ជំពូកទី 10 : ដំបូន្មានក្នុងការ​សិក្សា
I. មុនពេលទម្លាក់វាំងននចុះ
II. ដំបូន្មាននៃការ​សិក្សាក្រមរដ្ឋប្បវេណីសម្រាប់អ្នក​អានកម្រិត​ដំបូង
1. វិធីសិក្សា
2. យុត្តិសាស្ត្រ និង ទ្រឹស្តីបកស្រាយ​
III. ដំបូន្មាននៃការ​សិក្សាក្រមរដ្ឋប្បវេណីសម្រាប់អ្នក​អានកម្រិត​មធ្យម
1. វិធីសិក្សា
2. ប្រព័ន្ធតុលាការ និង យុត្តិសាស្ត្រ
3. សម្រាប់បុគ្គលដែល​ចង់ក្លាយជាអ្នក​អានកម្រិតខ្ពស់
IV. សេចក្តីសន្និដ្ឋាន
I. មុនពេលទម្លាក់វាំងននចុះ
នៅជំពូកមុននេះ យើងបានបញ្ចប់អំពីទិដ្ឋភាពទូទៅទាំងស្រុងរបស់ក្រម​រដ្ឋប្បវេណី។ នៅមុនពេលជម្រាលាពីអ្នកអានទាំងអស់គ្នា ខ្ញុំសូមរៀបរាប់បន្ថែមអំពីវិធីសិក្សាក្រមរដ្ឋប្បវេណីដែល​ធ្លាប់ឆ្លងកាត់ដោយខ្លួនឯង និង ដំបូន្មានសម្រាប់អ្នកទាំងអស់គ្នាដើម្បីឈានទៅការសិក្សាកម្រិតកាន់តែខ្ពស់ទៅទៀត។ ខ្លឹមសារនេះសម្រាប់អ្នក​អានគ្រប់កម្រិត ដែល​រួមមានដំបូន្មានសម្រាប់អ្នកអានកម្រិតដំបូង និង សម្រាប់អ្នកអានកម្រិតមធ្យម ប៉ុន្តែ ទោះបីជាខ្លួនអ្នក​ទាំងអស់គ្នា​ស្ថិតនៅក្នុង​កម្រិតណាមួយក៏ដោយ ក៏សូមអានដំបូន្មានសម្រាប់កម្រិតទាំងពីរនេះតែម្តង។
II. ដំបូន្មាននៃការ​សិក្សាក្រមរដ្ឋប្បវេណីសម្រាប់អ្នក​អានកម្រិត​ដំបូង
1. វិធីសិក្សា
សូមអ្នកទាំងអស់គ្នាប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការអានមកដល់ត្រឹមនេះ ហើយស្វែង​យល់ឱ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។ នៅទីនេះ ខ្ញុំសូមបង្ហាញអំពី​ចំណេះដឹងត្រៀមដល់អ្នកទាំងអស់គ្នា។
(1) ការ​សិក្សា​ច្បាប់គឺជាមុខវិជ្ជាតម្រូវឱ្យយល់
មានបុគ្គលខ្លះ ជាពិសេសបុគ្គលដែលមាន​បំណងប្រឡងយកវិជ្ជាជីវៈ ប្រហែលជាចាប់ផ្តើមសិក្សា​មុខវិជ្ជា​ច្បាប់ ដោយការ​ទន្ទេញតាំងពីដើមមកហើយមើលទៅ។ ប៉ុន្តែ នេះជា​វិធីសិក្សាដែលមិនត្រឹមត្រូវ។ មុខវិជ្ជាច្បាប់មិនមែន​ជា​មុខវិជ្ជាទន្ទេញនោះទេ។ នៅក្នុងដំណាក់កាលដែលយើងសង្ខេបនូវ​ចំណុចសំខាន់ៗ ដើម្បី​ឆ្លើយសំណួរឱ្យបាន​រហ័ស ប្រហែលជា​ចាំបាច់ត្រូវ​ទន្ទេញក៏ថាបាន ប៉ុន្តែ នៅមុនដល់ដំណាក់កាលនេះ យើងត្រូវ​សិក្សា​ដោយពិចារណាថា ហេតុអ្វីបានជាប្រព័ន្ធនេះត្រូវបានបង្កើតឡើង ឬ តើមូលដ្ឋាននៃវិធានបែបនេះគឺជាអ្វី ជាអាទិ៍ ហើយឈានទៅស្វែងយល់អំពីបទបញ្ញត្តិនីមួយៗ។ ចំពោះការ​សិក្សា​ច្បាប់ពិសេស ឧទាហរណ៍ថា ការ​រៀនច្បាប់ពន្ធ​នីមួយៗដើម្បី​ត្រៀមសម្រាប់​ប្រឡងភ្នាក់ងារពន្ធដារជាអាទិ៍ វាប្រហែលជាមានភាពចាំបាច់ក្នុងការ​ចងចាំនូវវិធានពិសេសនានា ប៉ុន្តែ ក្នុងករណីនេះក៏ដោយ ក៏អ្នកទាំងអស់គ្នាត្រូវយល់រចនាសម្ព័ន្ធច្បាប់ទាំងមូលដោយពិចារណាអំពីស្តង់ដារ និង មូលដ្ឋានជាអាទិ៍។ ចំពោះច្បាប់ទូទៅវិញ នៅក្នុងករណីក្រម​រដ្ឋប្បវេណីដែលជាច្បាប់មូលដ្ឋាននៃនីតិឯកជននេះ បើទោះបីជាអ្នកទាំងអស់គ្នាចង់ទន្ទេញឱ្យចាំក៏មិនអាច​ចាំអស់បានឡើយ។ នៅក្នុង​ស្ថានភាពនីមួយៗ យើងពិចារណា​អំពីផលប្រយោជន៍របស់ភាគីដែល​កំពុងតែប្រឈមគ្នា ដោយឈរលើការគោរពឆន្ទៈរបស់ភាគី និង សមភាព​របស់​ភាគី​ ហើយឈានទៅសន្និដ្ឋានអំពីគោលគំនិតដែលស្រដៀងគ្នា តាមរយៈការស្វែងយល់ចំណុចនីមួយៗកន្លងមក (នៅក្នុងចំណុចមុន គេមានគោលគំនិតបែបនេះ ហើយគេបានតាក់តែងបញ្ញត្តិបែបនេះ ហេតុនេះ នៅក្នុង​ចំណុចនេះក៏អាចប្រើ​បែបនេះដូចគ្នា ដូចនេះ វាគួរតែជាបញ្ញត្តិដែលមានខ្លឹមសារយ៉ាងនេះ)។
(2) បង្កើតគំនូសទំនាក់ទំនង
វាអាច​លម្អិតពេកហើយ ប៉ុន្តែ ខ្ញុំសូមឱ្យយោបល់ខ្លះអំពីវិធីបន្តការអាន នៅពេលដែលអានសៀវភៅ​ដែល​ពន្យល់អំពីច្បាប់។ មនុស្សភាគច្រើនប្រហែលជាអានដោយយកប៊ិចក្រហមគូសពីក្រោម ឬ យកហ្វឺតពណ៌ផ្សេងៗទៅហាយ​ឡាយពីលើអត្ថបទ។ ការអានដោយវិធីនេះក៏ល្អដែរ។ ប៉ុន្តែ ការស្វែងយល់ដោយគ្មានគោលដៅ និង ដោយពាក្យពេចន៍ គឺពិបាកនឹងចងចាំ។ ដូចនេះ ខ្ញុំលើកទឹកចិត្តឱ្យ អ្នកទាំងអស់គ្នាខំប្រឹងស្វែងយល់ ដោយប្រើប្រាស់ខ្មៅដៃ ហើយគូសគំនូសទំនាក់ទំនង​របស់ភាគីនៅលើកន្លែងណាមួយ ឬលើគែមសៀវភៅក៏បានដែរ។ ឧទាហរណ៍ថា «A បានធ្វើអនុប្បទានដីមួយកន្លែងទៅ B ហើយ B បានធ្វើអនុប្បទានបន្តទៅឱ្យ C។ ប៉ុន្តែ ការចុះបញ្ជីកំពុងស្ថិតនៅក្នុងឈ្មោះរបស់ B នៅឡើយ»។ ដូចនេះ គំនូសទំនាក់ទំនងអាចគូសបាន​ដូចខាងក្រោមនេះ ៖
https://gyazo.com/95708c2e4aa36263efdc086e9d8a58ff
ប៉ុន្តែ ឧទាហរណ៍ថា « A បានធ្វើអនុប្បទានដីមួយកន្លែងទៅ B ហើយក្រោយមក A បានធ្វើ​អនុប្បទានដីដូចគ្នានេះទៅ C។ ប៉ុន្តែ ការ​ចុះបញ្ជី​ស្ថិតនៅឈ្មោះរបស់ A នៅឡើយ។ ដូចនេះ គំនូសទំនាក់ទំនងអាចគូសបាន​ដូចខាងក្រោមនេះ ៖
https://gyazo.com/40b6d3ff542e4edfbd64a0650be09ea2
លើសពីនេះ បើសិនជានេះមិនមែនជាអចលនវត្ថុ ហើយជាការធ្វើអនុប្បទានសិទ្ធិលើបំណុលវិញ ការគូស​គំនូស​ក៏​ត្រូវ​ឆ្នៃមួយកម្រិតថែមទៀត។ ឧទាហរណ៍ថា «សិទ្ធិលើបំណុលដែល A មានចំពោះ B បានផ្ទេរទៅឱ្យ C» ក្នុងករណីនេះ បើសិនជាយើងគូររូបព្រួញខ្សែរមួយតំណាងឱ្យសិទ្ធិលើបំណុល ហើយ រូបព្រួញខ្សែពីរតំណាងឱ្យការធ្វើអនុប្បទាន វាកាន់តែងាយស្រួលយល់ (សូមយោង ជំពូកទី6 II)។
នៅពេលដែលអ្នកទាំងអស់គ្នាអានសៀវភៅច្បាប់ដ៏ធំក៏ដោយ សូមប្រើប្រាស់វិធីនេះដូចគ្នា។ យើងអាចគូសគំនូស​បុគ្គលដែលលេចឡើងនៅក្នុងមាត្រាច្បាប់ដូចជា អក្សរ A តំណាងឱ្យអ្នកលក់ ហើយ B តំណាងឱ្យអ្នកទិញ ហើយ C តំណាងឱ្យតតិយជន បន្ទាប់មកគូសទំនាក់ទំនងរបស់បុគ្គលទាំងនេះ។ ខ្ញុំយល់ឃើញថា អ្នកទាំងអស់គ្នានឹងមាន​អា​រម្មណ៍ថា យល់អំពី​ខ្លឹមសារនៃមាត្រាច្បាប់ជាងការហាយឡាយខ្លឹមសារសំខាន់ទៅទៀត។
2. យុត្តិសាស្ត្រ និង ទ្រឹស្តីបកស្រាយ
នៅក្នុង​សៀវភៅនេះ ខ្ញុំបាន​ពន្យល់អំពីប្រព័ន្ធ និង បញ្ញត្តិសំខាន់ៗនីមួយៗនៅក្នុងក្រម​រដ្ឋប្បវេណី ប៉ុន្តែ ពុំបាន​បង្ហាញ​លម្អិតអំពី យុត្តិសាស្ត្រ និង ទ្រឹស្តីបកស្រាយនោះទេ។ ហេតុនេះ ខ្ញុំសូមពន្យល់អំពី តួនាទីរបស់យុត្តិ
សាស្ត្រ និង ទ្រឹស្តីបកស្រាយនៅក្នុងការ​សិក្សា​ក្រម​រដ្ឋប្បវេណី ព្រមទាំងអត្ថន័យនៃការ​សិក្សាយុត្តិសាស្ត្រ និង ទ្រឹស្តីបក​ស្រាយ​ទាំងនោះ។
(1) យុត្តិសាស្ត្រ
បញ្ញត្តិនៃក្រម​រដ្ឋប្បវេណីត្រូវបាន​តាក់តែងឡើង ដោយព្យាករ​អំពី​វិវាទនានាដែល​នឹង​អាច​កើតមាន​ឡើងជាក់​ស្តែង ប៉ុន្តែ វិវាទផ្លូវ​ច្បាប់ជាក់ស្តែងគឺមាន​យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ មាត្រាច្បាប់ដែលបានតាក់តែងឡើងមួយមុខ មិនអាច​គ្របដណ្តប់គ្រប់ករណីវិវាទទាំងអស់នោះទេ។ ហើយពេលខ្លះ ការបកស្រាយខ្លឹមសារដែលសរសេរនៅក្នុង​មាត្រាច្បាប់ ក៏ក្លាយបញ្ហាដែល​ត្រូវ​វិនិច្ឆ័យដោយតុលាការផងដែរ។ នៅក្នុងករណីបែនេះ យុត្តិសាស្រ្តមានការងារបំពេញចន្លោះនៃមាត្រាច្បាប់ ឬ បញ្ជាក់ឱ្យច្បាស់លាស់នូវចំណុចដែលមាន​មន្ទិលក្នុងការ​បកស្រាយ​ជាអាទិ៍។ ​ករណីដែលយុត្តិសាស្ត្រដំណើរការបែបនេះ ត្រូវបានគេយល់ថា «ច្បាប់យុត្តិសាស្ត្រត្រូវបានបង្កើតឡើង» ឬ
«យុត្តិសាស្ត្រគំរូត្រូវបានបង្កើតឡើង»។ សូម​ចំណាំថា ខ្លឹមសារដែល​ត្រូវបានវាយតម្លៃថាជា «យុត្តិសាស្ត្រ» ជាទូទៅ គឺជាការបកស្រាយ​ទៅលើ​ចំណុចដែលមានទ្រឹស្តីនានាបានបកស្រាយច្រើន ដោយសាលដីការរបស់តុលាការកំពូល (ឬឧត្តមក្រុមប្រឹក្សាតុលាការកំពូល)។
(2) ទ្រឹស្តីបកស្រាយ
ផ្ទុយមកវិញ តើទ្រឹស្តីបកស្រាយមាន​អត្ថន័យបែបណា។ ចំពោះចំណុចដែលអ្នកច្បាប់មាន​គំនិតខ្វែងគ្នាលើការបកស្រាយមាត្រាច្បាប់ ឬ ចំពោះដំណោះស្រាយទៅលើវិវាទថ្មីដែលពុំមានមាត្រាច្បាប់កំណត់ជាដើម ទ្រឹស្តីបកស្រាយជាបឋមនឹងបង្ហាញអំពីចំណុចបញ្ហា ហើយមានពេលខ្លះលើកឡើងពីយុត្តិសាស្ត្រដែលមានពីមុន។ ទោះបីជាមាន​យុត្តិសាស្ត្រពីមុនដែល​បកស្រាយស្ទើរតែជាក់លាក់ក៏ដោយ ក៏ទ្រឹស្តីបកស្រាយអាច​បង្ហាញអំពីភាព​មិន​ត្រឹមត្រូវ​នៃយុត្តិសាស្រ្តពីមុននោះ ដោយសារតែសង្គិតភាពនៃការបកស្រាយ ឬ ការ​វិវត្តន៍​នៃ​សង្គមជាអាទិ៍ ហើយមាន​ករណីខ្លះ ទ្រឹស្តីបកស្រាយអាចរិះគន់ទៅលើយុត្តិសាស្រ្ត ហើយ​ជំរុញឱ្យមាន​ការ​កែប្រែយុត្តិសាស្ត្រ។ ដូចនេះ ការ​សិក្សាទ្រឹស្តីបកស្រាយកាន់តែមានភាពចាំបាច់ នៅពេល​អ្នកទាំងអស់គ្នាសិក្សាដល់កម្រិតខ្ពស់។ ប៉ុន្តែ ចំ​ពោះ​អ្នកសិក្សា​កម្រិតដំបូង សូមសិក្សា​តែទៅលើទ្រឹស្តីបកស្រាយដែលគេហៅថាទ្រឹស្តីទូទៅ ឬ ទ្រឹស្តីមានឥទ្ធិពលទៅបានហើយ (ប៉ុន្តែ ទោះបីជា «ទ្រឹស្តីទូទៅ» ដែល​ស្ទើរតែអ្នក​សិក្សា​ច្បាប់ទាំងអស់ឯកភាពក៏ដោយ ក៏មាន​ករណីខ្លះ នៅពេលដែល​បន្តស្រាវជ្រាវទៅ ទ្រឹស្តីភាគតិចដែលរិះគន់បានក្លាយជា​មានឥទ្ធិពលជាងក៏មានដែរ)។​
(3) ការចេញដំណើរពីមាត្រា
ដូចបានរៀបរាប់ខាងលើនេះអំពី មុខងាររបស់យុត្តិសាស្ត្រ និង ទ្រឹស្តីបកស្រាយរួចហើយ ប៉ុន្តែ ចំណុចដែលសំខាន់បំផុតគឺជាខ្លឹមសារដែលគេបានសរសេរក្នុងមាត្រាច្បាប់។ ការយល់អំពីខ្លឹមសារយ៉ាងត្រឹមត្រូវនៃមាត្រាច្បាប់ ហើយក្រោយមកបង្កើន​ចំណេះដឹងអំពីយុត្តិសាស្ត្រ និង ទ្រឹស្តីបកស្រាយ គឺជាគោលដៅល្អបំផុត។ នៅពេលដែលអ្នកទាំងអស់គ្នាសិក្សា សូមមាន​ច្បាប់​នៅក្នុង​ដៃ ហើយព្យាយាមចងចាំនូវ​គោលគំនិតរបស់មាត្រាជាដំបូង។
III. ដំបូន្មាននៃការ​សិក្សាក្រមរដ្ឋប្បវេណីសម្រាប់អ្នក​អានកម្រិត​មធ្យម
1. វិធីសិក្សា
ខាងក្រោមនេះ គឺជា​យោបល់របស់ខ្ញុំផ្ទាល់ខ្លួនបន្តិចបន្តួច សម្រាប់​បុគ្គលដែល​ក្លាយជា​អ្នក​សិក្សា​កម្រិតមធ្យមនៃ​ក្រម​រដ្ឋប្បវេណី។
(1) សូមពិចារណារឿងរ៉ាវលើជំហររបស់ភាគីម្ខាងទៀត
នៅក្នុង​ក្រម​រដ្ឋប្បវេណី ការ​ពិចារណាអំពី​តុល្យភាពនៃផលប្រយោជន៍របស់ភាគី គឺមាន​សារៈសំខាន់យ៉ាងខ្លាំង។ ឧទាហរណ៍ថា នៅក្នុងកិច្ចសន្យារវាង A និង B បើសិនជា A ទទួលបាន​ផលប្រយោជន៍ខ្លាំង នោះមានន័យថា B នឹងបាត់បង់ផលប្រយោជន៍ខ្លាំង។ ហេតុនេះ ក្រម​រដ្ឋប្បវេណីមានគោលដៅចម្បងក្នុងការរក្សាសមភាព​របស់ភាគីនៅក្នុងប្រភេទនៃជម្លោះនានាក្នុងសង្គម ហើយ​ធ្វើការកែលំអរផ្សេងៗដើម្បីធានានូវសមភាពនេះ និង ផ្តល់នូវកម្រិត​ស្តង់ដារមួយសម្រាប់វាស់នូវ​សេចក្តីសម្រេច​ជាដើម។ បើសិនជាយើងអាចពិចារណាទៅលើគោលជំហរ​របស់ភាគីតែម្ខាងនោះទេ យើងពុំអាច​សិក្សា​ក្រម​រដ្ឋប្បវេណីបានល្អឡើយ។ វាមានករណីជាច្រើនដែលយើងគិតថា វាជារឿងសាមញ្ញធម្មតា ប៉ុន្តែ វាមិនមានជារឿងសាមញ្ញធម្មតារបស់អ្នកដទៃ បើសិនជាយើងផ្លាស់ប្តូរនូវ​ជំហរ​របស់ខ្លួនឯង (រឿងសាមញ្ញរបស់សិស្សអាចជារឿងមិនសាមញ្ញរបស់គ្រូ ឬ រឿងសាមញ្ញរបស់ម្តាយក្មេកអាច​ជារឿងមិន​សាមញ្ញរបស់កូនប្រសារស្រី ជាអាទិ៍។ ពិតហើយ ករណីបញ្ជ្រាសពីនេះក៏មានដែរ)។ នៅក្នុងជីវភាពធម្មតាក៏ដោយ បើសិនជាអ្នកទាំងអស់គ្នាសាកល្បងពិចារណា ពីគោលជំហររបស់អ្នកទៃវិញយ៉ាងម៉េចដែរ។
(2) គ្មានមូលដ្ឋានវាយតម្លៃដែលអាចកាត់ជាពីរស្មើគ្នា
នៅពេលដែល​សិក្សាក្រម​រដ្ឋប្បវេណីទៅមុខទៀត អ្នក​ទាំងអស់គ្នានឹង​ចាប់ផ្តើមមានសំនួរថា «តើនៅក្នុង​ក្រម​រដ្ឋប្បវេណីមាននូវគោលគំនិត និង មូលដ្ឋាននៃការវិនិច្ឆ័យដែលយើងអាច​យកគោលគំនិតនោះ មកដោះស្រាយឱ្យ​បាន​ជាក់លាក់ និង ត្រឹមត្រូវដែរឬទេ?» ។ បើសិនជានៅក្នុង​ក្រមព្រហ្មទណ្ឌ ឬ ច្បាប់ស្តីពីមូលប្បទានប័ត្រជាដើម តែងមានកំណត់អំពីគោលជំហរ ឬ របបជាមូលដ្ឋានយ៉ាង​ច្បាស់លាស់ ហេតុនេះ យើងអាច​មើលឃើញរូបភាពទាំង​ស្រុង​នៃច្បាប់ទាំងមូលបានច្បាស់ ប៉ុន្តែ ខ្ញុំយល់ថានៅក្នុង​ក្រម​រដ្ឋប្បវេណីពុំមានគោលជំហរជាមូលដ្ឋានច្បាស់បែបនេះនោះទេ ហើយខ្ញុំគិតថាយើងនឹងគិតខុស បើសិនជាយល់ឃើញថាក្រមរដ្ឋប្បវេណីមានកំណត់អំពីគោលជំហរ​ទាំងនេះ។ ​ដូចបានឃើញកន្លងមក ខ្លឹមសារដែលកំណត់ក្នុងក្រម​រដ្ឋប្បវេណីពិតជាមានច្រើនបែបច្រើនយ៉ាងណាស់ ហើយមានបញ្ញត្តិជាច្រើនពុំសូវមានទម្រង់បច្ចេកទេសនោះទេ ហេតុនេះ ការយកស្តង់ដារនៃការវិនិច្ឆ័យជាក់លាក់តែ​មួយ​ទៅអនុវត្ត មិនអាច​ធ្វើមានរបៀបរៀបរយនោះទេ។ នេះមានន័យថា បុគ្គលដែលមានអត្តចរិកចង់ពឹងផ្អែក​លើខ្នាតមួយ ឬ មូលដ្ឋានអ្វីមួយច្បាស់លាស់ ដើម្បីស្វែងយល់អំពីខ្លឹមសារក្រមរដ្ឋប្បវេណី ប្រហែលជាមិនអាច​សិក្សា​ក្រម​រដ្ឋប្បវេណីបាន​ល្អនោះទេ។ យើងអាចនិយាយជាលក្ខណៈទូទៅថា គោលគំនិតដើមនៃក្រមរដ្ឋប្បវេណីគឺ យុត្តិធម៌ សេរីភាព​ និង សមភាព ហើយគោលបំណងជាមូលដ្ឋានចម្បងរបស់ក្រមរដ្ឋប្បវេណីគឺ ស្វ័យភាពនៃឆន្ទៈ និង ស្វ័យភាពនៃបុគ្គលឯកជន ហើយដើម្បីឱ្យសម្រេចនូវគោលគំនិត និង គោលបំណងខាងលើនេះ យើងត្រូវមានប្រជាពលរដ្ឋដែលអាចបង្កើតនូវ​វិធានរបស់ខ្លួនដោយខ្លួនឯងបាន។
យ៉ាងណាមិញ នៅក្នុង​ចំណោមអ្នកសិក្សាច្បាប់ មានបុគ្គលមួយចំនួនបានលើកឡើងថា គោលបំណងចម្បង​របស់ក្រមរដ្ឋប្បវេណី គឺ «សុវត្ថិភាពនៃជំនួញ» ហើយការលើកឡើងនេះមិនត្រឹមត្រូវនោះទេ។ សុវត្ថិភាពនៃជំនួញ​សំ​ដៅទៅលើឧទាហរណ៍ដូចជា វត្ថុដែលជាកម្មសិទ្ធិរបស់ A បានធ្លាក់ទៅលើដៃរបស់ C ដោយសកម្មភាពរបស់ B និង C ហើយបើសិនជាយើងការពារសិទ្ធិរបស់ C ដែលបានចូលទៅក្នុង​សកម្មភាពជំនួញ ពោលគឺការពារសុវត្ថិភាពលំហូរ ក្នុងករណីនេះ អ្នកដែល​ត្រូវ​បាត់​បង់ប្រយោជន៍គឺជា A ដែលជា​ម្ចាស់សិទ្ធិ​ពិតប្រាកដទៅវិញ (ពោលគឺ សុវត្ថិភាពលំនឹង)។ ចំពោះការ​ធ្វើលទ្ធកម្មភ្លាមៗ (មាត្រា192) ក៏ជា​ប្រ​ព័ន្ធដែល​បង្កើត​ឡើង​តាមគោលគំនិតដើមខាងលើនេះដែរ ប៉ុន្តែ វាជាប្រព័ន្ធពិសេសដែលកំណត់នៅក្នុងក្រម​រដ្ឋប្បវេណី។ ​គោលបំណងដែល​ក្រម​រដ្ឋប្បវេណីផ្តោតសំខាន់គឺជាភាពសុខដុមរមនា រវាងសុវត្ថិភាពលំហូរ ឬ សុវត្ថិភាពលំនឹង ហើយមិនមែនត្រូវការពារនូវ​សុវត្ថិភាពលំហូរគ្រប់ពេលវេលាទាំងអស់នោះទេ (ចំពោះចំណុចនេះ សូមអ្នកទាំងអស់គ្នាចងចាំថា ច្បាប់ពាណិជ្ជកម្ម​ដែល​ជា​ច្បាប់ពិសេសរបស់ក្រម​រដ្ឋប្បវេណី មាន​គោលបំណងឱ្យកិច្ចការជំនួញប្រព្រឹត្តទៅដោយមានវឌ្ឍនៈភាព និង ប្រក្រតីភាព ហេតុនេះ ច្បាប់ពាណិជ្ជកម្មនឹងផ្តល់ការការពារដល់ «សុវត្ថិភាពលំហូរ» ជាងក្រមរដ្ឋប្បវេណី)។
(3) «ការប្រៀបធៀបផលប្រយោជន៍» គឺជា​មធ្យោបាយចុងក្រោយ
នៅពេលសិក្សាក្រមរដ្ឋប្បវេណីទៅមុខទៀត ឧទាហរណ៍ថា ក្រោយពីពិចារណាលើករណីជាច្រើនរួចហើយ ជាលទ្ធផល ទ្រឹស្តីបកស្រាយខ្លះបានយកមធ្យោបាយ «ប្រៀបធៀប​ផល​ប្រយោជន៍» នៅក្នុងដំណាក់កាលដែលត្រូវសម្រេចថាគួការពារ X ឬ Y។ យើងត្រូវពិចារណាគ្រប់ស្ថានភាពដូចជា តើមានដើមហេតុអ្វីដែលបណ្តាលឱ្យភាគីធ្វើសកម្ម​ភាពបែបនេះ? ឬក៏ តើភាគីអាច​ដឹងជាមុនអំពី​ស្ថានភាពនេះដែរឬទេ? រួចហើយទើបយើងប្រៀបធៀបនូវ​ផលប្រយោជន៍របស់ភាគីដូចត្រូវទទួលការការពារ។ ប៉ុន្តែ ការពិចារណាបែបនេះ ក៏ត្រូវប្រុងប្រយ័ត្នផងដែរ។ មូលដ្ឋានដែល​ត្រូវ​សម្រេចនៅក្នុង​ក្រម​រដ្ឋប្បវេណីគឺ ការ​បកស្រាយមាត្រា និង ការ​បកស្រាយឆន្ទៈរបស់ភាគី។ ហេតុនេះ ការស្វែងរកដំណោះស្រាយដោយផ្តោតទៅលើការប្រៀបធៀបផលប្រយោជន៍តែមួយមុខ ហើយមិនពិចារណាអំពីមូលដ្ឋានទាំងនេះរបស់ក្រមរដ្ឋប្បវេណី គឺមិនអាចធ្វើបានឡើយ។ មាត្រាច្បាប់ត្រូវបានបង្កើតឡើង ដោយពិចារណាអំពីតុល្យភាពនៃ​ផលប្រយោជន៍របស់ភាគីជាមុនរួចហើយ។ ដូចនេះ យើងត្រូវ​ផ្តើមចេញពីការស្វែងរក «ការរក្សាតុល្យ​ភាព​នៃផលប្រយោជន៍ដែល​ស្ថិតនៅក្នុង​ខ្លឹមសារនៃមាត្រាច្បាប់» ជាមុន។ ហើយត្រូវ​ស្វែងយល់អំពី ការអនុវត្ត​ប្រដូច (ការអនុវត្តប្រដូច គឺជាការយកមាត្រាដែលបាន​តាក់តែងឡើងក្នុងគោលបំណងផ្សេង ទៅអនុវត្តឱ្យទូលាយលើករណីផ្សេងទៀត ដោយមូលហេតុថាមានគោលបំណងដូចគ្នាជាដើម) ដែលជាការបន្លាយខ្សែនៃការអនុវត្តឱ្យវែង។ បើសិនជាយើងពិចារណានៃការអនុវត្តដោយផ្ទាល់ និង អនុវត្តប្រដូចរួចហើយ នៅតែមិនអាចមានចម្លើយទៀត ទើប​យើងត្រូវពិចារណាមធ្យោបាយចុងក្រោយដែលជាការប្រៀបធៀបផលប្រយោជន៍។ ហើយមានករណីជាច្រើនដែល​គេបកស្រាយដោយយោងលើបញ្ញត្តិទូទៅរួមមាន ភាពផ្ទុយនឹងគោលការណ៍​សុចរិតភាព (មាត្រា1 កថាខណ្ឌទី2) និង ការប្រើប្រាស់សិទ្ធិដោយបំពាន (មាត្រា1 កថាខណ្ឌទី3) ដូចជាលើកឡើងថា «នៅក្នុងស្ថានភាពបែបនេះ យើងមិនអាចទទួលស្គាល់មធ្យោបាយ​ច្បាប់បែបនេះនោះទេ ដោយសារតែផ្ទុយនឹងគោលការណ៍​សុចរិតភាព» ឬ «ការអនុវត្តសិទ្ធិ (ទោះបីជាមានសិទ្ធិក៏ដោយ) ​នៅក្នុង​ស្ថានភាពបែបនេះ គឺជាការប្រើប្រាស់សិទ្ធិដោយបំពាន» ជាអាទិ៍ (ការដោះស្រាយដោយ​ប្រើប្រាស់បញ្ញត្តិទូទៅ មានន័យថា ជាការប្រើប្រាស់មធ្យោបាយចុងក្រោយ)។
2. ប្រព័ន្ធតុលាការ និង យុត្តិសាស្ត្រ
ខ្ញុំសូមបកស្រាយលម្អិតអំពី ដំណើរនៃការបង្កើត និង របៀបដកស្រង់ «យុត្តិសាស្ត្រ» ដែល​បាន​ពន្យល់ដោយសង្ខេបចំពោះអ្នក​អាន​កម្រិតដំបូង ចំពោះអ្នកអានកម្រិតមធ្យមនៅទីនេះ។
នៅក្នុងប្រទេសជប៉ុន ចំពោះវិវាទទូទៅអាចទទួលបាន​ការសម្រេចដោយតុលាការយ៉ាងច្រើនបំផុតគឺ 3 ដង ដោយតុលាការតំបន់-តុលាការឧទ្ធរណ៍-តុលាការកំពូល (ចំពោះរឿងក្តីរដ្ឋប្បវេណីដែលមានចំនួនទឹកប្រាក់តិចគឺ​ត្រូវ​ជម្រះដោយ 3ថ្នាក់ដែលជា តុលាការសង្ខេប-តុលាការតំបន់-តុលាការឧទ្ធរណ៍។ ហើយការ​សម្រេចសេចក្តី​របស់​តុលាការគ្រួសារចំពោះរឿងក្តីគ្រួសារ ជាគោលការណ៍គឺ ជំនុំជម្រះលើកទី1 នៅតុលាការគ្រួសារ-ជំនុំជម្រះលើកទី2 នៅតុលាការឧទ្ធរណ៍)។ ការជំនុំជម្រះរបស់តុលាការទាំងអស់លើកលែងតែតុលាការកំពូល គឺជាការជំនុំជម្រះ​លើអង្គហេតុដែលជាវិវាទទៅតាមករណីអង្គហេតុនីមួយៗ ហើយតុលាការកំពូលជំនុំជម្រះដោយផ្តោតទៅ​លើអង្គច្បាប់ប៉ុណ្ណោះ (ការបកស្រាយមាត្រា ជាអាទិ៍)។ ហេតុនេះ ទោះបីជាសេចក្តីសម្រេចរបស់តុលាការជាន់ទាបត្រឹមតុលាការឧទ្ធរណ៍ បានសម្រេចនូវ​ខ្លឹមសារដែលមានប្រភេទដូចគ្នាយ៉ាងច្រើនបែបណាក៏ដោយ ក៏វាមិនអាចក្លាយជាការសម្រេច​ចុងក្រោយរបស់អង្គតុលាការ ដរាបណាតុលាការកំពូលមិនទាន់បានចេញសាលដីកា។ លុះត្រាតែ ភាគី​មិនសុខចិត្តនឹងសាលដីកាតុលាការ​ឧទ្ធរណ៍ និងធ្វើបណ្តឹងសារទុក្ខទៅតុលាការកំពូល ហើយក្រោយមកតុលាការ​កំពូលចេញសេចក្តីសម្រេច ទើបឈានដល់ដំណាក់កាលដែលច្បាប់យុត្តិសាស្រ្តត្រូវបានបង្កើត។ ដូចនេះ ចំពោះសេច​ក្តី​សម្រេចរបស់តុលាការជាន់ទាបត្រឹមតុលាការឧទ្ធរណ៍ គេមិនហៅថា «យុត្តិសាស្ត្រ» ទេ តែហៅថា «សេចក្តី​សម្រេច​ពីមុន»។ នៅពេលដែល​តុលាការ​កំពូលសម្រេចសេចក្តីម្តងហើយម្តងទៀតតាមគោលគំនិត​ដដែលទៅលើរឿងក្តីប្រភេទដូចគ្នា វានឹង​ក្លាយទៅជាច្បាប់យុត្តិសាស្ត្រស្ថាពរ។ ដូចនេះ អ្នកទាំងអស់គ្នាត្រូវ​សិក្សាផងដែរ អំពី​សាលដីការតុលាការកំពូលដែលបានក្លាយជាយុត្តិសាស្ត្រច្បាប់ ឬ សាលដីការតុលាការកំពូលណាមួយក៏ដោយ ដែលមានលទ្ធភាពខ្ពស់ក្លាយជា​យុត្តិសាស្ត្រថ្មីនៅពេលក្រោយ។ តុលាការតែងជ្រើសរើសសាលដីការតុលាការកំពូលដែល​ត្រូវបាន​វាយតម្លៃជាយុត្តិសាស្ត្រថ្មី ហើយចងក្រងនៅក្នុងកម្រងសាលដីកាតុលាការកំពូល (រដ្ឋប្បវេណី និង ព្រហ្មទណ្ឌ។ ប៉ុន្តែ មិនមែនសាលដីកាតុលាការកំពូលទាំងអស់ត្រូវបានចងក្រងជាសាធារណៈនោះទេ)។ ឧទា​ហរណ៍ បើយើងដកស្រង់ថា «Judgement of the Supreme Court, March 7, 1974 (Minshu 28-2-174)» វាគឺជាសាលដីកាដែលត្រូវបានប្រកាសដោយសាលសវនាការតូចនៃតុលាការកំពូល ចុះថ្ងៃទី7 ខែមីនា ឆ្នាំ1974 ដូចនេះសាលដីកានេះត្រូវបានចងក្រងនៅក្នុងកម្រងសាលដីការដ្ឋប្បវេណីតុលាការកំពូលជប៉ុន Minshu ភាគទី28 លេខ2 ទំព័រ174។
ដោយឡែក មានក្រុមហ៊ុនទស្សនាវដ្តីយុត្តិសាស្ត្រដែលបោះពុម្ពសាលក្រមរដ្ឋប្បវេណីមួយចំនួន បានចងក្រងទាំងសាលដីកាតុលាការកំពូល តុលាការឧទ្ធរណ៍ និង តុលាការតំបន់ផងដែរ។ ទស្សនាវដ្តីទាំងនោះមានឈ្មោះដូច​ជា «Hanrei Jiho (Hanji)​» «Hanrei Times (Hanta)» និង «Kinyushoji Hanrei (Kinhan)» ជាអាទិ៍។ នៅក្នុងករណីដែលសាលក្រមនោះមាន​ចងក្រងនៅក្នុងកម្រងសាលដីការដ្ឋប្បវេណីតុលាការកំពូលផង និង ទស្សនាវដ្ឋីយុត្តិរបស់ក្រុមហ៊ុនឯកជនផង ជាទូទៅ យើងត្រូវ​ដកស្រង់ចេញពីកម្រងសាលដីការដ្ឋប្បវេណីតុលាការកំពូលមកអាន ប៉ុន្តែ ដើម្បីសិក្សា​បន្ថែម អ្នកទាំងអស់គ្នាក៏គួរតែមើលទាំងទស្សនាវដ្ឋីយុត្តិសាស្ត្ររបស់ក្រុមហ៊ុនឯកជនផងដែរ។ ដោយសារតែទស្សនាវដ្ឋីយុត្តិសាស្ត្ររបស់ក្រុមហ៊ុនឯកជនតែងមានភ្ជាប់មកជាមួយនូវការបកស្រាយដែលគេហៅថា «មតិយោបល់» ទៅលើសាលក្រមដែលបាន​ចងក្រង ហើយវាមានប្រយោជន៍សម្រាប់ការសិក្សា។
3. សម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកអានកម្រិតខ្ពស់
លើសពីនេះ ខ្ញុំសូម​ផ្តល់ជាដំបូន្មានខ្លះសម្រាប់បុគ្គលដែលចង់ក្លាយជាអ្នកសិក្សាកម្រិតខ្ពស់ទៅលើជំនាញ​ក្រម​រដ្ឋប្បវេណី។ កន្លែងនេះ ចំពោះបុគ្គលដែលមិនចាប់អារម្មណ៍នោះទេ អាចអានរំលងចោលបាន។
(1) ការស្វែងយល់អំពីគោលបំណងនៃប្រព័ន្ធនានាដោយចាប់ផ្តើមពីការបកស្រាយច្បាប់
ក្រមរដ្ឋប្បវេណីគឺជាច្បាប់មូលដ្ឋាននៃនីតិឯកជន ហើយត្រូវបានបង្កើតឡើងជិត 110ឆ្នាំ មកហើយ ហេតុនេះ អ្នកទាំងអស់គ្នាប្រហែលជាយល់ថា ចំណុចបញ្ហាដែលត្រូវលើកយកមកបកស្រាយប្រហែលជាលែងមាននៅសល់​ទៀតហើយ។ ប៉ុន្តែ ជាក់ស្តែង ចំណុចបញ្ហាគឺនៅសល់ច្រើនខ្លាំងណាស់។ ហើយមូលហេតុមួយនៅក្នុងនោះគឺ ការបកស្រាយឱ្យច្បាស់អំពីគោលបំណងនៃប្រព័ន្ធនានា និង អត្ថន័យនៃបញ្ញត្តិក្នុងនាមជាចំណុចចាប់ផ្តើមនៃកិច្ចការ​បកស្រាយ មានការយឺតយ៉ាវ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការ​ស្រាវជ្រាវតាមទិសដៅនេះកើតឡើងយ៉ាង​គំ​ហុក ប៉ុន្តែ វានៅមានបញ្ហាជាច្រើននៅឡើយ។ ហើយវិសោធនកម្មក្នុងឆ្នាំ2017 នឹងបង្កើតឱ្យមានបញ្ហានៃការបកស្រាយថ្មីៗទៀត។
តើដើមឡើយប្រព័ន្ធផ្សេងៗនៅក្នុងក្រមរដ្ឋប្បវេណី ផ្តោតលើអ្វី ហើយមានគោលបំណងបែបណា? នេះជាការងារដ៏សំខាន់ដើម្បីសម្រេចថា តើមាត្រានីមួយៗត្រូវបកស្រាយយ៉ាងដូចម្តេច។ និយាយ​បញ្ច្រាសមកវិញគឺ នៅពេលដែលអ្នកទាំងអស់គ្នាមិនដឹងថា តើមូលហេតុអ្វីបានជាគេបកស្រាយបែបនេះ? សូម​អ្នក​ទាំងអស់គ្នាសិក្សាត្រឡប់ក្រោយទៅរកឬសគល់ និង គោលបំណងនៃប្រព័ន្ធនោះ។ ក្នុងករណីនេះ មានសៀវភៅ​ខ្លះគេសរសេររៀបរាប់យ៉ាងលម្អិតអំពី​គោលបំណងនៃប្រព័ន្ធនានា និង សៀវភៅខ្លះពុំមាន​សរសេរលម្អិតនោះទេ ហេតុ​នេះ សូមអ្នកទាំងអស់គ្នាអានសៀវភៅផ្សេងៗឱ្យបាន​ច្រើន ហើយប្រៀបធៀបគ្នា។
(2) ការប្រែប្រួលនៃសង្គម និង ការ​បកស្រាយក្រម​រដ្ឋប្បវេណី
ក្រោយពេលដែលបាន​សិក្សាយ៉ាងច្បាស់លាស់អំពីគោលបំណងនៃប្រព័ន្ធរួចហើយ បញ្ហាបន្ទាប់គឺជា ការ​ស្វែងរកវិធីបកស្រាយប្រព័ន្ធ និង មាត្រានីមួយៗឱ្យបានត្រឹមត្រូវ។ វាគឺជាចំណុចដែលមានការ​ពាក់ព័ន្ធគ្នាដូចជា តើក្រម​រដ្ឋប្បវេណីមានតួនាទីបែបណានៅក្នុង​សង្គម? ឬ តើវាមាន​ទំនាក់ទំនងបែបណាទៅនឹងច្បាប់ពិសេស? ជាអាទិ៍ ពោលគឺ វាមាន​ទំនាក់ទំនងជា​មួយភាពសមហេតុផលនៃទ្រឹស្តីនៅក្នុងមុខវិជ្ជាសិក្សា ដែលគេហៅថា «ការសិក្សាអំពីការ​បកស្រាយច្បាប់»។ វាជាបញ្ហាដែលពិបាកបំផុត។
ជាដំបូង គឺបញ្ហានៃការពិនិត្យមើលលក្ខណៈនៃច្បាប់ ពោលគឺ តើយើងគួរតែទទួលស្គាល់ថា (1) ច្បាប់ត្រូវ​តែរក្សានូវអត្ថន័យ លក្ខណៈ និង មុខងារ ដែលគេផ្តល់ឱ្យនៅពេលតាក់តែងជារៀងរហូត ឬ (2) ច្បាប់ត្រូវ​ផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមការវិវត្តន៍របស់សម័យកាលនីមួយៗ (គោលគំនិតទី (1) គឺ ទ្រឹស្តីឆន្ទៈរបស់នីតិករ ហើយគោលគំនិតទី (2) គឺ ទ្រឹស្តីឆន្ទៈរបស់ច្បាប់)។ គោលគំនិតទាំងពីរនេះ ប្រហែលជាមានជាក់ស្តែង ប៉ុន្តែការមើលច្បាប់ តាមរយៈការប្រកាន់យកនូវគោលគំនិតណាមួយខាងលើនេះ វា​នឹង​ចេញនូវ​លទ្ធផលគោលគំនិតនៃការបកស្រាយខុសគ្នា។ ខ្ញុំគិតថាវិធីដែលត្រឹមត្រូវសម្រាប់ការបកស្រាយច្បាប់គឺ ចាប់ផ្តើមដំបូងដោយស្វែងយល់ឱ្យបានត្រឹមត្រូវ​អំពីគោលបំណងដើមនៃប្រព័ន្ធទាំងមូល និង ស្រាវជ្រាវស៊ីជម្រៅអំពីអត្ថន័យដើម​របស់មាត្រានោះ ហើយតាមរយៈនេះ យើងអាចកំណត់អំពីចំនួននៃវិធីសាស្ត្របកស្រាយដែលអាចធ្វើទៅបាន។ ប្រ​សិនបើមានការវិវត្តន៍សង្គមដែលត្រូវបញ្ចូលនូវតម្រូវការណាមួយដែលខុសពីតម្រូវការសង្គមនៅពេលតាក់តែងច្បាប់នោះ (ឧទាហរណ៍ ខ្លឹមសារអំពីការប្រែប្រួលទម្រង់នៃជំនួញ ឬ ខ្លឹមសារដែលជាទស្សនៈមូលដ្ឋាន ជាអាទិ៍) វាអាច​បន្ថែមនូវ​លទ្ធភាពនៃការបកស្រាយផ្សេងៗទៀត។
បន្ទាប់មក តើគោលគំនិតដែល​លើកឡើងថា ច្បាប់គួរតែត្រូវបានធ្វើ​វិសោធនកម្ម ឬ ត្រូវផ្លាស់ប្តូរ​ទន្ទឹមគ្នាជាមួយ​ការ​ផ្លាស់ប្តូររបស់​សង្គម យ៉ាងម៉េចដែរ? ហើយចំណុចនេះ វាអាស្រ័យទៅលើចរិកលក្ខណៈរបស់ច្បាប់នោះ។ ឧបមាថា ច្បាប់ពាណិជ្ជកម្មគឺជា​ច្បាប់មានលក្ខណៈបច្ចេកទេស និង ឯកទេសខ្លាំងជាងក្រមរដ្ឋប្បវេណី។ ដូចនេះ នៅក្នុង​វិស័យ​នេះគឺចាំបាច់ត្រូវ​ឆ្លើយតបឱ្យបានប្រកៀក និង រហ័សជាមួយការផ្លាស់ប្តូររបស់សង្គម ហេតុនេះ ភាពចាំបាច់ និង ភាព​ត្រឹមត្រូវ​នៃការធ្វើវិសោធនកម្មគឺមានកម្រិតខ្ពស់។ តាមជាក់ស្តែងក៏ដោយ ច្បាប់ពាណិជ្ជកម្ម​ត្រូវ​បាន​ធ្វើវិសោធនកម្ម​ញឹកញាប់ខ្លាំង។ ប៉ុន្តែ ក្រម​រដ្ឋប្បវេណីគឺជា​ច្បាប់មូល​ដ្ឋាននៃនីតិឯកជន ហើយមាន​មូលដ្ឋាននៃគោលគំនិតដើម​នៃ​ច្បាប់ពិសេសជាច្រើន។ ហើយមានគោលដៅគ្របដណ្តប់លើ ភាគីជាច្រើនប្រភេទ និង ទម្រង់នៃជំនួញជាច្រើន​ប្រភេទផងដែរ (នៅក្នុងកិច្ចសន្យាលក់ទិញតែមួយក៏ដោយ ទាំងការទិញទំនិញពីហាងលក់ទំនិញ ទាំងការផ្ទេរឱ្យ​គ្នានូវ​របស់ដែលខ្លួនស្រលាញ់ទៅឱ្យមិត្តភក្តិ សុទ្ធតែ​ស្ថិតនៅក្រោមវិសាលភាពរបស់ក្រម​រដ្ឋប្បវេណី)។ យើងក៏​ត្រូវ​ពិ​ចារណាអំពី​ស្ថិរភាពគតិយុត្តផងដែរ។ តើគួរធ្វើវិសោធនកម្ម​ក្រម​រដ្ឋប្បវេណី ឬ តើគួរបង្កើត​ច្បាប់ពិសេសថ្មីដើម្បី​ដោះស្រាយជាដើម គឺជា​បញ្ហាដ៏សំខាន់។
(3) ក្នុងនាម​ជាអ្នកប្រើប្រាស់​ច្បាប់
ជាចុងក្រោយនេះ ខ្ញុំសូមបង្ហាញអំពី​សំនួរសំខាន់ដែល​ត្រូវ​សួរ នៅពេល​ពិចារណាអំពីច្បាប់នានា មិន​ត្រឹម​តែក្រម​រដ្ឋប្បវេណីនោះទេ។ ទាំងនៅក្នុងការ​បកស្រាយ​ច្បាប់ និងទាំងនៅក្នុង​ការ​តាក់តែងច្បាប់ តើយើង​ត្រូវ​គិតថា នៅកន្លែងណាមួយដែលអាចមានច្បាប់ដែលជាចំណុចកំពូលនៃគោលគំនិត លើសពីចំណេះដឹងរបស់មនុស្សយើងគ្រប់គ្នា (​ច្បាប់​ធម្មជាតិ) ឬ យើងត្រូវគិតថា ច្បាប់ដែលយើងមានសព្វថ្ងៃគឺជារបស់ដែល​ល្អបំផុត ហើយ​គួរកែ​តម្រូវ​ម្តងមួយៗទៅតាមកាលៈទេសៈ។ នេះគឺជាចំណុចមន្ទិលដែលធ្លាប់បានពិភាក្សាយូរមកហើយ។ ប្រសិនបើឈរលើ​គោលជំហរនៃគំនិតវិទ្យាសាស្ត្រចំពោះការសិក្សាច្បាប់ គេប្រាកដជាបដិសេធអំពីអត្ថិភាពនៃច្បាប់ ឬ របស់ដែលលើសពីចំណេះដឹងរបស់មនុស្ស។ ប៉ុន្តែ យើងនៅតែមានមន្ទិលផងដែរ ចំពោះការយកមុខវិជ្ជាច្បាប់ដែលជាមុខវិជ្ជាពឹងផ្អែកលើការវាយតម្លៃ ទៅប្រៀបធៀបស្មើគ្នានឹងមុខវិជ្ជាវិទ្យាសាស្ត្រ ដូចជាមុខវិជ្ជាជីវៈវិទ្យា។ ទោះជាយ៉ាងម៉េចក៏ដោយ មនុស្យយើងម្នាក់ៗមិនមែនជាភាវៈដែលល្អឥតខ្ចោះនោះទេ ហើយ​មនុស្សដែលមិនល្អ​ឥត​ខ្ចោះបើទោះបីជាប្រឹងប្រែងបញ្ចេញនូវគំនិតល្អយ៉ាងណាក៏ដោយ ក៏ច្បាប់ដែលចេញមកពុំអាចល្អឥតខ្ចោះនោះទេ ហើយអ្នកច្បាប់ទាំងអស់មិនអាច​ខ្វះបាននូវគោលគំនិតដាក់ខ្លួនបែបនេះនោះទេ។
IV. សេចក្តីសន្និដ្ឋាន
សរុបមក ក្រមរដ្ឋប្បវេណីគឺជាច្បាប់ដែលមានភាពពាក់ព័ន្ធយ៉ាងច្រើនចំពោះ​ទំនាក់ទំនងជីវភាពសង្គមនៅក្នុង​មួយដំណើរជីវិតរបស់យើងម្នាក់ៗ និងជាច្បាប់មាន «មុខ» យ៉ាងច្រើនតាំងពីកម្រិតដែលពិចារណាអំពី​ចំណង​នៃ​ឆន្ទៈរបស់បុគ្គលនិងបុគ្គល រហូតដល់កម្រិតដែលពាក់ព័ន្ធការគណនានូវ​ការ​ខូច​ខាតដែលកើតឡើងពីការធ្វើជំនួញ​ទ្រព្យសម្បត្តិដូចជា ការធានាកាតព្វកិច្ច និង ការធានាដោយវត្ថុជាអាទិ៍។ គ្រាន់តែប៉ុននេះ យើងអាចនិយាយថា ច្បាប់នេះគឺពិបាកនឹងសិក្សាខ្លាំង ហើយទូលំទូលាយ និង ជ្រៅជ្រះខ្លាំង។ ប៉ុន្តែ លើកលែងតែបុគ្គលដែល​យកការ​ស្រាវជ្រាវក្រម​រដ្ឋប្បវេណីជាអាយុជីវិត សូម​អ្នក​ទាំងអស់គ្នាសិក្សាក្រម​រដ្ឋប្បវេណី​ទៅតាមកម្រិតចាំបាច់ និង ចំណង់ចំណូលចិត្តម្នាក់ៗបានហើយ។ នៅក្នុងអត្ថន័យនេះ ក្រមរដ្ឋប្បវេណីជាច្បាប់ធំទូលាយនិង ស៊ីជម្រៅ ប៉ុន្តែដាច់ខាតមិនធ្វើឱ្យយើងពិបាកនឹងផ្សាភ្ជាប់ជាមួយនោះទេ ផ្ទុយមកវិញ ដូចខ្ញុំបានលើកឡើងតាំងពីខាងដើមម្ល៉េះថា វាជាច្បាប់​នៅ​ជិតស្និទ្ធនឹងយើងខ្លាំងបំផុតប្រសិនបើយើងមិនច្រឡំពីច្រកចូលទេ។ ក្រម​រដ្ឋប្បវេណីហាក់បីដូចជា ហ្គាឡាស៊ីពោរពេញទៅដោយសក្តានុពលដែលត្រូវតែ​ស្រាវជ្រាវឱ្យស៊ីជម្រៅ ទោះបីជាប្រជាពលរដ្ឋក៏ដោយ ឬ និសិ្សតត្រៀមប្រឡង និង អ្នកស្រាវជ្រាវ​ច្បាប់ក៏ដោយ។
សៀវភៅនេះត្រូវបានសរសេរឡើងដោយផ្តោតសំខាន់ទៅលើ បុគ្គលដែលមិនធ្លាប់បានសិក្សាក្រម​រដ្ឋប្បវេណីទាល់​តែសោះ ហើយជាពិសេសបុគ្គលដែលកំពុងតែចាប់ជំនាញ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ ជំនាញផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាបង្ហាញអំពីទិដ្ឋភាពទូទៅ និង របៀបសិក្សាក្រម​រដ្ឋប្បវេណីឱ្យមានប្រសិទ្ធិភាពបំផុត ហើយសូមឱ្យ​សៀវ​ភៅ​នេះអាចក្លាយជាមគ្គុទេសន៍ដល់ «អ្នកដែលចង់សិក្សាក្រមរដ្ឋប្បវេណី»។ ប៉ុន្តែ ខ្ញុំពិតជាសប្បាយចិត្តណាស់ ប្រសិនបើសៀវភៅនេះអាចផ្តល់នូវសារប្រយោជន៍ដល់បុគ្គលគ្រប់រូបទាំងអស់ ដែលបាន​អានសៀវភៅនេះមកដល់​ត្រឹមនេះ រួមទាំងបុគ្គលផ្សេងពីបុគ្គលខាងលើនេះផងដែរ។ ខ្ញុំសូមជូនពរឱ្យការសិក្សារបស់អ្នកទាំងអស់គ្នាកាន់តែមានផ្លែផ្កា ហើយសូមបញ្ចប់សៀវភៅត្រឹមនេះ។