ជំពូកទី 2
I. ចរិតលក្ខណៈនៃបទប្បញ្ញត្តិទូទៅ និង លំដាប់នៃការ​សិក្សា​
II. ចំពោះ​ការ​សិក្សា​បទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី
1. ចំណុច​សំខាន់ៗនៃបទប្បញ្ញត្តិ​ទូទៅ និង វិធីសាស្ត្រ​សិក្សា
2. បញ្ញត្តិ​ដំបូងនៃបទប្បញ្ញត្តិ​ទូទៅ
III. ការ​សិក្សា​ចំណុច​សំខាន់ៗក្នុងបទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី
1. ការបង្ហាញ​ឆន្ទៈ និង​សកម្មភាព​គតិយុត្ត
2. ការការពារជនដែល​ត្រូវ​បានកម្រិត​សមត្ថភាព
3. ការ​បង្ហាញ​ឆន្ទៈ​ប្រកប​ដោយ​បញ្ហា
4. ការ​តំណាង ការ​តំណាង​ដោយគ្មានសិទ្ធិ ការ​តំណាង​ដែល​មាន​លក្ខណៈជារូបភាព
5. មោឃភាព និង ការ​លុបចោល
6. លក្ខខណ្ឌ និង ការ​កំណត់ពេល​
7. អាជ្ញាយុកាល
8. នីតិបុគ្គល
9. លំនៅឋាន និង ការបាត់ខ្លួន
I. ចរិតលក្ខណៈនៃបទប្បញ្ញត្តិទូទៅ និង លំដាប់នៃការ​សិក្សា​
នៅក្នុងជំពូក​មុន ខ្ញុំបាន​រៀប​រាប់​អំពី​រចនាសម្ព័ន្ធរបស់ក្រម​រដ្ឋប្បវេណី និងបានពន្យល់ថា​ ក្រម​រដ្ឋប្បវេណី​ ជប៉ុន បាន​បែង​ចែក​ជា​ 5 គន្ថី ដែល​មាន​ បទប្បញ្ញត្តិ​ទូទៅ សិទ្ធិ​ប្រត្យក្ស សិទ្ធិ​លើ​បំណុល ញាតិ និង ​សន្តតិកម្មរួចហើយ។ នៅក្នុង​ចំណោម​គន្ថីទាំង 5 នេះ តាមវិធីហៅនៅក្នុងបរិបទ​សិក្សា​ គន្ថីទី1~3 គេហៅថា នីតិ​ទ្រព្យសម្បត្តិ​ ហើយគន្ថីទី4~5 គេហៅថា នីតិ​គ្រួសារ​ ឬ នីតិ​ឋានៈ​បុគ្គល។ ដោយឡែក បើមើលទៅលើចំណងជើង យើង​ប្រហែលជា​អាចយល់ថា បទប្បញ្ញត្តិ​ទូទៅគឺជា​វិធានរួមនៃក្រម​រដ្ឋប្បវេណីទាំងមូល ប៉ុន្តែ ខ្លឹមសារជាក់ស្តែង គឺជាចំណុចដែល​ទាក់ទង​នឹង​សិទ្ធិប្រត្យក្ស និង សិទ្ធិលើ​បំណុលនៅក្នុងគន្ថីបន្ទាប់ទាំងពីរប៉ុណ្ណោះ ហេតុនេះ ខ្ញុំ​ក៏បានបកស្រាយរួចហើយថា បទប្បញ្ញត្តិទូទៅនេះគួរតែមើលថាជាវិធានរួមនៃ​នីតិទ្រព្យសម្បត្តិទើបសមស្រប។ ដូច្នេះ ខ្ញុំយល់ថាក្នុង​លំដាប់នៃការ​សិក្សា​ក៏ដោយ ក៏គួរតែ​សិក្សា​ចាប់ពីបទប្បញ្ញត្តិ​ទូទៅ (នៅក្នុងសៀវភៅសិក្សាផ្សេងៗ គេហៅថា «បទប្បញ្ញត្តិទូទៅនៃក្រម​រដ្ឋប្បវេណី»)នេះទៅមុន ទើបសមហេតុផល។ ម្យ៉ាងទៀត ជាក់ស្តែង​នៅតាម​មហាវិទ្យាល័យជា​ច្រើន ក៏បាន​រៀប​ចំកម្មវិធីសិក្សា​ស្របតាមលំដាប់នេះដែរ ប៉ុន្តែ ​បញ្ហាដែល​លំបាកមួយគឺ ​ក្រម​រដ្ឋប្បវេណីមិនគួរឱ្យចាប់អារម្មណ៍ទេ បើសិនជាចាប់ផ្តើមសិក្សាពីបទប្បញ្ញត្តិទូទៅមុន។ ខ្ញុំ​ផ្ទាល់ក៏ធ្លាប់មាន​អារម្មណ៍​បែប​នេះនៅពេលដែល​ខ្ញុំជានិស្សិត​នៅឡើយ ហើយបច្ចុប្បន្ននេះក៏ដោយ ក៏មាន​និស្សិតមិន​តិច​ទេដែលបាន​លើកឡើងអំពី​អារម្មណ៍បែបនេះ។ ​រឿងនេះមិនមែនជារឿងដែលគ្មាន​ហេតុផលនោះទេ។
នៅក្នុងជំពូក​មុន​ ខ្ញុំបាន​រៀប​រាប់រួចហើយថា ការបែងចែក​​គន្ថី ដោយ​យក​បទប្បញ្ញត្តិ​ទូទៅ​ដាក់នៅខាងដើម គឺជា​ប្រព័ន្ធPandekten ហើយ វាគឺជា​ទម្រង់​ដែលយកតាម​ក្រម​រដ្ឋប្បវេណីអាឡឺម៉ង់(បើមើលឱ្យត្រឹមត្រូវ គឺសេចក្តីព្រាងនៃក្រមរដ្ឋប្បវេណីអាឡឺម៉ង់)។ នៅ​ចុង​ឆ្នាំ ១៨៨៧ ក្នុងពេលដែល​​ក្រម​រដ្ឋប្បវេណី​បច្ចុប្បន្ន​ជប៉ុន (ជាការ​កែ​សម្រួលលើក្រមរដ្ឋប្បវេណី​ចាស់ Gustave Émile Boissonade de Fontarabie) ត្រូវ​បាន​តាក់តែងឡើង ជប៉ុន​បាន​យកលំនាំតាមប្រព័ន្ធនៃការ​បែងចែកជា​គន្ថីនៃសេចក្តីព្រាងក្រម​រដ្ឋប្បវេណីអាឡឺម៉ង់ ដែល​ជាក្រម​រដ្ឋប្ប​វេណី​ទំនើប​បំផុត​ក្នុង​សម័យនោះ (ប៉ុន្តែដូចខ្ញុំបាន​រៀប​រាប់​ក្នុងជំពូកមុន​រួច​ហើយថា ខ្លឹមសារនៅក្នុង​ក្រម​រដ្ឋប្បវេណី​ជប៉ុនមិនដូច​គ្នាទាំងស្រុងជាមួយនឹង​ក្រម​រដ្ឋប្បវេណី​នៃប្រទេសអាឡឺម៉ង់នោះទេ ហើយជារួម យើងអាចនិយាយថា ក្រម​រដ្ឋប្បវេណីនៃប្រទេសជប៉ុនទទួលឥទ្ធិពលស្ទើរតែពាក់កណ្តាលម្នាក់ ពីក្រម​រដ្ឋប្បវេណី​អាឡឺម៉ង់ និង ក្រមរដ្ឋប្បវេណីបារាំង ហើយមានផ្នែកខ្លះគឺអាចមើលឃើញច្បាស់តែម្តងថា ផ្នែកនោះ​ទទួលឥទ្ធិពលខ្លាំង​ពីក្រម​រដ្ឋប្ប​វេណីបារាំង)។ ប្រព័ន្ធដែលដាក់វិធានរួមនៅខាងដើមនេះ គឺពិតជាមានលក្ខណៈសមហេតុសមផល ប៉ុន្តែ បើសិនជា​យើងចាប់ផ្តើម​សិក្សា​អំពី​បទប្បញ្ញត្តិ​ទូទៅនេះមុនគេ វាបានសេចក្តីថា យើងចាប់ផ្តើមសិក្សាវិធានរួមទាំងមិន​ទាន់ចេះវិភាគរឿងក្តីជាក់ស្តែងនីមួយៗនៅឡើយ ហេតុនេះ យើងនឹងមាន​អារម្មណ៍ហាក់បីដូចជាត្រូវបានបង្ខំឱ្យសិក្សាពីការបកស្រាយមានលក្ខណៈអរូបី ហើយមិនផ្សារភ្ជាប់ជាមួយរឿងជាក់ស្តែង។
មានមតិមួយលើកឡើងថា ដើម្បី​ជៀសវាង​នូវ​បញ្ហាខាងលើ នៅក្នុងជំពូកដំបូង គួរចាប់ផ្តើមសិក្សាពីផ្នែកកិច្ចសន្យា (ពោលគឺ នីតិសិទ្ធិលើបំណុល) ដែល​ជាដើមហេតុនៃការកកើតទំនាក់ទំនងសិទ្ធិជាក់ស្តែង ហើយជាផ្នែកដែលមានលក្ខណៈពិសេសនៃក្រម​រដ្ឋប្បវេណីជាងគេ ទើបការសិក្សាអាចទទួល​អារម្មណ៍ពិតជាក់ស្តែង និង ងាយស្រួលយល់។ មានន័យថា ចាប់ផ្តើម​សិក្សា​អំពីកិច្ចសន្យាលក់ទិញដែល​ជា​ការ​ទិញ ឬ ការលក់វត្ថុ បណ្តើរ ហើយឈានទៅសិក្សាបន្តិចម្តងៗ អំពី​ខ្លឹមសារ​នៃបញ្ញត្តិដែលជា​បទប្បញ្ញត្តិ​ទូទៅរួមនៃសិទ្ធិ​លើបំណុល និង សិទ្ធិ​ប្រត្យក្ស។ ទោះបីជា​បែបនេះក៏ដោយ ជាឧទាហរណ៍ មុខវិជ្ជាទាក់ទងនឹង​ក្រម​រដ្ឋប្បវេណី ទាំងក្នុង​មហាវិទ្យាល័យនីតិសាស្ត្រ មហាវិទ្យាល័យសេដ្ឋកិច្ច ឬ មហាវិទ្យាល័យពាណិជ្ជកម្មនៅតាមសាកលវិទ្យាល័យ ភាគច្រើនយកបទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណីជាផ្នែកទី1 នៃមុខវិជ្ជាក្រម​រដ្ឋប្បវេណី។ ហេតុដូច្នេះហើយ​ បើសិនជា​​និស្សិត​ទាំងឡាយ​ពីមហាវិទ្យាល័យទាំងនេះ ចង់​សិក្សាក្រម​រដ្ឋប្បវេណីស្របតាមកម្មវិធីសិក្សា គឺគួរតែសិក្សា​ចាប់ពី​បទប្បញ្ញត្តិ​ទូទៅនៃក្រមរដ្ឋប្បវេណី ទើបមាន​ការ​ខាតបង់​តិចបំផុត។ ដូចនេះ ក្នុង​ជំពូកនេះ ខ្ញុំនឹង​ព្យាយាមពន្យល់ដោយ​ផ្តោតសំខាន់ថា តើយើង​គួរសិក្សា​ដោយយកចិត្តទុកដាក់នៅកន្លែងណា ហើយ​ត្រូវ​ប្រើវិធីសាស្ត្របែបណា ទើបងាយស្រួលយល់ជាងមុន និង កាន់តែគួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងមុន ក្នុងករណីដែលយើងសិក្សាក្រមរដ្ឋប្បវេណីដោយ​ចាប់ផ្តើម​ចេញពី​បទប្បញ្ញត្តិទូទៅមុន។
ចំណុច​សំខាន់មាន 2។ ទី1 គឺយើងគិតបញ្ច្រាសពីអ្វីដែល​បាន​សរសេរខាងលើ មានន័យថា យើងជានិច្ចកាលនឹកគិតអំពី​ឧទារហណ៍​ជាក់ស្តែងបណ្តើរ ហើយសិក្សា​បណ្តើរ។ ទី2 គឺយើងត្រូវសិក្សា ដោយ​ស្វែងយល់ថា តើ​វិធាន​រួមទាំងអស់នេះ មានអត្ថន័យបែបណា និង មានឋានៈយ៉ាងណា? នៅ​ក្នុង​ក្រម​រដ្ឋប្បវេណីទាំងមូល។ ប៉ុន្តែ តាមពិត​ទៅ សៀវភៅ​សិក្សា​អំពី​បទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណីដែលសរសេរឡើង ដោយមាន​ការ​ចាប់អារម្មណ៍អំពី ​ចំណុចទាំង 2 ខាងលើនេះ មានមិន​ច្រើននោះទេ។ ហេតុដូច្នេះជា​បន្ត​ទៅទៀត ខ្ញុំ​នឹង​បង្ហាញ​ឱ្យច្បាស់​​អំពី លំដាប់នៃការ​សិក្សា និង កម្រិតនៃភាព​ចាំបាច់ជាដើម នៅក្នុងការ​សិក្សា​បទប្បញ្ញត្តិទូទៅ ដោយសាកល្បងបកស្រាយដោយចាប់អារម្មណ៍អំពីចំណុចទាំង 2 ខាងលើនេះ។ ​ជាក់ស្តែង ខ្ញុំនឹង​​ពន្យល់ដោយព្យាយាម​លើកយក​ឧទាហរណ៍អំពីកិច្ចសន្យា​លក់ទិញ នៅក្នុងបរិបទភាគច្រើន។
II. ចំពោះការ​សិក្សា​បទ​ប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី
1. ចំណុច​សំខាន់ៗនៃបទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី និង វិធីសាស្ត្រ​សិក្សា​
ខ្ញុំ​សូម​រំលឹកឡើងវិញអំពី ការរៀបរាប់ក្នុងជំពូកទី1 ស្តីពី​លំនាំ​សិក្សា​។ ក្រម​រដ្ឋប្បវេណី ផ្តោតសំខាន់បំផុតលើ​ស្វ័យភាព​នៃឆន្ទៈ​របស់​យើងម្នាក់ៗ។ ហេតុនេះ នៅក្នុង​ចំណោម​បញ្ញត្តិ​ទាំងឡាយនៃបទ​ប្បញ្ញត្តិ​ទូទៅ​នៃក្រម​រដ្ឋប្បវេណី ទី1 យើង​នឹង​សិក្សា «សមត្ថភាព​ក្នុងការ​បង្ហាញ​ឆន្ទៈ» ដែល​បុគ្គល​ទូទៅមាន និង «សមត្ថភាពដែលអាចធ្វើស​កម្មភាពដែលកើតឡើងនៅក្នុងទំនាក់ទំនងគតិយុត្តរវាងបុគ្គលម្នាក់ៗ»។ ហេតុដូច្នេះហើយ ចំពោះជនដែល​គ្មាន​សមត្ថភាព​វិនិច្ឆ័យ​ដោយខ្លួនឯងបាន ក្រម​រដ្ឋប្បវេណីមាន​វិធាន​ការដើម្បីការពារជនដែល​គ្មាន​សមត្ថភាពវិនិច្ឆ័យដោយខ្លួនឯងនោះ ដោយ​ឱ្យ​អ្នកណាម្នាក់ជួយបំពេញការបង្ហាញ​ឆន្ទៈនោះ។
ទី2 យើងនឹងសិក្សា​អំពី បញ្ហានានាដែល​កើតមាន​ឡើងនៅពេលដែលបុគ្គលមាន​សមត្ថភាពវិនិច្ឆ័យ​ដោយ​ខ្លួនឯង បាន​បង្ហាញ​ឆន្ទៈភ្ជាប់ទំនាក់ទំនងគតិយុត្ត។ នេះគឺ​ជា​ផ្នែកដែលសំខាន់​បំផុត នៅក្នុង​បទប្បញ្ញត្តិទូទៅនៃក្រម​រដ្ឋប្បវេណី។ មានន័យថា ផ្នែកនេះមាន​បញ្ញត្តិអំពី សកម្មភាពគតិយុត្ត ដែលជាសកម្មភាព​បង្កើតអានុភាពគតិយុត្តស្របតាមគោលបំណងនៃឆន្ទៈ ដោយ​អំណាចនៃការ​បង្ហាញ​ឆន្ទៈ និងបញ្ញត្តិអំពី ការ​ដោះស្រាយបញ្ហាដែលកើតមានឡើង ក្នុងករណីដែលបុគ្គលមាន​សមត្ថភាព​វិនិច្ឆ័យដោយខ្លួនឯង បានបង្ហាញ​ឆន្ទៈខុស (ការ​ភាន់ច្រឡំ) ឬ បានបង្ហាញ​ឆន្ទៈ​ខុសពី​ឆន្ទៈដើម ដោយសារ​តែត្រូវបានគេបោកប្រាស់ (ការ​ឆបោក) (ឧទាហរណ៍ ក្រម​រដ្ឋប្បវេណីបានបញ្ញត្តអំពី អានុភាពដែលរួមមាន មោឃភាព និង ការលុបចោលជាអាទិ៍ ក្នុងនាមជាវិធីដោះស្រាយបញ្ហា។ ដោយឡែក ពាក្យថា «អានុភាព» ដែល​​ប្រើក្នុងក្រម​រដ្ឋប្បវេណី​ជាដើម គឺ​សំដៅ​ទៅលើ​លទ្ធផល​អ្វីមួយ ដែលកើតឡើងតាមរយៈការប្រើប្រាស់បញ្ញត្តិ ឬ ប្រព័ន្ធច្បាប់ណាមួយ ហើយវាមិនមានន័យថាប្រសិទ្ធភាពទេ)។ លើសពីនេះ ផ្នែកនេះក៏​មាន​បញ្ញត្តអំពី ​ការ​បង្ហាញ​ឆន្ទៈជំនួសដោយបុគ្គលក្រៅពីខ្លួនឯង ដែលជាប្រព័ន្ធនៃការ​តំណាងដែរ។
ទី3 យើងនឹងសិក្សាអំពីបញ្ហានៃ​អាជ្ញាយុកាល។ អាជ្ញាយុកាលកើតមានទាំងនៅលើសិទ្ធិប្រត្យក្ស និង សិទ្ធិលើបំណុល ហេតុនេះហើយ ក្រម​រដ្ឋប្បវេណីបានកំណត់អំពីអាជ្ញាយុកាលរួមគ្នានៅក្នុងបទប្បញ្ញត្តិ​ទូទៅ។ ហើយ ទី4 យើងនឹង​សិក្សា​អំពីបញ្ហានៃ​នីតិបុគ្គល។ តាមពិតទៅ ចំណុចនៃនីតិបុគ្គលនេះ គឺជាចំណុចមានបញ្ហាស្មុគស្មាញ​ខ្លាំងនៅក្នុងបទប្បញ្ញត្តិ​ទូទៅ ហេតុនេះ ខ្ញុំយល់ថា​ និស្សិតនៃមហាវិទ្យាល័យច្បាប់ទូទៅក៏ដោយ ក៏គួរតែសិក្សា​អំពីបទប្បញ្ញត្តិទូទៅនេះក្រោយគេ។ ប៉ុន្តែ នៅក្នុងមហាវិទ្យាល័យសេដ្ឋកិច្ច ឬ មហាវិទ្យាល័យពាណិជ្ជកម្ម មាន​សិក្សា​អំពី​សហគ្រាស ហើយជនដទៃទៀតដែល​មាន​ចំណាប់អារម្មណ៍​ខ្លាំងទៅលើច្បាប់ស្តីពីទំនាក់​ទំនង​ពាណិជ្ជកម្ម​វិញ ប្រហែលជា​ឆាប់យល់អំពីផ្នែកនេះជាងនិស្សិត​នៃមហាវិទ្យាល័យ​ច្បាប់ទៅទៀត។ ខ្ញុំយល់ថា​ ចំណុចនេះ​មា​នទំនាក់​ទំនង​ជាមួយការ​សិក្សា​នាពេលអនាគតផងដែរ ហេតុនេះ ទោះបីជាសិក្សាចំនុចនេះនៅពេលក្រោយក៏ដោយ គឺត្រូវសិក្សា​ឱ្យ​បានហ្មត់ចត់។
2. បញ្ញត្តិ​ដំបូងនៃបទប្បញ្ញត្តិទូទៅ
ក្រោយ​ពី​ចងចាំអំពីចំណុច​សំខាន់​ៗសម្រាប់​សិក្សាដែលបានរៀបរាប់ខាងលើរួចហើយ ខ្ញុំនឹងពន្យល់ដោយសង្ខេបអំពី ​បញ្ញត្តិដែលមានចែងដំបូងបំផុតនៅក្នុងបទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី ពោលគឺមាត្រា1 និង មាត្រា​2 នៃក្រម​រដ្ឋប្បវេណី។ នៅក្នុងចំណុចនេះមានកំណត់អំពី បញ្ញត្តិមានលក្ខណៈទ្រឹស្តី និងបញ្ញត្តិមានលក្ខណៈមូលដ្ឋាន និង បញ្ញត្តិមានលក្ខណៈទូទៅដែល​ត្រូវ​យកមកអនុវត្ត នៅក្នុងករណីដែលបញ្ញត្តិដទៃទៀតមិន​អាច​ដោះស្រាយដាច់ស្រឡះដោយឯកឯងបាន។ បញ្ញត្តិមានលក្ខណៈទ្រឹស្តីដែលបានលើកឡើងមុននេះ (មាត្រា​1 កថាខណ្ឌទី1 បញ្ញត្តថា «សិទ្ធិ​ឯកជនត្រូវតែសមស្រប​ទៅតាម​សុខុមាភាពសាធារណៈ» និង មាត្រា​2 បញ្ញត្តថា «ក្រមនេះ ត្រូវ​បកស្រាយ​ដោយគោរពគោលការណ៍នៃសេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល និង ភាព​ស្មើគ្នារបស់បុគ្គលទាំងពីរភេទ») មាន​សារៈសំខាន់ ប៉ុន្តែ ពុំសូវទាក់ទងនឹង​ការ​បកស្រាយ​ជាក់ស្តែងនោះទេ។ ដោយឡែក «សិទ្ធិ​ឯកជន ត្រូវតែសមស្រប​ទៅតាម​សុខមាលភាពសាធារណៈ» គឺសំដៅទៅលើការ​ទទួល និង ការ​អនុវត្តសិទ្ធិ​ដោយសេរីរបស់​បុគ្គលឯកជន ត្រូវតែ​សម្របទៅនឹងការ​រីកចម្រើនដ៏ត្រឹមត្រូវរបស់​សង្គម ប៉ុន្តែ វាមិនមានន័យថា អំណាច​សាធារណៈអាចកម្រិតសិទ្ធិរបស់​បុគ្គលឯកជនជាអាទិ៍នោះទេ។ ហើយមាត្រា2 គឺជា​បញ្ញត្តិជាក់ស្តែង​។
រីឯបញ្ញត្តិ​មាន​លក្ខណៈទូទៅរួមមាន មាត្រា1 កថាខណ្ឌទី2 គោលការណ៍នៃភាព​សុចរិត និងភាពស្មោះត្រង់ និងមាត្រា1 កថាខណ្ឌទី3 គោលការណ៍ប្រើប្រាស់​សិទ្ធិ​ដោយ​បំពាន (បញ្ញត្តិទាំងនេះហៅថា «មាត្រាទូទៅ»)។ នៅក្នុងការបក​ស្រាយ​ជាក់ស្តែង​ បញ្ញត្តិ​នេះ​ត្រូវ​យក​មកអនុវត្តជាមធ្យោបាយ​សម្របសម្រួលចុងក្រោយដើម្បីដោះស្រាយបញ្ហា ក្នុងករណីដែលបញ្ញត្តិ​ជាក់ស្តែងនីមួយៗមិនអាច​ដោះស្រាយបាន​ដាច់ស្រឡះ (យើងអាចលើកជា​ឧទាហរណ៍បានដូចជា «ការប្រើប្រាស់មធ្យោបាយគតិយុត្តនៅក្នុង​ស្ថានភាពបែបនេះមិន​ត្រូវ​បាន​អនុញ្ញាតទេ ដោយសារ​ផ្ទុយ​នឹង​គោលការ​ណ៍នៃភាព​សុចរិតនិងភាពស្មោះត្រង់» ឬ «ការប្រើប្រាស់សិទ្ធិមួយនេះនៅក្នុង​ស្ថានភាពបែបនេះមិន​ត្រូវបាន​​អនុញ្ញាតទេ ដោយសារវាជាការ​ប្រើសិទ្ធិដោយ​បំពាន» ជាដើម)។ ជាពិសេស​នៅក្នុងការអនុវត្ត​ជាក់ស្តែង គោលការណ៍នៃសុចរិភាព (គោលការណ៍នៃភាព​សុចរិត និងភាពស្មោះត្រង់) ត្រូវ​​យកមកប្រើជាញឹកញាប់ ហើយវាមានបង្កប់បញ្ហាសំខាន់ថា តើយើងគួរពឹងផ្អែកទៅលើ «មាត្រាទូទៅ» បែបនេះដល់​កម្រិតណានៅក្នុងបច្ចេកទេសគតិយុត្ត ជាដើម ប៉ុន្តែ នៅទីនេះ សូមស្វែងយល់ដោយត្រួសៗជាមុនសិន។
ដោយឡែក មាត្រា1 និង មាត្រា2 ខាងលើ ត្រូវបាន​ដាក់បន្ថែមជាលើកដំបូងនៅក្នុង​គន្ថីស្តីពីបទប្បញ្ញត្តិទូទៅ នៅពេលវិសោធនកម្មគន្ថីទី4 និងគន្ថីទី5 ទាំងស្រុងនៃក្រម​រដ្ឋប្បវេណីនៅឆ្នាំ1947។ ពេលនោះ គេបានបែងចែក​ជា​មាត្រា1 និងមាត្រា1 ភាគ2 ប៉ុន្តែ ត្រូវបានកែប្រែមកមាត្រា1 និង មាត្រា2 វិញ នៅពេល​វិសោធនកម្ម តាមរយៈការធ្វើទំនើប​កម្មពាក្យពេចន៍នៅក្នុងឆ្នាំ2004 (ការ​បន្ថែមទៅជាមាត្រា1 ភាគ2 នេះ ធ្វើឡើងដើម្បីជៀសវាងការ​ផ្លាស់ប្តូរ​លេខមាត្រាទាំងមូល ដោយសារ​តែការ​បន្ថែម​មាត្រាថ្មី ហេតុនេះហើយ គេតែងដាក់លេខមាត្រាបែបនេះ (ហៅថា
«សាខាលេខ») នៅក្នុង​ករណី​បន្ថែមមាត្រា។ ហើយ មាត្រា1 នៃក្រម​រដ្ឋប្បវេណីដែលត្រូវបាន​អនុម័តដំបូង​នៅ​ក្នុងឆ្នាំ1896 ដែលបានចែងថា «សិទ្ធិឯកជនត្រូវចាប់ផ្តើមមាន នៅពេលចាប់កំណើត» បានក្លាយជាមាត្រា3 កថាខណ្ឌទី1 នៃ​ក្រម​រដ្ឋប្បវេណីបច្ចុប្បន្ន)។
III. ការសិក្សាចំណុច​សំខាន់ៗក្នុងបទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី
1. ការបង្ហាញឆន្ទៈ និង សកម្មភាពគតិយុត្ត
បន្តទៅនេះ ខ្ញុំនឹង​បង្ហាញតាមលំដាប់លំដោយនៃ​ចំណុច​សំខាន់ៗដែលត្រូវ​សិក្សានៅក្នុងបទប្បញ្ញត្តិ​ទូទៅនៃក្រម​រដ្ឋប្បវេណី ដោយ​គោរពតាម​លំនាំ​សិក្សា​ដែល​បាន​រៀបរាប់​ខាងលើនេះ (ប៉ុន្តែ វាអាចខុសបន្តិចបន្តួច​ទៅនឹង​លំដាប់លេខ​រៀងនៃ​មាត្រា​)។
(1) ការ​បង្ហាញ​ឆន្ទៈ
ជាដំបូង ​យើងនឹងសិក្សាអំពី «ការ​បង្ហាញ​ឆន្ទៈ» ដែលជាពាក្យពេចន៍​ដែល​ត្រូវបានប្រើប្រាស់ យ៉ាងញឹកញាប់បំផុតនៅក្នុង​ក្រម​រដ្ឋប្បវេណី។ ការបង្ហាញឆន្ទៈ​គឺជាការ​ប្រាប់​ ពោលគឺបង្ហាញអំពីឆន្ទៈរបស់ខ្លួន​ទៅភាគីម្ខាងទៀត ក្នុងគោល​បំណង​បង្កើតទំនាក់​ទំនង​គតិយុត្តជាក់លាក់ណាមួយ។​ នៅក្នុងចំណុចនេះ សូម​អ្នក​ទាំងអស់គ្នា​ចងចាំថា ការ​បង្ហាញ​ឆន្ទៈដែលមានន័យក្នុងក្រមរដ្ឋប្បវេណី គឺជាការបង្ហាញ​ឆន្ទៈដែលនាំឱ្យមាន​អានុភាព​គតិយុត្ត ក្នុងការ​បង្កើតនូវទំនាក់ទំនងគតិយុត្ត ស្រប​តាមឆន្ទៈដែលបានបង្ហាញចេញមកប៉ុណ្ណោះ ហេតុនេះ រាល់ការ​ប្រាប់​អំពី​អ្វី​ដែល​ខ្លួនគិតទាំងអស់ទៅកាន់ភាគីម្ខាងទៀត មិន​អាច​ក្លាយទៅជា​ការ​បង្ហាញឆន្ទៈក្នុងន័យតាមក្រម​រដ្ឋប្បវេណី​ទាំង​អស់​នោះទេ។ ឧទាហរណ៍ យើងចង់​ប្រាប់ពាក្យពេចន៍ដែលបង្ហាញ​ពីអារម្មណ៍ស្រលាញ់របស់ខ្លួនទៅកាន់សង្សារ។ ទោះបីជា​យើងបានសម្រេចចិត្តយ៉ាងច្បាស់លាស់ ហើយបាននិយាយចេញពីមាត់ក៏ដោយ ក៏ការប្រាប់ពាក្យពេចន៍ទាំងនោះ មិនមែនជា​ការបង្ហាញ​ឆន្ទៈក្នុងន័យក្រម​រដ្ឋប្បវេណីនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើ​យើងបាន​ហុចប្រាក់​ 4000៛ ចេញមក ហើយនិយាយថា «សូមឱ្យស្ករកៅស៊ូនេះមកខ្ញុំ» នៅតូបលក់ចាប់ហ៊ួយក្នុងស្ថានីយរថភ្លើង ក្នុងករណីនេះ សកម្មភាពនោះគឺជាការ​បង្ហាញ​ឆន្ទៈយ៉ាងច្បាស់លាស់។ ពីព្រោះ វាជា​សំណើដើម្បីបង្កើតកិច្ចសន្យាទិញស្ករកៅស៊ូក្នុងតម្លៃ 4000៛ ហើយកិច្ចសន្យាលក់ទិញនឹងកើតមានឡើង ប្រសិនបើអ្នកលក់ធ្វើស្វីការ ហើយវានាំឱ្យមានទំនាក់ទំនងគតិយុត្តរវាងអ្នកលក់ និងអ្នកទិញស្ករកៅស៊ូ ហើយសិទ្ធិលើបំណុល និង កាតព្វកិច្ចនឹង​កើតមានចំពោះភាគីទាំងសងខាង។ មានន័យថា សំណើ​ទិញ​ស្ករកៅស៊ូក្នុងតម្លៃ 4000៛ ក៏ជាការបង្ហាញ​ឆន្ទៈ ហើយ​ស្វីការចំពោះសំណើនេះ ក៏ជាការបង្ហាញ​ឆន្ទៈផងដែរ។ ម៉្យាងទៀត ការ​បង្ហាញ​ឆន្ទៈនឹង​កើតមាន​អានុភាព ចាប់ពីពេល​ដែលការបង្ហាញ​ឆន្ទៈនោះបាន​ទៅដល់ភាគី​ម្ខាងទៀត (គោលការណ៍ទៅដល់ មាត្រា97 កថាខណ្ឌទី1)។
(2) សកម្មភាពគតិយុត្ត
បន្តទៅនេះ យើងនឹងសិក្សា​អំពីពាក្យថា «សកម្មភាពគតិយុត្ត» ម្តង។ យើងតែងឃើញពាក្យនេះយ៉ាងញឹកញាប់នៅក្នុងការសិក្សា​ក្រម​រដ្ឋប្បវេណី ប៉ុន្តែ វាមិនមែនជាពាក្យដែល​ពិបាកយល់នោះទេ។ សកម្មភាពគតិយុត្ត គឺជាសកម្មភាពដែល​បង្កើត​ឱ្យ​មានអានុភាពគតិយុត្តស្របតាមឆន្ទៈ ផ្អែកតាមរយៈការ​បង្ហាញ​ឆន្ទៈ ហើយវាជា​ធាតុផ្សំនៃការ​បង្ហាញ​ឆន្ទៈដែលបាន​រៀបរាប់ខាងលើ។ ដូចនេះ កម្មវត្ថុដែល​តំណាង​ឱ្យសកម្មភាពគតិយុត្ត គឺជាកិច្ចសន្យាដែល​បាន​រៀបរាប់ខាងលើនេះ។ កិច្ចសន្យា គឺជាសកម្មភាពគតិយុត្តដែល​ត្រូវ​បាន​បង្កើតឡើង តាមរយៈការ​បង្ហាញ
​ឆន្ទៈ 2 មកពីទិសផ្ទុយគ្នា ហើយបាន​ត្រូវ​គ្នា ដូចជាការនិយាយថា របស់នេះខ្ញុំនឹងលក់ក្នុងតម្លៃនេះ និង របស់​នេះ​ខ្ញុំនឹងទិញតម្លៃនេះ ជាដើម។ សកម្មភាពគតិយុត្តផ្សេងពីនេះ គឺមាន​សកម្មភាពឯក​តោភាគី ដូចជា មតកសាសន៍ ជាដើម។ មានន័យថា នៅក្នុងមតកសាសន៍ គឺមតកជនបាន​បង្ហាញ​ឆន្ទៈដោយខ្លួនឯងតែម្នាក់នៅ​ក្នុង​លិខិតមតកសាសន៍ថា ឱ្យរបស់​នេះទៅអ្នកនេះ ឬទៅអ្នកនោះ ជាដើម ហើយអានុភាពគតិយុត្តនឹង​កើតមាន​ឡើង​ស្រប​តាម​ការ​បង្ហាញ​ឆន្ទៈនោះ ហេតុនេះហើយ ទើបគេហៅថាជា សកម្មភាព​ឯកតោភាគី ។ លើសពីនេះ ក្នុងសកម្មភាព​គតិយុត្ត គឺនៅមានប្រភេទមួយទៀត ហៅថា សកម្មភាព​រួមគ្នា។ នេះគឺជាការព្រមព្រៀងគ្នា ក្នុងគោលបំណងតែមួយ​ដូចគ្នា ដែលបុគ្គលជាច្រើននាក់បាន​បង្ហាញ​ឆន្ទៈមកពីទិសស្របគ្នា ដូច​ជា ការបង្កើតក្រុមហ៊ុន ជាដើម។ ដូចនេះ ស្នូលសំខាន់នៅក្នុងពាក្យសកម្មភាពគតិយុត្តនេះ គឺសំដៅទៅលើកិច្ចសន្យា សកម្មភាពឯកតោភាគី និងសកម្មភាពរួមគ្នា ប៉ុន្តែ​ភាគច្រើនបំផុត​ គឺ​សំដៅទៅលើកិច្ចសន្យា។ ហេតុនេះហើយ យើងអាច​យល់បានថា នៅក្នុងដំណាក់កាលនៃការ​សិក្សាបញ្ញត្តិជា​មូលដ្ឋានៃបទប្បញ្ញត្តិ​ទូទៅ​នៃក្រម​រដ្ឋប្បវេណីក៏ដោយ ក៏​យើង​ជៀសមិន​ផុតពីការសិក្សា ដោយ​គិតអំពីបញ្ហាជាក់ស្តែងនៃកិច្ច​សន្យា​នៅក្នុង​នីតិសិទ្ធិ​លើបំណុលនោះទេ។
(3) សកម្មភាពគតិយុត្តដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ
ចំណុចនេះក៏បាន​រៀបរាប់រួចហើយ​ថា យើងគ្រប់​គ្នាអាច​បង្កើត​ខ្លឹមសារនៃកិច្ចសន្យាដោយសេរី ហើយបង្កើត​សិទ្ធិ​លើបំណុលផ្សេងៗ ផ្អែកតាមគោលការណ៍សេរីភាពនៃកិច្ចសន្យាបាន ប៉ុន្តែយើងមិនអាចបង្កើត​ខ្លឹមសារនៃកិច្ចសន្យា​ដែលផ្ទុយនឹងសង្គមនោះទេ។ ត្រង់ចំណុចនេះ ក្រមរដ្ឋប្បវេណីបានបញ្ញត្តិ​ក្នុងមាត្រា90 នៃបទប្បញ្ញត្តិ​ទូទៅថា សកម្មភាពគតិយុត្តណាដែលផ្ទុយនឹង​សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ត្រូវ​ចាត់ទុកជាមោឃៈ។ ដោយឡែក នៅក្នុងករណីដែល​ពិចារណា​អំពី​ឧទាហរណ៍​ជាក់ស្តែងដែល​ផ្ទុយនឹង​មាត្រា90 នៃក្រម​រដ្ឋប្បវេណី ខ្ញុំ​ចង់ ឱ្យអ្នក​ទាំងអស់គ្នា​ប្រុងប្រយ័ត្នចំពោះការ​លើកយកការប្រើប្រាស់គ្រឿងញៀនជាឧទាហរណ៍ជាដើម ដែលសកម្មភាព​នេះពិតជាផ្ទុយនឹង​សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អប្រាកដមែន ប៉ុន្តែ វាមិនមែនជាសកម្មភាពគតិយុត្តដែល​ជាធាតុផ្សំនៃការបង្ហាញ​ឆន្ទៈនោះទេ ហើយវាគ្រាន់តែជាទង្វើ ឬ សកម្មភាពជាក់ស្តែងប៉ុណ្ណោះ។ ដោយហេតុថា កិច្ចសន្យាគឺជារបស់តំណាងឱ្យសកម្មភាពគតិយុត្ត ហេតុនេះបើសិនជាពិចារណាអំពីឧទាហរណ៍​ជាក់ស្តែងនៃ​កិច្ចសន្យា​ដែលផ្ទុយនឹង​សណ្តាប់ធ្នាប់សាធារណៈ និងទំនៀម​ទម្លាប់ល្អ យើងអាច​លើក​ឧទាហរណ៍អំពី កិច្ចសន្យា​ដែល​ប្រគល់​លុយដើម្បី​ឱ្យ​ប្រព្រឹត្តបទល្មើស ឬ កិច្ចសន្យា​ទិញលក់​គ្រឿងញៀន​ដែលត្រូវបានហាម​ឃាត់ ជាដើម (មានន័យថា ការលើកយក «ការ​ប្រើប្រាស់គ្រឿងញៀន​» មកធ្វើជា​ឧទាហរណ៍ដែល​ផ្ទុយនឹង​មាត្រា90 គឺមិនត្រឹមត្រូវនោះទេ ហើយ​ឧទាហរណ៍ដែល​ត្រឹមត្រូវគឺ «ការ​បង្កើត​កិច្ចសន្យា​លក់​ទិញគ្រឿងញៀនដែល​ត្រូវបានហាមឃាត់)។ កិច្ចសន្យា​លេងល្បែង ម៉ាជាំង ជាដើម ក៏ផ្ទុយនឹងសណ្តាប់​ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អផងដែរ។ កិច្ចសន្យា​បែបនេះ គឺត្រូវបានមោឃភាព ហើយកិច្ចសន្យា​ដែល​មោឃភាព​មិន​អាច​បង្កើត​ឱ្យ​មាន​សិទ្ធិ​លើបំណុលនោះទេ។ ដូចនេះ បើសិនជាបាន​សន្យាគ្នាក្នុងវង់ល្បែងរួចហើយថា អ្នក​ចាញ់​ត្រូវ​បង់ប្រាក់​ក៏ដោយ ក៏​កាតព្វកិច្ច​បង់ប្រាក់​តាម​ផ្លូវ​ច្បាប់​មិនកើត​មាន​នោះទេ។
2. ការការពារជនដែល​ត្រូវ​បានកម្រិតសមត្ថភាព
(1) សមត្ថភាពខាងឆន្ទៈ និង​សមត្ថភាពក្នុងការធ្វើសកម្មភាព
លើកនេះ ​យើងនឹង​សិក្សា​អំពីពាក្យថា សមត្ថភាពខាងឆន្ទៈ និង សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព។ ដូច​បាន​​រៀប​រាប់​រួចហើយថា បុគ្គលត្រូវ​បាន​ទទួលស្គាល់​សមត្ថភាព​ទទួលសិទ្ធិជាបុគ្គលមួយរូប ពោលគឺ មាន​លក្ខណៈសម្បត្តិ​ក្លាយ​ជា​ប្រធាន​នៃសិទ្ធិ​និងករណីយកិច្ចតាម​ផ្លូវ​ច្បាប់ ចាប់​ពីពេល​ចាប់កំណើត (⇒ពាក្យគន្លឺះ៖ សមត្ថភាព​ទទួលសិទ្ធិ)។ ប៉ុន្តែ ដើម្បី​ឱ្យបុគ្គលម្នាក់អាចប្រាប់អំពីឆន្ទៈ​ដែល​ខ្លួន​បាន​បង្កើត​ដោយ​សេរី ទៅកាន់​បុគ្គល​ផ្សេងទៀត ហើយ​អាចបង្កើត​ទំនាក់​ទំនង​គតិយុត្តបាន បុគ្គលនោះត្រូវ​តែមាន​សមត្ថភាពដែល​អាច​ធ្វើការ​សម្រេចចិត្តបាន​ដោយខ្លួនឯងថែមទៀត ហើយក្រម​រដ្ឋប្បវេណីបានហៅសមត្ថភាពនោះថា សមត្ថភាព​ខាងឆន្ទៈ។ នៅក្នុងក្រមរដ្ឋប្បវេណី បុគ្គលដែល​គ្មាន​សមត្ថភាព​ខាងឆន្ទៈ ដូចជា បុគ្គលដែលមាន​ស្មារតីមិនប្រក្រតី ហើយមិន​អាច​វិនិច្ឆ័យ​បាន​ដូច​ធម្មតាជាដើម ពោលគឺបុគ្គលដែលមិនមានសមត្ថភាពខាងឆន្ទៈ ត្រូវបានហៅថា «បុគ្គលដែលខ្វះសមត្ថភាព​ខាងឆន្ទៈ» ហើយ​ទោះបីជា​បុគ្គលដែល​ខ្វះ​សមត្ថភាព​ខាងឆន្ទៈបាន​បង្កើត​កិច្ចសន្យា​ជាមួយបុគ្គលផ្សេង​ក៏ដោយ ក៏កិច្ចសន្យា​នោះ​គ្មានអានុ​ភាព​ដែរ។ មានន័យថា ទំនាក់​ទំនង​គតិយុត្តផ្អែកតាម​កិច្ចសន្យា​នោះ​មិន​កើត​មាន​ឡើងទេ (មាត្រា៣ កថាខណ្ឌទី២។ មាត្រាដែលបង្ហាញខាងក្រោមដោយមិនបញ្ជាក់ឈ្មោះរបស់ច្បាប់ គឺសំដៅទៅលើមាត្រារបស់ក្រមរដ្ឋប្បវេណីទាំងអស់)។
ប៉ុន្តែ ប្រសិនបើយើង​ត្រូវ​បញ្ជាក់ម្តងមួយៗថា តើបុគ្គលជាក់លាក់នេះមាន​សមត្ថភាព​ខាងឆន្ទៈដែរឬទេ ទៅតាមរឿងក្តីនីមួយៗនោះ យើងនឹង​ត្រូវ​ចំណាយពេលច្រើន ហើយ​នឹងមានករណី​ខ្លះពិបាកសម្រេចផងដែរ។ ហេតុនេះ ក្រម​រដ្ឋប្បវេណីបានកំណត់អំពី ស្តង់ដារនៃសមត្ថភាព​ដែល​អាចវិនិច្ឆ័យដោយ​ខ្លួនឯង​អំពីសកម្មភាព​គតិយុត្ត ពោលគឺបែង​ចែកបុគ្គលដែលមាន​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព និង បុគ្គល​ដែល​គ្មាន​សមត្ថភាព​ធ្វើ​សកម្មភាព ហើយចាត់ទុកបុគ្គលដែល​ខ្វះសមត្ថភាព​ខាងឆន្ទៈ និង បុគ្គល​ដែលមិនអាចវិនិច្ឆ័យបាន​ ថាជាជ​នដែល​ត្រូវ​បា​ន​កម្រិតសមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព។ ដើម្បី​ការ​ពារ​ដល់​បុគ្គលទាំងនោះ ក្រម​រដ្ឋប្បវេណីបានរៀបចំទុកនូវបញ្ញត្តិដែលទទួលស្គាល់​ សកម្មភាព​គតិយុត្តតែមួយផ្នែក​របស់​បុគ្គល​ដែល​ត្រូវ​បាន​កម្រិតសមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព និង តម្រូវឱ្យមាន​ការយល់ព្រម ឬ ជំនួយពីអ្នកណាម្នាក់ (មាត្រា5 ~ មាត្រា19)។ ប៉ុន្តែ បើមើលពីជ្រុង​ម្ខាងទៀត ការការពារ​បុគ្គលដែល​បាន​ចុះកិច្ចសន្យា​ជា​មួយ​ជន​ដែល​ត្រូ​វ​បាន​កម្រិតសមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាព ទាំងខ្លួនមិនបានដឹង ក៏​មាន​ភាព​ចាំបាច់​ផងដែរ ហេតុនេះ ក្រម​រដ្ឋប្បវេណីក៏មាន​រៀបចំទុកនូវ​បញ្ញត្តិអំពី​ចំណុចនោះ​ផងដែរ (យោងមាត្រា20 និង មាត្រា​21)។
ពាក្យគន្លឹះ: សមត្ថភាពទទួលសិទ្ធិ
បុគ្គលម្នាក់ៗត្រូវបាន​ទទួលស្គាល់​សមត្ថភាព​ទទួល​សិទ្ធិ ដែលជា​លក្ខណៈសម្បត្តិ​សម្រាប់​ក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច ចាប់ពីពេល​ចាប់​កំណើត​មក។ ប៉ុន្តែបើកំណត់បែបនេះ មានន័យថា ប្រសិនបើឪពុកស្លាប់នៅមុនពេលទារកសម្រាលបន្តិច ទារកនោះពុំទាន់មានសិទ្ធិទទួល​សន្តតិកម្មពីមត៌ករបស់​ឪពុកបានឡើយ (សូមអានជំពូកទី9 ស្តីពី​សន្តតិកម្ម) ហើយ​នៅក្នុងករណីដែល​ឪពុក​ស្លាប់ដោយ​សារអំពើអនីត្យានុកូល (សូម​អានជំពូកទី5) ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍ជាដើមក៏ដោយ ក៏ទារកនោះនៅមាន​ទាន់​ក្លាយជាប្រធាននៃសិទ្ធិដើម្បីទាមទារ​សំណង​ការ​ខូចខាតនោះទេ។ ហេតុនេះហើយ ក្រម​រដ្ឋប្បវេណីបានចាត់ទុកទារកដែលនៅក្នុងផ្ទៃថាបាន​សម្រាលហើយ ចំពោះការ​ទាមទារ​សំណងការ​ខូច​ខាត​ដោយ​អំពើ​អនីត្យានុកូល (មាត្រា721) សន្តតិកម្ម (មាត្រា886) និង អច្ច័យទាន (មាត្រា965)។ សូមបញ្ជាក់ថា ជាគោលការណ៍សមត្ថភាពទទួលសិទ្ធិនេះក៏​ត្រូវបានផ្តល់ដល់ជនបរទេសផងដែរ (មាត្រា3 កថាខណ្ឌទី2)។
ដោយឡែក ជនដែល​ត្រូវ​បាន​កម្រិតសមត្ថភាព​ដែលនឹង​រៀបរាប់ខាងក្រោមនេះ គ្រាន់តែសំដៅទៅលើការ​កម្រិតសមត្ថភាពក្នុងការ​ធ្វើ​សកម្មភាពប៉ុណ្ណោះ មិនមែនជាការ​ដាក់កម្រិតលើសមត្ថភាពទទួលសិទ្ធិនោះទេ។
(2) ជនដែល​ត្រូវបាន​កម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព
​ក្រម​រដ្ឋប្បវេណីបាន​កំណត់​ជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព​ជា 4ប្រភេទ៖ អនីតិជន (យោងតាមមាត្រា4 អនីតិជនគឺជាជនមាន​អាយុតិចជាង 20ឆ្នាំ។ ដោយឡែក នៅពេលធ្វើវិសោធនកម្មច្បាប់ អាយុក្លាយជានីតិជនត្រូវបានបន្ថយមក 18ឆ្នាំវិញ ចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2022។ ហេតុនេះ នៅក្រោយពេលអនុវត្ត​នេះ អនីតិជននឹងត្រូវ​ប្តូរជា​ជនដែល​មាន​អាយុតិច​ជាង 18ឆ្នាំវិញ) នីតិជននៅក្រោម​អាណាព្យាបាល ជននៅ​ក្រោម​ហិតូបត្ថម្ភ និងជននៅក្រោមការ​ទំនុក​បំរុង។ ក្រម​រដ្ឋប្បវេណី​ដែលបានតាក់តែងឡើងតាំងពីសម័យមុនរហូតដល់ត្រឹមខែមេសា ឆ្នាំ2000 បានបញ្ញត្តពី ជនដែលគ្មានសមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព ហើយបែងចែកជា 3 ប្រភេទគឺ អនីតិជន ជនដែល​ហាមមិនឱ្យ​គ្រប់គ្រង​ទ្រព្យ និងឧបជនដែលហាមមិនឱ្យ​គ្រប់គ្រងទ្រព្យ។ ជនដែល​ហាម​មិន​ឱ្យគ្រប់គ្រងទ្រព្យ សំដៅទៅលើជនដែល​ត្រូវ​បាន​ហាម​ឃាត់មិន​ឱ្យ​ចាត់ចែង និងគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់ខ្លួន។ ចំពោះឧបជនដែល​ហាម​មិន​ឱ្យគ្រប់គ្រងទ្រព្យ សំដៅទៅលើជនដែល​មាន​កម្រិត​ប្រហាក់ប្រហែលនឹង​ជនដែល​ហាមមិនឱ្យគ្រប់គ្រងទ្រព្យ។ ប៉ុន្តែ ការ​ប្រើប្រាស់ពាក្យពេចន៍ច្បាប់ទាំងនេះខ្វះភាពត្រឹមត្រូវ ដោយមានលក្ខណៈជ្រុលខ្លាំងពេក ហើយជាប្រព័ន្ធដែលនៅមាន​ចំណុចខ្លះដែល​ខ្វះ​ការការពារដល់​ជនដែល​ជាកម្មវត្ថុនៃបញ្ញត្តិនេះ។ លើសពីនេះ ស្របពេលសង្គមជប៉ុនមានជនជរាកាន់តែចាឡើង ភាព​ចាំបាច់ក្នុងការ​ផ្តល់ការការពារដល់ជនជរាដែល​ខ្វះសមត្ថភាពក្នុងការវិនិច្ឆ័យ ដោយសារតែអាយុច្រើនក៏កាន់តែខ្លាំងឡើង។ ដោយមើលឃើញស្ថានភាពបែបនេះហើយ បានជាក្រម​រដ្ឋប្បវេណីត្រូវ​បានធ្វើ​វិសោធនកម្ម ដោយ​បង្កើតឱ្យមាន​ប្រព័ន្ធនីតិជននៅក្រោម​អាណាព្យាបាល ក្នុងគោលបំណងបង្កើន​សុខុមាលភាពដល់ជនជរា និង ជនពិការ (សម្រេច​នៅខែធ្នូ ឆ្នាំ1999 និង ចាប់អនុវត្តនៅខែមេសា ឆ្នាំ2000)។ តាមរយៈការធ្វើវិសោធនកម្មនេះ ពាក្យ «អសមត្ថជនក្នុងការ​ធ្វើសកម្មភាព» ​ត្រូវ​ប្តូរមកជា «ជន​ដែល​ត្រូវបាន​កម្រិត​សមត្ថភាព» ហើយនៅពេល​ធ្វើ​ទំនើបកម្មពាក្យពេចន៍ក្នុងឆ្នាំ2004 ពាក្យនោះត្រូវប្តូរមកជា «ជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាព» វិញ។
នៅក្រោយពេលវិសោធនកម្ម ជន​ដែល​ត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាពក្រៅពី​អនីតិជន រួមមាន ជនដែល​ហាមមិនឱ្យគ្រប់គ្រង​ទ្រព្យ ​ត្រូវ​ប្តូរមកជា ជន​នៅក្រោម​អាណាព្យាបាលទូទៅ និង ឧបជន​ដែល​ហាម​មិន​ឱ្យ​គ្រប់គ្រង​ទ្រព្យ​ ត្រូវ​ប្តូរមកជា ជននៅក្រោម​ហិតូបត្ថម្ភ ហើយប្រព័ន្ធ​នៃ​ជននៅក្រោមការ​ទំនុកបម្រុង​ត្រូវ​បាន​បង្កើត​ថ្មី។ ឧទាហរណ៍ថា មាន​បុគ្គលម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ដែល​គ្មាន​សមត្ថភាព​វិនិច្ឆ័យរឿងរ៉ាវផ្សេងៗ​បាន ដោយ​សារវិបត្តិស្មារតី (នៅក្នុងពាក្យពេជន៍ច្បាប់ សំដៅលើសមត្ថភាពយល់ដឹងពីហេតុផល) ហើយតុលាការ​គួ្រសារបាន​ចេញដី​កាសម្រេច​ចាប់​ផ្តើម​អាណាព្យាបាលតាមការ​ស្នើសុំ​របស់​សាមីខ្លួន សហព័ទ្ធ ឬ សាច់ញាតិជិតស្និទ្ធ។ ក្នុងករណីនេះ បុគ្គលដែល​ទទួលបាន​ដីកាសម្រេចនោះ ត្រូវ​ហៅថា នីតិជនដែលនៅក្រោម​អាណាព្យាបាល ហើយត្រូវ​បាន​អមជាមួយ​ដោយ​អ្នក​អាណាព្យាបាល ហើយអ្នក​អាណាព្យាបាលនោះអាច​លុប​ចោល​សកម្មភាព​​គតិយុត្តដែល​ជន​នៅក្រោម​អាណាព្យាបាលទូទៅបានធ្វើ (មាត្រា8~10)។ មួយវិញទៀត ចំពោះបុគ្គលដែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ល្មមៗក្នុងការ​វិនិច្ឆ័យរឿងរ៉ាវ តែ​មិន​ធ្ងន់ធ្ងរដល់​ថ្នាក់ជន​នៅក្រោម​អាណាព្យាបាលទូទៅ អាច​ក្លាយ​ជាជននៅក្រោម​ហិតូបត្ថម្ភ ដោយដីកាសម្រេច​ចាប់ផ្តើមហិតូបត្ថម្ភ ហើយជននោះត្រូវ​បាន​អមជាមួយដោយហិតូបត្ថម្ភកៈ ហើយសកម្មភាព​គតិយុត្តជាក់លាក់មួយ​ចំនួនដែល​ច្បាប់បានកំណត់ គឺ​តម្រូវ​ឱ្យមាន​ការយល់ព្រម​ពី​ហិតូបត្ថម្ភកៈ ហើយសកម្មភាពដែលគ្មានការយល់ព្រមទេ​អាច​លុបចោលបាន​ (មាត្រា11 មាត្រា12 និង មាត្រា13)។ លើសពីនេះ ចំពោះ​ជនដែល​ខ្វះសមត្ថភាពក្នុងការ​វិនិច្ឆ័យតិចតួច អាច​ក្លាយ​ជា​ជន​នៅក្រោម​ការ​ទំនុកបម្រុងដោយ​ដីកាសម្រេច ហើយជន​នោះ​ត្រូវ​មាន​អ្នក​ជួយ​ទំនុកបម្រុង​អមជាមួយ ហើយ​ភាគីអាច​ជ្រើសរើសសកម្មភាពគតិយុត្តជាក់លាក់ណាមួយ ​ដែល​តម្រូវឱ្យ​មានការ​យល់ព្រមពី​អ្នក​ជួយទំនុកបម្រុងបាន (មាត្រា​15~17)។
(3) ការការពារជនដែល​ត្រូវ​បា​នកម្រិត​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព
① ការលុបចោល​សកម្មភាព​របស់ជន​ដែល​ត្រូវ​បាន​កម្រិត​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព
មធ្យោបាយជាក់ស្តែងដើម្បីការ​ពារ​ជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុងការ​ធ្វើសកម្មភាព គឺការរៀបចំទុកបញ្ញត្តិ​ដែល​អនុញ្ញាតឱ្យលុបចោលសកម្មភាពគតិយុត្ត ដែល​ត្រូវបាន​ធ្វើឡើងដោយជន​ដែលត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាព។ ការលុបចោល ដែលនឹង​រៀបរាប់លម្អិតខាងក្រោម គឺជាមធ្យោបាយដែល​ធ្វើឱ្យ​គ្មាន​អ្វី​កើត​ឡើង​តាំងពី​ដំបូង (សូមអានជំពូកទី5៖ មោឃភាព និង ការលុបចោល) ។ ជាបឋម សូម​ពិចារណាអំពីករណីអនីតិជន ឧទាហរណ៍ថា សិស្សវិទ្យាល័យម្នាក់ត្រូវបាន​អ្នកលក់ណែនាំឱ្យចុះកិច្ចសន្យា​ទិញរបស់ដែល​មាន​តម្លៃរាប់លានរៀល ក្នុងករណីនេះ​តើយើងគួរ​ធ្វើយ៉ាងណា? យោងតាមមាត្រា5 នៃក្រម​រដ្ឋប្បវេណី អនីតិជន​ត្រូវទទួលការយល់ព្រម​ពីឪពុកម្តាយ​ដែល​ជា​អ្នកតំណាងដែលច្បាប់​បានកំណត់ (អាចជាអ្នកមាន​អំណាចមេបា ឬ អ្នក​អាណាព្យាបាលប្រសិនបើគ្មានអ្នក​មាន​អំណាច​មេបា) នៅពេល​ធ្វើសកម្មភាព​គតិយុត្ត ដូច​ជាចុះ​កិច្ចសន្យាជាដើម ហើយប្រសិនបើគ្មាន​ការយល់ព្រមនោះទេ សាមីខ្លួន និង ឪពុកម្តាយអាច​លុបចោលសកម្មភាពគតិយុត្តនោះ ឱ្យ​គ្មាន​តាំងពី​ដំបូង​បាន (យោងតាមមាត្រា120 ដែល​នឹង​រៀបរាប់ខាងក្រោម ​អ្នក​ដែល​អាច​លុបចោល ពោលគឺ អ្នក​មាន​សិទ្ធិ​លុបចោល រួមមាន ជន​ដែល​ត្រូវ​បាន​កម្រិតសមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាពខ្លួនឯងផ្ទាល់ ឬ អ្នក​តំណាង​របស់​ជននោះ អ្នក​ទទួលបន្ត ឬ អ្នក​មាន​សិទ្ធិ​ផ្តល់ការ​យល់ព្រម)។ អ្នកមាន​អំណាចមេបា​គឺជាអ្នក​តំណាង​ដែល​ច្បាប់​បានកំណត់ ហេតុនេះ អ្នកមាន​អំណាចមេបាមាន​សិទ្ធិ​គ្រប់គ្រងទ្រព្យសម្បត្តិ​របស់​សាមីខ្លួន ព្រមទាំងតំណាង​ឱ្យ​សាមីខ្លួន ចំពោះសកម្មភាពគតិយុត្ត (កិច្ចសន្យា​ ជាអាទិ៍) ទាក់ទងនឹង​ទ្រព្យសម្បត្តិ​របស់​សាមីខ្លួនផងដែរ (នឹងមានការ​រៀបរាប់អំពី ការតំណាង នៅពេលក្រោយ។ ⇒ការ​តំណាង ការ​តំណាងដោយគ្មានសិទ្ធិ និង ការ​តំណាងដែលមានលក្ខណៈជារូបភាព)។ លើសពីនេះ ទ្រព្យសម្បត្តិ​ដែល​ឪពុកម្តាយ​បាន​អនុញ្ញាតឱ្យចាត់ចែងដោយ​កំណត់​គោល​បំណងឱ្យប្រើប្រាស់លើអ្វីមួយជាក់លាក់ និង ទ្រព្យសម្បត្តិដែលបាន​អនុញ្ញាតឱ្យ​ចាត់ចែងតិចតួចដោយ​មិនកំណត់​គោលបំណងជាក់លាក់ គឺអនីតិជនអាចចាត់ចែងតាមចិត្តឯង ពោលគឺដោយសេរីបាន (មាត្រា៥ កថាខណ្ឌទី៣)។ ដោយឡែក អនីតិជនដែលបាន​រៀប​អាពាហ៍​ពិពាហ៍​ ពោលគឺបើបានរៀបការហើយ ​ត្រូវ​ចាត់ទុកជា​នីតិជន (មាត្រា753)។
ដូចបានរៀបរាប់ខាងលើ នីតិជននៅក្រោមអាណាព្យាបាលត្រូវ​អមជាមួយដោយ​អ្នក​អាណាព្យាបាលរបស់នីតិជន ក្នុងនាម​ជា​អ្នក​តំណាងដែល​ច្បាប់​បានកំណត់ (មាត្រា8)។ សកម្មភាព​គតិយុត្ត​របស់នីតិជននៅក្រោម​អាណាព្យាបាល ក៏អាច​លុបចោលបានដែរ (ប៉ុន្តែ ការ​ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ឬ សកម្មភាពពាក់ព័ន្ធជីវភាពប្រចាំថ្ងៃផ្សេងទៀត មិនមែនជាកម្មវត្ថុ​នៃការ​លុបចោលឡើយ។ មាត្រា9)។ ជននៅក្រមហិតូបបត្ថម្ភ ត្រូវ​មានហិតូបត្ថម្ភកៈអមជាមួយ (មាត្រា12)។ ចំពោះករណី​ជននៅក្រោម​ហិតូបត្ថម្ភ សកម្មភាពមួយផ្នែកគឺអាច​ធ្វើ​បាន​ដោយ​ខ្លួនឯង ប៉ុន្តែករណីសកម្មភាពសំខាន់ៗទាក់ទងនឹង​ទ្រព្យសម្បត្តិ គឺត្រូវ​មានការ​យល់​ព្រម​ពីហិតូបត្ថម្ភកៈ (មាត្រា13 កថាខណ្ឌទី1)។ ប្រសិនបើបាន​ធ្វើ​សកម្មភាពខាងលើ​ដោយ​គ្មាន​ការយល់ព្រមពីហិតូបត្ថម្ភកៈ ឬ ការ​អនុញ្ញាតិពីតុលាការ​ដែលអាច​ជំនួសការយល់ព្រមទេ សកម្មភាពនោះអាច​លុបចោលបាន (មាត្រា13 កថាខណ្ឌទី4)។ តាម
រយៈវិសោធនកម្មនៅឆ្នាំ1999 ហិតូបត្ថម្ភកៈត្រូវ​បាន​ផ្តល់សិទ្ធិឱ្យលុបចោល ចំពោះសកម្មភាពណាដែលជាកម្មវត្ថុដែល​ត្រូវមាន​ការយល់ព្រម​ ប៉ុន្តែ ជននៅក្រោមហិតូបត្ថម្ភបែរជាបានធ្វើតាមចិត្តឯងទៅវិញ (មាត្រា​120 កថាខណ្ឌទី1)។ លើសពីនេះ សិទ្ធិ​តំណាងក៏ត្រូវបាន​ផ្តល់ទៅឱ្យហិតូបត្ថម្ភកៈដែរ តាមរយៈសេចក្តី​សម្រេច​របស់​តុលាការ​ ចំពោះសកម្មភាពគតិយុត្តជាក់លាក់ដែល​ភាគីបានជ្រើសរើសតាមការស្នើសុំ (សកម្មភាពនេះត្រូវមានការយល់ព្រមពីសាមីខ្លួនផងដែរ ប្រសិន​បើការស្នើសុំនោះបានធ្វើឡើងដោយបុគ្គល​ក្រៅពីសាមីខ្លួន។ សូម​យោង មាត្រា576 ភាគ4 កថាខណ្ឌទី1 និងទី2)។ នៅក្នុងករណីប្រព័ន្ធទំនុកបម្រុងក៏ដោយ ក៏អ្នកជួយទំនុកបម្រុងត្រូវបានផ្តល់សិទ្ធិតំណាង ឬ សិទ្ធិផ្តល់ការយល់ព្រម (សិទ្ធិលុបចោល) តាមរយៈសេចក្តីសម្រេច​របស់តុលាការ ចំពោះសកម្មភាព​គតិយុត្តជាក់លាក់ដែលភាគីបានជ្រើសរើសតាមការ​ស្នើសុំ (មាត្រា​17 កថាខណ្ឌទី1 មាត្រា876 ភាគ9 កថាខណ្ឌទី1)។ ចំណុចនេះ គឺឈរលើការគោរពការសម្រេចចិត្ត​របស់អ្នកនៅក្រោមការ​ទំនុកបម្រុង ហេតុនេះហើយបានជាមានលក្ខខណ្ឌតម្រូវឱ្យមានការស្នើសុំ ឬ ការយល់ព្រមពីសាមីខ្លួន។ មាត្រា17 កថាខណ្ឌទី2 និង មាត្រា​876 ភាគ9 កថាខណ្ឌទី2)។
② ការការពារភាគីម្ខាង​ទៀតនៃជនដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព
យ៉ាងណាមិញ តើភាគីម្ខាងទៀតដែលបានជ្រុលចុះកិច្ចសន្យា​ជាមួយជនដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការ​ធ្វើសកម្មភាព ត្រូវ​រង់ចាំរហូតទាំងមិនដឹងថា ជនដែល​ត្រូវកម្រិតសមត្ថភាពនោះលុប ឬ មិនលុបចោលកិច្ចសន្យាដែរ​ឬទេ? នេះមានន័យថា ភាគីម្ខាងទៀត​ដែល​បាន​ធ្វើ​ជំនួញជាមួយ​ជន​ដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាព ត្រូវ​ស្ថិតនៅក្នុង​ស្ថានភាពដែលគ្មានស្ថិរភាពរយៈពេលយ៉ាងយូរ។ ដើម្បី​ជៀសវាងនូវ​ស្ថានភាព​ដែល​គ្មានផលប្រយោជន៍បែបនេះ ក្រមរដ្ឋប្បវេណីបានរៀបចំទុកនូវបញ្ញត្តិដែល​អនុញ្ញាតឱ្យ ភាគីម្ខាងទៀតអាច​ដាស់តឿនឱ្យភាគីនៃជនដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាពផ្តល់សច្ចានុម័ត ឬ មិនផ្តល់សច្ចានុម័តចំពោះកិច្ចសន្យានោះ (សច្ចានុម័ត មានន័យថា ការទទួលស្គាល់អានុភាពនៅពេលក្រោយ)។
ក្នុងករណី ជនដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាពនោះ បានក្លាយជាសមត្ថជនវិញនៅពេលក្រោយ (ឧទាហរណ៍ថា បុគ្គលដែល​ជាអនីតិជននៅពេលចុះកិច្ចសន្យា បានក្លាយទៅជា​នីតិជន) ភាគីម្ខាងទៀតអាចដាស់តឿនឱ្យជននោះឆ្លើយថាផ្តល់សច្ចានុម័ត ឬ មិនផ្តល់សច្ចានុម័ត ក្នុងអំឡុងពេលលើសពី 1ខែ គិតចាប់ពីពេលនោះបាន ហើយប្រសិនបើគ្មានការឆ្លើយតបក្នុងអំឡុងពេលនោះទេ ត្រូវ​ចាត់ទុកថា បានផ្តល់​សច្ចានុម័ត​លើសកម្មភាពនោះ (មាត្រា20 កថាខណ្ឌទី1)។ ហើយ​ក្នុងករណី ​ជនដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាពនៅតែជា​ជនដែល​ត្រូវ​កម្រិត​សមត្ថភាពដដែល ភាគី​ម្ខាងទៀតអាចដាស់តឿនឱ្យឆ្លើយតបដូចគ្នាចំពោះសកម្មភាព​ដែល​ស្ថិត​ក្នុង​ទំហំនៃ​សិទ្ធិ​នោះ ទៅកាន់អ្នក​តំណាងដែល​ច្បាប់​បានកំណត់ ហិតូបត្ថម្ភកៈ ឬ អ្នក​ជួយ​ទំនុកបម្រុងបាន ហើយបើគ្មានការ​ឆ្លើយតបក្នុង​អំឡុងពេលដូចគ្នានោះទេ ត្រូវ​ចាត់ទុកថា បាន​ផ្តល់សច្ចានុម័ត (មាត្រា​20 កថាខណ្ឌទី2)។ លើសពីនេះ ភាគី​ម្ខាង​ទៀត​អាច​ដាស់តឿន​ទៅកាន់ជននៅក្រោមហិតូបត្ថម្ភ ឬ ជននៅក្រោម​ការ​ទំនុកបម្រុងដែល​បានទទួល​ដីកាសម្រេច​តាម​មាត្រា16 ​ឱ្យ​ទៅទទួលសច្ចានុម័តពីហិតូបត្ថម្ភកៈ ឬ អ្នក​ជួយ​ទំនុកបម្រុង ក្នុងអំឡុងលើសពី 1ខែ បាន ហើយបើ​សិនជា ជននៅក្រោម​ហិតូបត្ថម្ភ ឬ ជននៅក្រោម​ការ​ទំនុក​បម្រុង​មិនបានផ្តល់​ដំណឹង​អំពី​ការ​ទទួលបាន​សច្ចានុម័តក្នុងអំឡុងពេលនោះទេ ត្រូវ​ចាត់ទុកថា បានលុបចោល​សកម្មភាពនោះ (មាត្រា​20 កថាខណ្ឌ​ទី4)។
ម៉្យាងទៀត ប្រសិនបើជន​ដែល​ត្រូវបាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាព បាន​ប្រើប្រាស់មធ្យោបាយឆបោកដើម្បី​ឱ្យ​ភាគីម្ខាងទៀតជឿថាខ្លួន​ជា​សមត្ថជន ក្នុងករណីនេះ ជននោះមិនអា​ចលុបចោល​សកម្មភាព​នោះបានទេ (មាត្រា21)។
③ ប្រព័ន្ធ​អាណាព្យាបាលតាមការ​ស្ម័គ្រចិត្ត
«ច្បាប់ស្តីពី​ កិច្ចសន្យាអាណាព្យាបាល​តាមការ​ស្ម័គ្រចិត្ត» បាន​បង្កើតឡើង ស្របពេល​ជា​មួយការ​ធ្វើវិសោធនកម្ម​ក្រម​រដ្ឋប្បវេណីនៅក្នុងឆ្នាំ1999 ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅខែមេសា ឆ្នាំ2000 ដូចគ្នា។ ប្រព័ន្ធនេះគឺឈរលើការ​គោរពសិទ្ធិ​សម្រេច​ចិត្តដោយខ្លួនឯង ដោយ​បុគ្គលម្នាក់ៗ ក្នុងពេលដែល​នៅមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បីវិនិច្ឆ័យនៅឡើយ អាច​សម្រេច​ជ្រើស​រើសជន​ដែល​កាន់កិច្ចការអាណាព្យាបាលមកឱ្យខ្លួននៅពេលខ្លួនក្លាយជា​គ្មាន​សមត្ថភាពគ្រប់​គ្រាន់ក្នុងការ​​វិនិច្ឆ័យនាពេលអានាគត និង​ ចុះកិច្ច​សន្យា​ជាមួយ​បុគ្គលនោះជាមុនបាន។ ភាគី​អាច​សម្រេចថាផ្តល់សិទ្ធិ​ណាខ្លះ ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​កិច្ចសន្យា​ជាមុនបាន។ នេះហៅថា ប្រព័ន្ធអាណា​ព្យាបាល​តាមការ​ស្ម័គ្រចិត្ត។
3. ការបង្ហាញ​ឆន្ទៈដែលមានបញ្ហា
(1) សេចក្តីផ្តើម
នីតិជនទូទៅដែលមាន​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាព និង គ្មាន​បញ្ហាអំពី​សមត្ថភាព​វិនិច្ឆ័យក៏ដោយ ក៏មាន​ករណី​ខ្លះ​បានបង្ហាញឆន្ទៈមិនត្រឹមត្រូវ ដូចជា ការ​បង្ហាញ​ឆន្ទៈមាន​វិការៈ ពោលគឺ ឆន្ទៈដែលមាន​ស្នាម និងមាន​ករណី​ខ្លះបាន​បង្ហាញឆន្ទៈមិន​ស្របគ្នាទាល់តែសោះទៅនឹង​ឆន្ទៈពិតផងដែរ។ ក្នុងករណីបែបនេះ យើងមិន​អាច​ទទួល​ស្គាល់​អានុភាព​នៃការ​បង្ហាញ​ឆន្ទៈ​នោះទេ។ ក្រមរដ្ឋប្បវេណីបានរៀបចំទុកនូវ​វិធានដើម្បីលុបចោល ឬ ធ្វើមិន​ឱ្យ​អានុភាពនៃការ​បង្ហាញ​ឆន្ទៈកើត​ឡើង ចំពោះ​ករណី​បែបនេះ។
(2) ការ​បង្ហាញឆន្ទៈ​ដោយការ​ឆបោក ឬ ការគម្រាមកំហែង
ការ​បង្ហាញ​ឆន្ទៈ​តាមរយៈការ​ឆបោក ឬ ការ​គម្រាមកំហែង ពោលគឺអ្នកលក់ត្រូវ​បាន​គេកុហក ឬ បង្ខំ ហើយ​បាន​និយាយថាលក់ផ្ទះនេះ ទាំងខ្លួន​គ្មាន​បំណងលក់ទាល់តែសោះជាដើម ហើយចំពោះករណីបែបនេះ ការ​បង្ហាញ​ឆន្ទៈ​នោះ​អាច​លុបចោលបាន (មាត្រា96 កថាខណ្ឌទី1)។ ប្រសិនបើការ​បង្ហាញ​ឆន្ទៈត្រូវ​បានលុបចោល ឧមាថា កិច្ចសន្យាលក់​ទិញផ្ទះត្រូវ​បានបង្កើតឡើងដោយការបង្ហាញ​ឆន្ទៈ2 ត្រូវ​គ្នា ដូចជា «ទិញតម្លៃប៉ុណ្ណេះ» និង «លក់តម្លៃប៉ុណ្ណេះ» ហើយតាមរយៈការលុបការ​បង្ហាញឆន្ទៈ1 ក្នុង​ចំណោមការ​បង្ហាញ​ឆន្ទៈទាំង2 ខាងលើនេះ នាំឱ្យ​ការបង្ហាញឆន្ទៈ​នោះមិនមានតាំងពីដំបូង មានន័យថា កិច្ចសន្យា​លក់ទិញក៏មិនកើតមាន​ឡើងផងដែរ។ ដោយសារតែកិច្ចសន្យា​មិន​កើតមានឡើង ហេតុនេះ បើសិនជា​បានប្រគល់ផ្ទះហើយ គឺត្រូវ​ប្រគល់មកវិញ ហើយបើបានបង់ប្រាក់ហើយ គឺត្រូវ​សងមកវិញ (នេះហៅថា ការ​ធ្វើបដិទានស្ថានភាពដើម)។ «ស្ថានភាពដើម» មានន័យថា ស្ថានភាព​តាំងពីដំបូង មិនមែនស្ថានភាពបច្ចុប្បន្ននោះទេ។
ហើយក្រម​រដ្ឋប្បវេណីកំណត់អំពី ការបង្ហាញ​ឆន្ទៈដែលកើត​ចេញពីការ​ឆបោក និង ការ​គម្រាបកំហែង «ត្រឹមតែប៉ុណ្ណឹង»។ «ត្រឹមតែប៉ុណឹ្ណង» មានន័យថា មនុស្សភាគច្រើនប្រហែលជាយល់ឃើញថា បុគ្គលដែល​បាន​ឆបោក ឬ គម្រាមកំហែង គឺជាមនុស្ស​អាក្រក់ ហើយ​ត្រូវ​ដាក់ទោសទណ្ឌ ប៉ុន្តែ ករណីនេះ​មិនមែនជា​បញ្ហានៅ​ក្នុង​ក្រម​រដ្ឋប្បវេណីនោះទេ (បើសិនជាការ​ឆបោក គឺជាបញ្ហាថា តើការ​ឆបោកនោះត្រូវ​នឹង​លក្ខខណ្ឌ​នៃការ​ឆបោកក្នុង​ក្រម​ព្រហ្ម​ទណ្ឌដែរឬទេ? ហើយបើសិនជាត្រូវ​នឹងលក្ខខណ្ឌ ជននោះត្រូវ​ទទួល​រងទោសទៅតាម​ការ​កំណត់​របស់​ក្រម​ព្រហ្មទណ្ឌ)។ សូម​អ្នក​ទាំងអស់គ្នាយល់ថា គោលបំណងនៃក្រម​រដ្ឋប្បវេណី គឺស្វ័យភាពខាងឆន្ទៈរបស់​ភាគី ហេតុនេះ ក្រម​រដ្ឋប្បវេណីទទួលស្គាល់​អានុភាព ចំពោះ​តែ​ឆន្ទៈដែល​បាន​សម្រេច​ដោយសេរីរបស់ភាគីក្នុងការ​បង្ហាញ​ឆន្ទៈប៉ុណ្ណោះ និង​រឹតត្បិតចំពោះការ​បង្ហាញឆន្ទៈដែលមិនបាន​ធ្វើ​ដោយសេរី។
ដោយឡែក យើង​ឃើញថាមាន​ករណី​ជាច្រើន ការ​ឆបោកធ្វើឡើងដោយភាគីម្ខាងទៀតនៃជំនួញ (ឧបមាថា X ឆបោក Y ឱ្យលក់ផ្ទះមកខ្លួនក្នុងតម្លៃថោកជាដើម)។ ប៉ុន្តែ ក៏មានករណីខ្លះ ការ​ឆបោកធ្វើឡើងដោយ​​តតិយជន ពោលគឺបុគ្គលផ្សេងផងដែរ (Z បោកបញ្ឆោត Y ឱ្យលក់ផ្ទះទៅ X ក្នុងតម្លៃថោក)។ ក្នុងករណីនេះ ការលុបចោលអាចធ្វើបាន លុះត្រាតែភាគី​ម្ខាងទៀត (ពោលគឺ ប្រសិនបើការបង្ហាញឆន្ទៈរបស់ Y មានបញ្ហា ភាគីម្ខាងទៀតសំដៅលើអ្នកទិញ X) នៃការ​បង្ហាញ​ឆន្ទៈបានដឹង ឬ អាច​ដឹង​អំពីអង្គហេតុ​នៃការ​ឆបោកនោះ (មាត្រា96 កថាខណ្ឌទី2)។
លើសពីនេះ ក្រម​រដ្ឋប្បវេណី​បានកំណត់ថា ការលុបចោល​ការបង្ហាញ​ឆន្ទៈដោយផ្អែកលើការ​ឆបោកមិនអាច​តតាំងចំពោះតតិយជន​ដែលសុចរិត និង គ្មាន​កំហុស​បានឡើយ (មាត្រា96 កថាខណ្ឌទី3)។ ពាក្យថា «តតិយជនសុចរិត» នៅទីនេះ សំដៅទៅលើបុគ្គលផ្សេង​ដែលមិន​ដឹង​អំពី​អង្គហេតុ (⇒ពាក្យគន្លឹះ: សុចរិត និង ទុច្ចរិត)។ ឧទាហរណ៍ថា A បានចាញ់បោក B និង បានលក់អចលនវត្ថុ ហើយផ្ទេរការ​ចុះបញ្ជីទៅឱ្យ B ប៉ុន្តែ B និយាយតែមាត់ថានឹងបង់ប្រាក់ឱ្យ តែមិនដែលបានបង់ប្រាក់នោះទេ ហេតុនេះ A បានលុបចោលកិច្ចសន្យានោះដោយសារមូលហេតុឆបោក។ ទោះបីជា​បាន​លុបចោលហើយក៏ដោយ ក៏ B នៅ​តែយកអចលនវត្ថុ​នោះធ្វើ​ជា​របស់​ខ្លួន ទៅបង្កើត​ហ៊ីប៉ូតែក​(ជំពូកទី ៧ II) ដើម្បី​ធានាការ​ខ្ចីប្រាក់ពី C ដែរ។ ក្នុងករណីនេះ ប្រសិនបើ C មិនដឹង​ និង មិនមានកំហុស​ក្នុងការ​មិនដឹង​អំពី​ការ​ឆបោករបស់ B ទេ A មិនអាច​តតាំងចំពោះ C អំពីអានុភាព​នៃការ​លុបចោលទេ (មិនអាចអះអាងអំពីការ​លុបចោលចំពោះ C ហេតុនេះ ក៏មិន​អាច​បដិសេធហ៊ីប៉ូតែករបស់ C ដែរ)។ ត្រង់ចំណុចនេះ ប្រហែលជាមានអ្នកគិត​ថា វាគួរ​ឱ្យអាណិត​ចំពោះបុគ្គលដែល​ត្រូវបាន​គេឆបោក ប៉ុន្តែ បើពិចារណាផ្ទុយមកវិញ យើងក៏ចាំបាច់​ត្រូវ​ការពារភាគី C ដែល​បាន​ធ្វើ​ជំនួញដោយជឿជាក់ថាអចលនវត្ថុនោះជារបស់ B (សូម្បីតែការចុះបញ្ជីក៏ផ្ទេរួចហើយដែរ) ទាំងមិនបានដឹងអំពីស្ថានភាព និង គ្មានកំហុសអំពីការ​មិនបានដឹងស្ថានភាពនោះទាល់តែសោះ។ យើងអាច​គិតថា បុគ្គលដែល​ត្រូវបាន​គេបោកក៏មានការ​ធ្វេសប្រហែសផងដែរ។ នៅក្នុងករណីបែបនេះហើយ ទើបក្រម​រដ្ឋប្បវណីបាន​រៀបចំទុកនូវបញ្ញត្តិដែល​បាន​វិនិច្ឆ័យ ដោយឈរលើ​សមភាពរបស់​ភាគីដែល​ពាក់ព័ន្ធ (ក្នុងករណីនេះ ភាគីម្ខាងទៀតដែល​រងការ​ឆបោកត្រូវ​ទទួលបាន​ការ​ការពារ ប៉ុន្តែ មិនត្រូវ​ទទួលការ​ការ​ពាររហូត​ដល់ធ្វើ​ឱ្យ​រងគ្រោះដល់​តតិយជន​ដែ​លបាន​ចូល​ទៅ​ក្នុង​ជំនួញ​ទាំង​មិនបាន​ដឹង​អំពី​ការ​ឆបោក និង មិន​មាន​កំហុស​ក្នុងការ​មិនបាន​ដឹង​នោះទេ។ ដោយឡែក ចំពោះ​ករណីគម្រាមកំហែងវិញ យើងពិបាក​នឹងគិត​ថា បុគ្គល​ដែល​រង​ការ​គម្រាមកំហែងមាន​កំហុសណាស់ ហេតុនេះ យើង​ត្រូវ​ការ​ពារ​អ្នក​បង្ហាញ​ឆន្ទៈ​ដែល​ទទួលរងការ​គម្រាមកំហែង ទោះបីជា​មាន​តតិយជនសុចរិត និង គ្មាន​កំហុសក៏ដោយ។ ដោយសារមូលហេតុនេះហើយ ទើបកថាខណ្ឌទី3 នៃមាត្រា96 បានកំណត់តែ​នៅក្នុងករណីការ​ឆបោកប៉ុណ្ណោះ)។
ពាក្យគន្លឹះ: សុចរិត និង ទុច្ចរិត
នៅ​ក្នុងពិភពច្បាប់ សុចរិតសំដៅទៅលើការមិន​បានដឹង​អំពីស្ថានភាព ចំណែកឯ ទុច្ចរិតសំដៅទៅលើការ​ដឹង​អំពី​ស្ថានភាព (នៅក្នុងករណីខ្លះ សុចរិតសំដៅទៅលើការមិនបានដឹង​ស្ថានភាពរួមជាមួយនឹង​ការ​ជឿជាក់ (ឧទា​ហរណ៍ថា ភាគី​ម្ខាង​ទៀត​នៃ​ជំនួញគឺជា​បុគ្គលដែលមាន​សិទ្ធិ​ត្រឹមត្រូវ​))។ ហេតុនេះហើយ បុគ្គល​សុចរិតដែលលើកមក​និយាយនៅទីនេះ មិនមែន​មាន​ន័យថា បុគ្គលដែល​មាន​សណ្តាន​ចិត្ត​ល្អនោះទេ។ ផ្ទុយមកវិញ គោល​បំណងដែល​ធ្វើ​បាបដល់​អ្នក​ដទៃ ហៅថា «ឆន្ទៈព្យាបាទ» មិនមែន ទុច្ចរិតនោះទេ។ ហើយករណីដែលបុគ្គលម្នាក់​បានដឹង​ថា អ្នក​លក់បាន​ចុះកិច្ចសន្យា​លក់ទិញ​ជាមួយ​បុគ្គលដទៃរួចហើយ ប៉ុន្តែ នៅតែទៅទិញ​វត្ថុដូច​គ្នានោះ ទោះបីជាខ្លួនដឹងថា ការទៅទិញពីក្រោយខ្នងគេបែបនេះ អ្នក​ទិញប្រាកដជា​ជួបបញ្ហាក៏ដោយ ដែលជាករណី​ដែល​គ្មាន​បំណងយ៉ាង​សកម្មភាពដើម្បី​បំពាន​ដល់​អ្នក​ដទៃបែបនេះ ហៅថា «ទុច្ចរិតធ្ងន់ធ្ងរ»។
(3) ការបង្ហាញ​ឆន្ទៈដោយភាន់ច្រឡំ
លើសពីនេះ ប្រសិនបើអ្នកបង្ហាញ​ឆន្ទៈបានបង្ហាញ​ឆន្ទៈដែល​ខុសពីការ​គិត​នៅក្នុងចិត្តទាំងស្រុង តើចំណុច​នេះគួរដោះស្រាយ​​យ៉ាងម៉េចដែរ? ក្រម​រដ្ឋប្បវេណី​ហៅចំណុចនេះថា ការ​ភាន់​ច្រឡំ ហើយ​ការ​បង្ហាញ​ឆន្ទៈ​ដោយការ​ភាន់​ច្រឡំនោះអាចលុបចោលបាន (មាត្រា95។ នៅមុនពេលវិសោធនកម្មនៅឆ្នាំ2017 គេចាត់ទុកថា មោឃភាព ប៉ុន្តែ ត្រូវ​ប្តូរ​មក​ជា​ការ​លុបចោលវិញ តាមរយៈវិសោធនកម្ម)។ នៅក្នុងផ្នែកអំពី ការ​ភាន់ច្រឡំនេះ គឺជា​ផ្នែកដែល​ត្រូវ​បាន​វិសោធ​ន​កម្មធំជាងគេ នៅ​ក្នុងការ​ធ្វើវិសោធនកម្មនៅ​ឆ្នាំ2017។
ការ​ភាន់ច្រឡំរួមមាន ① ការ​ភាន់​ច្រឡំដែលខ្វះ​ឆន្ទៈស្របគ្នាទៅនឹងឆន្ទៈដែលបានបង្ហាញ (ឧទាហរណ៍ អ្នកលក់បាន​សរសេរផ្លាកតម្លៃ ហើយបិតលើទំនិញដោយសរសេរខ្វះលេខសូន្យមួយ។ មាត្រា95 កថាខណ្ឌទី1 ចំណុចទី1) ​និង ② ការភាន់ច្រឡំដែលការយល់ដឹងអំពីស្ថានភាពដែលអ្នក​បង្ហាញ​ឆន្ទៈយកជាមូលដ្ឋាននៃសកម្ម​ភាព​គតិយុត្តខុសពីការពិត (ឧទាហរណ៍ អ្នកបង្ហាញ​ឆន្ទៈបាននិយាយថាទិញសេះ ដោយសារតែខ្លួនគិតថាសេះនោះកំពុងផើមដែលការពិត​សេះនោះមិនផើមនោះទេ។ មាត្រា95 កថាខណ្ឌទី1 ចំណុចទី2)។ ការភាន់ច្រឡំចំណុចទី② ហៅថា ការភាន់​ច្រឡំអំពី​មូលហេតុ។ វិសោធន​កម្ម​ច្បាប់បាន​កំណត់ថាអាចលុបចោលបាន ចំពោះការ​បង្ហាញ​ឆន្ទៈទាំងនេះ ក្នុងករណីដែល​ការភាន់​ច្រឡំនោះ​មាន​សារៈសំខាន់ ដោយពិចារណាលើ​គោលបំណងនៃ​សកម្មភាព​គតិយុត្ត និង ការ​យល់ឃើញទូទៅ​ក្នុង​ការធ្វើជំនួញ (មាត្រា95 កថាខណ្ឌទី1 វាក្យខណ្ឌទី1។ នៅមុនពេលវិសោធនកម្ម គេហៅថា ការភាន់​ច្រឡំអំពី «សារធាតុ»។)។ ប៉ុន្តែ នៅក្នុងករណី​នៃការ​ភាន់​ច្រឡំអំពីមូលហេតុ ពោលគឺ​ផ្អែក​លើបញ្ញត្តិនៃ​ចំណុចទី2 អ្នក​បង្ហាញ​ឆន្ទៈអាច​លុបចោលបាន លុះត្រាតែបាន​បង្ហាញអំពីស្ថានភាព​ដែល​ជា​មូលដ្ឋាន​នៃសកម្មភាព​គតិយុត្តចំពោះ​អង្គហេតុនោះ (មានន័យថា បានបង្ហាញចេញ​អំពីមូលហេតុ)។
លើសពីនេះ នៅក្នុងករណី​ដែលការ​ភាន់​ច្រឡំកើតឡើង​ដោយ​សារ​តែកំហុសធ្ងន់ធ្ងររបស់​អ្នក​បង្ហាញ​ឆន្ទៈ (ដោយ​សារ​តែ​គ្មានភាព​ចាំបាច់​ត្រូវ​ការពារដល់​អ្នក​បង្ហាញ​ឆន្ទៈ) ការ​លុបចោលការ​បង្ហាញ​ឆន្ទៈនោះមិន​អាច​ធ្វើបាននោះទេ។ ប៉ុន្តែ ចំណុចខាងលើនេះ ត្រូវ​លើកលែងចំពោះករណី​ដែលភាគី​ម្ខាងទៀតបានដឹង​អំពី​ការ​ភាន់​ច្រឡំរបស់​អ្នក​បង្ហាញ​ឆន្ទៈ ឬ មិនបាន​ដឹង​ដោយ​មាន​កំហុសធ្ងន់ធ្ងរ និង ករណីដែលភាគី​ម្ខាង​ទៀតបាន​ភាន់ច្រឡំ​ដូច​គ្នាជាមួយ​អ្នក​បង្ហាញ​ឆន្ទៈ (ដោយសារ​តែ​គ្មានភាព​ចាំបាច់​ត្រូវ​ការ​ពារ​ដល់​ភាគី​ម្ខាងទៀត) ដូចនេះ អ្នកបង្ហាញ​ឆន្ទៈអាច​អនុញ្ញាតឱ្យអះអាងពី​ការ​ភាន់​ច្រឡំបាន ទោះបីជាមាន​កំហុស​ធ្ងន់ធ្ងរក៏ដោយ(មាត្រាដូចគ្នា កថាខណ្ឌទី៣ ចំណុចទី១ និងទី២។​
ហើយការ​លុបចោលទាំងនេះមិនអាច​តតាំង​ចំពោះ​តតិយជនសុចរិត និង គ្មាន​កំហុសបានទេ ដូច​គ្នានឹង​ករណីឆបោកដែលបាន​រៀបរាប់​ខាងលើផងដែរ (មាត្រា94 កថាខណ្ឌទី4)។ ចំណុចនេះផងដែរ ការធ្វើ​វិសោធនកម្មច្បាប់​បាន​កែតម្រូវ​អានុភាពនៃការ​ឆបោក និង ការ​ភាន់ច្រឡំឱ្យ​ដូចគ្នា (⇒ពាក្យគន្លឺះ៖ លក្ខខណ្ឌ និង អានុភាព) ហេតុនេះ យើងអាច​និយាយថា បញ្ហាពីមុនមកត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់។
ពាក្យគន្លឹះ: លក្ខខណ្ឌ និង អានុភាព
នៅក្នុងពិភពច្បាប់ ស្ថានភាពមួយដែលត្រូវ​មាន​ជា​ចាំបាច់​ ដើម្បីយក​បទបញ្ញត្តិ​ណាមួយមកអនុវត្តបាន (ដើម្បី​ឱ្យ​បទបញ្ញត្តិ​នោះអាច​ប្រើការ​បាន) គេហៅថាជា លក្ខខណ្ឌ (ភាសាជប៉ុនហៅថា «យ៉កេន»)។ (រីឯពាក្យថា «លក្ខខណ្ឌ» ក្នុងន័យមួយផ្សេងទៀត ដែលភាសាជប៉ុន​អាចថា «ត្យូកេន» នោះ​វិញ គឺសំដៅលើការ​កំណត់​លក្ខខណ្ឌតាមច្បាប់ក្នុងទម្រង់ឃ្លាថា «ប្រសិន​បើ» ដូច​ជា​ពោលពាក្យថា «ប្រសិនបើ​ប្រឡងជាប់មហាវិទ្យាល័យ​យើងនឹង ជូនរថយន្តនេះជា​រង្វាន់» ជាដើម)។ លើសពីនេះ ពាក្យថា «អានុភាព» គឺជា​អ្វីដែល​នឹង​ត្រូវ​កើតមាន​ឡើងបន្ទាប់ពីពេលដែលបាន​បំពេញ​ចប់រួចរាល់ទៅតាម​លក្ខខណ្ឌចាំបាច់ទាំងឡាយ និងបាន​អនុវត្តតាមច្បាប់បញ្ញត្តិហើយនោះ។ ដូចនេះ «អានុភាព» (ភាសាជប៉ុនហៅថា «ឃោកា» ប្រើ​ក្នុង​ច្បាប់មិនមានន័យ ដូចពាក្យថា «គីគីម៉េ» ក្នុងភាសាជប៉ុន ដែលមាន​ន័យថា «ប្រសិទ្ធភាព» ដូច​ក្នុងករណីពោល​ពាក្យថា «មានប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ទម្ងន់» នោះទេ។
(4) ឋបនីយផ្លូវ​ចិត្ត
មួយវិញទៀត ​មនុស្សខ្លះក៏មានបំណងនិយាយកុហកផងដែរ។ តើការ​បង្ហាញ​ឆន្ទៈនៅ​ក្នុងករណី​នេះគួរតែមិន​ទទួលស្គាល់​អានុភាព​ដែរឬទេ? នៅក្នុងករណី​បែបនេះ ចំពោះភាគីម្ខាងទៀតដែលមិនដឹង ប្រាកដជាជឿជាក់​លើការនិយាយកុហកនោះ ហេតុនេះហើយ ក្រមរដ្ឋប្បវេណីបានកំណត់ថាមានអានុភាព បើទោះបីជាអ្នក​បង្ហាញ​ឆន្ទៈ​បាន​បង្ហាញ​ឆន្ទៈដោយការ​លេងសើច ឬ កុហកក៏ដោយ ហើយនេះហៅថា «ឋបនីយ​ផ្លូវ​ចិត្ត» (មានន័យថាមានការបំរុងទុកជាស្រេចនៅក្នុងចិត្ត)។ ប៉ុន្តែ ប្រសិនបើភាគីម្ខាងទៀត​បាន​ដឹង ឬ អាច​ដឹងថានេះមិន​មែន​ជា​ឆន្ទៈពិតទេ ការបង្ហាញ​ឆន្ទៈនោះ​ត្រូវ​ចាត់ទុកថា​មោឃភាព (មាត្រា93 វាក្យខណ្ឌទី1 និង វាក្យខណ្ឌទី2)។
ដោយឡែក ​វិសោធនកម្មច្បាប់ឆ្នាំ2017 បានកំណត់ថ្មីនៅក្នុងមាត្រា​93 កថាខណ្ឌទី2 ថា មោឃភាពនៃការ​បង្ហាញ​ឆន្ទៈដោយផ្អែក​តាមបញ្ញត្តិ​ កថាខណ្ឌទី2 វាក្យខណ្ឌទី2 មិន​អាច​តតាំង​ចំពោះ​តតិយជន​សុចរិតបា​នទេ។ នេះគឺជា​ការ​ការពារ​ដល់​តតិយជនសុចរិតចំពោះករណី​ឋបនីយផ្លូវ​ចិត្ត ដែល​ដូច​គ្នា​ទៅនឹង​ការ​បង្ហាញ​ឆន្ទៈមិន​ពិតក្នុងមាត្រា​94 កថាខណ្ឌទី2 ខាងក្រោមផងដែរ (សូម​យោងការពន្យល់អំពីការបង្ហាញ​ឆន្ទៈ​មិន​ពិត​ខាង​ក្រោម)។
(5) ការ​បង្ហាញ​ឆន្ទៈមិនពិតដោយឃុបឃិត
ករណីកាន់តែស៊ីជម្រៅជាងខាងលើនេះ គឺសាមីខ្លួន និង ភាគី​ម្ខាង​ទៀត​បាន​ឃុបឃិត​គ្នា មានន័យថា បាន​ពិភាក្សា​ជាមួយ​ភាគី​ម្ខាងទៀត ហើយ​បង្ហាញ​ឆន្ទៈមិនពិត។ ឧទាហរណ៍ A និង B បានសហការគ្នា ដោយផ្ទេរដី​ដែល​ជា​កម្មសិទ្ធិ​របស់ A មកឱ្យ B ដើម្បី​បង្កើត​ឱ្យ​គេមើលឃើញថា A មាន​ទ្រព្យសម្បត្តិតិចតួច ក្នុងគោលបំណងរត់គេចពីការ​ទាមទារឱ្យ​ទទួលខុសត្រូវពីម្ចាស់បំណុលរបស់ A។ ការបង្ហាញ​ឆន្ទៈខាងលើនេះត្រូវ​មោឃភាព ដោយសារការ​បង្ហាញ​ឆន្ទៈមិនពិត (ការ​បង្ហាញ​ឆន្ទមិន​ពិត​ដោយ​ឃុប​ឃិត) (មាត្រា94 កថាខណ្ឌទី1)។ ប៉ុន្តែ ប្រសិន​បើ​បុគ្គលសុចរិត C ដែល​ជឿជាក់លើការទិញលក់ខាងលើនេះ ហើយបាន​ទិញដីនោះបន្តពី B ក្នុងករណីនេះ ប្រសិនបើយើង​ចាត់ទុកកិច្ចសន្យា​លក់ទិញរវាង A និង B មោឃភាព នោះ C នឹង​ទទួលរងការ​ខាតផល​ប្រយោជន៍ ហេតុនេះហើយ នៅក្នុង​ស្ថានភាពបែបនេះ ​A និង B មិន​អាចតតាំង​អំពី​មោឃភាពនៃការ​បង្ហាញ​ឆន្ទៈមិនពិត ចំពោះតតិយជន​សុចរិត C នោះទេ (មាត្រា94 កថាខណ្ឌទី2)។ អត្ថន័យដើមនៃបញ្ញត្តិ​នេះគឺ ការព្រមព្រៀង​ដែល​ខុសពី​រូប​ភាព​ខាងក្រៅ អាច​យកមក​អនុវត្ត​តែចំពោះ​ទំនាក់ទំនង​រវាងគូភាគីប៉ុណ្ណោះ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន បញ្ញត្តិនេះត្រូវយកមកអនុវត្តជា​ទម្រង់ «អនុវត្ត​ប្រដូច» ចំពោះវិវាទទាក់ទងនឹង​ជំនួញអចលនវត្ថុ​ជាក់ស្តែង ក្នុងនាម​ជា​បញ្ញត្តិ​ដែល​ការ​ពារ​ដល់​បុគ្គល​ដែល​ជឿជាក់លើការមើលឃើញខាងក្រៅ (សូមយោងជំពូកទី3 II 2 (4) អំពី​ការផ្លាស់ប្តូរ​សិទ្ធិ​ប្រត្យក្ស)។
4. ការតំណាង ការតំណាងគ្មានសិទ្ធិ និងការតំណាងដែលមាន​លក្ខណៈជារូបភាព
(1) ស្វ័យភាពខាងឆន្ទៈ និងប្រព័ន្ធនៃការ​តំណាង
បើពិចារណាពីគោលការណ៍​ស្វ័យភាព​ខាងឆន្ទៈ បុគ្គលម្នាក់ៗ​អាច​បង្កើតទំនាក់​ទំនង​គតិយុត្តដោយ​ឆន្ទៈ​សេរី បាន ប៉ុន្តែ ទំហំនៃសកម្មភាពដែលបុគ្គលម្នាក់ៗអាច​ធ្វើ​បាន គឺមានដែនកំណត់។ ចំពោះហើយករណីជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាពក្នុងការ​ធ្វើ​សកម្មភាព​ដែល​បាន​រៀបរាប់ពីមុន ជនទាំងនោះ​ពុំ​មាន​ឆន្ទៈពេញលេញនោះទេ ហេតុនេះហើយ ត្រូវ​មាន​នរណាម្នាក់ជួយបំពេញ​ការ​បង្ហាញ​ឆន្ទៈរបស់ជននោះ។ ដូចនេះ ក្រម​រដ្ឋប្បវេណី​បាន​រៀបចំទុកនូវ​ប្រព័ន្ធដែលបុគ្គលដទៃអាច​បង្ហាញ​ឆន្ទៈ​ជំនួស​ឱ្យ​សាមីខ្លួន ហើយ​ការបង្ហាញ​ឆន្ទៈ​នោះ​បង្កើត​ឱ្យ​មាន​នូវ​អានុភាព​គតិយុត្ត ក្នុងនាមជាការ​បង្ហាញ​ឆន្ទៈរបស់​សាមីខ្លួន។ នេះហៅថា ការ​តំណាង។ ដូចនេះ យើងអាច​សរុបជា​រួមថា ការ​តំណាង​ គឺជា​ប្រព័ន្ធដើម្បីបំពេញស្វ័យភាពនៃ​ឆន្ទៈ​ចំពោះជន​ដែល​ត្រូវ​បាន​កម្រិត​សមត្ថភាពក្នុងការធ្វើសកម្មភាព​ និង ដើម្បីពង្រីក​ស្វ័យភាព​ខាងឆន្ទៈចំពោះនីតិជន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យទូទៅ។
(2) តំណាង​ដែល​ច្បាប់​បានកំណត់ និង​តំណាង​ដោយឆន្ទៈ
https://gyazo.com/2ff9ce1b35e24ba688cd9f4e437a5e47
ការតំណាងចែក​ចេញជា2 គឺការតំណាង​ដែល​ច្បាប់​បានកំណត់ និង ការតំណាងដោយឆន្ទៈ​។ ឪពុកម្តាយ​របស់​អនីតិជនជាអាទិ៍ គឺជា​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់ ហើយ​ច្បាប់​បានប្រគល់ឋានៈជា​អ្នក​តំណាង ប៉ុន្តែ ការ​តំណាង​ដែល​ធ្វើ​ឡើង​ជាទូទៅ គឺជាការ​តំណាង​ដោយ​ឆន្ទៈ ដែល​ផ្តល់សិទ្ធិ​តំណាង​ដល់បុគ្គល​ជាក់លាក់​តាម​រយៈ​កិច្ចសន្យា។ បុគ្គលដែល​ក្លាយជាអ្នក​តំណាងត្រូវ​បង្ហាញយ៉ាងដាច់ខាតថាសកម្មភាពនេះ​ធ្វើ​ឡើងដើម្បី​ម្ចាស់សិទ្ធិ (នេះហៅថា របបបញ្ជាក់នាម) សកម្មភាពគតិយុត្តនោះនឹង​មាន​សុពលភាព​ចំពោះម្ចាស់សិទ្ធិផ្ទាល់ ពោលគឺ មានអានុភាពដូចគ្នានឹង​សកម្មភាព​ដែល​ម្ចាស់​សិទ្ធិ​ធ្វើ​ដោយខ្លួនឯង (មាត្រា99)។ ផ្ទុយមកវិញ ការ​បង្ហាញ​ឆន្ទៈ​ដែលអ្នក​តំណាង​បាន​ធ្វើ​ដោយ​មិនបញ្ជាក់នាម (ហើយជាស្ថានភាពដែលមិនដឹងថាអ្នកណាជាម្ចាស់សិទ្ធិទោះជាតាមរយៈកាលៈទេសៈជុំវិញក៏ដោយ) ត្រូ​វចាត់ទុកថា អ្នក​តំណាង​បាន​ធ្វើឡើង​ដើម្បី​ខ្លួនឯង ហើយអានុភាពនោះ​ត្រូវ​មាន​ចំពោះអ្នកតំណាង ការកំណត់បែបនេះគឺដើម្បីការពារ​ដល់ភាគីម្ខាងទៀត (មាត្រា100)។ ប៉ុន្តែ ប្រសិនបើភាគី​ម្ចាង​ទៀត​បានដឹង ឬ អាច​ដឹងអំពីការ​បង្ហាញឆន្ទៈ​តំណាង​របស់​អ្នក​តំណាង (ការបង្ហាញ​ឆន្ទៈដើម្បី​ម្ចាស់​សិទ្ធិ) អានុភាព​ត្រូវ​មាន​ចំពោះ​ម្ចាស់សិទ្ធិ​ផ្ទាល់ (មាត្រា100 វាក្យខណ្ឌទី2)។
មួយវិញទៀត​ អានុភាពទាំងអស់​នៃការ​តំណាងមាន​ទៅលើ​ម្ចាស់សិទ្ធិ ហើយ​អ្នក​តំណាងមិន​មាន​ទទួលរង​ការ​ខាតប្រយោជន៍អ្វីទាំងអស់ ហេតុនេះហើយ សូម្បីតែជន​ដែល​ត្រូវ​បាន​កម្រិត​សម្ថភាពក្នុងការធ្វើសកម្មភាពដែលបាន​រៀបរាប់ពីមុន ក៏អាច​ក្លាយ​ជា​អ្នក​តំណាង​របស់​បុគ្គលដទៃដែរ (មាត្រា102)។ ប៉ុន្តែ ក្នុងករណី​ដែលបុគ្គល​ដែល​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាពបាន​ទទួល​ដីកាសម្រេចចាប់ផ្តើមអាណាព្យាបាល​ដូច​បាន​រៀបរាប់​ពីមុន ក្នុងពេលខ្លួនកំពុងធ្វើជាអ្នក​តំណាង ការ​តំណាងនោះ​ត្រូវ​រលត់។ ត្រូវ​អនុវត្ត​ដូច​គ្នា​ចំពោះករណីធនក្ស័យរបស់​អ្នក​តំណាង ឬ មរណភាព​របស់​ម្ចាស់​សិទ្ធិ ឬ អ្នក​តំណាង (មាត្រា111 កថាខណ្ឌទី1)។ ក្រៅពីនេះ ទោះបីជា​អានុភាពទាំងអស់​កើត​មាន​ចំពោះ​ម្ចាស់សិទ្ធិ​ផ្ទាល់​ក៏ដោយ ក៏អ្នកដែល​បង្ហាញឆន្ទៈ​ជាក់ស្តែងគឺអ្នកតំណាង ហេតុនេះ បើសិនជាមានបញ្ហាទាក់ទង​នឹង​វិការៈនៃការ​បង្ហាញ​ឆន្ទៈ​ និង សុចរិត ឬ​ ទុច្ចរិតដូច​មាន​រៀបរាប់ខាងលើ ជាគោលការណ៍គឺត្រូវ​វិនិច្ឆ័យអំពីបញ្ហានេះ​ចំពោះអ្នក​តំណាង (មាត្រា101 កថាខណ្ឌទី1)។
ដោយឡែក ការ​ធ្វើជាអ្នក​តំណាង​ឱ្យភាគីម្ខាងទៀត (កិច្ចសន្យា​របស់ខ្លួនឯង) ឬ ធ្វើ​ជា​អ្នក​តំណាង​ឱ្យ​ភាគី​ទាំងសងខាង (តំណាង​ឱ្យសងខាង) ចំពោះ​សកម្មភាព​គតិយុត្តតែមួយ ត្រូវ​ចាត់ទុកជា​សកម្មភាពដែល​បាន​ធ្វើ​ដោយ​បុគ្គល​ដែល​គ្មាន​សិទ្ធិ​តំណាង (មានន័យថា ការ​តំណាងដែល​គ្មាន​សិទ្ធិ​ដែល​នឹង​រៀបរាប់​ខាងក្រោម) ប៉ុន្តែ សកម្មភាព​ខាងលើនេះអាច​ធ្វើ​ទៅបានបើម្ចាស់​សិទ្ធិបាន​អនុញ្ញាតជាមុន (មាត្រា108)។
(3) ការ​តំណាងដែលគ្មានសិទ្ធិ និងការតំណាងដែលមាន​លក្ខណៈជារូបភាព
ប្រសិនបើ​អ្នកដទៃណាម្នាក់​ដែលមិនត្រូវ​បាន​ផ្តល់​សិទ្ធិ​តំណាងផង ប៉ុន្តែ បានបន្លំខ្លួនធ្វើ​ជាអ្នក​តំណាង ហើយចុះកិច្ច​សន្យា​ដើម្បី​ម្ចាស់សិទ្ធិ តើរឿងនេះ​នឹង​ទៅជាយ៉ាងណា? នេះហៅថា ការតំណាង​ដែល​គ្មាន​សិទ្ធិ ហើយ​អានុភាពនៃការតំណាងមិនកើតមាន​នោះទេ បើសិនជា​ម្ចាស់សិទ្ធិ​មិន​ផ្តល់​សច្ចានុម័ត (មាត្រា113 កថាខណ្ឌទី1)។ ការកំណត់​​បែបនេះ គឺដើម្បី​ការ​ពារម្ចាស់សិទ្ធិ។ ក្នុងករណីនេះ ភាគី​ម្ខាង​ទៀត​អាច​ទាមទារ​ឱ្យ​អ្នក​តំណាងដោយ​គ្មាន​សិទ្ធិ​នោះអនុវត្ត​ជំនួស ឬ សង​សំណងការ​ខូច​ខាត (មាត្រា117 កថាខណ្ឌទី1)។
ប៉ុន្តែ នៅក្នុងករណី​ដែល​ម្ចាស់សិទ្ធិបាន​បង្ហាញថាផ្តល់​សិទ្ធិ​តំណាងឱ្យ​ទៅបុគ្គលណាម្នាក់ ទាំងរឿងនោះមិនមែនជាការពិត ឬ ករណីដែល​បានផ្តល់​សិទ្ធិ​តំណាងទៅឱ្យដែរ ប៉ុន្តែ អ្នក​តំណាងនោះអនុវត្តសកម្មភាព​តំណាង​លើសពី​កម្រិតនៃ​សិទ្ធិ​តំណាងដែលបានផ្តល់ឱ្យ ឬ ករណីដែល​បានផ្តល់សិទ្ធិតំណាងឱ្យ​បុគ្គលនោះពីមុនដែរ ប៉ុន្តែ​មិនបាន​ជូន​ដំណឹង​អំពីការ​រំលត់​សិទ្ធិ​តំណាងនោះទៅភាគីម្ខាងទៀត ដូចនេះ យើងមាន​ភាព​ចាំបាច់ដើម្បីការពារ​ដល់​ភាគីម្ខាង​ទៀតដែល​បាន​ជឿជាក់​លើរូបភាពខាងក្រៅបែបនេះ។ ហេតុនេះ ក្រមរដ្ឋប្បវេណី​បាន​រៀប​ចំទុកនូវ ប្រព័ន្ធនៃការ​តំណាងដែលមាន​លក្ខណៈ​ជា​រូបភាព ហើយ​កំណត់​ឱ្យ​ម្ចាស់សិទ្ធិ​ត្រូវ​ទទួលខុសត្រូវ ប្រសិនបើ​ភាគីម្ខាង​ទៀតបាន​ជឿជាក់លើ​រូបភាពខាងក្រៅបែបនេះ ដោយសុចរិតនិងគ្មានកំហុស។ មាត្រា109 កំណត់​អំពីការ​តំណាងដែលមាន​លក្ខណៈជារូបភាពដោយសារ​ការបង្ហាញ​ការផ្តល់សិទ្ធិ​តំណាង, មាត្រា110 កំណត់អំពីការតំណាង​ដែល​មាន​លក្ខណៈជារូបភាពនៃការ​អនុវត្តហួសទំហំនៃសិទ្ធិ និង មាត្រា112 កំណត់​អំពីការតំណាង​ដែល​មាន​លក្ខណៈ​ជារូបភាពនៅក្រោយការ​រលត់​សិទ្ធិ​តំណាង (មាត្រា109 មិនបាន​បង្ហាញ​ច្បាស់​អំពីលក្ខខណ្ឌសុចរិត និងគ្មានកំហុសទេ ប៉ុន្តែ ចំណុច​នេះ​ត្រូវ​បាន​បន្ថែម​ជាបញ្ញត្តិ​ច្បាស់លាស់នៅក្នុង​វិសោធនកម្មឆ្នាំ2004។ ដោយឡែក សូម្បីតែ ពាក្យថា «មូលហេតុត្រឹមត្រូវ» ក្នុងមាត្រា110 ក៏ត្រូវ​រួមបញ្ចូល​ទាំងអត្ថន័យអំពី ភាព​សុចរិត និងគ្មានកំហុស​របស់តតិយ​ជនផងដែរ)។
ការ​តំណាងជា​លក្ខណៈរូបភាពនេះ មាន​តួរនាទីយ៉ាង​សំខាន់នៅក្នុងកិច្ចការ​ជំនួញបច្ចុប្បន្ន។ ហើយ​វិធីការ​ពារ​តតិយជនក្នុង​កិច្ចការ​ជំនួញដែលយើងមើលឃើញនៅទីនេះ គឺដើមឡើយម្ចាស់សិទ្ធិ​ពិតប្រាកដ (ករណីនេះគឺ សំដៅលើម្ចាស់​សិទ្ធិ) មាន​កំហុសណាមួយ ហើយ​តតិយជនដែល​ចូលទៅ​ក្នុងកិច្ចការ​ជំនួញ​បាន​ជឿជាក់​ដោយ​​សុចរិត និង គ្មាន​កំហុស ហើយ​បង្កើត​ឱ្យមានការ​តំណាង​ជា​លក្ខណៈរូបភាព ដើម្បី​ការពារ​ទៅ​ដល់តតិយជន ហើយ​ទ្រឹស្តីច្បាប់នេះ​ហៅថា ទ្រឹស្តី​ច្បាប់​ដែលការពារ​ការ​ជឿជាក់​លើរូបភាពខាងក្រៅ (ទ្រឹស្តីច្បាប់​មើលឃើញរូប​ភាព​ខាង​ក្រៅនៃសិទ្ធិ និង ទ្រឹស្តីច្បាប់លក្ខណៈរូបភាព)។
5. មោឃភាព និង ការលុបចោល
ពាក្យថា មោឃភាព នៅក្នុងក្រម​រដ្ឋប្បវេណី មានន័យថា ការមិន​កើតមានអានុភាព​អ្វីទាំង​អស់តាំង​ពី​ដំ​បូង។ មោឃភាពអាចបែងចែកជា 2 គឺ ករណីដែលច្បាប់កំណត់ថាមោឃភាពដាច់​ខាត ចំពោះ​សកម្មភាព​គតិយុត្ត​ប្រឆាំងនឹងសង្គម ដូច​ជា​សកម្មភាព​គតិយុត្ត​ដែល​ផ្ទុយ​នឹង​សណ្តាប់​ធ្នាប់សាធារណៈ និង ទំនៀម​ទម្លាប់ល្អនៅ​ក្នុងមាត្រា90 និងករណីមោឃភាព​ដែល​ត្រូវ​បាន​កំណត់​ជា​វិធានមួយដើម្បីការ​ពារភាគី ដូចជា ឋបនីយផ្លូវ​ចិត្ត ​ជាអាទិ៍។ ចំណែកឯ ការលុបចោលវិញ គឺមាន​អានុភាពរហូតដល់ពេលលុបចោល ហើយនៅពេលមានការលុបចោល​ត្រូវ​ចាត់ទុកថាមោឃភាព​តាំង​ពីដំបូង (មាត្រា​121) (⇒ពាក្យគន្លឹះ៖ សន្មត និង ចាត់ទុក) មានន័យថា មិនមាន​អានុភាព​អ្វីទាំងអស់កើតឡើងគិត​ត្រឡប់​ទៅតាំងពីពេលចាប់ផ្តើមដំបូង (នេះហៅថា «មានអានុភាព​ប្រតិសកម្ម»)។ លើសពីនេះ សកម្មភាព​ដែលអាចត្រូវបានលុបចោល អាច​ទទួលស្គាល់នៅពេលក្រោយបាន ដូច​ជា ឪពុកម្តាយ​អាច​ទទួលស្គាល់នៅពេលក្រោយចំពោះ​កិច្ច​សន្យា​ទិញលក់ដែល​គ្មាន​ការយល់ព្រម​ពីខ្លួនដែលជាឪពុកម្តាយ (នេះហៅថា «​សច្ចានុម័ត») ហើយ​អានុភាព​នៃការ​ផ្តល់សច្ចានុ​ម័ត​នោះ​ ក៏​មានលក្ខណៈប្រតិសកម្មដែរ (មាត្រា​122)។ ប៉ុន្តែ សកម្មភាព​ដែល​មោឃភាព គឺ​គ្មាន​អានុភាព​តាំងពីដំបូង ហេតុនេះ​មិនអាច​ផ្តល់សច្ចានុម័តនៅពេលក្រោយ ហើយ​ក្លាយ​ជា​មានអានុភាពនោះទេ (មាត្រា​119 វាក្យខណ្ឌទី1)។ ដោយឡែក បុគ្គលដែល​អាច​លុបចោលបាន(អ្នកមានសិទ្ធិលុបចោល) មានកំណត់​ក្នុងមាត្រា120 នៃ​ក្រម​រដ្ឋប្បវេណី (រួមមាន សាមីខ្លួន​ដែលជាជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាពដូច​ជាអនីតិជនជាអាទិ៍ ឬ បុគ្គល​ដែល​បាន​បង្ហាញ​ឆន្ទៈដោយសារ​ការ​ឆបោកជាអាទិ៍ និងអ្នកតំណាង ឬ ប្រតិសិទ្ធិ​របស់​ជនទាំងនោះប៉ុណ្ណោះ)។ មួយវិញទៀត សកម្មភាព​ដែលមោឃភាពមិន​អាច​ក្លាយ​ជា​មាន​អានុភាព​ដោយសារ​ការកន្លងផុតនៃពេលវេលានោះទេ ប៉ុន្តែ សកម្មភាព​ដែលអាចលុបចោល អាច​ក្លាយទៅជា​មិន​អាច​លុបចោលបានដោយសារ​ការកន្លងផុតនៃពេលវេលា ហើយ​ជា​លទ្ធផលសកម្មភាពនោះមាន​អានុភាព​ជាស្ថាពរ (សិទ្ធិ​លុបចោលត្រូវ​រលត់ដោយអាជ្ញាយុកាល ប្រសិនបើមិនបាន​អនុវត្ត​ក្នុងរយៈពេល 5ឆ្នាំ គិតចាប់ពីពេល​ដែល​អាច​ផ្តល់​សច្ចានុម័តបាន ឬ ក្នុងរយៈពេល 20ឆ្នាំ គិត​ចាប់ពីពេលធ្វើសកម្មភាព។ មាត្រា126។ ⇒យោងជំពូកនេះ III 7. អាជ្ញាយុកាល)។
ពាក្យគន្លឹះ: ការសន្មត និង ការ​ចាត់ទុក
ក្នុងបរិបទច្បាប់ «ការ​សន្មត» សំដៅទៅលើ ការ​សន្មតថាបែបនឹង​ជា​បណ្តោះអាសន្នសិន ប៉ុន្តែ គេអនុញ្ញាត​ឱ្យ​ភាគី​ដាក់​ភស្តុតាងផ្ទុយ ពោលគឺ ភាគីអាច​បញ្ជាក់​ថាអង្គហេតុនេះមិនពិតទេ ហើយ​លុប​ចោលការ​សន្មតនោះបាន។ ផ្ទុយមកវិញ «ការចាត់ទុក» សំដៅទៅលើ ការ​ដែល​ច្បាប់បាន​សម្រេចថាបែបនឹង ហើយ​មិនអនុញ្ញាតឱ្យមានការ​បញ្ជាក់​ផ្ទុយ​ពី​នេះ​ ហើយ​លុបចោលការចាត់ទុកនោះទេ។
6. លក្ខខណ្ឌ និង ការកំណត់ពេល
(1) សេចក្តីផ្តើម
នៅក្នុងការអនុវត្ត​សកម្មភាព​គតិយុត្ត ភាគី​អាច​កំណត់មិន​ឱ្យ​អានុភាពនោះកើត​ឡើងភ្លាមៗ រហូត​ដល់​ចំណុច​ពេលវេលាមួយក្នុងពេល​អនាគត ឬ រហូត​ដល់កើត​មានព្រឹត្តការណ៍​ណាមួយក្នុងពេលអនាគត ទើប​កើតមាន​អានុភាពបាន (ឬផ្ទុយមកវិញ គឺឱ្យ​អស់​អានុភាពបាន)​។ នេះជា​បញ្ហា​ទាក់ទងនឹង លក្ខខណ្ឌ និងការកំណត់ពេល។ ភាពខុសគ្នារវាងលក្ខខណ្ឌ និង ការកំណត់ពេលគឺ លក្ខខណ្ឌគឺជាការកំណត់ទាក់​ទងនឹង​ព្រឹត្តការណ៍ដែល​មិនទៀងទាត់ថានឹងអាច​កើតមាន​ឡើងនោះទេ ដូចជា ប្រសិនបើ​ប្រឡងជាប់ជាគណនេយ្យករជាដើម ចំណែក​ឯ ការកំណត់ពេលគឺជាការកំណត់ទាក់ទងនឹង​ពេលវេលាដែលទៀងទាត់ថានឹង​មកដល់ ដូចជា ដើមឆ្នាំក្រោយ ឬ ពេលដល់​នីតិភាព​ជាដើម។
(2) លក្ខខណ្ឌ
លក្ខខណ្ឌចែកចេញជា 2។ បើសិនជាអានុភាពចាប់ផ្តើម​កើតឡើងដោយសារ​លក្ខខណ្ឌត្រូវបាន​បំពេញ (អានុភាពត្រូវបានបង្អង់រហូតមកដល់ពេលនេះ) ហៅថា លក្ខខណ្ឌបង្អង់ ហើយចំណែកឯ អានុភាពត្រូវ​រលត់ដោយសារលក្ខខណ្ឌ​ត្រូវ​បានបំពេញ ចំពោះ​សកម្មភាពគតិ​យុត្តដែល​​កើតមាន​អានុភាពរួចហើយ ហៅថា លក្ខខណ្ឌ​រំលាយ (មាត្រា127)។ ការកំណត់ថា «ខ្ញុំនឹង​ផ្តល់​អាហារ​រូប​ករណ៍ ប្រសិនបើប្រឡងជាប់មហាវិទ្យាល័យ» គឺជា​ការ​ដាក់លក្ខខណ្ឌបង្អង់ចំពោះ​កិច្ចសន្យា​ប្រទានកម្ម ហើយ​ការកំណត់ថា «ខ្ញុំឱ្យនាឡិការនេះទៅអ្នក ប៉ុន្តែ​បើរៀនមិនបាន​ឡើងថ្នាក់ទេ ត្រូវ​សងមកខ្ញុំវិញ» គឺជា​ការ​ដាក់​លក្ខ​ខណ្ឌ​រំលាយកិច្ចសន្យា​ប្រទានកម្ម។ ករណីលក្ខខណ្ឌដែល​គ្មាន​លទ្ធភាពនឹង​បំពេញ (ហៅថា លក្ខខណ្ឌ​អលទ្ធភាព) ចំពោះលក្ខខណ្ឌបង្អង់ គឺមានន័យថាមោឃភាពដោយសារតែ​អានុភាព​មិនអាច​កើតមានឡើងនោះទេ ហើយ​ចំពោះ​លក្ខខណ្ឌ​រំលាយ គឺមានន័យថាគ្មានលក្ខខណ្ឌដោយសារតែមិនអាច​បាត់បង់​អានុភាព (មាត្រា133)។ ដោយឡែក ប្រសិនបើ​បុគ្គល​ដែល​ខាតបង់ផលប្រយោជន៍ដោយសារ​លក្ខខណ្ឌត្រូវ​បាន​បំពេញ បាន​រារាំង​មិន​ឱ្យលក្ខខណ្ឌ​នោះត្រូវបានបំ​ពេញ​ដោយ​ចេតនា ភាគី​ម្ខាង​ទៀតអាចចាត់ទុកថាលក្ខខណ្ឌនោះត្រូវបានបំពេញ។ ផ្ទុយមកវិញ ប្រសិនបើ​ភាគី​ដែលទទួល​ផលប្រយោជន៍ពីការ​បំពេញលក្ខខណ្ឌ បាន​បំពេញ​លក្ខខណ្ឌនោះ​ដោយ​មិន​ត្រឹមត្រូវ​ ភាគីម្ខាងទៀតអាចចាត់ទុកថា ​លក្ខខណ្ឌមិនត្រូវបានបំពេញនោះទេ (មាត្រា​130)។
(3) ការកំណត់ពេល
ការកំណត់​ពេលគឺជាការ​កំណត់ព្រឹត្តការណ៍​ដែល​ទៀតទាត់ថានឹងមកដល់ ហើយការកំណត់ពេលអាច​បែងចែក​ជា 2។ ការកំណត់ពេលពិតប្រាកដ សំដៅ​ទៅលើការ​កំណត់​យ៉ាង​ជាក់​លាក់​អំពី​ពេលវេលាដែល​ត្រូវ​មកដល់ ដូច​ជា ឆ្នាំក្រោយ ខែមេសាជាដើម ចំណែកឯ ការកំណត់ពេលមិនពិតប្រាកដ សំដៅទៅលើ​ការ​កំណត់ព្រឹត្តការណ៍​ដែលទៀងទាត់ថានឹងមកដល់ ប៉ុន្តែមិន​អាច​ដឹង​ថា​នឹង​មកដល់​ពេលណា ដូច​ជា នៅពេលមាន​ខ្យល់ព្យុះ​លើកក្រោយជាដើម។ នៅមុនការ​កំណត់​ពេលមកដល់​ ប្រយោជន៍​ដែល​ភាគី​ទទួល​បានហៅថា ប្រយោជន៍​នៃកំណត់ពេល។ ប្រសិនបើយកចុងខែមីនា ជាការកំណត់ពេលសង មានន័យថា កូនបំណុលទទួលបាន​ប្រយោជន៍​នៃការកំណត់ពេល ដោយមិន​ចាំបាច់​ត្រូវ​សងប្រាក់​រហូត​ដល់ចុង​ខែ​មីនាបាន។ ប្រយោជន៍នៃការកំណត់ពេលអាច​បោះបង់ចោលបាន លុះត្រាតែ​មិនធ្វើ​ឱ្យខូចខាតដល់​ភាគី​ម្ខាង​ទៀត (ទោះបីជាកំណត់ពេលសង នៅចុងខែមីនាក៏ដោយ ក៏កូន​បំណុល​អាច​សង​នៅ​ចុង​ខែកុម្ភៈបានដែរ។ មាត្រា​136 កថាខណ្ឌទី2)។ ប្រយោជន៍​នៃការ​កំណត់​ពេល​ត្រូវ​សន្មតថាជា​ប្រយោជន៍​របស់​កូនបំណុល (មាត្រា​136 កថាខណ្ឌទី1) ហើយប្រយោជន៍នៃការ​កំណត់ពេល​នេះ​នឹង​បាត់បង់ទៅវិញ ប្រសិនបើ​មាន​សកម្មភាព ឬ អង្គហេតុដែល​ធ្វើឱ្យ​បាត់បង់ជំនឿចិត្ត​លើកូន​បំណុល (មាត្រា​137)។ សកម្មភាព​ដែលមានកំណត់​ក្នុងក្រម​រដ្ឋប្បវេណីមាន​ដូច​ជា ដីកាសម្រេច​ប្រកាសចាប់ផ្តើម​នីតិវិធី​ក្ស័យធនចំពោះ​កូន​បំណុល ជាដើម ប៉ុន្តែ ភាគីក៏អាច​ព្រមព្រៀង​នៅ​ក្នុងកិច្ចសន្យា​ថា បើសិនជា​មាន​ករណី​នេះកើតឡើង កូន​បំណុល​ត្រូវ​បាត់​បង់​ប្រយោជន៍​នៃការកំណត់ពេល ទុកជាមុនបាន (ហៅថា ការបាត់បង់ផលប្រយោជន៍នៃកំណត់ពេល​តាម​កិច្ចសន្យា)។ ដោយឡែក នៅក្នុងការអនុវត្តជាក់ស្តែង ការបាត់បង់ផលប្រយោជន៍នៃកំណត់ពេល​តាម​កិច្ចសន្យា តែងតែត្រូវ​បាន​កំណត់​ក្នុង​កិច្ច​សន្យាកម្ចីប្រាក់ស្ទើរគ្រប់​កិច្ចសន្យា (សូមយោង សៀវភៅនេះ ជំពូកទី4 ចំណុច5. អំពី​កិច្ចសន្យា​ខ្ចី​ប្រាក់)។ ឧទាហរណ៍ អ្នក​ខ្ចីនឹង​ត្រូវ​បាត់បង់​ប្រយោជន៍​នៃការកំណត់ពេល បើសិនជា​យឺតយ៉ាវក្នុងការ​សង​ កម្ចីចំនួនប៉ុន្មានលើកជាដើម (សូម​អ្នកទាំងអស់គ្នាប្រុងប្រយ័ត្នថា ប្រសិនបើ​បាត់​បង់​ប្រយោជន៍​នៃ​ការ​កំណត់ពេល កូន​បំណុល​ត្រូវ​តែ​សងប្រាក់​កម្ចី​ដែល​នៅ​សល់ទាំងអស់ឱ្យទៅ​ម្ចាស់បំណុល​ភ្លាមៗ)។
7. អាជ្ញាយុកាល
(1) អាជ្ញាយុកាលនៃការ​រំលត់ និង អាជ្ញាយុកាលនៃលទ្ធកម្ម
នៅចំណុចនេះ ខ្ញុំ​នឹង​រៀបរាប់អំពីអាជ្ញាយុកាល។ អ្នក​ទាំង​អស់គ្នា​ប្រហែល​ជា​ធ្លាប់​បានមើលភាពយន្ត​ដែល​និយាយ​​អំពីអាជ្ញាយុកាលនៃ​ក្រមព្រហ្មទណ្ឌរួចហើយ ប៉ុន្តែ​នៅក្នុង​ក្រម​រដ្ឋប្បវណីក៏មានបញ្ញត្តអំពី​អាជ្ញាយុកាល​ទាំង​នៅលើ​សិទ្ធិ​លើ​បំណុល និង សិទ្ធិ​ប្រត្យក្សផងដែរ ហើយ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​បទប្បញ្ញត្តិ​ទូទៅនេះ។ អាជ្ញាយុកាល​នៅទីនេះមាន 2ប្រភេទ គឺ អាជ្ញាយុកាលនៃការ​រំលត់ និង អាជ្ញាយុកាលនៃ​លទ្ធ​កម្ម​។ ហើយ​អាជ្ញាយុកាល​ដែល​ងាយ​ស្រួលយល់ជាងគេ ប្រហែលជា​អាជ្ញាយុកាល​នៃការ​រំលត់​។ មាត្រា166 កថាខណ្ឌទី1 នៃក្រម​រដ្ឋប្បវេណីបានកំណត់ថា សិទ្ធិ​លើបំណុលទូទៅ​ (ដូច​ជា សិទ្ធិ​លើ​បំណុល​ចំពោះ​ប្រាក់​កម្ចី​របស់​បុគ្គល​ទូទៅ ជាដើម) នឹង​ត្រូ​វ​រលត់ ប្រសិនបើ​មិន​​អនុវត្ត​ក្នុងអំឡុងពេល 5ឆ្នាំ គិតចាប់ពីពេលម្ចាស់​បំណុលបាន​ដឹង​ថា​អាច​អនុវត្តសិទ្ធិ​បាន(ចំណុចចាប់ផ្តើមជាអត្ថនោម័ត) ឬ ក្នុងអំឡុងពេល 10ឆ្នាំ គិតចាប់​ពីពេលដែលអាច​អនុវត្ត​សិទ្ធិ​បាន (ចំណុចចាប់ផ្តើមជាសត្យានុម័ត)។ ដោយឡែក ចំពោះ​សិទ្ធិ​ទាមទារ​សំណង​ការ​ខូច​ខាតដោយសារ​ការ​បំពាន​លើអាយុជីវិត ឬ រូប​រាងកាយ អំឡុងពេល​អាជ្ញាយុកាលនៃការ​រំលត់គឺ 20ឆ្នាំ (ដើម្បី​ផ្តល់ការ​ការពារយ៉ាង​គ្រប់គ្រាន់​ដល់​ជនរងគ្រោះ) ក្នុងករណី​ដែល​ម្ចាស់​បំណុល​មិន​បាន​ដឹងថាអាច​អនុវត្ត​សិទ្ធិ​បាន (មាត្រា​167)។ ចំពោះ​សិទ្ធិ​លើ​ទ្រព្យសម្បត្តិក្រៅពីសិទ្ធិ​លើបំណុលផ្សេងទៀត (មិនរួមបញ្ជូលនូវកម្មសិទ្ធិ) នឹង​ត្រូវ​ផុតអាជ្ញាយុកាលក្នុងរយៈពេល 20ឆ្នាំនៃការមិនអនុវត្តសិទ្ធិ ដោយគិត​ចាប់​ពីពេល​ដែល​អាច​អនុវត្ត​សិទ្ធិ​បាន (មាត្រា​166 កថាខណ្ឌទី2)។
ផ្ទុយមកវិញ អាជ្ញាយុកាលនៃ​លទ្ធកម្ម សំដៅទៅលើការ​បន្ត​ប្រើប្រាស់​វត្ថុ​របស់​អ្នក​ដទៃដោយ​គិត​ថា​ជា​របស់ខ្លួនរាប់​សិបឆ្នាំ និងជាហេតុនាំឱ្យវត្ថុនោះ​ក្លាយជា​របស់ជន​ដែល​កំពុងបន្តប្រើប្រាស់នោះ ហើយ​ម្ចាស់​សិទ្ធិ​ដើមមិន​អាច​ទាមទារ​ឱ្យ​ជននោះ​សង​វិញនោះទេ។ ចំពោះអាជ្ញាយុកាលនៃលទ្ធកម្ម​កម្មសិទ្ធិ មាត្រា162 នៃ​ក្រម​រដ្ឋប្បវេណី​បានបញ្ញត្តថា ជនដែល​កាន់កាប់ ពោលគឺកំពុងក្តោបក្តាប់ និងប្រើប្រាស់​​វត្ថុរបស់អ្នក​ដទៃនៅក្រោមការ​គ្រប់​គ្រងរបស់ខ្លួនជាបន្តបន្ទាប់រយៈពេល 20ឆ្នាំ ដោយសន្តិវិធី និង ដឹងឮជា​សាធារណៈ (មានន័យថា ស្ថានភាពមួយដែលអ្នកជុំវិញនោះបានដឹង និង គ្មាន​រឿងរ៉ាវកើតឡើង) និងដោយមាន​ឆន្ទៈយកជា​កម្មសិទ្ធិ​របស់​ខ្លួន អាច​ធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​លើវត្ថុនោះបាន។ លើសពីនេះ ក្នុងករណីអចលនវត្ថុ មាត្រា​ដដែលនេះបានបញ្ញត្តថា បើសិនជា​ជននោះ​សុច​រិត និង គ្មាន​កំហុសនៅពេល​ចាប់​ផ្តើមកាន់កាប់ទេ (ពាក្យថា «សុចរិត» ធ្លាប់បាន​រៀប​រាប់រួចហើយ គឺមាន​អត្ថន័យថា មិនបាន​ដឹងអំពីស្ថានភាព មិនមែនមាន​ន័យថា សណ្តាន​ចិត្ត​ល្អនោះទេ ⇒ពាក្យគន្លឹះ: សុចរិត និងទុច្ចរិត) ពោលគឺមិនបាន​ដឹង​ថា​ខ្លួនមិនមែន​ជា​ម្ចាស់​សិទ្ធិ​ពិត​ប្រាកដនៅពេល​ដែល​ខ្លួន​ចាប់ផ្តើមកាន់កាប់ ហើយ​មិនមាន​កំហុស​ក្នុងការ​មិនបានដឹង មានន័យថា ជា​ស្ថានភាពមួយដែលជា​ទូទៅ​គ្មានលទ្ធភាព​នឹង​អាច​ដឹងបាន ដូចនេះ អាជ្ញាយុកាលនៃលទ្ធកម្ម មាន​រយៈពេល 10ឆ្នាំ (មាត្រា162 កថាខណ្ឌទី2)។
សូមអ្នកទាំងអស់គ្នា​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុចនេះថា កម្មសិទ្ធិ​មិនរលត់​ដោយ​អាជ្ញាយុកាលនោះទេ (ចំណែក​ឯ សិទ្ធិ​ប្រត្យក្សផ្សេងទៀតនឹង​ត្រូវ​ផុត​អាជ្ញាយុកាលក្នុងរយៈពេល 20ឆ្នាំ)។ ឧទាហរណ៍ថា ទោះបីជា A ទុកដីរបស់​ខ្លួន​ចោលប៉ុន្មានឆ្នាំក៏ដោយ ក៏កម្មសិទ្ធិនោះ​មិនរលត់​ដោយ​ឯកឯងដែរ។ ទោះបីជា​ម្ចាស់សិទ្ធិ​ទុកដីឱ្យ​ទំនេរចោល​រហូត​ដល់​ពេលទទួលមរណភាព​ក៏ដោយ បើសិនជា​មាន​សហព័ទ្ធ ឬ កូន​ បុគ្គល​ទាំង​នោះនឹង​ទទួល​បន្ត​ដោយសន្តតិ​កម្ម។ ប៉ុន្តែ ប្រសិនបើ B បានចូលទៅ​រស់នៅដីរបស់ A ហើយបើសិនជា A និងក្រុមគ្រួសារជាដើមមិនបានអះអាងអ្វី​ទាល់តែសោះ​ ហើយ​ទុកឱ្យ B រស់នៅហាក់បីដូច​ជា​កម្មសិទ្ធិករ​លើដីនោះចាប់ពី 20ឆ្នាំ ឡើងទៅ ដូចនេះ B នឹង​ធ្វើលទ្ធកម្ម​ដោយ​អាជ្ញាយុកាលលើដីនោះ ហើយជាលទ្ធផល A មិនអាច​ទាមទារឱ្យគេសងមកខ្លួនវិញទេ ឬ អាច​និយាយថា​បាត់​បង់​កម្ម​សិទ្ធិតែម្តង។
(2) ការ​គណនា​អំឡុងពេល​អាជ្ញាយុកាល
ជាគោលការណ៍ ការគណនា​អំឡុងពេល​ត្រូវអនុលោម​តាម​បញ្ញត្តិនៃ​ជំពូកទី6 គន្ថីទី1 នៃក្រម​រដ្ឋប្បវេណី លើកលែងតែករណីមួយផ្នែក (មាត្រា​138)។ ​ករណីមួយផ្នែកសំដៅលើ ករណីមានកំណត់ផ្សេងនៅក្នុងច្បាប់ ឬ បញ្ញត្តិផ្សេង ឬ ករណីមាន​ការ​សម្រេច​បង្គាប់​ពីតុលាការ ឬករណី​មានកំណត់ផ្សេងជាមុននៅក្នុងសកម្មភាព​គតិយុត្ត​របស់​ភាគីដូចជា កិច្ចសន្យា​ជាដើម។
ឧទាហរណ៍ នៅពេលថ្ងៃត្រង់ក្នុងថ្ងៃនេះ ​យើងបាននិយាយថា «ខ្ចីប្រាក់រយៈពេល 1ខែ» ក្នុងករណីនេះ វិធីគណនាអំឡុងពេលជាគោលការណ៍ គឺពេលវេលា​ដែល​នៅសល់ក្នុងថ្ងៃនេះ​ត្រូវ​ផាត់ចោលទាំងអស់ ហើយ​ចាប់ផ្តើម​រាប់​ពីថ្ងៃស្អែក (មាត្រា140 វាក្យ​ខណ្ឌទី1)។ វិធី​គិតបែបនេះ ហៅថា «គោលការណ៍​មិនរាប់​បញ្ចូល​ថ្ងៃដែល​ចាប់ផ្តើម»។ ប៉ុន្តែ ឧទាហរណ៍ យើងបាននិយាយ «រយៈពេល 3ថ្ងៃ ដោយគិត​ចាប់ពីថ្ងៃទី3 ខែក្រោយ» ក្នុងករណីនេះ​ជា​អញ្ញត្តិកម្ម ដោយត្រូវ​យកថ្ងៃទី3 ដែលជា​ថ្ងៃចាប់ផ្តើម​ទៅរាប់បញ្ចូល ហើយត្រូវ​ដល់​កំណត់​ត្រឹមថ្ងៃទី3 ដល់ថ្ងៃទី5 (មាត្រា​140 វាក្យខណ្ឌទី2)។
ក្នុងករណីដែល​បាន​កំណត់​អំឡុងពេលជាសប្តាហ៍ ខែ និង ឆ្នាំ យើងត្រូវ​គណនា​ដោយ​អនុលោមតាមប្រតិ​ទិន​​សុរិយគតិ (មិន​ពិចារណា​អំពី​ខែដែល​មាន​ចំនួនថ្ងៃច្រើន និង ថ្ងៃដែល​មាន​ចំនួន​តិច​នោះទេ។ មាត្រា​143 កថាខណ្ឌទី1)។ ប្រសិនបើមិន​រាប់​បញ្ចូល​អំឡុងពេល​នៃដើម​សប្តាហ៍ ដើមខែ ឬ ដើមឆ្នាំនោះទេ អំឡុងពេលនោះ​ត្រូវ​បញ្ចប់​នៅ​មួយថ្ងៃមុនថ្ងៃ​ដែល​ត្រូវ​នឹង​ថ្ងៃ​ចាប់​ផ្តើម​រាប់​នៃ​សប្តាហ៍ចុងក្រោយ ឬ ខែចុង​ក្រោយ ឬ ឆ្នាំ​ចុង​ក្រោយ​នៃ​អំឡុងពេល (មាត្រា143 កថាខណ្ឌទី2)។
បើមើលទៅតាមការ​ប្រើប្រាស់ពាក្យពេចន៍ខាងលើ ហាក់បីដូច​ជា​រឿងមួយដែល​ពិបាក ប៉ុន្តែ ការពិតរឿងនេះមិន​ពិបាក​នោះទេ។ មានន័យថា ប្រាក់កម្ចីធម្មតា​ដែល​ត្រូវ​សងនៅថ្ងៃទី31 ខែមីនា ឆ្នាំ2010 ហើយបើសិន​ជា​ម្ចាស់​បំណុលទុកចោលរហូត​ដោយមិន​ទាមទារ​ឱ្យសងនោះទេ អាជ្ញាយុកាល​នៃ​អំឡុងពេល 10ឆ្នាំ នឹង​ចាប់ផ្តើមរាប់​នៅថ្ងៃបន្ទាប់ដែល​ត្រូវ​នឹង​ថ្ងៃទី1 ខែមេសា រហូត​ដល់មុនមួយថ្ងៃ​នៃថ្ងៃទី1 (ថ្ងៃដែល​ត្រូវ​នឹង​ថ្ងៃចាប់ផ្តើម) ខែមេសា 10ឆ្នាំក្រោយ ​ពោលគឺអាជ្ញាយុកាល​នឹង​ស្ថាពរនៅម៉ោង 12យប់ ថ្ងៃទី31 ខែមីនា ឆ្នាំ2020។
(3) ការបន្តសារជាថ្មី និង ការ​បង្អង់ការចូលជា​ស្ថាពរ
ជាគោលការណ៍​ អាជ្ញាយុកាលគឺគោរព​នូវ​ស្ថានភាព​ជា​ក់ស្តែង​ដែលបន្តជានិរន្តន៍ ដោយ​ផ្តល់ឱ្យនូវ​សិទ្ធិណាមួយ ឬ រំលត់​សិទ្ធិណាមួយ។ ហេតុនេះហើយ បើសិនជាមាន​ការ​ទទួលស្គាល់​អំពី​ការ​អះអាង​សិទ្ធិ​ពី​ម្ចាស់​សិទ្ធិ​ពិត​ប្រាកដ ឬ បុគ្គលដែលគ្មានសិទ្ធិ និង កូន​បំណុលដែល​មិនបាន​សងបាន​ទទួលស្គាល់​សិទ្ធិ​របស់​ម្ចាស់​សិទ្ធិ​ពិតប្រាកដ ជាដើម ក្នុងករណីនេះ ភាពចាំបាច់​នៃការ​ផ្តល់តម្លៃ​ចំពោះការបន្ត​ស្ថានភាព​ជាក់ស្តែងនឹង​បាត់បង់ ហើយអាជ្ញាយុកាល​ត្រូវ​ចាប់​ផ្តើមសារជាថ្មី ហើយត្រូវ​ចាប់ផ្តើម​រាប់​សារឡើងវិញ (ចាប់ពីសូន្យ) ចាប់ពីពេលនោះមក (បើសិនជា​គ្មាន​ការ​អនុវត្ត​សិទ្ធិក្នុងពេលនោះ)។ នេះហៅថា ការបន្តសារជាថ្មី​ (មាត្រា147 កថាខណ្ឌទី2, មាត្រា148 កថាខណ្ឌទី2 និង មាត្រា​152)។
សូមចំណាំថា បើសិនជា​មានការបន្តសារ​ជាថ្មី ទ្រនិចនាឡិកានៃការគណនា​អាជ្ញាយុកាល​ត្រូវ​ត្រឡប់មកចំណុច​សូន្យ​វិញ ហើយ​ត្រូវ​ចាប់​ផ្តើម​ដំណើរការពី​ចំណុច​សូន្យសារឡើងវិញ ប្រសិនបើ​មិនមាន​ការ​អនុវត្ត​សិទ្ធិ។ មានន័យថា អា​ជ្ញាយុកាលនៃ​ការរំលត់​រយៈពេល 5ឆ្នាំ បានបន្តសារជាថ្មីនៅ​ឆ្នាំទី3 ហើយទោះបីជា 2ឆ្នាំក្រោយមក​ទៀតបានកន្លងផុតចាប់ពីពេលបន្តសារជាថ្មីនោះ​ក៏​ដោយ ក៏អាជ្ញាយុកាលមិនបំពេញដែរ លុះ​ត្រាតែ 3ឆ្នាំក្រោយមក​ទៀតបាន​កន្លងផុត។
លើសពីនេះ មាន​ប្រព័ន្ធមួយទៀត គឺ ការបង្អង់ការចូលជាស្ថាពរ។ នេះគឺ​ជា​ទស្សនៈថ្មី​ដែលបា​ន​បង្កើត​ឡើង​នៅ​ក្នុង​វិសោធនកម្មឆ្នាំ2017។ ឧទាហរណ៍ បើសិនជាមានការ​ទាមទារ​ពីបុគ្គលដែល​អះអាងថាខ្លួន​ជាម្ចាស់សិទ្ធិ​ ក្នុងករណីនេះ ដំ​ណើរការ​នៃអាជ្ញាយុកាល​ត្រូវ​ឈប់​ជា​បណ្តោះ​អាសន្ន រហូតដល់​ពេល​ដែល​មាន​ការ​ទទួលស្គាល់ថានរណា​ជា​ម្ចាស់​សិទ្ធិ​ពិតប្រាកដជាមុនសិន (នៅមុនពេល​វិសោធនកម្មឆ្នាំ2017 ប្រព័ន្ធ​ដែល​ស្រដៀង​គ្នានេះ ហៅថា «ការ​បង្អង់អាជ្ញាយុកាល» ដែល​ជា​ប្រព័ន្ធបញ្ឈប់​អាជ្ញាយុកាល​ជា​បណ្តោះ​អាសន្ន ក្នុងករណី​ដែល​​ម្ចាស់​សិទ្ធិ​មាន​ស្ថានភាពណាមួយដែល​មិន​អាច​អះអាងអំពី​ការ​បន្តសារជាថ្មីបាន ហើយប្រព័ន្ធនេះក៏ត្រូវបានបញ្ចូលនៅក្នុងការបង្អង់ជាស្ថាពរដែរ)។​ ការបង្អង់ការ​ចូល​ជា​ស្ថាពរនេះ​គ្រាន់​តែបញ្ឈប់​ទ្រនិចនាឡិកានៃអាជា្ញយុកាលជាបណ្តោះ​អាសន្នប៉ុណ្ណោះ មិនមែន​ត្រឡប់មកសូន្យវិញនោះទេ។ ​បើសិនជា​ម្ចាស់សិទ្ធិ​អាច​បញ្ជាក់​អំពី​អត្ថិភាព​នៃសិទ្ធិបាន​ ការ​បង្អង់ការចូលជា​ស្ថាពរនឹង​ត្រូវបញ្ចប់ ហើយ​អាជ្ញា​យុកាលនឹង​បន្តសារជាថ្មី បើសិនជា​មិនបាន​អនុវត្ត​សិទ្ធិចាប់ពីពេលនោះមក (ប្រសិនបើ​មិន​អាច​បញ្ជាក់អំពីអត្ថិភាព​នៃសិទ្ធិនោះទេ ​ការ​បញ្ឈប់បណ្តោះអាសន្នដែលជាការបង្អង់ការ​ចូលជា​ស្ថាពរនឹងបញ្ចប់ ហើយអាជ្ញាយុកាលនឹង​ចាប់ផ្តើម​បន្តវិញ)។
ឧទាហរណ៍ ការ​ទាមទារ​តាមផ្លូវ​តុលាការ (មិនរួមបញ្ចូលករណីដាស់តឿន តាមរយៈការផ្ញើរវិក័យបត្រទាមទារឡើយ) ការស្នើសុំដាស់តឿនឱ្យបង់ប្រាក់ ការ​ដាក់​ពាក្យសុំ​សះជា​តាមផ្លូវ​តុលាការ ការ​ដាក់​ពាក្យសុំសន្ធានកម្មរដ្ឋប្បវេណី ការ​ដាក់ពាក្យសុំសន្ធានកម្ម​រឿង​គ្រួសារ ការ​ចូល​រួមនីតិវិធី​ក្ស័យធនជាដើម នឹង​ក្លាយជា​មូលហេតុនៃ «ការបង្អង់​ការ​ចូល​ជាស្ថាពរ» (ច្បាប់​វិសោធនកម្ម មាត្រា147 កថាខណ្ឌទី1)។ មានន័យថា អាជ្ញាយុកាលមិន​ស្ថាពរនោះទេ រហូត​ដល់​ពេលមូលហេតុខាងលើ​នេះបញ្ចប់ (រហូត​ដល់​រយៈពេល 6ខែ គិត​ចាប់ពីពេលដោះស្រាយបណ្តឹងរួចរាល់ ឬ បណ្តឹងបាន​បញ្ចប់​ដោយមិនបញ្ជាក់​សិទ្ធិស្ថាពរ)។ បើសិនជា​សិទ្ធិបាន​កំណត់​ជា​ក់លាក់​ដោយ​សាលក្រម​ស្ថាពរ​ជា​ដើម ការកំណត់សិទ្ធិ​ជាក់លាក់នោះនឹង​ក្លាយជា​មូលហេតុនៃការ​បន្តសារជាថ្មី ហើយបើសិនជាម្ចាស់សិទ្ធិ​នៅ​តែ​មិន​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ដែល​បាន​កំណត់​ជាក់លាក់ អាជ្ញាយុកាល​នឹង​ចាប់​ផ្តើម​ដំណើរការ​សារជាថ្មីចាប់​ពី​ពេល​ស្ថាពរនោះ (មាត្រា147 កថាខណ្ឌទី2)។
ពាក្យគន្លឹះ: ការបន្តសារជាថ្មី និង ការ​បង្អង់ការចូលជា​ស្ថាពរ
ការបន្តសារជាថ្មី គឺ​អាជ្ញាយុកាលចាប់ផ្តើមឡើងវិញ ហើយការបង្អង់ការ​ចូល​ជា​ស្ថាពរ គឺការបញ្ឈប់​​បណ្តោះ​អាសន្ន។ បើសិនជា​ចាប់ផ្តើមឡើងវិញ គឺមានន័យថា​ត្រូវ​រាប់​ពីសូន្យសារជាថ្មី។ ការបញ្ឍប់​ជា​បណ្តោះ​អាសន្ន គឺ​ត្រូវ​រាប់​បន្ត ក្រោយពេលហេតុនោះ​ត្រូវ​បញ្ចប់ (ដោយឡែក ពាក្យថា «ការបន្តសារជាថ្មី» ត្រូវ​បានហៅថា «ការផ្អាក» នៅមុន​វិសោធនកម្មឆ្នាំ2017 ហើយនៅក្រោយវិសោធនកម្មនេះ ពាក្យនេះត្រូវ​ប្រើ​តែ​នៅក្នុងមាត្រា164 ប៉ុណ្ណោះ)។
(4) ការលើកឡើង និង​ការបោះ​បង់​ចោលនូវ​អាជ្ញាយុកាល
ចំណុច​មួយទៀតដែល​ត្រូវ​ចំណាំទុក គឺ​អាជ្ញាយុកាលនៃក្រម​រដ្ឋប្បវេណីមិន​ធ្វើឱ្យរំលត់សិទ្ធិ ឬ លទ្ធកម្ម​សិទ្ធិ​ដោយ​ឯកឯងនោះទេ ទោះបីជា​អំឡុងពេលដែល​ត្រូវបាន​កំណត់​កន្លងផុតក៏ដោយ។ បុគ្គល​ដែល​ចង់​បាន​ផលប្រយោជន៍ពីអាជ្ញាយុកាលនោះត្រូវ​តែអះអាងអំពី​អាជ្ញាយុកាលសម្រាប់​ខ្លួនឯងដូចជា ខ្ញុំមិនបង់ប្រាក់នោះទេដោយ​សារ​អាជ្ញាយុកាលរលត់ហើយ ឬ វត្ថុនេះក្លាយជា​របស់​ខ្ញុំដោយសារអាជ្ញាយុកាលនៃលទ្ធកម្ម​បាន​សម្រេចហើយ ជាដើមដែលនេះហៅថា ការលើកឡើងអំពីអាជ្ញាយុកាល។ នៅក្នុងអាជ្ញាយុកាលអាច​មាន​ផ្នែកមួយ​ដែលផ្ទុយនឹង​សីលធម៌ ហេតុនេះហើយ ការ​ទទួល​យកផលប្រយោជន៍នៃអាជ្ញាយុកាល​ត្រូវ​ផ្អែកទៅលើ​ឆន្ទៈចុងក្រោយ​​របស់​សាមីខ្លួន។ តុលាការ​មិន​អាច​សម្រេច​អំពី​អាជ្ញាយុកាល​ទាំងសាមីខ្លួន​មិន​បានលើកឡើងនោះទេ (មាត្រា145)។ លើសពីនេះ ផលប្រយោជន៍នៃ​អាជ្ញាយុកាលអាច​បោះបង់ចោលបាន នៅក្រោយពេល​អាជ្ញាយុកាលបាន​សម្រេច (ការបកស្រាយផ្ទុយនៃ​មាត្រា​146)។ នេះន័យថា បើសិនជាបុគ្គលម្នាក់​បានខ្ចីប្រាក់​ពីបុគ្គលណាម្នាក់ទៀត ហើយរយៈពេលលើសពី 10ឆ្នាំ បានកន្លងផុត ប៉ុន្តែ ដោយសារតែបុគ្គលនោះជា​អ្នកមាន​គុណរបស់អ្នកខ្ចី ហើយអ្នកខ្ចីនៅតែចង់សងទៅបុគ្គលនោះជាដាច់ខាត ក្នុងករណីនេះ អ្នកខ្ចីអាច​បោះបង់អាជ្ញាយុកាល ហើយសងប្រាក់​ទៅក៏បានដែរ។
(5) អត្ថន័យនៃអត្ថិភាពប្រព័ន្ធ​អាជ្ញាយុកាល
មូលដ្ឋាននៃការរៀបចំឱ្យ​មាន​ប្រព័ន្ធ​អាជ្ញាយុកាលបែបនេះ យើងអាច​និយាយថា ដើម្បីរក្សា​ស្ថិរភាព​នៃ​ទំនាក់​ទំនង​គតិយុត្តក្នុងសង្គមដោយ​ទទួលស្គាល់អង្គហេតុដែលបន្តរហូតមក ឬ ក្នុងគោលបំណងមិន​ការពារ​ដល់​បុគ្គល​ដែលកំពុងលង់​លក់ជាមួយ​នឹង​សិទ្ធិ​របស់ខ្លួន ប៉ុន្តែ ទោះបីជាផ្អែកលើ​មូលដ្ឋានណាមួយក៏ដោយ ក៏មូលហេតុ​សំខាន់បំផុតគឺ ការបញ្ជាក់​អំពី​សិទ្ធិកាន់តែលំបាក នៅពេលដែល​ពេលវេលាកាន់តែ​កន្លងទៅយូរ។ ការ​ឱ្យ​តម្លៃទៅលើ​មូល​ដ្ឋានណាមួយខ្លាំងជាងគេ គឺ​អាស្រ័យទៅលើទស្សនៈលើអាជ្ញាយុកាលរបស់​អ្នក​សិក្សា​ច្បាប់ម្នាក់ៗ ហើយ​មាន​ទ្រឹ​ស្តីជាច្រើនដែល​កំពុង​យល់ឃើញខុសគ្នាអំពីអត្ថន័យ និង សារធាតុគតិយុត្តនៃ​អាជ្ញាយុកាល។
8. នីតិបុគ្គល
(1) សេចក្តីផ្តើម
ក្រម​រដ្ឋប្បវេណីបាន​ប្រដូច​សហគ្រាសជាដើមទៅនឹង​បុគ្គល ដោយផ្តល់ឋានៈជា «នីតិបុគ្គល» និង​ទទួល​ស្គាល់ជា​ប្រធាននៃសកម្មភាពគតិយុត្ត (ដោយឡែក បើប្រៀបធៀបជាមួយនីតិបុគ្គល យើងទាំងអស់គ្នាម្នាក់ៗ​ហៅថា «រូបវន្តបុគ្គល»។ ប៉ុន្តែដាច់ខាត មិនមែនមានន័យថា«មនុស្សព្រៃ»ទេ)។ ការ​ទទួលស្គាល់​ថាជា​នីតិបុគ្គលមានន័យថាជា​ការ​ផ្តល់​លក្ខណៈសម្បត្តិ​ជានីតិបុគ្គល ហើយ​ការ​ទទួលស្គាល់លក្ខណៈសម្បត្តិ​ជា​នីតិបុគ្គលមានន័យថាជាការ​ផ្តល់ឋានៈជា​ប្រធាននៃ​សិទ្ធិ និង ករណីយកិច្ចដូច​រូបវន្តបុគ្គល។ ដើមឡើយ នៅក្នុងក្រម​រដ្ឋប្បវេណីមានកំណត់មាត្រា​ទាក់ទងនឹង​នីតិបុគ្គលយ៉ាង​ច្រើននៅក្នុង​បទប្បញ្ញត្តិ​ទូទៅ។ ប៉ុន្តែ នៅ​ខែមិថុនា ឆ្នាំ2006 ​ច្បាប់ចំនួន 3 ត្រូវ​បាន​ប្រកាសឱ្យប្រើ ហើយ​ច្បាប់​ទាំងនេះបាន​កែ​ទម្រង់ប្រព័ន្ធនៃ​នីតិបុគ្គលបម្រើប្រយោជន៍​សាធារណៈដែលនឹងរៀបរាប់ខាងក្រោម។ តាមរយៈនេះ បញ្ញត្តិ​ស្តីពី​នីតិបុគ្គលនៅក្នុងក្រម​រដ្ឋប្បវេណីមាន​ការផ្លាស់​ប្តូរ​យ៉ាងខ្លាំង និងមានកំណត់​តែ​ 5មាត្រា ប៉ុណ្ណោះក្នុងក្រម​រដ្ឋប្បវេណី ហើយ​បញ្ញត្តិដែលនៅសល់ មានចែងនៅក្នុងច្បាប់ស្តីពី​នីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គលមូលនិធិដែលជា​ច្បាប់មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង3 (ច្បាប់ទាំង 3នេះ ត្រូវ​បាន​អនុវត្ត​នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2008)។
(2) នីតិបុគ្គល​សាជីវកម្ម និង នីតិបុគ្គលមូលនិធិ
នីតិបុគ្គល​នៅក្នុង​វិស័យឯកជនចែកចេញជា នីតិបុគ្គលសាជីវកម្ម និងនីតិបុគ្គលមូលនិធិ។ បើនិយាយជា​រួម នីតិបុគ្គលសាជីវកម្មគឺជា​ការប្រមូលផ្តុំមនុស្ស ហើយ នីតិបុគ្គលមូលនិធីគឺជា​ការ​ប្រមូល​ផ្តុំទ្រព្យសម្បត្តិ (ពិតណាស់ នៅក្នុងនីតិបុគ្គលមូលនិធិក៏ដោយ ក៏មាន​ការប្រមូល​ផ្តុំមនុស្សជាអង្គការលេខដើម្បីប្រើប្រាស់​ទ្រព្យសម្បត្តិ​នោះផងដែរ)។ នៅក្នុង​ចំណោមនីតិបុគ្គលដូចជានីតិបុគ្គលសាជីវកម្ម រួមមាន​ក្រុមហ៊ុនជាដើម គឺជា​ការ​ប្រមូលផ្តុំនៃមនុស្ស ហេតុនេះ យើងចាំបាច់​ត្រូវ​ទទួល​ស្គាល់អ្នក​តំណាងម្នាក់​ក្នុង​ចំណោមការប្រមូលផ្តុំនោះ ហើយផ្តល់​ឋានៈជា​ប្រធាននៃ​សិទ្ធិ​ផ្សេងទើប​ងាយស្រួលយល់ (សូម្បីតែ​ការ​ចុះកិច្ច​សន្យា​លក់ទិញមួយ ក៏មិន​មែន​អ្នក​តំណាងម្នាក់ឯង​ជាអ្នក​ទិញ​នោះទេ គឺចាំបាច់ត្រូវទទួលស្គាល់ឱ្យក្រុមហ៊ុនទាំង​មូល​ត្រូវ​ក្លាយ​ជា​អ្នក​ទិញ)។ ប៉ុន្តែ មិន​មែនគ្រប់​ការ​ប្រមូល​ផ្តុំមនុស្សទាំងអស់ត្រូវ​ក្លាយ​ជា​នីតិបុគ្គល​សាជីវកម្ម​នោះទេ (សមាគម គឺជា​ការ​ប្រមូលផ្តុំមនុស្ស​ដែល​មាន​ការ​ចូលរួមពី​បុគ្គលម្នាក់​ៗខ្លាំងជាង នីតិបុគ្គល​សាជីវកម្ម​ទៅទៀត ⇒សូមយោង ចំណុចទី៩ ជំពូកទី4)។ បន្ទាប់មកទៀត តើមូលហេតុអ្វីបាន​ត្រូវ​ផ្តល់ឋានៈជា​នីតិបុគ្គល​ដល់ការ​ប្រមូល​ផ្តុំ​ទ្រព្យសម្បត្តិ? នេះ​ដោយសារ​តែ យើងមិនមែនពិចារណាអំពីការប្រមូលផ្តុំប្រាក់កាស ចាប់ដំណើរការ ហើយបានផលចំណេញទេ ប៉ុន្តែ យើងផ្តោតទៅលើការផ្តល់លក្ខណៈសម្បត្តិ​ជា​ប្រធាននៃសិទ្ធិឯករាជ្យ និង ឱ្យធ្វើ​សកម្មភាពដោយមានអង្គការលេខ និង ប្រើប្រាស់ទ្រព្យសម្បត្តិក្នុងគោលបំណងជាក់លាក់សម្រាប់ការងារមនុស្សធម៌ ដូចជា ការ​សាងសង់សាលារៀន និង មន្ទីរពេទ្យជាដើមដែល​ជា​ប្រយោជន៍​សាធារណៈ (ផលប្រយោជន៍​សម្រាប់​បុគ្គលច្រើនមិនកំណត់ជាក់លាក់)។
នីតិបុគ្គលសាជីវកម្មចែកចេញជា នីតិបុគ្គលសាជីវកម្ម​យកចំណេញ និង នីតិបុគ្គលសាជីវកម្ម​បម្រើ​ប្រយោជន៍សាធារណៈ។ នីតិបុគ្គលសាជីវកម្ម​យកចំណេញ សំដៅ​ទៅលើក្រុមហ៊ុន ហើយ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​នៃ​ច្បាប់​ក្រមហ៊ុន។ នេះមានន័យថា នៅមុនពេល​វិសោធនកម្ម​ឆ្នាំ2006 ក្រមរដ្ឋប្បវេណី​បានកំណត់អំពី នីតិបុគ្គល​សាជីវកម្ម​បម្រើ​ប្រយោជន៍​សាធារណៈ និង​នីតិបុគ្គលមូលនិធិ។ លើសពីនេះ ក្រៅពី​ក្រម​រដ្ឋប្បវេណី និង ច្បាប់​ក្រុមហ៊ុន គឺមាន​ច្បាប់​ពិសេសផ្សេងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដែល​ទទួលស្គាល់នីតិបុគ្គល។ យ៉ាងណាមិញ នីតិបុគ្គល​បម្រើប្រយោជន៍​សាធារណៈ​ត្រូវ​បាន​ឱ្យ​និយមន័យថាជា នីតិបុគ្គលដែលធ្វើ​សកម្មភាព​ពាក់ព័ន្ធនឹង​ប្រពៃណី សាសនា សប្បុរសធម៌ ការសិក្សាស្រាវជ្រាវ និង បច្ចេកវិទ្យាជាដើម ក្នុង​គោលបំណងបម្រើប្រយោជន៍មនុស្សជាតិមិនកំណត់។
វិធានជាមូលដ្ឋាននៃនីតិបុគ្គលសាជីវកម្មគឺ លក្ខន្តិកៈ។ ក្នុងលក្ខន្តិកៈនេះត្រូវ​សរសេរអំពី ​គោលបំណង នាមករណ៍ ទីស្នាក់ការ ឈ្មោះ​សមាជិកនៅពេល​បង្កើត បញ្ញត្តិស្តីពីការ​ទទួលបាន និង បាត់បង់​លក្ខណៈសម្បត្តិ​ជា​សមាជិក និង ចំណុច​ផ្សេងទៀត (ច្បាប់ស្តីពីនីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គលមូលនិធិ មាត្រា11 កថាខណ្ឌទី1)។ នៅក្នុងនីតិបុគ្គលមូលនិធិនៃបញ្ញត្តិក្នុងច្បាប់​ចាស់ បានហៅវិធានជាលាយលក្ខណ៍អក្សរដែល​កំណត់​វិធាន​ជាមូល​ដ្ឋានថា «សកម្មភាពបរិច្ចាគ» ប៉ុន្តែ នៅក្នុងច្បាប់ថ្មីក៏ត្រូវបានហៅថា «លក្ខន្តិកៈ» ដែរ។ នៅក្នុងនោះ​ក៏​ត្រូវ​សរសេរ​អំពី គោលបំណង នាមករណ៍ ទីស្នាក់ការ បញ្ញត្តិនៃទ្រព្យធន វិធី​ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល អភិ​បាល​ និង អ្នក​ត្រួតពិនិត្យជាអាទិ៍ (មាត្រា153 កថាខណ្ឌទី1 នៃ​ច្បាប់ដដែល)។
(3) នីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គលមូលនិធិទូទៅ
នីតិបុគ្គល​បម្រើផលប្រយោជន៍សាធារណៈដែលបញ្ញត្តក្នុងក្រម​រដ្ឋប្បវេណី ត្រូវ​ទទួលបាន​នូវប្រព័ន្ធអនុគ្រោះ ពន្ធជាអាទិ៍។ ហេតុនេះហើយ ការ​រីក​ចម្រើនយ៉ាង​ខ្លាំង​នៃសកម្មភាព​សេដ្ឋកិច្ចបាននាំឱ្យ កើតមានស្ថានភាពនៃការ​ប្រើប្រាស់​ដោយ​​បំពាន​​ចំពោះ​នីតិបុគ្គលមូលនិធិដែល​មាន​កំណត់​ក្នុង​ក្រម​រដ្ឋប្បវេណី ហើយ​បង្កជា​បញ្ហា​សង្គម។ ហេតុនេះ​ហើយ គេបាន​ផ្លាស់ប្តូរគោល​គំនិត​ជា​មូលដ្ឋាននៃ​នីតិបុគ្គលក្នុងក្រម​រដ្ឋប្បវេណី ហើយបានបង្កើត​ច្បាប់ដែលគេហៅថាច្បាប់ទាំង 3 សម្រាប់កំណែ​ទម្រង់ប្រព័ន្ធនីតិបុគ្គលបម្រើផលប្រយោជន៍​សាធារណៈ ដោយតាក់តែង​នូវ​បញ្ញត្តិដែល​កំណត់​យ៉ាង​លំអិត​នៅក្នុងច្បាប់ស្តីពីការរៀបចំសមាគម (ប្រកាសឱ្យប្រើនៅឆ្នាំ2006) និង ផ្ទេរបញ្ញត្តិ​ជាច្រើនពី​ក្រម​រដ្ឋប្បវេណី​ទៅ​ច្បាប់​នោះ។ ច្បាប់ទី1 គឺ«ច្បាប់ស្តីពី នីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គល​មូលនិធិទូទៅ (ហៅកាត់ថា «ច្បាប់នីតិបុគ្គលសាជីវ​កម្មទូទៅ និង មូលនិធិទូទៅ»)» ច្បាប់ទី2 គឺ «ច្បាប់​ស្តីពីការ​ទទួលស្គាល់នីតិបុគ្គលសាជីវកម្មបម្រើ​ប្រយោជន៍សាធារណៈ និង នីតិបុគ្គលមូលនិធិបម្រើប្រយោជន៍​សាធារណៈជាអាទិ៍ (ហៅកាត់ថា «ច្បាប់ទទួលស្គាល់នីតិបុគ្គលបម្រើប្រយោជន៍​សា​ធារណៈ» និងច្បាប់ទី3 គឺជាច្បាប់ដែល​សម្របសម្រួលច្បាប់​ដែល​ពាក់ព័ន្ធ (ហៅកាត់ថា «ច្បាប់សម្របសម្រួល»)។
ដើម្បី​ជំរុញសកម្មភាព​មិនស្វែងរក​ប្រាក់​ចំណេញ​របស់​ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លា គេបាន​កំណែ​ទម្រង់​ពី​ការអនុវត្ត​កន្លងមកដោយការអនុញ្ញាត​ឱ្យបង្កើត​នីតិបុគ្គល​បម្រើ​ប្រយោជន៍​សាធារណៈ ត្រូវធ្វើតាមរយៈឆន្ទានុសិទ្ធិ​ទាំង​ស្រុង​របស់ស្ថាប័នមាន​សមត្ថកិច្ច (មាត្រា24 ចាស់​នៃក្រម​រដ្ឋប្បវេណី) ទៅជា ①រៀបចំ​ប្រព័ន្ធ​ដែល​អាច​បង្កើត​នីតិបុគ្គលដែលជានីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គល​មូលនិធិ​ ដោយគ្រាន់តែ​ចុះបញ្ជីស្រប​តាមបញ្ញត្តិ​ច្បាប់​ប៉ុណ្ណោះ និង ②រៀបចំប្រព័ន្ធដោយ​ឡែក​ដើម្បី​ទទួលស្គាល់ភាពនៃការ​បម្រើប្រយោជន៍​សាធារណៈ ដើម្បី​ក្លាយ​ជា​នីតិបុគ្គលបម្រើប្រយោជន៍​សាធារណៈ (មានន័យថា ការបង្កើតនីតិបុគ្គលគឺអាចធ្វើបានដោយងាយស្រួល ប៉ុន្តែ ដើម្បីឱ្យមានការ​ទទួលស្គាល់ថាជា នីតិបុគ្គលបម្រើប្រយោជន៍​សាធារណៈបាន លុះត្រាតែទទួល​នូវ​ការ​អនុញ្ញាត​យ៉ាងតឹងរ៉ឹងដោយឡែក។)
(4) ស្ថាប័ននីតិបុគ្គល
ទោះបីជាច្បាប់បានប្រដូច​នីតិបុគ្គលឱ្យដូចគ្នានឹងបុគ្គលក៏ដោយ ក៏នីតិបុគ្គលទាំងសាជីវកម្ម និង មូលនិធិ​ពុំ​អាច​ដំណើរការ​ដោយខ្លួនឯងនោះទេ ហេតុនេះត្រូវមាន​អង្គភាព​សម្រាប់ប្រតិបត្តិការ។ អង្គភាពទាំងអស់នេះគឺជា ស្ថាប័ន​នីតិបុគ្គល។
①សម្រាប់នីតិបុគ្គលសាជីវកម្ម ស្ថាប័នធ្វើសេចក្តីសម្រេចគឺជា​ «មហាសន្និបាតសមាជិក» ធ្វើ​ឡើងដោយ «សមាជិក» (⇒ពាក្យគន្លឹះ: សមាជិក)។ ក្នុងករណី​នីតិ​បុគ្គល​មូលនិធិវិញ (ដោយសារជាការប្រមូលផ្តុំនូវទ្រព្យសម្បត្តិ) ពុំមាន​គោលគំនិតអំពី​សមាជិក ឬ មហាសន្និបាតសមាជិកនោះទេ ហេតុនេះហើយ ឆន្ទៈរបស់​អ្នក​បង្កើត​គឺជា​សេចក្តីសម្រេចស្ថាពរ ប៉ុន្តែ នៅក្នុងច្បាប់ថ្មីបាន​ភ្ជាប់កាតព្វកិច្ច​ឱ្យ​នីតិបុគ្គល​មូលនិធិត្រូវ​តែងតាំង​ក្រុមប្រឹក្សាគ្រប់គ្រង (កថាខណ្ឌទី1 មាត្រា170 នៃច្បាប់នីតិបុគ្គលសាជីវ​កម្មទូទៅ និង មូលនិធិទូទៅ)។ ②ស្ថាប័ន​អនុវត្ត​កិច្ចការ ទាំងនីតិបុគ្គលសាជីវកម្ម និង នីតិបុគ្គល​មូលនិធិគឺ អភិបាល ហើយត្រូវរៀបចំឱ្យ​មាន​ អភិបាល​ ជាដាច់​ខាត (បញ្ញត្តិចាស់គឺ កថាខណ្ឌទី1 មាត្រា52, នៅក្នុងច្បាប់នីតិបុគ្គលសាជីវ​កម្មទូទៅ និង មូលនិធិទូទៅគឺ កថាខណ្ឌទី1 មាត្រា60 និង កថាខណ្ឌទី1 មាត្រា170)។ ③ស្ថាប័ន​ត្រួតពិនិត្យ គឺអ្នក​ត្រួតពិនិត្យ ហើយស្ថាប័ននេះ​មិន​តម្រូវ​ឱ្យ​មាន​ជាដាច់​ខាតនោះទេ (បញ្ញត្តិចាស់ មាត្រា58) ប៉ុន្តែ នៅក្នុងច្បាប់ថ្មីបានផ្តោត​សំខាន់ទៅលើ​មុខងារ​នៃ​ការ​ត្រួតពិនិត្យ ហេតុនេះហើយ មានការតម្រូវឱ្យតែងតាំងអ្នកត្រួតពិនិត្យនៅក្នុងនីតិបុគ្គល​សាជីវកម្ម​ខ្នាតធំដែលមានតែងតាំងសវនករគណនេយ្យ និង នីតិបុគ្គល​សាជីវកម្ម​ទូទៅដែល​មាន​ក្រុមប្រឹក្សាភិបាល ហើយ​នីតិបុគ្គលមូលនិធិទូទៅត្រូវតែមាន​ស្ថាប័នត្រួតពិនិត្យដាច់ខាត (មាត្រា61 និង កថាខណ្ឌទី1 មាត្រា170 នៃច្បាប់នីតិបុគ្គលសាជីវ​កម្មទូទៅ និង មូលនិធិទូទៅ)។
ពាក្យគន្លឹះ: សមាជិក
ពាក្យថា សមាជិក នៅក្នុងក្រម​រដ្ឋប្បវេណី និងច្បាប់ពាណិជ្ជកម្មមានន័យថា «អ្នកចូលរួមបង្កើតសាជីវកម្ម» ហើយមិនមែន​សំដៅទៅលើនិយោជិក ដែល​ក្រុមហ៊ុនជាអាទិ៍ ជួលឱ្យធ្វើការនោះទេ។ ឧទាហរណ៍ បើយើងនិយាយអំពី «សមាជិក» នៃក្រុមហ៊ុនមូលធនដែលជានីតិបុគ្គលរកប្រាក់ចំណេញ គឺសំដៅ​ទៅលើ «ម្ចាស់ហ៊ុន»។
(5) របបស្តីពី​ការ​បង្កើតនីតិបុគ្គល
ចំពោះការ​បង្កើត​នីតិបុគ្គលខាងលើនេះត្រូវបាន​បែកចែកជារបបផ្សេងៗ អាស្រ័យ​ទៅលើកម្រិត​នៃការ​ជ្រៀតជ្រែក​របស់​រដ្ឋ។ នេះជាការ​បង្ហាញតាមលំដាប់ចាប់ពីកម្រិតតឹងតែងទៅ ①របបអនុញ្ញាតពិសេស ដែលការ​ទទួលស្គាល់នីតិបុគ្គលមួយត្រូវបង្កើតច្បាប់​ពិសេសមួយ។ ធនាគារជប៉ុន ជាអាទិ៍​ត្រូវបានបង្កើត​តាមរយៈរបបនេះ។ ②របប​ផ្តល់ការ​អនុញ្ញាត ដែល​ស្ថាប័នមាន​សមត្ថកិច្ចត្រួតពិនិត្យអាច​ទទួលស្គាល់ឱ្យបង្កើតតាមរយៈឆន្ទានុសិទ្ធិ​ដោយសេរី។ នេះ​គឺជា​របប​នៅក្នុងគោលជំហរនៃនីតិបុគ្គលនៅក្នុងក្រម​រដ្ឋប្បវេណីពីមុន (បញ្ញត្តិចាស់ មាត្រា34)។ ③​របបទទួលស្គាល់ ដែល​ស្ថាប័នមាន​សមត្ថកិច្ចត្រូវ​​តែ​ទទួលស្គាល់ឱ្យបង្កើត បើសិនជា​បាន​បំពេញ​លក្ខខណ្ឌ​ដែល​ច្បាប់បាន​កំណត់​ជា​មុន។ ការបង្កើតសាលារៀនឯកជន គឺស្ថិត​នៅក្នុង​របបនេះ (យោងច្បាប់ស្តីពី ការបង្កើតសាលារៀនឯកជន)។ និង ④របប​តាមវិធាន ដែល​ស្ថាប័ន​មានសមត្ថកិច្ច​ត្រូវ​ទទួល​ស្គាល់​ដោយ​គ្មាន​ការ​ត្រួតពិនិត្យជាមុន បើសិនជា​មាន​ការ​ចុះ​បញ្ជី​ដោយ​គោរព​តាម​រចនាសម្ព័ន្ធជាក់លាក់ដែលកំណត់​ក្នុងច្បាប់។ ក្រុមហ៊ុនដែលមាន​កំណត់​ក្នុង​ច្បាប់ស្តីពី​ក្រុម​ហ៊ុន និង សហជីពកម្មករ គឺ​ស្ថិតនៅក្នុង​របបនេះ។ ច្បាប់​ថ្មីស្តីពី នីតិបុគ្គល​សាជីវកម្មទូទៅ និង នីតិបុគ្គល​មូល​និធី​ទូទៅ ក៏អនុលោម​តាមរបបនេះដែរ។
(6) អំពើអនីត្យានុកូលរបស់នីតិបុគ្គល
ក្រម​រដ្ឋប្បវេណីបាន​ទទួលស្គាល់​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាពរបស់នីតិបុគ្គល ដូចគ្នា​ទៅនឹង​បុគ្គល ហេតុនេះហើយ ការ​បញ្ញត្ត​អំពីសមត្ថភាពក្នុងការ​ប្រព្រឹត្ត​អំពើអនីត្យានុកូល​របស់​នីតិបុគ្គល (អំពើ​ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ខុសច្បាប់​ទៅលើ​បុគ្គលដទៃ ដោយ​ចេតនា ឬ កំហុស) ក៏ត្រូវ​តែមានផងដែរ (នៅ​ក្នុង​បញ្ញត្តិ​ចាស់​នៃ​ក្រម​​រដ្ឋប្បវេណីបាន​កំណត់​ថា នីតិបុគ្គលត្រូវ​ទទួល​ខុសត្រូវ​ ក្នុងករណី​ដែល​អភិបាល​ ឬ អ្នក​តំណាងផ្សេងទៀត (ស្ថាប័នតំណាង) របស់នីតិបុគ្គលនោះ​បាន​ប្រព្រឹត្ត​អំពើអនីត្យានុកូល ប៉ុន្តែមាត្រា​ទាំង​នេះ​ត្រូវ​បាន​លុបចេញពី​ក្រម​រដ្ឋ​ប្បវេ​ណីតាមរយៈច្បាប់​ថ្មី​ខាងលើនេះ ហើយបញ្ញត្តិដូច​គ្នា​ត្រូវ​បានកំណត់នៅក្នុង​ច្បាប់ស្តីពី​នីតិបុគ្គលសាជីវកម្មទូទៅ និង នីតិបុគ្គមូល​និធិទូទៅ)។ ប៉ុន្តែ យើងមិនអាចយល់ច្បាស់ពីចំណុច​នេះទេ បើមិនទាន់បាន​រៀនលម្អិត​នៅក្នុង​ផ្នែក​ដែល​និយាយ​អំពីអំពើ​អនីត្យានុកូលនៃនីតិសិទ្ធិ​លើបំណុល (ចាប់ពីមាត្រា709 ⇒សូមយោងជំពូកទី5)។
(7) ទស្សនៈអំពីនីតិបុគ្គល
ដោយឡែក គោលគំនិត​នៃទស្សនៈអំពីនីតិបុគ្គលមានជាច្រើន ហើយក្នុងនោះទស្សនៈ 2 មានគោលគំនិត​ផ្ទុយគ្នា គឺ ទ្រឹស្តីចាត់ទុកជា​នីតិបុគ្គល ដែលបានលើកឡើងថា អត្ថិភាពនៃនីតិបុគ្គល គឺគ្រាន់​តែ​ជា​ការ​ចាត់ទុកថាជា​រូប​វន្ត​បុគ្គលប៉ុណ្ណោះ ចំណែកឯ ទ្រឹស្តីអត្ថិភាពពិត​នៃនីតិបុគ្គល បាន​លើកឡើងថា នីតិបុគ្គលមាន​អត្ថិភាព​ពិត​ប្រាកដ។ ភាព​ខុសគ្នានៃគោល​គំនិតទាំងនេះ មាន​ផ្នែកខ្លះ បា​នជះ​ឥទ្ធិពល​ដល់​ការ​បកស្រាយ និង ពន្យល់​អំពីបញ្ញត្តិ​សំខាន់ៗ​នៃ​នីតិបុគ្គល ប៉ុន្តែ អ្នក​ដែល​ទើប​តែ​ចាប់​ផ្តើមសិក្សា​មិន​គួរផ្តោតអារម្មណ៍លើចំណុចនេះខ្លាំងពេកនោះទេ ហើយ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅលើអត្ថន័យជារួម​នៃ​បញ្ញត្តិអំពី​នីតិបុគ្គល (ការបង្កើត, សមត្ថភាព,​ ស្ថាប័ន និង ការ​រលត់​ជាដើម) ​ក្នុង​ក្រម​រដ្ឋប្បវេណីវិញ។
(8) ក្រុមដែល​គ្មាន​សមត្ថភាពទទួលសិទ្ធិ និង ឧបនីតិបុគ្គល
លើសពីនេះ ការ​ប្រមូលផ្តុំ​ដើម្បី​ប្រយោជន៍របស់​បុគ្គល​ជាក់លាក់​ដែល​ជា​សមាជិក ដោយ​គ្មាន​គោល​បំណង​ស្វែង​ប្រាក់ចំណេញ និង គ្មាន​គោលបំណង​បម្រើប្រយោជន៍​សាធារណៈ (សមាគមនិសិ្សត សមាគម​មិត្តរួម​ជំនាន់ និង សហគមន៍​អ្នក​ជិត​ខាង ជាដើម) ត្រូវ​បាន​គេហៅថា «ក្រុម​ដែល​គ្មាន​សមត្ថភាព​ទទួលសិទ្ធិ» ហើយរហូត​មកដល់​ពេលនេះ​ គេនៅមិន​អាចកំណត់ថាជា នីតិបុគ្គលនោះទេ ដរាបណាមិន​​មាន​ការ​កំណត់​ក្នុង​ច្បាប់​ពិសេស (ចំពោះ​ក្រុមដែល​គ្មាន​សមត្ថភាព​ទទួលសិទ្ធិ​ ពុំមាន​កំណត់​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណីទេ ប៉ុន្តែ យុត្តិសាស្ត្រ និង ទ្រឹស្តីអ្នក​ច្បាប់​បាន​ទទួលស្គាល់ថា ក្រុម​ដែល​គ្មានសមត្ថភាពទទួលសិទ្ធិ អាច​ក្លាយ​ជា​ប្រធាននៃ​ប្រតិបត្តិការ​ជំនួញ​ឯករាជ្យ និង ប្រធាននៃ​បណ្តឹង។ ឧទាហរណ៍ក្នុងករណី​ធ្វើលទ្ធកម្ម​អចលនវត្ថុ ហើយចុះបញ្ជីជាដើម គឺ​ត្រូវ​ដាក់​ឈ្មោះ​របស់​អ្នក​តំណាង ហើយ​បើសិនជា​ក្រុមដែល​គ្មាន​សមត្ថភាពទទួលសិទ្ធិធ្វើជំនួញ ហើយមានជំពាក់បំណុលក៏ដោយ ​មិនអាចប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិឯកជន​របស់​សមាជិកម្នាក់ៗនោះទេ។ លើសពីនេះ សូម្បីតែ​សមាជិកដែល​បាន​លាលែង ក៏មិន​អាចទាមទារ​ឱ្យ​សង​ដើមទុនដែលបានបណ្តាក់ទុនវិញបានដែរ)។ ច្បាប់ស្តីពីឧបនីតិបុគ្គល​ដែល​បាន​តាក់តែង​ឡើងនៅក្នុងឆ្នាំ2001 បាន​ផ្តល់លក្ខណៈសម្បត្តិជា​នីតិបុគ្គលដល់​ក្រុមខាងលើនេះ ជា «ឧបនីតិបុគ្គល» ហើយ​អនុញ្ញាត​ឱ្យ​គ្រប់គ្រងទ្រព្យសម្បត្តិ​របស់​ក្រុមដូចជាអចលនវត្ថុ​ជាដើម។ ប៉ុន្តែ «ឧបនីតិបុគ្គល» នេះ​ត្រូវ​បានលុប​ចោល​ដោយច្បាប់ថ្មីក្នុងឆ្នាំ2006 ហើយ​ឧបនីតិបុគ្គល​ត្រូវ​បន្ត​អត្ថិភាព​របស់ខ្លួន​ក្នុងនាម​ជា​នីតិបុគ្គល​សាជីវកម្មទូទៅ។
9. លំនៅឋាន និង ការ​បាត់ខ្លួន
(1) លំនៅឋាន
នៅ​ក្នុង​បទប្បញ្ញត្តិ​ទូទៅ​នៃក្រម​រដ្ឋប្បវេណី​ក៏មាន​ចែងអំពី​លំនៅឋានដែរ។ លំនៅឋាន គឺជាមូលដ្ឋានដើម្បី​សម្រេចថា កាតព្វកិច្ច​ត្រូវ​អនុវត្តនៅ​កន្លែងណា (មាត្រា​484) និង សន្តតិកម្ម​ត្រូវ​ចាប់ផ្តើមនៅកន្លែង​ណា (មាត្រា​883) ជាដើម ហេតុនេះហើយ ក្រម​រដ្ឋប្បវេណីបាន​កំណត់​ចំណុច​នេះ​នៅក្នុង​បទប្បញ្ញត្តិ​ទូទៅ។ កន្លែង​ដែលជា​ទីតាំង​នៃ​ជីវភាពរបស់​បុគ្គលម្នាក់ៗ ត្រូវ​កំណត់ថាជា លំនៅឋាន (មាត្រា22) ហើយ​ករណី​ដែលមិន​ដឹង​អំពី​លំនៅ​ឋានច្បាស់​លាស់ទេ ទី​សំណាក់ (ទីសំណាក់ សំដៅ​ទៅ​លើ​កន្លែងដែល​បុគ្គលនោះរស់នៅ​ជាបន្តបន្ទាប់​ក្នុង​រយៈពេលមួយ ប៉ុន្តែ ការ​ជិតដិតទៅនឹង​ទីកន្លែងនោះមិនដល់កម្រិតនៃលំនៅឋាន) ត្រូវ​ចាត់ទុកថាជាលំនៅឋាន (មាត្រា23)។ ពាក្យថា «ទីតាំងនៃជីវភាព»នេះ ត្រូវ​លើកមកពិភាក្សាថា អាចមាន​តែមួយ ឬ អាច​មាន​ច្រើន។ ឧទាហរណ៍ថា បុរសម្នាក់​រស់នៅជាមួយ​ប្រ​ពន្ធកូននៅទីក្រុងTOKYO ហើយ​ធ្វើការងារ​នៅទីស្នាក់ការនៅទីក្រុងOSAKA ក្នុងករណីនេះ ទ្រឹស្តី​ដែល​បកស្រាយថាអាច​មានច្រើនគឺជាទ្រឹស្តីទូទៅ ដែលបានទទួលស្គាល់ថា កន្លែង​ទាំងពីរនេះគឺ​ជា​លំនៅឋានទៅតាមទំនាក់​ទំនង​គតិយុត្តនីមួយៗ ហើយ​ ចំពោះទំនាក់ទំនងគតិយុត្តទាក់ទងនឹង​ការងារ គឺ​ទីក្រុងOSAKA ក្លាយជា​លំនៅឋាន។ លំនៅឋានក៏ក្លាយ​ជា​បញ្ហាផងដែរ ទាក់ទងនឹង​សិទ្ធិ​បោះ​ឆ្នោត។ យុត្តិសាស្ត្ររបស់​តុលាការកំពូលបានបកស្រាយថា លំនៅ​ឋាន​របស់​និស្សិតមហាវិទ្យាល័យ​ដែល​កំពុង​រស់​នៅ​ផ្ទះជួល គឺកន្លែងដែលនិស្សិត​កំពុង​តែ​សិក្សា​ (មានន័យថា រាល់ពេល​បោះ​ឆ្នោត គាត់មិនចាំបាច់​ត្រូវ​ត្រឡប់ទៅស្រុកកំណើតវិញទេ។ ប៉ុន្តែ គាត់​ត្រូវ​ធ្វើ​សៀវភៅស្នាក់នៅដោយផ្លាស់​ប្តូរ​មក​ផ្ទះជួលវិញ)។
(2) ការបាត់ខ្លួន (ការគ្រប់គ្រងទ្រព្យធន​របស់​បុគ្គលដែល​អវត្តមាន)
បុគ្គលដែល​ចាកចេញពី​លំនៅឋាន ឬ ទីសំណាក់របស់ខ្លួន ហើយ​មិន​មាន​សង្ឃឹមថានឹង​អាច​ត្រឡប់​មក​វិញដោយ​ងាយ ហៅថា «បុគ្គលអវត្តមាន»។ ចំពោះបុគ្គលដែល​បាត់ខ្លួន ប្រសិនបើ​ទុកចោល​ទ្រព្យសម្បត្តិ​របស់គាត់ ក្នុង​ករណី​នេះ មិនត្រឹមតែសាមីខ្លួននោះទេ ម្ចាស់បំណុល និង អ្នក​ដែល​ត្រូវ​បាន​សន្មតជា​សន្តតិជន ក៏មិន​ពេញ​ចិត្ត​ផងដែរ។ ដូចនេះ ក្រម​រដ្ឋប្បវេណីបានបញ្ញត្តថា ក្នុងករណី​ដែល​បុគ្គល​អវត្តមាន​មិនបានចាត់តាំង​អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិទេ តុលាការ​គ្រួសារអាចធ្វើ​ចំណាត់ការ​ចាំបាច់នានា ដូច​ជា ជ្រើសតាំង​អ្នក​គ្រប់គ្រង​ទ្រព្យសម្បត្តិ តាម​ការ​ស្នើសុំ​របស់អ្នកដែល​ត្រូវ​បាន​សន្មតជា​សន្តតិជនរបស់​បុគ្គលអវត្តមាន ម្ចាស់បំណុល និង អ្នក​មាន​ទំនាក់​ទំនង​ផល​ប្រយោជន៍ ព្រម​ទាំងព្រះរាជអាជ្ញា (មាត្រា​25 កថាខណ្ឌទី1 វាក្យខណ្ឌទី1)។
ប្រសិនបើ​មិន​ដឹង​ថាបុគ្គល​អវត្តមានស្លាប់ ឬ រស់ក្នុងរយៈពេល 7ឆ្នាំ តុលាការ​គ្រួសារ​អាច​ប្រកាស​អំពីការ​បាត់​ខ្លួន​តាមការ​ទាមទារ​របស់​អ្នក​មាន​ទំនាក់​ទំនង​ផលប្រយោជន៍បាន (មាត្រា​30 កថាខណ្ឌទី1)។ បញ្ញត្តិ​ខាងលើនេះ​ត្រូវ​អនុវត្ត​ដូច​គ្នាផងដែរ ប្រសិនបើបុគ្គល​នោះមាន​វត្តមាន​នៅក្នុងនាវាដែលលិច ឬ ជួបប្រទះនឹង​​គ្រោះថ្នាក់ផ្សេងទៀត ហើយ​មិនដឹង​​ច្បាស់ថាស្លាប់ ឬ រស់ ក្នុង​រយៈពេល 1ឆ្នាំ គិត​ចាប់ពីហេតុនោះបាន​កន្លងផុត (មាត្រា30 កថាខណ្ឌ​ទី2)។ ប្រសិនបើមាន​ការ​ប្រកាសអំពីការ​បាត់ខ្លួន ជននោះត្រូវបាន​ចាត់ទុកថាបាន​ទទួលមរណភាព នៅ​ចំណុច​ពេលដែល​ 7ឆ្នាំ​ បាន​កន្លងផុតគិត​ចាប់ពីពេល​មិនបានដឹង​ច្បាស់​ថាស្លាប់ ឬ រស់ ឬ នៅចំណុច​ពេលឧបទ្ទវហេតុបាន​បញ្ចប់ (មាត្រា31)។
ដោយឡែក ពាក្យថា «ចាត់ទុក» ខុសពីពាក្យថា «សន្មត» ហើយ​ទោះបីជា​សាមីខ្លួន​នៅ​រស់ក៏ដោយ ក៏អានុ​ភាព​នៃការ​ប្រកាសនោះមិន​បាត់បងដែរ លុះ​ត្រាតែការប្រកាសអំពីការ​បាត់ខ្លួន​នោះត្រូវ​បានលុបចោល។ ក្នុងករណី​នេះ ប្រសិនបើ​តុលាការ​គ្រួសារ​បាន​លុបចោលការ​ប្រកាស​អំពីការ​បាត់ខ្លួន តា​មរយៈ​ការ​ទាមទារ​របស់​សាមីខ្លួន ឬ អ្នក​​មាន​ទំនាក់​ទំនងផលប្រយោជន៍ ការប្រកាសនេះនឹង​ក្លាយជា​គ្មាន​តាំង​ពីដំបូង។ ហេតុនេះ ជា​គោលការណ៍​សកម្ម​ភាព​គតិយុត្តដែល​ធ្វើឡើង​ដោយ​ចាត់ទុកថាបុគ្គលនោះបាន​ស្លាប់ត្រូវ​ក្លាយជាមោឃភាព ប៉ុន្តែ យើងមិន​អាចបង្កការ​ខូច​ខាតដែលមិនអាច​ស្មាន​ទុកបានដល់​បុគ្គលដែលបាន​រៀបអាពាហ៍ពិពាហ៍ ឬ ចុះកិច្ចសន្យា ដោយ​ជឿជាក់​លើការ​ប្រ​កាសបាត់ខ្លួននោះទេ។ ហេតុនេះហើយ សកម្មភាព​ដែល​បាន​ធ្វើ​ដោយ​សុចរិតមុន​ពេល​លុបចោល​ការ​ប្រកាសអំពីការ​បាត់ខ្លួន ត្រូវ​បន្តមាន​អានុភាព (មាត្រា32 កថាខណ្ឌទី1 វាក្យខណ្ឌទី2) ហើយបុគ្គល​ដែល​ទទួល​បាន​ទ្រព្យសម្បត្តិ​តាមរយៈការ​ប្រកាស​អំពីការ​បាត់ខ្លួន ត្រូវសងត្រឹមតែ​កម្រិត​នៃផលប្រយោជន៍ដែល​ខ្លួន​នៅតែ​ទទួល​បាន​ប៉ុណ្ណោះ (មាត្រា32 កថាខណ្ឌទី2)។