ជំពូកទី 3
នីតិ​សិទ្ធិ​ប្រត្យក្ស (1) ― នីតិសិទ្ធិ​ប្រត្យក្សទូទៅ
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​ប្រត្យក្ស
1​. «វត្ថុ» ក្នុងនាម​ទ្រព្យធនសកម្ម និង សិទ្ធិ​ប្រត្យក្ស
2. និយមន័យនៃ​សិទ្ធិប្រត្យក្ស និង គោលការណ៍​កំណត់​សិទ្ធិ​ប្រត្យក្ស​ដោយ​ច្បាប់
3. ប្រភេទ​នៃ​សិទ្ធិ​ប្រត្យក្ស
4. ការប្រៀបធៀប​នីតិសិទ្ធិប្រត្យក្សទូទៅ និង នីតិសិទ្ធិប្រាតិភោគ​ប្រត្យក្ស
II. ចំណុច​សំខាន់នៃនីតិសិទ្ធិ​ប្រត្យក្ស​ទូទៅដែល​ត្រូវ​សិក្សា​
1. សិទ្ធិ​ទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស
2. ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស
3. កម្មសិទ្ធិ
4. សិទ្ធិ​ប្រត្យក្សប្រើប្រាស់អាស្រ័យផលក្រៅពីកម្មសិទ្ធិ
5. សិទ្ធិ​កាន់កាប់
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសិទ្ធិ​ប្រត្យក្ស
1​. «វត្ថុ» ក្នុងនាម​ទ្រព្យធនសកម្ម និង សិទ្ធិ​ប្រត្យក្ស
ក្រម​រដ្ឋប្បវេណីបានបញ្ញត្តដោយ​បែង​ចែក​សិទ្ធិ​ដែលយើងមានជា សិទ្ធិ​ចំពោះវត្ថុ និង សិទ្ធិចំពោះបុគ្គល។ សិទ្ធិ​ចំពោះ​វត្ថុមាន​កំណត់​ក្នុង​គន្ថីទី2 សិទ្ធិ​ប្រត្យក្ស នៃ​ក្រម​រដ្ឋប្បវេណី ហើយ​ហៅថា នីតិសិទ្ធិប្រត្យក្ស។
ដើម្បីធ្វើ​ឱ្យ​ងាយស្រួលយល់ដល់​អ្នក​ដែល​សិក្សា​ផ្នែកសេដ្ឋកិច្ច និង ផ្នែក​គណនេយ្យ ខ្ញុំសូម​រៀប​រាប់​អំពី​ទ្រព្យធន​សកម្មជាមុន។ ឧទាហរណ៍ ពាក្យថា ទ្រព្យធន​សកម្មនៅ​ក្នុង​ផ្នែកគណនេយ្យ គឺ​សំដៅទៅលើ​សមត្ថភាព​ក្នុងការ​រកចំណូលនាពេលអនាគតរបស់​ក្រុមហ៊ុន ប៉ុន្តែ នៅទីនេះយើងមិនពិចារណាពិបាកបែបនេះទេ ហើយ​សូម​អ្នក​ទាំងអស់គ្នាគិតថា ជាគោលការណ៍ គឺ​សំដៅទៅលើទ្រព្យសម្បត្តិ​ដែលបុគ្គល​ម្នាក់​មាន។ ​ទ្រព្យ​សម្បត្តិ​របស់​បុគ្គលអាចមាន អចលនវត្ថុដូចជា​ អគារ និង ដី, និងចលនវត្ថុដូចជា គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ ផ្ទាំង​គំនូរ, ព្រម​ទាំង​សិទ្ធិ​លើបំណុលក្នុងទម្រង់ដូចជា ប័ណ្ណភាគហ៊ុន គណនីត្រូវទទួល ប្រាក់កម្ចី និង ប្រាក់​សន្សំក្នុងកុង​ធនាគារ ជាដើម។ ក្រៅពីនេះ ក៏មានសាច់​ប្រាក់​សុទ្ធផងដែរ។ ក្នុង​ចំណោម​វត្ថុខាងលើនេះ ចំពោះ​ចលនវត្ថុ និង អចលនវត្ថុដែល​មាន​រូបរាង ហៅថា «វត្ថុ» ក្នុងន័យក្រម​រដ្ឋប្បវេណី​ (និយមន័យនៃវត្ថុ មាននៅក្នុងមាត្រា85 នៃ​បទ​ប្បញ្ញត្តិ​ទូទៅ ក្រម​រដ្ឋប្បវេណី) (⇒ ពាក្យគន្លឹះ: វត្ថុចម្បង និង វត្ថុចំណុះ, វត្ថុដើម និង ផល)។ ហើយ​សិទ្ធិ​គ្រប់​គ្រង​ដោយ​ផ្ទាល់ចំពោះ​វត្ថុ​ប្រភេទនេះរបស់​បុគ្គលហៅថា «សិទ្ធិ​ប្រត្យក្ស»។ មានន័យថា នៅក្នុងនីតិសិទ្ធិ​ប្រត្យក្សមិន​បាន​កំណត់​អំពីវត្ថុណាដែល​នឹង​ក្លាយ​ទ្រព្យធន​សកម្មនោះទេ ប៉ុន្តែ កំណត់​អំពី​ទម្រង់នៃ​សិទ្ធិ​គ្រប់គ្រងដែល​បុគ្គល​មាន​ចំពោះ​វត្ថុ។
ដោយឡែក នៅក្នុងក្រម​រដ្ឋប្បវេណី​ជប៉ុនបាន​ចាត់ទុកថា ដី និង អគារនៅលើ​ដីនោះ គឺជា​អចលនវត្ថុ​​ឯក​រាជ្យ​ពីគ្នា (ក៏មាន​ប្រទេសផ្សេងដែល​ចាត់ទុកថា​ជា​វត្ថុ​តែ​មួយ​ផងដែរ)។ ហើយផ្ទុយពីនេះ ជាគោលការណ៍ ដើមឈើនៅលើដីនោះគឺ​ជាផ្នែក​មួយ​នៃ​ដី (វត្ថុ​ភ្ជាប់នៅក្នុងមាត្រា86។ ត្រូវ​ចាត់ទុកថា​អចលនវត្ថុ) ហើយ​វាអាច​ក្លាយ​ជា​កម្មវត្ថុ​នៃការធ្វើ​ជំនួញ​ឯករាជ្យ ដោយតម្រូវឱ្យមានតែ​ឆន្ទៈ​របស់​ភាគី និង ការកំណត់​​របស់​ច្បាប់ប៉ុណ្ណោះ។
ពាក្យគន្លឹះ: វត្ថុចម្បង និង វត្ថុ​ចំណុះ, វត្ថុដើម និង ផល
ក្នុងករណីដែល​វត្ថុ 2 មាន​ទំនាក់​ទំនង​ជាចម្បង និង ​ចំណុះ​ជាលក្ខណៈសត្យានុម័ត និង ​សេដ្ឋកិច្ច(ឧទាហរណ៍ ផ្ទះ និង គ្រឿងសង្ហារឹមនៅខាងក្នុងជាដើម) ហៅថា វត្ថុ​ចម្បង និង វត្ថុ​ចំណុះ ហើយ​នៅក្នុង​ទំហំ​ដែលមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់សិទ្ធិរបស់​អ្នក​ដទៃ វាសនាគតិយុត្ត​របស់​វត្ថុ​ចំណុះ​ត្រូវ​អនុលោមតាម​វត្ថុ​ចម្បង (ឧទាហរណ៍ បើសិនជា​វត្ថុ​ចម្បង​ត្រូវ​បានលក់ វត្ថុចំណុះត្រូវ​បាន​លក់ដូច​គ្នា)។ វត្ថុ​ចម្បង និង​ វត្ថុចំណុះ​ត្រូវ​ស្ថិត​នៅក្រោម​កម្មសិទ្ធិករ​តែ​មួយ ហើយ​វត្ថុ​ចំ​ណុះ​ត្រូវ​តែ​ជា​វត្ថុ​ដែល​ឯករាជ្យពី​វត្ថុចម្បង (ទ្វារ និង ទ្វារសំណាញ់ខាងក្រៅអគារ គឺនៅជាប់នឹងអគារ ហើយមិន​អាច​ក្លាយ​ជា​​វត្ថុ​ឯក​រាជ្យពី​អគារដែល​ជា​វត្ថុ​ចម្បងនោះទេ)។
វត្ថុដែល​មាន​ប្រយោជន៍​សេដ្ឋកិច្ចកើតចេញពីវត្ថុអ្វីមួយ ហៅថា ផល។ ហើយវត្ថុដែល​បង្កើត​ផល​ ហៅថា វត្ថុ​ដើម។​ សូមចំណាំថា ពាក្យថា ផល មិនមែន​សំដៅតែ​ទៅលើផលជា​ផ្លែផ្កានោះទេ។ ផល​ដែល​កើត​ចេញពី​ធម្ម​ជាតិ ឬ សកម្មភាព​មនុស្ស តាម​រយៈវិធី​ប្រើវត្ថុដើមបែបសេដ្ឋកិច្ច ហៅថា ផលធម្មជាតិ (ដូចជា ស៊ុត ផ្លែឈើ រោមចៀម គ្រួស រ៉ែ និង ខ្សាច់ ជាអាទិ៍។ មាត្រា88 កថាខណ្ឌទី1) ចំណែកឯ ប្រាក់ ឬ វត្ថុ​ផ្សេង​ទៀត ដែល​ទទួលបាន​ក្នុង​នាម​ជា​តម្លៃតប​ទៅនឹង​ការប្រើប្រាស់​វត្ថុ​ដើម ហៅថា ផលស៊ីវិល (ដូចជា ថ្លៃឈ្នួល ការប្រាក់ ជាអាទិ៍។ មាត្រា88 កថាខណ្ឌទី2)។
2. និយមន័យនៃ​សិទ្ធិប្រត្យក្ស និង គោលការណ៍​កំណត់​សិទ្ធិ​ប្រត្យក្ស​ដោយ​ច្បាប់
ចំពោះនិយមន័យ​នៃ​សិទ្ធិ​ប្រត្យក្ស យើងបានរៀបរាប់ដោយសង្ខេបរួច​ហើយ (ជំពូកទី1)។ ឧទាហរណ៍ យើងមានកម្មសិទ្ធិលើ​នាឡិកាដៃមួយ ​ក្នុងករណីនេះ យើងអាច​ប្រើប្រាស់​នាឡិកានោះ​ដោយសេរី និង ទទួលផល​ ព្រមទាំងចាត់ចែង​ផងដែរ។ ហើយ «សិទ្ធិដែល​បុគ្គល​អាច​គ្រប់​គ្រង​ដោយ​ចំពោះលើ​វត្ថុ​អ្វី​មួយ​» ហៅថា «សិទ្ធិ​ប្រត្យក្ស»។ អាស្រ័យហេតុនេះ នៅក្នុងសិទ្ធិ​ប្រត្យក្ស​​ជា​សិទ្ធិដែល​អាច​គ្រប់គ្រង​ដោយ​ផ្ទាល់លើ​វត្ថុ​អ្វី​មួយ ប្រាកដជាមានលក្ខណៈដែល​ហាម​មិន​ឱ្យ​អ្នក​ដទៃ​មករំខានដល់ការ​គ្រប់គ្រង​វត្ថុនោះ និង លក្ខណៈ​ដែល​អាច​អះអាង​ចំពោះ​បុគ្គលគ្រប់រូប​ទូទាំង​ពិភពលោក​។ នេះហៅថា លក្ខណៈផ្តាច់មុខ ឬ លក្ខណៈ​ដាច់ខាត​នៃ​សិទ្ធិ​ប្រត្យក្ស។ ហើយសិទ្ធិដែល​អាច​អះអាងចំពោះបុគ្គល​គ្រប់​រូប​ទូទាំង​ពិភពលោក​បែបនេះ មាន​ឥទ្ធិពល​​ដល់​បុគ្គលជុំវិញខ្លួន ហេតុនេះហើយ​ បុគ្គល​ម្នាក់ៗ​មិន​អាច​បង្កើត​ខ្លឹមសារ​នៃ​សិទ្ធិ​ប្រត្យក្សនេះតាម​ចិត្ត​ឯងនោះទេ។ ដូចនេះ ក្រម​រដ្ឋប្បវេណី មាត្រា175 បានកំណត់ថា «សិទ្ធិ​ប្រត្យក្ស​អាច​បង្កើតបាន តែ​តាមខ្លឹមសារដែល​មាន​កំណត់​នៅ​ក្នុង​​ច្បាប់នេះ ឬ ច្បាប់ផ្សេងទៀតប៉ុណ្ណោះ»។ នេះមានន័យថា ភាគី​មិន​អាចបង្កើតប្រភេទនៃសិទ្ធិ​ប្រត្យក្ស​តាមរយៈ​កិច្ចសន្យាជាដើម ដែល​ខុសទៅ​នឹងប្រភេទនៃ​​សិទ្ធិ​ប្រត្យក្ស​ដែល​បាន​កំណត់​ក្នុង​ក្រម​រដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀតនោះទេ ហើយខ្លឹមសារនៃ​សិទ្ធិ​ប្រត្យក្ស​មិន​អាច​ខុស​ទៅនឹង​អ្វីដែល​មាន​កំណត់​​ក្នុង​ក្រម​រដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀតនោះទេ។ នេះហៅថា គោលការណ៍​កំណត់​សិទ្ធិ​ប្រត្យក្ស​ដោយច្បាប់។ ដូចនេះ បញ្ញត្តិ​អំពី​ប្រភេទ និង ខ្លឹមសារនៃ​សិទ្ធិ​ប្រត្យក្ស​ គឺ​ជា​បញ្ញត្តិ​ដែល​អនុវត្ត​ដោយបង្ខំ ដែល​មិន​អាច​ធ្វើការ​ផ្លាស់​ប្តូរ​តាមឆន្ទៈរបស់​ភាគីបានឡើយ។ នេះគឺជា​ចំណុចដែល​​ខុស​គ្នា​ទាំង​ស្រុង​ពីសិទ្ធិ​លើ​បំណុល ដែលភាគី​អាច​បង្កើត​បាន​ដោយសេរីតាមរយៈកិច្ចសន្យា​បាន (ចំពោះ​សិទ្ធិ​លើបំណុល ភាគី​អាច​បង្កើត​ខ្លឹមសារនៃ​សិទ្ធិ​លើបំណុលរាប់ពាន់រាប់ម៉ឺនរូបភាពខុសគ្នាតាមរយៈកិច្ចសន្យា​បាន ដរាប​ណាមិន​ផ្ទុយទៅនឹង​សណ្តាប់ធ្នាប់​សាធារណៈ និង ទំនៀម​ទម្លាប់ល្អ។ ដោយសារតែ សិទ្ធិ​លើ​បំណុល​មាន​អានុភាព​មិន​ដាច់ខាត ដោយ​មាន​ចំណងរវាងភាគីតែប៉ុណ្ណោះ ហេតុនេះហើយ ភាគី​អាច​បង្កើត​បាន​ដោយ​សេរី)។
3. ប្រភេទ​នៃ​សិទ្ធិ​ប្រត្យក្ស
(1) កម្មសិទ្ធិ
ឥលូវនេះ យើងនឹង​មើលអំពី​ប្រភេទ​នៃ​សិទ្ធិ​ប្រត្យក្ស​ដែលត្រូវបានកំណត់នៅក្នុង​ក្រម​រដ្ឋប្បវេណី (​ប្រភេទ​នៃ​សិទ្ធិ​គ្រប់​គ្រង​ចំពោះវត្ថុ​របស់​បុគ្គល)។ កម្មវត្ថុដែលតំណាង​ឱ្យ​សិទ្ធិ​ប្រត្យក្សគឺ កម្មសិទ្ធិ (មាត្រា​206)។ កម្មសិទ្ធិ​ករ​នៃ​នាឡិ​កាអាច​ប្រើប្រាស់ អាស្រ័យផល និង ចាត់ចែងនាឡិកានោះ ​ដោយចិត្តឯង និង ដោយសេរីបាន។ នេះមានន័យថា កម្ម​សិទ្ធិ គឺ​ជាទម្រង់មួយនៃ​សិទ្ធិ​ប្រត្យក្សជាសកលយ៉ាងពេញលេញ។ ហេតុនេះ យើងនឹង​មើលបន្តថា តើ​សិទ្ធិ​ប្រត្យក្ស​ណា​ខ្លះដែល​គ្មាន​ទម្រង់ជា​សកលយ៉ាង​ពេញលេញ?
(2) សិទ្ធិ​ប្រត្យក្ស​ដែល​ត្រូវ​បានកម្រិត​ក្រៅពី​កម្មសិទ្ធិ
ឧទាហរណ៍ ចំពោះវត្ថុ​ដែល​ A មាន​កម្មសិទ្ធិលើក៏ដោយ ក៏ B ដែលជាអ្នកដទៃអាច​មាន​សិទ្ធិ​មួយ​ផ្នែក​ទៅលើ​វត្ថុ​នោះដែរ។ ចំណុចដែល​ត្រូវ​ចំណាំនៅទីនេះគឺ​ ដើមឡើយសិទ្ធិ​ប្រត្យក្ស​ប្រភេទដូច​គ្នាមិន​អាច​មាន​នៅលើវត្ថុ​តែ​មួយនោះទេ (គោលការណ៍​សិទ្ធិមួយ​លើវត្ថុ​មួយ)។ ឧទាហរណ៍ បងប្អូន 2នាក់ មាន​កម្មសិទ្ធិ​លើវត្ថុតែមួយ ក្នុងករណីនេះ បងប្អូននោះ​មាន​កម្ម​សិទ្ធិ​អវិ​ភាគរួមគ្នាលើវត្ថុតែមួយ មិនមែនមាន​កម្មសិទ្ធិ​​ម្នាក់​មួយនោះទេ។ ហើយ​កម្មសិទ្ធិដែល​មាន​តែមួយ​លើវត្ថុ​មួយ អាចកាត់​ផ្តាច់នូវ​មុខងារ​ណាមួយ ក្នុង​ចំណោមមុខងារ​នៃ​កម្មសិទ្ធិ​ដែលមានការ​ប្រើប្រាស់ ការ​អាស្រ័យផល និង ការ​ចាត់ចែង ទៅ​ឱ្យ​បុគ្គល​ដទៃកាន់បាន (​កម្មសិទ្ធិករ​លើដីគឺជា A ប៉ុន្តែ សិទ្ធិ​ប្រើប្រាស់ដើម្បីដាំដុះនៅលើដីនោះគឺជា B ជាដើម)។ នេះហៅថា សិទ្ធិ​ប្រត្យក្សផ្សេងទៀតក្រៅពីកម្មសិទ្ធិ ឬ សិទ្ធិ​ប្រត្យក្ស​ដែល​ត្រូវ​បាន​កម្រិត។
(3) សិទ្ធិប្រត្យក្ស​ប្រើប្រាស់អាស្រ័យផល
ប្រភេទនៃ​សិទ្ធិ​ប្រត្យក្សផ្សេងទៀតដែល​ក្រម​រដ្ឋប្បវេណី​បានកំណត់រួមមាន សិទ្ធិ​លើដី ជា​សិទ្ធិប្រើប្រាស់​ដី​អ្នក​ដទៃ​ដោយសេរី ដូច​ជាសាងសង់សំណង់​អគារនៅលើដីនោះជាដើម (ចាប់ពីមាត្រា​265), សិទ្ធិ​បង្កើនផល​អចិន្ត្រៃយ៍ ជាសិទ្ធិប្រើប្រាស់ដីរបស់​អ្នកដទៃសម្រាប់ដាំដំណាំ ឬ ចិញ្ចឹមសត្វ (ចាប់ពីមាត្រា270), សេវភាព ជាសិទ្ធិ​ប្រើប្រាស់​ដីរបស់អ្នកដទៃដើម្បីចេញចូល ឬ ទាញយកទឹកជាដើម សម្រាប់​ជា​ប្រយោជន៍​ដីរបស់ខ្លួន (ចាប់ពីមាត្រា280), និងសិទ្ធិ​ចំពោះទ្រព្យរួម​របស់​សមាជិក​នៃសហគមន៍ ជាសិទ្ធិដែលក្រុម​មនុស្សជាក់លាក់មួយ អាច​ប្រើប្រាស់ដីរួម​គ្នា (មាត្រា263 និង មាត្រា294)។ សិទ្ធិទាំងនេះគឺជាសិទ្ធិដែលពាក់ព័ន្ធនឹងអចលនវត្ថុ ហើយជាសិទ្ធិ​ប្រត្យក្សដែល​ត្រូវ​បាន​កម្រិត​ទាំង 4ប្រភេទ សម្រាប់ប្រើប្រាស់​វត្ថុ​របស់​អ្នក​ដទៃ។ ជាទូទៅ សិទ្ធិ​ទាំងនេះហៅថា សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល។ នេះមានន័យ​ថា សិទ្ធិប្រត្យក្សប្រើប្រាស់អាស្រ័យផល ត្រូវ​បានកម្រិត​ត្រឹមតែ​ខ្លឹមសារនៃការ​ប្រើប្រាស់ និង អាស្រ័យផលលើ​វត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃប៉ុណ្ណោះ និងជា​សិទ្ធិ​ប្រត្យក្សដែល​ត្រូវ​បានកម្រិតដែលរឹតត្បិត​ទៅលើ​កម្មសិទ្ធិត្រឹមកម្រិតនោះ។
(4) សិទ្ធិប្រាតិភោគប្រត្យក្ស
ផ្ទុយពីនេះ ក្រម​រដ្ឋប្បវេណី​ក៏​មាន​កំណត់​អំពីខ្លឹមសារនៃសិទ្ធិប្រត្យក្សដែលត្រូវបានកម្រិត ដែល​ជាសិទ្ធិធានាតែតម្លៃនៃវត្ថុដែល​ជា​កម្ម​សិទ្ធិ​របស់​អ្នកដទៃ និង គ្មាន​ការ​ប្រើប្រាស់ជាក់ស្តែង​លើវត្ថុនោះ។ ជាក់ស្តែង ម្ចាស់បំណុល​ក្តោបក្តាប់តម្លៃ​នៃវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​កូនបំណុល នៅពេលដែលម្ចាស់បំណុលនោះបាន​ឱ្យប្រាក់​ទៅ​កូនបំណុល​ខ្ចីជាដើម ដើម្បី​ធានា​ការ​ប្រមូល​សិទ្ធិ​លើបំណុល​របស់ខ្លួនមក​វិញ។ នេះហៅថា សិទ្ធិ​ប្រាតិភោគប្រត្យក្ស (មានន័យថា នៅពេល​ដែល​ខ្ចីប្រាក់ កូន​បំណុលបាន​ដាក់ទ្រព្យសម្បត្តិ​របស់ខ្លួន​ដើម្បីធានា ហើយ​បើសិនជា​មិន​អាច​សងប្រាក់​តាមកំណត់ពេលទេ ម្ចាស់បំណុល​អាចលក់​វត្ថុ​ដែល​បាន​ផ្តល់ជា​ការ​ធានានោះ ហើយ​ប្រមូលប្រាក់ដែលបានឱ្យខ្ចីនោះពី​ថ្លៃលក់វត្ថុនោះវិញ។ ទម្រង់នៃការ​អនុវត្ត​បែបនេះ គឺជាសិទ្ធិ​ប្រាតិភោគប្រត្យក្ស)។ សិទ្ធិ​ប្រាតិភោគ​ប្រត្យក្សដែលមានកំណត់ក្នុងក្រម​រដ្ឋប្បវេណី​អាចបែងចែកជា 2 គឺ សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យា (​សិទ្ធិនេះ​កើត​ឡើង​តាមរយៈ​កិច្ច​សន្យា​របស់ភាគី) និង សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់របស់ច្បាប់ (​សិទ្ធិនេះត្រូវបាន​ផ្តល់ដោយច្បាប់ ក្នុងករណី​ដែល​ស្ថានភាព​ជាក់លាក់ណាមួយបានកើតឡើង)។ សិទ្ធិប្រាតិភោគប្រត្យក្សតាមការកំណត់ក្នុងកិច្ចសន្យារួមមាន សិទ្ធិលើការបញ្ចាំ (ចាប់ពីមាត្រា342។ ដោយឡែក សិទ្ធិ​លើការបញ្ជំា ក៏អាចបង្កើតនៅលើអចលនវត្ថុ និង សិទ្ធិ​លើ​បំណុលផងដែរ) ដែល​ត្រូវបានបង្កើតញឹកញាប់ទៅលើចលនវត្ថុ ពោលគឺ​ទំនិញទូទៅ និង ហ៊ីប៉ូតែក (ចាប់ពី​មាត្រា369) ដែលត្រូវបាន​ប្រើ​ប្រាស់​ទៅលើអចលនវត្ថុ ពោលគឺដី និង អគារ។ សិទ្ធិប្រាតិភោគ​ប្រត្យក្ស​តាមការ​កំណត់​របស់​ច្បាប់ រួមមានសិទ្ធិឃាត់ទុក (ចាប់ពីមាត្រា295) និង ឯកសិទ្ធិ (ចាប់ពីមាត្រា303)។
(5) សិទ្ធិ​កាន់កាប់
ហើយសិទ្ធិ​មួយ​ទៀតដែលជាមិត្តរបស់​សិទ្ធិ​ប្រត្យក្ស គឺ សិទ្ធិកាន់កាប់។ សិទ្ធិដែល​ត្រូវ​បាន​យក​មក​បញ្ញត្តិដំបូង​គេនៅក្នុង​គន្ថី​ស្តីពីសិទ្ធិ​ប្រត្យក្ស ពុំមែនជា​បញ្ញត្តិនៃកម្មសិទ្ធិនោះទេ ប៉ុន្តែជាបញ្ញត្តិអំពី​សិទ្ធិកាន់កាប់ (សិទ្ធិ​កាន់កាប់ ត្រូវបានបញ្ញត្តចាប់ពីមាត្រា180) ពី​ព្រោះ សិទ្ធិ​នេះ​មាន​សារធាតុ​ខ្លះខុស​ពី​សិទ្ធិ​ប្រត្យក្សផ្សេងទៀត។ មានន័យថា សិទ្ធិ​ប្រត្យក្ស​ចាប់ពីកម្មសិទ្ធិ​ទៅ ទោះបីមានលក្ខណៈពេញលេញ ឬមួយផ្នែកក៏ដោយ សុទ្ធតែជា​សិទ្ធិ​ដែល​មាន​រូបភាព​បង្ហាញ​អំពី​សិទ្ធិអំណាចតាមច្បាប់​សារធាតុដែល​បុគ្គល​មាន​ចំពោះ​វត្ថុ (សិទ្ធិ​ដែល​នាំឱ្យ​មានមូល​ហេតុគតិយុត្ត) ប៉ុន្តែ សិទ្ធិ​កាន់កាប់មិន​មែនពិចារណាបែបនេះនោះទេ ហើយវា​ជា​ប្រព័ន្ធមួយ​ដែល​ការពារ​ស្ថានភាព​ជាក់ស្តែងនៃការ​គ្រប់គ្រងលើវត្ថុ​នោះនៅពេល​បច្ចុប្បន្ន ដោយ​មិន​គិត​អំពីម្ចាស់​សិទ្ធិតាមច្បាប់​​សារធាតុនោះទេ (មានពន្យល់នៅពេលក្រោយក្នុងចំណុចទី II 5)។
ដូចនេះ គន្ថីស្តីពីសិទ្ធិ​ប្រត្យក្សក្នុងក្រម​រដ្ឋប្បវេណី ត្រូវ​បាន​បញ្ញត្តតាម​លំដាប់ដែល​ចាប់ផ្តើមចេញពីសិទ្ធិ​កាន់​កាប់ កម្មសិទ្ធិ សិទ្ធិប្រត្យក្សប្រើប្រាស់​អាស្រ័យផល និង សិទ្ធិប្រាតិភោគប្រត្យក្ស។ នៅក្នុងចំណោមសិទ្ធិខាងលើនេះ សិទ្ធិកាន់កាប់ កម្មសិទ្ធិ និងរហូត​ដល់​សិទ្ធិ​ប្រត្យក្សប្រើប្រាស់​អាស្រ័យផល នៅក្នុងការ​សិក្សាផ្នែកច្បាប់ គេហៅថា នីតិសិទ្ធិ​ប្រត្យក្សក្នុងន័យ​ចង្អៀត ឬ នីតិសិទ្ធិ​ប្រត្យក្សទូទៅ។ ចំណែកឯ ​ការសិក្សាសិទ្ធិ​ប្រាតិភោគប្រត្យក្សវិញ គេបាន​ចាត់ទុក​ជា​ផ្នែកឯករាជ្យ ហើយហៅថា នីតិសិទ្ធិប្រាតិភោគប្រត្យក្ស។
4. ការប្រៀបធៀប​នីតិសិទ្ធិប្រត្យក្សទូទៅ និង នីតិសិទ្ធិប្រាតិភោគ​ប្រត្យក្ស
នីតិសិទ្ធិ​ប្រត្យក្សទូទៅមានចំណុចពិសេសត្រង់ មាន​ខ្លឹមសារជា​លក្ខណៈទ្រឹស្តីច្រើន និងមានមាត្រាដែល​ជា​បញ្ញត្តិ​ដែល​អនុវត្ត​ដោយ​បង្ខំ​ច្រើន។ ចំណែកឯ នីតិសិទ្ធិ​ប្រាតិភោគប្រត្យក្សវិញមាន​ចំណុចពិសេសត្រង់លក្ខណៈមុខងារ និង លក្ខណៈបច្ចេកទេស ដែលអាច​និយាយបានថា ជាផ្នែកមួយ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់ប្រតិបត្តិការ​ហិរញ្ញវត្ថុជាក់ស្តែង (នៅក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុជាក់ស្តែង នីតិសិទ្ធិ​ប្រាតិភោគប្រត្យក្ស និង នីតិសិទ្ធិលើបំណុល​ទូទៅ បាន​ក្លាយ​ជា​បញ្ហាញឹកញាប់ជាងគេ)។ បើនិយាយឱ្យស្រួលយល់ នៅក្នុង​នីតិសិទ្ធិប្រត្យក្យ​ទូទៅ យើងនឹងសិក្សា​ដោយ​ផ្តោតសំខាន់ថា តើសិទ្ធិ​ប្រត្យ​ក្ស​គឺជាអ្វី? ចំណែកឯ នៅក្នុងនីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្សវិញ យើងនឹង​សិក្សា​​ថា តើសិទ្ធិ​ប្រត្យក្សនេះ​ត្រូវ​ប្រើប្រាស់បែបណា ដើម្បី​ធានា និងប្រមូល ​សិទ្ធិ​លើ​បំណុល​ដែល​ជា​ប្រាក់​កម្ចី ឬ គណនីត្រូវទទួល ជាអាទិ៍។ លើសពីនេះ ប្រសិនបើយើងមិន​យល់ដល់​ប្រតិបត្តិការជំនួញជាក់ស្តែងទេ យើងនឹងមាន​ភាព​លំបាកយ៉ាងខ្លាំងដើម្បីយល់អំពី​អត្ថន័យពិតនៃនីតិ​សិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស។ ដូចនេះ នៅក្នុង​លំដាប់លំដោយ​នៃការ​​សិក្សា​ក្រម​រដ្ឋប្បវេណី យើងអាច​សិក្សា​អំពីនីតិសិទ្ធិ​ប្រត្យក្សទូទៅជាមុនបាន ប៉ុន្តែ នីតិសិទ្ធិ​ប្រាតិភោគប្រត្យក្សវិញ គួរតែ​ទុក​ក្រោយបន្តិចសិន។ វិធីសាស្ត្រសិក្សាមួយ​ដែល​ខ្ញុំ​អាច​ណែនាំបានគឺ ដំបូងយើងត្រូវ​យល់អំពីចំណុច​ជា​មូល​ដ្ឋាន​នៃនីតិសិទ្ធិប្រត្យក្សទូទៅ ហើយបន្ទាប់មកទៀត ទើបសិក្សា​អំពីនីតិសិទ្ធិប្រាតិភោគ​ប្រត្យក្សដែលពាក់ព័ន្ធនឹងសិទ្ធិ​លើ​បំណុល​ទូទៅ។ ហេតុនេះ នៅក្នុង​សៀវភៅនេះ ខ្ញុំនឹង​បង្ហាញត្រួសៗអំពីនីតិសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស​នៅក្នុងផ្នែកនេះ ហើយការបកស្រាយលម្អិតនឹង​ធ្វើឡើងនៅក្នុងជំពូកទី7 បន្ទាប់ពីបាន​សិក្សាអំពី​នីតិសិទ្ធិលើ​បំណុលរួច។
II. ចំណុច​សំខាន់នៃនីតិសិទ្ធិ​ប្រត្យក្ស​ទូទៅដែល​ត្រូវ​សិក្សា​
1. សិទ្ធិ​ទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស
ដូច​បានរៀបរាប់រួចហើយថា សិទ្ធិប្រត្យក្ស គឺជា​សិទ្ធិ​គ្រប់គ្រងដាច់ខាត និងផ្តាច់មុខលើវត្ថុ ហើយអាច​អះអាង​ចំពោះបុគ្គលគ្រប់រូប។ លើសពីនេះ ក្នុងករណី​ដែល​សិទ្ធិ​នេះ​ត្រូវ​បាន​បំពានដោយ​បុគ្គលដទៃ យើងអាច​ទាមទារឱ្យបញ្ឈប់ការបំពាននោះ ទាមទារឱ្យ​ប្រគល់វិញចំពោះវត្ថុដែល​បុគ្គលដទៃបានដកហូត និងទាមទារ​មិន​ឱ្យកើតមានការបំពាន ដោយ​ផ្អែកលើ​សារធាតុជាមូលដ្ឋានដែលសិទ្ធិប្រត្យក្សមាន។ នេះហៅថា សិទ្ធិទាមទារដោយ​ផ្អែកលើសិទ្ធិ​ប្រត្យក្ស។ សិទ្ធិ​ទាមទារ​ដោយ​ផ្អែក​លើសិទ្ធិ​ប្រត្យក្សនេះ គឺជាសិទ្ធិ​ដែល​កើតចេញពីការមានសិទ្ធិប្រត្យក្សផ្ទាល់ (ក្នុងករណីនេះ បើសិនជា​មាន​ស្ថានភាពនៃការ​បំពាន​ដែល​ខុសនឹង​ច្បាប់​ជា​សច្ចានុម័ត ម្ចាស់សិទ្ធិអាច​អនុវត្ត​សិទ្ធិទាមទារនេះបាន ដោយមិនតម្រូវ​ឱ្យមាន​អត្ថិភាពនៃចេតនា ឬ កំហុស​របស់​អ្នក​បំពាននោះទេ) ហើយខុស​គ្នាពីសិទ្ធិ​ទាមទារ​ដោយផ្អែកលើ​សិទ្ធិ​លើបំណុល ដែល​បុគ្គលណាម្នាក់​អាច​ទាមទារ​ចំពោះបុគ្គលជាក់លាក់ផ្សេងដោយផ្អែកលើកិច្ចសន្យា​ជាដើម (ឧទាហរណ៍ ការ​ទាមទារ​ថ្លៃ​លក់ទិញដោយ​ផ្អែកលើកិច្ចសន្យា​លក់ទិញ ជាអាទិ៍)។ មានន័យថា បើនិយាយអំពី​កម្ម​សិទ្ធិ កម្មសិទ្ធិករអាច​ទាមទារឱ្យប្រគល់វិញ បើសិនជាបុគ្គលដទៃបានយកវត្ថុដែល​ជាកម្មសិទ្ធិរបស់ខ្លួនតាមទំនើងចិត្ត (ឬដោយចៃដន្យ) និង អាចទាមទារឱ្យ​ចាកចេញពី​ដីរបស់ខ្លួន បើសិនជា​បុគ្គលដទៃបាន​ចូលមកដោយគ្មានការអនុញ្ញាតជាដើម (សិទ្ធិ​ទាមទារ​ឱ្យបញ្ឈប់ការរារាំងដោយផ្អែកលើកម្មសិទ្ធិ)។ ហើយសូម្បីតែសិទ្ធិប្រត្យក្សដែលត្រូវ​បានកម្រិតផ្សេងទៀត ដូចជា សិទ្ធិលើដីជាដើម ក៏អាច​អនុវត្ត​សិទ្ធិ​ទាមទារដោយ​ផ្អែកលើសិទ្ធិ​ប្រត្យក្ស ទៅតាម​ទំហំ​នៃ​សិទ្ធិ​ប្រត្យក្សនីមួយៗផង​ដែរ (ចំពោះ​សិទ្ធិ​ទាមទារ​ដោយផ្អែកលើសិទ្ធិ​ប្រត្យក្សនៅក្នុងសិទ្ធិប្រាតិភោគ​ប្រត្យក្សដូចជា ហ៊ីប៉ូតែក ជាអាទិ៍ នឹង​មាន​រៀបរាប់នៅក្នុងជំពូកទី7)។
2. ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស ​
សិទ្ធិប្រត្យក្ស ទាំង​ចលនវត្ថុ និង អចលនវត្ថុ អាច​ត្រូវ​បានផ្ទេរតាមរយៈកិច្ចសន្យាដូចជា លក់ទិញ និង ប្រទាន​កម្ម​ និង អាច​ត្រូវបានផ្ទេរដោយមូលហេតុ​សន្តតិកម្មជាដើមផងដែរ។ ចំណុចដែល​ត្រូវ​ពិភាក្សាធំបំផុតនៅក្នុង​នីតិ​សិទ្ធិ​ប្រត្យក្សទូទៅ គឺការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្សនេះ ពោលគឺ បញ្ហានៅពេលដែល​សិទ្ធិប្រត្យក្សផ្ទេរពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ទៀត។ នៅក្នុងចំណុចនេះមានការ​ពិភាក្សាច្រើន និងមានទ្រឹស្តីជាច្រើនត្រូវបានបង្កើតឡើង។ ប៉ុន្តែ អ្នក​ទើបចាប់ផ្តើម​សិក្សា​មិនគួរផ្តោតសំខាន់លើការពិភាក្សាទាំងនោះពេកទេ ហើយបែរជា​មើលរំលងរចនាសម្ព័ន្ធស្នូលឡើយ។ នៅចំណុចនេះ យើងនឹង​សង្កត់ធ្ងន់អំពីរចនាសម្ព័ន្ធជាមូលដ្ឋាននៃបញ្ញត្តិក្នុងក្រម​រដ្ឋប្បវេណីជប៉ុន។
(1) គោលការណ៍បង្ហាញ​ជាសាធារណៈ
សិទ្ធិ​ប្រត្យក្សគឺជា​សិទ្ធិដែល​អាច​អះអាង​ចំពោះបុគ្គលគ្រប់រូប ហេតុនេះហើយ ប្រសិនបើបុគ្គលដែលនៅជុំវិញមិន​អាច​ដឹង​ថានរណាជាម្ចាស់សិទ្ធិតាមវិធីសាស្ត្រណាមួយនោះទេ បុគ្គលដែលនៅជុំវិញនោះ​នឹង​ជួបបញ្ហាលំបាក។ មានន័យថា ចំពោះសិទ្ធិ​ប្រត្យក្សគឺត្រូវ​តែ​មាន​វិធីណាមួយដែល​អាច​ជូន​ដំណឹង​ជាសាធារណៈអំពី​អត្ថិ​ភាពនៃសិទ្ធិនោះ និយាយជារួមគឺ សិទ្ធិនេះត្រូវ​តែមានវិធីបង្ហាញ​ជាសាធារណៈ។ គោលគំនិតដែល​លើកឡើងថាការ​ផ្លាស់​ប្តូរ​សិទ្ធិ​ប្រត្យក្សត្រូវ​ស្របជាមួយការ​បង្ហាញជាសាធារណៈ គេហៅថា គោលការណ៍​បង្ហាញ​ជាសាធារណៈ។ បច្ចុប្បន្ននេះ ចំណុចដែល​តម្រូវ​ឱ្យមានការ​បង្ហាញ​ជាសាធារណៈនេះ គឺដូចគ្នានៅតាមបណ្តាប្រទេសដទៃផងដែរ ប៉ុន្តែ បញ្ហាគឺអត្ថន័យគតិយុត្តដែល​មាននៅក្នុងការ​បង្ហាញ​ជាសាធារណៈ ។
(2) គោលការណ៍​នៃលក្ខខណ្ឌតតាំង
① សញ្ញាណទូទៅ
គោលការណ៍​ជា​មូល​ដ្ឋាននៃ​ក្រម​រដ្ឋប្បវេណី​ជប៉ុនចំពោះការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស ពោលគឺរចនាសម្ព័ន្ធ​ជា​មូល​ដ្ឋាន គឺដូចគ្នានឹង​ការផ្ទេរសិទ្ធិលើបំណុលទូទៅ ដែលនឹងមាន​រៀបរាប់នៅពេលក្រោយផងដែរ ពោលគឺ គោលការណ៍នៃលក្ខខណ្ឌតតាំង។ និយាយជារួម នៅក្នុង​ទំនាក់​ទំនង​រវាងភាគីនិងភាគី សិទ្ធិប្រត្យក្សត្រូវ​ផ្ទេរដោយការ​បង្ហាញឆន្ទៈរបស់ភាគីប៉ុណ្ណោះ (មាត្រា176។ ហៅថា គោលការណ៍​បង្ហាញឆន្ទៈនៃការ​ផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស។ នេះមានន័យថា «លក្ខខណ្ឌអានុភាព​» ដែលចាំបាច់ដើម្បីផ្ទេរសិទ្ធិ​ប្រត្យក្សមានតែការបង្ហាញ​ឆន្ទៈ​របស់ភាគីប៉ុណ្ណោះ)។ ប៉ុន្តែ ដើម្បីអះអាងការតតាំងអំពីចំណុច​ខាងលើនេះ ចំពោះ​បុគ្គលផ្សេងក្រៅពីភាគីក្នុងកិច្ចសន្យា ភាគី​ត្រូវបំពេញ​នីតិវិធីដើម្បី​តតាំងដែលច្បាប់បានកំណត់ ពោលគឺ បំពេញ​លក្ខខណ្ឌតតាំង។ ​(⇒ពាក្យគន្លឹះ: លក្ខខណ្ឌតតាំង) នៅក្នុងក្រម​រដ្ឋប្ប​វេណីជប៉ុន លក្ខខណ្ឌតតាំងនៃអចលនវត្ថុគឺការចុះបញ្ជី (មាត្រា177) និង លក្ខខណ្ឌតតាំងនៃចលនវត្ថុគឺ​ការប្រគល់​វត្ថុនោះ (មាត្រា178)។ (ដោយឡែក សូមនិយាយទុកជាមុនថា ទោះបីជាសិទ្ធិកាន់កាប់គឺជាសិទ្ធិប្រត្យក្សក៏ដោយ ក៏​សិទ្ធិនេះគ្រាន់តែការពារ​ត្រឹម​ស្ថានភាព​ជាក់ស្តែង​នៃការ​គ្រប់គ្រងវត្ថុ ហើយសិទ្ធិនេះខុសគ្នា​ទៅនឹង​សិទ្ធិ​ប្រត្យក្ស​ជាក់លាក់ផ្សេងទៀតដូច​ជា កម្មសិទ្ធិជាដើម ហេតុនេះហើយ ទោះបីជា​កំពុងតែកាន់កាប់​អចលនវត្ថុ​ក៏ដោយ ក៏​មិន​អាច​ចុះបញ្ជី​សិទ្ធិ​កាន់កាប់បានដែរ។
នេះមានន័យថា បើសិនជា A លក់ដីដែល​ជាកម្មសិទ្ធិ​របស់ខ្លួនឱ្យទៅ B ហើយគ្រាន់តែបង្កើតកិច្ចសន្យា ដោយបង្ហាញឆន្ទៈត្រូវ​គ្នាដែលថាចង់លក់និងចង់ទិញនោះ ក្នុងករណីនេះ ដីរបស់ A ក្លាយជាវត្តុរបស់ B តែនៅក្នុង​ទំ​នាក់ទំនងរវាង A និង B ប៉ុណ្ណោះ។ B មិនអាច​អះអាងថាវត្ថុនោះក្លាយជា​របស់ខ្លួន ចំពោះអ្នកនៅជុំវិញនោះដែលជា C D និង E នោះទេ ហើយដើម្បីអះអាងការតតាំងបាន លុះត្រាតែ B បានទទួលការ​ចុះបញ្ជីផ្ទេរពី A។ តាមរយៈ​ការផ្លាស់ប្តូរ​ឈ្មោះ​ក្នុងសៀវភៅចុះបញ្ជីមកឱ្យ B ហើយវាធ្វើឱ្យ B អាច​បង្ហាញ​ជា​សាធារណៈថា ខ្លួន​ជា​ម្ចាស់សិទ្ធិ។ ដូចនេះ វិធីបង្ហាញជា​សាធារណៈនៅប្រទេសជប៉ុនគឺ ការចុះបញ្ជី​ចំពោះអចលនវត្ថុ និង ការទទួលការប្រគល់ចំពោះចលនវត្ថុ ប៉ុន្តែ ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្សកើតឡើងតាមរយៈការបង្ហាញ​ឆន្ទៈ​របស់ភាគីប៉ុណ្ណោះ ហើយ​ការ​ផ្ទេរការចុះបញ្ជី និង ការប្រគល់វត្ថុគ្រាន់តែ​តម្រូវ​ឱ្យមាន​ក្នុងនាមជាលក្ខខណ្ឌ​តតាំងនោះទេ។
ពាក្យគន្លឹះ: លក្ខខណ្ឌតតាំង
នៅក្នុងប្រទេសជប៉ុន គេប្រើប្រាស់គោលការណ៍នៃលក្ខខណ្ឌតតាំង ទាំងទៅលើការអនុប្បទាន​សិទ្ធិ​លើបំណុល និង ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្សលើអចលនវត្ថុ និង ចលនវត្ថុ។ យើងនឹងបែង​ចែកឱ្យបាន​ត្រឹមត្រូវអំពី «លក្ខខណ្ឌអានុភាព» និង «លក្ខខណ្ឌតតាំង» នៃការ​ផ្ទេរសិទ្ធិ។ លក្ខខណ្ឌតតាំង​ចំពោះ​តតិយជន​នៃករណី​អនុប្ប​ទាន​សិទ្ធិ​លើបំណុល គឺការជូន​ដំណឹង​តាមរយៈលិខិតដែល​មាន​កាលបរិច្ឆេទស្ថាពរទៅកាន់កូនបំណុល ឬ ការយល់ព្រមពីកូនបំណុល (មាត្រា467 កថាខណ្ឌទី2⇒ជំពូកទី6 II 5 (2))។
② នីតិប្រៀបធៀប
គោលគំនិតដែលយកការព្រមព្រៀងធ្វើជាការ​ផ្ទេរសិទ្ធិប្រត្យក្ស ហើយយកការប្រគល់ ឬ ការចុះបញ្ជីធ្វើជាលក្ខ​ខណ្ឌ​តតាំងនេះ គឺ​ជា​គោលគំនិត​បែបប្រទេសបារាំង។ ផ្ទុយមកវិញ នៅក្នុងគោលគំនិត​បែបប្រទេសអាឡឺម៉ង់ សិទ្ធិ​ប្រត្យក្សមិន​ផ្ទេរដោយ​គ្រាន់តែ​មាន​ការព្រមព្រៀងនោះទេ។ ករណី​អចលនវត្ថុ ការ​ផ្លាស់ប្តូរ​សិទ្ធិប្រត្យ​ក្ស​កើត​ឡើងដំបូងនៅពេល​ដែលផ្ទេរការចុះបញ្ជី ចំណែកឯករណីចលនវត្ថុវិញ ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្សកើតឡើងដំបូង​នៅពេល​ប្រគល់។ មានន័យថា នៅប្រទេសអាឡឺម៉ង់ ការចុះបញ្ជីមិនមែន​ជា​​លក្ខខណ្ឌតតាំងនោះទេ ប៉ុន្តែ វាជា​លក្ខខណ្ឌបង្កើត និង លក្ខខណ្ឌអានុភាពនៃការ​ផ្លាស់​ប្តូរ​សិទ្ធិ​ប្រត្យក្ស។ តាមពិត វិធីចុះបញ្ជី​របស់​ប្រទេសបារាំង និង ប្រទេស​អា​ឡឺម៉ង់គឺខុសគ្នា ហើយ​ច្បាប់ចុះបញ្ជី​នៅក្នុងប្រទេសជប៉ុនកំពុងប្រើប្រាស់វិធី​ចុះបញ្ជី​ជាក់ស្តែងតាម​គោល​គំនិតបែប​អាឡឺម៉ង។ ដោយសារមានស្ថានភាពខាងលើនេះផង និងវិធីរបស់​ប្រទេសអាឡឺម៉ង់ដែល​សិទ្ធិមាន​នៅនឹងកន្លែង​ចុះបញ្ជីតែម្តង​បែបនេះ វាងាយស្រួយយល់ផង ហេតុនេះហើយ នៅក្នុងចំណោមអ្នកសិក្សាច្បាប់​ជប៉ុនក៏មាន
ទស្សនៈ​ដែល​អះអាងគាំទ្រ​ការ​បកស្រាយ​តាម​បែប​ប្រទេសអាឡឺម៉ង់ ចំពោះការ​ផ្លាស់​ប្តូរ​សិទ្ធិ​ប្រត្យក្ស​ផងដែរ។ ការ​ពិភាក្សា​លើ​ចំណុចនេះនឹងកាន់តែពិបាកខ្លាំងចាប់ពីចំណុចនេះទៅមុខ ប៉ុន្តែ សូម​អ្នក​ទាំងអស់គ្នា​ចំណាំទុកថា បទប្បញត្តិ​នៃ​ក្រម​រដ្ឋប្បវេណីជប៉ុនកំពុងតែ​ប្រកាន់យកនូវ​គោលការណ៍នៃលក្ខខណ្ឌតតាំងតាមបែបប្រទេសបារាំង។
(3) បញ្ហានៃការតតាំង
សូមពិចារណាអំពីឧទាហរណ៍មុននេះឡើងវិញ បើសិនជា A បានចុះកិច្ចសន្យាលក់ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ឱ្យទៅ B, នៅក្នុងដំណាក់កាលនេះ កម្មសិទ្ធិ​លើដីនោះបាន​ផ្ទេរទៅឱ្យ B រួចហើយ នៅក្នុងទំនាក់​ទំនងរវាង A និង B។ ប៉ុន្តែ បើសិនជាការចុះបញ្ជីនៅតែមាន​ឈ្មោះ A ដដែល ហើយបើស្ថិតនៅក្នុងស្ថានភាពដែលមិនបាន​ចុះបញ្ជីផ្ទេរមកឱ្យ B នៅឡើយទេ, B មិន​អាច​តតាំងថាខ្លួនជាម្ចាស់សិទ្ធិចំពោះបុគ្គល​គ្រប់​រូបនោះទេ។ នៅក្នុងស្ថានភាពនេះ ឧបមាថា A បានលក់ដី​ដូច​គ្នានោះទៅឱ្យ C ផងដែរ។ ការទិញលក់​ជាន់គ្នាបែបនេះមិនចង់ឱ្យកើតមាននោះទេ ប៉ុន្តែ ដោយសារស្ថានភាពផ្សេងៗ ជាក់ស្តែង​រឿងនេះកើតមាន​ច្រើន។ នៅក្នុងករណីបែបនេះ បើសិនជា C បានទទួលការ​ចុះបញ្ជីផ្ទេរពី A មកមុន, C នឹងអាច​អះអាង​ថាខ្លួន​ជា​ម្ចាស់​សិទ្ធិ​ចំពោះ​បុគ្គលគ្រប់រូប ហើយដីនោះនឹង​ក្លាយទៅ​ជា​របស់ C។ នៅក្នុងឧទាហរណ៍​នៃការធ្វើ​អនុប្បទាន​ជាន់គ្នាបែបនេះ ប្រសិន​បើបុគ្គលដែល​អះអាងអំពី​សិទ្ធិដែលមានវិ​សមតិភាពជាមួយគ្នា មានច្រើននាក់បែបនេះ អាទិភាពនៃសិទ្ធិនោះត្រូវ​សម្រេចដោយ​លក្ខ​ខណ្ឌតតាំង។ នេះ​ហៅថា បញ្ហានៃការតតាំង។
ប៉ុន្តែ ប្រសិនបើបុគ្គល C ដែលនៅ​ក្នុង​ឧទាហរណ៍នេះ បាន​ដឹងយ៉ាងច្បាស់ថា A និង B បា​នចុះកិច្ច​សន្យា​លក់ទិញជាមួយគ្នារួចហើយ ហើយខ្លួននៅតែចុះកិច្ចសន្យាដោយមានបំណងដណ្តើមពី B ទៀត ហើយបានចុះបញ្ជីផ្ទេរមកខ្លួន។ ក្នុង​ករណីនេះ បញ្ហានឹងកើតមានឡើង បើសិនជា​យើងនៅតែ​ផ្តល់អាទិភាពឱ្យ C ទៀត ហេតុនេះហើយ យុត្តិសាស្ត្រ​តុលាការបានចាត់ទុក C ដែលនៅក្នុងករណី​ខាងលើនេះ ជា​បុគ្គលទុច្ចរិតធ្ងន់ធ្ងរ ហើយជាករណី​លើកលែង B គឺ​ជា​អនុប្បទានិកទី1 ដែលអាច​តតាំងថាខ្លួន​ជា​ម្ចាស់សិទ្ធិ ចំពោះបុគ្គលដែល​ទុច្ចរិតធ្ងន់ធ្ងរនោះ ទោះបីជា​មិន​ទាន់​បាន​បំ​ពេញការ​ចុះបញ្ជីក៏ដោយ។
ដោយឡែក អ្នកសិក្សា​ច្បាប់មួយចំនួនបានលើកឡើងថា តើហេតុអ្វីការធ្វើ​អនុប្បទានជាន់គ្នា ជាលក្ខណៈទ្រឹស្តី​អាច​កើតមានឡើង? នៅពេលដែល A បានលក់ឱ្យ B លើកដំបូងនេះ A បាន​ក្លាយជា​បុគ្គល​ដែល​គ្មាន​សិទ្ធិរួចទៅហើយ ហេតុនេះ នៅនឹងខ្លួនរបស់ A ពុំមាន​សិទ្ធិដែលត្រូវ​លក់ទៅឱ្យ C នោះទេ។ ទ្រឹស្តីមួយ​ចំនួនបានពន្យល់បន្ថែមលើចំណុច​ខាងលើនេះផងដែរ។ នៅក្នុងការសិក្សាបែបទ្រឹស្តី នេះជា​ចម្ងល់ដែល​ពិបាក​ខ្លាំង។ យ៉ាងហោចណាស់ សូម​អ្នក​ទាំង​អស់​គ្នាចំណំាថា អនុលោមតាមបញ្ញត្តិនៃគោលការណ៍នៃលក្ខខណ្ឌតតាំងគឺមាន​រចនា​សម្ព័ន្ធដូចតទៅនេះ ៖ នៅក្នុង​ទំនាក់​ទំនាងរវាង A និង B គឺ B បានធ្វើលទ្ធកម្ម​នូវសិទ្ធិស្ថាពរតាំងពីដំណាក់កាលដែលខ្លួនបានទិញពី A ប៉ុន្តែ សិទ្ធិ​នោះនៅមិនទាន់អាច​ការពារចំពោះតតិយជនផ្សេងនោះទេ (ក្នុងន័យនេះគឺសិទ្ធិមិនទាន់ពេញលេញ) ហេតុនេះហើយ បើសិនជាមានលេចឡើងនូវបុគ្គល C ដែលបាន​បំពេញ​លក្ខខណ្ឌតតាំងនៃសិទ្ធិជាមុន ក្នុងករណីនេះ C អាច​អះអាងអំពីការ​ធ្វើ​លទ្ធកម្មនូវសិទ្ធិចំពោះ B ហើយជាលទ្ធផល​ B មិន​អាចតតាំងចំពោះ C បាន មានន័យថា ការធ្វើលទ្ធកម្ម​របស់ B ត្រូវ​បាន​បដិសេធ (ជាលទ្ធផល B មិនអាចធ្វើ​លទ្ធកម្មនូវសិទ្ធិ​ពិតប្រាកដមែន ប៉ុន្តែ បើមើលពីទស្សនៈនៃកិច្ចសន្យា B អាច​ទាមទារ​សំណង​ការ​ខូច​ខាតនៃការ​មិន​អនុវត្ត​កាតព្វកិច្ច​ចំពោះ A បាន។ ⇒ជំពូកទី6 II 2 (2))។
(4) លក្ខខណ្ឌ​តតាំងនៃការ​ផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស​លើអចលនវត្ថុ
① សញ្ញាណទូទៅ
ចំណុចនេះ ខ្ញុំនឹង​ពន្យល់លម្អិត​បន្តិច​អំពី​ការ​ចុះបញ្ជីដែល​ជា​លក្ខខណ្ឌតតាំងនៃការ​ផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស​លើ​អចលនវត្ថុ។ ក្រមរដ្ឋប្បវេណី មាត្រា177 បញ្ញត្តថា «ការបង្កើត ការ​ផ្ទេរ និង ការ​កែប្រែ​សិទ្ធិ​ប្រត្យក្សលើអចលនវត្ថុ​មិន​អាច​តតាំងនឹង​តតិយជនបានឡើយ បើសិនជា​មិន​បាន​ចុះបញ្ជីនៃសិទ្ធិប្រត្យក្សនោះ ដោយ​អនុលោម​តាមបញ្ញត្តិនៅក្នុងច្បាប់​ស្តីពីការ​ចុះបញ្ជី​អចលនវត្ថុ ឬ ច្បាប់ទាក់ទងនឹង​ការ​ចុះបញ្ជីផ្សេងទៀត»។ នេះមានន័យថា ការបង្កើត ការ​ផ្ទេរ និង ការ​កែប្រែសិទ្ធិ​ប្រត្យក្ស នឹងកើតមានអានុភាពគតិយុត្តតាមរយៈ​ការបង្ហាញ​ឆន្ទៈប៉ុណ្ណោះ ប៉ុន្តែ មិន​អាច​តតាំង​នឹង​តតិយជនបាននោះទេ បើសិនជាមិន​បាន​ចុះបញ្ជី។ ហេតុនេះ ការ​ចុះបញ្ជីគ្រាន់​តែ​ជា​មធ្យោបាយដើម្បី​តតាំងនឹង​តតិយជនប៉ុណ្ណោះ ប៉ុន្តែ សិទ្ធិ​បានផ្ទេររួចហើយ ទោះបីជាគ្មានការ​ចុះបញ្ជី​ក៏ដោយ។ ដូច្នេះហើយ ចម្ងល់នឹងអាចកើតឡើងដូច​តទៅនេះ ៖ ចំណុចទី① ករណី​ដែលភាគី​មិនចុះបញ្ជីក៏អាចមាន ហើយផ្ទុយមកវិញ ទោះបីជា​មាន​ការ​ចុះបញ្ជី​ក្លែងបន្លំដែល​គ្មានការព្រមព្រៀងទាល់តែសោះក៏ដោយ ក៏ការចុះបញ្ជី​នោះក្លាយជាមោឃភាព ហើយ​សិទ្ធិ​ពិតប្រាកដបាន​ផ្ទេរទៅឱ្យ​បុគ្គលផ្សេង ក៏អាច​កើតឡើងផងដែរ។ ចំណុចទី② ហើយបុគ្គលដែលមិនបានចុះបញ្ជី ពុំ​អាច​តតាំង​ចំពោះ «តតិយជន» បាន តើសំដៅទៅលើតតិយជន (បុគ្គលផ្សេង) គ្រប់ប្រភេទឬយ៉ាងណា? តែចំណុចនេះប្រហែល​ជាមិនមានន័យថា មិន​អាច​តតាំងចំពោះបុគ្គល​ផ្សេងគ្រប់រូប បើមិនបានចុះបញ្ជី​​នោះទេ។ ខ្ញុំនឹង​រៀបរាប់អំពីចំណុចទាំងនេះនៅខាងក្រោម។
② អានុភាពសន្មត និងអានុភាព​នៃជំនឿទុកចិត្ត​នៃការ​បង្ហាញជា​សាធារណៈនៃការ​ចុះបញ្ជី
ការ​ចុះបញ្ជី​គឺជា​លក្ខខណ្ឌតតាំងនៃសិទ្ធិ​ប្រត្យក្ស ហើយមិនមែនជា​លក្ខខណ្ឌអានុភាពនោះទេ ហេតុនេះហើយ បើទោះបីជា​មានការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្សក៏ដោយ ក៏មិន​ប្រាកដថាមានការ​ចុះបញ្ជីដែរ (ករណីដែលម្ចាស់សិទ្ធិទុកចោល​មិន​ទៅចុះបញ្ជីតែម្តង ក៏អាចមានដែរ។ ប៉ុន្តែ ការធ្វើបែបនេះ ​ម្ចាស់សិទ្ធិប្រាកដជាចាញ់អនុប្បទានិកថ្មី ឬ ម្ចាស់​បំណុលដែល​រឹបអូស បើសិនជា​មានការធ្វើ​អនុប្បទានជាន់គ្នា ឬ ការរឹបអូស​ ជាអាទិ៍)។ ប៉ុន្តែ នៅក្នុង​ការ​អនុវត្តជាក់ស្តែង ជាទូទៅបើមានការផ្លាស់ប្តូរ​សិទ្ធិប្រត្យក្ស ការ​ចុះបញ្ជីក៏ត្រូវ​ធ្វើឡើងដែរ។ ដូចនេះ ការចុះបញ្ជី​ត្រូវ​បានទទួលស្គាល់នូវអានុភាពសន្មត ហើយយុត្តិសាស្ត្រតុលាការក៏បានបកស្រាយថា ទំនាក់​ទំនងនៃសិទ្ធិដូចមាន​កត់ត្រានៅក្នុងការ​ចុះបញ្ជី​ត្រូវ​សន្មតថាមាន លុះត្រាតែមាន​ភស្តុតាងផ្ទុយពីនេះ (នេះហៅថា ការ​សន្មត​តាមអង្គហេតុ ហេតុនេះ ប្រសិនបើអ្នក​ដែលមាន​វិវាទអំពីភាព​ត្រឹមត្រូវ​ចំពោះខ្លឹមសារនៃការ​ចុះបញ្ជី អាចបញ្ជាក់​អំពីស្ថានភាពដែលមិន​ច្បាស់លាស់នៃភាពត្រឹមត្រូវបាន, នោះការ​សន្មតនឹង​ត្រូវ​បាត់បង់)។
ផ្ទុយមកវិញ គេមិនទទួលស្គាល់ អានុភាព​នៃជំនឿទុកចិត្តនៃការ​បង្ហាញ​ជាសាធារណៈ ដោយ​ជឿ​ជាក់​ទាំង​ស្រុងថា បើមានការ​ចុះបញ្ជី គឺមានសិទ្ធិនោះទេ (នៅប្រទេសអាឡឺម៉ងដែលបានរៀបរាប់ពីមុន បានទទួលស្គាល់អានុភាព​នៃ​ជំនឿ​ទុក​ចិត្ត​នៃការ​បង្ហាញជា​សាធារណៈ ដោយសារតែ ប្រទេសនេះប្រកាន់យកគោលការណ៍ថា សិទ្ធិ​មិនត្រូវ​បានផ្ទេរបើសិនជា​គ្មានការ​ចុះបញ្ជី ហើយជាលទ្ធផល បើមានការ​ចុះបញ្ជី គឺមានសិទ្ធិ។ ខ្ញុំក៏បានរៀបរាប់​រួចហើយថា នៅប្រទេសជប៉ុនក៏មានអ្នកដែលគាំទ្រទ្រឹស្តីបែបនេះដែរ)។ ដូចនេះ ទោះបីជាភាគីបានធ្វើប្រតិបត្តិការ​ជំនួញ ដោយ​ជឿជាក់​លើការ​ចុះបញ្ជី​មិនពិតដែល​មិនសមស្របនឹងទំនាក់​ទំនងច្បាប់សារធាតុក៏ដោយ ក៏មិនអាចធ្វើ​លទ្ធកម្មកម្ម​សិទ្ធិ​ដែល​កត់​ត្រា​ក្នុងការ​ចុះបញ្ជី​នោះទេ។ ប៉ុន្តែ នៅក្នុងយុត្តិសាស្ត្រតុលាការ ចំពោះករណីមានការចុះបញ្ជីមិនសមស្របនឹងទំនាក់ទំនងច្បាប់សារធាតុ គេបានកែតម្រូវភាពមិនត្រឹមត្រូវនៃចំណុចនេះ ដោយអនុវត្ត​ប្រដូចនូវមាត្រា94 កថាខណ្ឌទី2 ការបង្ហាញ​ឆន្ទៈមិនពិតដោយ​ឃុបឃិត (ដើមឡើយ មាត្រានេះមិនត្រូវយកមកអនុវត្ត​ចំពោះករណីនេះទេ ប៉ុន្តែដោយសារមានគោលបំណងដូចគ្នាទើប គេយកមកអនុវត្តប្រដូច) ហើយការពារបុគ្គលដែលបាន​ធ្វើជំនួញនោះ ប្រសិនបើលក្ខខណ្ឌដូចតទៅនេះត្រូវបានបំពេញ៖ ទី1 ម្ចាស់សិទ្ធិមានទំនួលខុសត្រូវក្នុងការទុកចោល​ការ​ចុះបញ្ជី​មិន​ពិតនោះ និងទី2 ​បុគ្គលដែល​បាន​ធ្វើ​ប្រតិបត្តិការ​ជំនួញដោយជឿជាក់លើការ​ចុះបញ្ជី​នោះ ជាបុគ្គលដែលសុចរិត​។ នេះមានន័យ​ថា បើសិនជា​ម្ចាស់សិទ្ធិ​ពិត A បានចុះបញ្ជីផ្ទេរឱ្យ B និងទុកចោលស្ថានភាព​នៃការ​ចុះបញ្ជីនោះ ហើយ B បានលក់ទៅឱ្យ C ដែល​មិនបាន​ដឹងអំពីស្ថានភាពពិត ក្នុងករណីនេះ ការ​ទុកចោលនូវ​ការ​ចុះបញ្ជី​របស់​ម្ចាស់សិទ្ធិ A ត្រូវ​ប្រដូច​ជា ការបង្ហាញឆន្ទៈមិនពិតដោយឃុបឃិតគ្នារបស់ A និង B ហើយ​តាមរយៈមាត្រា94 កថាខណ្ឌទី2 A មិន​អាច​តតាំង អំពី​មោឃភាព​នៃរូបភាព​ខាងក្រៅដែល​ជា​ការចុះបញ្ជីចំពោះ​ C ដែល​សុចរិតបានទេ (C អាចធ្វើលទ្ធកម្ម​ដោយមានអានុភាព)។
③ ការ​ចុះបញ្ជី និង តតិយជន
ប្រសិនបើយើងបកស្រាយថា តតិយជននៅក្នុងមាត្រា177 សំដៅ​ទៅលើ​តតិយជនគ្រប់រូប លើកលែង​តែ​ភាគី និង ប្រតិសិទ្ធិ​សាកល (សន្តតិជនជាដើម) ក្នុងករណីនេះ បញ្ហាអាចកើតមានឡើងត្រង់ថា ទោះបីជាកម្មសិទ្ធិករពិតប្រាកដ X ក៏មិន​អាច​ទាមទារចំពោះ Y ដែល​បានផ្ទេរការចុះបញ្ជីដោយ​ក្លែងបន្លំឯកសារ ឱ្យ​ធ្វើបដិទាន​ការ​ចុះបញ្ជីបានដែរ ដោយសារមូលហេតុថា X គ្មានការចុះបញ្ជី។ ហេតុនេះហើយ អ្នក​ច្បាប់​បាន​ចាប់ផ្តើមពិចារណាអំពី ការកម្រិតជាក់លាក់ណាមួយ​ចំពោះពាក្យថា «តតិយជន» (ទ្រឹស្តីកម្រិត)។
នៅក្នុងយុត្តិសាស្ត្រតុលាការបានផ្តល់សញ្ញាណថា តតិយជនដែលម្ចាស់សិទ្ធិមិន​អាចតវ៉ាដោយគ្មានការ​ចុះបញ្ជីបាន គឺ​ជា «បុគ្គល​ដែលមាន​ផលប្រយោជន៍​ត្រឹមត្រូវ​នៃការ​អះអាងអំពីការមិនចុះបញ្ជី» ដូចជា បុគ្គល​ដែល​បានធ្វើលទ្ធកម្ម​សិទ្ធិ​ប្រត្យក្ស​លើ​អចលនវត្ថុតែមួយ ភតិកៈ និង ម្ចាស់​បំណុល​នៃការ​រឹបអូស​ជា​ដើម។ ផ្ទុយ​មកវិញ តតិយជនដែល​ម្ចាស់សិទ្ធិ​អាចតវ៉ាបាន​ដោយគ្មានការចុះបញ្ជី (បុគ្គល​ដែលគ្មាន​ផលប្រយោជន៍​ត្រឹមត្រូវ​នៃការ​អះ​អាងអំពីការមិនចុះបញ្ជី) ជាចម្បង គឺជា​បុគ្គលដូច​ខាងក្រោមនេះ។ ①បុគ្គលដែលច្បាប់​ស្តីពីការ​ចុះបញ្ជី​អចលនវត្ថុបានកំណត់យ៉ាងច្បាស់ឱ្យដកចេញ : ទី1 បុគ្គល​ដែល​រារាំងការស្នើសុំ​ចុះបញ្ជីដោយ​ឆបោក ឬ ដោយគម្រាមកំហែង (កថាខណ្ឌទី1 មាត្រា5 នៃ​ច្បាប់​ស្តីពីការ​ចុះបញ្ជី​អចលនវត្ថុ) និង ទី2 បុគ្គល​ដែល​មាន​ករណីយកិច្ចស្នើសុំ​ចុះបញ្ជីដើម្បី​អ្នក​ដទៃ (អ្នកតំណាងដែលច្បាប់​បានកំណត់ អ្នកជម្រះបញ្ជីក្ស័យធន និង អាណត្តិគាហក ជាអាទិ៍)។ ឧទាហរណ៍ ចំពោះបុគ្គលនៅក្នុងចំណុចទី2 ខាងលើនេះ អាច​ជាករណីដែល B បាន​ទិញ​អចលនវត្ថុពី A ប៉ុន្តែ C ដែលជាអ្នកតំណាងដែល​ច្បាប់បានកំណត់របស់ B បានចុះបញ្ជីដាក់ឈ្មោះរបស់ខ្លួនឯង ក្នុងករណីនេះ ទោះ​បីជា​គ្មានការចុះបញ្ជីក៏ដោយ ក៏ B អាច​តតាំងចំពោះ C បានដែរ។ ②បុគ្គល​ដែល​ទុច្ចរិតធ្ងន់ធ្ងរដែល​ស្រប​នឹងបញ្ញត្តនៃកថាខណ្ឌទី1 និង កថាខណ្ឌទី2 មាត្រា5 នៃ​ច្បាប់​ស្តីពីការ​ចុះបញ្ជី​អចលនវត្ថុ (បុគ្គលដែលដឹងពីស្ថានភាពពិត ហើយបានធ្វើជំនួញក្នុងគោលបំណងបំពានដល់ម្ចាស់សិទ្ធិពិតប្រាកដ ដែលមិនត្រូវបានអនុញ្ញាតតាមគោលការណ៍សុចរិត និងស្មោះត្រង់) ពី​ព្រោះ បុគ្គលដែលគ្រាន់តែ​ទុច្ចរិត (ដឹងអំពីស្ថានភាព) ត្រូវ​បាន​អនុញ្ញាតនៅក្នុងទំហំ​នៃការ​ប្រកួតប្រជែង​ដោយសេរី។ ការដកចេញបុគ្គលដែល​ទុច្ចរិត​ធ្ងន់​ធ្ងរនេះ ត្រូវ​បាន​កំណត់ស្ថាពររួចហើយនៅក្នុង​យុត្តិសាស្ត្រតុលាការ ហើយទ្រឹស្តីជា​ច្រើនក៏យល់ស្របផងដែរ។ ③បុគ្គលដែលចូល​កាន់កាប់​ដោយខុសច្បាប់ និង បុគ្គលដែលប្រព្រឹត្តអំពើអនីត្យានុកូល (យោងជំពូកទី5 អំពើ​អនី​ត្យា​នុកូល) ជាអាទិ៍។
(5) លក្ខខណ្ឌតតាំង​នៃការ​ផ្លាស់ប្តូរ​សិទ្ធិប្រត្យក្សលើចលនវត្ថុ
① សញ្ញាណទូទៅ
ក្រមរដ្ឋប្បវេណី មាត្រា178 បញ្ញត្តថា «ការធ្វើអនុប្បទាន​សិទ្ធិ​ប្រត្យក្សលើចលនវត្ថុ​ មិន​អាចតតាំង​នឹង​តតិយ​ជន​បាន​ឡើយ ប្រសិនបើគ្មានការប្រគល់​ចលនវត្ថុនោះ» ហេតុនេះ លក្ខខណ្ឌតតាំង​នៃការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស​លើ​ចលនវត្ថុ គឺការប្រគល់។ តាមរយៈនេះ ប្រសិនបើ A បាន​ធ្វើ​កិច្ច​សន្យាលក់ Laptop ឱ្យទៅ B ហើយ B បាន​បង់ប្រាក់​ថ្លៃលក់​ទិញ​ជាមុនគ្រប់ចំនួនហើយ ប៉ុន្តែ មិន​ទាន់បាន​ទទួលការ​ប្រគល់ Laptop នោះ​នៅឡើយទេ។ ក្នុងពេលនោះ A បាន​ធ្វើ​កិច្ចសន្យា​លក់ Laptop ដដែលនោះ ឱ្យទៅ C ហើយបានប្រគល់ Laptop រួចរាល់។ ក្នុងករណីនេះ អ្នក​ដែល​បាន​បំពេញលក្ខខណ្ឌតតាំងគឺជា C ហើយ B ពុំមាន​លក្ខខណ្ឌតតាំងនោះទេ ហេតុនេះហើយ គាត់មិន​អាច​អះអាង​ចំពោះ C ឱ្យប្រគល់ Laptop មកវិញនោះទេ។ នេះគឺជា​បញ្ហានៃការ​តតាំង​ចំពោះ​ចលនវត្ថុ (ប្រាកដហើយថា B អាច​ទាមទារ​ឱ្យ A ដែល​ជា​ភាគី​ម្ខាងទៀតប្រគល់ Laptop ដូចគ្នានោះ បើសិនជា​ Laptop នោះមាន​ច្រើន និង អាច​ទាម​ទារ​សំណងការ​ខូច​ខាត​ជា​​សាច់ប្រាក់ក៏បាន។ ចំណុចនេះយើងនឹងសិក្សានៅក្នុងនីតិសិទ្ធិ​លើបំណុល​)។
② ចលនវត្ថុដែល​ជា​កម្មវត្ថុ​នៃ​មាត្រា​178
ចលនវត្ថុ​តាម​ក្រម​រដ្ឋប្បវេណី សំដៅទៅលើវត្ថុ​ដែល​ក្រៅពីដី និង វត្ថុ (ពោលគឺ វត្ថុ​ទាំងនោះគឺ​ជា​អចលនវត្ថុ)ដែល​ភ្ជាប់​នឹង​ដី (មាត្រា86 កថាខណ្ឌទី2)។ ប៉ុន្តែ ទោះបីជា​ចលនវត្ថុ​ក៏ដោយ បើសិនជា​វត្ថុ​នោះ​មានរបប​នៃ​លក្ខ​ខណ្ឌ​តតាំងពិសេស និង វត្ថុដែលមានលក្ខណៈមិន​អាច​យកការប្រគល់ធ្វើ​ជា​លក្ខខណ្ឌតតាំងបាននោះទេ, មាត្រា178 គឺមិន​អាចយកមកអនុវត្ត​បានទេ។ ឧទាហរណ៍ ចំពោះនាវា និង គ្រឿងចក្រសាងសង់ គឺមានប្រព័ន្ធចុះបញ្ជី ហើយចំពោះ​រថយន្ត និង យន្តហោះ គឺមាន​ប្រព័ន្ធចុះបញ្ជីប័ណ្ណ ហេតុនេះ វត្ថុទាំងអស់នេះបាន​ប្រើប្រាស់​លក្ខខណ្ឌ​តតាំងជាការ​ទទួលបានការ​ចុះបញ្ជី ឬ ការចុះបញ្ជីប័ណ្ណ។ ចលនវត្ថុ​ដែល​ចំណុះឱ្យ​អចលនវត្ថុ​ (ឧបមាថា កន្ទេលជប៉ុន TATAMI និង ទ្វារដែល​បាន​ភ្ជាប់​ទៅអគារ) ត្រូវ​មាន​វាសនារួមជាមួយអចលនវត្ថុនោះ ហេតុនេះ បើសិនជា​មាន​ការ​ចុះបញ្ជីផ្ទេរអចលនវត្ថុ ចលនវត្ថុនោះ​នឹង​ត្រូវ​បាន​បង្ហាញជា​សាធារណៈ​តាមរយៈការ​ចុះបញ្ជីនោះ។
ដោយ​ឡែក ចំពោះប្រាក់ (លុយ) វិញ គឺមាន​ការកំណត់​ពិសេសនៅក្នុងច្បាប់ ហើយ​មិន​អាច​មើលក្នុងនាម​ជា​ចលនវត្ថុ​នោះទេ (កម្មសិទ្ធិ និង សិទ្ធិកាន់កាប់ត្រូវ​បញ្ចូលគ្នាតែមួយ ហើយត្រូវ​បាន​បកស្រាយថា វាមិន​មែន​ជា​កម្ម​វត្ថុ​នៃមាត្រា​178 នោះទេ)។ ​
③ បែបយ៉ាងនៃ​ការ​ប្រគល់
បើសិនជានិយាយតាមបែបផ្សេង ការប្រគល់សំដៅទៅលើ ស្ថានភាពដែលច្បាប់មើលឃើញថាការកាន់កាប់​បានផ្ទេរ។ អ្វីដែល​ជា​បញ្ហាគឺ បែបយ៉ាងនៃការ​ប្រគល់។ ប្រាកដហើយថា ការ​ប្រគល់កម្មវត្ថុ​ជាក់ស្តែងទៅឱ្យភាគី​ម្ខាង​ទៀត គឺ​ជា​ការ​ប្រគល់ (នេះហៅថា ការប្រគល់ដោយជាក់ស្តែង។ មាត្រា182 កថាខណ្ឌទី1) ប៉ុន្តែ តាម​ក្រម​រដ្ឋប្បវេ​ណី គឺមាន​វិធី​នៃការផ្ទេរការកាន់កាប់​ 3ប្រភេទ ផ្សេងទៀត។ ទី1 គឺជាការប្រគល់ដោយសង្ខេប (មាត្រា182 កថាខណ្ឌទី2)។ ឧទាហរណ៍ B ទិញវត្ថុមួយពី A ដែលខ្លួនបានខ្ចី និងកំពុងតែក្តោបក្តាប់វត្ថុនោះ ក្នុងករណីនេះ ដើមឡើយ B កំពុង​តែ​កាន់កាប់​រួចទៅហើយ ហេតុនេះ B ក៏​ទទួល​បាន​ការ​ប្រគល់តែ​ម្តងទៅ (មិនចាំបាច់​សងទៅវិញហើយ ទើប​ប្រគល់​សារជាថ្មីនោះទេ)។ ទី2 គឺហៅថា ការ​ប្តូរ​លក្ខណៈ​នៃការ​កាន់កាប់ (មាត្រា183) A បានលក់វត្ថុ​ដែល​ខ្លួន​កំពុង​ក្តោប​​ក្តាប់ទៅឱ្យ B ប៉ុន្តែ A នៅតែ​បន្តក្តោបក្តាប់​វត្ថុ​នោះដើម្បី B តាមការ​ព្រមព្រៀង។ នៅក្នុង​ករណីនេះក៏ដោយ ក៏ B បាន​ទទួល​ការ​ប្រគល់ការកាន់កាប់ដែរ (មានន័យថា នៅក្នុងករណីនេះ B បានធ្វើ​លទ្ធកម្ម​ការ​កាន់កាប់ ហើយ​Aកាន់​កាប់​ដោយ​តំណាងឱ្យ B។ នៅក្នុងករណីបែបនេះ យើងហៅការកាន់កាប់​របស់ B ថា ការ​កាន់​កាប់​ដោយ​ប្រយោល)។ ទី3 គឺហៅថា ការផ្ទេរការកាន់កាប់​ដោយបញ្ជា (មាត្រា184)។ A បានលក់របស់ដែល C កំពុងតែកាន់​កាប់​ទៅ B ហើយបានបង្គាប់ទៅ C ថា ការកាន់កាប់​នៅពេលអនាគត គឺធ្វើឡើងដើម្បី B ហើយ B បាន​ផ្តល់សច្ចានុម័តលើខ្លឹមសារនេះ, ក្នុងករណីនេះ B បាន​ទទួលការកាន់កាប់រួចហើយ (ធ្វើ​លទ្ធ​កម្ម​ការ​កាន់​កាប់។ នៅក្នុងករណីនេះផងដែរ B គឺកាន់​កាប់​ដោយប្រយោល ហើយ C បាន​កាន់កាប់​ដោយផ្ទាល់តំណាងឱ្យ B)។ វិធី​ប្រគល់​ទាំងអស់នេះ មាន​លក្ខខណ្ឌសមហេតុផល ក្នុងន័យដែល​មិនតម្រូវ​ឱ្យ​ប្រគល់ត្រឡប់វិញសិន ហើយ​ទើប​ប្រគល់​ទៅ​វិញនោះទេ។ ប៉ុន្តែ នៅក្នុងចំណោមការ​ប្រគល់ការកាន់កាប់ទាំងអស់នេះ ការប្តូរ​លក្ខណៈនៃការ​កាន់​កាប់មាន​បញ្ហាខ្លាំងជាងគេបំផុត ពីព្រោះ វត្ថុដែល​ជា​របស់ A បាន​ក្លាយ​ជា​វត្ថុរបស់ B ហើយ B បានបំពេញ​លក្ខ​ខណ្ឌ​តតាំងដែល​ជា​ការប្រគល់រួចហើយ ប៉ុន្តែ វត្ថុគឺស្ថិតនៅក្នុងដៃរបស់ A ​ដែលជាកម្មសិទ្ធិករពីមុនដដែល។ ប៉ុន្តែ យុត្តិ​សាស្ត្រតុលាការ និង ទ្រឹស្តីទូទៅទទួលស្គាល់ថា ការប្រគល់ដោយប្តូរលក្ខណៈនៃការ​កាន់កាប់នេះ ​ជាលក្ខខណ្ឌតតាំងនៃការ​ផ្លាស់​ប្តូរ​សិទ្ធិ​ប្រត្យក្សដូចការប្រគល់ដែរ។ ដូច្នេះហើយ ប្រសិនបើ C បាន​ជឿជាក់​លើរូប​ភាព​ខាងក្រៅនេះ (ជឿជាក់ថា A គឺជាកម្មសិទ្ធិករ) ហើយ​បាន​ទិញវត្ថុនោះពី A។ ក្នុងករណីនេះ តើ C នឹង​ទៅ​ជា​យ៉ាងណា? ការការពារ C ត្រូវ​ពិចារណានៅក្នុងបញ្ញត្តិអំពីការ​ធ្វើ​លទ្ធកម្មភ្លាមៗ (លទ្ធកម្ម​ដោយ​សុចរិត)។ ដោយឡែក ​ច្បាប់​ពិសេសស្តីពីការ​ធ្វើ​អនុប្បទានសិទ្ធិ​លើបំណុលនៃចលនវត្ថុក្នុងឆ្នាំ2004 បានបង្កើតប្រព័ន្ធចុះបញ្ជីអនុប្បទានចលនវត្ថុ ហើយបាន​បញ្ញត្តថា ប្រសិនបើបាន​ចុះបញ្ជី​នៅក្នុងកុំព្យូទ័រ​របស់​មន្ទីរកិច្ចការច្បាប់ អំពីការ​បាន​ទទួល​អនុប្បទាននៃចលនវត្ថុ ក្នុងករណីនេះ ការចុះបញ្ជី​អនុប្បទាននេះ ត្រូវ​ចាត់ទុកថា ជាការប្រគល់ (ពោលគឺ ជា​លក្ខខណ្ឌតតាំងដូចការប្រគល់ដែរ។⇒ជំពូកទី7 II 3 ②)។
(6) ការកាន់កាប់ និង ការ​ធ្វើលទ្ធកម្មដោយសុចរិតលើចលនវត្ថុ
មុននេះ ខ្ញុំបាន​រៀបរាប់​អំពី សិទ្ធិ​កាន់​កាប់រួចហើយ។ ពោលគឺ សិទ្ធិកាន់កាប់សំដៅទៅលើសិទ្ធិ​ដែល​ត្រូវ​បាន​ផ្តល់​ការការ​ពារជាក់លាក់មួយ ចំពោះស្ថានភាពជាក់ស្តែងដែល​បុគ្គលណាមួយកំពុង​តែ​គ្រប់​គ្រង​លើវត្ថុអ្វីមួយ បើទោះ​បីជា​មិន​ដឹង​ថា​បុគ្គលនោះពិតជា​មាន​សិទ្ធិ​ប្រត្យក្ស ឬ មិនមាន​ក៏ដោយ។ ក្រមរដ្ឋប្បវេណី មាត្រា188 បញ្ញត្តថា សិទ្ធិ​ដែល​អ្នក​កាន់កាប់​បាន​អនុវត្ត​ចំពោះវត្ថុកាន់កាប់ ត្រូវ​សន្មតថាជាសិទ្ធិ​​ស្របច្បាប់។ នេះមានន័យថា ប្រសិនបើបុគ្គលណាមួយ​បាន​អនុវត្ត​សិទ្ធិក្នុងនាម​ជា​កម្មសិទ្ធិករនៃវត្ថុណាមួយទៅលើវត្ថុនោះ, ក្នុងករណីនេះ យើងសន្មតជាបណ្តោះ​អា​សន្នសិនថា បុគ្គលនោះគឺជា​កម្មសិទ្ធិករ។ ប៉ុន្តែ ចំណុច​ដែល​ត្រូវ​ប្រុងប្រយ័ត្នត្រង់កន្លែងនេះគឺ ពាក្យថា សន្មត​នៃ​វាក្យសព្ទច្បាប់ សំដៅទៅលើរបស់​ដែល​អាចតវ៉ា ដោយបញ្ជាក់​ភស្តុតាងផ្ទុយបាន (ផ្ទុយមកវិញ «ចាត់ទុក» គឺជា​ការ​កំណត់​របស់ច្បាប់ថាត្រូវមានន័យបែបនេះ ហេតុនេះ ច្បាប់មិនអនុញ្ញាតឱ្យបញ្ជាក់​ភស្តុតាងផ្ទុយនោះទេ។ ⇒ពាក្យគន្លឹះ: សន្មត និង ចាត់ទុក)។ ដូចនេះ បើសិនជា​មាន​បុគ្គលមកអះអាងថាខ្លួនទើបជា​កម្មសិទ្ធិករ ហើយបុគ្គល​នោះ​អាច​បញ្ជាក់​ថាខ្លួន​ពិតជា​កម្មសិទ្ធិករមែន ក្នុងករណីនេះ សិទ្ធិ​របស់​អ្នក​កាន់កាប់​នឹង​ត្រូវ​បាន​បដិសេធ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ ការកាន់កាប់​ត្រូវ​បានទទួលការការពារកាន់តែខ្លាំង ចំពោះ​ការ​ផ្លាស់​ប្តូរ​សិទ្ធិ​ប្រត្យក្ស​នៃ​ចលនវត្ថុ។ នេះគឺជា បញ្ញត្តិ​អំពីការ​ធ្វើលទ្ធកម្ម​ដោយសុចរិត។
ក្រម​រដ្ឋប្បវេណីមាត្រា192 បាន​កំណត់អំពី លទ្ធកម្ម​ដោយសុចរិតថា «តាមរយៈសកម្មភាពជួញដូរ បុគ្គល​ដែល​បាន​ចាប់ផ្តើម​កាន់កាប់​ចលនវត្ថុ​ដោយសន្តិវិធី និង ដឹងឮជា​សាធារណៈ ត្រូវ​ធ្វើ​លទ្ធកម្ម​សិទ្ធិ​អនុវត្ត​ចំពោះចលន​វត្ថុ​នោះភ្លាមៗ បើសិនជាសុចរិត និង គ្មាន​កំហុស»។ តើបញ្ញត្តិនេះមាន​ន័យដូចម្តេច? ការជួញដូរចលនវត្ថុគឺត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំថ្ងៃ ហេតុនេះ មានករណីខ្លះ អ្នក​ទិញ​មិនបាន​ដឹង​ថា ខ្លួន​បាន​ទិញ​វត្ថុ​ពី​បុគ្គល​ដែល​គ្មាន​សិទ្ធិ​ចាត់ចែង​នោះទេ។ ឧទាហរណ៍ថា អ្នក​លក់​មិន​មែន​ជា​កម្មសិទ្ធិ​ករ​នៃ​ទំនិញនេះទេ ហើយគ្រាន់​តែរក្សា​ទុក​ឱ្យ​កម្មសិទ្ធិករប៉ុណ្ណោះ, ហើយអ្នកលក់នោះបាន​បន្លំខ្លួន​ជា​កម្មសិទ្ធិករ ហើយលក់ទំនិញនោះទៅបាត់។ ប៉ុន្តែ បើសិនជា អ្នកទិញ​ត្រូវ​ស្រាវជ្រាវថា​អ្នកល​ក់មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ក្នុងការ​លក់គ្រប់តែពេលនោះ, កិច្ច​សន្យា​លក់ទិញ​ក៏ដោយ​ក៏មិនងាយនឹង​កើតមាន​ឡើងនោះទេ។ ហេតុដូច្នេះហើយ នៅក្នុងករណីបែបនេះ យើង​មាន​ភាព​ចាំបាច់​ដើម្បី​ការ​ពារអ្នកទិញ​ដែល​បាន​ជឿជាក់រូបភាព​ខាងក្រៅនៃអ្នក​លក់។ ដូច​នេះ ក្រមរដ្ឋប្បវេណី​បាន​ពិចារណា​អំពី​សុវត្ថិភាពនៃ​ការ​ជួញដូរ ហើយបញ្ញត្តថា នៅក្នុងករណីចលនវត្ថុ ប្រសិនបើអ្នក​ទិញបានទិញ និង បានចាប់ផ្តើមកាន់កាប់ដោយ​សុចរិត («សុចរិត» នៅទីនេះ មិនមែនមានន័យថាដឹងពីស្ថានភាពទេ គឺសំដៅលើការជឿជាក់ភាគីម្ខាងទៀតថាជាអ្នកមានសិទ្ធិត្រឹមត្រូវ), អ្នក​ទិញត្រូវ​ធ្វើ​លទ្ធកម្ម​សិទ្ធិនៅពេល​បានទទួលការប្រគល់នោះ (បើការលក់ទិញ គឺកម្មសិទ្ធិ) ទោះបីជា អ្នក​លក់​មិនមែនជា​អ្នក​មាន​សិទ្ធិ​ត្រឹមត្រូវ​ក៏ដោយ។ គោលគំនិតនេះត្រូវ​បាន​គេស្គាល់ថា គោលការណ៍​នៃការ​ជឿជាក់ជាសាធារណៈ។ គោលការណ៍នេះ ផ្តល់ការការពារ​ដល់​បុគ្គលដែល​ជឿជាក់ ហើយបាន​ទទួលការ​កាន់​កាប់។ ប៉ុន្តែ តាមពិតទៅ គោលការណ៍នៃការ​ជឿជាក់​ជា​សាធារណៈ សំដៅទៅលើការលះបង់តែ​ម្ខាង​នូវ​សិទ្ធិ​របស់​ភាគីអ្នក​មាន​សិទ្ធិ (ទោះបីជា​មាន​ ឬ គ្មានកំហុស​របស់​បុគ្គលនោះក៏ដោយ) ហើយវាមាន​លក្ខណៈ​ជា​វិធាន​លំអៀង​ក្នុង​បរិ​បទខ្លះ។ ហេតុនេះ នៅក្នុងក្រម​រដ្ឋប្បវេណីបាន​ទទួលស្គាល់​យ៉ាងច្បាស់តែក្នុងបញ្ញត្តិនេះ​ប៉ុណ្ណោះ។
ដោយ​ឡែក នៅក្នុងមាត្រា192 មាន​ករណីលើកលែង ពីព្រោះ ការ​កំណត់​ថាកម្មសិទ្ធិ​ករដើម​ត្រូវ​បាត់បង់​នូវ​សិទ្ធិ​តែម្តងចំពោះករណីវត្ថុ​លួច ឬ វត្ថុបាត់ គឺ​មាន​លក្ខណៈ​ជ្រុលពេក ហេតុនេះ ជនរងគ្រោះ ឬ ម្ចាស់​វត្ថុបាត់អាច​ទាមទារ​ឱ្យ​​សងវិញចំពោះ​អ្នក​កាន់​កាប់បាន ក្នុង​អំឡុងពេល 2ឆ្នាំ គិតចាប់ពីពេល​លួច ឬ ពេលបាត់វត្ថុនោះ (មាត្រា193)។
3. កម្មសិទ្ធិ
(1) អត្ថន័យ និង ខ្លឹមសារនៃ​កម្មសិទ្ធិ
កម្មសិទ្ធិ គឺជា​សិទ្ធិដែល​ម្ចាស់សិទ្ធិអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែង​វត្ថុ​ដែល​ជា​របស់​ខ្លួន​ដោយសេរី នៅក្នុង​ទំហំ​ដែល​ច្បាប់​បាន​កម្រិត (មាត្រា206)។ ការប្រើប្រាស់ គឺជា​ការ​ប្រើវត្ថុ​នោះ​ដោយ​ខ្លួនឯង។ ការ​អាស្រ័យផល​ គឺ​ជា​ការ​យក​ជា​កម្មសិទ្ធិរបស់​ខ្លួន​នូវ​ផល​ដែល​កើតចេញ​ពីវត្ថុ។ ការ​ជួល​វត្ថុជា​កម្មសិទ្ធិ​ឱ្យអ្នក​ដទៃ ហើយ​យកថ្លៃឈ្នួល (ផលស៊ីវិល) ក៏​ជា​ការ​អាស្រ័យផលផងដែរ។ នៅក្នុងការ​ចាត់ចែង រួមមានការ​ចាត់ចែងលក្ខណៈ​រូបធាតុនៃវត្ថុ (ការប្រើអស់ ការ​កែច្នៃ ការ​បំផ្លាញ និង ការ​បោះបង់ចោលជាអាទិ៍) និង ការចាត់ចែងលក្ខណៈ​គតិយុត្តនៃវត្ថុ (អនុប្បទាន និង ការបង្កើតសិទ្ធិប្រើប្រាស់អាស្រ័យផល ឬ សិទ្ធិ​ប្រាតិភោគប្រត្យក្ស ជា​អាទិ៍)។
កម្មសិទ្ធិ​គឺជា​សិទ្ធិប្រត្យក្សដែលមាន​លក្ខណៈពេញលេញ ហើយ​អាចបែងចែក​ផ្នែកខ្លះនៃលក្ខណៈនោះ​ទៅ​បង្កើតជាសិទ្ធិលើដីដែលជាសិទ្ធិ​ប្រត្យក្សប្រើប្រាស់ ​អាស្រ័យផល និង ហ៊ីប៉ូតែកដែល​ជា​សិទ្ធិប្រាតិភោគ​ប្រត្យក្ស ទៅ​ឱ្យ​បុគ្គលផ្សេងបាន។ ប្រាកដហើយ បើសិនជា​អំឡុងពេល​នៃសិទ្ធិ​ប្រត្យក្សប្រើប្រាស់​អាស្រ័យផលដែល​បាន​ផ្តល់ឱ្យ​បុគ្គលផ្សេងបាន​បញ្ចប់ ឬ សិទ្ធិ​ប្រាតិភោគប្រត្យក្ស​បាន​រលត់ ដោយសារការ​សងកាតព្វកិច្ចដែល​ជា​កម្មវត្ថុ​នៃសិទ្ធិ​ប្រាតិភោគ​ប្រត្យក្ស នោះ​កម្មសិទ្ធិ នឹង​ត្រូវ​ត្រឡប់មកមាន​លក្ខណៈពេញលេញដូច​ស្ថានភាពដើម​វិញ។
កម្មសិទ្ធិ​នៃដី ត្រូវ​មាន​អានុភាព​ទាំង​ផ្នែក​លើដី និង ផ្នែក​ក្រោមដី នៅក្នុង​ទំហំនៃ​ការ​កម្រិត​របស់​ច្បាប់ (មាត្រា207)។ ដូចនេះ ការ​អូសខ្សែអគ្គិសនីនៅផ្នែកខាងលើដី និង ការ​ជីកផ្លូវ​ក្រោមដីជាដើម ត្រូវ​មាន​ការ​យល់ព្រម​ពី​កម្ម​សិទ្ធិករ​នៃដី ហើយបើគ្មាន​ការ​យល់ព្រមទេ សកម្មភាពទាំងអស់នេះនឹង​ក្លាយ​ជា​កម្មវត្ថុ​នៃការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​រារាំង។ ប៉ុន្តែ «ផ្នែកលើ និង ផ្នែកក្រោម»នេះ​ ត្រូវមាន​កម្រិតតាមការ​សមហេតុផល។ ឧទាហរណ៍ យន្តហោះ​ដែល​ហោះ​ខ្ពស់នៅលើមេឃមិនមាន​ការ​បំពានដល់​កម្មសិទ្ធិ​នៃ​ដី​នោះទេ។
(2) ទំនាក់​ទំនង​ដី​ជាប់​គ្នា
លើសពីនេះ ដីតែង​តែនៅ​ជាប់​ជា​មួយនឹង​ដីរបស់​អ្នក​ដទៃ ហេតុនេះ វាត្រូវ​មាន​លក្ខណៈ​ពិសេស​នៃកម្ម​សិទ្ធិ​លើ​ដីរវាងគ្នា ដើម្បី​កំណត់​អំពីវិធាន​ជាក់លាក់។ នេះហៅថា ទំនាក់ទំនងនៃ​ដីជាប់គ្នា ហើយ​ក្រម​រដ្ឋប្បវេណីកំណត់​លម្អិតចាប់ពីមាត្រា209។ ឧទាហរណ៍នៃ​បញ្ញត្តិនេះមានដូចជា បញ្ញត្តិអំពី ដីដែល​ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ដីរបស់​អ្នក​ដទៃ ហើយមិន​ជាប់​ទៅ​នឹង​ផ្លូវ​សាធារណៈ​នោះទេ (នៅមុនពេលវិសោធនកម្មក្រម​រដ្ឋប្បវេណីឆ្នាំ2004 ដីប្រភេទនេះហៅថា «ដីបិទជិត») ក្នុងករណីនេះ កម្មសិទ្ធិ​ករនៃ​ដីនោះមាន​សិទ្ធិ​ឆ្លងកាត់ដី​ដែល​ហ៊ុមព័ទ្ធ​ ដើម្បីទៅ​ដល់​ផ្លូវ​សាធារណៈ​បាន (មាត្រា210 កថាខណ្ឌ​ទី1) និង បញ្ញត្តិអំពី ការ​ហាម​ឃាត់មិន​ឱ្យ​កម្មសិទ្ធិ​ករ​នៃ​ដី​ទប់​ទឹក​ដែល​ហូរ​ឆ្លងកាត់​តាម​ធម្ម​ជាតិ (មិនមែនការបង្ហូរទឹកសិប្បនិម្មិតទេ) ពីដី​ជាប់គ្នា (មាត្រា​214) ជាអាទិ៍។ ​សូម​រំលងអំពី​ការ​ពន្យល់​លម្អិតនៅ​កន្លែង​នេះ។
(3) លទ្ធកម្មកម្មសិទ្ធិ
① ទ្រឹស្តី​ជា​មូល​ដ្ឋាន
វិធី​នៃការ​ធ្វើ​លទ្ធ​កម្ម​កម្មសិទ្ធិជាទូទៅ គឺការ​ធ្វើ​លទ្ធ​កម្មតាមរយៈកិច្ចសន្យា (លក់ទិញ និង ប្រ​ទានកម្ម​ ជា​អាទិ៍) និង លទ្ធកម្មតាមសន្តតិកម្ម (ស្នងបន្តសិទ្ធិពីកម្មសិទ្ធិករដើម) ហើយ​ក្រៅពីនេះ ក្រម​រដ្ឋប្បវេណី​មាន​កំណត់​អំពី​វិធី​ធ្វើ​លទ្ធ​កម្ម​តាំង​ពី​ដំបូង​ ដែល​មាន​បញ្ញត្តិ​ចាប់​ពីមាត្រា239។ ការកាន់កាប់មុន ការរើសបាន ការ​រកឃើញ និង ឧបាគមន៍។ នៅក្នុង​ចំណោមនេះ ការ​កាន់កាប់មុន ការ​រើសបាន និង ការ​រកឃើញ គឺ​ជា​ករណីលើកលែង ប៉ុន្តែ បញ្ហានៃការ​ភ្ជាប់​លើ​អចលនវត្ថុ​ដែលជា​ផ្នែក​មួយនៃឧបាគមន៍នេះ គឺមាន​សារៈសំខាន់ខ្លាំង។ ក្រៅពីនេះ កម្មសិទ្ធិ​ក៏អាច​ត្រូវ​បាន​ធ្វើ​លទ្ធ​កម្ម​តាំង​ពីដំបូង ដោយអាជ្ញាយុកាលដែរ (ប៉ុន្តែ កម្មសិទ្ធិ​មិន​មាន​អាជ្ញាយុកាលនៃការ​រលត់នោះទេ។ ទោះបីជាទុកចោលដីរបស់ខ្លួនរយៈពេលច្រើនឆ្នាំក៏ដោយ ក៏កម្មសិទ្ធិមិនមានអាជ្ញាយុកាលនៃការរលត់ឡើយ។ ដោយឡែក បើសិនជា​បុគ្គលផ្សេងបាន​កាន់កាប់​ដីនោះជា​ច្រើនឆ្នាំក្នុងនាម​ជា​ដីរបស់​ខ្លួន ហើយ​នៅ​តែ​បន្តកាន់កាប់​ដោយ​សន្តិវិធី និង ដឹងឮជា​សាធារណៈ ដូចនេះ អាជ្ញាយុកាលនៃលទ្ធកម្ម​ត្រូវ​ស្ថាពរ ហើយ​ក្នុងករណី​នេះ កម្មសិទ្ធិ​ករដើម​នឹង​បាត់​បង់​សិទ្ធិ​របស់​ខ្លួន (⇒ជំពូកទី2 III 7 (1))។
② ការកាន់កាប់មុននូវ​វត្ថុគ្មាន​ម្ចាស់
ឧទាហរណ៍ បុគ្គល​ដែល​បាន​កាន់កាប់ ដោយ​មាន​ឆន្ទៈយក​ជា​កម្មសិទ្ធិ​លើ​ចលវត្ថុ​ដែល​គ្មាន​កម្ម​សិទ្ធិ​ករ (គ្មានម្ចាស់) ដូច​ជា​ករណីចាប់បានសត្វព្រៃជា​ដើម អាច​ធ្វើ​លទ្ធក​ម្ម​កម្មសិទ្ធិ​លើ​សត្វនោះបាន (មាត្រា​239 កថាខណ្ឌទី1)។ ចលន​វត្ថុដែល​កម្មសិទ្ធិករបាន​បោះបង់ចោល (ពោលគឺ បោះ​ចោលដោយមាន​ឆន្ទៈ​បោះបង់​កម្មសិទ្ធិ) ក៏​ជាកម្ម​វត្ថុនៃការកាន់កាប់មុននូវវត្ថុ​គ្មាន​ម្ចាស់​ដែរ។ ផ្ទុយមកវិញ អចលនវត្ថុ​ដែល​គ្មានម្ចាស់នឹង​ក្លាយ​ជា​របស់​រដ្ឋ (ក្លាយ​ជាកម្ម​សិទ្ធិ​របស់​រដ្ឋ។ មាត្រា​239 កថា​ខណ្ឌទី2)។ ឧទាហរណ៍ បុគ្គលដែល​គ្មាន​សាច់​ញាតិបាន​ស្លាប់ ហើយ​គ្មានទាំង​សន្តតិជន និង អ្នក​មើល​ថែទាំ​ពេលនៅរស់នោះទេ ក្នុងករណីនេះ អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​បុគ្គលនោះត្រូវ​ក្លាយ​ជា​របស់​រដ្ឋ។
③ ការ​រើសបាន​វត្ថុ​បាត់
ចំពោះវត្ថុបាត់ នៅក្រោយពេល​អ្នក​រើសបាន (វត្ថុជ្រុះ, វត្ថុ​ភ្លេច) បាន​យក​ទៅប្រគល់នៅប៉ុស្តិ៍នគរបាល ហើយ​ប៉ុស្តិ៍នគរបាល​បាន​ប្រកាសជា​សាធារណៈដើម្បី​ស្វែងរក​ម្ចាស់​រួចហើយ (ច្បាប់​ស្តីពីវត្ថុ​បាត់មាត្រា1, មាត្រា10) ប៉ុន្តែមិន​អាច​ស្វែងរក​ឃើញ​ម្ចាស់​ពិត​ប្រាកដ​ក្នុង​រយៈពេល 3ខែ គិត​ចាប់ពីពេល​ប្រកាស​ ក្នុងករណីនេះ អ្នករើសបាន​នឹង​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​លើ​វត្ថុ​នោះ (មាត្រា240)។ ចំណុច​ដែល​ត្រូវ​ប្រុងប្រយ័ត្នគឺ វត្ថុ​ដែល​បុគ្គលដទៃភ្លេច និង របស់​ដែល​បាន​រត់ចេញពីផ្ទះ (សត្វដែល​បុគ្គល​ដទៃចិញ្ចឹម) ត្រូវ​កំណត់ជា​ វត្ថុ​បាត់ (ច្បាប់​ស្តីពីវត្ថុ​បាត់ មាត្រា12)។ ហើយវត្ថុនេះ កម្មសិទ្ធិ​ករមិន​បាន​បោះបង់កម្មសិទ្ធិនោះទេ ហេតុនេះ វាមិនអាចក្លាយ​ជា​ករណីការ​កាន់​កាប់មុន​នូវ​វត្ថុ​គ្មាន​ម្ចាស់​នោះទេ (ដូចនេះ ទូរទស្សន៍ដែល​គេបោះ​ចោលនៅកន្លែង​ចាក់​សម្រាមគឺជា​ការបោះ​បង់​កម្មសិទ្ធិ​យ៉ាង​ច្បាស់​ក្រឡែត ហេតុនេះយើងអាច​យកបាន​ដោយឯកឯង ប៉ុន្តែ កង់ដែល​ទុក​ចោលនៅតាម​ផ្លូវ​វិញ យើង​មិន​អាច​យក​ជិះ​ដោយ​ឯកឯងនោះទេ។ នេះគឺជា​បទល្មើសចាប់យកវត្ថុចេញពី​ការ​កាន់កាប់​របស់​អ្នក​ដទៃ។ ក្រម​ព្រហ្មទណ្ឌ មាត្រា254)។
④ ការរកឃើញកំណប់
ឧទាហរណ៍ ចំពោះការ​រកឃើញកាក់មាសជំនាន់មុនពី​ក្នុង​ដី​របស់ខ្លួនក៏ដោយ ក៏​ករណីនេះត្រូវយក​មកអនុវត្ត​ដូច​គ្នា​នឹង​ករណី​រើសបាន​វត្ថុ​បាត់ (ហេតុនេះហើយ ត្រូវ​ប្រកាសជា​សាធារណៈ ហើយ​បើសិនជាគ្មាន​កម្មសិទ្ធិករប​ង្ហាញខ្លួនទេ ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ខ្លួន)។ ប៉ុន្តែ បើសិនជា​រកឃើញកំណប់ចេញពី​ដី​របស់​អ្នក​ដទៃវិញ កម្មសិទ្ធិ​ករនៃ​ដីនោះ និង អ្នក​រកឃើញត្រូវ​ចែក​ពាក់​កណ្តាលម្នាក់ ហើយ​ធ្វើ​លទ្ធ​កម្មកម្មសិទ្ធិ​លើ​កំណប់នោះ (មាត្រា241។ ច្បាប់​ស្តីពី​វត្ថុ​បាត់ មាត្រា13)។
⑤ ឧបាគមន៍
វត្ថុចាប់ពី 2 ឡើងទៅ (ដែលមាន​កម្មសិទ្ធិករខុសគ្នា) បានរួមគ្នា ឬ ជាប់គ្នា ហើយ​ជា​លទ្ធផល​ ការ​ធ្វើ​ឱ្យ​មកស្ថានភាព​ដើមវិញ មាន​ភាព​លំ​បាកយ៉ាងខ្លាំង​ ឬ ចាំបាច់ត្រូវ​កំទេច​ដើម្បី​បំបែកជាដើម ក្នុងករណីនេះ ក្រម​រដ្ឋប្ប​វេណីកំណត់ថា វត្ថុ​ដែល​បាន​រួមគ្នា ឬ ជាប់​គ្នានោះ គឺ​ជា​វត្ថុតែ​មួយ (ចាប់ពីមាត្រា243)។ ពីព្រោះ ការបំបែក ឬ ស្តារ​ស្ថានភាព​ដើមដោយបង្ខំ នឹង​ធ្វើ​ឱ្យ​បាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ នេះហៅថា ឧបាគមន៍។ ករណីរួម​គ្នានៃវត្ថុ គឺជា ការ​ភ្ជាប់គ្នា (វត្ថុ​ភ្ជាប់គ្នា),​ ករណីចម្រុះ​ចូល​គ្នា គឺជា ការរលាយ (វត្ថុ​រលាយចូល​គ្នា), ហើយករណី​យក​វត្ថុ​ធាតុ​ដើមអ្នក​ដទៃមកធ្វើ​ចេញជា​វត្ថុ​ប្រភេទផ្សេង​ដោយ​កម្លាំង​របស់ខ្លួន គឺជា​ការកែច្នៃ (វត្ថុ​កែច្នៃ)។ ហេតុនេះ យើងអាច​និយាយបានថា នៅ​ក្នុង​ឧបាគមន៍បែងចែកជា 3 គឺ ការ​ភ្ជាប់គ្នា ការ​រលាយចូលគ្នា និង ការ​កែ​ច្នៃ។ នៅ​ក្នុង​នោះ ការ​ភ្ជាប់ទៅនឹង​អចលនវត្ថុ​មាន​បញ្ហា​ច្រើនជា​ងគេ។
នៅក្នុងគោល​គំនិត​ដើម​នៃការភ្ជាប់​គ្នា​នៃ​ចលនវត្ថុ​គឺ វត្ថុចាប់ពី 2 ឡើងទៅបានភ្ជាប់គ្នាហើយមិនអាច​បំបែកបានដោយមិន​ធ្វើ​ឱ្យ​ខូច​ខាតនោះទេ ក្នុងករណីនេះ កម្មសិទ្ធិនឹង​ធ្លាក់​ទៅលើ​កម្មសិទ្ធិ​ករនៃ​វត្ថុដែល​ជា​ចំណែក​ចម្បង (មាត្រា243។ ត្រូវ​អនុវត្តដូច​គ្នា​ផងដែរ ចំពោះករណី​ដែល​ត្រូវ​ចំណាយសោហ៊ុយហួសហេតុដើម្បីបំបែក)។ នេះមានន័យថា កម្មសិទ្ធិ​ករលើចលនវត្ថុដែល​ជា​ចំណែកបន្ទាប់​បន្សំមិន​អាច​ទាមទារ​ឱ្យ​ប្រគល់វិញនោះទេ (ប៉ុន្តែ វាមិន​សម​រម្យនោះទេ បើសិនជាឱ្យកម្មសិទ្ធិ​ករលើវត្ថុ​ដែល​ជា​ចំណែក​ចម្បងធ្វើ​លទ្ធកម្ម​តែ​ម្ខាងនោះ ហេតុនេះ កម្មសិទ្ធិ​ករលើ​វត្ថុ​នៃ​ចំណែក​បន្ទាប់​បន្សំដែល​បាន​បាត់បង់កម្មសិទ្ធិ​នោះ អាច​ទាមទារ​ប្រាក់​សំណងដោយ​ផ្អែក​លើ​បញ្ញត្តិ​ស្តីពី​សេចក្តី​ចម្រើន​ឥតហេតុ ចំពោះកម្មសិទ្ធិ​ករលើវត្ថុ​ដែល​ជា​ចំណែក​ចម្បងបាន បើសិនជា​មាន​ការ​ខូច​ខាត។ មាត្រា​248។ យើងនឹង​សិក្សា​អំពី សេចក្តី​ចម្រើនឥតហេតុ នៅ​ក្នុង​ជំពូកទី5)។ ប្រសិនបើមិន​អាច​បែង​ចែក​ចំណែក​ចម្បង ឬ ចំណែក​បន្ទាប់បន្សំនោះទេ កម្មសិទ្ធិ​ករនៃ​ចលនវត្ថុ​នីមួយៗ មាន​កម្មសិទ្ធិអវិភាគ​ទៅលើ​វត្ថុភ្ជាប់នោះ​ ទៅ​តាម​សមាមាត្រនៃតម្លៃវត្ថុ​នោះ​នៅពេល​ភ្ជាប់គ្នា (មាត្រា244។ ចំពោះកម្មសិទ្ធិអវិភាគនឹង​មាន​ពន្យល់នៅ​ផ្នែកខាងក្រោយ)។ ចំពោះការ​រលាយចូលគ្នា (ឧទាហរណ៍ ប្រេងសាំងដែលជា​កម្មសិទ្ធិ​របស់​បុគ្គល 2នាក់ បាន​ចាក់បញ្ចូល​គ្នា) ត្រូវ​អនុវត្ត​ដូចគ្នា​នូវបញ្ញត្តិ​ស្តីពី​ការ​ភ្ជាប់គ្នា (មាត្រា245)។
ចំពោះការកែច្នៃវិញ ទោះបីជា​បុគ្គលមួយ​បាន​កៃច្នៃលើចលនវត្ថុ​របស់អ្នក​ដទៃក៏ដោយ ជា​គោលការណ៍ កម្មសិទ្ធិ​លើវត្ថុ​កែ​ច្នៃនោះធ្លាក់​ទៅលើកម្មសិទ្ធិ​ករនៃវត្ថុ​ធាតុដើម។ ប៉ុន្តែ ប្រសិនបើ​តម្លៃកើនឡើងដោយសារ​ការកែច្នៃនេះ លើសពី​តម្លៃ​វត្ថុធាតុដើមយ៉ាងខ្លាំង អ្នក​កែច្នៃអាច​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​លើ​វត្ថុ​នោះ (មាត្រា​246 កថាខណ្ឌទី1។ នៅ​ក្នុង​​ករណី​នេះ​ក៏ដោយ ក៏កម្មសិទ្ធិ​ករ​នៃវត្ថុធាតុដើមដែល​បាន​បាត់បង់កម្មសិទ្ធិ​នោះ អាច​ទាមទារ​ប្រាក់​សំណង​ដោយ​ផ្អែក​លើមាត្រា248 បាន)។​
⑥ ការ​ភ្ជាប់​អចលនវត្ថុ
មាត្រា242 បញ្ញត្តថា កម្មសិទ្ធិ​ករ​នៃ​អចលនវត្ថុធ្វើ​លទ្ធកម្មកម្មសិទ្ធិលើ «វត្ថុ​ដែល​បាន​ភ្ជាប់ជា​ចំណុះ​ឱ្យអចល​ន​វត្ថុ​នោះ» ហើយបញ្ញត្តិដដែល វាក្យខណ្ឌទី2 បញ្ញត្តថា «ប៉ុន្តែ បញ្ញត្តិនេះ​មិនរារាំងដល់សិទ្ធិ​របស់​បុគ្គល​ដទៃដែល​បាន​ភ្ជាប់វត្ថុ​នោះ ដោយ​ផ្អែកលើសិទ្ធិ​ដែលនាំឱ្យ​មាន​មូល​ហេតុគតិយុត្តឡើយ»។ ឧទាហរណ៍ថា បុគ្គលដទៃបានយកដើមឈើទៅដាំ និង ដុះឬសនៅលើដីរបស់អ្នក ក្នុងករណី​នេះ កម្មសិទ្ធិ​នៅលើ​ដើមឈើនោះ គឺជា​កម្មសិទ្ធិ​ករនៅ​លើ​ដី។ ប៉ុន្តែ បើសិនជា​បុគ្គលដទៃនោះ គឺជា​ភតិកៈត្រឹមត្រូវ​នៅលើ​ដីនោះវិញ (ពីព្រោះ ភតិកៈមាន​សិទ្ធិ​ប្រើប្រាស់​ដី​ដោយសេរី) ភតិកៈមាន​កម្មសិទ្ធិ​នៅលើដើមឈើនោះ។
ប៉ុន្តែ ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន គឺប្រទេសជប៉ុនបាន​ចាត់ទុកថា ដី និង អគារនៅលើដី​នោះគឺជា​អចលនវត្ថុ​ផ្សេងគ្នាជាដរាប ហេតុនេះហើយ ចំពោះទំនាក់​ទំនង​រវាង​ដី និង អគារវិញ គឺមាត្រា​242 មិន​យក​មកអនុវត្ត​នោះ​ទេ។ ដូចនេះ ឧទាហរណ៍នៃមាត្រា242 មានដូចជា វត្ថុដែល​គេយកមកបិត​ភ្ជាប់​ទៅ​នឹង​អគារ ហើយមិន​អាច​ដក​ចេញ​ពីអគារបាន ឬ ការ​ចាក់ខ្សាច់​ទៅលើដីនៅ​មាត់​សមុទ្រជាដើម។ ប៉ុន្តែ បញ្ហាលំបាក គឺករណីដែល​គេ​ជួល​ជុល​កែលំអអគារដោយឯកឯង។ បើសិនជា​គេយកស៊ុមរបស់​បង្អួច​ទៅ​ភ្ជាប់​នឹង​អគារដើម យើងអាច​មើលឃើញយ៉ាង​ច្បាស់​ថា វាជា​ការភ្ជាប់​ចលនវត្ថុ​ដែល​ជា​វត្ថុ​ធាតុដើមនៃ​ស៊ុមបង្អួចទៅនឹង​អគារ។ ប៉ុន្តែ ទោះបីជា​ផ្នែក​ដែល​បាន​កែ​លំអនោះ​បាន​ប្រើប្រាស់​ជញ្ជាំងនៃអគារដើមក៏ដោយ ក៏ផ្នែកដែល​កែ​លំអនោះ ​អាច​មើលឃើញថា​ជា​អគារឯករាជ្យ​ផងដែរ។ ក្នុងករណីនេះ យើងនៅមានបញ្ហាថា តើវា​ជា​ការភ្ជាប់​អគារ (អចលនវត្ថុ) ទៅនឹងអគារ (អចលនវត្ថុ​) ដែរឬទេ? ហើយបញ្ហានេះ មាន​ការ​ខ្វែងគំនិត​គ្នា។
(4) កម្មសិទ្ធិអវិភាគ
កន្លងមក ខ្ញុំបាន​បកស្រាយ​ថា នៅលើចលនវត្ថុ​តែ​មួយអាច​បង្កើត​សិទ្ធិ​ប្រត្យក្ស​ដូចគ្នា​តែ​មួយ​ប៉ុណ្ណោះ (គោល​ការណ៍វត្ថុមួយសិទ្ធិមួយ)។ ឧទាហរណ៍ បើសិនជា A មាន​កម្មសិទ្ធិ​លើដី «ក» A អាចបង្កើត​សិទ្ធិ​ប្រើប្រាស់ដី និងហ៊ី​ប៉ូតែក​នៃ​ដីនោះឱ្យ​ទៅ B បាន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏​មិនអាច​មានករណី C មាន​កម្មសិទ្ធិផ្សេងលើដី «ក» ​ដូចគ្នាក្រៅពី A នោះទេ។ ប៉ុន្តែ A អាចមានកម្មសិទ្ធិ (មួយ) រួម​គ្នាជាមួយ​បុគ្គលដទៃនៅលើដី «ក» បាន។ នេះហៅថា កម្មសិទ្ធិអវិភាគ។ ក្រម​រដ្ឋប្បវេណីបញ្ញត្តថា កម្មសិទ្ធិករ​អវិភាគ​ម្នាក់ៗ អាច​ប្រើប្រាស់វត្ថុ
អវិភាគទាំងមូ​លតាមសមាមាត្រនៃចំណែក​របស់​ខ្លួនបាន (មាត្រា​249)។ ចំណែក​អវិភាគអាច​សម្រេច​បាន​តាមការ​ព្រមព្រៀងរបស់​កម្មសិទ្ធិ​ករអវិភាគ ប៉ុន្តែ បើសិនជា​គ្មានការ​សម្រេចទេ ត្រូវ​សន្មតថា កម្មសិទ្ធិករអវិភាគ​ម្នាក់ៗមាន​ចំណែក​​ស្មើៗគ្នា (មាត្រា​250)។ បើសិនជា​ចុះបញ្ជី​កម្មសិទ្ធិ​អវិភាគលើអចលនវត្ថុ ចំណែក​អវិភាគ​ម្នាក់ៗ​ត្រូវ​តែ​កត់ត្រាចូល (ច្បាប់ស្តីពី​ការចុះបញ្ជី​អចលនវត្ថុ មាត្រា59 ចំណុចទី4)។ ទោះបីជាបែបនេះក៏ដោយ ​តាមច្បាប់ កម្មសិទ្ធិ​ករអវិភាគម្នាក់ៗអាច​ប្រើប្រាស់​វត្ថុអវិភាគ​ទាំង​មូល ហេតុនេះមិនមែនមានន័យថា បើយើងមាន​​ចំណែក 1 ភាគ​ 10 ហើយ​យើងអាច​ប្រើប្រាស់បានតែ​ទំហំ 1 ភាគ 10 នៃ​ផ្ទៃក្រឡាដីនោះទេ។ ប៉ុន្តែ បើសិនជាកម្មសិទ្ធិ​ករអវិភាគម្នាក់ៗបាន​ព្រមព្រៀង​គ្នា​អំពី​ការបែង​ចែក​ការ​ប្រើប្រាស់​វត្ថុ​អវិភាគ ដូចនេះ ការ​ប្រើប្រាស់​ត្រូវ​អនុលោម​តាមការ​ព្រមព្រៀង​នោះ។
កម្មសិទ្ធិករអវិភាគម្នាក់ៗ អាច​ទាមទារ​ឱ្យបែងចែក​វត្ថុ​អវិភាគ ចំពោះ​កម្មសិទ្ធិ​ករអវិភាគ​ផ្សេងទៀតនៅពេលណាក៏បាន ប៉ុន្តែកម្មសិទ្ធិ​អវិភាគម្នាក់ៗ​អាច​ធ្វើ​កិច្ចសន្យា​ហាមមិន​ឱ្យទាមទារបែង​ចែក​វត្ថុ​អវិភាគដែល​មាន
​រយៈ​​​ពេល​មិនលើសពី 5ឆ្នាំបាន (មាត្រា256 កថាខណ្ឌទី1)។
ដោយឡែក អ្នក​សិក្សាច្បាប់លើកឡើងថា នៅក្នុង​ទ្រឹស្តីទូលាយនៃគោលគំនិតសហកម្មសិទ្ធិ ​ក្រៅពីកម្មសិទ្ធិ​អវិភាគ​ក្នុង​ន័យចង្អៀតនេះក៏មាន វត្ថុ​សមូហភាព និង វត្ថុសាធារណៈដែរ។ វត្ថុសមូហភាព សំដៅទៅលើទំនាក់​ទំនង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុនដែលយើងនឹង​សិក្សា​នៅខាងមុខ (⇒ជំពូកទី4 III.9)។ វត្ថុនេះ​មានការកំណត់ដោយ​ក្រុមហ៊ុន​នូវ​គោលបំណងជាក់លាក់នៃការ​ប្រើប្រាស់ ហេតុនេះហើយ យើងអាច​និយាយបានថា វាមានចំណុចខុសគ្នានឹង​កម្ម​សិទ្ធិអវិ​ភាគ​ដូចជា ការ​ចាត់ចែង​វត្ថុ​នោះ​ត្រូវ​បាន​កម្រិត ហើយការ​ទាមទារ​ឱ្យ​បែងចែក​កម្មវត្ថុ​នោះ​ក៏ត្រូវ​បាន​ហាម​ឃាត់​ ជាអាទិ៍ (មាត្រា​676)។ វត្ថុសាធារណៈ សំដៅទៅលើទំនាក់​ទំនង​ទ្រព្យសម្បត្តិសាធារណៈដែល​មាន​សមាជិក​ជាអ្នកភូមិមួយក្រុម ឬ មួយ​តំបន់ អាច​ប្រើប្រាស់រួមគ្នានូវ​ធនធានព្រៃឈើ ភ្នំ និង ទីវាល។ ​ក្នុងករណីនេះ វាគឺ​ជា​ការប្រើប្រាស់​នូវ​ទ្រព្យសម្បត្តិសាធារណៈរួមគ្នាក្រោមការគ្រប់គ្រងរបស់​គណកម្មការភូមិ ឬ តំបន់ ហេតុនេះ សមា​ជិក​ម្នាក់ៗ មិន​អាច​មាន​ចំណែក​ដោយឡែក ឬ ការទាមទារឱ្យបែង​ចែក​នោះទេ។
ខ្ញុំសូមបញ្ជាក់​អំពី​ ការហៅពាក្យបច្ចេកទេស ចំពោះស្ថានភាពអវិភាគលើ​សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ក្រៅពីកម្មសិទ្ធិ (សិទ្ធិលើដី និង សិទ្ធិជួលជាដើម) ហៅថា ឧបកម្មសិទ្ធិអវិភាគ។
(5) អគារសហកម្មសិទ្ធិ
នៅក្នុងអគារលំនៅឋានរួម ដូច​ជា អគារខុនដូ ជាដើម គឺមាន​កម្មសិទ្ធិឯករាជ្យជាច្រើនតាម​បន្ទប់នីមួយៗ នៅ​ក្នុងអគារតែមួយ។ នេះហៅថា សហកម្មសិទ្ធិ ហើយចំណុចនេះ មានបញ្ញត្តិនៅក្នុង «ច្បាប់ស្តីពី​អគារ​សហកម្ម​សិទ្ធិ» (ហៅកាត់ថា«ច្បាប់សហកម្មសិទ្ធិ»។ ចូល​ជា​ធរមានឆ្នាំ1962 និង វិសោធនកម្មទ្រង់ទ្រាយធំឆ្នាំ1983)។
នៅក្នុងច្បាប់សហកម្មសិទ្ធិនេះបានបែងចែកអគារសហកម្មសិទ្ធិ​នេះទៅជា ចំណែកឯកជន (បន្ទប់​នីមួយៗដែលក្លាយ​ជា​កម្មវត្ថុនៃកម្មសិទ្ធិ​ឯករាជ្យ ជាអាទិ៍), និង ចំណែករួម ដែល​ត្រូវប្រើប្រាស់រួមដោយ​សហកម្ម​សិទ្ធិ​ករ, ហើយសិទ្ធិប្រើប្រាស់ដី (ករណីភាគច្រើនគឺកម្មសិទ្ធិ ប៉ុន្តែក៏អាច​មាន​ករណីសិទ្ធិ​លើ​ដី និង សិទ្ធិជួលផងដែរ។ សហកម្មសិទ្ធិករម្នាក់ៗមានសិទ្ធិអវិភាគ ឬឧបកម្មសិទ្ធិអវិភាគទៅតាមភាគរយនៃចំណែកឯកជន) ដែលបាន​សាងសង់អគារសហកម្មសិទ្ធិនោះចាត់ទុកជាផ្នែកតែមួយនឹងចំណែកឯកជន (សហកម្មសិទ្ធិករ មិន​អាចកាត់ផ្តាច់សិទ្ធិ​នៃ​ចំណែក​ឯក​ជន និង សិទ្ធិ​ប្រើប្រាស់ដី ហើយ​ធ្វើការចាត់ចែងទេ)។ ដើម្បីធានា​នូវ​ស្វ័យភាពរបស់​សហកម្មសិទ្ធិ​ករគ្រប់រូប គេបាន​រៀបចំឱ្យ​មាន​គណៈកម្មការគ្រប់គ្រង ហើយ​គណៈកម្មការនេះត្រូវ​ដំណើរការ​តាម​ឆន្ទៈរួម​របស់​សហកម្ម​សិទ្ធិ​ករ​ដែល​ជា​សមាជិក ហើយក៏មានកំណត់​អំពី​បទបញ្ជា​និងវិធី​សម្រេច​រួមដែរ។
4. សិទ្ធិ​ប្រត្យក្សប្រើប្រាស់អាស្រ័យផលក្រៅពីកម្មសិទ្ធិ
(1) សិទ្ធិលើដី
សិទ្ធិលើដី គឺជា​សិទ្ធិ​ប្រើប្រាស់ដីរបស់​អ្នក​ដទៃ ដើម្បី​យកជាកម្មសិទ្ធិនូវសំណង់នានា និង រុក្ខជាតិ​ផ្សេងៗ នៅ​លើដីរបស់​អ្នក​ដទៃនោះ (មាត្រា265)។ សំណង់សំដៅទៅលើអគារជាអាទិ៍ ហើយសិទ្ធិលើដីនេះផ្តោតសំខាន់​ទៅលើសិទ្ធិ​ប្រើប្រាស់​ដី​របស់​អ្នក​ដទៃ ហេតុនេះ ច្បាប់​មិន​កម្រិតត្រឹមតែជាកម្មសិទ្ធិលើ​សំណង់ ឬ រុក្ខជាតិនោះទេ ហើយ​​ក៏​មិនចាំបាច់​ទាល់តែ​នៅលើដីដោយ​ផ្ទាល់​នោះទេ។ ជាទូទៅ សិទ្ធិនេះកើតឡើង​តាមរយៈការចុះកិច្ច​សន្យា​បង្កើត​សិទ្ធិ​លើដីរវាង​កម្មសិទ្ធិ​ករ និង អ្នក​ប្រើប្រាស់ ប៉ុន្តែ ក៏​អាច​មាន​ការ​ធ្វើ​លទ្ធកម្ម​តាមរយៈ​មតកសាសន៍ និង អាជ្ញាយុ​កាល​នៃលទ្ធកម្មផងដែរ។
សិទ្ធិ​លើដីមាន​ភាព​ស្រដៀង​គ្នាទៅនឹង​សិទ្ធិ​ជួល (នៅក្នុងច្បាប់ស្តីពីការជួលដីជួលផ្ទះ បាន​ហៅសិទ្ធិលើ​ដីដែល​មាន​គោលបំណងយកកម្មសិទ្ធិលើអគារ និង សិទ្ធិជួលអចលនវត្ថុ រួមគ្នាថាជា សិទ្ធិ​ជួលដី)។ ប៉ុន្តែ បើសិនជា​យើងនិយាយ​អំពី​ចំណុចខុសគ្នាគឺ សិទ្ធិ​លើដីគឺជា​សិទ្ធិប្រត្យក្ស ហេតុនេះ វាជា​សិទ្ធិដែល​ប្រើប្រាស់​ដោយ​ផ្ទាល់​ចំពោះដី​ដែល​ជា​កម្មវត្ថុ ប៉ុន្តែ សិទ្ធិ​ជួល​ដីគឺជា​សិទ្ធិ​លើ​បំណុល ហេតុនេះ វាជាសិទ្ធិ​ទាមទារប្រើប្រាស់ដីប៉ុណ្ណោះ។ ជា​លទ្ធផល សិទ្ធិលើដី​ត្រូវ​បានទទួលស្គាល់អំពីការធ្វើ​អនុប្បទាន និង ការ​ធ្វើ​សន្តតិកម្ម (ម្ចាស់​សិទ្ធិ​លើដីអាចធ្វើ​អនុប្បទាន​សិទ្ធិ​លើ​ដីនោះទៅ​ឱ្យ​បុគ្គល​ផ្សេងដោយ​សេរី) ប៉ុន្តែ សិទ្ធិ​ជួល ត្រូវ​បាន​កម្រិត​អំពី​ការ​ធ្វើ​អនុ​ប្បទាន (មាត្រា612)។ ​ម្ចាស់​សិទ្ធិ​លើដីមាន​សិទ្ធិ​ទាមទារ​ឱ្យ​ចុះបញ្ជី​អំពី​សិទ្ធិ (អាច​ទាមទារ​ឱ្យ​កម្មសិទ្ធិ​ករ​ចុះបញ្ជី​អំពី​សិទ្ធិ​លើដី) ប៉ុន្តែ អ្នក​ជួល មិន​អាច​ទាមទារ​ឱ្យ​ចុះបញ្ជី​នោះទេ ប្រសិនបើ​កម្មសិទ្ធិ​ករ​មិនបាន​ព្រម​ព្រៀង​អំពី​ចំណុច​នេះ។ បើសិនជា​យើង​ពិនិត្យ​មើល​អំពីបញ្ញត្តិអំពីអំឡុងពេលអត្ថិភាពផ្សេងទៀតក៏ដោយ ក៏​សិទ្ធិ​លើ​ដីនេះ គឺជាសិទ្ធិដែល​មាន​លក្ខណៈ​ខ្លាំង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​សិទ្ធិ​ជួល។
(2) សិទ្ធិបង្កើនផលអចិន្ត្រៃយ៍
សិទ្ធិ​បង្កើន​ផលអចិន្ត្រៃយ៍ គឺជា​សិទ្ធិ​ប្រត្យក្សដែលប្រើប្រាស់ដីរបស់​អ្នក​ដទៃ សម្រាប់ធ្វើ​ស្រែចម្ការ និង ចិញ្ចឹមសត្វ។ សិទ្ធិ​នេះ​មាន​លក្ខណៈស្រដៀងគ្នាទៅនឹង​សិទ្ធិ​លើដី ប៉ុន្តែ ការបង់ថ្លៃឈ្នួលប្រើប្រាស់ដីមាន​ធាតុផ្សំខុសគ្នា (មាត្រា270)។ នៅអំឡុងឆ្នាំ1800 នៃសម័យម៉ីជិ សិទ្ធិ​នេះត្រូវ​បានប្រើប្រាស់ច្រើន ប៉ុន្តែ បច្ចុប្បន្ននេះ សិទ្ធិ​នេះកម្រ​នឹង​យកមកប្រើប្រាស់ណាស់ (ភាគច្រើនបំផុតគឺ គេប្រើប្រាស់​សិទ្ធិជួល)។
(3) សេវភាព
សេវភាព គឺជា​សិទ្ធិប្រើប្រាស់ដី​របស់​អ្នក​ដទៃ ដើម្បី​ផលប្រយោជន៍នៃដីផ្សេងទៀត តាមគោលបំណងជាក់​លាក់ (វាក្យខណ្ឌទី1 មាត្រា280)។ ឧទាហរណ៍ កម្មសិទ្ធិករនៃដី «ក» បាន​បង្កើត​សេវភាពឆ្លងកាត់ សម្រាប់ធ្វើដំណើរឆ្លងទៅប្រើប្រាស់ដី «ក» ឬ សេវភាពទាញ​យកទឹកដែល​អូសកាត់ដីរបស់ «ខ» ជាដើម, ក្នុងករណីនេះ យើងហៅ ដី «ក» ជា ដីប្រើ ហើយ ដី «ខ» ជា ដីបម្រើ។ តើសេវភាពមាន​អ្វីខុសគ្នាទៅនឹង​ចំណុច​ស្តីពី​ទំនាក់​ទំនងដី​ជាប់​គ្នា​ដែល​បាន​សិក្សាមុននេះ? ទំនាក់​ទំនងដីជាប់គ្នា គឺជា​ការកំណត់​ត្រឹមកម្រិត​អប្បបរិមាទៅលើកម្មសិទ្ធិ​នៃដីជាប់​គ្នា​ប៉ុណ្ណោះ ហេតុនេះ បើសិនជា​ការ​កំណត់នេះមិនគ្រប់គ្រាន់នោះទេ ភាគីអាច​ចុះកិច្ចសន្យា​បង្កើត​សេវភាព​នេះបាន។ ដោយឡែក សេវភាព អាច​ធ្វើ​លទ្ធកម្ម​ដោយអាជ្ញាយុកាល តាមរយៈការប្រើប្រាស់ជាក់ស្តែងជា​បន្តបន្ទាប់ (មាត្រា283) ហើយ​សេវភាព ក៏​អាច​រលត់ដោយ​អាជ្ញាយុកាលផងដែរ ប្រសិនបើគ្មានការ​ប្រើប្រាស់​សោះក្រោយការ​បង្កើត (មាត្រា291)។
(4) សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍​
សិទ្ធិ​ចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ សំដៅទៅលើសិទ្ធិ​ប្រត្យក្សតាមច្បាប់​ប្រពៃណី ដែលសមាជិកនៅក្នុងសហគមន៍ ឬ ភូមិ អាច​ប្រើប្រាស់​រួមគ្នានូវធនធានព្រៃឈើ ភ្នំ និង ទីវាល ជាអាទិ៍។ ក្រមរដ្ឋប្បវេណីបានទទួលស្គាល់ សិទ្ធិ​ចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍ដែលមាន​លក្ខណៈអវិភាគ (មាត្រា263) និង សិទ្ធិចំពោះទ្រព្យរួមរបស់សមាជិកនៃសហគមន៍​​ដែលគ្មាន​លក្ខណៈ​អវិភាគ (មាត្រា294) ហើយខ្លឹមសារជាក់លាក់ គឺពឹងផ្អែកទៅលើប្រពៃណី។
5. សិទ្ធិ​កាន់កាប់
(1) សេចក្តីផ្តើម
ខ្ញុំនឹង​សរុបខ្លឹមសារទាំងមូល​អំពីសិទ្ធិ​កាន់កាប់ដែល​បាន​លើកឡើងកន្លងមកនៅទីនេះ។ សូមរំលឹកឡើងវិញបន្តិចថា ទោះបីជាសិទ្ធិកាន់កាប់ គឺជា​សិទ្ធិ​ប្រត្យក្សក៏ដោយ ក៏សិទ្ធិនេះខុសគ្នាទាំងស្រុងទៅនឹង​សិទ្ធិ​ប្រត្យក្សផ្សេងទៀតផងដែរ (កម្មសិទ្ធិ និង សិទ្ធិ​ប្រត្យក្សដែល​ត្រូវ​បាន​កម្រិតផ្នែកខ្លះ)។ ក្រមរដ្ឋប្បវេណីបានរៀបចំឡើងហាក់បីដូចជាមានអត្ថិ​ភាព «សិទ្ធិ​កាន់កាប់» ប៉ុន្តែ កម្មវត្ថុ​ពិតប្រាកដដែល​ត្រូវ​បាន​ការពារដោយច្បាប់ គឺស្ថានភាព​ជាក់
ស្តែង​នៃ «ការ​កាន់​កាប់»។ ការគ្រប់គ្រង​ទៅលើ​វត្ថុ​ជា​ក់លាក់ណាមួយ គឺត្រូវទទួលការការពារដោយច្បាប់ ក្នុងនាម​ជា​ការ​កាន់កាប់។ ក្នុង​ករណីនេះ យើងមិន​ពិចារណាថា បុគ្គលដែល​កំពុងតែកាន់កាប់នោះ មាន​សិទ្ធិ​ប្រត្យក្សដែល​អាចគ្រប់គ្រង​វត្ថុ​​ (ហៅថា សិទ្ធិ​ដែល​នាំឱ្យមានមូល​ហេតុគតិយុត្តិ) ដោយ​ជាក់ស្តែងនោះទេ (ដូចនេះ អាច​មានករណីខ្លះអ្នក​កាន់កាប់បាន​ទទួលការការពារ ដោយប្រើប្រាស់បណ្តឹងដែល​ផ្អែកលើសិទ្ធិ​កាន់​កាប់ (រៀបរាប់នៅពេលក្រោយ) ប៉ុន្តែ ចាញ់​ក្តី នៅក្នុងបណ្តឹងអំពីសិទ្ធិ​ដែលនាំឱ្យមាន​មូលហេតុគតិយុត្តវិញ)។
(2) ការកកើតនៃការ​កាន់កាប់
ការកាន់កាប់ សំដៅទៅលើ «ការក្តាប់ទុកវត្ថុ ដោយ​មាន​ឆន្ទៈសម្រាប់​ខ្លួនឯង» (មាត្រា180)។ យោងតាម​និយមន័យនេះ នៅក្នុងការ​កាន់កាប់មានធាតុផ្សំ 2 គឺ ការក្តាប់​ទុក ឬ គ្រប់​គ្រងវត្ថុ​ជាក់ស្តែង (នេះហៅថា ធាតុសត្យានុម័តនៃការ​កាន់កាប់) និង មាន​ឆន្ទៈសម្រាប់​ខ្លួន​ឯង (នេះហៅថា ធាតុ​អត្តនោម័តនៃការកាន់កាប់)។ ប៉ុន្តែ ក្នុងពេល​បច្ចុប្បន្ននេះ មាន​ឆន្ទៈសម្រាប់​ខ្លួនឯងនេះ ត្រូវ​បាន​បកស្រាយ​យ៉ាងទូលាយ ហើយគេគិតថា បើបុគ្គលណា​ម្នាក់ស្ថិតក្នុងគោលជំហរក្នុងការ​ទទួល​ផលប្រយោជន៍សម្រាប់ខ្លួនឯងដោយផ្ទាល់ក្តី ឬ ដោយ​ប្រយោលក្តី គឺ​ត្រូវបានទទួលស្គាល់ថាបុគ្គល​នោះ មាន​ឆន្ទៈសម្រាប់​ខ្លួនឯងជាដរាប។ ការក្តាប់​ទុកវត្ថុ មិន​សំដៅតែ​ទៅលើការ​ចាប់កាន់វត្ថុនោះទេ ប៉ុន្តែ គ្រាន់តែស្ថិតក្នុងស្ថានភាពមួយដែល​សង្គមជាទូទៅ​មើលឃើញថា បុគ្គលនោះ​កំពុង​តែ​គ្រប់​គ្រង​វត្ថុ​នោះគឺគ្រប់គ្រាន់​ហើយ (ឧទា​ហរណ៍ វត្ថុដែល​បាន​ទុកនៅផ្ទះរបស់​ម្ចាស់ដែល​កំពុងធ្វើដំណើរកំសាន្ត ក៏​ការកាន់កាប់កើតឡើងដែរ)។ ការ​ក្តាប់​ទុកវត្ថុ​នេះ អាច​ធ្វើ​ឡើង​តាមរយៈអ្នក​តំណាង ឬ អ្នក​ជំនួយបាន ដូចមានរៀបរាប់​ពេលក្រោយ។ ប៉ុន្តែ ប្រសិនបើ​ការ​ក្តាប់​ទុកវត្ថុ​កាន់កាប់ក្នុងន័យខាងលើនេះបាត់បង់ នោះសិទ្ធិ​កាន់កាប់ក៏រលត់​ដែរ (វាក្យខណ្ឌទី1 មាត្រា203)។
(3) បែបយ៉ាងនៃការកាន់កាប់
① ការកាន់កាប់ដោយខ្លួនឯង និង ការ​កាន់កាប់ដោយតំណាង
ការកាន់កាប់ដែលអ្នកកាន់កាប់​ក្តាប់ទុកវត្ថុ​ដោយខ្លួនឯង គឺជា ការកាន់កាប់​ដោយ​ខ្លួនឯង ចំណែកឯ ការឱ្យ​អ្នកតំណាងកាន់កាប់ក្តាប់ទុក​វត្ថុជំនួស គឺជា ការកាន់កាប់ដោយតំណាង (មាត្រា181)។ ឧទាហរណ៍នៃការ​ជួល​ផ្ទះ យើងអាច​និយាយថា អ្នកកាន់កាប់​ដោយផ្ទាល់ គឺជាអ្នក​ជួល ហើយអ្នកឱ្យជួលកាន់កាប់ដោយប្រយោល។ នៅ​ក្នុងករណីនេះ ទោះបីក្រមរដ្ឋប្បវេណីហៅអ្នកតំណាងកាន់កាប់ថា «អ្នកតំណាង» ក៏ដោយ ប៉ុន្តែវាមាន​លក្ខណៈខុសគ្នាទៅនឹងពាក្យអ្នក​តំណាងតាមរយៈការបង្ហាញឆន្ទៈ (បុគ្គល​ដែល​ទទួល​បាន​សិទ្ធិ​តំណាងពីម្ចាស់សិទ្ធិ) ដែលមាន​កំណត់ចាប់ពី​មាត្រា99​ នៃក្រម​រដ្ឋប្បវេណី។ គ្រាន់តែនៅក្នុងទំនាក់​ទំនង​ជាក់ស្តែងនៃការ​កាន់កាប់​វត្ថុនេះ អ្នក​តំណាងកាន់កាប់​ជំនួសមាន​ទំនាក់​ទំនង​ជាក់លាក់ជាមួយម្ចាស់សិទ្ធិ ហើយកំពុង​កាន់កាប់​ដោយមាន​ឆន្ទៈ​ដើម្បីម្ចាស់​សិទ្ធិ​ប៉ុណ្ណោះ គឺគ្រាប់គ្រាន់​ហើយ។ ដោយឡែក ករណីអ្នក​បម្រើការងារក្នុងផ្ទះ និង បុគ្គលិកហាង​ទំនិញ ជា​ដើម គឺជាអ្នក​ជំនួយកាន់កាប់ (បុគ្គលដែល​ជួយជាដៃជាជើងក្នុងការកាន់កាប់ដល់ម្ចាស់សិទ្ធិ) ហើយ​ការ​កាន់កាប់ដោយតំណាងមិនកើតឡើងនោះទេ។
② ការកាន់កាប់យកជារបស់ខ្លួន និង ការកាន់កាប់មិនយកជារបស់ខ្លួន
ការកាន់កាប់ដែលអ្នកកាន់កាប់​មាន «​ឆន្ទៈយកជាកម្មសិទ្ធិ» ហៅថា ការកាន់កាប់យក​ជា​របស់ខ្លួន ហើយ​ការ​កាន់​កាប់ក្រៅពីនេះ ហៅថា ការ​កាន់កាប់មិន​យកជា​របស់ខ្លួន (មាត្រា185)។ ការបែងចែកនេះ មាន​អត្ថប្រយោជន៍​ចំពោះ​អាជ្ញាយុកាលនៃលទ្ធកម្ម (មាត្រា162) និង ការកាន់កាប់មុននៃវត្ថុ​ដែលគ្មានម្ចាស់ (មាត្រា239) ដែលធ្លាប់បាន​សិក្សាកន្លងមក។
ចំពោះបុគ្គលដែលបាន​ទិញវត្ថុ មាន​ការ​កាន់កាប់​យកជារបស់ខ្លួន ហើយចំពោះអ្នក​ជួលវិញ ពុំមាន​ការ​កាន់កាប់​យកជារបស់ខ្លួននោះទេ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ជួលបាន​ទិញយក​វត្ថុ​ដែល​ជួល​នោះ ក្នុងករណីនេះ ការកាន់​កាប់​មិនយក​ជា​របស់ខ្លួន ត្រូវ​ក្លាយ​ជា​ការកាន់កាប់​យក​ជារបស់ខ្លួន ដោយសារការកាន់កាប់​ផ្អែកលើសិទ្ធិ​ដែលនាំឱ្យមាន​មូល​ហេតុគតិយុត្តថ្មី (មាត្រា185)។ នៅក្នុងយុត្តិសាស្ត្រថ្មីៗនេះបានបកស្រាយថា សន្តតិកម្មក៏ក្លាយ​ជាមូលហេតុនៃ​សិទ្ធិ​ដែល​នាំឱ្យមាន​មូល​ហេតុគតិយុត្តថ្មីដែរ។
(4) លទ្ធកម្មនៃសិទ្ធិកាន់កាប់
ការកាន់កាប់រួមមាន ការកាន់កាប់ដោយលទ្ធកម្ម​តាំងពីដំបូង និងការកាន់កាប់​ដោយ​លទ្ធកម្ម​បន្តពី​ម្ចាស់​មុន។ ការរើសបានវត្ថុ​បាត់ ជាអាទិ៍ គឺជា​ការកាន់កាប់​ដោយ​លទ្ធកម្មតាំងពីដំបូង ប៉ុន្តែ ការកាន់កាប់ដោយ​លទ្ធកម្ម​បន្តពី​ម្ចាស់​មុនមានសារសំខាន់ជាង មានន័យថា អ្នក​កាន់កាប់ថ្មី​ធ្វើ​លទ្ធកម្ម​បន្តនូវ​ការកាន់កាប់ដែល​មាន​សភាពដូច​គ្នា​នឹង​ការ​កាន់កាប់​របស់​ម្ចាស់​មុន ដូចជាតាមរយៈកិច្ចសន្យាលក់ទិញជាដើម។ លទ្ធកម្ម​បន្តនេះ បូក​រួម​ទាំង​ការ​ធ្វើ​លទ្ធកម្ម​តាម​សន្តតិកម្ម​ផងដែរ។
ចំពោះការ​ធ្វើលទ្ធកម្មបន្ត អ្នក​កាន់កាប់​អាចអះអាង​អំពី​ការកាន់​កាប់​របស់​ម្ចាស់មុនក៏បាន ឬ អះអាង​អំពីការ​កាន់កាប់​របស់​ខ្លួន​ដែល​កើត​ឡើង​ថ្មី​ក៏បាន (មាត្រា187 កថាខណ្ឌទី1)។ ប៉ុន្តែ បើសិនជាអះអាងអំពី​​ការ​កាន់​កាប់​របស់​ម្ចាស់មុន ក្នុងករណីនេះ អ្នក​កាន់កាប់​ថ្មី​ត្រូវ​ទទួល​បន្តនូវវិការៈ (ទុច្ចរិត និង កំហុស ជាអាទិ៍) នៃការ​កាន់កាប់របស់​ម្ចាស់មុនផងដែរ (មាត្រា187 កថាខណ្ឌទី2)។
(5) អានុភាពនៃ​ការ​កាន់កាប់
① សិទ្ធិ​ទាមទារ​ឱ្យការពារការកាន់កាប់
នៅពេលទទួលរងការរារាំងការកាន់កាប់​ពីបុគ្គលដទៃ អ្នក​កាន់កាប់អាច​ទាមទារឱ្យបញ្ឈប់ការរារាំង​នោះ តាម​បណ្តឹងដោយផ្អែកលើការ​កាន់កាប់បាន ទោះបីជាការកាន់កាប់​នោះធ្វើឡើង ឬមិនបានធ្វើឡើងដោយផ្អែកលើសិទ្ធិត្រឹមត្រូវ​ក៏ដោយ (ចាប់ពីមាត្រា197)។ បណ្តឹង​ដោយផ្អែក​លើការកាន់កាប់មាន 3ប្រភេទ គឺ បណ្តឹង​ទាមទារឱ្យបញ្ឈប់​ការ​រារាំង បណ្តឹងទាមទារ​ឱ្យបង្ការជាមុននូវ​ការ​រារាំង និង បណ្តឹង​ទាមទារ​ឱ្យប្រគល់វិញ។
បណ្តឹង​ដោយ​ផ្អែក​លើការកាន់កាប់ គឺជា​សិទ្ធិបញ្ឈប់ការរារាំងចំពោះ​ការ​កាន់​កាប់​វត្ថុ​ជា​ក់ស្តែង ហេតុនេះហើយ វាគ្មាន​ទំនាក់​ទំនង​នឹង​បណ្តឹង​ដោយ​ផ្អែកលើសិទ្ធិ​ដែល​នាំឱ្យ​មាន​មូល​ហេតុគតិយុត្តនោះទេ (ការបញ្ឈប់​ការ​រា​រាំង​ដោយ​ផ្អែកកម្មសិទ្ធិ ជាអាទិ៍, មាត្រា202 កថាខណ្ឌទី1)។ ដូចនេះ បុគ្គលតែម្នាក់អាច​ដាក់បណ្តឹងដោយ​ផ្អែក​លើការកាន់កាប់ផង និង បណ្តឹងដោយ​ផ្អែកលើសិទ្ធិ​ដែលនាំឱ្យមាន​មូល​ហេតុគតិយុត្តផង ព្រមគ្នា​បាន។
② ការសន្មតនៃសិទ្ធិ
អ្នកកាន់កាប់ ត្រូវ​បាន​សន្មតថា មានសិទ្ធិ​ដែល​ជាមូល​ហេតុស្របច្បាប់នៃការ​កាន់កាប់​ចំពោះវត្ថុ​កាន់កាប់ (មាត្រា188)។ ឧទាហរណ៍ បុគ្គលដែល​អះអាងថាខ្លួន​ជា​កម្មសិទ្ធិករ នឹងត្រូវ​សន្មតថាជា​កម្មសិទ្ធិករ ដោយគ្រាន់តែបញ្ជាក់​អំពី​អង្គហេតុនៃការ​កាន់កាប់​ប៉ុណ្ណោះ ហេតុនេះ បុគ្គលដែល​មាន​វិវាទអំពី​ចំណុចនេះ ត្រូវ​តែ​បញ្ជាក់​ថាអ្នក​កាន់កាប់នោះគ្មាន​កម្មសិទ្ធិទេ។ ប៉ុន្តែ ចំពោះអចលនវត្ថុវិញ យើងបាន​សិក្សាររួចហើយថា អានុភាព​សន្មតនៃការ​ចុះបញ្ជី​គឺមាន​អាទិភាពជាង ហេតុនេះហើយ អានុភាព​សន្មតនៃការ​កាន់កាប់នេះអាច​អនុវត្ត​បាន​ចំពោះតែ​អចលនវត្ថុ​ដែល​មិន​ទាន់​ចុះបញ្ជី​ប៉ុណ្ណោះ។
③ សិទ្ធិ​ទទួលផល​របស់​អ្នកកាន់កាប់​សុចរិត
ឧទាហរណ៍ បុគ្គលដែលបានកាន់កាប់ដីដោយភាន់ច្រឡំថាខ្លួនមានកម្មសិទ្ធិ ទាំងដែលខ្លួនគ្មាន​កម្មសិទ្ធិ​ អាចប្រមូលផលផ្លែប៉ោមដែល​ដាំនៅលើដីនោះបាន។ នេះហៅថា សិទ្ធិទទួល​ផលរបស់​អ្នក​កាន់កាប់​សុចរិត (មាត្រា189 កថាខណ្ឌទី1)។ ដោយសារតែ ការអនុញ្ញាតឱ្យម្ចាស់​សិទ្ធិ​ពិតប្រាកដទាមទារ​ឱ្យ​អ្នក​កាន់កាប់​សុចរិតសងផលនៅពេលក្រោយនេះ វាហួសហេតុ​ពេក។ ផលស៊ីវិលដែល​ជា​ថ្លៃឈ្នួល ត្រូវ​អនុវត្តដូចគ្នាផងដែរ។