុភាព​ជា​មូល​ដ្ឋាននៃកិច្ច​សន្យាគឺ​ បង្កើតអានុភាព​ចងរវាង​ភាគី ដោយ​ផ្អែក​លើការ​ព្រម​ព្រៀង​របស់​ភាគី (កិច្ចសន្យា​គឺ​ត្រូវ​តែ​គោរពជា​ដាច់ខាត ហើយ​នៅក្នុង​កិច្ច​ពិភាក្សាអំពី​ការធ្វើ​វិសោធនកម្ម​នីតិសិទ្ធិលើ​បំណុល​ថ្មីៗនេះ មាន​គំនិតជា​ច្រើនបាន​ទទួលស្គាល់កាន់តែ​ខ្លាំង​អំពី​អានុភាព​ចង​ទៅវិញទៅមក តាមរយៈ​ការ​ចុះកិច្ចសន្យា​នេះ។ ​វាគឺជា​ទំនោររបស់​អន្តរជាតិ​ផងដែរ)។ ដូចនេះ ប្រសិនបើភាគី​ម្ខាងទៀតមិន​គោរពទេ គេ​អាច​ប្តឹង​ទៅតុលាការ​ដើម្បី​បង្គាប់​ឱ្យ​អនុវត្ត​ដោយ​បង្ខំ ឬ បង្គាប់​ឱ្យ​សង​សំណង​ការ​ខូច​ខាត​ជំនួសឱ្យ​ការ​ធ្វើ​សកម្មភាព​ដែល​បាន​ចងតាំង​ពី​ដើមនោះ (ពិតប្រាកដហើយថា យើង​នឹង​ពិចារ​ណា​ផ្សេង​ពីនេះ ប្រសិនបើភាគី​បាន​ព្រមព្រៀង​គ្នា​អំពី​ការ​សន្យា​ពិសេស​ដែល​មិន​ឱ្យ​អនុវត្ត​ដោយបង្ខំនៅក្នុង​កិច្ច​សន្យា​ជាដើម)។ លើសពីនេះ កិច្ចសន្យាមិនមានអានុភាព​ដាច់ខាតទេ ហើយ​ជា​គោលការណ៍ អានុភាព​ចង​នេះ​កើត​មាន​ចំពោះតែ​ភាគី​នៃកិច្ចសន្យា​ប៉ុណ្ណោះ។ ប៉ុន្តែ បើសិនជា​នៅក្នុង​កិច្ច​សន្យា​លក់ទិញរវាង A និង B បាន​បន្ថែមនូវ​ការ​សន្យា​ពិសេសដែល​ត្រូវ​បង់ប្រាក់ថ្លៃលក់ទិញដោយផ្ទាល់ទៅ C។ ក្នុង​ស្ថានភាពបែបនេះ កិច្ចសន្យា​ដែល​ផ្តល់ប្រយោជន៍ដល់​តតិយជនក្រៅពីភាគីអាច​ធ្វើ​ទៅបាន (នៅពេលក្រោយនឹង​មាន​ពន្យល់អំពីកិច្ចសន្យា​ដែល​ធ្វើ​សម្រាប់​តតិយជន។ ចាប់ពីមាត្រា537) ប៉ុន្តែ ការ​ព្រម​ព្រៀង​ដោយ​ឱ្យ​តតិយជន​មាន​ករណីយកិច្ចជា​ដើម គឺ​មិនអាចធ្វើ​ទៅបាននោះទេ។ ​
(3) ការ​តវ៉ា​ឱ្យ​អនុវត្ត​ព្រម​គ្នា​
លើសពីនេះ នៅក្នុងករណី​នៃកិច្ចសន្យា​អញ្ញមញ្ញ ត្រូវ​បាន​គេកំណត់អំពី​ការ​តវ៉ា​ឱ្យ​អនុវត្ត​ព្រម​គ្នា ក្នុងនាម​ជា​អានុភាព​នៃអត្ថិភាព​របស់​កិច្ចសន្យា។ នេះមានន័យថា បើក្នុងការលក់​ទិញវិញ អ្នក​ទិញ​អាច​តវ៉ា (ការ​អះអាង​ និង តតាំង​ចំពោះ​ការ​ទាមទាររបស់ភាគី​ម្ខាង​ទៀត) មិន​ព្រម​បង់ប្រាក់​ថ្លៃ​លក់​ទិញរហូត​ដល់​ពេល​អ្នក​លក់​ប្រគល់ទំនិញបាន។ ផ្ទុយមកវិញ អ្នក​លក់ក៏អាច​តវ៉ាមិន​ព្រមប្រគល់ទំនិញ​រហូត​ដល់​ពេលអ្នក​ទិញ​បង់ថ្លៃលក់ទិញដែរ (មាត្រា​533។ អាច​អនុវត្តបាន​រហូត​ដល់ពេល​ដែល​ភាគី​ម្ខាង​ទៀត​បាន​ស្នើអនុវត្ត ពោលគឺ រហូត​ដល់​ពេល​ដែល​កាន់​ប្រាក់​ថ្លៃ​លក់​ទិញមកជាមួយបាន)។ ដូចនេះ ការ​តវ៉ា​ឱ្យ​អនុវត្តព្រមគ្នាទៅវិញទៅមក នឹង​ក្លាយទៅជាការ​ជម្រុញ​ឱ្យ​អនុវត្ត​ទៅវិញទៅមក ហើយ​ជា​លទ្ធផល វានឹង​ក្លាយជាការ​ផ្តល់​តាវកាលិកតប។​ ពិតប្រាកដហើយ បើសិនជា​ភាគី​បាន​សម្រេច​ជា​មុន​ថាត្រូវ​បង់ប្រាក់ថ្លៃលក់ទិញជាមុនដោយហេតុផលណាមួយនោះ ក្នុង​ករណីនេះ ភាគី​ត្រូវ​គោរព​តាម​ការ​កំណត់នោះ ហេតុនេះ ការ​តវ៉ា​ឱ្យ​អនុវត្ត​ព្រម​គ្នា​មិន​អាច​ប្រើប្រាស់បាននោះទេ ក្នុង​ស្ថានភាពបែបនេះ។ ដោយឡែក ភាគីដែល​អះអាង​អំពី​ការ​តវ៉ា​ឱ្យ​អនុវត្ត​ព្រម​គ្នាមិន​មាន​ទំនួលខុស​ត្រូវ​ចំពោះការ​មិនអនុវត្ត​កាតព្វកិច្ចនោះទេ ទោះបីជាខកខានក្នុងការ​អនុវត្ត​នៅពេល​នោះក៏ដោយ (សូមមើលចំណុចទី 4 ក្នុងជំពូកនេះ ចំពោះការ​រំលាយកិច្ចសន្យា និង ការ​ទាមទារ​សំណង​ការ​ខូច​ខាត​ដោយ​ផ្អែក​លើ​ការ​មិន​អនុវត្ត​កាតព្វកិច្ច)។
(4) ការ​ទទួល​បន្ទុកហានិភ័យ
នៅក្នុង​ប្រព័ន្ធដែល​កំណត់អំពី​ទំនាក់​ទំនង​កាតព្វកិច្ចទាំង​សងខាងនៃកិច្ចសន្យា​អញ្ញមញ្ញ នៅមានចំណុច​មួយទៀត ដែលហៅថា ការ​ទទួល​បន្ទុក​ហានិភ័យ។ ឧទាហរណ៍ នៅក្នុងកិច្ចសន្យា​ទិញលក់ផ្ទះលំហែមួយ ដែលផ្ទះលំហែ​នោះត្រូវ​បាន​ឆេះអស់ដោយសារតែបន្ទុះភ្នំភ្លើង នៅក្នុង​ចន្លោះពេល​នៃការ​ចុះកិច្ចសន្យា និងមុនពេល​កាលបរិច្ឆេទនៃការ​ប្រគល់ ហើយកម្មវត្ថុ​នៃកិច្ចសន្យាបាន​បាត់បង់ដោយគ្មាន​ហេតុនៃការ​ទទួលខុសត្រូវរបស់​កូនបំណុលនោះទេ តាំងពីពេល​ចុះកិច្ចសន្យា​រហូតដល់​ពេល​ប្រគល់ (វាមិនមានហេតុនៃការ​ទទួលខុសត្រូវ ហេតុនេះហើយ វាមិនមែនជា​ការ​មិនអនុវត្ត​កាតព្វកិច្ច​ដូចរៀបរាប់ខាងក្រោមនោះទេ) ក្នុងករណីនេះ ចំណុចបញ្ហាគឺ តើកូន​បំណុលដែល​ជា​អ្នក​លក់ និង ម្ចាស់​បំណុល​ដែល​ជា​អ្នក​ទិញ ​អ្នកណាត្រូវ​ទទួល​បន្ទុក​នូវ​ការ​ខូច​ខាតនោះ? នេះមានន័យថា កាតព្វកិច្ច​របស់​កូន​បំណុល​ដែល​ជា​អ្នកលក់ត្រូវ​ក្លាយ​ជា​អលទ្ធភាពក្នុងការ​អនុវត្ត ហើយរលត់ ​ដោយ​សារ​តែ​គ្មាន​វត្ថុ​សម្រាប់ជំនួសបាន ហើយ​កូន​បំណុល​គ្មានហេតុនៃការ​ទទួលខុសត្រូវទេ ហេតុនេះហើយ មិន​ចាំបាច់​សង​សំណង​ការ​ខូច​ខាតនោះទេ (ផ្ទុយមកវិញ ប្រសិនបើ​កូនបំណុល​មាន​ហេតុនៃកា​រទទួលខុសត្រូវ វានឹង​ក្លាយ​ជា​ការ​មិន​អនុវត្តកាតព្វកិច្ច។ ហេតុនេះកាតព្វកិច្ច​របស់​កូន​បំណុល​នឹងត្រូវ​បន្តអត្ថិភាព ដោយប្តូរជាកាតព្វកិច្ចសង​សំណង​ការ​ខូច​ខាតវិញ សូមមើល 4(1)(2))។ ប៉ុន្តែ បញ្ហាគឺ តើ​អ្នក​ទិញដែល​ជា​ភាគី​ម្ខាងទៀតត្រូវ​បង់ប្រាក់​ថ្លៃ​លក់ទិញតាមការកំណត់​ក្នុង​កិច្ច​សន្យា​ដែរឬទេ?
https://gyazo.com/e1b7ee275455018462c83d907852f1a3
ដើមឡើយ ភាគី​ត្រូវ​កំណត់​អំពីចំណុច​នេះក្នុង​កិច្ចសន្យា ប៉ុន្តែ ក្រម​រដ្ឋប្បវេណីបាន​បញ្ញត្តអំពី​ការទទួលបន្ទុក​ហានិភ័យ ដើម្បីការពារករណីភាគីមិនបាន​កំណត់​ទុកជា​មុន​។ នៅក្នុងការ​ធ្វើវិសោធនកម្មឆ្នាំ2017 បញ្ញត្តិជា​ច្រើន​បានកែប្រែ ហើយកូន​បំណុល​ត្រូវ​ទទួលបន្ទុក​ហា​និភ័យ​ចំពោះ​កិច្ចសន្យា​ទាំងអស់ (របបកូនបំណុល)។ ប៉ុន្តែ បញ្ញត្តិ​ចាស់ដែល​កំណត់ថា «កាតព្វ​កិច្ច​​តបត្រូវ​រលត់» នៅក្នុង​ការ​ទទួល​បន្ទុក​ហានិភ័យនេះ ត្រូវ​ប្តូរមក «ម្ចាស់បំណុលមាន​សិទ្ធិ​បដិសេធ​ក្នុងការ​អនុវត្ត​តាវកាលិកតប» វិញ (តាមរចនាសម្ព័ន្ធនៃសិទ្ធិ​បដិសេធក្នុងការ​អនុវត្ត។ មាត្រា536 កថាខណ្ឌទី1។ បញ្ញត្តិ​នៃរបប​ម្ចាស់បំណុល ចំពោះកិច្ចសន្យាស្តីពីការ​ផ្ទេរកម្មសិទ្ធិ​លើវត្ថុ​ជា​ក់លាក់​នៅក្នុង​កិច្ចសន្យា​លក់ទិញជាដើម ត្រូវ​បាន​លុបចោល)។ ដូចនេះ បើសិននិយាយអំពីការ​លក់ទិញគឺ ហានិភ័យនៃការ​បាត់បង់វត្ថុ​ជា​កម្មវត្ថុ ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​អ្នក​លក់ (កូន​បំណុល​នៃការ​ប្រគល់)។ របបម្ចាស់បំណុលនេះ (កម្មវត្ថុ​មិន​បាន​មកលើដៃរបស់ខ្លួនផង តែ​ត្រូវ​បង់ប្រាក់​ថ្លៃលក់ទិញ) រងការរិះគន់យ៉ាងខ្លាំង ហេតុនេះ ខ្ញុំ​យល់​ថា​ការលុប​ចោលចំណុចនេះ គឺ​ត្រឹមត្រូវ។ ​មូល​ហេតុដែល​នំាឱ្យបញ្ញត្តិនេះត្រូវប្តូរ​មកប្រើប្រាស់រចនាសម្ព័ន្ធសិទ្ធិ​បដិសេធក្នុងការ​អនុវត្តវិញ ដោយសារតែចំណុចនេះមានលក្ខណៈជាន់គ្នា​នឹង​បញ្ញត្តិ និង លក្ខខណ្ឌនៃការ​រំលាយកិច្ចសន្យា (កាលពីមុន ការរំលាយ​គឺតម្រូវ​ឱ្យ​មាន​ហេតុនៃការ​ទទួលខុសត្រូវ ប៉ុន្តែ នៅក្នុងការធ្វើ​វិសោធនកម្មលើកនេះ ហេតុនៃការ​ទទួលខុសត្រូវ​មិនមែន​ជា​បញ្ហា​នៅក្នុង​ការ​រំលាយ​ទៀតនោះទេ), ហើយរឿង​ក្តីនៃការ​ទទួល​បន្ទុកហានិភ័យដែល​គ្មាន​ហេតុនៃកា​រទទួល​ខុស​ត្រូវរបស់​ភាគី​ទាំង​សង​ខាង​នេះ ក៏អាចចាត់ចែង​តាមការ​រំលាយ​កិច្ចសន្យា​ផងដែរ (នៅក្នុងចំណុចនេះ គឺជា​ទ្រឹស្តីសិក្សាខ្លាំង ហើយមិនមាន​ជា​ការធ្វើ​វិសោធនកម្មដែល​​ងាយស្រួលយល់សម្រាប់​ប្រជាពលរដ្ឋនោះទេ)។ ដូចនេះ ម្ចាស់បំណុលអាច​រំលាយ​កិច្ចសន្យា​ក៏បាន ឬបដិសេធក្នុងការ​អនុវត្តនៅក្នុងបន្ទុកហានិភ័យក៏បាន។ ដោយឡែក បើសិនជា​កិច្ចសន្យា​អញ្ញ​មញ្ញដែល​មិន​បង្កើត​ ឬ ផ្ទេរកម្មសិទ្ធិ ដូចជាភតិសន្យាជាដើមវិញ ក្នុងករណីនេះ បញ្ញត្តិ​នៃមាត្រា536 នៅមុនពេល​វិសោធនកម្មនៅរក្សាដដែល ហើយរបបកូន​បំណុល​មិន​បានផ្លាស់ប្តូរនោះទេ។
សូម​បញ្ជាក់ថា ការ​ទទួលបន្ទុកហានិភ័យ គឺជា​បញ្ហាដែល​បាន​កើត​មាន​ឡើងក្នុង​ចន្លោះពេលនៃការចុះកិច្ចសន្យា​រហូត​ដល់ពេលប្រគល់។ បើសិនជា​បាន​ប្រគល់ចប់សព្វគ្រប់ហើយ ហានិភ័យ​ត្រូវ​ផ្ទេរទៅអ្នក​ទិញវិញ បើសិនជាយើងនិយាយអំពី​ការលក់ទិញ (ក្រោយពេលប្រគល់ បើទោះបីជាកម្មវត្ថុ​ត្រូវ​ឆេះបាត់បង់ក៏ដោយ ក៏​អ្នក​ទិញត្រូវ​ទទួល​បន្ទុក ហើយមិន​អាច​រួចផុត​ពីករណីយកិច្ច​បង់​ប្រាក់​ថ្លៃលក់ទិញនោះទេ។ មាត្រា567)។
ពាក្យគន្លឹះ: ការ​ទទួល​បន្ទុកហានិភ័យ៖ របបម្ចាស់​បំណុល និង របប​កូនបំណុល
បញ្ហានៃការ​ទទួលបន្ទុកហានិភ័យកើតមាន​នៅក្នុង​កិច្ចសន្យា​អញ្ញមញ្ញ។ នៅក្នុង​កិច្ចសន្យា​អញ្ញមញ្ញ ទាំង​សិទ្ធិ​លើបំណុល ទាំងកាតព្វកិច្ច​កើតឡើង​ចំពោះភាគី​ទាំង​សងខាង។ ហេតុនេះ នៅពេលនិយាយអំពី ការ​ទទួល​បន្ទុក​ហានិភ័យដោយ​របបម្ចាស់បំណុល (ម្ចាស់​បំណុល​ត្រូវ​ទទួល​បន្ទុកហានិភ័យ) ឬ របបកូន​បំណុល (កូន​បំណុល​ត្រូវ​ទទួល​បន្ទុកហានិភ័យ) សូម​កុំ​ច្រឡំ​អំពី​ម្ចាស់​បំណុល និង កូន​បំណុល។ គេអាច​ដឹង​អំពី​ម្ចាស់​បំណុល ឬ កូន​បំណុលអាស្រ័យទៅលើ​តម្លៃ​ទ្រព្យសម្បត្តិដែល​បានបាត់បង់។ បើនិយាយអំពីឧទាហរណ៍នៃផ្ទះលំហែវិញ វា​មាន​ន័យថា អ្នក​ទិញដែល​មាន​សិទ្ធិលើ​បំណុល​ទាមទារ​ឱ្យ​ប្រគល់ផ្ទះលំហែ គឺជា​ម្ចាស់​បំណុល ហើយ​អ្នក​លក់ដែល​មាន​ករណីយកិច្ច​ប្រគល់ផ្ទះលំហែរនោះ គឺជា​កូនបំណុល។ ដូចនេះ របបម្ចាស់​បំណុល សំដៅទៅលើស្ថានភាព​ដែល​ម្ចាស់បំណុល​ត្រូវ​ទទួល​បន្ទុកហានិភ័យ មានន័យថា អ្នក​ទិញ​ដែល​ជា​ម្ចាស់​បំណុល​មិន​អាច​ទទួល​បាន​ការ​ប្រគល់ផ្ទះលំហែនោះទេ (ករណីយកិច្ច​អនុវត្ត​របស់​អ្នកលក់ដែល​ជា​កូន​បំណុលត្រូវ​រលត់) ប៉ុន្តែ កាតព្វកិច្ច​បង់ប្រាក់ថ្លៃលក់ទិញមិន​រលត់នោះទេ ហើយ​ត្រូវ​បន្តអត្ថិភាព។ បើសិនជារបបកូន​បំណុលវិញ កូន​បំណុល​ត្រូវ​ទទួល​បន្ទុក​ហានិភ័យ ហើយ​មិន​អាច​ទទួល​បាន​តាវកាលិកតបនោះទេ។ ការវិសោធនកម្មច្បាប់បាន​ប្រកាន់យកគោលជំហរនេះ ហើយ​បានបញ្ញត្តថា «ម្ចាស់​បំណុលអាច​បដិសេធក្នុងការ​អនុវត្ត​ការផ្តល់តាវកាលិកតបបាន»។
(5) កិច្ចសន្យា​ធ្វើឡើងដើម្បី​តតិយជន
ឧទាហរណ៍ថា នៅក្នុង​កិច្ចសន្យា​លក់ទិញរវាង A និង B បាន​បន្ថែមការ​សន្យា​នៃការ​បង់ប្រាក់​ថ្លៃលក់ទិញ​ដោយ​ផ្ទាល់​ទៅឱ្យ C ហើយវាជា​កិច្ចសន្យា​ដែល​ផ្តល់​ប្រយោជន៍ដល់​តតិយជន​ក្រៅពីភាគីបែបនេះ ហៅថាកិច្ចសន្យា​ធ្វើ​ឡើង​ដើម្បីតតិយជន (ចាប់ពីមាត្រា​537)។
https://gyazo.com/25e9841b6f7b2d4aba4940368e9f8746
នេះ​ជា​ប្រភេទមួយនៃកិច្ចសន្យា​ផងដែរ ប៉ុន្តែ ខ្លឹមសារប៉ុណ្ណឹងមិន​អាច​យកធ្វើជា​កិច្ចសន្យា​ឯករាជ្យ​បានទេ ហើយ​វាត្រូវ​ភ្ជាប់​ជា​មួយ​កិច្ចសន្យា​ផ្សេងទៀត ក្នុងនាម​ជា​ការ​សន្យា​ពិសេស ឬ ជា​ការ​សន្យាបន្ថែម។ វាត្រូវ​បាន​បញ្ញត្តឡើងក្នុងនាម​ជា​ករណី​អញ្ញត្តិកម្មនៃ​គោល​គំនិត​ទូទៅរបស់​អានុភាពនៃកិច្ចសន្យា (គ្មាន​អានុភាពទៅលើ​បុគ្គល​​ក្រៅពី​ភាគីនោះទេ) ដោយសារតែ​អានុភាព​នៃកិច្ចសន្យា​មាន​ទៅដល់តតិយជន។ ប៉ុន្តែ កិច្ចសន្យា​ប្រភេទនេះមាន​ការកម្រិត​ដូច​តទៅ ៖ ① ភាគី​អាច​ធ្វើ​កិច្ចសន្យា​ដែល​ផ្តល់​ផលប្រយោជន៍ដល់​តតិយជន C បាន ប៉ុន្តែ មិន​អាច​ព្រមព្រៀង​គ្នាផ្តល់​កាតព្វកិច្ច​ជា​អវិជ្ជមាន​ដល់ C នោះទេ។ ② តតិយជន C ដែល​ជា​អ្នក​ទទួល​ផលប្រយោជន៍ មិនអាច​ទទួល​ផល​ប្រយោជន៍​ពីការ​ព្រម​ព្រៀងរវាង A និង B ដោយ​ឯកឯងនោះទេ ពោលគឺ តតិយជន C ត្រូវ​បង្ហាញឆន្ទៈ​ទទួល​ក្នុងការ​ទទួល​ផល​ប្រយោជន៍នោះ (ការ​បង្ហាញ​ឆន្ទៈ​ទទួល​ផល​ប្រយោជន៍)។ ③ នៅពេល​មាន​ការ​បង្ហាញឆន្ទៈ​ទទួល​ផលប្រយោជន៍ ​A និង B មិន​អាច​ដកការ​ព្រម​ព្រៀងវិញទេ ប៉ុន្តែ ការ​ដកការ​សន្យាវិញអាច​ធ្វើ​បាន​រហូត​ដល់​ពេល​មាន​ការ​បង្ហាញឆន្ទៈ​ទទួល​ផលប្រយោជន៍។ ដោយឡែក ក្រោយពេល​បង្ហាញ​ឆន្ទៈ​ទទួល​ផលប្រយោជន៍ អ្នក​ទទួល​ផល​ប្រយោជន៍​អាច​ទាមទារ​ឱ្យ​ផ្តល់​តាវកាលិកដោយ​ផ្ទាល់​ទៅកាន់កូន​បំណុលបាន ប៉ុន្តែ កូន​បំណុល​ក៏​អាច​អះអាង​អំពី​ការ​តវ៉ាទាំងអស់ដែលមាន​ចំពោះ​ម្ចាស់​បំណុល​ទៅកាន់​អ្នក​ទទួល​ផលប្រយោជន៍បាន (ឧទាហរណ៍ អ្នកលក់ A និង អ្នក​ទិញ B បាន​ចុះកិច្ចសន្យា​លក់ទិញជា​មួយគ្នា ហើយ​បានធ្វើកិច្ចសន្យាដើម្បី​តតិយជនដែល​មាន​ខ្លឹមសារថា «ថ្លៃ​លក់ទិញ​ត្រូវ​បង់ដោយ​ផ្ទាល់ទៅ C»។ ហើយ​ C បាន​ទាមទារ​ឱ្យ B បង់ប្រាក់​ក្រោយពេលដែល​ខ្លួន​បាន​បង្ហាញឆន្ទៈ​ទទួល​ផលប្រយោជន៍ ប៉ុន្តែ B មិន​ទាន់​បាន​ទទួល​ការ​ប្រគល់ទំនិញពី A នោះទេ។ ប្រសិនបើ B អាច​អះអាង​អំពី​ការ​តវ៉ា​ឱ្យ​អនុវត្ត​ព្រមគ្នាចំពោះ A , ក្នុងករណីនេះ B ក៏​អាច​អះអាងអំពីការ​តវ៉ាឱ្យ​អនុវត្តព្រម​គ្នានេះ​ចំពោះ C ផងដែរ។
4. ការ​មិនអនុវត្ត​កាតព្វកិច្ច និង ការ​រំលាយ​កិច្ចសន្យា​
ប្រសិនបើភាគីម្ខាងទៀតមិន​គោរពកិច្ចសន្យា ហើយ​មិនបាន​អនុវត្តកាតព្វកិច្ច តើយើង​គួរធ្វើយ៉ាង​ណា? ប្រាកដហើយថា យើង​អាច​ពឹងពាក់តុលាការ ហើយ​អនុវត្ត​ដោយ​បង្ខំបាន (ហៅថា ការ​អនុវត្ត​ដោយ​បង្ខំ) ប៉ុន្តែ បើសិនជា​មិនអាចធ្វើ​ទាន់ពេល ឬ ភាគីម្ខាង​ទៀតបាន​ធ្វើ​ឱ្យបាត់បង់កម្មវត្ថុ​ទៅហើយ ហើយការ​អនុវត្តក្លាយ​ទៅជា
​អលទ្ធភាព ក្នុងករណីនេះ តើយើង​គួរ​ធ្វើយ៉ាងណាដែរ? ក្នុងករណីនេះ តាមក្រម​រដ្ឋប្បវេណី យើងមាន 2 វិធី។ វិធីទីមួយគឺ​ ការ​ទាមទារ​សំណង​ការ​ខូច​ខាត​ដោយផ្អែក​លើ​ការ​មិន​អនុវត្ត​កាតព្វកិច្ច ហើយ​វិធីមួយទៀតគឺ ការរំលាយ​កិច្ចសន្យា​ដោយ​មូល​ហេតុមិន​អនុវត្ត​កាតព្វកិច្ច។ នៅក្នុងក្រមរដ្ឋប្បវេណីជប៉ុនបាន​អនុញ្ញាតឱ្យ​រើសយកការ​រំលាយ ឬ ការទាម​ទារសំណង​ការ​ខូច​ខាតក៏បាន ឬ រើសយក​ទាំងពីរ​វិធី ក៏បានដែរ (មាត្រា545 កថាខណ្ឌទី4)។ ប៉ុន្តែ បញ្ញត្តិ​ស្តីពី​សំណងការ​ខូច​ខាតស្ថិតនៅក្នុងវិសាលភាពនៃនីតិសិទ្ធិ​លើ​បំណុលទូទៅ ហើយបញ្ញត្តិ​ស្តីពីការ​រំលាយស្ថិតនៅក្នុង​វិសាលភាព​នៃ​នីតិសិទ្ធិ​លើបំណុល​ពិសេស ហេតុនេះ នៅទីនេះ ខ្ញុំនឹង​ពន្យល់ចំណុច​ទាំង​នេះរួម​គ្នា​តែ​ម្តង។
(1) ប្រភេទ​នៃការ​មិន​អនុវត្ត​កាតព្វកិច្ច​
កន្លងមកនេះ គេបានពន្យល់ថា ដើម្បី​ឱ្យ​កូន​បំណុលទទួល​ខុសត្រូវ​ចំពោះការ​មិន​អនុវត្តកាតព្វកិច្ច​តាម​ក្រម​រដ្ឋប្បវេណី លុះត្រាតែ កូនបំណុល​ត្រូវ​តែមាន​ហេតុ​នៃការ​ទទួល​ខុសត្រូវ (ហេតុនៃការ​ទទួល​ខុសត្រូវ) ប៉ុន្តែ វិសោធនកម្មឆ្នាំ2017 បាន​កែប្រែចំណុចនេះ ហើយ​ផ្តោត​សំខាន់ទៅលើ​អានុភាពចងនៃកិច្ចសន្យា។ នេះមានន័យថា បើសិនជា​មិន​អនុវត្តកាតព្វកិច្ច​តាមកិច្ចសន្យាទេ វានឹង​ក្លាយ​ជា​ការ​មិន​អនុវត្ត​កាតព្វកិច្ច ប៉ុន្តែ បើសិនជា​អាចទទួលស្គាល់​បានថា ផ្អែកតាម​ខ្លឹមសារនៃកិច្ចសន្យា និង ទស្សនសង្គមទូទៅ កូន​បំណុល​គ្មានហេតុនៃការ​ទទួល​ខុសត្រូវ​នោះទេ ក្នុងករណីនេះ កូន​បំណុល​អាច​រួចផុត​ពីការ​ទទួល​ខុសត្រូវបាន (ហេតុនៃការ​ទទួល​ខុសត្រូវ មិនមែនជា​លក្ខខណ្ឌនៃការ​មិន​អនុវត្ត​កាតព្វកិច្ច​នោះទេ ប៉ុន្តែ វាគឺជា​លក្ខខណ្ឌ​ដើម្បី​រួចផុត​ពីការ​ទទួល​ខុសត្រូវ)។ ដូចនេះ ការ​ខកខានមិន​បាន​អនុវត្ត​ដោយសារ​តែគ្រោះថ្នាក់ធម្មជាតិដូចជា រញ្ជួយដី ឬ បន្ទុះភ្នំភ្លើង ជា​អាទិ៍ មិន​អាច​ក្លាយ​ជា​ការ​មិន​អនុវត្ត​កាតព្វកិច្ច​ក្នុង​ន័យខាងលើនោះទេ។ ចំពោះសកម្មភាព​របស់​អ្នក​ជំនួយ​ក្នុងការ​អនុវត្ត​កិច្ចសន្យា​ដែល​មិនមែន​ជា​សាមីភាគីនៃកិច្ចសន្យាក៏ដោយ ក៏ការកំណត់ថាជាការ​មិន​អនុវត្ត​កាតព្វកិច្ច និង ការកំណត់ថាមាន​ហេតុនៃការ​ទទួល​ខុសត្រូវ​ គឺត្រូវ​អនុវត្ត​ដូច​ខាងលើនេះ។
ការ​មិន​អនុវត្ត​កាតព្វកិច្ចអាច​បែង​ចែក​ជា 3ប្រភេទគឺ ① ការអនុវត្ត​យឺតយ៉ាវ គឺ​ជាការ​អនុវត្ត​ហួសពេលកំណត់ដែល​បាន​សន្យា, ② អលទ្ធភាពក្នុងការអនុវត្ត គឺជាការ​អនុវត្ត​ក្លាយទៅជាមិន​អាច​ធ្វើ​ទៅបាន, ហើយ ③ ការអនុវត្ត​មិន​ពេញលេញ គឺជាការអនុវត្តណាមួយក្នុងពេល​កំណត់ដែរ ប៉ុន្តែ អនុវត្ត​មិនដូច​ទៅនឹង​ខ្លឹមសារនៃកិច្ចសន្យា ឬ មិន​បាន​ពេញលេញ។
(2) សំណងការ​ខូច​ខាត​
ចំពោះការអនុវត្តយឺតយ៉ាវ បើសិនជា​យឺតយ៉ាវក៏ដោយ តែ​ក្រោយមកបាន​អនុវត្ត​ចប់សព្វគ្រប់ ក្នុងករណីនេះ ភាគី​ត្រូវ​សងសំណងការ​ខូច​ខាត​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុងពេលយឺតយ៉ាវនោះ (នេះហៅថា សំណងចំពោះការយឺតយ៉ាវ)។ ចំពោះអលទ្ធភាពនៃការអនុវត្ត ភាគីត្រូវ​សងសំណងជាប្រាក់ជំនួសឱ្យតាវកាលិកដែល​ត្រូវ​ប្រគល់ (នេះហៅថា សំណង​ការ​ខូច​ខាតជំនួស)​។ ក្រម​រដ្ឋប្បវេណីជប៉ុនបានបញ្ញត្តអំពីទំហំនៃសំណងការ​ខូច​ខាត ក្នុងមាត្រា416 ដោយបែងចែកជា ការ​ខូច​ខាតធម្មតា និង ការ​ខូច​ខាតពិសេស។ ការ​ខូច​ខាត​ដែល​​កើត​ឡើង​ជា​ធម្មតា គឺ​ស្ថិត​នៅក្នុង​ទំហំនៃ​សំណងការ​ខូច​ខាតទាំងមូល ចំណែកឯការ​ខូច​ខាត​ដែល​កើតឡើង​ក្នុង​កាលៈទេសៈពិសេសវិញ ត្រូវ​បែងចែកជា ករណីដែល​ភាគី​អាច​ព្យាករណ៍បាន ឬ ករណីដែលភាគីមិនអាចព្យាករបាន (អាស្រ័យលើលទ្ធភាពនៃការ​ប៉ាន់ស្មានជាមុន) ហើយផ្នែកនៃការ​ខូច​ខាតដែល​អាច​ព្យាករណ៍​បាន គឺស្ថិតនៅក្នុងទំហំនៃសំណងការ​ខូចខាត។ ការកំណត់ថាជា ការ​ខូច​ខាតធម្មតា ឬ ការ​ខូច​ខាតពិសេស គឺអាស្រ័យទៅលើ​រឿងក្តីនីមួយៗ។ បើសិនជាយើងលើកឧទាហរណ៍អំពីការ​ទិញផ្ទះ ហើយ​ការ​ប្រគល់ផ្ទះនោះយឺតយ៉ាវ 1ខែ ហេតុនេះ អ្នក​ទិញ​ត្រូវ​ជួលផ្ទះ​ស្នាក់នៅ​ក្នុង​អំឡុងពេល 1ខែនោះ។ ក្នុងករណីនេះ ជាទូទៅគេនឹងទទួលស្គាល់ថា ថ្លៃឈ្នួលផ្ទះគឺជា​ការ​ខូច​ខាតធម្មតា។ ប៉ុន្តែ បើសិនជា​ការ​ទិញផ្ទះនោះធ្វើឡើងដោយបានសន្យាថានឹងលក់បន្តទៅ​ឱ្យ​បុគ្គលផ្សេងក្នុងតម្លៃខ្ពស់ ប៉ុន្តែ ការ​លក់​​បន្តមិន​អាច​ធ្វើ​ទៅបាន​ដោយសារតែការប្រគល់យឺតយ៉ាវ។ ហេតុនេះ បើសិនជា​អ្នក​ទិញ​ទាមទារសំណង​ដែលជា​ផលប្រយោជន៍ពីការលក់បន្តនោះ វាគឺជា​ការ​ខូច​ខាតពិសេស (បើសិនជាអ្នក​ទិញ គឺជា​បុគ្គល​ទូទៅ)។ ​ក្នុងករណីនេះ ការ​ខូច​ខាតនេះនឹងត្រូវ​បញ្ចូល​ក្នុង​ទំហំនៃសំណង ប្រសិនបើអ្នកលក់​អាច​ព្យាករជាមុនបានថា អ្នក​ទិញនឹង​លក់បន្តនេះ។
https://gyazo.com/bdc39fa059009b8d2b4f3ca9ead1424f
(3) ការ​រំលាយ​កិច្ចសន្យា​
វិធី​ដោះស្រាយមួយទៀត គឺ​ការ​រំលាយកិច្ចសន្យា​។ ការ​រំលាយកិច្ចសន្យា​នេះ សំដៅទៅលើការ​ធ្វើឱ្យ​កិច្ចសន្យា​មិន​មាន​តាំង​ពីដំបូង ដោយ​ម្ចាស់​បំណុល​ដែល​ជា​ភាគីរង​ការ​មិន​អនុវត្ត​កាតព្វកិច្ច បង្ហាញ​ឆន្ទៈ​តែ​ម្ខាងទៅ​កាន់​កូន​បំណុល (មានន័យថា ការរំលាយកិច្ចសន្យាក្នុងន័យសកម្មភាពគតិយុត្តិ វាជា​ប្រភេទនៃសកម្មភាព​ឯកតោភាគី​របស់​បុគ្គលតែ​ម្នាក់)។ នៅពេល​ដែលបង្ហាញ​ឆន្ទៈ​នេះ អានុភាពនៃការធ្វើ​បដិទានកើតឡើង​ចំពោះភាគី (បដិទានមានន័យថា ស្ថានភាព​តាំងពីដំបូង)។ ដូចនេះ ករណីយ​កិច្ច​ធ្វើ​ឱ្យ​ត្រឡប់ទៅ​ស្ថានភាពមុនពេលចុះកិច្ចសន្យា គឺកើតមាន​ឡើង (មាត្រា545 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។ ប៉ុន្តែ អានុភាព​នៃបដិទានមិនអាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​សិទ្ធិ​របស់តតិយជនបានឡើយ។ មានន័យថា បើសិនជា​តតិយជនបាន​ទិញ​ទំនិញនោះបន្តពីអ្នកទិញ ហើយបាន​បំពេញលក្ខខណ្ឌតតាំងរួចរាល់នៅមុនពេលរំលាយកិច្ចសន្យា ក្នុង​ករណីនេះ ការបដិទាន​មិន​អាច​ធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​ដែល​បុគ្គលនោះទទួលបាន​ឡើយ (មាត្រា545 កថាខណ្ឌទី1 វាក្យខណ្ឌទី2)។
ដោយឡែក អានុភាព​ប្រតិសកម្ម ពោលគឺអានុភាពដែល​ធ្វើឱ្យ​ត្រឡប់ទៅស្ថានភាពដើមដែល​គ្មានកិច្ចសន្យា នឹង​កើត​មានឡើង​ចំពោះកិច្ចសន្យាណាដែល​អនុវត្ត​តែ​ម្តង​ចប់ប៉ុណ្ណោះ ដូច​ជា កិច្ចសន្យា​លក់ទិញ ជា​ដើម។ ប៉ុន្តែ ចំពោះ​ការ​រំលាយកិច្ចសន្យាដែល​អនុវត្ត​ជាបន្តបន្ទាប់ ដូច​ជា​កិច្ចសន្យាជួល ជា​ដើមវិញ, វាមិនមាន​អានុភាព​ប្រតិសកម្ម​ទេ ហើយ​អានុភាព​នៃការ​រំលាយនឹង​កើត​មានឡើងនៅចំណុច​ពេល​រំលាយឆ្ពោះ​ទៅ​អនាគតប៉ុណ្ណោះ (ដោយ​សារ​តែ ការ​សងវិញនូវថ្លៃឈ្នួលដែល​បាន​ទទួល​ពីមុន និង ការ​សងវិញនូវ​ផលប្រយោជន៍​នៃការ​ប្រើប្រាស់​ពីមុន គឺ​ពុំ​មានន័យនោះទេ)។
ជាគោលការណ៍ វិធីនៃការ​រំលាយកិច្ចសន្យាចំពោះករណី​អនុវត្ត​យឺតយ៉ាវ ជំរុញឱ្យ​ភាគីអនុវត្តម្តងទៀត ដោយ​កំណត់​ពេល​ជាក់លាក់​ជាមុនសិន (ហៅថា ការ​ដាស់តឿន) ប៉ុន្តែ បើសិនជា​ធ្វើ​បែបនឹងហើយ នៅតែ​មិន​ព្រម​អនុវត្តទៀត ទើបយើងអាច​រំលាយ​កិច្ចសន្យា​បាន (មាត្រា541)។ ប៉ុន្តែ នៅក្នុងកិច្ចសន្យាអាច​មានចំណុចមួយដែលគេហៅថា សកម្មភាព​ដែល​កំណត់ពេល​ជាក់លាក់ ដែលមាន​ខ្លឹមសារថា បើមិនធ្វើសកម្មភាពនោះក្នុងចំណុចពេលនេះទេ វានឹង​គ្មាន​ន័យនោះទេ (ឧទាហរណ៍ ការ​កម្ម៉ង់ម្ហូបការ​សម្រាប់ពិធី​រៀបអាពាហ៍ពិពាហ៍)។ នៅក្នុងករណីបែបនេះ ការ​រំលាយកិច្ចសន្យា​អាច​ធ្វើ​បាន​ភ្លាមៗដោយ​មិន​បាច់ដាស់តឿន​នោះទេ (មាត្រា542 កថាខណ្ឌទី1 ចំណុច4)។ ហើយករណីអលទ្ធភាពនៃការ​អនុវត្ត ក៏​អាច​រំលាយបាន​ភ្លាមៗផងដែរ ដោយសារតែការ​ដាស់តឿនឱ្យ​អនុវត្តចំពោះ​របស់​ដែល​អលទ្ធភាព​ទៅ​ហើយ​ គឺ​គ្មាន​ន័យនោះទេ (មាត្រា542 កថាខណ្ឌទី1 ចំណុចទី1, ចំណុចទី3, មាត្រា542 កថាខណ្ឌទី2)។ ក្នុងករណីនេះ ទោះបីជា​នៅមុនពេលកាលបរិច្ឆេទនៃការ​អនុវត្ត​ដែល​បាន​សន្យាក៏ដោយ ក៏ការ​រំលាយ​អាច​ធ្វើ​បានដែរ បើសិនជាអាច​កំណត់ជាក់លាក់ថាអលទ្ធភាព​ក្នុងការអនុវត្ត។ ចំណែកឯ ការ​អនុវត្ត​មិន​ពេញលេញវិញ បើសិនជា​ វាជា​របស់​ដែល​អាច​បំពេញនៅពេលក្រោយបាន ក្នុងករណីនេះ យើងអាច​ដាស់តឿនឱ្យ​អនុវត្ត​ដូច​ការអនុវត្ត​យឺតយ៉ាវ ហើយ​បើសិនជារបស់ដែល​មិន​អាច​បំពេញនៅពេលក្រោយទេ យើង​អាចរំលាយ​ភ្លាមៗ​ដោយ​មិន​ចាំបាច់ដាស់តឿន។
5. ខសន្យា​តាមទម្រង់ជាក់លាក់
ពីមុនមក ក្រម​រដ្ឋប្បវណីមិនបាន​កំណត់​បញ្ញត្តិ​ស្តីពី ខសន្យា​នោះទេ (ជាខសន្យាពិសេសដែល​ភាគី​តែ​ម្ខាងនៃកិច្ចសន្យា​បាន​ត្រៀមជាមុន នៅក្នុងកិច្ចសន្យា​ដែលភាគច្រើនមាន​ខ្លឹមសារ​វែង និង ទម្រង់តែមួយ)។ ប៉ុន្តែ នៅក្នុងការ​ធ្វើវិសោធនកម្មច្បាប់បាន​បញ្ចូល​ចំណុចស្តីពីខសន្យា​តាមទម្រង់ជាក់លាក់នេះ ដោយឈរលើទ្រឹស្តីដែល​ហៅថា «ខសន្យា​សម្រាប់​ជំនួញ​តាមទម្រង់​ជាក់លាក់» (គោលការណ៍​សមរម្យដែលមាន​ខ្លឹមសារទាំងស្រុង ឬ មួយផ្នែកដែល​មាន​ទម្រង់តែមួយសម្រាប់​ភាគីទាំងសងខាង នៅក្នុងកិច្ចការ​ជំនួញនៃភាគីជាក់លាក់ ជាមួយនឹងភាគីមិនជាក់​លាក់​ជាច្រើន​ផ្សេងទៀត) (ចាប់ពីមាត្រា548.2)។ គេបានបញ្ញត្ត​អំពីរបៀបនៃការ​បញ្ចូលខសន្យា​តាម​ទម្រង់ជាក់លាក់ក្នុងកិច្ចសន្យា និង ការ​អនុញ្ញាតឱ្យ​ភាគី​ដែល​តាក់តែង​ខសន្យា​ជាក់លាក់អាច​កែ​ប្រែ​ខ្លឹមសារតិច​តួចក្នុង​ខសន្យា​តាម​ទម្រង់​ជាក់លាក់​ដោយ​មិនត្រូវ​ការ​យល់ព្រម​ពីភាគីម្ខាងទៀត (អ្នក​ប្រើប្រាស់)។ ប៉ុន្តែ ការ​តាក់តែង​ចំណុច​នេះ​រង​ការ​រិះគន់ជាច្រើន ហេតុនេះ ខ្ញុំយល់ថាត្រូវ​ការចំណាយ​ពេលវេលាបន្ថែម​ដើម្បី​វាយតម្លៃលើបញ្ញត្តិទាំងនេះ។
III. ការ​សិក្សាចំណុច​សំខាន់ៗនៃកិច្ចសន្យា​ពិសេស
​ 1. កិច្ចសន្យា​លក់ទិញ
(1) សញ្ញាណ​ទូទៅ​
បន្តទៅនេះ យើង​នឹង​ពិនិត្យ​មើល​អំពីចំណុច​សំខាន់ៗ​នៅក្នុង​ចំណោមកិច្ចសន្យា​ដែល​មាន​ច្បាប់កំណត់​នៅក្នុង​ក្រម​រដ្ឋប្បវេណី។ សូមលើកឡើងម្តងទៀតថា ការ​លក់​ទិញគឺជាកិច្ចសន្យាដែល​យកតម្លៃថ្នូរ, កិច្ចសន្យា​អញ្ញមញ្ញ និង កិច្ចសន្យា​កើតឡើង​តាមការ​ព្រមព្រៀង។ ក្រម​រដ្ឋប្បវេណី មាត្រា559 បញ្ញត្តថា ជា​គោលការណ៍បទប្បញ្ញត្តិ​ស្តីពី​ការ​លក់ទិញត្រូវ​យក​មកអនុវត្ត​ដូច​គ្នា​ចំពោះ​កិច្ចសន្យា​ដែល​យកតម្លៃថ្នូរ​ផ្សេងទៀត។ ដោយ​ឡែក ក្រម​រដ្ឋ​ប្បវេណីមិន​តម្រូវ​ឱ្យ​ធ្វើ​ជា​លិខិត​កិច្ចសន្យា ដើម្បី​បង្កើត​កិច្ចសន្យា​លក់ទិញ ឬ កិច្ចសន្យា​ផ្សេងទៀតនោះទេ។ ដូចនេះ ក្រម​រដ្ឋប្បវេណី​បាន​ទទួលស្គាល់​ការ​បង្កើត​កិច្ចសន្យា​តាមការព្រមព្រៀង ដោយ​គ្មាន​លិខិត​កិច្ចសន្យា​ បើ​ទោះបីជា​ការ​លក់ទិញដែល​មាន​តម្លៃថ្លៃប៉ុណ្ណាក៏ដោយ។ ប៉ុន្តែ បើសិនជា​អ្នក​ទិញគឺជា​អ្នក​ប្រើប្រាស់ ហើយ​តម្លៃ​នៃ​កិច្ចសន្យា​មាន​ទំហំធំធេងខ្លាំងជាដើមវិញ ក្នុងករណីនេះ ច្បាប់ពិសេសបាន​កំណត់ករណីយកិច្ច​ឱ្យ​ធ្វើ​ជា​លិខិត​កិច្ចសន្យា​ (ដូចជា ច្បាប់ស្តីពីប្រតិបត្តិការ​ពាណិជ្ជកម្មជាក់លាក់ ឬ ច្បាប់​ស្តីពី​ការ​ជួញដូរអគារ​លំនៅឋាន ជាដើម។ សូមមើលចំណុច11ខាងក្រោម)។
(2) ការ​សន្យា​លក់​ទិញ​ជា​មុនដោយ​ឯកតោភាគី
យើង​អាច​សន្យា​ជាមុន​អំពីការបង្កើត​កិច្ចសន្យា​លក់ទិញដោយគ្រាន់តែបង្ហាញឆន្ទៈថា «នឹង​ទិញវត្ថុនេះ» និង «ព្រមលក់»។ ការ​សន្យា​ជាមុន ក៏ជា​កិច្ចសន្យា​ផងដែរ ហេតុនេះ វាមាន​អានុភាពចង ហើយ​ភាគី​ម្ខាងទៀត​ដែល​បាន​ទទួល​សំណើអំពី​កិច្ចសន្យា​ដើម ត្រូវ​តែ​ផ្តល់​ស្វីការ​ចំពោះ​សំណើនេះ។ ប្រសិនបើភាគី​ម្ខាង​ទៀត​បាន​បដិសេធក្នុងការ​ផ្តល់ស្វីការ​តាមតែចិត្តឯង យើង​ដាក់បណ្តឹង​ទាមទារ​សាលក្រម​ជំនួសឱ្យ​ការ​បង្ហាញ​ឆន្ទៈផ្តល់​ស្វីការបាន។ ប៉ុន្តែ បើសិនជាភាគីម្ខាងទៀតមិន​ព្រម​សហការ ហើយបើសិនជាអាចទទួលសេចក្តី​សម្រេច​ឈ្នះក្តីក៏ដោយ ក៏​បុគ្គលភាគច្រើន​មិន​ប្រើប្រាស់ការ​សន្យា​ជាមុនដែលស្មុគស្មាញនេះដែរ។ ហេតុនេះ ចំពោះកិច្ចសន្យា​លក់​ទិញ​ដែល​ត្រូវ​បាន​យក​មកប្រើប្រាស់​ជា​ញឹកញាប់ ក្រម​រដ្ឋប្បវេណីបាន​កំណត់ថា បើមានការសន្យាជាមុន កិច្ចសន្យា​​នឹង​បង្កើតអានុភាពនៅពេលដែល​ភាគី​ម្ខាងបាន​បង្ហាញឆន្ទៈ​បំពេញការទិញ ដោយ​មិន​តម្រូវ​ឱ្យ​មាន​ការ​ផ្តល់​ស្វីការរបស់​ភាគី​ម្ខាង​ទៀតនោះទេ (មាត្រា556 កថាខណ្ឌទី1)។ នៅក្នុងពាក្យបច្ចេកទេស គេហៅថា «ការ​បំពេញការ​សន្យា​» ចំពោះខ្លឹមសារថា «សូម​ចុះកិច្ចសន្យា​តាមខ្លឹមសារនៃការ​សន្យាជាមុន» ហើយ​ភាគី​ម្ខាងដែល​អាច​បំពេញការ​សន្យានេះ (សិទ្ធិធ្វើឱ្យការ​សន្យា​ក្លាយ​ជា​កិច្ចសន្យា​)​ ហៅថា «អ្នក​មាន​សិទ្ធិ​បំពេញ​ការសន្យាជាមុន»។
(3) ប្រាក់​កក់
ប្រាក់កក់ សំដៅទៅលើប្រាក់ដែល​ត្រូវ​បាន​ប្រគល់នៅពេលបង្កើត​កិច្ចសន្យា ដូចជា នៅក្នុងកិច្ចសន្យា​លក់ទិញ ជាដើម។ ឧទាហរណ៍ ករណីដែល​ប្រគល់ប្រាក់ជាមុនចំនួន 4លានរៀល (ឬហៅថា ប្រាក់​ទ្រនាប់ដៃ) សម្រាប់ការ​ទិញ​ទំនិញដែល​មាន​តម្លៃ 40លានរៀល។ ប៉ុន្តែ បញ្ហាចោទគឺ មុខងាររបស់​ប្រាក់កក់នោះ។ ចំពោះមុខងារ​របស់​ប្រាក់​កក់នេះ នីតិករបាន​តាក់តែង​ឡើងដោយ​ពិចារណាជាមួយទំនៀមទម្លាប់​របស់​ប្រទេសជប៉ុនតាំងពីបុរាណមក ហើយ​បាន​កំណត់ថា វា​មាន​មុខងាជា «ប្រាក់​កក់សម្រាប់​រំលាយ​កិច្ចសន្យា​»។ នៅពេល​ដែល​អ្នក​ទិញ​បាន​ប្រគល់​ប្រាក់​កក់​ទៅ​ឱ្យ​អ្នក​លក់ អ្នក​ទិញ​អាច​រំលាយ​កិច្ចសន្យា​លក់​ទិញ​ដោយបោះ​បង់ចោល​ប្រាក់កក់​នោះបាន រីឯ​អ្នក​លក់​អាច​រំលាយ​កិច្ចសន្យា​លក់​ទិញ​ដោយ​សងប្រាក់​ស្មើនឹង​ 2ដង នៃ​ប្រាក់កក់នោះមកវិញបាន​ដែរ នៅមុនពេល​ដែល​ភាគី​ម្ខាង​ទៀត​បាន​ចាប់​ផ្តើម​អនុវត្ត​កិច្ចសន្យា (មាត្រា557 កថាខណ្ឌទី1។ ក្នុងករណីនេះ យើង​ចាត់ទុកថា ការ​ចាត់ចែង​ចំនួននៃប្រាក់កក់គឺជា​នីតិវិធីមួយ​សម្រាប់លុបបំបាត់ទំនាក់​ទំនង​កិច្ចសន្យា ហេតុនេះ ការ​ទាមទារ​សំណង​ការ​ខូច​ខាត​ក្រៅពីនេះ​មិនអាច​ប្រព្រឹត្តទៅបាន​នោះទេ)។ នេះមានន័យថា ប្រាក់កក់​សម្រាប់​រំលាយ​កិច្ចសន្យា ​មាន​មុខងារ​ជា​ការរក្សា​ទុកសិទ្ធិ​រំលាយដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា ដែល​ភាគី​អាចរំលាយ​កិច្ចសន្យា​បាន​ដោយលះបង់ប្រាក់​កក់ ឬ សងប្រាក់កក់ 2ដង បើទោះ​បីជាគ្មានហេតុផលណាមួយតាមតែអំពើចិត្តក៏ដោយ (ភាគី​នៃកិច្ចសន្យា​អាច​ព្រម​ព្រៀង​គ្នា​ដោយ​កំណត់អំពី ការកកើតសិទ្ធិ​រំលាយកិច្ចសន្យា​បាន។ មាត្រា540 កថាខណ្ឌទី1)។​ ប៉ុន្តែ មាត្រានេះជា​បញ្ញត្តិ​ដែល​អនុវត្ត​តាមការ​ស្ម័គ្រចិត្តនោះទេ ហេតុនេះហើយ ភាគីអាច​កំណត់​ប្រាក់កក់ក្នុង​មុខងារផ្សេងបាន (បើសិនជា​ភាគី​ម្ខាងមិនអនុវត្ត​កាតព្វកិច្ច​ទេ ភាគី​ម្ខាង​ទៀតអាច​យកប្រាក់កក់ដាច់បាន ពោលគឺ ប្រាក់​កក់ធានា​សំណង​ក្នុង​ករណី​បំពាន​កិច្ចសន្យា​ ជា​អាទិ៍)។ ដោយ​ឡែក យុត្តិសាស្ត្រតុលាការ​បាន​កំណត់ថា ត្រូវ​សន្មតថាជា​ប្រាក់កក់សម្រាប់​រំលាយ​កិច្ចសន្យា ក្នុង​ករណី​ដែល​មិនបាន​កំណត់​ច្បាស់លាស់​អំពី​មុខងារ​របស់​ប្រាក់​កក់នោះ (យ៉ាងណាមិញ ទោះ​បីជា​ប្រាក់កក់បែបណាក៏ដោយ ក៏វាមាន​មុខងារ​ជាប្រាក់កក់​បញ្ជាក់​កិច្ចសន្យា ហើយវា​នឹង​ក្លាយ​ជា​ភស្តុតាង​នៃ​ការ​បង្កើត​កិច្ចសន្យា​)។
(4) ការ​ទទួល​ខុសត្រូវ​ក្នុងការ​ធានា
① សញ្ញាណ​ទូទៅ
ការ​លក់​ទិញគឺជា​កិច្ចសន្យា​មួយ​ដែល​ដោះដូរគ្នានូវ​ទំនិញ និង ទឹកប្រាក់ដែល​មាន​តម្លៃស្មើគ្នា ហេតុនេះ កន្លងមក ក្រម​រដ្ឋប្បវេណីបានកំណត់​អំពីបញ្ញត្តិ​ស្តីពី​ការ​ការទទួល​ខុសត្រូវ​របស់​អ្នក​លក់ដោយ​ពិនិត្យ​មើលពីគ្រប់ជ្រុងទាំង​អស់ ដើម្បី​ធានានូវភាពស្មើគ្នានៃតម្លៃ ឬ ភាពស្មើគ្នារបស់​ភាគី។ នេះមានន័យថា បើសិនជា​កម្មវត្ថុ​នៃការ​លក់ទិញមានវិការៈ (ស្លាកស្នាម), មាន​ចំនួន​មិនគ្រប់​គ្រាន់, មិនបាន​ភ្ជាប់មកជាមួយ​នូវ​សិទ្ធិ​ដែល​ត្រូវតែ​មាន, ឬក៏ កម្មវត្ថុ​នោះមាន​សិទ្ធិ​របស់​អ្នក​ដទៃរួមជាមួយ ជាអាទិ៍ ក្នុងករណីនេះ អ្នកលក់ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានា ដោយ​ត្រូវ​ទទួល​រងពិន័យដូចជា ការ​រំលាយកិច្ចសន្យា និង ការ​ទាមទារ​សំណង​ការ​ខូច​ខាតពីភាគីម្ខាងទៀត។ ប៉ុន្តែ នៅ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ឆ្នាំ2017 បានលុបចោល​នូវ​បញ្ញត្តិ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានាដែល​មាន​កំណត់​ក្នុង​ច្បាប់​នេះ ហើយបានអនុម័តយកនូវការទទួលខុសត្រូវចំពោះការអនុវត្តមិនស្របតាមខ្លឹមសារនៃកិច្ចសន្យា ដោយ​សារ​អ្នកលក់​មាន​ករណីយកិច្ចផ្ទេរសិទ្ធិ និង ប្រគល់ឱ្យ​ស្របតាម​ខ្លឹមសារនៃកិច្ចសន្យា ។
គោលការណ៍ជារួមគឺ ការធ្វើ​វិសោធនកម្ម​នេះបាន​បោះបង់ចោលទ្រឹស្តី «វិការៈ» ហើយការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានាលើវិការៈនៃវត្ថុ និង ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានាលើវិការៈនៃសិទ្ធិដែលមានកន្លងមក ត្រូវ​រួម​បញ្ចូល​គ្នា​តែមួយជា ការ​ទទួល​ខុសត្រូវ​ចំពោះការ​អនុវត្ត​មិន​ស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា។ នេះមានន័យថា បើសិនជា​មាន​ករណី​ដែលមិន​ស្រប​តាម​ខ្លឹមសារ​នៃកិច្ចសន្យា​ទេ អ្នក​ទិញមាន ①សិទ្ធិ​ទាមទារ​ឱ្យ​អនុវត្ត​ពេញលេញ ②សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយ​តម្លៃលក់ទិញ ③សិទ្ធិ​ទាមទារ​សំណង​ការ​ខូច​ខាត និង ④សិទ្ធិ​រំលាយ​កិច្ចសន្យា។ វិការៈ​អំពី​សិទ្ធិ​លើកម្មវត្ថុ​ក៏ត្រូវអនុវត្ត​ដូចគ្នា មានន័យថា បើសិនជា​កម្មវត្ថុ​នោះ​មាន​សិទ្ធិមួយ​ផ្នែក​ជា​របស់​អ្នក​ដទៃ ក្នុងករណីនេះ វានឹងក្លាយ​ជា​កម្មវត្ថុ​នៃការទទួលខុសត្រូវ​ចំពោះការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា។ ប៉ុន្តែ បើសិនជា​សិទ្ធិ​ទាំង​អស់គឺជា​របស់​អ្នក​ដទៃ (វត្ថុទាំងស្រុងជារបស់អ្នកដទៃ) ហើយ​អ្នក​លក់​មិនអាច​ផ្ទេរសិទ្ធិបាន​ទាល់តែសោះ ក្នុងករណីនេះ វាមិនមានជា​បញ្ហានៃការ​មិន​អនុវត្ត​ស្របតាម​ខ្លឹម​សារនៃកិច្ចសន្យា​ទៀតទេ ហើយ​វានឹង​ក្លាយ​ជា​បញ្ហានៃ​បញ្ញត្តិទូទៅ​ស្តីពី​ការ​មិន​អនុវត្ត​កាតព្វកិច្ច។
លើសពីនេះ ការ​ធ្វើវិសោធនកម្មច្បាប់នេះលុបបំបាត់នូវទ្រឹស្តីអំពីវិការៈ ដែលជា​ការ​ «លាក់បាំង» (បើគ្រាន់តែមើលមួយ​ភ្លែតគឺមិន​អាច​ចាប់អារម្មណ៍​ទេ) នៅ​ក្នុងទ្រឹស្តីនៃការ​ទទួលខុសត្រូវ​ក្នុងការ​ធានា។ ​បញ្ញត្តិ​ស្តីពីលក្ខ​ខណ្ឌ​អត្តនោម័តដែល​ជាភាព​សុចរិត ឬ ទុច្ចរិតរបស់អ្នក​ទិញ​ចំពោះវិការៈ ក៏ត្រូវបាន​លុប​បំបាត់​ផងដែរ។
② ការ​ទិញ​លក់វត្ថុ​អ្នក​ដទៃ
ដូចមាន​លើកជា​ឧទាហរណ៍​នៅខាងលើនេះ នៅ​ក្នុង​ក្រម​រដ្ឋប្បវេណីជប៉ុនបាន​ទទួលស្គាល់​ការធ្វើកិច្ចសន្យា​ទិញ​លក់ដោយយកវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃសុទ្ធសាធមកធ្វើ​ជា​កម្មវត្ថុ។ នេះមានន័យថា ការ​ដែល​ B យកវត្ថុរបស់ A ទៅលក់ឱ្យ C គឺជា​កិច្ចសន្យា​ដែល​មានអានុភាព (ហៅថា ការ​លក់ទិញ​វត្ថុ​អ្នក​ដទៃ)។ ក្នុងករណីនេះ B ប្រាកដជាមាន​ករណីយកិច្ចទទួលយក​កម្មសិទ្ធិពី A ដើម្បី​ផ្ទេរកម្មសិទ្ធិ​នោះទៅឱ្យ C (មាត្រា561)។ បើសិនជាមិន​អាច​ធ្វើ​ទៅបាននោះទេ B ត្រូវ​ទទួល​រង​ការរំលាយ​កិច្ចសន្យាដោយ​សារ​ការ​មិន​អនុវត្ត​កាតព្វកិច្ច និង ការទទួល​ខុសត្រូវ​ក្នុង​ការ​សង​សំណង​ការ​ខូច​ខាត។
③ សិទ្ធិ​ទាមទារ​ឱ្យ​អនុវត្ត​ពេញលេញដោយ​យកមូលហេតុនៃការទទួលខុសត្រូវ​ចំពោះ
ការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា
ក្នុងនាមជាមធ្យោបាយសង្គ្រោះរួមគ្នាជា​ទូទៅចំពោះ ការ​អនុវត្ត​មិនស្រប​តាមខ្លឹមសារនៃកិច្ចសន្យា គេបានបញ្ចូលបញ្ញត្តិថ្មី​ស្តីពីសិទ្ធិ​ទាមទារ​ឱ្យ​អនុវត្ត​ពេញលេញ​របស់​អ្នកទិញ (មាត្រា562)។ គេបានបញ្ញត្តច្បាស់លាស់ថា ប្រសិនបើកម្មវត្ថុ​ដែល​ត្រូវ​បាន​ប្រគល់​នោះមិនមាន​ប្រភេទ គុណភាព ឬ ចំនួនស្រប​តាមខ្លឹមសារនៃកិច្ចសន្យា​ទេ អ្នក​ទិញ​មាន​សិទ្ធិទាមទារ​​ឱ្យ​អនុវត្ត​ពេញលេញបាន តាមរយៈការជួសជុលកម្មវត្ថុ, ការប្រគល់វត្ថុ​ជំនួស ឬ ការប្រគល់ផ្នែក​ដែលខ្វះ (ការ​ធ្វើឱ្យ​ពេញ​លេញ​នៅពេលក្រោយ)។
ដោយ​ឡែក បើសិនជា​ការ​អនុវត្ត​មិន​ស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា​នោះ កើតឡើងពី​ហេតុដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទិញ ក្នុងករណីនេះ ការ​ទាមទារ​ឱ្យ​អនុវត្ត​ពេញលេញ​មិន​អាច​ប្រព្រឹត្តទៅបានឡើយ។
④ សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយ​តម្លៃ​លក់ទិញដោយ​យកមូលហេតុនៃការទទួលខុសត្រូវ​ចំពោះ
ការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា
អ្នក​ទិញ​ដែល​មាន​សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយ​តម្លៃ​លក់ទិញ ត្រូវ​ដាស់តឿនភាគី​ម្ខាង​ទៀត​ឱ្យ​អនុវត្ត​ពេញ​លេញដោយ​កំណត់​អំឡុងពេល​សមរម្យ។ ក្នុងករណីដែល​ភាគី​ម្ខា​ងទៀត​មិន​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ក្នុង​អំឡុង​ពេល​នោះទេ អ្នក​ទិញ​អាច​ទាមទារ​ឱ្យ​បន្ថយថ្លៃលក់ទិញ ទៅតាមកម្រិត​នៃការ​​អនុវត្តមិនស្រប​តាម​កិច្ច​សន្យា​បាន (មាត្រា563 កថាខណ្ឌទី1)។ ម្យ៉ាងទៀត ប្រសិនបើការ​អនុវត្ត​ពេញលេញនោះគឺអលទ្ធភាព ឬ អ្នកលក់​បាន​បដិសេធ​យ៉ាង​ច្បាស់​អំពី​ការ​មិន​អនុវត្ត​ពេញលេញ ឬ តាមរយៈសារធាតុនៃកិច្ចសន្យា ឬ ការ​បង្ហាញឆន្ទៈរបស់​ភាគី គោលបំណងនៃកិច្ចសន្យាមិនអាច​សម្រេចបាន​ទាល់តែ​សោះ (ដូចមាន​ពន្យល់នៅក្នុង​ចំណុច​ស្តីពីការ​រំលាយកិច្ចសន្យាដូចជា ការ​កម្មង់ម្ហូបសម្រាប់​រៀប​អាពាហ៍ពិពាហ៍ជាដើម ពោលគឺ សកម្មភាពដែល​មាន​កំណត់ពេល​ជាក់លាក់) បើសិនជា​មិន​អនុវត្តនៅថ្ងៃជាក់លាក់ ឬ អំឡុងពេលជាក់លាក់​នោះទេ ក្នុងករណីទាំងនេះ អ្នក​ទិញ​អាច​ទាមទារ​ឱ្យ​បន្ថយថ្លៃលក់ទិញភ្លាមៗបាន ដោយ​មិនចាំបាច់​ដាស់តឿន (មាត្រាដដែល កថាខណ្ឌទី2)។​
⑤ សិទ្ធិ​ទាមទារ​ឱ្យ​សងសំណង​ការ​ខូច​ខាត និង សិទ្ធិ​រំលាយ​របស់​អ្នក​ទិញ
អ្នក​ទិញដែល​មាន​សិទ្ធិ​ទាមទារ​ឱ្យ​អនុវត្តពេញលេញ និង សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយ​ថ្លៃលក់ទិញ អាច​អនុវត្ត​សិទ្ធិ​ទាម​ទារ​ឱ្យ​សងសំណង​ការ​ខូច​ខាតដោយផ្អែក​លើ​បញ្ញត្តិ​ទូទៅស្តីពី​ការ​មិន​អនុវត្ត​កាតព្វកិច្ច ​(មាត្រា415) ផង និង អាច​អនុវត្ត​សិទ្ធិរំលាយ​កិច្ចសន្យា (មាត្រា541 , មាត្រា542) ផង (មាត្រា564)។
⑥ ការ​កម្រិត​អំឡុងពេលនៃការទាមទារឱ្យទទួលខុសត្រូវ​ចំពោះ
ការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា
អ្នកទិញត្រូវ​ជូន​ដំណឹង​អំពី ការ​ទាមទារ​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះការ​អនុវត្ត​មិន​ស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា ទៅ​អ្នក​លក់​ក្នុង​អំឡុងពេល 1ឆ្នាំ គិត​ចាប់ពីពេល​ដែល​ខ្លួនបាន​ដឹង​អំពីការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យា​នោះ, បើមិន​បាន​ជូន​ដំណឹង​ក្នុង​អំឡុងពេល​ខាងលើនេះទេ អ្នក​ទិញ​នឹង​បាត់បង់សិទ្ធិ​ទាមទារ​ឱ្យអនុវត្ត​ពេញលេញ សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយថ្លៃលក់ទិញ សិទ្ធិទាមទារ​សំណង​ការ​ខូចខាត និង សិទ្ធិ​រំលាយ​កិច្ចសន្យា។ ប៉ុន្តែ បញ្ញត្តិ​នេះ​មិន​ត្រូវ​យកមកអនុវត្ត​ឡើយ ប្រសិនបើ​អ្នក​លក់បាន​ដឹង​អំពីការ​អនុវត្ត​មិន​ស្រប​តាមខ្លឹមសារនៃកិច្ចសន្យា ឬ មាន​កំហុស​ធ្ងន់ធ្ងរក្នុងការ​មិន​បាន​ដឹង​នៅពេល​ដែល​ប្រគល់ (មានន័យថា 1ឆ្នាំកន្លងផុត​ហើយក៏ដោយ ក៏​នៅតែ​អាច​ទាម​ទារ​​បាន)។
2. កិច្ចសន្យា​ប្រទានកម្ម
(1) សញ្ញាណ​ទូទៅ​
កិច្ចសន្យា​ប្រទានកម្ម គឺជាកិច្ចសន្យាតំណាងឱ្យ​កិច្ចសន្យា​ដែល​មិនយកតម្លៃថ្នូរ និងជា​កិច្ចសន្យា​ឯកតោភាគី។ ក្រម​រដ្ឋប្បវេណីបាន​កំណត់កិច្ចសន្យា​ប្រទានកម្ម ជាកិច្ចសន្យា​ដែល​កើត​ឡើង​តាមការ​ព្រមព្រៀង ប៉ុន្តែ​មាន​ប្រទេសជា​ច្រើនបាន​កំណត់កិច្ចសន្យា​នេះ ជា​ប្រភេទកិច្ចសន្យា​កើតឡើង​តាមរយៈការ​ប្រគល់វត្ថុ និង ជា​កិច្ចសន្យា​កើត​ឡើង​តាមទម្រង់ ក្នុងគោលបំណងជៀសវាងការ​ធ្វើកិច្ចសន្យា​ដោយបោកប្រាស់ ដោយសារតែ​កិច្ចសន្យា​ប្រទានកម្មនេះ មាន​ភាគីទាយក​តែ​ម្ខាង​ប៉ុណ្ណោះដែល​រងការ​ខូច​ខាត។ ដូចនេះ ក្រម​រដ្ឋប្បវេណីជប៉ុនបាន​កំណត់​ថា​ជា​កិច្ចសន្យា​កើត​ឡើង​តាម​ព្រម​ព្រៀង ប៉ុន្តែ ចំពោះប្រទានកម្ម​ដោយសន្យា​ផ្ទាល់មាត់ ហើយមិន​ធ្វើ​ជា​លាយ​លក្ខណ៍អក្សរគឺកើតមាន​ឡើង តែភាគីអាច​រំលាយកិច្ច​សន្យា​បាននៅមុនពេលអនុវត្ត (មាត្រា550) (នៅមុនពេល​វិសោធនកម្មក្រម​រដ្ឋប្បវេណីឆ្នាំ2017 ចំណុចនេះគឺប្រើពាក្យថា «ការដកសំណើរ»)។ ដោយឡែក ចំពោះកិច្ចសន្យាប្រទានកម្ម ជាគោលការណ៍ ទាយក​មិន​មានការ​ទទួល​ខុសត្រូវ​ក្នុងការ​ធានាចំពោះករណីវត្ថុ​មាន​វិការៈនោះទេ ប៉ុន្តែ បើសិនជា​ទាយកបាន​ដឹង​អំពីវិការៈនៃ​វត្ថុ​ ហើយ​បាន​ធ្វើ​ប្រទានកម្មដោយ​លាក់បាំង​វិការៈនេះ ក្នុងករណីនេះ ទាយក​ត្រូវ​ទទួល​ខុសត្រូវ​ក្នុងការ​ធានាលើការ​បំពាន​ទំនុកចិត្ត។ ដូច​បានរៀបរាប់រួចហើយថា នៅក្នុង​ច្បាប់​វិសោធនកម្ម បាន​លុបបំបាត់​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានា​នៅ​ក្នុង​ការ​លក់ទិញ ហើយ​នៅ​ក្នុង​ករណីយកិច្ចរបស់​ទាយកក៏បាន​បញត្តថា
«ត្រូវ​សន្មតថា ទាយក​បាន​សន្យា​ប្រគល់ ឬ ផ្ទេរ វត្ថុ ឬ សិទ្ធិ​ដែល​ជា​កម្មវត្ថុ​នៃប្រទានកម្ម នៅក្នុង​ស្ថានភាពនៃពេល​ដែល​កំណត់​កម្មវត្ថុ​នៃប្រទានកម្មបាន» (ច្បាប់​វិសោធនកម្ម មាត្រា551 កថាខណ្ឌទី1)។
(2) ប្រទានកម្មពិសេស
① ប្រទាន​កម្ម​ដែល​មាន​ភ្ជាប់​បន្ទុក
យើងនៅតែអាច​ហៅថាជា ប្រភេទនៃកិច្ចសន្យា​ប្រទានកម្មដែលមិនយកតម្លៃថ្នូរ ប៉ុន្តែ វាគឺជាកិច្ចសន្យា​​ប្រទានកម្មដែល​មាន​ភ្ជាប់បន្ទុកដល់បដិគ្គាហកមាន​បន្ទុក​ត្រូវ​អនុវត្ត​ការ​ផ្តល់តាវកាលិកណាមួយ។ ឧទាហរណ៍ ករណីដូចជា «ការ​ប្រទាន​កម្ម​ដី​ដែល​មានតម្លៃប្រហែល 4000លានរៀល ដោយ​តម្រូវ​ឱ្យ​ទៅសម្អាតផ្នូរដូនតា និង ធ្វើបុណ្យជា​រៀងរាល់​ឆ្នាំចាប់ពី​ពេលនេះទៅ» ជា​អាទិ៍។ នៅក្នុងករណីនេះ ច្បាប់ចាត់ទុកថា ​ប្រទានកម្មនេះជា​កិច្ចសន្យា​អញ្ញមញ្ញ​(យកតម្លៃថ្នូរ)ក្នុង​ទំហំ​នៃ​តម្លៃតប​របស់​បន្ទុកនោះ។ ទាយក​មានការ​ទទួល​ខុសត្រូវ​នៃការ​ធានា​​ក្នុង​កម្រិតនៃបន្ទុក ដូច​គ្នានឹង​អ្នក​លក់ក្នុងកិច្ចសន្យាលក់ទិញ (មាត្រា551 កថាខណ្ឌទី2) ហើយ​បញ្ញត្តិ​ស្តីពីកិច្ចសន្យា​អញ្ញមញ្ញ​ត្រូវ​យកមកអនុវត្ត (មាត្រា​553)។ ​
② ប្រទានកម្ម​ដោយ​មូល​ហេតុមរណភាព
ប្រទានកម្ម​ដោយ​មូលហេតុ​មរណភាព​របស់​ទាយកហៅថា ប្រទានកម្ម​ដោយ​មូលហេតុមរណភាព។ ឧបមាថា នៅពេលមាន​ជីវិត ទាយកបានធ្វើកិច្ចសន្យាថា «បើខ្ញុំស្លាប់ ខ្ញុំនឹង​ប្រគល់ដីនេះទៅឱ្យអ្នក» ហើយ​បដិគ្គាហកបាន​ឆ្លើយថា «ខ្ញុំព្រមទទួលយក»។ គេមានវិធីមួយ​ទៀត​ដែល​ស្រដៀងគ្នានឹងការ​ប្រទានកម្មនេះផងដែរ។ វិធីនេះគឺជា
​អច្ច័យទាន ​ដែល​ទាយក​បាន​សរសេរក្នុង​មតកសាសន៍​របស់ខ្លួនថា «ដីនេះ​នឹង​ប្រគល់​ឱ្យ​អ្នកណាម្នាក់» (⇒សូមមើល ជំពូកទី9 II.4(2))។ វិធីនេះ​​គឺជា​សកម្មភាពឯកតោភាគីដែល​បង្កើតឱ្យ​មាន​អានុភាព​ប្រទានកម្មដោយ​ការ​បង្ហាញ​ឆន្ទៈ​តែ​ម្ខាង ហើយ​ភាគី​ម្ខាង​ទៀត​មិន​បាន​ដឹង។ ប្រទានកម្មដោយ​មូល​ហេតុមរណភាព និង អច្ច័យទាន​មាន​លក្ខណៈ​គតិយុត្ត​ខុស​គ្នា​ដូចបានរៀបរាប់​ខាងលើនេះ ប៉ុន្តែ វាមានមុខងារ​ស្រដៀងគ្នា​ខ្លាំងមែនទែន ហេតុនេះ ក្រម​រដ្ឋប្បវេណីបាន​កំណត់អំពី​ការ​យក​បញ្ញត្តិស្តីពីអច្ច័យទាន មកអនុវត្ត​ដូច​គ្នា​ចំពោះករណីប្រទានកម្ម​ដោយ​មូល​ហេតុមរណភាព លើកលែងតែចំណុច​ដែល​មាន​លក្ខណៈផ្ទុយគ្នា (មាត្រា554)។ ប៉ុន្តែ អច្ច័យទាន​ត្រូវ​ធ្វើ​ឡើង​តាមលិខិតមតកសាសន៍ ហេតុនេះ យោងតាម​បញ្ញត្តិ​ស្តីពីមតកសាសន៍ (ដើម្បី​ឆ្លើយតប​នឹង​ឆន្ទៈចុង​ក្រោយបំផុត​របស់អ្នក​ស្លាប់) ទាយក​អាច​សរសេរសារជា​ថ្មីប៉ុន្មាន​ដងក៏បានដែរ (មាត្រា1022)។ ប្រទានកម្ម​ដោយ​មូលហេតុមរណៈភាពគឺជា​កិច្ចសន្យា​ដែល​មាន​ភាគីម្ខាងទៀត ហេតុនេះ ភាគី​ម្ខាង​ទៀតបានជឿជាក់​លើ​ការ​ទទួលប្រទានកម្មរួចហើយ ប៉ុន្តែ យុត្តិសាស្ត្រ និង ទស្សនៈ​ទូទៅបានបកស្រាយថា ទាយកអាច​ដកការ​បង្ហាញ​ឆន្ទៈលើ​កិច្ចសន្យា​ប្រទាន​កម្ម​ដោយ​មូល​ហេតុ​មរណភាព​ ដោយសេរីបាន។ ប៉ុន្តែ មានយុត្តិសាស្រ្តមួយចំនួនបានបកស្រាយថា ក្នុងករណីប្រទានកម្ម​ដោយមូលហេតុមរណភាព​ដែលមាន​ភ្ជាប់បន្ទុក (កិច្ចសន្យា​ប្រទាន​កម្ម​ដោយ​មូល​ហេតុ​មរណភាពដែលមានភ្ជាប់បន្ទុក) ហើយបើសិនជា​បន្ទុក​នោះ​ត្រូវ​បាន​អនុវត្ត​ជា​មុនរួចហើយ ជាគោលការណ៍ ការ​ដកការ​បង្ហាញ​ឆន្ទៈ​មិន​អាច​ធ្វើ​បាន​ឡើយ (នៅក្នុងកិច្ចសន្យាមួយដែល​មាន​ខ្លឹមសារថា «បើសិនជា​ឯងឧបត្ថម្ភប្រាក់ទ្រទ្រង់ជីវភាពជា​រៀង​រាល់​ឆ្នាំមកឱ្យខ្ញុំរហូតដល់ពេល​ឯងចូលនិវត្តនោះ ខ្ញុំនឹង​ប្រគល់ដីលើភ្នំនេះឱ្យ​ទៅឯងនៅពេល​ខ្ញុំស្លាប់» ក្នុងករណីនេះ បើសិនជា​បដិគ្គាហក​បានអនុវត្ត​ការ​ផ្តល់ប្រាក់ថ្លៃជីវភាព​រហូត​ដល់​ពេលខ្លួន​ចូលនិវត្ត​មែន ទាយកមិន​អាច​ដកការ​បង្ហាញ​ឆន្ទៈ​ប្រទានកម្ម​ដោយ​មូល​ហេតុមរណភាព​បានឡើយ)។
3. កិច្ចសន្យា​ជួល
(1) សញ្ញាណ​ទូទៅ
កិច្ចសន្យា​ដែល​ខ្ចីវត្ថុ​របស់គេដោយបង់ថ្លៃតប ហៅថា កិច្ចសន្យាជួល។ កិច្ចសន្យាជួលក៏ជាកិច្ចសន្យាដែល​យកតម្លៃថ្នូរ កិច្ចសន្យា​អញ្ញមញ្ញ និង កិច្ចសន្យា​កើតឡើង​តាមការ​ព្រមព្រៀងផងដែរ (មាត្រា601) ប៉ុន្តែ ខុសពីកិច្ចសន្យា​លក់​ទិញ​ត្រង់មិនមែនអនុវត្ត​តែ​មួយ​លើកចប់។ កិច្ចសន្យាជួលគឺជា​កិច្ចសន្យា​ដែល​ត្រូវ​បន្តក្នុង​អំឡុងពេល​ជាក់​លាក់មួយ ហើយ​ក្រៅពី​សិទ្ធិ​ទាមទារតាវកាលិក នៅក្នុងសិទ្ធិ​ជួលនេះមានបញ្ចូល​នូវ​លក្ខណៈពិសេសនៃសារធាតុ​សិទ្ធិប្រត្យក្សទោះបីជា​វា​ជា​សិទ្ធិលើ​បំណុល​ក៏ដោយ ដោយសារ​វាមានរួមផ្សំសារធាតុនៃសិទ្ធិ​ប្រើប្រាស់​វត្ថុ​។ នៅក្នុង​ន័យនេះ បញ្ញត្តិការពារត្រូវបានបង្កើតឡើង ដោយអនុញ្ញាតឱ្យសិទ្ធិ​ជួល​អចលនវត្ថុ​អាច​ចុះបញ្ជីបាន ហើយការ​ចុះបញ្ជីនេះធ្វើ​ឱ្យ​អ្នក​ជួល​អាច​តតាំង​អំពី​សិទ្ធិ​ជួលបាន បើ​ទោះបីជា​មាន​ការ​ផ្លាស់ប្តូរ​កម្មសិទ្ធិករក៏ដោយ (មាត្រា605)។ ជាក់ស្តែង​បញ្ញត្តិនេះមិនសូវមាន​ប្រសិទ្ធិភាពនោះទេ ដោយសារ​តែអ្នក​ឱ្យ​ជួលមិន​ព្រម​សហការ​ចុះបញ្ជី (ប៉ុន្តែ ការ​ការពារត្រូវ​បាន​ធ្វើ​ឡើង​តាមបញ្ញត្តិ​នៃ​ច្បាប់​ពិសេសវិញ)។ សិទ្ធិ​ជួលនេះខុសគ្នា​ពីសិទ្ធិលើដី (ជំពូកទី3 I 3(3)) ដែល​ជា​សិទ្ធិ​ប្រត្យក្ស ពោលគឺ អ្នក​ជួលមិនអាច​ធ្វើអនុប្បទាន ឬ ជួលបន្តដោយ​សេរីនោះទេ ហើយការ​ធ្វើ​អនុប្បទាន ឬ ជួល​បន្តត្រូវ​មាន​ការ​យល់ព្រមពី​អ្នក​ឱ្យ​ជួល (មាត្រា612 កថាខណ្ឌទី1)។ បើសិនជា​ធ្វើអនុប្បទាន ឬ ជួលបន្តដោយគ្មានការ​យល់ព្រមទេ អ្នក​ឱ្យ​ជួល​អាច​រំលាយកិច្ចសន្យាបាន (មាត្រា​ដដែល កថាខណ្ឌទី2)។ ប៉ុន្តែ ដើម្បី​ជៀសវាងនូវ​ការ​ប្រើប្រាស់បញ្ញត្តិនេះដោយ​បំពានពី​សំណាក់​អ្នក​ឱ្យ​ជួល យុត្តិសាស្រ្តបានកម្រិតការ​រំលាយ​កិច្ចសន្យាជួលនេះ តែក្នុងករណីដែល​ការ​ធ្វើអនុប្បទាន ឬ ការ​ជួល​បន្តនោះធ្វើ​ឱ្យបាត់​បង់​ទំនុកចិត្ត​រវាង​អ្នកឱ្យ​ជួល និង អ្នក​ជួលប៉ុណ្ណោះ (គោលការណ៍​បំពានជំនឿទុកចិត្ត ឬ គោលការណ៍រំលោភទំនុក​ចិត្ត)។ ដោយ​ឡែក​ ការ​រំលាយកិច្ចសន្យា​ដែល​អនុវត្ត​ជា​បន្តបន្ទាប់ដូចកិច្ចសន្យាជួលនេះ នឹង​ធ្វើ​ឱ្យ​បាត់បង់អានុភាព​នៃកិច្ចសន្យា​នៅចំណុចពេលនេះឆ្ពោះទៅអនាគតប៉ុណ្ណោះ ហើយ​វាមិនមាន​អានុភាព​ប្រតិសកម្ម​នោះទេ។
(2) ករណីយកិច្ចរបស់​អ្នក​ជួល និង អ្នក​ឱ្យ​ជួល
អ្នក​ជួលមាន​ករណីយកិច្ច​បង់ថ្លៃឈ្នួល​ក្នុងនាម​ជាតម្លៃតបនៃការ​ប្រើប្រាស់ និងប្រើប្រាស់​វត្ថុ​ជួល​ដោយ​គោរព​តាមវិធីប្រើប្រាស់ទូទៅ ហើយ​និងមាន​ករណីយកិច្ច​សងវត្ថុ​ជួលវិញនៅពេល​បញ្ចប់​កិច្ចសន្យា។ អ្នក​ឱ្យជួល​មាន​ករណីយកិច្ចបន្តជួលកម្មវត្ថុ​នៅក្នុង​ស្ថានភាព​ដែល​អាច​ប្រើប្រាស់ និង អាស្រ័យ​ផល​តាម​គោល​បំណង​នៃ​កិច្ច​សន្យា​ ហេតុនេះ បើសិនជា ដំបូលផ្ទះជួល​លិចទឹកជាដើម អ្នក​ឱ្យ​ជួល​មាន​ករណីយកិច្ច​ជួសជុលដំបូលនោះ (មាត្រា606)។ ប្រសិនបើអ្នកជួលបាន​ជួសជុលដោយ​ចំណាយសោហ៊ុយរបស់ខ្លួន អ្នកជួល​អាច​ទាមទារ​ឱ្យសងវិញក្នុងនាម​ជា​ការ​ចំណាយជាចាំបាច់ដែល​ទទួលបន្ទុកដោយ​អ្នក​ឱ្យជួលបាន (មាត្រា608 កថាខណ្ឌទី1។ បើសិនជា​សោហ៊ុយនោះលើសពីការ​ចំណាយជាចាំបាច់ ឧបមាថា បាន​កែលំអផ្ទះជួលនោះជាថ្មីដែល​ជាការ​ចំណាយបង្កើនតម្លៃវិញ អ្នក​ជួល​អាច​ទាមទារ​ឱ្យសងវិញបាននៅពេលបញ្ចប់កិច្ចសន្យា ក្នុងករណីដែល​កម្រិតនៃកំណើនតម្លៃនោះនៅតែមាន នា​ពេល​បញ្ចប់កិច្ចសន្យា​ជួល។ មាត្រាដដែល កថាខណ្ឌទី2)។
(3) កិច្ចការពារអ្នកជួលដី និង អ្នក​ជួលផ្ទះ
ការ​ជួលផ្ទះ ឬ ការ​ជួល​ដី​ដើម្បីអាស្រ័យនៅជាដើម សុទ្ធតែ​ជា​ការ​ជួល​ទាំងអស់ ប៉ុន្តែ នៅក្នុងបញ្ញត្តិស្តីពីការ​ជួលនៅក្នុង​ក្រម​រដ្ឋប្បវេណី អនុវត្ត​ទៅលើ​រាល់​កិច្ចសន្យា​ដែល​ខ្ចីវត្ថុដោយ​បង់ថ្លៃឈ្នួលទាំងអស់ ហើយនៅក្នុងនោះ​មាន​ចំណុច​ជាច្រើនដែល​ធ្វើ​បាត់បង់​ផលប្រយោជន៍​ដល់​អ្នក​ជួល​ផ្ទះ ឬ ដីសម្រាប់រស់​នៅ ដូចជា​ ចំណុច​អំពី​អំឡុងពេល​ជា​អាទិ៍។ ហេតុនេះ នៅឆ្នាំ1921 ច្បាប់ស្តីពីការជួលផ្ទះ និង ច្បាប់ស្តីពីការ​ជួលដី ដែល​ជា​ច្បាប់​ពិសេស​ត្រូវ​បានបង្កើត​ឡើង ហើយ​សិទ្ធិ​លើដី និង សិទ្ធិ​ជួល​ដែល​មាន​គោលបំណង​យក​កម្មសិទ្ធិ​លើអគារ ត្រូវ​យកច្បាប់​ស្តីពីការ​ជួលដីមកអនុវត្ត ហើយ​ការ​ជួល​អគារ​ជា​ដើម ត្រូវ​យកច្បាប់​ស្តីពីការ​ជួលផ្ទះមកអនុវត្ត។ ច្បាប់ពិសេសទាំងនេះត្រូវ​បាន​ធ្វើវិសោធនកម្មក្រោយមកទៀត ដើម្បី​ផ្តល់ការការពារកាន់តែខ្លាំងដល់​អ្នក​ជួល​ដី និង អ្នក​ជួល​ផ្ទះ ហើយ​នៅ​ក្នុង​យុត្តិសាស្ត្រតុលាការក៏មាន​ទំនោរក្នុងការបកស្រាយ ឱ្យភាគីអ្នកឱ្យជួលពិបាក​រំលាយកិច្ចសន្យា​ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សង្គមក្នុងពេល​មាន​វិបត្តិខ្វះលំនៅឋានក្រោយ​សង្គ្រាមលោកលើកទី2។
ប៉ុន្តែ តាមរយៈសកម្មភាពនេះហើយ ធ្វើឱ្យភាគី​អ្នក​ឱ្យ​ជួលមានការលំបាក​យ៉ាង​ខ្លាំងដើម្បីបញ្ចប់កិច្ចសន្យា បើសិនជា​ខ្លួន​មិន​មាន​មូលហេតុត្រឹមត្រូវខ្លាំង​ ដូចជា ភាព​ចាំបាច់ដើម្បី​ប្រើប្រាស់ខ្លួនឯងជាដើមនោះទេ ហើយក្នុងពេលបច្ចុប្បន្ននេះ មានមតិកាន់តែច្រើនបានលើកឡើងអំពីការ​ធ្វើឱ្យបាត់បង់​ផលប្រយោជន៍​ហួសហេតុដល់​ភាគី​អ្នក​ឱ្យ​ជួល។ ដូចនេះ ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះថ្មីដែល​បាន​តាក់តែង​ឡើង​នៅឆ្នាំ1991 បាន​ពិចារណាអំពី​បញ្ហានេះ និងបាន​តាក់តែង​ឡើង​នូវ​ប្រព័ន្ធថ្មីដែល​ផ្តល់ផលប្រយោជន៍​ខ្លះ​ដល់ភាគីអ្នក​ឱ្យជួលដូចជាចំណុច​អំពី សិទ្ធិ​ជួលដីដែល​មាន​កំណត់​ពេលជាក់លាក់ (ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះ មាត្រា22) ពោលគឺ ភាគីអាច​បង្កើត​កិច្ចសន្យា​ដែលមាន​អំឡុងពេលលើសពី 50ឆ្នាំ ហើយនៅពេល​ដែល​អំឡុងពេលនេះបានបញ្ចប់ សិទ្ធិ​របស់ភាគីនៃអ្នកជួល​នឹង​បាត់បង់ទាំងស្រុង ហើយ​មិន​អាច​បន្តសារជាថ្មីនោះទេ។ ប៉ុន្តែ ច្បាប់ថ្មីនេះ​អនុវត្ត​ទៅលើ​កិច្ចសន្យា​ជួលផ្ទះ និង ជួលដីដែល​កើតឡើង​ក្រោយ​ការ​បង្កើត​ច្បាប់នេះប៉ុណ្ណោះ ហេតុនេះហើយ កិច្ចសន្យា​ដែល​កើតឡើង​មុនច្បាប់នេះ ត្រូវយក​ច្បាប់ស្តីពីការ​ជួលដី និង ច្បាប់ស្តីពីការ​ជួល​ផ្ទះ​ចាស់មក​អនុវត្ត​ដដែល។
បើសិនជាប្រៀបធៀបជាក់ស្តែង​រវាង​បញ្ញត្តិនៅក្នុង​ក្រមរដ្ឋប្បវេណី និង បញ្ញត្តិ​នៅក្នុង​ច្បាប់​ស្តីពីការ​ជួលដី និង ជួលផ្ទះថ្មីនេះ យើងអាច​មើលឃើញដូច​តទៅ៖ (1) ចំពោះអំឡុងពេល​នៃកិច្ចសន្យា នៅក្នុង​ក្រម​រដ្ឋប្បវេណីបាន​កម្រិត​អំឡុងពេលវែង​បំផុតគឺ 20ឆ្នាំ (ការកំណត់នេះធ្វើឡើងដោយពិចារណារួម​គ្នាជាមួយ​នឹង​ការជួលឡានធំ និង វត្ថុ​ផ្សេងទៀតជា​ច្រើន) ហើយ​កិច្ចសន្យា​ដែល​មាន​រយៈពេលវែង​ជាង​នេះត្រូវ​បន្ថយមកត្រឹមរយៈពេល 20ឆ្នាំ ប៉ុន្តែ នៅក្នុងការធ្វើ​វិសោធនកម្មឆ្នាំ2017 បានពន្យាពេលពី 20ឆ្នាំ ទៅដល់រយៈពេល 50ឆ្នាំវិញ (មាត្រា604 កថាខណ្ឌទី1)។ ផ្ទុយមកវិញ នៅក្នុងច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះបាន​កំណត់ អំឡុងពេល​បន្តអត្ថិភាព 30ឆ្នាំ ចំពោះសិទ្ធិ​ជួលដី ហើយត្រូវ​យកអំឡុងពេល​តាមការ​កំណត់ក្នុង​កិច្ចសន្យា ប្រសិនបើ​អំឡុងពេលដែល​ភាគី​កំណត់ក្នុង​កិច្ចសន្យា​វែងជាង​អំឡុងពេល​ដែ​លកំណត់​ក្នុង​ច្បាប់ (ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះ មាត្រា3)។ ចំពោះការជួល​ផ្ទះវិញ គឺ​មិនមាន​កម្រិត​អំពីអំឡុងពេលវែង​បំផុតនោះទេ ហេតុនេះភាគីអាចកំណត់កិច្ចសន្យា​ដែល​មាន​អំឡុងពេលវែង​បាន ហើយ​បើសិនជាបាន​កំណត់អំឡុងពេល​ខ្លីដែល​តិចជាង 1ឆ្នាំ ចំពោះអគារវិញ ត្រូវ​ចាត់ទុកថាមិនបាន​កំណត់​អំឡុងពេល (ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះ មាត្រា29 កថាខណ្ឌទី1)។ ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះក៏បានកំណត់អំពីបញ្ញត្តិផ្សេងៗ​ដែល​មាន​ផលប្រយោជន៍​ដល់អ្នក​ជួលចំពោះការ​បន្តសារជាថ្មីផងដែរ។ (2) ប្រ​សិនបើ​ភាគីមិន​បាន​កំណត់​អំឡុងពេលនៃកិច្ចសន្យានោះទេ នៅក្នុងក្រមរដ្ឋប្បវេណីបានកំណត់ថា ភាគី​អាច​ស្នើសុំរំលាយ​កិច្ចសន្យា​នៅពេលណាក៏បាន ហើយការ​ជួល​ដីនឹង​បញ្ចប់កិច្ចសន្យា​ក្រោយការស្នើសុំរំលាយរយៈពេល 1ឆ្នាំ ហើយ​ការ​ជួល​អគារនឹង​បញ្ចប់កិច្ចសន្យា​ក្រោយការ​ស្នើសុំរំលាយរយៈពេល 3ខែ (មាត្រា617 កថាខណ្ឌទី1)។ ចំណែក​ឯ នៅ​ក្នុង​ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះបាន​កំណត់ថា ការជួល​ដីត្រូវ​សន្មតថាមានអំឡុងពេល 30ឆ្នាំ បើទោះបីជា​ភាគី​មិន​បាន​កំណត់​អំឡុងពេលក៏ដោយ ហើយការ​ជួលផ្ទះវិញ អ្នកឱ្យ​ជួល​អាច​ស្នើសុំរំលាយ​កិច្ចសន្យាបាន ប៉ុន្តែ ត្រូវ​បញ្ជាក់​អំពីមូល​ហេតុត្រឹមត្រូវ​នៃភាពចាំបាច់ដើម្បី​ប្រើប្រាស់​សម្រាប់ខ្លួនឯង (ច្បាប់ស្តីពីការ​ជួលដី និង ជួលផ្ទះ មាត្រា28) ហើយកិច្ចសន្យា​នឹង​បញ្ចប់ក្រោយការ​ស្នើសុំរំលាយរយៈពេល 6ខែ កន្លងផុត។
4. កិច្ចសន្យា​ខ្ចីប្រើ
នេះគឺជា​កិច្ចសន្យា​ឱ្យខ្ចីធម្មតាមួយ ដែល​មិន​យកថ្លៃឈ្នួលក្នុងនាម​ជា​តាវកាលិកតប ដូចករណី​កិច្ចសន្យា​ជួល​នោះទេ។ នេះមានន័យថា អ្នកខ្ចីដែល​អាចប្រើប្រាស់កម្មវត្ថុ​ដោយមិនបង់ថ្លៃឈ្នួល ទទួល​បាន​ផលប្រយោជន៍តែ​ម្ខាង​ប៉ុណ្ណោះ។ ចំពោះកិច្ចសន្យាដែល​មិន​យកតម្លៃថ្នូរ និង ជា​កិច្ចសន្យា​ឯកតោភាគីនេះ មិន​អាច​កើតឡើងដោយគ្រាន់​តែសន្យាផ្ទាល់មាត់នោះទេ ប៉ុន្តែត្រូវ​មាន​ការ​ប្រគល់កម្មវត្ថុ​ជាក់ស្តែង ពោលគឺ ​កិច្ចសន្យានេះ​កើតឡើង​តាមការ​ប្រគល់វត្ថុ។ ប៉ុន្តែ នៅក្នុង​សង្គមបច្ចុប្បន្ន កិច្ចសន្យា​នេះមិនមែនកើតឡើង​ចំពោះតែ​ក្នុង​រង្វង់គ្រួសារនោះទេ សូម្បីតែ​នៅក្នុងការ​ធ្វើពាណិជ្ជកម្មដែល​មាន​តម្លៃសេដ្ឋកិច្ចក៏កើតមានឡើងច្រើនផងដែរ ហេតុនេះហើយ កិច្ចសន្យា​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរទៅជាប្រភេទនៃកិច្ចសន្យាដែល​កើតឡើង​តាមការ​ព្រមព្រៀងវិញ (មាត្រា593)។ នៅក្នុង​កិច្ចសន្យា​ខ្ចីប្រើត្រូវ​យក​បញ្ញត្តិស្តីពីប្រទានកម្មមកអនុវត្តដូច​គ្នា ចំពោះ​ការ​ទទួលខុសត្រូវ​ក្នុងការ​ធានា (មាត្រា596)។ ក្រៅពីនេះ ក្រមរដ្ឋប្បវេណីក៏បានកំណត់អំពី បញ្ញត្តិនានាដែលការពារដល់ភាគីអ្នកឱ្យខ្ចីដែល​បាត់បង់ផលប្រយោជន៍តែម្ខាង ដូចជា អ្នក​ខ្ចីមាន​ករណីយកិច្ចប្រគល់វិញនូវ​វត្ថុ​ខ្ចីនៅពេល​ដែល​គោល​បំណងនៃការ​ខ្ចីប្រើបានសម្រេច ប្រសិន​បើមិនបាន​កំណត់​អំពីអំឡុងពេលនៅក្នុង​កិច្ចសន្យា ជាអាទិ៍។
5. កិច្ចសន្យាខ្ចីបរិភោគ
ការ​ខ្ចីបរិភោគ សំដៅទៅលើកិច្ចសន្យា​ដែលវត្ថុ​ខ្ចីបាន​ប្រើប្រាស់អស់ ហើយ​អ្នក​ខ្ចីបរិភោគត្រូវ​សងវិញនូវ​វត្ថុ​ដែល​មាន​ប្រភេទ គុណភាព និង បរិមាណដូចគ្នា។ ពោលគឺ ករណីដែល​ខ្ចីអង្ករពីអ្នក​ជិតខាងមក ហើយបរិភោគ ក្រោយមកយកអង្ករផ្សេងទៅសងវិញ ឬ ករណីខ្ចីប្រាក់ពីគេហើយក្រោយមកយកប្រាក់ទៅសងគេវិញ ជាអាទិ៍។ ​កម្ចីឥណទានពីធនាគារ ជាដើម គឺជាកិច្ចសន្យា​ខ្ចីបរិភោគប្រាក់នេះហើយ។ ដើមឡើយ ក្រម​រដ្ឋប្បវេណីបាន​កំណត់កិច្ចសន្យា​ខ្ចីបរិភោគនេះ ជា​កិច្ចសន្យា​ដែល​កើតឡើង​តាមការប្រគល់វត្ថុ ពោលគឺ ការ​ខ្ចីបរិភោគដែល​ត្រូវ​ប្រគល់នូវ​វត្ថុ​ដែល​មាន​ប្រភេទ គុណភាព និងបរិមាណដូចគ្នាដោយគ្មានការ​ប្រាក់ (កិច្ចសន្យាមិនយកតម្លៃថ្នូរ) ប៉ុណ្ណោះ (មាត្រា587) ប៉ុន្តែ ខ្ញុំយល់ថា ការ​បកស្រាយថាជា​ប្រភេទកិច្ចសន្យាដែល​កើតឡើង​តាមការ​ព្រមព្រៀងក៏អាចទៅរួចផងដែរ ចំពោះ​កិច្ចសន្យា​ដែល​មាន​ភ្ជាប់​ការប្រាក់​ (កិច្ចសន្យា​ដែលមាន​តម្លៃថ្នូរ) ដូចជា កម្ចីឥណទានជាដើម។
ដោយឡែក ចំពោះអាត្រាការប្រាក់នៃកិច្ចសន្យា​ខ្ចីបរិភោគដែលមាន​ភ្ជាប់​ការប្រាក់ ត្រូវ​កម្រិតអាត្រាអតិបរិមា​តាមការ​កំណត់របស់ច្បាប់ស្តីពីការ​កម្រិតអាត្រាការប្រាក់ ហើយ​ការព្រមព្រៀង​អំពីការ​ប្រាក់ដែល​លើសពីការកំណត់​របស់ច្បាប់នេះ គឺមោឃភាព (ផ្នែកនៃការប្រាក់ដែល​ស្ថិតនៅក្នុង​ការ​កម្រិត គឺមានអានុភាព)។ យ៉ាងណាមិញ ការ​ខ្ចីបរិភោគប្រាក់ដែល​ធ្វើ​ឡើង​ដោយស្ថាប័នដែល​ចុះបញ្ជីអាជីវកម្មផ្តល់ប្រាក់កម្ចីជាក់ស្តែង អាច​កំណត់អំពី​អាត្រាការប្រាក់ខ្ពស់​ជា​ងច្បាប់ស្តីពីការ​កម្រិតអាត្រាការប្រាក់ ដោយផ្អែក​លើច្បាប់​ស្តីពីអាជីវកម្ម​ផ្តល់ប្រាក់កម្ចី ប៉ុន្តែ ការអនុវត្ត​បែបនេះ​ត្រូវ​បាន​លុបបំបាត់​ក្រោយការធ្វើ​វិសោធនកម្មឆ្នាំ2010។
6. កិច្ចសន្យាម៉ៅការ
(1) សញ្ញាណ​ទូទៅ
កិច្ចសន្យា​ដែល​ឱ្យជាងសំណង់សង់ផ្ទះឱ្យ ជាអាទិ៍ គឺជា​កិច្ចសន្យា​ម៉ៅការ។ ការម៉ៅការនេះមានលក្ខណៈពិសេសត្រង់ថា អ្នកម៉ៅការមិន​ត្រឹមតែ​ផ្តល់កម្លាំងពលកម្មនោះទេ ថែមទាំងត្រូវ​សម្រេចការងារ​ជាក់លាក់ណា​មួយដែល​ជា​គោល​បំណងនៃកិច្ចសន្យា។ នេះជាប្រភេទនៃកិច្ចសន្យាអញ្ញមញ្ញដែល​ទទួល​បាន​កម្រៃពីការសម្រេចការងារជាក់លាក់មួយ, ជាកិច្ចសន្យា​យកតម្លៃថ្នូរ និង ជាកិច្ចសន្យា​កើត​ឡើង​តាមការព្រមព្រៀង។ ការបង់កម្រៃ និង ការ​ប្រគល់កម្មវត្ថុនៃការងារមាន​ទំនាក់​ទំនង​នៃការ​អនុវត្ត​ព្រម​គ្នា (មាត្រា633)។ ការជួលតន្ត្រីករឱ្យសម្តែងក៏ជា​ប្រភេទ​មួយ​នៃការងារម៉ៅការផងដែរ ប៉ុន្តែ ការងារ​ដែល​គ្មានការប្រគល់បែបនេះ ត្រូវ​ផ្តល់កម្រៃនៅក្រោយពេល​ដែល​ការងារ​បាន​បញ្ចប់ (មាត្រា633 វាក្យខណ្ឌទី2)។ ប៉ុន្តែ នៅក្នុង​ការធ្វើ​វិសោធនកម្មច្បាប់ឆ្នាំ2017 បានកំណត់ថា ប្រសិនបើមិនអាច​បន្តការងារបានទៀតនៅក្នុងដំណាក់នៃការអនុវត្តការងារ ដោយគ្មានមូលហេតុនៃការ​ទទួល​ខុសត្រូវរបស់​ម្ចាស់​ការ​ទេ ហើយ​បើសិនជាអ្នកម៉ៅការអាច​ផ្តល់តាវកាលិកដោយផ្នែកបាន ក្នុងករណីនេះ អ្នកម៉ៅការអាច​ទាមទារ​កម្រៃចំពោះផ្នែកដែលបាន​អនុវត្តការងារ ​ប្រសិនបើម្ចាស់ការ​អាច​ទទួលបាន​ផលប្រយោជន៍ណាមួយពីតាវកាលិកនោះ ដោយចាត់ទុកថាតាវកាលិកមួយផ្នែកនោះបាន​សម្រេច​ស្ថាពរ (មាត្រា634)។ ម្យ៉ាងទៀត ដោយពិចារណាពីការម៉ៅការទាក់ទងនឹងការសាងសង់ជាដើម មានបញ្ញត្តិពិសេសមួយផ្នែកស្តីពីវិធីរំលាយ និងការទទួលខុសត្រូវក្នុងការធានានៅក្នុងការម៉ៅការ (កិច្ចសន្យាស្តង់ដារដែលត្រូវបង្កើតឡើងនៅក្នុងវិស័យសាងសង់ ដែលកំពុងប្រើប្រាស់ គឺយោងតាមវិធាននេះ)។
(2) ការទទួលខុសត្រូវ​ក្នុងការ​ធានា
អ្នកម៉ៅការមានការទទួលខុសត្រូវ​ក្នុងការ​ធានា ប្រសិនបើ​កម្មវត្ថុនៃការងារ​ដែល​បានសម្រេច និង​ប្រគល់មកនោះមាន​វិការៈ (ឧទាហរណ៍ ផ្ទះដែល​បាន​សាងសង់ហើយនោះ មាន​ជ្រាបទឹក)។ ដោយឡែក នៅក្នុងក្រម​រដ្ឋប្បវេណីពីមុនមាន​កំណត់​បញ្ញត្តិ​ពិសេស​ជាច្រើនអំពីការ​ទទួល​ខុសត្រូវ​ក្នុងការ​ធានានៅក្នុងការ​ម៉ៅការ ប៉ុន្តែ​នៅក្នុងការធ្វើ​វិសោធនកម្មច្បាប់ឆ្នាំ2017 នេះ គេបាន​កំណត់បញ្ញត្តិពិសេសតិចតួចប៉ុណ្ណោះអំពីការ​ម៉ៅការ ដោយ​ត្រូវ​យក​បញ្ញត្តិ​ស្តីពីការទទួលខុសត្រូវ​ចំពោះការ​អនុវត្ត​មិនស្រប​តាម​ខ្លឹមសារនៃកិច្ចសន្យានៃការលក់​ទិញ​ មកអនុវត្ត​ដូច​គ្នាចំពោះករណីម៉ៅការផងដែរ។ នេះមានន័យថា ទោះបីជា​កម្មវត្ថុ​ដែល​បាន​ប្រគល់​ទៅឱ្យម្ចាស់ការ​មិន​ស្រប​តាម​ខ្លឹមសារនៃកិច្ច​សន្យា​ក៏ដោយ ក៏ម្ចាស់ការ​មិន​អាច​ទាមទារ​ឱ្យអនុវត្ត​ពេញលេញ (ជួសជុល) បន្ថយតម្លៃ ឬ សំណង​ការ​ខូច​ខាតនោះទេ បើសិនជា​វិការៈនោះកើតឡើងពីការ​ផ្តល់វត្ថុ​ធាតុដើមរបស់​ម្ចាស់ការ ឬ កើតឡើង​ពីការ​បញ្ជារបស់​ម្ចាស់ការ​ (ប៉ុន្តែ បញ្ញត្តិ​នេះមិន​ត្រូវ​យកមកអនុវត្ត​ឡើយ ក្នុងករណីដែលអ្នក​ម៉ៅការបាន​ដឹង​អំពី​ភាពមិនត្រឹមត្រូវនៃវត្ថុ​ធាតុដើម ឬ ការ​បញ្ជានោះ ហើយ​មិន​បាន​ជូន​ដំណឹង​ដល់​ម្ចាស់ការ​។ មាត្រា636)។ ដោយឡែក បញ្ញត្តិ​ខាងលើនេះគឺជា​វិធាន​ដែល​មាន​នៅមុនពេល​វិសោធនកម្ម ហើយ​បញ្ញត្តិ​ពិសេសជា​ច្រើនផ្សេងទៀតនៃការ​ម៉ៅការ​ត្រូវ​បាន​លុបចោលតាមរយៈ​វិសោធនកម្ម ហើយបញ្ញត្តិភាគច្រើនកាន់តែមានទំនោរទៅរកការលក់ទិញ។
(3) ការ​រំលាយ
ចំណុច​ពិសេសនៃសិទ្ធិ​រំលាយសម្រាប់កិច្ចសន្យា​ម៉ៅការ គឺនៅមុនពេលការ​ងារបញ្ចប់ជាស្ថាពរ ម្ចាស់ការ​អាច​រំលាយកិច្ចសន្យានៅពេលណាក៏បាន ដោយបង់សំណងការ​ខូច​ខាតឱ្យ​អ្នក​ម៉ៅការ (មាត្រា641)។ នេះគឺជា​ការ​ពិចារណា​ដល់​ករណីដែលម្ចាស់ការ​បាន​ពឹងពាក់ការងារណាមួយ ដែលក្រោយមកយល់ឃើញថាមិនចាំបាច់ទៅវិញ ហេតុនេះ ម្ចាស់​ការ​គ្រាន់​តែបង់សំណង​ការ​ខូច​ខាតដល់អ្នក​ម៉ៅការ​វិញ គឺគ្រប់គ្រាន់ហើយ។
7. កិច្ចសន្យាអាណត្តិ
(1) សញ្ញាណ​ទូទៅ
កិច្ចសន្យា​អាណត្តិ គឺជា​កិច្ចសន្យា​ដែល​ពឹងពាក់ឱ្យ​បុគ្គលណាម្នាក់ធ្វើ​សកម្មភាពណាមួយ​មកឱ្យខ្លួន ហើយខ្លឹមសារនៃ​សកម្មភាពនោះអាច​ជាសកម្មភាពគតិយុត្ត ដូចជាការ​ចុះកិច្ចសន្យា​ជំនួសខ្លួនក៏បាន ឬ សកម្មភាព​ជាក់​ស្តែង​ ដូច​ជា ការ​ធ្វើជា​អ្នក​មើលថែកូនជំនួសខ្លួន​ក៏បានដែរ។ វាជាកិច្ចសន្យា​កើតឡើងតាមការព្រមព្រៀង ហើយ​អាច​ជាកិច្ច​សន្យា​ដែលយកតម្លៃថ្នូរ ឬ មិនយក​តម្លៃថ្នូរ​តាមការ​ព្រម​ព្រៀង​របស់ភាគី (ដោយសារ វាជាកិច្ចសន្យា​កើតឡើងតាមការព្រមព្រៀង ហេតុនេះ ការ​ធ្វើ​លិខិត​ប្រគល់អាណត្តិមិន​មាន​ជាលក្ខខណ្ឌបង្កើត​កិច្ចសន្យា​នោះទេ)។ ជាគោលការណ៍ អាណត្តិសំដៅទៅលើ ករណីដែល​អាណត្តិគាហកខ្លួនឯង មាន​ករណីយកិច្ចចាត់ចែង​កិច្ចការដែល​ខ្លួន​បាន​ទទួលពីអាណត្តិទាយក ហេតុនេះ អាណត្តិគាហក​ត្រូវសម្រេច​កិច្ចការ​នោះ (មាត្រា644) ដោយប្រុងប្រយ័ត្នក្នុងនាម​ជា​អ្នក​គ្រប់គ្រង​ដោយ​សុចរិត (ករណី​យ​កិច្ច​​គ្រប់គ្រង​ដោយ​សុចរិត)។
យើង​អាច​ពិចារណាបានថា កិច្ចសន្យា​អាណត្តិ​យកទំនាក់​ទំនង​នៃការ​ជឿជាក់​របស់​ភាគី​ជាមូលដ្ឋាន ហើយ​ជា​គោលការណ៍ អាណត្តិទាយកអាចរំលាយ​កិច្ចសន្យា​ពាក់កណ្តាលទីបាន ប៉ុន្តែ អាណត្តិគាហកអាចទាមទារសោហ៊ុយ និងកម្រៃដែល​បានធ្វើ​កន្លងមកបាន (មាត្រា648 កថាខណ្ឌទី3)។
ដោយឡែក ក្រម​រដ្ឋប្បវេណីនៃប្រទេសជប៉ុនបាន​កំណត់​អំពី​អាណត្តិ និង ការ​តំណាងផ្សេងពីគ្នា (ជំពូកទី2 III.4) ហើយ​ក៏អាច​មាន​ករណីខ្លះ អាណត្តិគាហក និង អ្នក​តំណាងគឺជា​បុគ្គលតែមួយផងដែរ។
យ៉ាងណាមិញ យើងបាន​ពិនិត្យមើលរួចហើយអំពី​កិច្ចសន្យា​អាណាព្យាបាលតាមការ​ស្ម័គ្រចិត្តដោយ​ផ្អែកលើ​ច្បាប់ស្តីពីប្រព័ន្ធ​អាណាព្យាបាល​តាមការ​ស្ម័គ្រចិត្ត (ជំពូកទី2 III.2(3)③)។ ហើយកិច្ចសន្យា​អាណាព្យាបាល​តាមការ​ស្ម័គ្រចិត្ត​នេះ គឺជា​កិច្ចសន្យា​អាណត្តិដែល​សាមីខ្លួន​បាន​ផ្តល់​សិទ្ធិ​តំណាង ឱ្យ​ទៅ​អ្នក​អាណាព្យាបាល​តាមការ​ស្ម័គ្រចិត្ត លើ​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ និង ជីវភាព​របស់ខ្លួន​នៅក្នុង​ស្ថានភាព​ដែលសាមីខ្លួន​អលទ្ធភាព​ក្នុងការ​វិនិច្ឆ័យដោយសារតែវិបត្តិបញ្ញា​ស្មារតី។ ដូច​នេះ ចំណុច​ដែល​មិនមាន​បញ្ញត្តនៅក្នុង​ច្បាប់​ស្តីពី​ប្រព័ន្ធ​អាណាព្យាបាល​តាមការ​ស្ម័គ្រចិត្ត ត្រូវ​យកបញ្ញត្តិ​ស្តីពីកិច្ចសន្យា​អាណត្តិក្នុងក្រម​រដ្ឋប្បវេណីមកអនុវត្ត។
(2) ករណីយកិច្ចរបស់អាណត្តិទាយក (សិទ្ធិ​របស់អាណត្តិគាហក)
នៅពេលដែលអាណត្តិគាហកបាន​ចេញចំណាយដែល​ចាំបាច់​សម្រាប់ចាត់ចែងកិច្ចការ​អាណត្តិ អាណត្តិគាហកអាច​ទាមទារការ​ចំណាយនោះពីអាណត្តិទាយកបាន (មាត្រា650 កថាខណ្ឌទី1។ ការ​ទាមទារ​ឱ្យ​បង់ជា​មុន​ក៏​បាន​ដែរ។ មាត្រា649)។ ហើយបើសិនជាអាណត្តិគាហកបាន​ទទួល​កាតព្វកិច្ច​ជំនួសឱ្យ​អាណត្តិទាយកដើម្បីចាត់​ចែង​កិច្ចការ​អាណត្តិ ក្នុងករណីនេះ អាណត្តិគាហកអាច​ឱ្យ​អាណត្តិទាយកសងកាតព្វកិច្ច​នោះ​ជំនួសខ្លួនបាន (មាត្រា​ដដែល កថាខណ្ឌទី2)។ មួយវិញទៀត នៅពេល​ដែល​អាណត្តិគាហកបានទទួល​រងការ​ខូតខាត​ដោយសារ​ចាត់ចែង​កិច្ចការ​អាណត្តិដោយ​គ្មាន​កំហុស​របស់ខ្លួនទេ អាណត្តិគាហកអាច​ទាមទារ​សំណង​ការ​ខូចខាតនោះពី​អា​ណត្តិ​ទាយកបាន (មាត្រាដដែល កថាខណ្ឌទី3)។ ករណីយកិច្ចសង​សំណង​របស់​អាណត្តិទាយក គឺជា​ការ​ទទួល​ខុស​ត្រូវ​ដោយ​គ្មានកំហុស។ ការ​ខូចខាត​ដែល​កើត​ឡើងដោយសារ​ការចាត់ចែង​កិច្ចការ​អាណត្តិមាន​ដូចជា ការ​ឆ្លង​ជំងឺដែលបណ្តាលមកពីការ​ទទួល​អាណត្តិការងារ​មើលថែរក្សា​អ្នក​ជំងឺដែលមាន​ជំងឺឆ្លងជាដើម ពោលគឺ កិច្ចការ​អា​ណត្តិដែល​ងាយបង្កគ្រោះថ្នាក់។ ប៉ុន្តែ ការ​ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើ​ដំណើរទៅ​ចុះកិច្ចសន្យា​ដែលអាណត្តិ​ទាយកពឹង​ពាក់ឱ្យធ្វើជា​ដើមនោះ មិន​ត្រូវ​រាប់​បញ្ចូលឡើយ។
8. កិច្ចសន្យាបញ្ញើ
កិច្ចសន្យា​ដែល​ឱ្យ​គេថែរក្សាវត្ថុសម្រាប់ខ្លួនឯង ហៅថាកិច្ចសន្យា​បញ្ញើ។ ដើមឡើយកិច្ចសន្យា​នេះ គឺជាកិច្ចសន្យា​ដែល​កើតឡើង​តាមការ​ប្រគល់វត្ថុ តាមរយៈការ​សន្យារបស់ភាគីម្ខាងថានឹង​ថែរក្សា​វត្ថុ​ណាមួយ​សម្រាប់​ភាគីម្ខាង​ទៀត ហើយ​បាន​ទទួល​វត្ថុ​នោះមកក្នុងដៃ ប៉ុន្តែ វិសោធនកម្មច្បាប់ឆ្នាំ2017 បានផ្លាស់ប្តូរទៅជា​ប្រភេទ​នៃកិច្ច​សន្យា​ដែល​កើត​ឡើង​តាមការព្រមព្រៀងវិញ (មាន​អានុភាព​តាមការ​ព្រមព្រៀង) (មាត្រា657)។ អ្នក​ឱ្យគេរក្សាទុកវត្ថុហៅថា អ្នកផ្ញើ ហើយអ្នកដែល​ទទួលរក្សាទុកវត្ថុ ហៅថា អ្នក​ទទួលបញ្ញើ។ បញ្ញើបែងចែកជា បញ្ញើដែល​បង់កម្រៃ និង បញ្ញើដែល​មិនបង់កម្រៃ។ ករណីយកិច្ចប្រុងប្រយ័ត្នរបស់​អ្នក​ទទួល​បញ្ញើដែលមិនបង់កម្រៃ គឺ «ប្រុងប្រយ័ត្នចំពោះវត្ថុ​នោះឱ្យ​ដូច​ជា​ទ្រព្យសម្បត្តិរបស់ខ្លួន» ចំពោះវត្ថុបញ្ញើ (មាត្រា659)។ ករណីយកិច្ចនេះ គឺជា​ការ​ប្រុងប្រយ័ត្នដែល​មាន​កម្រិតទាបជាងករណីយកិច្ចគ្រប់គ្រងដោយ​សុចរិតក្នុងកិច្ចសន្យា​អាណត្តិជាអាទិ៍ (ប៉ុន្តែ អ្នក​ទទួល​បញ្ញើដែលបង់កម្រៃត្រូវ​មាន​ករណីយកិច្ចប្រុងប្រយ័ត្នក្នុងនាមជា​អ្នក​គ្រប់គ្រងដោយ​សុចរិត)។
9. កិច្ចសន្យាក្រុមហ៊ុន
កិច្ចសន្យា​ក្រុមហ៊ុន គឺជា​កិច្ចសន្យា​មួយប្រភេទដែលបង្កើត​ជាក្រុម ហើយ​កើតមាន​អានុភាពនៅពេលដែល ភាគីនីមួយៗបានសន្យាថា​វិនិយោគទ្រព្យធនរបស់ខ្លួន ដើម្បីប្រកបកិច្ចការណាមួយ​រួមគ្នា (មាត្រា667 កថាខណ្ឌទី1)។ ទ្រព្យធនដែល​ប្រើនៅកន្លែងនេះ សំដៅទៅលើទាំងការផ្តល់ទ្រព្យសម្បត្តិ និង ការ​ផ្តល់ពលកម្ម (មាត្រាដដែល កថាខណ្ឌទី​2)។ ប៉ុន្តែ តម្រូវ​ឱ្យមានការប្រកបកិច្ចការ​ណាមួយរួមគ្នា។
លក្ខណៈពិសេសមួយនៃក្រុមហ៊ុន គឺការ​វិនិយោគ និង ការ​ធ្វើ​លទ្ធកម្មទ្រព្យសម្បត្តិក្រុមហ៊ុនជាដើម នឹង​ក្លាយជា​កម្មសិទ្ធិ​រួម​ទាំង​អស់។ មាត្រាច្បាប់សរសេរថា ការវិនិយោគរបស់​សមាជិកក្រុមហ៊ុនម្នាក់ៗ និង ​ទ្រព្យសម្បត្តិផ្សេងទៀតរបស់ក្រុមហ៊ុន «ត្រូវ​ស្ថិតនៅក្រោមកម្មសិទ្ធិ​អវិភាគរបស់​សមាជិក​ក្រុមហ៊ុន» (មាត្រា 668) ប៉ុន្តែ ទស្សនល្បីៗបាន​ហៅទម្រង់កម្មសិទ្ធិអវិភាគនៃក្រុមហ៊ុនថា «កម្មសិទ្ធិ​រួម»។ នេះគ្រាន់តែជា កម្មសិទ្ធិអវិភាគក្នុងន័យចង្អៀត ហើយវាមានន័យថា កម្មសិទ្ធិករអវិភាគម្នាក់ៗមាន​ចំណែកអវិភាគរៀងៗខ្លួន ហើយអាច​ទាមទារ​ឱ្យ​បែង​ចែកចំណែក​អវិភាគរបស់ខ្លួន​បាន ប៉ុន្តែ លក្ខណៈពិសេសនៅក្នុងករណីក្រុមហ៊ុនវិញ គឺសមាជិកក្រុមហ៊ុននីមួយៗគ្រាន់តែមាន​ចំណែក​អវិភាគតាមតួលេខ​រៀងខ្លួន ប៉ុន្តែមិន​អាចទាមទារឱ្យ​បែង​ចែក​បាននោះទេ ហើយ​ទ្រព្យសម្បត្តិទាំងអស់​គឺជា​វត្ថុ​រួមរបស់​ក្រុម​ហ៊ុន។ ហើយសិទ្ធិ​លើបំណុលដែល​កើតចេញពីការធ្វើ​ជំនួញរវាង​ក្រុមហ៊ុនជាមួយអ្នកណាមួយ ក៏​អនុវត្ត​ដូចគ្នាផងដែរ គឺទម្រង់នៃការ​ទាមទារ​ធ្វើ​ឡើងក្នុងនាម​សមាជិកក្រុមហ៊ុនទាំងអស់ (សមាជិកក្រុមហ៊ុនតែ​ម្នាក់​មិនអាច​ទាមទារ​តែ​ចំណែក​របស់ខ្លួននោះទេ)។
10. កិច្ចសន្យាដែលមាន​ច្បាប់កំណត់ផ្សេងទៀត
កិច្ចសន្យា​ផ្សេងទៀតដែល​មាន​កំណត់​ក្នុងក្រមរដ្ឋប្បវេណី រួមមាន កិច្ចសន្យាដូរ ដែលជាការ​ប្តូរកម្មសិទ្ធិនៃវត្ថុ​មួយ​ជាមួយនឹង​កម្មសិទ្ធិ​នៃវត្ថុ​មួយផ្សេងទៀតក្រៅពីប្រាក់ (មាត្រា586។ យើងអាចគិតស្រដៀងនឹងការលក់ទិញដែល​ប្តូរវត្ថុ​ជា​មួយប្រាក់), កិច្ចសន្យាការងារ ដែល​ជាការជួលបុគ្គលណាមួយឱ្យផ្តល់ពលកម្ម (មាត្រា623។ ក្នុងពេលបច្ចុប្បន្ននេះ កិច្ចសន្យា​ការងារក្នុងសង្គមទូទៅ ត្រូវ​យក​ច្បាប់ពិសេសដូច​ជា ច្បាប់ស្តីពីស្តង់ដារការងារជាដើម មកអនុវត្ត ហេតុនេះ បញ្ញត្តិនៃក្រម​រដ្ឋប្បវេណី អនុវត្តទៅលើតែ​កិច្ចសន្យា​នៃអ្នក​បម្រើការងារ​តាមផ្ទះប៉ុណ្ណោះ ហើយបញ្ញត្តិទាំងនេះ​ពុំ​សូវមាន​សារៈសំខាន់នោះទេ), កិច្ចសន្យា​ធនលាភសាមញ្ញិកមួយជីវិត ដែលភាគីម្ខាងត្រូវ​ផ្តល់ប្រាក់ ឬ តាវកាលិកផ្សេងទៀតជាទៀងទាត់ដល់ភាគីម្ខាងទៀត ឬ តតិយជន រហូតដល់​ពេលដែល​ភាគីណាម្ខាងទទួល​មរណភាព (មាត្រា689។ ឧទាហរណ៍ កូនបំណុលនៃធនលាភទទួលយកប្រាក់ ឬ ភាគហ៊ុនដែលជា​ទ្រព្យធនដើម ហើយ​ផ្តល់ការប្រាក់ ឬ ធនលាភនៃទ្រព្យធននោះជាទៀងទាត់ទៅឱ្យ​ម្ចាស់បំណុលនៃធនលាភជាដើម។ កិច្ចសន្យា​នេះពុំសូវមានការអនុវត្តនៅប្រទេសជប៉ុននោះទេ), កិច្ចសន្យាសះជា ដែលជា​កិច្ចសន្យា​បញ្ឈប់វិវាទ ដោយភាគីធ្វើសម្ប​ទានឱ្យ​គ្នា​ទៅវិញទៅមក (មាត្រា695)។ ការ​សះជានេះកើត​ឡើង​តាមការ​ចុះកិច្ចសន្យា​ដោយស្ម័គ្រចិត្ត​របស់ភាគី​ទាំង​សងខាង ឬ តាមការ​ជួយសម្របសម្រួល​ពីចៅក្រម (ដោយឡែក ពាក្យពេជន៍សាមញ្ញដែល​ស្រដៀងគ្នានឹង​ការ​សះជា គឺការដោះស្រាយវិវាទដោយពិភាក្សាគ្នា។ ពាក្យនេះអាច​មានន័យដូចនឹង​កិច្ចសន្យាសះជា ប៉ុន្តែ ការ​សះជា​សំដៅទៅលើការ​ធ្វើសម្បទានទៅវិញទៅមក ដោយឡែក ការដោះស្រាយវិវាទតាមការពិភាក្សាអាចមាន​ករណីខ្លះ
ភាគីតែម្ខាងបោះបង់ចោលការ​អះអាងរបស់ខ្លួន(ក្រៅផ្លូវតុលាការ) ហើយ​បញ្ចប់វិវាទ)។
11. កិច្ចការពារអ្នកប្រើប្រាស់ និង Cooling-Off
(1) ប្រព័ន្ធ Cooling-Off
នៅពេលដែល​ភាគីបាន​ចុះកិច្ចសន្យា​ជាមួយគ្នា ភាគីនីមួយៗ​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ដោយគោរពគោលការណ៍សុចរិត និងស្មោះត្រង់ ហើយមិនអាច​បញ្ចប់កិច្ចសន្យា​ដោយចិត្តឯងនោះទេ លើកលែងតែករណីមាន​ប្រាក់កក់​ដើម្បីរំលាយកិច្ចសន្យា​។ ទោះជាយ៉ាងណាក៏ដោយ មាន​ករណីខ្លះដែល​អ្នក​ប្រើប្រាស់ទូទៅ បានចុះកិច្ចសន្យាដោយលង់ជឿជាក់លើឈ្មួញ​ទុច្ចរិត ឬ សំដីផ្អែមរបស់​អ្នក​លក់។ ពិតហើយថា ករណីបែបនេះ យើងអាច​លុបចោលការ​បង្ហាញឆន្ទៈ ហើយ​ធ្វើឱ្យកិច្ចសន្យា​នោះក្លាយជាមោឃភាព បើសិនជា​មាន​ការ​ឆបោក ឬ ការភាន់ច្រឡំ ហើយ​បើសិនជាមាន​ការ​មិន​អនុវត្ត​កាតព្វកិច្ចវិញ យើង​អាច​រំលាយ​កិច្ចសន្យាបាន ប៉ុន្តែ មានករណីជាច្រើនដោយសារការប្រើប្រាស់ពាក្យពេចន៍របស់អ្នកលក់ ឬ ការលង់តាមការ​អូសទាញតាមបរិយាកាសជុំវិញជាដើម (ដោយសារតែចុះកិច្ចសន្យាតាមការសម្រេចចិត្ត​ដោយ​ឆន្ទៈ​របស់ខ្លួន) គឺពិបាកឱ្យយើងអាច​អះអាងអំពីការឆបោក ឬ ការ​ភាន់ច្រឡំណាស់ ហើយក៏មិនអាចរំលាយកិច្ចសន្យាដោយផ្អែកលើការមិនអនុវត្តកាតព្វកិច្ចនោះទេ ដោយសារតែភាគី​ម្ខាងទៀតបានរៀបចំទំនិញទុកជាមុន និង ប្រគល់តាមការព្រម​ព្រៀង​រួចរាល់។ នៅក្នុងករណីបែបនេះ អ្នក​ប្រើប្រាស់ដែល​មិន​អាច​ទទួលបានការការពារដោយផ្អែកតាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី អាចទទួលបាន​ការការពារជាពិសេសតាមប្រព័ន្ធ Cooling-Off ដែលមានកំណត់នៅក្នុងច្បាប់ពិសេសមួយចំនួន ដែលប្រព័ន្ធនេះ​ផ្តល់ឱកាសដល់អ្នក​ប្រើប្រាស់អាច​ដោះខ្លួន​ពី​កិច្ចសន្យា​ណាមួយ ក្រោយពេលដែលបាន​ពិចារណាជាក់លាក់​ក្នុងអំឡុងពេល​កំណត់មួយ។
ប្រព័ន្ធនេះមានកំណត់នៅក្នុងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មជាក់លាក់ (ច្បាប់ចាស់ស្តីពីការលក់ចល័ត) ច្បាប់ស្តីពីការលក់ដោយបង់រំលស់ និង ច្បាប់ស្តីពីការធ្វើ​អាជីវកម្មដីលំនៅឋាន ជាអាទិ៍។ នៅក្នុងច្បាប់នេះបានចងកាតព្វកិច្ចឱ្យអាជីវករប្រគល់នូវលិខិត​កិច្ចសន្យា​ជាអាទិ៍ទៅឱ្យអ្នក​ទិញនៅពេលចុះកិច្ចសន្យា ហើយអ្នកទិញអាចអនុវត្ត​សិទ្ធិ​ Cooling-Off ដែល​មាន​ចែងក្នុងកិច្ចសន្យា​នោះ (តាមន័យគតិយុត្តគឺសំដៅលើការដកសំណើ ឬ ការ​រំលាយកិច្ចសន្យា) (ប៉ុន្តែ ការអនុវត្ត​សិទ្ធិ Cooling-Off នេះ អាច​ធ្វើ​បានចំពោះតែប្រភេទនៃកិច្ចសន្យាដែលមាន​កំណត់​ក្នុង​ច្បាប់​ពិសេស​ប៉ុណ្ណោះ) ក្នុងអំឡុងពេលកំណត់មួយគិតចាប់ពីពេលបាន​ទទួលកិច្ចសន្យា (ការទិញទំនិញពីការធ្វើពាណិជ្ជកម្ម​ជាក់លាក់ គឺមាន​រយៈពេល 8ថ្ងៃ)។
(2) ការបង្កើត​ច្បាប់​ស្តីពីកិច្ចសន្យាអ្នក​ប្រើប្រាស់
នៅក្នុងច្បាប់ពិសេសដែលបាន​រៀបរាប់ខាងលើនេះ ដែលមានកម្មវត្ថុកំណត់ពីប្រភេទអាជីវកម្មនីមួយៗ មិន​អាច​ការពារដល់​អ្នក​ប្រើប្រាស់បានពេញលេញនោះទេ។ ដូចនេះ ច្បាប់ស្តីពីកិច្ចសន្យាអ្នកប្រើប្រាស់ បានតាក់តែងឡើងនៅក្នុងខែមេសា ឆ្នាំ 2000 ហើយដាក់ឱ្យប្រើប្រាស់នៅខែមេសា ឆ្នាំ2001 (ត្រូវយកមកអនុវត្តលើកិច្ចសន្យា​ដែលកើតមាន​ក្រោយ​ច្បាប់​នេះដាក់ឱ្យប្រើប្រាស់)។ ច្បាប់នេះមានគោលបំណងចងក្រងនូវ​បទបញ្ញត្តិទូទៅមួយ ដើម្បី​ការពារដល់អ្នក​ប្រើប្រាស់ពីការលក់ទិញទំនិញ ឬ សេវា ឬ ការចុះកិច្ចសន្យាផ្គត់ផ្គង់ដែលមិនត្រឹមត្រូវ និង វិធីសាស្ត្រលក់ដែល​ទុច្ចរិត។ តាម​រយៈច្បាប់នេះ អ្នកប្រើប្រាស់អាចលុបចោលកិច្ចសន្យាដែលបាន​ធ្វើឡើងក្នុងស្ថានភាពដូចជា អ្នកប្រើប្រាស់​បានទទួល​ការពន្យល់បោកប្រាស់​អំពីចំណុច​សំខាន់ណាមួយ ឬ ការពន្យល់អំពីហេតុដែលមិនពិតទាល់តែសោះដូចជា ការឡើងថ្លៃទំនិញ ឬ អ្នកលក់អង្គុយរង់ចាំនៅផ្ទះរហូតមិនព្រមចាកចេញ (មិនព្រមត្រឡប់ទៅវិញ) ឬ អ្នកលក់​មិនព្រមឱ្យចាកចេញពីទីតាំងលក់ (ការ​ឃាត់ឃាំង) ជាអាទិ៍ (នេះគឺជាការ​ទទួលស្គាល់អំពី សិទ្ធិលុបចោលកិច្ចសន្យា បើទោះបីជា​លក្ខខណ្ឌនៃការ​ឆបោក ឬ ការ​គម្រាមកំហែង​ដែល​កំណត់​ក្នុង​ក្រមរដ្ឋប្បវេណី​មិន​ទាន់​បំពេញ​ក៏ដោយ​)។ ហើយកិច្ចសន្យាដែលមានលក្ខខណ្ឌឱ្យភាគីអ្នកប្រើប្រាស់តែម្ខាង​ទទួលរងការ​បាត់បង់ផលប្រយោជន៍ ត្រូវ​មោឃភាព (ដូចជា អ្នកលក់ «មិន​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះករណីបែបណាក៏ដោយ» ជាអាទិ៍)។