ជំពូកទី 1 : លំនាំសិក្សា
I. នៅមុនពេលដល់ម៉ោងចូលថ្នាក់
II. សារទៅកាន់អ្នកអាន
III. ការត្រៀម​ដើម្បី​សិក្សា
IV. វិសាលភាព​នៃក្រម​រដ្ឋប្បវេណី
V. ទិដ្ឋភាពទូទៅនៃក្រម​រដ្ឋប្បវេណី​
1. រចនាសម្ព័ន្ធនៃ​ក្រម​រដ្ឋប្បវេណី
2. សិទ្ធិប្រត្យក្ស និង សិទ្ធិ​លើបំណុល​
3. ការបង្កើត និង ការ​វិវត្តន៍នៃក្រម​រដ្ឋប្បវេណីជប៉ុន
VI. ឋានៈរបស់ក្រម​រដ្ឋប្បវេណីនៅក្នុង​ប្រព័ន្ធ​ច្បាប់ទាំងមូល
1. ក្រម​រដ្ឋប្បវេណីក្នុងនាមជាច្បាប់មូលដ្ឋាននៃនីតិឯកជន
2. ច្បាប់ទូទៅ និង ច្បាប់ពិសេស​
VII. លក្ខណៈពិសេសនៃក្រម​រដ្ឋប្បវេណី
-គោលការណ៍ស្វ័យភាពនៃឆន្ទៈ (ស្វ័យភាពនៃ​បុគ្គលឯកជន)
1. គោលការណ៍ស្វ័យភាពនៃឆន្ទៈ និង គោលការណ៍សេរីភាពនៃកិច្ចសន្យា
2. បទប្បញ្ញត្តិស័្មគ្រចិត្ត និង បទប្បញ្ញត្តិចាប់បង្ខំ​
VIII. សេចក្តីសង្ខេប-គោលគំនិតក្នុងការ​សិក្សា​ក្រម​រដ្ឋប្បវេណី
I. នៅមុនពេលដល់ម៉ោងចូលថ្នាក់
សៀវភៅនេះ មិនដូចនឹង​សៀវភៅពន្យល់អំពីក្រម​រដ្ឋប្បវេណីទូទៅនោះទេ។ សៀវភៅនេះបានតាក់តែងឡើងតាមរចនាសម្ព័ន្ធក្នុងថ្នាក់សិក្សានៅតាមមហាវិទ្យាល័យទូទៅ ដោយចាប់ផ្តើមពីការ​ផ្តល់លំនាំសិក្សា​អំពីលំដាប់​លំ​ដោយ និង របៀបសិក្សា​ក្រមរដ្ឋប្បវេណី ហើយបញ្ចប់ដោយការផ្តល់ដំបូន្មានអំពីការ​រៀនសូត្រ។ ប៉ុន្តែ ខ្ញុំយល់ថា អ្នកអានមួយចំនួនដែល​មាន​ចំណេះដឹងអំពីក្រមរដ្ឋប្បវេណីរួចហើយ មិនត្រូវការរចនាសម្ព័ន្ធបែបនេះទេ ហើយ​ចង់ចាប់ផ្តើមពីខ្លឹមសារច្បាប់ជាក់ស្តែងតែម្តង។ ក្នុងករណីនេះ សូម​រំលងជំពូកទី1 ហើយចាប់ផ្តើមអាន​ជំ​ពូកទី2 បទប្បញ្ញត្តិទូទៅនៃក្រមរដ្ឋប្បវេណី ក៏បានដែរ។ ប៉ុន្តែ ខ្លឹមសារនៅក្នុងជំពូកទី1 នេះ គឺជា​ចំណេះដឹងមូល​ដ្ឋាន​ដែល​ចាំបាច់ ហេតុនេះ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាឆ្លៀតពេលមើលជំពូកនេះផងដែរ នៅពេល​ដែល​កំពុង​តែ​អានសៀវភៅនេះ។
II. សារទៅកាន់អ្នកអាន
សៀវភៅនេះ បានច្បិចយកចំណុចសំខាន់ៗនៃមុខវិជ្ជារដ្ឋប្បវេណី ដើម្បីឱ្យអ្នកអានងាយស្រួល​សិក្សា​បាន​កាន់តែ​ស៊ីជម្រៅ។ នៅក្នុងពិភពលោកនេះ មាន​សៀវភៅសេចក្តីផ្តើមក្រម​រដ្ឋប្បវេណីជាច្រើន ហេតុនេះហើយ ខ្ញុំសូមបញ្ជាក់​អំពីគោលបំណងឱ្យបាន​ច្បាស់លាស់នៅទីនេះ។ គោលបំណងចម្បង គឺសម្រាប់បុគ្គលដែលមាន​ជំនាញ​ផ្សេង​ៗ ដែលមានបំណងសិក្សាក្រមរដ្ឋប្បវេណី ឬ ចង់ដឹងអំពីទិដ្ឋភាពទូទៅនៃក្រមរដ្ឋប្បវេណីដោយសារមានការ​ចាំបាច់ណា​មួយ ហើយមិនសំដៅតែទៅលើអ្នកដែលមាន​បំណងចាប់យកជំនាញច្បាប់តែម្តងនោះទេ។ ពិតប្រាកដហើយថា ខ្ញុំសប្បាយចិត្តដែលអ្នកទើបក្លាយជានិស្សិតច្បាប់នៅសាកលវិទ្យាល័យ​អានសៀវភៅនេះ ប៉ុន្តែ ខ្ញុំក៏ចង់ឱ្យសៀវភៅនេះមានប្រយោជន៍ដល់និស្សិតដែល​កំពុងសិក្សាជំនាញ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ឬ បុគ្គលដែលមាន​ចំណេះដឹងជាក់ស្តែងអំពីរូបិយាណត្តិ និង មូលប្បទានប័ត្រជាដើម នៅក្នុងសហគ្រាស ហើយមិនធ្លាប់បានសិក្សា​អំពី​ច្បាប់ ឬក៏ បុគ្គល​ដែលកំពុងសិក្សាជំនាញផ្សេងនៅក្នុងមហាវិទ្យាល័យ ឬ វគ្គខ្លីផ្សេងទៀត។ ជាពិសេស ខ្ញុំចង់ឱ្យសៀវភៅនេះក្លាយជាសៀវភៅដែលសាកសមបំផុតសម្រាប់អ្នក​ដែល​ចាប់ផ្តើមសិក្សាក្រមរដ្ឋប្បវេណី ដើម្បី​ត្រៀមប្រឡងយកវិជ្ជាជីវៈដូចជា គណនេយ្យករជំនាញ ឬ ភ្នាក់​ងារ​ពន្ធដារ​ជាអាទិ៍។
មូលហេតុនៃការរៀបចំសៀវភៅបែបនេះ ក៏មានពាក់ព័ន្ធនឹងខ្លួនខ្ញុំផ្ទាល់ផងដែរ។ ខ្ញុំមានប្រវត្តិបញ្ចប់ការ​សិក្សា​ដំបូងចេញពីជំនាញសេដ្ឋកិច្ច មិនមែនច្បាប់នោះទេ។ ជាក់ស្តែង នៅក្នុង​សម័យកាលចុងក្រោយនៃវិវាទក្នុង​មហា​វិទ្យា​ល័យ ខ្ញុំបាន​ចាប់ផ្តើមសិក្សាច្បាប់ទាំងខ្ញុំជានិស្សិតផ្នែកសេដ្ឋកិច្ច នៅក្រោយពេលមានបញ្ហាកើតឡើងនៅក្នុងការប្រឡងចូលមហាវិទ្យាល័យ។ ហេតុនេះហើយ ទាល់តែជិតដំណាក់កាលបញ្ចប់ការ​សិក្សា ទើបខ្ញុំ​ចាប់ផ្តើម​យល់​អំពីខ្លឹមសារនៃមេរៀនដូចគ្នានឹង​និ​ស្សិតច្បាប់ដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំអាច​ដឹងច្បាស់ជាងអ្នកណាទាំងអស់អំពី ផលវិបាកនៃការស្វែងយល់ទ្រឹស្តីច្បាប់ និង ការ​ព្យាករណ៍ដែលខុសស្រឡះនៅពេល​ចាប់ផ្តើមដំបូងទៅលើ​មេរៀនដែល​ត្រូវរៀនរ​បស់​អ្នក​ដែលសិក្សាជំនាញសេដ្ឋកិច្ច ជាដើម។
ខ្ញុំបានប្រើប្រាស់បទពិសោធន៍ទាំងនេះ ដើម្បីបង្ហាញអំពីចំណុចគួរឱ្យចាប់អារម្មណ៍នៃការសិក្សាក្រមរដ្ឋប្ប​វេណី ដោយដកចេញនូវអារម្មណ៍ពិបាក និង ការ​ភាន់ច្រឡំ​ចំពោះការ​សិក្សា​ច្បាប់ពីអ្នកអានទាំងអស់គ្នា។ តាមពិត ការ​សិក្សា​ក្រមរដ្ឋប្បវេណី គឺជា​ការសិក្សា​ដែល​គួរឱ្យចាប់អារម្មណ៍​ខ្លាំងមែនទែន។ ជំនាញច្បាប់ គឺជា​ជំនាញមូល​ដ្ឋានមួយដូចនឹងពាក្យពេជន៍របស់វា។ ហេតុនេះ វាមាន​សារៈសំខាន់ខ្លាំងណាស់ (ចំពោះជំនាញនីតិសាស្ត្រនៅក្នុងសកលវិទ្យាល័យណាក៏ដោយ ក៏ក្រមរដ្ឋប្ប​វេណី គឺជាមុខវិជ្ជាដែល​មានក្រេឌីតច្រើនបំផុតក្នុងចំណោមមុខវិជ្ជាផ្សេងទៀតដែរ)។
លើសពីនេះ ការសិក្សា​ក្រម​រដ្ឋប្បវេណី មិនធ្វើឱ្យអ្នកខាតបង់អ្វីនោះទេ។ អ្នកអាចចាប់ផ្តើមសិក្សាក្រមរដ្ឋប្បវេណីដូចខាងក្រោមនេះ សម្រាប់ជាប្រយោជន៍ជាក់ស្តែងក៏បានដែរ។ ប៉ុន្តែ ដូចមានរៀបរាប់បន្តទៅនេះ ក្រម​រដ្ឋប្បវេណីដែលជាច្បាប់មូល​ដ្ឋានតែមួយគត់នៃបណ្តានីតិឯកជនទាំងអស់ គឺជា​ជំនាញដែលពាក់ព័ន្ធនឹងទំនាក់​ទំនងបុគ្គលយ៉ាងខ្លាំង ដោយសារតែវាមានវិសាលភាពយ៉ាងទូលំទូលាយ​ទៅលើ​ជីវភាពរស់នៅក្នុង​សង្គមរបស់យើងគ្រប់គ្នា។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថានៅពេលដែល​អ្នក​ទាំងអស់​គ្នាបានយល់ច្បាស់អំពីក្រមរដ្ឋប្បវេណី ក្រៅពីទទួលបានប្រយោជន៍ជាក់ស្តែង អ្នកទាំងអស់គ្នានឹងបាន​ស្វែងយល់អំពីមនុស្ស ហើយ​ខំប្រឹងប្រែង​បំពេញចំណុចខ្វះខាតនានា និង ធ្វើឱ្យ​សង្គម​កាន់តែល្អជាងមុន។
III. ការត្រៀម​ដើម្បី​សិក្សា
ដំបូង នៅពេលចាប់ផ្តើមសិក្សា​ក្រម​រដ្ឋប្បវេណី សូម​អ្នកទាំងអស់គ្នាបោះចោលនូវ​អារម្មណ៍តានតឹង ហើយ​សិក្សា​តាមសម្រួល។
តើចំណុចនេះមានន័យយ៉ាងណា? ខ្ញុំយល់ថា អ្នកដែលមិនទាន់ធ្លាប់បាន​សិក្សាច្បាប់ភាគច្រើន តែង​យល់ថា ច្បាប់គឺជាឯកសារគតិយុត្តដាច់ខាតដែល​រដ្ឋអំណាចបានសម្រេច ហើយ​ប្រជាជន​ត្រូវ​តែ​គោរព។ ប៉ុន្តែ ខ្ញុំសូមនិយាយជាមុនថា ការគិតបែបនេះមិនសូវត្រឹមត្រូវ​នោះទេ ចំពោះ​ក្រម​រដ្ឋប្បវេណីនេះ។
នៅក្នុង​ចំណោមច្បាប់ទាំងអស់ មាន​ច្បាប់ជាច្រើនគឺជាច្បាប់ដែលមាន​លក្ខណៈចាប់បង្ខំឱ្យប្រជាជន​ ត្រូវ​តែគោរព​តាម​បញ្ញត្តិនោះ ដើម្បី​ស្ថេរភាព​សង្គម និង ការពារសិទ្ធិ​ជា​មូល​ដ្ឋាន​របស់ប្រជាជន។ ប៉ុន្តែ ក្រម​រដ្ឋប្បវេណីបាន​គិតថារបស់ដែលសំខាន់បំផុត គឺជា «ឆន្ទៈ» របស់ពួកយើង។ គោលបំណងជាមូល​ដ្ឋានរបស់​ក្រមរដ្ឋប្បវេណី គឺ​បង្កើតនូវ​ទំនាក់​ទំនងជីវភាព​សង្គមដោយការ​បង្ហាញ​ឆន្ទៈតាមការពិចារណាខ្លួនឯងទៅវិញទៅមក រវាង​ប្រជាពលរដ្ឋម្នាក់ៗដែលមាន​សមត្ថភាពក្នុងការ​វិនិច្ឆ័យ (⇒:សូម​យោងគោលការណ៍ស្វ័យភាពនៃឆន្ទៈនៅក្នុងចំណុច VII)។ លើសពីនេះ ក្រមរដ្ឋប្បវេណីមាន​បញ្ញត្តិជាច្រើនដែលមិន «ដាច់ខាត» នោះទេ ហើយភាគីអាច​បង្កើត​នូវ​វិធានដែល​ខុសពីមាត្រាក្នុងក្រម​រដ្ឋប្បវេណីដោយឆន្ទៈសេរីរបស់ខ្លួនបាន ហើយមានវិស័យជាច្រើនដែលវិធាន​ដែល​ភាគីបាន​បង្កើតនោះ មាន​អាទិភាពជាងវិធាននៅក្នុងមាត្រាច្បាប់ (សូមយោងខ្លឹមសារអំពី បញ្ញត្តិចាប់បង្ខំ និង បញ្ញត្តិស្ម័គ្រចិត្តនៅក្នុង​ចំណុច VII.2)។
ដូចនេះ នៅពេលដែល​អ្នក​ទាំងអស់គ្នាសិក្សាអំពីក្រម​រដ្ឋប្បវេណី សូម​បោះបង់ចោលនូវ​ការគិតអំពី «សម្ពាធ» «តឹងតែង» និង «ពិបាកយល់» ជាដើម។
IV. វិសាលភាព​នៃក្រម​រដ្ឋប្បវេណី
ក្រម​រដ្ឋប្បវេណីមិនមែនជា​ច្បាប់ដែល​ពិបាកយល់នោះទេ ហើយច្បាប់​នេះនៅជិតនឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​យើង​គ្រប់គ្នា។ ហេតុនេះហើយ យើងអាច​និយាយបានថាក្រមរដ្ឋប្បវេណីនេះគឺជា​ច្បាប់​ដែលមាន​សារៈសំខាន់​ខ្លាំង។
សូមមើលជាក់ស្តែងអំពី ភាពពាក់ព័ន្ធរវាងក្រមរដ្ឋប្បវេណី និង ខ្សែជីវិតរបស់មនុស្សម្នាក់។ មនុស្សម្នាក់ៗត្រូវបាន​ទទួលស្គាល់អំណាចជាមូលដ្ឋាន (សមត្ថភាព​ទទួលសិទ្ធិ) ដើម្បីរស់នៅក្នុង​សង្គមក្នុងនាម​ជា​មនុស្សទូទៅ ចាប់ពី​ថ្ងៃដែល​រស់រានមាន​ជីវិត។ ហើយបុគ្គលម្នាក់ៗ ​អាច​ប្រាស្រ័យទាក់ទងជាមួយអ្នក​ដទៃដោយឆន្ទៈ​សេរីរបស់​ខ្លួន​ឯង ហើយបង្កើតនូវទំនាក់ទំនង​សង្គមជា​មួយ​អ្នក​ដទៃបាន (ការបង្ហាញឆន្ទៈ)។ ប៉ុន្តែ នៅពេលដែល​បុគ្គលម្នាក់​នៅជាកូន​ក្មេងនៅឡើយ គឺ​ពុំទាន់​មាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើត​ទំនាក់​ទំនង​គតិយុត្តនៅឡើយទេ (សមត្ថភាព​ក្នុង​ការធ្វើ​សកម្មភាព) ហេតុនេះហើយ ការបង្កើត​ទំនាក់​ទំនង​សង្គមដោយការ​បង្ហាញឆន្ទៈ​របស់​បុគ្គលនោះ ត្រូវ​មាន​ការគាំពារក្នុងទម្រង់ជាក់លាក់ណាមួយ ដូចជា ការ​ឯកភាព​ពីឪពុកម្តាយជាដើម (ការការពារជន​ដែល​ត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុង​ការធ្វើសកម្មភាព)។ ក្រោយមកទៀត មនុស្សម្នាក់ៗចាប់ផ្តើម​មានវត្ថុ​ដែល​អាច​ប្រើប្រាស់ និង ចាត់ចែងដោយ​សេរី តាមចិត្តខ្លួនឯងបាន (សិទ្ធិ​ប្រត្យក្ស) ហើយក៏អាច​ទទួលបាន​សិទ្ធិ (សិទ្ធិ​លើ​បំណុល) ដែល​អាច​ទាមទារឱ្យ​អ្នក​ដទៃធ្វើសកម្មភាពជាក់លាក់មួយ តាមរយៈការសន្យា (កិច្ចសន្យា) ដោយការបង្ហាញឆន្ទៈសេរីជាមួយ​អ្នកដទៃ ហើយបង្កើតឱ្យមាន​អានុភាពគតិយុត្តជាក់លាក់មួយ​។ នៅក្នុងនោះក៏អាចមាន បុគ្គលខ្លះអាច​ទាមទារ​សំណង​ការ​ខូច​ខាត ដោយសារ​ការ​ជួបគ្រោះថ្នាក់ចរាចរណ៍ជាអាទិ៍ (អំពើអនីត្យានុកូល)។ លើសពីនេះ មនុស្សម្នាក់ៗមិនល្អឥតខ្ចោះនោះទេ ហើយ​ជីវិតរស់នៅក៏មានកម្រិតដែរ ហេតុនេះហើយ ការទាមទារ​សំណង ឬ ការ​ទាម​ទារធ្វើសកម្មភាពណាមួយ​ពីអ្នកដទៃក៏ដោយ ក៏ត្រូវ​មានការកម្រិតជាពេលវេលាផងដែរ (អាជ្ញាយុកាល)។ ហើយ​មនុស្សភាគច្រើននៅពាក់កណ្តាលជីវិតរបស់ខ្លួន តែងរកឃើញដៃគូជីវិត (អាពាហ៍ពិពាហ៍)។ ក្រោយរៀប​អាពាហ៍​ពិពាហ៍ មានប្តីប្រពន្ធខ្លះអាច​បង្កើត​កូនដោយខ្លួនឯង (កូនបង្កើត) ហើយប្តីប្រពន្ធខ្លះក៏​យកកូន​របស់​អ្នក​ដទៃ​មក​ធ្វើ​ជា​កូន​របស់ខ្លួន (កូន​ចិញ្ចឹម)។ ក្រោយមកទៀត មនុស្សខ្លះបានប្រឹងប្រែងពេញមួយជីវិត និងឈានដល់ខ្សែ​ជីវិតចុងក្រោយ ហើយនៅពេលដែលស្លាប់ មានករណីខ្លះទ្រព្យសម្បត្តិត្រូវ​បន្តទៅឱ្យសហព័ទ្ធ និង កូន (សន្តតិកម្ម) ឬ មានករណីខ្លះ អ្នកស្លាប់បាន​សរសេរទុក​នូវ​វិធីបែងចែក​ទ្រព្យសម្បត្តិ​របស់ខ្លួនកាលនៅរស់ ដើម្បីបំពេញឆន្ទៈចុង​ក្រោយ​របស់​អ្នកស្លាប់ (មតកសាសន៍)។
ខ្លឹមសារដែលបាន​រៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងវិសាលភាពរបស់​ក្រម​រដ្ឋប្បវេណីទាំងអស់ (ហើយនៅក្នុងរង្វង់ក្រចក គឺជាពាក្យពេចន៍​ច្បាប់នៃក្រមរដ្ឋប្បវេណី)។ ខ្ញុំយល់ថា អ្នក​ទំាងអស់គ្នាកំពុងតែចាប់អារម្មណ៍ថា ក្រម​រដ្ឋប្បវេណីពិតជា​ស្ថិតនៅ​ជិតខ្លួនរបស់យើងគ្រប់ៗគ្នានៅក្នុងជីវភាពសង្គម។
V. ទិដ្ឋភាព​ទូទៅ​នៃក្រម​រដ្ឋប្បវេណី
1. រចនា​សម្ព័ន្ធ​នៃក្រម​រដ្ឋប្បវេណី
សូមបើកមើលសៀវភៅច្បាប់ធំបំផុតរបស់ជប៉ុន។ សៀវភៅច្បាប់ភាគច្រើនបំផុត គឺចងក្រងតាមលំដាប់លំដោយពីរដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋបាល ហើយក្រោយមកច្បាប់ពាក់ព័ន្ធនឹងក្រម​រដ្ឋប្បវេណី។ ក្រម​រដ្ឋប្បវេណីគឺជាបណ្តុំ​ច្បាប់ដ៏ធំដែលមាន​លើសពី 1000មាត្រា ហើយចំនួនមាត្រានេះ ពិតជា​ច្រើនខ្លាំង ប៉ុន្តែ យើងអាច​និយាយបានថា វាគ្មាន​វិធីផ្សេងដែលអាច​ជៀសមិនឱ្យមានមាត្រាច្រើននោះទេ ពីព្រោះ ក្រម​នេះមាន​វិសាលភាព​ទៅលើ​ជីវភាព​នៅ​ក្នុងសង្គម​របស់​យើងគ្រប់គ្នា។ ហើយតាមពិតទៅ មានបញ្ញត្តិជាច្រើនគឺជា​ការយល់ឃើញទូទៅក្នុងសង្គម។ ទោះជាយ៉ាង​ណាក៏ដោយ សូម​អ្នក​ទាំងអស់គ្នាកុំព្រួយបារម្ភអំពីចំនួននៃមាត្រា។
ក្រមរដ្ឋប្បវេណីជប៉ុនបែងចែកជា 5គន្ថី រួមមាន បទប្បញ្ញត្តិទូទៅ សិទ្ធិប្រត្យក្ស សិទ្ធិលើបំណុល ញាតិ និង សន្តតិកម្ម (ច្បាប់ធំៗ ត្រូវបានគេហៅថា «ក្រម»)។ នៅក្នុងការសិក្សាច្បាប់ ចំពោះគន្ថី 3 ដំបូង គេហៅថា នីតិទ្រព្យសម្បត្តិហើយ ចំពោះគន្ថី 2 ចុងក្រោយ គេហៅ​ថា នីតិគ្រួសារ ឬ នីតិឋានៈបុគ្គល។ គន្ថីស្តីពីបទប្បញ្ញត្តិទូទៅ មើលទៅហាក់បីដូចជា បទបញ្ញត្តិរួមគ្នានៅ​ក្នុង​ក្រម​រដ្ឋប្បវេណីទាំងមូល ប៉ុន្តែ ខ្លឹមសារជាក់ស្តែងនៃគន្ថីនេះ គឺពាក់ព័ន្ធតែជាមួយ​សិទ្ធិប្រត្យក្ស និង សិទ្ធិ​លើបំណុល​ប៉ុណ្ណោះ ហេតុនេះ យើងគួរហៅថា បទបញ្ញត្តិរួមនៃនីតិទ្រព្យសម្បត្តិ ទើបត្រឹមត្រូវ​ជាង។ នៅក្នុងសៀវភៅនេះ គឺ​ផ្តោត​សំខាន់លើការពន្យល់អំពីនីតិទ្រព្យសម្បត្តិ ប៉ុន្តែ ក៏មាន​បង្ហាញខ្លះៗអំពីនីតិគ្រួសារផងដែរ (ក្នុងនោះរួមមាន អាពាហ៍​ពិពាហ៍ កូន​បង្កើត កូនចិញ្ចឹម សន្តតិកម្ម និង មតកសាសន៍)។ ជាពិសេស ចំណុច​ដែល​ជាទំនាក់ទំនងរវាង​នីតិសន្តតិកម្មជាអាទិ៍ ​និង​នីតិទ្រព្យសម្បត្តិ សម្រាប់​ជា​ចំណេះដឹងជាមូលដ្ឋានដល់អ្នកអានដែល​សិក្សាច្បាប់​ពន្ធនានា ដើម្បី​ត្រៀមប្រឡងភ្នាក់ងារពន្ធដារជាអាទិ៍។
2. សិទ្ធិប្រត្យក្ស និង សិទ្ធិ​លើបំណុល
ដូចបានរៀបរាប់ខាងលើនេះ «បទប្បញ្ញត្តិទូទៅ» កំណត់អំពីបញ្ញត្តិរួមគ្នារវាង «សិទ្ធិ​ប្រត្យក្ស» និង «សិទ្ធិ​លើ​បំណុល» (ឧទាហរណ៍ដែលបានលើកឡើងក្នុងចំណុច IV រួមមាន សមត្ថភាពទទួលសិទ្ធិ ការការពារជនដែល​ត្រូវ​បាន​កម្រិត​សមត្ថភាព​ក្នុងការធ្វើស​កម្មភាព ការបង្ហាញឆន្ទៈ និង អាជ្ញាយុកាល ជាអាទិ៍)។ ហើយនៅក្នុងគន្ថីស្តីពី «សិទ្ធិប្រត្យក្ស» កំណត់អំពី «សិទ្ធិគ្រប់​គ្រង​ដោយផ្ទាល់ចំពោះវត្ថុរបស់បុគ្គល»។ សិទ្ធិប្រត្យក្សជាតំណាង(ដែលមានលក្ខណៈពេញលេញ) គឺកម្មសិទ្ធិ។ កម្មសិទ្ធិករអាចប្រើប្រាស់ អា​ស្រ័យផល និង ចាត់ចែងដោយសេរី លើវត្ថុកម្មសិទ្ធិបាន។ សិទ្ធិប្រត្យក្ស គឺជា​សិទ្ធិ​ដាច់ខាតដែល​អាច​អះអាងចំពោះ​បុគ្គលទាំងអស់ក្នុងលោកនេះ (អាចលុបបំបាត់ការជ្រៀតជ្រែក និង ការរារាំងពីអ្នកដទៃ) ហេតុនេះ ប្រភេទនៃ​សិទ្ធិប្រត្យក្ស​ត្រូវ​បាន​កំណត់​ក្នុង​ក្រម​រដ្ឋប្បវេណី (គោលការណ៍សិទ្ធិ​ប្រត្យក្សកំណត់ដោយ​ច្បាប់) ហើយយើងទាំងអស់គ្នា​មិនអាច​បង្កើតនូវ​ប្រភេទនៃ​សិទ្ធិប្រត្យក្សថ្មីតាមចិត្តបានឡើយ។ ផ្នែកចុងក្រោយនៃគន្ថីស្តីពី «សិទ្ធិ​ប្រត្យក្ស» មាន​កំណត់អំពី «សិទ្ធិគ្រប់គ្រងចំពោះវត្ថុនោះទេ» ហើយផ្នែកនេះមាន​កំណត់អំពីការគ្រប់គ្រងតម្លៃដោះដូរនៃវត្ថុ ពោលគឺ សិទ្ធិប្រត្យក្សក្នុងនាមជា «ប្រាតិភោគ» ដើម្បី​ជាមធ្យោបាយធានា​សិទ្ធិ​លើបំណុល​ចំពោះបុគ្គល (ឧប​មាថា បើសិនជាមិនអាច​សងសិទ្ធិ​លើបំណុលជាប្រាក់បាននោះទេ សូមយកវត្ថុ​នេះទៅលក់ដោយបង្ខំ ហើយ​ប្រមូល​បំណុលពីប្រាក់ថ្លៃលក់ចុះ)។ បន្តមកទៀត
គន្ថីស្តីពី «សិទ្ធិលើបំណុល» មាន​កំណត់អំពីលក្ខណៈផ្សេងៗនៃ​សិទ្ធិលើបំណុល និង ដំណើរការនៃការកកើតរហូតដល់ការរលត់នៃសិទ្ធិលើបំណុល នៅផ្នែកខាងដើមគន្ថី (ផ្នែកនេះ គឺជា គន្ថីស្តីពីសិទ្ធិលើបំណុល «ទូទៅ» ហើយការសិក្សាចំណុចនេះ ហៅថានីតិសិទ្ធិលើបំណុលទូទៅ។) ហើយ​នៅផ្នែកខាងក្រោយនៃគន្ថី កំណត់អំពីមូលហេតុនៃការកកើតសិទ្ធិ​លើបំ​ណុលនេះ (ការសិក្សាលើផ្នែកនេះ ហៅថានីតិសិទ្ធិលើបំណុលពិសេស)។ សិទ្ធិលើបំណុល សំដៅទៅលើ «សិទ្ធិដែល​បុគ្គលជាក់លាក់មួយ អាចទាមទារ​ឱ្យ​បុគ្គលជាក់លាក់មួយទៀត ធ្វើ​សកម្មភាព​កំណត់ណាមួយជាអាទិ៍» ហើយមូលហេតុនៃការកកើតសិទ្ធិលើបំណុលនេះមានចំនួន 4 ប៉ុន្តែ មូល​ហេតុធំជាងគេបំផុត គឺ កិច្ចសន្យា (ក្រៅពីនេះរួមមាន អំពើអនីត្យានុកូល ​ជាអាទិ៍)។ សិទ្ធិលើបំណុល គឺជា​សិទ្ធិ​ដែល​មានអានុភាព​មិន​ដាច់​ខាតចំពោះភាគីទាំងសងខាង ហើយ​យើងគ្រប់គ្នា​អាច​បង្កើត​ខ្លឹមសារនៃសិទ្ធិលើបំណុលដោយសេរី (លើកលែងតែ កិច្ចសន្យា​ដែលមាន​ខ្លឹមសារផ្ទុយនឹង​សង្គមប៉ុណ្ណោះ) តាមរយៈកិច្ចសន្យាបាន (គោលការណ៍​សេរីភាព​នៃកិច្ចសន្យា សេរីភាពនៃការបង្កើតសិទ្ធិលើបំណុល)។
3. ការបង្កើត និង ការ​វិវត្តន៍នៃក្រម​រដ្ឋប្បវេណីជប៉ុន
ក្រម​រដ្ឋប្បវេណីជប៉ុន ត្រូវ​បាន​ប្រកាសឱ្យប្រើនៅក្នុងឆ្នាំ1896 ហើយ​ដាក់​ឱ្យអនុវត្តនៅក្នុង​ឆ្នាំ 1898។ ហើយផ្នែក​ស្តីពី​នីតិ​គ្រួសារ (ចាប់ពីមាត្រា725) ត្រូវ​បានធ្វើវិសោធនកម្មស្ទើរតែទាំងស្រុងនៅក្នុងឆ្នាំ1947 ក្រោយសង្គ្រាមលោកលើកទី2។ ប៉ុន្តែ ផ្នែក​ស្តីពីនីតិ​ទ្រព្យ​សម្បត្តិក្នុងគន្ថីដើមទាំង3 (ត្រឹមមាត្រា724) ស្ទើរតែត្រូវបាន​រក្សាតាមទម្រង់ដើមតាំងពីពេលប្រកាសឱ្យប្រើ រហូតដល់ពេលបច្ចុប្បន្ននេះ (ដូច្នេះ មាត្រា​ទាំង​អស់នោះត្រូវបានសរសេរក្នុង​ទម្រង់តួរអក្សរបុរាណ ដោយមិនមានប្រើប្រាស់សញ្ញាវណ្ណយុត្តិអ្វីឡើយ)។ ក្រោយមកនៅក្នុងឆ្នាំ2004 គន្ថីដើមទាំង3 ត្រូវប្តូរមកប្រើប្រាស់ពាក្យ​ពេចន៍ និង របៀបសរសេរបែបសម័យទំនើបវិញ។ ហេតុនេះ ការធ្វើវិសោធនកម្មក្នុងឆ្នាំ2017 គឺជាការធ្វើវិសោធនកម្ម​ទ្រង់​ទ្រាយធំ ក្នុងរយៈពេល 120ឆ្នាំកន្លងមកនេះ ហើយខ្លឹមសារនៃការធ្វើវិសោធនកម្មក្នុងឆ្នាំ2017 ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​នៅ​ក្នុង​ខែមេសា ឆ្នាំ2020។
ការរៀបចំបែងចែក​ជា​គន្ថីស្តីពីបទប្បញ្ញត្តិទូទៅនៅខាងដើមនេះ គឺជា​ទម្រង់របស់ក្រម​រដ្ឋប្បវេណីអាឡឺម៉ង់ (បើនិយាយឱ្យត្រឹមត្រូវគឺ សេចក្តីព្រាងក្រម) ដែលហៅថា ប្រព័ន្ធPandekten។ ប៉ុន្តែ ខ្លឹមសារនៃក្រម​រដ្ឋប្បវេណីជប៉ុន ពុំសូវខិតទៅជិតក្រម​រដ្ឋប្បវេណីអាឡឺម៉ង់នោះទេ។ បើនិយាយជារួមទៅ ក្រម​រដ្ឋប្បវេណីជប៉ុនទទួលឥទ្ធិពលពីក្រមរដ្ឋប្បវេណីអាឡឺម៉ង់ និង ក្រមរដ្ឋប្បវេណីបារាំងពាក់កណ្តាលម្នាក់ ហើយមាន​ចំណុច​មួយចំនួន គឺយើងអាចមើលឃើញច្បាស់តែម្តងថា ចំណុច​នេះទទួលឥទ្ធិពលពីក្រម​រដ្ឋប្បវេណីបារាំងខ្លាំង។
ក្រមរដ្ឋប្បវេណីទំនើបរបស់ប្រទេសជប៉ុនត្រូវបាន​បង្កើតឡើងដំបូងបង្អស់ ដោយនីតិវិទូបរទេសសញ្ជាតិបា​រាំងឈ្មោះ Gustave Émile Boissonade de Fontarabie ក្រោមការអញ្ជើញរបស់រដ្ឋាភិបាលសម័យម៉ីជិ។ ក្រមរដ្ឋប្បវេណីនេះត្រូវ​បាន​ចងក្រងតាមលំនាំក្រម​រដ្ឋប្បវេណីបារាំង (ក្រមណាប៉ូឡេអុង ឆ្នាំ1804) ហើយ​ត្រូវ​បានគេហៅថា ក្រមរដ្ឋប្បវេណីចាស់ (នៅពេលនោះ ក្រមរដ្ឋប្បវេណីប្រទេសអ៊ីតាលី ជាអាទិ៍ ដែល​ជាក្រមរដ្ឋប្បវេណីរបស់បណ្តាប្រទេសនានាដែលយកតាមលំនាំបារាំង និង យុត្តិសាស្ត្រ និង ទ្រឹស្តីនានានៅក្នុងអំឡុងពេលកន្លះសតវត្សក្រោយការអនុវត្តក្រមរដ្ឋប្បវេណីបារាំងក៏ត្រូវ​លើកយកមកពិចារណាផងដែរ។ ដោយឡែក ផ្នែកស្តីពី​នីតិគ្រួសារត្រូវបាន​ព្រាងដោយគណៈកម្មការជនជាតិជប៉ុន)។ ក្រម​រដ្ឋប្បវេណីចាស់នេះ (ប្រកាសនៅឆ្នាំ1890) ត្រូវ​បាន​ពន្យារពេលអនុវត្ត ហើយកប់ចោល ដោយសារតែមានវិវាទចម្រូងចម្រាស់អំពីការអនុវត្តក្រមនេះ។ ប៉ុន្តែ គន្ថីទី1 ដល់គន្ថីទី3 នៃក្រម​រដ្ឋប្បវេណីជប៉ុនបច្ចុប្បន្ន គឺជាសមទ្ធិផលដែល​ទទួលបាន​ពីការកែតម្រូវក្រមរដ្ឋប្បវេណីចាស់។ នៅក្នុងពេលកែតម្រូវនោះ គេបាន​យោងតាមគម្រូនៃសេចក្តីព្រាងក្រមរដ្ឋប្បវេណីអាឡឺម៉ង់ដែលជា​ក្រម​ថ្មីជាងគេបំផុតនៅក្នុង​សម័យនោះ ដូចនេះ ទម្រង់នៃការបែងចែងជាគន្ថី គឺយកលំនាំតាមបែបក្រមរដ្ឋប្បវេណីអាឡឺម៉ង់ ហើយខ្លឹមសារវិញ គឺមានមាត្រា​ជា​ច្រើនដែលបន្សល់ដដែលតាមក្រមរដ្ឋប្បវេណីចាស់របស់លោក Boissonade។ នៅពេល​កែតម្រូវនោះ មានលោក Hozumi Nobushige (ជនជាតិជប៉ុន​ដំបូងបង្អស់ដែល​ទទួលបានសញ្ញាប័ត្រប្រកបវិជ្ជាជីវៈ​មេធាវីនៅសវនាការប្រទេសអង់គ្លេស) លោក Ume Kenjiro និង លោក Tomii Masaaki ដែលធ្លាប់មានបទពិសោធន៍សិក្សានៅប្រទេសបារាំង ទាំង 3នាក់នេះ ជាសមាជិកគណកម្មការ​រៀបចំសេចក្តីព្រាង។
VI. ឋានៈរបស់ក្រមរដ្ឋប្បវេណីនៅក្នុងប្រព័ន្ធច្បាប់​ទាំងមូល
1. ក្រម​រដ្ឋប្បវេណីក្នុងនាម​ជា​ច្បាប់មូលដ្ឋាននៃនីតិឯកជន
បន្តទៅនេះ សូមពិនិត្យមើលអំពីឋានៈរបស់ក្រមរដ្ឋប្បវេណីនៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ទាំង​មូល។ នៅក្នុងពិភពលោកយើងនេះមាន​ច្បាប់ជាច្រើន ប៉ុន្តែ ច្បាប់ដូចជារដ្ឋធម្មនុញ្ញ និង ច្បាប់រដ្ឋបាលជាដើម គឺជាច្បាប់​ដែលកំណត់អំពីរបបគ្រប់គ្រងរបស់រដ្ឋ និងទំនាក់​ទំនងរបស់រដ្ឋជាមួយបុគ្គល ដែលគេហៅថា នីតិសាធារណៈ។ ផ្ទុយ​មកវិញ ច្បាប់​ដែល​បញ្ញត្តឡើងដោយផ្តោតទៅលើ​ទំនាក់ទំនងជីវភាពរបស់បុគ្គល និង បុគ្គល គឺជា នីតិឯកជន។ លើសពីនេះ នៅក្នុងពិភពច្បាប់ ក្រុមមនុស្សដូចជាក្រុមហ៊ុនជាដើម ត្រូវបានគេហៅថាជានីតិបុគ្គល ក្នុងអត្ថន័យដែល​ច្បាប់​បានប្រដូចសកម្មភាពនោះក្នុងនាម​ជា​បុគ្គល។ ហេតុនេះ ច្បាប់ពាណិជ្ជកម្មជាអាទិ៍ដែល​កំណត់អំពីក្រុមហ៊ុន ក៏រាប់​បញ្ចូល​ជា​នីតិឯកជនផងដែរ។ នៅក្នុងវិស័យនីតិឯកជននេះគឺមាន​ច្បាប់ជាច្រើន ប៉ុន្តែ ច្បាប់ដែលជា​មូល​ដ្ឋានចម្បងបំផុត គឺក្រមរដ្ឋប្បវេណី ហើយ​គេហៅក្រមរដ្ឋប្បវេណីថា ច្បាប់មូលដ្ឋាននៃនីតិឯកជន។
2. ច្បាប់ទូទៅ និង ច្បាប់ពិសេស
តើច្បាប់ទូទៅ និង ច្បាប់ពិសេស មានអត្ថន័យបែបណា? សូមពិចារណាទាំងអស់គ្នាថា យើង​បាន​សន្យាទិញលក់វត្ថុមួយដោយប្រាក់។ នេះគឺជា​កិច្ចសន្យា​លក់ទិញដែល​មានក្នុងក្រមរដ្ឋប្បវេណី។ ជាបឋម បញ្ញត្តិស្តីពីកិច្ចសន្យា​លក់ទិញ គឺមាន​នៅក្នុងក្រមរដ្ឋប្បវេណី។ ប៉ុន្តែ នៅពេលដែលបុគ្គលនោះគឺជាពាណិជ្ជករ ឬ ក្រុមហ៊ុន និង បាន​ទិញលក់ដើម្បីសកម្មភាពជំនួញវិញ ក្នុងករណីនេះ វាជាកិច្ចសន្យាលក់ទិញដូចគ្នា ប៉ុន្តែ វាក្លាយ​ជា​បញ្ហានៃច្បាប់​ពាណិជ្ជកម្មវិញម្តង។ មួយវិញទៀត ទោះបីជាអ្នកទិញគឺជាបុគ្គលធម្មតាដូចពួកយើងក៏ដោយ នៅពេល​ដែលអ្នក​លក់​បាន​មកលក់ទំនិញដល់ផ្ទះ ហើយចុះកិច្ចសន្យាលក់ទិញជាមួយយើង ក្នុងករណីនេះ ការទិញលក់ដូចគ្នាក៏ដោយ ក៏ត្រូវក្លាយជាកម្មវត្ថុដែល​កំណត់​ក្នុង​ច្បាប់ស្តីពីប្រតិបត្តិការពាណិជ្ជកម្មពិសេស (ហៅថា ច្បាប់ស្តីពីការដើរលក់ទំនិញដល់​ទីកន្លែងមុនការធ្វើវិសោធនកម្ម​ឆ្នាំ2000)។ ថ្វីត្បិតតែជាការលក់ទិញដូចគ្នាក៏ដោយ បើសិនជាភាគីគឺជាពាណិជ្ជករ នោះវានឹងក្លាយជាបញ្ហានៃច្បាប់ពាណិជ្ជកម្ម ហើយបើសិនជាការទិញលក់ដោយទម្រង់ដើរលក់ដល់ផ្ទះ នោះវានឹងជាបញ្ហានៃច្បាប់ស្តីពីប្រតិបត្តិការពាណិជ្ជកម្មពិសេស។ ហេតុនេះ ទាក់ទងនឹងការលក់ទិញ ក្រម​រដ្ឋប្បវេណីគឺជាច្បាប់ទូទៅចំ​ពោះច្បាប់ពាណិជ្ជកម្ម និង ច្បាប់ស្តីពីប្រតិបត្តិការពាណិជ្ជកម្មពិសេស ហើយច្បាប់ពាណិជ្ជកម្ម និង ច្បាប់ស្តីពីប្រតិបត្តិការពាណិជ្ជកម្មពិសេសគឺជា​ច្បាប់ពិសេសចំពោះក្រម​រដ្ឋប្បវេណី។ ហើយការអនុវត្តច្បាប់ពិសេសដោយមាន​អាទិភាពជាង​ច្បាប់ទូទៅ គឺជាវិធានមួយដែលមាន​អត្ថិភាពនៅក្នុងប្រព័ន្ធច្បាប់ទាំងមូល។ ជាបឋម យើងត្រូវ​យកច្បាប់ពិសេសមកប្រើ ហើយ​បើសិនជាច្បាប់ពិសេសមិនមានកំណត់ទេ យើងត្រូវ​យកបញ្ញត្តិដែល​ជា​គោលការណ៍នៅ​ក្នុង​ច្បាប់​ទូទៅ​មក​ប្រើ។ ដូចនេះ នៅក្នុង​ឧទាហរណ៍​ខាងលើនេះក៏ដោយ បើសិនជា​នៅក្នុង​ច្បាប់​ពាណិជ្ជកម្ម​ពុំមានបញ្ញត្តទេ យើងត្រូវ​ត្រឡប់មកមើលគោលការណ៍​ក្នុង​ក្រមរដ្ឋប្បវេណី។ ហើយជាបឋមត្រូវយកច្បាប់ស្តីពីប្រតិបត្តិការពាណិជ្ជកម្មពិសេសមក​អនុវត្ត ហើយ​ផ្នែកដែល​ច្បាប់នេះពុំមានបញ្ញត្តទេ ត្រូវ​យកបញ្ញត្តិស្តីពីការលក់ទិញដែលមានកំណត់នៅក្នុង​ក្រម​រដ្ឋប្បវេណីមក​អនុវត្ត​។ តាមរយៈឧទាហរណ៍នេះ យើងអាចមើលឃើញថា ក្រម​រដ្ឋប្បវេណី គឺជាចំណុចចាប់ផ្តើម​នៃមូលដ្ឋាន និង គោលគំនិតចម្បងរបស់បទប្បញ្ញត្តិជាច្រើននៅក្នុងវិស័យនីតិឯក​ជន ក្នុងនាមជាច្បាប់មូលដ្ឋាននៃនីតិឯកជន។ ដូចនេះ យើងអាច​និយាយថា ការ​សិក្សា​នីតិឯកជន គឺ​ត្រូវ​ចាប់ផ្តើមសិក្សាពី​ក្រមរដ្ឋប្បវេណីជាមុន។
សូមបញ្ជាក់ថា ការបកស្រាយខាងលើនេះ មិនមែនមានន័យថា ការ​សិក្សា​មុខវិជ្ជាក្រម​រដ្ឋប្បវេណីមានប្រៀបជាងការ​សិក្សា​មុខវិជ្ជាច្បាប់ពាណិជ្ជកម្មជាដើមនោះទេ។ ក្រមរដ្ឋប្បវេណី និង ច្បាប់ពាណិជ្ជកម្មជាអាទិ៍ សុទ្ធតែមាន​លក្ខណៈពិសេសរៀងៗខ្លួន។ ច្បាប់ពាណិជ្ជកម្មមានលក្ខណៈបច្ចេកទេសខ្លាំងជាងក្រមរដ្ឋប្បវេណី ហើយច្បាប់នេះមានការវិវត្តន៍​យ៉ាង​ច្រើនទៅតាមការអភិវឌ្ឍន៍នៃបែបបទប្រតិបត្តិការពាណិជ្ជកម្ម ប៉ុន្តែ ក្រម​រដ្ឋប្បវេណីពុំមានសក្តានុពលបែបនេះ​ទេ។ លើសពីនេះ ក្រម​រដ្ឋប្បវេណីដែលមាន​តួនាទីជាច្បាប់មូលដ្ឋាន គឺជាគោលគំនិតដើមដែលនាំឱ្យបង្កើតនូវ​ច្បាប់ពិសេសជាច្រើន ហេតុនេះ ក្រម​រដ្ឋប្បវេណីមានចរិកលក្ខណៈដែលមិន​ងាយប្រែប្រួលញឹកញាប់នោះទេ (ការកែប្រែក្រមរដ្ឋប្បវេណី លុះត្រាតែសង្គមមាន​ការ​ផ្លាស់ប្តូរយ៉ាងខ្លាំងប៉ុណ្ណោះ)។ ដូចនេះ ច្បាប់នីមួយៗតែងមាន​ចរិកលក្ខណៈ និងគោលគំនិតខុសៗគ្នា ដែលចាំបាច់នៅពេលសិក្សា។
VII. លក្ខណៈពិសេស​នៃក្រម​រដ្ឋប្បវេណី
-គោលការណ៍​ស្វ័យភាពនៃឆន្ទៈ (ស្វ័យភាពនៃបុគ្គលឯកជន)
1. គោលការណ៍​ស្វ័យភាពនៃឆន្ទៈ និង គោលការណ៍​សេរីភាពនៃកិច្ចសន្យា
បន្តទៅនេះ យើងនឹងបង្ហាញអំពីលក្ខណៈពិសេសដ៏សំខាន់របស់ក្រមរដ្ឋប្បវេណី។ មុននេះ ខ្ញុំបានលើកឡើងថា ក្រម​រដ្ឋប្បវេណីផ្តោតសំខាន់បំផុតទៅលើ «ឆន្ទៈ» របស់ភាគីម្នាក់ៗ។ ពោលគឺ ក្រម​រដ្ឋប្បវេណីមានគោលគំនិតថា ប្រជាពលរដ្ឋគ្រប់គ្នាមិន​ត្រូវ​រស់នៅក្រោម​វិធានដែល​កំណត់ដោយអ្នក​ដទៃនោះទេ តែយ៉ាងហោចណាស់ ខ្លួនយើង​ម្នាក់ៗអាច​បង្កើតនូវ​វិធានតាមឆន្ទៈរបស់ខ្លួនឯង ទៅលើ «ទំនាក់ទំនងនៃជីវភាពរស់នៅរវាងបុគ្គលម្នាក់និងបុគ្គលម្នាក់ទៀត» ហើយមានជីវភាពដោយគោរពតាមវិធាន​ដែល​បង្កើត​ដោយ​ខ្លួនឯង។ នេះហៅថា គោលការណ៍​ស្វ័យភាពនៃឆន្ទៈ ឬ គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន។ ហើយជាក់ស្តែង ការបង្កើតវិធានបានដោយសេរីរបស់បុគ្គលនីមួយៗ (ទំនាក់ទំនងសិទ្ធិលើបំណុល) ដរាបណាមិនផ្ទុយនឹង​សណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អនៅក្នុងសង្គម ហៅថា «គោលការណ៍សេរីភាព​នៃកិច្ចសន្យា»។
លើសពីនេះ វិធាននោះអាចត្រូវបាន​បង្កើតឡើងដោយសេរី ហើយវិធានទាំងនោះនឹងក្លាយទៅជាច្បាប់ រវាង​បុគ្គលដែលបានបង្កើត​វិធានទាំងនោះ ពោលគឺ វាក្លាយជាច្បាប់របស់ភាគី ហើយ វិធានទាំងនោះនឹងមាន​អាទិភាពក្នុងការអនុវត្តជាងបញ្ញត្តិនៃក្រមរដ្ឋប្បវេណី។ ឧបមាថា នៅក្នុងកិច្ចសន្យា​លក់ទិញមួយ គុណភាពនៃទំនិញដែលបានប្រគល់មកមិនស្របតាមខ្លឹមសារនៃកិច្ចសន្យាជាអាទិ៍ ក្នុងករណីនេះ ក្រមរដ្ឋប្បវេណីបញ្ញត្តថា អ្នកទិញអាច​ទាមទារឱ្យអ្នកលក់ជួសជុល ឬ ទាមទារវត្ថុ​ជំនួសជាអាទិ៍បាន (ចាប់ពីមាត្រា562។ យ៉ាងណាមិញ នៅក្នុងសៀវភៅនេះនឹងសរសេរតែលេខមាត្រាប៉ុណ្ណោះ ចំពោះការយោងមាត្រាពីក្រម​រដ្ឋប្បវេណី។) នេះហៅថា «ការទទួលខុសត្រូវ​ចំពោះ​ការអនុវត្តមិន​ស្របតាមខ្លឹមសារនៃកិច្ចសន្យា» ដែល​ត្រូវបាន​កំណត់ដោយវិសោធនកម្មច្បាប់ឆ្នាំ2017 (បញ្ញត្តិពីមុនគឺ «ការទទួលខុសត្រូវធានាវិការៈ)។ ទោះបីជាក្រមបញ្ញត្តបែបនេះក៏ដោយ បើសិនជាភាគី​បាន​សន្យាផ្សេងពី​ខ្លឹមសារនៃមាត្រាច្បាប់នៅក្នុងកិច្ចសន្យា ក្នុងករណីនេះ ការ​សន្យានោះនឹង​មាន​អាទិភាពជាង ហើយ​បញ្ញត្តិនៃក្រម​រដ្ឋប្បវេណីយក​មក​អនុវត្ត​តែ​ក្នុង​ករណីដែលគ្មានការ​សន្យាខាងលើនេះតែប៉ុណ្ណោះ។ បើនិយាយឱ្យងាយស្រួលយល់ទៅ ឧទាហរណ៍ថា ការលក់ទំនិញបញ្ចុះតម្លៃមួយដែលមាន​ផ្លាកបិតថា អាវនេះ «មាន​កន្លែងសឹក និង រហែកខ្លះ ហើយទិញរួចហើយមិនអាចប្តូរវិញនោះទេ» ហើយ​បើសិនជា​អ្នកទិញបាន​យល់ព្រមទិញទាំងបានដឹងបែបនេះ វាមានន័យថា ភាគីបានព្រមព្រៀងគ្នាទិញលក់ដោយ លើកលែងការទទួលខុសត្រូវ​ចំពោះ​ការអនុវត្តមិន​ស្របតាមខ្លឹមសារនៃកិច្ចសន្យាខាងលើនេះ។ ការធ្វើកិច្ចសន្យាបែបនេះពុំបង្ករជាបញ្ហាអ្វីទាំងអស់ ហើយមានសុពលភាព​ធម្មតា។
2. បទប្បញ្ញត្តិស្ម័គ្រចិត្ត និង បទប្បញ្ញត្តិ​ចាប់បង្ខំ
អ្នកអានខ្លះប្រហែលយល់ឃើញថា ប្រសិនបើច្បាប់អាចត្រូវបានបដិសេធដោយឆន្ទៈរបស់ភាគីដូចករណីខាងលើនេះ មានច្បាប់ក៏មិនអាចជួយអ្វីបានដែរ ប៉ុន្តែ ដាច់ខាតវាមិនអាចក្លាយជាបែបនេះទេ។ នៅពេលដែលភាគីបានកំណត់វិធានដោយខ្លួនឯង វិធាននោះនឹងត្រូវយកមកប្រើប្រាស់ ប៉ុន្តែ ចំណុចដែល​ភាគី​មិនបានកំណត់អំពីវិធាន​ជាមុន បញ្ញត្តិរបស់ច្បាប់នឹងត្រូវយកមកប្រើប្រាស់។ ឧទាហរណ៍ថា ភាគីបានកំណត់អំពីតម្លៃ ប៉ុន្តែ ពុំបានកំណត់ថា
ភាគីណាត្រូវចេញថ្លៃសេវាដឹកជញ្ជូន ឬក៏ វិធីដោះស្រាយក្នុងករណី​ដែល​ទំនិញនោះមានវិការៈបន្តិចបន្តួចដែលមិនបានចាប់អារម្មណ៍ជាដើម។ នៅក្នុងករណីបែបនេះ បញ្ញត្តិនៃក្រម​រដ្ឋប្បវេណីត្រូវយកមកប្រើប្រាស់ក្នុងទម្រង់ជាការបំពេញបន្ថែមលើឆន្ទៈរបស់ភាគី។
ដូចនេះ បញ្ញត្តិដែលផ្តល់អាទិភាពនៃការអនុវត្តដល់ឆន្ទៈរបស់ភាគីជាងខ្លឹមសារនៃមាត្រាច្បាប់ ហៅថា បញ្ញត្តិស្ម័គ្រចិត្ត។ ផ្ទុយមកវិញ បញ្ញត្តិដែលមានខ្លឹមសារដែលភាគីមិនអាចផ្លាស់ប្តូរបាន បើទោះបីជាមានការព្រមព្រៀងយ៉ាងណាក៏ដោយ ហៅថា បញ្ញត្តិដែល​ចាប់បង្ខំ។ នីតិសិទ្ធិលើបំណុលនៅក្នុងក្រមរដ្ឋប្បវេណី គឺសម្បូរទៅដោយ​បញ្ញត្តិស្ម័គ្រចិត្ត។ ជាការពិតណាស់នៅក្នុងក្រម​រដ្ឋប្បវេណីក៏ដោយ ចំពោះបញ្ញត្តិស្តីពីប្រភេទនៃសិទ្ធិប្រត្យក្សជាដើម ដោយសារតែសិទ្ធិប្រត្យក្សមានលក្ខណៈផ្តាច់មុខចំពោះវត្ថុ ពោលគឺ សិទ្ធិគ្រប់គ្រងដាច់ខាតទៅលើវត្ថុដែលអាចអះអាងចំពោះបុគ្គលទាំងអស់នៅក្នុងពិភព​លោកនេះបាន ហើយសិទ្ធិដែលមានអានុភាពខ្លាំងបែបនេះ បើសិនជាយើងអាចបង្កើតបានតាមទំនើងចិត្ត វានឹងបង្កបញ្ហាដល់អ្នកជុំវិញខ្លួន ហេតុនេះហើយ សិទ្ធិបែបនេះមិនអាចត្រូវបានបង្កើតខុសពីខ្លឹមសារនៃមាត្រាច្បាប់ដោយឆន្ទៈយើងគ្រប់ៗគ្នាឡើយ (នេះហៅថា «គោលការណ៍សិទិ្ធប្រត្យក្សតាមការ​កំណត់របស់ច្បាប់»។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកជាច្រើននៅក្នុង​នីតិសិទ្ធិលើបំណុល ដែលមានសរសេរនៅក្នុងច្បាប់ពុំមែនជាបញ្ញត្តិដែល​ត្រូវគោរព​ដាច់ខាតនោះទេ។
ចំណុចខាងលើនេះ គឺជា​ចំណុចដែល​ខុសគ្នាដាច់ស្រឡះជាមួយច្បាប់ដូចជា ក្រមព្រហ្មទណ្ឌ និង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើមដែលស្ថិតនៅក្នុងវិស័យច្បាប់សាធារណៈ។ ឧទាហរណ៍ ច្បាប់ចរាចរណ៍កំណត់ថា ពណ៌​ក្រហមត្រូវឈប់ ហើយ ពណ៌បៃតង​ត្រូវបន្តដំណើរ ក្នុងករណីនេះ បើសិនជាប្រជាពលរដ្ឋទាំងអស់ពុំគោរពតាមដាច់ខាតនោះទេ សណ្តាប់ធ្នាប់ចរាចរណ៍នឹងពុំអាចគ្រប់គ្រង​បាន ហើយគ្រោះថ្នាក់ចរាចរណ៍ប្រាកដជាកើតមានឡើងជាច្រើន។ ពោលគឺ យើងពុំអាចកំណត់តាមទំនើងចិត្តខ្លួនឯងថា ពណ៌ក្រហមត្រូវបន្តដំណើរ ហើយពណ៌បៃតងត្រូវឈប់នោះទេ។ ប៉ុន្តែ ចំពោះករណីនីតិសិទ្ធិលើបំណុលនៅក្នុងក្រមរដ្ឋប្បវេណី ពុំមែនជាការ «មិន​គោរពច្បាប់នោះទេ» ប៉ុន្តែ វាជាបរិបទដែល «វិធានដែល​ភាគីបាន​បង្កើតមានអានុភាពខ្លាំងជាងច្បាប់» ទៅលើករណីមួយចំនួន។
ចំពោះភាពពាក់ព័ន្ធគ្នារវាងបុគ្គល និង ច្បាប់ មិនមែនច្បាប់មានឋានៈខ្ពស់ហើយត្រូវតែគោរពដាច់ខាតនោះទេ ប៉ុន្តែ វាមានន័យថា ជាការគាំពារយ៉ាងទូលាយដល់សេរីភាពនៃការបង្កើតវិធានដោយឆន្ទៈរបស់បុគ្គលខ្លួនឯងម្នាក់ ហើយនៅពេល​ដែលបុគ្គលមិនបានកំណត់អំពីវិធាននោះទេ ក្រមរដ្ឋប្បវេណីដើតួរជាការបំពេញបន្ថែម។
នេះជា លក្ខណៈពិសេសបំផុតរបស់ក្រមរដ្ឋប្បវេណី (នីតិសិទ្ធិលើបំណុល)។ ពិតហើយថា សេរីភាពនៃការបង្កើតវិធានដោយសេរីនេះ គឺជាសេរីភាពនៅក្នុងពិភពដ៏តូចមួយ ដូចជា រវាងភាគីនៃកិច្ចសន្យាជាដើម។ ទោះបីជានៅក្នុងពិភពដ៏តូចនេះក៏ដោយ ក៏ក្នុងពេលថ្មីៗនេះ គេបានបញ្ចូលនូវការកែតម្រូវចំពោះគោលការណ៍មួយចំនួន ដើម្បីធានាសមភាពរបស់បុគ្គលនីមួយៗ (ការកម្រិតគោលការណ៍សេរីភាពនៃកិច្ចសន្យា)។ យ៉ាងណាមិញ ចំពោះចំណុចដែលច្បាប់ត្រូវដើរតួជាការបំពេញបន្ថែមចំពោះវិធានដែលបង្កើតដោយបុគ្គល នៅក្នុងគោលគំនិតដើមនេះ សូមអ្នកទាំងអស់គ្នា​ចងចាំទុកឱ្យបាន នៅពេលដែលសិក្សាអំពីក្រម​រដ្ឋប្បវេណី។
VIII. សេច​ក្តីសង្ខេប-គោលគំនិតក្នុងការ​សិក្សា​ក្រ​មរដ្ឋប្បវេណី​
ក្រមរដ្ឋប្បវេណី ក៏មានភាពជាវិធានគតិយុត្ត​ក្នុងនាមជាច្បាប់មួយផងដែរ។ ពោលគឺ មានផ្នែកដែលជា «ខ្លឹមសារ​ស្នូល»។ ប៉ុន្តែ ភាពជាវិធាននេះពុំមានច្រើននោះទេ បើប្រៀបធៀបជាមួយច្បាប់ផ្សេងៗជាច្រើនទៀត។ ផ្នែក​ស្តីពីបទប្បញ្ញត្តិទូទៅ និង នីតិសិទ្ធិប្រត្យក្ស គឺមានអត្ថន័យយ៉ាងធំធេងក្នុងនាម​ជាវិធានគតិយុត្ត ប៉ុន្តែ ផ្នែក​ស្តីពីកិច្ចសន្យា​នៃនីតិសិទ្ធិលើបំណុលវិញ អាចនិយាយបានថាគឺជាបញ្ញត្តិមួយដែលបានចងក្រងតាមទម្លាប់នៅក្នុងកិច្ចសន្យាជំនួញដែលគេអនុវត្តតាំងពីដើមមក សម្រាប់ឱ្យភាគីយកជាមូលដ្ឋានសម្រាប់សម្រេចចិត្តក្នុងការបង្ហាញឆន្ទៈរបស់ខ្លួនប៉ុណ្ណោះ។ ​មានន័យថា បើសិនជាឆន្ទៈរបស់ភាគីមានភាពច្បាស់លាស់ គេនឹងគោរពតាមឆន្ទៈនោះ ប៉ុន្តែ បើសិនជាឆន្ទៈមិនច្បាស់​លាស់នោះទេ គេនឹងយកបញ្ញត្តិដែល​ត្រូវបានចងក្រងឡើងក្នុងនាមជាឆន្ទៈរបស់ភាគីជាទូទៅមកអនុវត្ត។ ត្រង់នេះហើយទើបគេមិនធ្វើជាវិធានចាប់បង្ខំនោះ។
លើសពីនេះ នៅក្នុង​វិសោធនកម្មច្បាប់ឆ្នាំ2017 បានបង្ហាញអំពីគោលគំនិតដើមស្តីពី អានុភាពចងចំ​ពោះ
ឆន្ទៈ ពោលគឺ គេផ្តល់សារៈសំខាន់ដល់ខ្លឹមសារនៃការសន្យារបស់ភាគី ហើយ​រៀបចំកែសម្រួលច្បាប់ឱ្យមានភាពសមស្របតាមឆន្ទៈរបស់ភាគី។
ដូចនេះ ខ្ញុំសូមនិយាយថា ចំណុច​សំខាន់ក្នុងការ​សិក្សា​ក្រមរដ្ឋប្បវេណី មិនមែនជា​ «ការចងចាំ​អំពី​វិធាន​ដែល​ត្រូវ​គោរពនោះទេ» ប៉ុន្តែ ជា «ការពិចារណាអំពីអត្ថន័យនៃវិធានដែលក្រមរដ្ឋប្បវេណីបានបង្ហាញ ក្នុងនាមជា​ស្តង់ដាសម្រាប់វាស់នូវ​សមភាពរបស់ភាគី»។
ការពន្យល់អំពីលំនាំសិក្សាត្រូវបញ្ចប់ត្រឹមនេះ។ បន្តទៅនេះ យើងនឹងចាប់ផ្តើមសិក្សាអំពី​ខ្លឹមសារនៃក្រមរដ្ឋប្បវេណី។
យ៉ាងណាមិញ នៅក្នុងការបោះពុម្ពលើកទី6នៃសៀវភៅនេះ នឹងយកមាត្រានៃក្រម​រដ្ឋប្បវេណីដែលជាខ្លឹមសារនៃវិសោធនកម្មច្បាប់ដែល​ត្រូវ​អនុវត្តនៅថ្ងៃទី1 ខែមេសា ឆ្នាំ2020 ធ្វើជាគោលការណ៍។