ជំពូកទី 9 : នីតិសន្តតិកម្ម
I. ទិដ្ឋភាព​ទូទៅ​នៃនីតិសន្តតិកម្ម
1. រចនា​សម្ព័ន្ធនៃសន្តតិកម្ម
II. ចំណុច​សំខាន់ៗនៃនីតិសន្តតិកម្ម​
1. សន្តតិកម្ម​តាមច្បាប់
2. ការយល់ព្រម​ និង ការបោះបង់សន្តតិកម្ម​
3. ការបែង​ចែក​មត៌ក
4. សន្តតិកម្ម​ដោយ​មតកសាសន៍
5. ការបំបែក​ទ្រព្យសម្បត្តិ
6. នត្ថិភាព​នៃ​សន្តតិជន
I. ទិដ្ឋភាព​ទូទៅនៃ​នីតិសន្តតិកម្ម
1. រចនា​សម្ព័ន្ធ​នៃសន្តតិកម្ម
(1) ការទទួល​សិទ្ធិ និងករណីយកិច្ច​ដោយ​សន្តតិកម្ម
បុគ្គលនឹង​បាត់បង់សមត្ថភាពទទួលសិទ្ធិនៅពេលដែល​ទទួល​មរណភាព។ មានន័យថា បុគ្គលនោះពុំមែន​ជា​កម្មសិទ្ធិករ ហើយក៏ពុំមែនជាម្ចាស់បំណុលទៀតដែរ។ ដូចនេះ យើងត្រូវតែពិចារណាអំពី បុគ្គលណាដែល​ត្រូវ​ក្លាយ​ជា​ម្ចាស់​សិទ្ធិថ្មីដោយទទួលបន្តនូវ​ទ្រព្យធនរបស់​បុគ្គលនោះ។ ចំពោះ​កាតព្វកិច្ចក៏ដោយ បើសិនជា​គ្មាន​អ្នកណា​ដែល​ត្រូវ​ទទួលបន្តនោះទេ ម្ចាស់បំណុល​នឹង​គ្មាន​ស្ថិរភាពឡើយ។ វិធានដែល​កំណត់​អំពីការ​ទទួលបន្តទាំងអស់​ខាងលើនេះ គឺជា នីតិសន្តតិកម្ម។ បុគ្គលដែលទទួល​បន្តនូវ​សិទ្ធិ និង ករណីយកិច្ចពីអ្នកស្លាប់ ហៅថា សន្តតិជន ហើយ​បុគ្គលដែល​ត្រូវ​គេទទួលបន្ត (អ្នកស្លាប់) ហៅថា មតកជន។
(2) សន្តតិកម្មតាមមតកសាសន៍ និង សន្តតិកម្ម​តាមច្បាប់
វិធានជាមូល​ដ្ឋាននៃសន្តតិកម្មមាន 2ប្រភេទ។ វិធានទីមួយគឺជា សន្តតិកម្ម​តាមមតកសាសន៍។ ដោយ​គោរពតាម​គោល​ការណ៍ស្វ័យភាពនៃឆន្ទៈ និង ស្វ័យភាពនៃបុគ្គលឯកជន ជាគោលការណ៍ បុគ្គលអាច​សម្រេច​បាន​ដោយ​សេរី ចំពោះវិធីបែងចែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក្រោយពេល​ស្លាប់។ វិធីនេះគឺជា មតកសាសន៍ដែល​ជា​សកម្មភាព​ឯក​តោភាគី។ ​ដូចនេះ មតកជនអាចធ្វើមតកសាសន៍ដែលមាន​ខ្លឹមសារថា ប្រទានកម្ម​ទ្រព្យសម្បត្តិទាំងអស់ឱ្យ​ទៅនរណាម្នាក់ដែលមិន​ជាប់សាច់ឈាមទាល់តែសោះក៏បាន ឬ បរិច្ចាគទៅកន្លែងណាក៏បានដែរ។ ប៉ុន្តែ នៅប្រទេស
ជប៉ុនមាន​បញ្ញត្តិស្តីពី ភាគបម្រុង (នឹងពន្យល់នៅផ្នែកខាងក្រោយ) ហើយបាន​កម្រិតជាក់លាក់នូវ​ការធ្វើ​មតកសាសន៍ (ឪពុកម្តាយ សហព័ទ្ធ និង កូនរបស់​មតកជនជាអាទិ៍ ត្រូវ​បាន​ការពារសិទ្ធិ ចំពោះចំណែកជាក់លាក់មួយនៃមត៌ក​)។ ប៉ុន្តែ មតកសាសន៍នឹង​មានអានុភាពទាំងស្រុង ប្រសិនបើគ្មាន​ការ​ទាមទារ​អំពី​ភាគបម្រុងនេះ។
វិធានទីពីរ គឺជា​សន្តតិកម្មតាមច្បាប់ ហើយដែលច្បាប់បានកំណត់នូវ ការ​បែង​ចែកនូវ​ទ្រព្យសម្បត្តិ​របស់អ្នកស្លាប់​ទៅញាតិជាក់លាក់ នូ​វភាគរយជាក់លាក់មួយ។ ក្រម​រដ្ឋប្បវេណីជប៉ុនទទួលស្គាល់នូវសន្តតិកម្ម​តាមមតក​សាសន៍ និង សន្តតិកម្ម​តាមច្បាប់ទាំងពីរនេះ។ ទ្រឹស្តីច្បាប់នៅមាន​វិវាទនៅឡើយ ចំពោះការ​កំណត់​យក​នូវ​វិធីសន្តតិ​កម្ម​ណាមួយធ្វើជាគោលការណ៍ ប៉ុន្តែ ទស្សនៈភាគច្រើនបាន​កំណត់​យកសន្តតិកម្មតាមមតកសាសន៍ជាគោលការណ៍ ដោយសារតែ​គោរពតាម​ស្វ័យភាពនៃឆន្ទៈ ហើយករណីដែល​គ្មាន​ការកំណត់ដោយ​មតកសាសន៍ទេ សន្តតិ​កម្ម​តាមច្បាប់​ត្រូវ​យកមកបំពេញបន្ថែម។ ប៉ុន្តែ នៅប្រទេសជប៉ុនជាក់ស្តែង គេ​មិន​សូវនិយម​ធ្វើ​ជា​មតកសាសន៍នៅ​ឡើយទេ ហេតុនេះ យើងហាក់ដូចជាមើលឃើញថា សន្តតិកម្មតាមច្បាប់គឺជា​គោលការណ៍ ហើយ​មតកសាសន៍ធ្វើ​ឡើងតែ​ក្នុងករណីដែលមិនចង់បែង​ចែក​ដោយសន្តតិកម្មតាមច្បាប់ប៉ុណ្ណោះ។
(3) អានុភាព​នៃ​សន្តតិកម្ម
សន្តតិជនត្រូវ​ទទួលបន្តនូវ​សិទ្ធិ និង ករណីយកិច្ច​ទាំង​ស្រុងដែល​ជា​ទ្រព្យសម្បត្តិ​របស់មតកជន នៅពេល​ដែល​សន្តតិកម្មចាប់ផ្តើម (មាត្រា896)។ លើកលែង​តែសិទ្ធិ និង ករណីយកិច្ច​ផ្តាច់មុខ​របស់​មតកជន (សិទ្ធិ​ និង ករណីយកិច្ចផ្តាច់មុខរបស់​មតកជន​ប៉ុណ្ណោះ)។ សិទ្ធិ​ផ្តាច់មុខរបស់​បុគ្គលសំដៅទៅលើ សិទ្ធិ​ទាមទារអា​ហារ​កាតព្វកិច្ច និង សិទ្ធិ​ទាមទារ​ប្រាក់​ឧបត្ថម្ភជីវភាពជាអាទិ៍ ហើយ​ករណីយកិច្ច​ផ្តាច់មុខរបស់​បុគ្គល​សំដៅទៅលើ កាតព្វកិច្ចធានានៅក្នុង​កិច្ចសន្យា​ធានាផ្ទាល់ខ្លួនជាអាទិ៍។ ប្រសិនបើសន្តតិជនមានច្រើននាក់ មត៌កនឹងក្លាយជា​កម្ម​សិទ្ធិ​អវិភាគ​របស់​សន្តតិជននីមួយៗ (មាត្រា898) ហើយសហសន្តតិជននីមួយៗត្រូវ​ទទួលបន្តនូវ​សិទ្ធិ និងករណីយ​កិច្ច​របស់​មតកជន តាមសមាមាត្រនៃចំណែក​សន្តតិកម្ម​របស់ខ្លួន (មាត្រា899)។
(4) វិសោធនកម្មច្បាប់សន្តតិកម្មឆ្នាំ2018
គន្ថីទី5 ស្តីពី សន្តតិកម្ម នៃ​ក្រម​រដ្ឋប្បវេណីជប៉ុន ត្រូវ​បាន​ធ្វើ​វិសោធនកម្មនៅ​ខែ កក្កដា ឆ្នាំ2018 ដោយ​ផ្តោត​ទៅ​លើផ្នែក​ស្តីពី មតកសាសន៍ សន្តតិកម្មតាមច្បាប់ ការ​បែងចែក​មត៌ក កិច្ចគំាពារសិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ​ជា​អាទិ៍។ វិសោធនកម្មទាំងនេះ គឺជា​គោលនយោបាយ​ដោះស្រាយបញ្ហាសង្គមដែលមានអត្រាកំណើតទាប និង អត្រាជរាខ្ពស់។ នៅពេល​សិក្សា​អំពី​ផ្នែកស្តីពី​សន្តតិកម្មនេះ សូម​អ្នក​ទាំងអស់គ្នាយកចិត្តទុកដាក់​ទៅលើ​ទំនោររបស់​សង្គមផងដែរ។
II. ចំណុច​សំខាន់ៗនៃនីតិសន្តតិកម្ម
1. សន្តតិកម្មតាមច្បាប់
(1) សន្តតិជនតាមច្បាប់
សន្តតិកម្មតាមច្បាប់បានកំណត់អំពី បុគ្គល​ដែល​នឹងក្លាយ​ទៅជា​អ្នកទទួលបន្ត តាមរយៈការ​កើតឡើងនូវ​អង្គ​ហេតុស្តីពី​មរណភាព​របស់​មតកជន (ពេលចាប់ផ្តើម​សន្តតិកម្មគឺជាពេលស្លាប់​របស់​មតកជន។ មាត្រា882)។ តើអ្នកណាខ្លះដែលច្បាប់បានកំណត់ថាជាអ្នកទទួលបន្ត ឬ សន្តតិជន (សន្តតិជនតាមច្បាប់)។ ដំបូង ប្រសិនបើ​មតក​ជន​មានសហព័ទ្ធ (ពោលគឺ ប្រពន្ធ ប្រសិនបើ​មតកជនគឺជា​ប្តី) បុគ្គលនោះនឹងក្លាយជា​សន្តតិជនជានិច្ច (មាត្រា890) ហើយ​ត្រូវ​ទទួល​សន្តតិកម្មនូវ​លំដាប់​ដូចគ្នាទៅនឹង​ញាតិលោហិត​របស់​មតកជនខាងក្រោមនេះ (ប៉ុន្តែ សហព័ទ្ធអនីតិសង្វាសដែល​មិនបាន​ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ពុំត្រូវ​បាន​ទទួលស្គាល់​សិទ្ធិសន្តតិកម្ម​នោះទេ)។ ហើយញាតិលោហិតរបស់​មតកជនត្រូវបាន​កំណត់លំដាប់ ក្នុង​នោះ លំដាប់ទីមួយ គឺជាកូនរបស់​មតកជន (មាត្រា887 កថាខណ្ឌទី1)។ ប្រសិនបើកូនរបស់​មតកជនបាន​ស្លាប់នៅមុនពេល​ចាប់ផ្តើមសន្តតិកម្ម (កូននោះ​បាន​ស្លាប់​នៅមុនពេល​មតកជនស្លាប់) ជាអាទិ៍ បច្ឆាញាតិដែលជាកូនរបស់បុគ្គលនោះ (ពោលគឺ ចៅរបស់​មតកជន) ត្រូវក្លាយ​ជា​សន្តតិជន​ដោយជំនួស (ហៅថា សន្តតិជនជំនួស។ មាត្រា887 កថាខណ្ឌទី2)។ យ៉ាងណាមិញ ក្រម​រដ្ឋប្ប​វេណីបាន​កំណត់អំពី ការ​ចាត់ទុកថា​ទារកនៅក្នុង​គភ៌បានចាប់កំណើតចំពោះសន្តតិកម្ម ហើយ​នេះជា​ការ​ទទួល​ស្គាល់សិទ្ធិ​សន្តតិកម្ម​របស់​ទារកក្នុង​គភ៌ (មាត្រា886 កថាខណ្ឌទី1។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវ​យកមកអនុវត្តឡើយនៅពេល​ដែល​ទារកបាន​ស្លាប់នៅពេលកើត។ មាត្រាដដែល កថាខណ្ឌទី2)។ បើសិនជាមតកជនពុំមាន​កូន និងចៅទេ សន្តតិជននឹង​ត្រូវ​កំណត់ទៅតាម់លំដាប់​ដូចខាងក្រោមនេះ។ លំដាប់ទីពីរ គឺបុព្វញាតិខ្សែផ្ទាល់ (ញាតិលោហិតនៃជំនាន់មុនដែលមាន​ទំនាក់ខ្សែផ្ទាល់ជាមួយមតកជន ដូចជា ឪពុកម្តាយ និង យាយតា។ ប៉ុន្តែ ឪពុកម្តាយមាន​អា​ទិភាពជាងយាយតា), បន្ទាប់មកលំដាប់ទីបី គឺបងប្អូនប្រុសស្រីរបស់មតកជន។ ដូចនេះ សូម​កត់សម្គាល់ថា ចំពោះ​សន្តតិជននៃញាតិលោហិត បើសិនជាមានកូន (ឬ បច្ឆាញាតិផ្ទាល់របស់កូននោះ) បុព្វញាតិខ្សែផ្ទាល់ដូចជា ឪពុក​ម្តាយ​ជា​ដើម មិនអាចក្លាយជាសន្តតិជនទេ ហើយលុះតែគ្មានបច្ឆាញាតិខ្សែផ្ទាល់ និង បុព្វញាតិខ្សែផ្ទាល់ ទើបបងប្អូន​ប្រុសស្រី (ឬបច្ឆាញាតិ​របស់ពួកគេ) ទើបអាចក្លាយជា​សន្តតិជន (មាត្រា889)។
យ៉ាងណាមិញ បុគ្គល​ដែល​បាន​ទទួលទោស ដោយ​មាន​ចេតនាធ្វើឃាតលើមតកជន ឬ បាន​បង្ខំ ឬ ឆបោកឱ្យ​មតកជន​ធ្វើ​មតកសាសន៍ មិនអាច​ក្លាយជា​សន្តតិជនបានឡើយ (មូលហេតុនៃអភ័ព្វរបស់សន្តតិជន។ មាត្រា891)។ ហើយប្រសិនបើបុគ្គលដែល​ត្រូវ​សន្មតជាសន្តតិជនដែលមាន​សិទ្ធិទាមទារ​ភាគបម្រុង បាន​ធ្វើបាប ឬ ធ្វើ​អំពើមិន​ត្រឹមត្រូវលើមតកជន ក្នុងករណីនេះ មតកជនអាច​ទាមទារឱ្យតុលាការគ្រួសារ ដកសន្តតិជននោះចេញពីសន្តតិជនដែល​ត្រូវសន្មតបាន (ការ​ផ្តាច់មត៌កពីសន្តតិជន។ មាត្រា892)។
(2) ចំណែក​សន្តតិកម្មតាមច្បាប់
ក្រមរដ្ឋប្បវេណី មាត្រា900 កំណត់អំពីចំណែកនៃសន្តតិកម្ម​ក្នុងករណីសន្តតិជនដែលត្រូវ​បាន​ច្បាប់សន្មត​នៃ​លំដាប់ដូចគ្នាមានច្រើននាក់ ដូចខាងក្រោមនេះ។ (1) ករណីសហព័ទ្ធ និង កូន គឺ ម្នាក់ៗត្រូវបាន​ចំណែក 1 ភាគ 2។ ប្រសិនបើកូនមានចំនួន 2នាក់ ដូចនេះ ចំណែក 1 ភាគ 2 របស់កូនត្រូវ​យកទៅចែកស្មើគ្នាទៀត (បែងចែកពាក់កណ្តាលម្នាក់ទៀត) ហេតុនេះ កូនម្នាក់ៗត្រូវបានចំណែក 1 ភាគ 4 ។ (2) ករណីសហព័ទ្ធ និង បុព្វញាតិ​ខ្សែ​ផ្ទាល់ គឺ សហព័ទ្ធទទួលបាន 2 ភាគ 3 ហើយ បុព្វញាតិខ្សែផ្ទាល់ទទួលបាន 1 ភាគ 3 ។ ប្រសិនបើបុព្វញាតិ​ខ្សែផ្ទាល់មានច្រើននាក់ ចំណែក​សន្តតិកម្មរបស់បុព្វញាតិខ្សែផ្ទាល់ត្រូវយកទៅបែកចែក​ស្មើៗគ្នា។ (3) ករណី​សហព័ទ្ធ និង បងប្អូនប្រុសស្រី គឺ សហព័ទ្ធទទួលបាន​ចំណែក 3 ភាគ 4 ហើយបងប្អូនប្រុសស្រីទទួលបានចំណែក 1 ភាគ 4។ ប្រសិនបើ​បងប្អូនប្រុសស្រីនោះមានច្រើននាក់ ចំណែក​សន្តតិកម្ម​របស់​បងប្អូនប្រុសស្រីត្រូវ​យកទៅបែង​ចែក​ស្មើៗ​គ្នា។ (4) ចំណែកសន្តតិកម្ម​របស់បងប្អូនប្រុសស្រីដែលមាន​ឪពុកម្តាយរួមគ្នាតែម្ខាង គឺទទួលបាន​ចំណែក 1 ភាគ 2 នៃចំណែករបស់បងប្អូនប្រុសស្រីដែល​មានឪពុកម្តាយទាំងសងខាងរួមគ្នាប៉ុណ្ណោះ (បញ្ញត្តិស្តីពីចំ​ណែក​សន្តតិកម្ម​របស់​កូន​គ្មានខាន់ស្លា ត្រូវ​ស្មើនឹង 1 ភាគ 2 នៃកូនមាន​ខាន់ស្លា ធ្លាប់មាន​ពីមុនមក ប៉ុន្តែ ត្រូវ​បាន​និរាករណ៍​នៅក្នុង​ឆ្នាំ2013)។
ពាកគន្លឹះ : ចំណែក​សន្តតិកម្ម​របស់សហព័ទ្ធ
ចំណែកសន្តតិកម្ម​របស់សហព័ទ្ធ នៅក្នុងបញ្ញត្តិច្បាប់បច្ចុប្បន្នដែល​បានធ្វើ​វិសោធនកម្មក្រម​រដ្ឋប្បវេណីឆ្នាំ1980 បាន​កើនឡើងច្រើនជាងមុន បើប្រៀបធៀប​នឹង​បញ្ញត្តិច្បាប់កន្លងមក (ឆ្នាំ1947)។ តារាង​ខាងក្រោមនេះ គឺបង្ហាញអំពីចំណែក​សន្តតិកម្មដែល​បានរៀបរាប់ខាងលើនេះ។
https://gyazo.com/482de51d5f3deb9e80bbbfc44b92c63f
ក្រម​រដ្ឋប្បវេណី មាត្រា901 បាន​កំណត់ថា ​ករណីដែល​បច្ឆាញាតិផ្ទាល់ក្លាយជា​សន្តតិជនជំនួស ផ្អែក​តាម​មាត្រា887 កថាខណ្ឌទី2 និង ទី3 (មានន័យថា ចៅជាអាទិ៍ ក្នុងករណីដែលកូនដែលជាសន្តតិជនបានស្លាប់) ត្រូវ​ទទួល​បាន​ចំណែក​សន្តតិកម្មដូចគ្នានឹងចំណែករបស់​បុព្វញាតិផ្ទាល់នៃ​សន្តតិជនជំនួសនោះ។ ប្រសិនបើបច្ឆាញាតិ​ផ្ទាល់មានច្រើននាក់ ចំណែក​ដែលបច្ឆាញាតិផ្ទាល់នីមួយៗ​នោះត្រូវ​ទទួលបាន គឺត្រូវ​អនុលោមតាមបញ្ញត្តិនៃមាត្រា900 ស្តីពីចំណែកសន្តតិកម្ម (មាត្រា901 កថាខណ្ឌទី1។ មានន័យថា ប្រសិនបើចៅមាន​ច្រើននាក់ ចំណែក​សន្តតិកម្ម​របស់កូន​ដែលបាន​ស្លាប់នោះ ត្រូវ​យ​កមកបែងចែក​ស្មើៗគ្នារវាងចៅៗ)។ ហើយត្រូវអនុវត្ត​ដូចគ្នាផងដែរ (មាត្រា901 កថាខណ្ឌទី2) ចំពោះ​ករណីកូនរបស់បងប្អូនប្រុសស្រីក្លាយជា​សន្តតិជនជំនួស ដោយផ្អែក​លើ​បញ្ញត្តិនៃមាត្រា889 កថាខណ្ឌទី2 (មានន័យថា កូន​របស់​បងប្អូនប្រុសស្រីដែលបាន​ក្លាយជាសន្តតិជន ហើយ​បុគ្គលទាំងនោះបាន​ស្លាប់)។
(3) ចំណែក​សន្តតិកម្មតាមការកំណត់
ក្រមរដ្ឋប្បវេណី មាត្រា902 បាន​កំណត់ថា ទោះបីជាមាន​បញ្ញត្តិទាំងពីរខាងលើនេះក៏ដោយ ក៏មតកជនអាច​កំណត់អំពី​ចំណែក​សន្តតិកម្ម​របស់​សហសន្តតិជន ឬ ប្រគល់អាណត្តិឱ្យតតិយជន​ដើម្បី​កំណត់អំពី​ចំណែក​សន្តតិកម្ម​នេះ នៅក្នុង​មតកសាសន៍បាន (មាត្រា902 កថាខណ្ឌទី1។ ប៉ុន្តែ ចំពោះភាគបម្រុង សូមយោងចំណុច 4. (សន្តតិកម្ម​តាម​មតកសាសន៍) 5)។ ប្រសិនបើមតកជន បាន​កំណត់អំពីចំណែកសន្តតិកម្ម​របស់​សន្តតិជនម្នាក់ ឬ ច្រើន​នាក់​នៅក្នុងចំណោមសហសន្តតិជនច្រើននាក់ ឬ បើសិនជាមតកជនបានកំណត់ឱ្យតតិយជនផ្សេងជាអ្នក​កំណត់ខ្លឹមសារខាងលើនេះ ក្នុងករណីនេះ ចំណែក​សន្តតិកម្ម​របស់សហសន្តតិជនផ្សេងទៀត (សន្តតិជនដែល​មិនទទួល​បាន​ការកំណត់អំពីចំណែកសន្តតិកម្ម) ត្រូវ​អនុលោមតាមបញ្ញត្តិទាំងពីរមាត្រាខាងលើនេះ (មាត្រា902 កថាខណ្ឌទី2)។
(4) សមភាពរវាង​សន្តតិជន
① ចំណែក​សន្តតិកម្ម​របស់​បុគ្គល​ដែល​ទទួល​បាន​ផលប្រយោជន៍ពិសេស
ប្រសិនបើសន្តតិជនដែល​ត្រូវបានសន្មតមានច្រើននាក់ ហើយ​នៅក្នុង​ចំណោម​សន្តតិជនទាំងអស់នោះ បើសិនជាមានបុគ្គលណាដែលបានទទួលប្រទានកម្មជាពិសេសនៅពេលមតកជននៅរស់ ឬ ទទួលបាន​ដោយអច្ច័យទានជាដើម ក្នុងករណីនេះ ទ្រព្យសម្បត្តិដែលបានទទួលទាំងអស់ខាងលើនេះ ត្រូវ​សន្មតថាជាចំណែក​សន្តតិកម្មដែលបាន​ប្រគល់ឱ្យមុន ហើយ​ត្រូវ​គណ​នា​ចំណែកសន្តតិកម្ម ដោយរាប់បញ្ចូលទ្រព្យសម្បត្តិទាំងអស់នោះត្រឡប់មកវិញ (ផ្នែក​ដែលបានទទួលផលរួចហើយ ត្រូវ​ដកចេញពីចំណែក​សន្តតិកម្ម​របស់​បុគ្គលនោះ)។ នេះគឺជា ប្រព័ន្ធយក​ត្រឡប់មកវិញ​នូវផលប្រយោជន៍ពិសេស (មាត្រា903)។ ផលប្រយោជន៍ពិសេសដែលអាចយកមកពិចារណាបាន មានដូចជា ការទទួលបាននូវការឧបត្ថម្ភថ្លៃសិក្សាដែលមាន​ចំនួនច្រើនខ្លាំងបើប្រៀបធៀបជាមួយសន្តតិជនផ្សេងទៀត និង ប្រទាន​កម្មអចលនវត្ថុនៅពេលរៀបអាពាហ៍ពិពាហ៍ជាអាទិ៍។ ប៉ុន្តែ ច្បាប់វិសោធនកម្មឆ្នាំ2018 បាន​បង្កើតនូវ​បញ្ញត្តិថ្មីដែលកំណត់ថា ត្រូវ​សន្មតថាការបង្ហាញឆន្ទៈប្រទានកម្ម ឬ អច្ច័យទានរបស់មតកជនត្រូវបានដកមកវិញ ប្រសិនបើមតកជនបានធ្វើប្រទានកម្ម ឬ អច្ច័យទាននូវអចលនវត្ថុ (អគារ ឬ ដីនៃអគារនោះ) ​ដែល​សហព័ទ្ធម្ខាងដែល​មាន​ចំណងអាពាហ៍ពិពាហ៍លើសពី 20ឆ្នាំ កំពុងរស់នៅ (កថាខណ្ឌទី4 មាត្រា904 នៃច្បាប់​វិសោធនកម្ម)។ នេះគឺជាបញ្ញត្តិដែល​បង្កើតឡើងដើម្បីធានានូវជីវភាពរបស់ភាគីម្ខាងទៀតនៅពេលជរា (ដាក់ឱ្យអនុវត្ត នៅថ្ងៃទី1 ខែ សីហា ឆ្នាំ2019)។
② ភាគនៃវិភាគទាន
នៅក្នុង​ចំណោម​សហសន្តតិជនទាំងអស់ បើសិនជាមាន​បុគ្គលណាបានធ្វើ​វិភាគទានពិសេស ដើម្បីថែរក្សា ឬ បង្កើនទ្រព្យសម្បត្តិរបស់មតកជន ដោយ​ការ​ផ្តល់ពលកម្មដល់ការងារ​របស់​មតកជន ឬ ដោយការ​ថែទាំមតកជន ជាអាទិ៍ ក្នុងករណីនេះ ការធ្វើវិភាគទានទាំងនោះត្រូវតែយកមកគណនានៅក្នុង​ចំណែកនៃ​សន្តតិកម្ម ទើបអាច​ឆ្លុះ​បញ្ជាំងអំពីសមភាពបាន។ ដោយផ្អែកតាមទស្សនៈនេះ ទើបនៅឆ្នាំ1980 បញ្ញត្តិស្តីពី​ភាគនៃវិភាគទានត្រូវបាន​បន្ថែម (មាត្រា904.2)។ វិភាគទានបែបនេះ ត្រូវ​វាយតម្លៃជាចំនួនទឹកប្រាក់ ហើយទទួលស្គាល់ជាចំនួនកើនតម្លៃនៃចំណែកសន្តតិកម្មសម្រាប់តែចំនួនវិភាគទាននោះ តាមការ​ពិភាក្សារបស់​សហសន្តតិជន ឬ សេចក្តីសម្រេច​របស់​តុលាការគ្រួសារ។
③ ការបង្កើតប្រព័ន្ធជនដែលផ្តល់វិភាគទានពិសេស
ផ្ទុយមកវិញ នៅក្នុងក្រមរដ្ឋប្បវេណីពុំមាន​កំណត់អំពីប្រព័ន្ធដែល​លើកទឹកចិត្តដូចប្រព័ន្ធភាគនៃវិភាគទានខាងលើនោះទេ បើទោះជាបុគ្គលដែលក្រៅពីសហ​សន្តិជន បាន​ផ្តល់នូវ​ការ​បរិច្ចាគពិសេសដល់មតកជនយ៉ាង​ណាក៏​ដោយ (ឧទាហរណ៍ថា សហព័ទ្ធរបស់សន្តតិជន ជាដើម)។ ឧទាហរណ៍ថា A និង B មានកូនពីរនាក់គឺ C និង D ហើយ​ក្រោយមក B បានស្លាប់ ហើយ D ក៏បាន​បំបែកលំនៅ។ អ្នកដែលមើលថែរក្សា A ដែល​ជាចាស់ជរានោះ គឺជា E ដែលជា​ប្រពន្ធរបស់ C។ បើទោះបីជា C បានស្លាប់ទៅហើយ ក៏ E នៅតែបន្តមើលថែរក្សា A ដដែល។ ក្នុងករណីនេះ បើសិនជាក្រោយមក A បានស្លាប់, D នឹង​ក្លាយទៅជា​សន្តតិជនតែ​ម្នាក់គត់ ហើយ E មិនទទួលបាននូវ​មត៌កណាមួយទាល់តែសោះពី A។ ចំណែកឯ ប្រព័ន្ធជនមាន​និស្ស័យពិសេសវិញ (នឹង​រៀបរាប់លម្អិតនៅផ្នែក​ខាងក្រោយ) គឺមិន​អាចយកមកប្រើប្រាស់​បាន​នោះទេ បើទោះបីជា​មាន​សន្តតិជនតែ​ម្នាក់​ក៏ដោយ។ ហេតុនេះ នៅក្នុងច្បាប់​វិ​សោធនកម្មឆ្នាំ2018 គេបានបង្កើតនូវមាត្រា1050 នៅក្នុង​ជំពូកទី10 ថ្មី «ការផ្តល់វិភាគទានពិសេស» ចូលទៅផ្នែក​ចុងក្រោយនៃគន្ថីស្តីពី​សន្តតិកម្ម​នៃក្រម​រដ្ឋប្បវេណី។ ក្នុងជំពូកនេះបានបង្កើតនូវប្រព័ន្ធថ្មីដែល​អនុញ្ញាតឱ្យ «ញាតិរបស់​មតកជនដែលបានផ្តល់នូវ​វិភាគទានពិសេសក្នុងការទ្រទ្រង់ ឬ បង្កើនមត៌ករបស់មតកជន តាមរយៈការមើលថែទាំ ព្យាបាល ឬ ការ​ផ្តល់កម្លាំងពលកម្មផ្សេងទៀតដល់មតកជនដោយមិនយកកម្រៃ» អាច​ទាមទារឱ្យបង់ថ្លៃវិភាគទានពិសេស ដែល​ជា​ការលើកទឹកចិត្តផ្លូវ​ច្បាប់ដល់ការ​បរិច្ចាគរបស់ជនដែលបានផ្តល់​វិភាគទានពិសេស បើទោះបីជាក្នុងករណីដែល​មាន​សន្តតិជនផ្សេងក៏ដោយ។ តាមរយៈនេះ E ដែលនៅក្នុង​ឧទាហរណ៍ខាងលើនេះ អាចទាមទារឱ្យ​បង់ប្រាក់ស្មើនឹងកម្រិតនៃការ​បរិច្ចាគ (ថ្លៃវិភាគទានពិសេស) ចំពោះសន្តតិជន D នៅក្រោយពេលសន្តតិកម្ម​ចាប់​ផ្តើម​បាន។
2. ការ​យល់ព្រម និង ការ​បោះបង់សន្តតិកម្ម
សន្តតិកម្មគឺជា​ការទទួលបន្ត​ទំនាក់ទំនង​ទ្រព្យសម្បត្តិទាំងស្រុងរបស់​អ្នក​ស្លាប់ (ហៅថា ការ​ទទួល​បន្តជា​សកល)។ នេះមានន័យថា នៅក្នុងករណីអ្នកស្លាប់មាន​បំណុលកាលនៅរស់ បំណុលនោះក៏ត្រូវ​ដាក់បញ្ចូល​ក្នុង​មត៌ក​ផង​ដែរ។ តាមរយៈនេះហើយ ទើបមាន​ករណីខ្លះបំណុលមាន​ច្រើនជាងទ្រព្យសម្បត្តិសកម្ម។ នៅក្នុង​ករណី​បែប​នេះ​ក៏ដោយ តើបុគ្គលដែលក្លាយជាសន្តតិជនត្រូវ​តែទទួលសន្តតិកម្ម​ដែរឬទេ? បើសិនជាពិចារណាពីទស្សនៈអំពីស្វ័យភាព​នៃ​ឆន្ទៈរបស់បុគ្គល យើង​ត្រូវ​តែ​ផ្តល់​ឱកាសឱ្យសន្តតិជនអាចសម្រេច​ចិត្ត​ដោយ​ខ្លួនឯង។ ដូចនេះ ក្រម​រដ្ឋប្បវេណីបាន​ទទួលស្គាល់នូវសិទ្ធិរបស់សន្តតិជនក្នុងការជ្រើសរើសយក ①ការ​បដិសេធទាំងស្រុងចំពោះការ​ទទួលទ្រព្យសម្បត្តិបន្ត (ការបោះបង់សន្តតិកម្ម) ឬ ②ការ​ទទួលយកទ្រព្យសម្បត្តិទាំងស្រុង (ការយល់ព្រមទាំងស្រុង) ឬ ③ទទួលខុសត្រូវ​ក្នុងការ​សងកាតព្វកិច្ចជាដើម ក្នុងកម្រិតនៃទ្រព្យសម្បត្តិសកម្មដែល​បានធ្វើ​សន្តតិកម្ម (ការយល់ព្រមដោយកម្រិត) (សូមកត់សម្គាល់ថា សន្តតិជនពុំមាន​ជម្រើសក្នុងការទទួលសន្តតិកម្ម​តែ​ទ្រព្យសម្បត្តិសកម្ម ហើយ​មិន​ទទួលកាតព្វកិច្ចនោះទេ)។ សន្តតិជនត្រូវ​តែជ្រើសរើសតាមជម្រើសខាងលើនេះ ក្នុង​អំឡុងពេល 3ខែ (គេហៅថា អំឡុងពេលសម្រាប់​ពិចារណា) ចាប់ពីពេលដែលបាន​ដឹង​ថាសន្តតិកម្ម​របស់ខ្លួនបានចាប់ផ្តើម (មាត្រា915 កថាខណ្ឌទី1)។
① ការបោះបង់សន្តតិកម្ម : ការបោះបង់សន្តតិកម្ម​ត្រូវ​ដាក់ពាក្យសុំ​ទៅ​តុលាការ​គ្រួសារ (មាត្រា938) ប៉ុន្តែ បុគ្គលដែលបាន​បោះបង់ ត្រូវ​ចាត់ទុកថា មិនមែនជា​សន្តតិជនតាំងពីដំបូង (មាត្រា939)។
② ការយល់ព្រមទាំងស្រុង : នៅក្នុងករណីយល់ព្រមទាំងស្រុង សន្តតិជនត្រូវ​ទទួលបន្តសិទ្ធិ និងករណីយ​កិច្ចរបស់​មតកជនដោយគ្មានកម្រិត (មាត្រា920)។ ត្រូវ​ចាត់ទុកថា សន្តតិជនបាន​យល់​ព្រម​ទាំងស្រុងផងដែរ នៅក្នុងករណីដែលសន្តតិជននោះ​បាន​ចាត់ចែងមត៌កទាំងស្រុង ឬ មួយផ្នែក ឬ ក្នុងករណីដែលសន្តតិជនមិនបានធ្វើការបោះបង់ ឬ យល់ព្រមដោយកម្រិត ក្នុងអំឡុងពេល 3ខែ គិតចាប់ពីពេលដែលបានដឹងអំពីការ​ចាប់ផ្តើមសន្តតិកម្មជាអាទិ៍ (មាត្រា921)។
③ ការយល់ព្រមដោយកម្រិត : សន្តតិជនដែលយល់ព្រមដោយកម្រិត ត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិ ហើយដាក់​ទៅតុលាការគ្រួសារ និងថ្លែងការណ៍​អំពីការ​យល់ព្រម​ដោយ​កម្រិត ក្នុងអំឡុងពេល 3ខែ គិតចាប់ពីពេលដែលបានដឹងអំពីការ​ចាប់ផ្តើមសន្តតិកម្មជាអាទិ៍ (មាត្រា924)​។ ដោយឡែក ប្រសិនបើសន្តតិជនមាន​ច្រើននាក់ ការ​យល់​ព្រមដោយកម្រិតនេះ អាច​ធ្វើបាន​តែក្នុងករណីដែលមាន​ការយល់ព្រមពី​សន្តតិជនទាំងអស់ប៉ុណ្ណោះ (មាត្រា923)។ បើមិនធ្វើបែបនេះទេ ទំនាក់ទំនងគតិយុត្តនឹង​ស្មុគស្មាញខ្លាំង។ ហេតុនេះ នៅក្នុង​ចំណោមសន្តតិជនជាច្រើន បើមាន​សន្តតិជនតែម្នាក់បានអះអាងអំពីបោះបង់ ឬ យល់ព្រមទាំងស្រុង សន្តតិជនផ្សេងទៀតមិនអាចទទួល​យល់ព្រមដោយ​កម្រិតឡើយ (យ៉ាងណាមិញ ប្រសិនបើសហសន្តតិជនផ្សេងទៀតបាន​បោះបង់សន្តតិកម្មទាំងអស់គ្នា ក្នុងករណីនេះ បុគ្គលដែលនៅសល់តែម្នាក់ឯងអាច​យល់ព្រមដោយ​កម្រិតបាន)។
3. ការបែងចែកមត៌ក
ករណីដែលសន្តតិជនមានច្រើននាក់ ទ្រព្យសម្បត្តិ​សន្តតិកម្មត្រូវ​ក្លាយជាទ្រព្យអវិភាគ​របស់សហសន្តតិជនទាំងអស់នោះ​សិន។ ហើយនីតិវិធី​ផ្ទេរចុងក្រោយបំផុតនៃទ្រព្យសម្បត្តិ​សន្តតិកម្មទាំងអស់នោះ គឺជា​ ការ​បែង​ចែក​មត៌ក។ ការបែងចែក​មត៌កមាន 2ប្រភេទ គឺ ការបែងចែក​តាមការ​ពិភាក្សា និង ការ​បែង​ចែកតាមតុលាការ (មាត្រា907)។ រឿងក្តីវិវាទភាគច្រើននៃសន្តតិកម្ម កើតឡើងនៅក្នុង​ដំណាក់​កាលបែង​ចែក​មត៌កនេះ។ បើសិនជាសន្តតិជនអាច​ពិភាក្សារវាងគ្នាបាន ឧបមាថា ដីមួយឡូត៌ដែល​បាន​ធ្វើ​សន្តតិកម្មរួម អាច​ធ្វើ​ជាកម្មសិទ្ធិ​អវិភាគទៅតាម​ភាគរយនៃ​ចំណែក​សន្តតិកម្មដដែល ដោយមិនបែង​ចែកក៏បានដែរ។ មតកជន​ក៏អាច​កំណត់​អំពី​វិធីបែងចែក
មត៌កនៅក្នុង​មតកសាសន៍បានដែរ (មាត្រា908)។ ការបែងចែក​ដោយតុលាការ ត្រូវ​ធ្វើឡើង​តាមរយៈនីតិវិធីសម្រេច​សេចក្តី​នៃតុលាការ​គ្រួសារ។
4. សន្តតិកម្ម​ដោយ​មតកសាសន៍
(1) ទម្រង់នៃមតកសាសន៍
មតកសាសន៍កើតមានអានុភាពចាប់ពីពេល​ដែល​ម្ចាស់បណ្តាំស្លាប់ (មាត្រា985) ហេតុនេះ ក្រម​រដ្ឋប្បវេណី​បាន​តម្រូវ​ឱ្យមតកសាសន៍គោរពនូវទម្រង់យ៉ាងតឹងរឹង ក្នុងគោលបំណង​ក្តាប់ឱ្យបានច្បាស់លាស់អំពី​ឆន្ទៈចុងក្រោយ​របស់​អ្នកស្លាប់ និង ជៀសវាងមិនឱ្យបុគ្គលផ្សេងអាចបន្លំបាន (មតកសាសន៍ពុំអាច​ធ្វើ​ខុសពី​ទម្រង់ដែលមាន​កំណត់​នៅក្នុង​ក្រម​រដ្ឋប្បវេណីនោះទេ។ មាត្រា960)។ ទម្រង់ធម្មតា​ដែលត្រូវ ​បាន​កំណត់(មាត្រា967) មាន 3ប្រភេទគឺ មតកសាសន៍​ដោយ​លិខិតឯកជន មតកសាសន៍​ដោយ​លិខិត​យថាភូត និង មតកសាសន៍ដោយ​លិខិត​សម្ងាត់ ហើយ​ទម្រង់ពិសេស (មាត្រា967 វាក្យខណ្ឌទី2) ដែលត្រូវបានកំណត់រួមមាន មតកសាសន៍​ក្នុងពេលគ្រោះថ្នាក់បន្ទាន់ និង មតកសាសន៍នៅទីដាច់ពីគេ (មតកសាសន៍ដោយជនដែល​មាន​គ្រោះថ្នាក់បន្ទាន់ដល់អាយុជីវិត នៅ​ក្នុង​ចំណោមមតកសាសន៍ខាងលើនេះ គឺជាវិធីធ្វើមតកសាសន៍ដែលជនកំពុងជួប​ប្រទះគ្រោះថ្នាក់​ដល់អាយុជីវិត ដោយសារ​ជំងឺ ឬ ហេតុផ្សេងទៀត ត្រូវ​មាន​ការ​ចូលរួម​ដោយសាក្សីយ៉ាងតិច 3នាក់ ហើយ​ប្រកាសអំពី​ខ្លឹមសារនៃ​មតកសាសន៍ដោយ​ផ្ទាល់មាត់ចំពោះ​សាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងអស់នោះ ហើយសាក្សីម្នាក់នោះត្រូវ​សរសេរ​ខ្លឹមសារជាលាយលក្ខណ៍អក្សរ។ មតកសាសន៍ប្រភេទនេះ អាច​ហៅម៉្យាងទៀតថា មតកសាសន៍នៅដង្ហើមចុង
ក្រោយ។ មាត្រា976)។ ប្រសិនបើពុំមានមតកសាសន៍ ឬ មានមតកសាសន៍ដែរ តែគ្មាន​អានុភាព ក្នុងករណីនេះ សន្តតិកម្មតាមច្បាប់ត្រូវយកមកអនុវត្ត។
① មតកសាសន៍​ដោយ​លិខិតឯកជន : មតកសាសន៍ដោយ​លិខិតឯកជននេះ គឺជា​ទម្រង់ដែល​ងាយ​ស្រួល​ធ្វើជាងគេ ដោយ​ម្ចាស់បណ្តាំមិនចាំបាច់ខ្ចីដៃពីអ្នកណាឡើយ ប៉ុន្តែ ម្ចាស់បណ្តាំត្រូវ​សរសេរខ្លឹមសារទាំងអស់ ចុះថ្ងៃខែឆ្នាំ និង សរសេរឈ្មោះដោយខ្លួនឯង និង ត្រូវ​បោះត្រា។ យ៉ាងណាមិញ បញ្ជីទ្រព្យសម្បត្តិដែល​ជាឯកសារភ្ជាប់មិន​ចាំបាច់សរសេរដោយដៃខ្លួនឯងនោះទេ។ ការបន្ថែម ការ​លុប និង ការកែប្រែពុំមានអានុភាពឡើយ ប្រសិនបើម្ចាស់បណ្តាំមិនបាន​បង្ហាញ​អំពីកន្លែងនោះ ហើយ​សរសេរបន្ថែមនូវខ្លឹមសារកែតម្រូវ ហើយចុះឈ្មោះ និង បោះត្រានៅនឹងកន្លែងនោះទេ (មាត្រា968)។
② មតកសាសន៍​ដោយ​លិខិត​យថាភូត : មតកសាសន៍ដោយ​លិខិតយថាភូតនេះ ត្រូវ​ធ្វើឡើងដោយមន្ត្រី​សារការី ហើយ 1)មានការចូលរួមពី​សាក្សីយ៉ាងតិច 2នាក់។ 2)ម្ចាស់បណ្តាំត្រូវ​ប្រកាស (ប្រាប់ផ្ទាល់មាត់) អំពីខ្លឹមសារនៃ​មតកសាសន៍ចំពោះមន្ត្រីសារការី។ 3)មន្ត្រីសារការីត្រូវសរសេរជាលាយលក្ខណ៍អក្សរនូវ​សេចក្តីថ្លែងរបស់​ម្ចាស់​បណ្តាំ ហើយអានឱ្យម្ចាស់បណ្តាំ និង សាក្សីស្តាប់ ក្រោយមកដាក់ឱ្យម្ចាស់បណ្តាំ និង សាក្សីពិនិត្យមើល (ការ​ដាក់​ឱ្យ​ពិនិត្យមើលនេះ ត្រូវ​បាន​បន្ថែមនៅក្នុងវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។ 4)ម្ចាស់បណ្តាំ និង សាក្សីត្រូវ​សរសេរ​ឈ្មោះ និង បោះត្រា ក្រោយពី​ទទួលស្គាល់នូវភាពត្រឹមត្រូវ​នៃសេចក្តីថ្លែងជាលាយលក្ខណ៍អក្សរ។
5)មន្ត្រីសារការីត្រូវ​សរសេរឈ្មោះ និង បោះត្រា ហើយលេខាចារឹកនូវ​ខ្លឹមសារថា មតកសាសន៍នេះបាន​ធ្វើឡើងដោយគោរពតាមលក្ខ​ខណ្ឌខាងលើនេះ (មាត្រា969)។ ទម្រង់នេះអាច​ស្មុគស្មាញបន្តិច ប៉ុន្តែ មានភាព​ច្បាស់លាស់ខ្លាំង។ យ៉ាងណាមិញ នៅក្នុងករណីដែលបុគ្គលដែលមិនអាច​និយាយបានមានបំណងធ្វើ​មតកសាសន៍ដោយលិខិតយថាភូត ម្ចាស់បណ្តាំ​ត្រូវឱ្យអ្នកបកប្រែភាសាកាយវិការជាអ្នកធ្វើសេចក្តីថ្លែង ឬ សរសេរដោយខ្លួនឯងនូវ​ខ្លឹមសារមតកសាសន៍ ជំនួសឱ្យការ​ប្រកាសដោយម្ចាស់បណ្តាំក្នុងចំណុច 2)បាន។ ត្រូវ​អនុវត្ត​ដូចគ្នាផងដែរ ក្នុងករណីដែលម្ចាស់បណ្តាំ ឬ សាក្សី​គឺជា​បុគ្គលដែលមិនអាចស្តាប់បាន ដោយមន្ត្រីសារការីត្រូវឱ្យអ្នកបកប្រែកាយវិការបង្ហាញអំពី​ខ្លឹមសារនៃ​មតកសាសន៍ ជំ​នួសឱ្យការ​អានឱ្យស្តាប់នៃចំណុចទី 3)បាន (ខ្លឹមសារនេះកំណត់ក្នុងមាត្រា969.2 ដែល​ត្រូវបាន​​បន្ថែមនៅក្នុងវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។
③ មតកសាសន៍ដោយ​លិខិត​សម្ងាត់ : មតកសាសន៍ដោយ​លិខិតសម្ងាត់នេះ គឺជាមតកសាសន៍ដែល​ម្ចាស់​បំណ្តាំត្រូវ​សរសេរដោយខ្លួនឯង ឬ ឱ្យ​អ្នក​ដទៃសរសេរ ដោយសរសេរឈ្មោះ និង បោះត្រារបស់ខ្លួនឯង ហើយដាក់​ចូល​ក្នុង​ស្រោមសំបុត្របិទជិត និង បោះត្រាពីលើមាត់ស្រោមសំបុត្រនោះ។ បន្ទាប់មកម្ចាស់បំណ្តាំ ត្រូវ​ដាក់សំបុត្របិទជិតនោះ នៅចំពោះមុខមន្ត្រីសារការីម្នាក់ និង សាក្សី 2នាក់ ហើយថ្លែងការណ៍ថា ក្នុងសំបុត្រនេះជាលិខិតមតក​សាសន៍របស់ខ្លួន ហើយសរសេរដោយខ្លួនឯងផ្ទាល់ ឬ ដោយ​បុគ្គលណាផ្សេងជាអាទិ៍ និងក្រោយមកមន្ត្រីសារការី​ត្រូវ​ចុះថ្ងៃខែឆ្នាំដែល​ម្ចាស់បំណ្តាំបានដាក់ចូល និង សរសេរសេចក្តីថ្លែងការណ៍​របស់ម្ចាស់បណ្តាំនៅលើសំបុត្របិទជិតនោះ ហើយ​ត្រូវ​ចុះហត្ថលេខាដោយខ្លួនមន្ត្រីសារការីផ្ទាល់ ជាមួយគ្នានឹង​សាក្សី និង ម្ចាស់បំណ្តាំ (មាត្រា970)។ យ៉ាងណាមិញ នៅក្នុងករណីដែលបុគ្គលដែលមិនអាច​និយាយបាន ហើយមានបំណងធ្វើ​មតកសាសន៍ដោយលិខិតសម្ងាត់ បុគ្គលនោះត្រូវ​ធ្វើសេចក្តីថ្លែងការណ៍ដូចខាងលើនេះ ដោយការបកប្រែរបស់អ្នកបកប្រែ ឬ ​ដោយ​លិខិតបិទជិត​នោះ​ដោយខ្លួនឯង (មាត្រា972 នៃវិសោធនកម្មច្បាប់ខែមេសា ឆ្នាំ2000)។
(2) អច្ច័យទាន
ជាគោលការណ៍ ខ្លឹមសារនៃមតកសាសន៍គឺធ្វើបាន​ដោយសេរី។ ម្ចាស់បណ្តាំ អាចកំណត់អំពីការ​ផ្លាស់ប្តូរ​ចំ​ណែក​នៃសន្តតិកម្ម​ចំពោះសន្តតិជនដែល​ត្រូវបាន​សន្មតជាអាទិ៍នៅក្នុងមតកសាសន៍បាន ហើយក្នុង​មតកសាសន៍នេះ ក៏អាចកំណត់អំពីការប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យ​ទៅអ្នកណាក៏បានដែរ (ទោះបីជាបុគ្គលក្រៅពី​សន្តតិជន​ដែលបាន​សន្មតក៏បានដែរ)។ នេះហៅថា អច្ច័យទាន។ អាចធ្វើអច្ច័យទាននូវ​ទ្រព្យសម្បត្តិទាំងអស់ឱ្យទៅអ្នកណាម្នាក់ (អច្ច័យទានសកល) ឬ ធ្វើអច្ច័យទានតែទ្រព្យសម្បត្តិជាក់លាក់ណាមួយឱ្យទៅអ្នកណាម្នាក់ (អច្ច័យទាន​មាន​កំណត់) ក៏បានដែរ (មាត្រា964)​។
អ្នកដែលទទួលអច្ច័យទានហៅថា អច្ច័យលាភី។ បើសិនជាមិន​ចង់ទទួលអច្ច័យទានទេ អច្ច័យលាភីអាចបោះ​បង់អច្ច័យទានពេលណាក៏បាន នៅក្រោយពេល​ដែល​ម្ចាស់បណ្តាំបានទទួលមរណភាព (មាត្រា986 កថាខណ្ឌទី1)។ ដោយសារតែ សន្តតិជនតាមផ្លូវ​ច្បាប់អាចបោះបង់សន្តតិកម្មបាន ហេតុនេះ អច្ច័យលាភីក៏ដូចគ្នាដែរ។ យ៉ាងណា​មិញ អច្ច័យលាភីសកលត្រូវមាន​សិទ្ធិ និង ករណីយកិច្ច​ដូចគ្នានឹង​សន្តតិជនផងដែរ (មាត្រា990)។
សូមពិនិត្យមើលអំពី ប្រទានកម្ម​ដោយ​មូលហេតុមរណភាពវិញម្តង។ ដូចបានរៀបរាប់នៅក្នុងជំពូកទី4 រួចហើយថា ប្រទានកម្ម​ដោយមូលហេតុមរណភាព គឺជាប្រទានកម្មដែលមានភ្ជាប់លក្ខខណ្ឌបង្អង់ស្តីពីមរណភាពរបស់​ទាយក (អានុភាពកើតឡើងដោយសារមរណភាព) ហើយវាជាកិច្ចសន្យា​ដែលមតកជនបានធ្វើពេលនៅរស់ ខុសពីអច្ច័យទានដែលជា​សកម្មភាពឯកតោភាគី។ ដោយឡែក ប្រទានកម្មនេះមានមុខងារស្រដៀងគ្នានឹងអច្ច័យទាន ហេតុនេះហើយ ក្រមរដ្ឋប្បវេណីបានកំណត់ថា បញ្ញត្តិស្តីពី​អច្ច័យទាន​ត្រូវ​យកមកអនុវត្ត​ដូចគ្នាផងដែរ ចំពោះករណីប្រទាន​កម្ម​ដោយ​មូលហេតុមរណភាព (មាត្រា554)។ នៅក្នុងច្បាប់ស្តីពីពន្ធលើ​សន្តតិកម្មក៏បានបញ្ចូលប្រទានកម្ម​ដោយ​មូលហេតុមរណភាពជាអច្ច័យទានផងដែរ (ច្បាប់ដដែល មាត្រា1.3 កថាខណ្ឌទី1 ចំណុចទី1)។
(3) ការ​ដកមតកសាសន៍
គោលការណ៍សេរីភាពនៃមតកសាសន៍ រួមបញ្ជូលទាំងសេរីភាពនៃខ្លឹមសារ និង សេរីភាពនៃការ​ដកវិញ។ ម្ចាស់បណ្តាំ អាច​ដកមតកសាសន៍មួយផ្នែក ឬ ទាំងមូលនៅពេលណាក៏បាន ដោយគោរព​តាម​ទម្រង់​នៃ​មតក​សាសន៍ (មាត្រា1022)។ មានន័យថា គេគោរពនូវឆន្ទៈនាពេលចុងក្រោយបំផុតនៅមុនពេលទទួលមរណភាព ហេតុនេះ មតក​សាសន៍អាចសរសេរឡើងវិញចំនួនប៉ុន្មានដងក៏បានដែរ។ ហើយប្រសិនបើខ្លឹមសារនៃមតកសាសន៍មុន និង មតកសាសន៍ក្រោយផ្ទុយគ្នា ត្រូវ​ចាត់ទុកថា មតកសាសន៍ក្រោយបានដកនូវ​មតកសាសន៍មុន ចំពោះផ្នែកដែល​ផ្ទុយគ្នានោះ (មាត្រា1023 កថាខណ្ឌទី1)។
5. សិទ្ធិ​អាស្រ័យនៅ​របស់សហព័ទ្ធ
(1) គោល​បំណងនៃការ​បង្កើត
តាមរយៈវិសោធនកម្ម​ច្បាប់​សន្តតិកម្មឆ្នាំ2018 បញ្ញត្តិ​ស្តីពី សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ និង សិទ្ធិអាស្រ័យ​នៅរយៈពេល​ខ្លី​របស់សហព័ទ្ធ​ត្រូវ​បានបង្កើតថ្មី ហើយ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​នៅថ្ងៃទី1 ខែមេសា ឆ្នាំ2020។ គោល​បំណង​នៃការបង្កើតបញ្ញត្តិនេះ គឺដើម្បី​គាំពារសិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធដែល​នៅរស់ ក្នុងសង្គមដែល​សម្បូរ​ដោយ​ចាស់​ជរាក្នុងពេល​បច្ចុប្បន្ន។ បើនិយាយឱ្យងាយយល់ទៅ នេះគឺជាវិធានដែល​បានបង្កើតថ្មី ដើម្បី​ឱ្យប្រពន្ធដែល​រស់នៅក្នុងផ្ទះដែល​មាន​ឈ្មោះរបស់ប្តី អាច​បន្តរស់នៅក្នុងផ្ទះនោះទៀត ក្នុងករណី​ដែល​ប្រពន្ធ និង កូន​បាន​បែង​ចែក​ទ្រព្យសម្បត្តិ​នៅពេល​ដែល​ប្តីស្លាប់។
(2) សិទ្ធិ​អាស្រ័យនៅ​របស់​សហព័ទ្ធ
សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ (មាត្រា1028 ថ្មី) គឺជាសិទ្ធិតាមច្បាប់ដែល​ទទួលស្គាល់ឱ្យសហព័ទ្ធអាច​ប្រើប្រាស់ ឬ អាស្រ័យផលពីអចលនវត្ថុដែល​ជា​កម្មសិទ្ធិ​របស់មតកជនដោយមិនគិតកម្រៃអស់មួយជីវិត ឬ ក្នុងអំឡុងពេល​ជាក់លាក់ណាមួយ ក្នុងករណីដែល​សហព័ទ្ធកំពុង​ស្នាក់នៅអចលនវត្ថុនោះនៅពេល​ចាប់ផ្តើមសន្តតិកម្ម។ ①សហព័ទ្ធអាច​ធ្វើលទ្ធកម្ម​សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ ក្នុងនាម​ជា​ជម្រើសមួយនៅពេល​បែង​ចែក​មត៌កក៏បាន ឬ②សហព័ទ្ធអាច​ធ្វើលទ្ធកម្ម​សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ តាមរយៈអច្ច័យទាន​របស់មតកជនក៏បាន។
ឧបមាថា មត៌កសរុបមានចំនួន 50ម៉ឺនដុល្លារ (ផ្ទះតម្លៃ 30ម៉ឺនដុល្លារ ហើយប្រាក់ក្នុងគណនីចំនួន 20ម៉ឺន​ដុល្លារ) ហើយសន្តតិជនរួមមាន ប្រពន្ធ និង កូន 2នាក់។ ករណីនេះពុំមាន​មតកសាសន៍ទេ ហេតុនេះ សន្តតិកម្ម​ត្រូវ​បែង​ចែកជា 1ភាគ2 តាមការ​កំណត់របស់ច្បាប់។ នៅមុនពេលវិសោធនកម្ម ប្រពន្ធត្រូវទទួលបាន​សន្តតិកម្មក្នុង​ចំនួន 25ម៉ឺនដុល្លារប៉ុណ្ណោះ ហេតុនេះ គាត់មិនអាច​ធ្វើ​សន្តតិកម្មទាំងស្រុងនូវ​កម្មសិទ្ធិនៃផ្ទះបានទេ។ ដូចនេះ ផ្ទះនោះ​ត្រូវ​លក់ ហើយប្តូរជាប្រាក់ ដើម្បី​បែង​ចែកទៅសន្តតិជន។ ហើយក្រោយមក សហព័ទ្ធនឹង​បាត់បង់ផ្ទះដើម្បី​ស្នាក់​នៅបន្តទៀត។ ដូចនេះ បន្ទាប់ពីការធ្វើវិសោធនកម្ម កម្មសិទ្ធិនៃផ្ទះដែលជាកម្មសិទ្ធិ​ដែល​មាន​ភ្ជាប់បន្ទុក (កាតព្វកិច្ច​ដែល​ត្រូវ​ឱ្យសហព័ទ្ធរស់នៅក្នុងអំឡុងពេល​ជាក់លាក់មួយ គឺជា «បន្ទុក») និង សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ ត្រូវ​យកមកបែងចែកគ្នា ហើយប្រពន្ធត្រូវ​ទទួលសន្តតិកម្មនូវ​សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធ ដើម្បីអាច​បន្តរស់នៅ​ផ្ទះ​របស់ខ្លួន ចំណែកឯ កូន​ត្រូវ​ទទួលសន្តតិកម្ម​នូវ​កម្មសិទ្ធិ​ដែលភ្ជាប់បន្ទុក។ ឧបមាថា តម្លៃនៃសិទ្ធិអាស្រ័យនៅ​របស់​សហព័ទ្ធមានចំនួន 15ម៉ឺនដុល្លារ ក្នុងករណីនេះ ប្រពន្ធអាច​ធ្វើ​សន្តតិកម្ម​នូវ​សិទ្ធិ​អាស្រ័យនៅ និង ប្រាក់ក្នុង​គណនី​ចំនួន 10ម៉ឺនដុល្លារទៀត (កូនធ្វើសន្តតិកម្មនូវ​កម្មសិទ្ធិ​ដែល​មាន​ភ្ជាប់បន្ទុកចំនួន 15ម៉ឺនដុល្លារ និង ប្រាក់ក្នុង​គណនីចំនួន 10ម៉ឺនដុល្លារ)។ តាមរយៈនេះ ប្រពន្ធអាច​រក្សាបានទាំងកន្លែង​ស្នាក់នៅ និង ប្រាក់ថ្លៃជីវភាពបាន។
អំឡុងពេលអត្ថិភាពនៃ​សិទ្ធិ​អាស្រ័យនៅរបស់សហព័ទ្ធនេះ គឺពេញមួយជីវិតរបស់សហព័ទ្ធ (វាក្យខណ្ឌទី1 មាត្រា1030 ថ្មី។ ប៉ុន្តែ គេអាច​កំណត់ផ្សេងបាន តាមរយៈការ​ពិភាក្សាបែង​ចែកទ្រព្យសម្បត្តិ, មតកសាសន៍ ឬ ដីកា​សម្រេច​របស់​តុលាការ​គ្រួសារ។ វាក្យខណ្ឌទី2 មាត្រាដដែល)។ មានន័យថា នៅពេលដែល​សហព័ន្ធបានស្លាប់ កូន​ដែល​ទទួលកម្មសិទ្ធិ​ដែលមាន​ភ្ជាប់បន្ទុក នឹង​ទទួលបាន​កម្មសិទ្ធិយ៉ាងពេញលេញ នៅ​ចំណុច​ពេលដែល​ «បន្ទុក» បាន​បាត់បង់នោះ។
(3) សិទ្ធិ​អាស្រ័យនៅរយៈពេលខ្លី​របស់​សហព័ទ្ធ
សិទ្ធិ​អាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធ សំដៅទៅលើសិទ្ធិដែល​សហព័ទ្ធអាច​បន្តប្រើប្រាស់ដោយមិន​គិត​កម្រៃពីអគារជាកម្មសិទ្ធិរបស់​មតកជន ក្នុងអំឡុងពេលរហូត​ដល់មាន​ការ​សម្រេចស្ថាពរចំពោះអគារនោះតាមរយៈ​ការ​ពិភាក្សាបែង​ចែកទ្រព្យសម្បត្តិ ឬ ក្នុងអំឡុងពេល 6ខែ គិតចាប់ពីពេល​ដែល​សន្តតិកម្ម​បាន​ចាប់ផ្តើម ក្នុង​ករណីដែលសហព័ទ្ធ​នោះកំពុង​ស្នាក់នៅដោយ​មិន​គិត​កម្រៃលើអគារនោះនៅពេលចាប់ផ្តើមសន្តតិកម្ម នៅក្នុង​រឿងក្តីដែល​ត្រូវ​បែង​ចែកមត៌ករវាង​សហសន្តតិជន (មាត្រា1037 ថ្មី)។ នៅក្នុងយុត្តិសាស្ត្រច្បាប់មុនពេល​វិសោធនកម្ម គេ​បាន​សន្មតថា ជាគោលការណ៍ មតកជន និង សន្តតិជន​ណាម្នាក់ក្នុងចំណោមសហសន្តតិជនទាំងអស់ បានបង្កើតនូវ​កិច្ចសន្យាជួលរវាងគ្នា ប្រសិនបើសន្តតិជននោះកំពុងតែ​រស់នៅផ្ទះរបស់មតកជន នៅពេល​ចាប់ផ្តើមសន្តតិកម្ម។ ប៉ុន្តែ នៅក្នុងយុត្តិសាស្ត្រច្បាប់នេះមានចំណុច​បញ្ហាមួយ។ ប្រសិនបើផ្ទះស្នាក់នោះបាន​ធ្វើអច្ច័យទានទៅឱ្យតតិយ​ជន ឬ មតកជនបាន​បង្ហាញឆន្ទៈបដិសេធ ក្នុងករណីនេះ សិទ្ធិជួលមិនត្រូវ​បានសន្មតថាកើតឡើងនោះទេ។ ដូចនេះ តាមរយៈបញ្ញត្តិនៃសិទ្ធិ​អាស្រ័យនៅរយៈពេលខ្លីរបស់សហព័ទ្ធនេះ សហព័ទ្ធអាច​បន្តអាស្រ័យនៅយ៉ាងហោច​ណាស់រយៈពេល 6ខែ បើទោះបីជា​មតកជនជាអាទិ៍មានឆន្ទៈយ៉ាងណាក៏ដោយ។
6. ភាគបម្រុង
ក្រមរដ្ឋប្បវេណីមានកំណត់អំពី​ប្រព័ន្ធភាគបម្រុង ហើយវាជា​ការ​កម្រិត​ជាក់លាក់​មួយ​ចំពោះសេរីភាពនៃមតកសាសន៍។ បើផ្អែកតាមការគោរពឆន្ទៈរបស់បុគ្គលឯកជន គេគួរតែទទួលស្គាល់នូវ​សេរីភាពនៃការ​ចាត់ចែងទាំងពេលនៅរស់ និងការចាត់ចែង​ក្រោយពេលស្លាប់ ប៉ុន្តែ ក្រុមគ្រួសារដែល​ទទួលបាន​អាហារកាតព្វកិច្ចពីអ្នកស្លាប់ជាអាទិ៍ និង ការរំពឹងទុក​នៃការទទួលបន្តទ្រព្យសម្បត្តិរបស់​សន្តតិជនដែល​ត្រូវ​សន្មត ក៏​គួរតែ​ត្រូវ​បាន​ការពារផងដែរ។ ដូចនេះ មត៌កមួយផ្នែកត្រូវ​ចាត់ទុកជាភាគបម្រុង ហើយទុកសម្រាប់ធានាដល់សន្តតិជន។ ប៉ុន្តែ ទោះបីជាមានការធានាភាគបម្រុងនេះក៏ដោយ ក៏ការធ្វើអច្ច័យទាន ឬ ​ប្រទានកម្មមុនពេលស្លាប់ នូវទ្រព្យសម្បត្តិទាំងអស់មិនត្រូវបានមោឃភាពនោះទេ។ តាមរយៈការអនុវត្តការ​ទាម​ទារចំនួនដែលបំពានភាគ​បម្រុង អ្នកមាន​សិទ្ធិ​លើ​ភាគបម្រុងដែល​រងការ​បំពានភាគបម្រុង អាចទាមទារជាទឹកប្រាក់ស្មើនឹងកម្រិតនៃការបំពានដល់ភាគបម្រុងបាន (មាត្រា1046 ថ្មី។ មុនវិសោធនកម្មឆ្នាំ2018 គេបានបញ្ញត្តថា អ្នកមាន​សិទ្ធិ​លើភាគបម្រុងអាច​បដិសេធអច្ច័យទាន និង ប្រទាន​កម្មពេលនៅរស់ នូវ​ផ្នែកដែលបានបំពាន​ភាគបម្រុងបាន។ ប៉ុន្តែ តាមរយៈវិសោធនកម្មនេះ គេបានប្តូរពីការ​បដិសេធនោះ មកជាអាចទាមទារជាប្រាក់នូវ​ផ្នែកដែល​បំពាននោះបាន។ ហេតុនេះ ពាក្យ «ការទាមទារដើម្បី​បង្គ្រប់ភាគបម្រុង» នៅក្នុងមាត្រា1031 ដែលប្រើមុនពេលវិសោធនកម្ម ត្រូវ​ប្តូរមក «ការទាមទារចំនួនដែល​បំពានភាគបម្រុង» វិញ)។
អ្នកដែលមាន​សិទ្ធិលើភាគបម្រុងដែល​ត្រូវបានទទួលស្គាល់ភាគបម្រុង គឺជាបុគ្គលដែលជា​សន្តតិជនត្រូវបាន​សន្មតទាំងអស់ ក្រៅពីបងប្អូនប្រុសស្រី។ សមាមាត្រនៃភាគបម្រុងមានដូចតទៅនេះ : 1 ភាគ 3 នៃទ្រព្យសម្បត្តិសន្តតិកម្ម ក្នុងករណីដែលមានតែ​បុព្វញាតិខ្សែផ្ទាល់ក្លាយជាសន្តតិជន ហើយ 1 ភាគ 2 នៃទ្រព្យសម្បត្តិ (មាត្រា1042) ក្នុង​ករណី​ក្រៅពីនេះ (ករណីដែលមាន​សហព័ទ្ធ និង បច្ឆាញាតិខ្សែផ្ទាល់ជាអាទិ៍)។ ភាគបម្រុងនីមួយៗរបស់​អ្នកដែលមាន​សិទ្ធិ​លើភាគបម្រុង ត្រូវយកមកគណនាតាមសមាមាត្រនៃចំណែកសន្តតិកម្ម​តាមច្បាប់របស់​បុគ្គលនីមួយៗ។ ឧទាហរណ៍ថា សន្តតិជនរួមមាន សហព័ទ្ធ និង កូន 2នាក់។ ដំបូង ភាគបម្រុងសរុប គឺចំនួន 1 ភាគ 2 នៃទ្រព្យសម្បត្តិសន្តតិកម្ម។ បន្ទាប់មកទៀត ចំណែក 1 ភាគ 2 នៃភាគបម្រុងសរុបនោះ ត្រូវ​ចែកទៅឱ្យ​សហព័ទ្ធ ហើយ ចំណែក 1 ភាគ 2 នៃភាគបម្រុងសរុបដែលនៅសល់ ត្រូវ​ចែក​ទៅឱ្យកូន 2នាក់។ ហើយកូនទាំង 2នាក់ ត្រូវ​យកទៅចែកបន្ត ជា 2 ចំណែកស្មើៗគ្នា។
សូមកត់សម្គាល់ថា ទ្រព្យសម្បត្តិ​ដែលជា​មូលដ្ឋានក្នុងការគណនាភាគបម្រុង ត្រូវរាប់​បញ្ចូលទាំងទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់ តាមរយៈប្រទាន​កម្ម​ដែលបានធ្វើ​ក្នុង​អំឡុងពេល 1ឆ្នាំ នៅមុនពេល​ចាប់ផ្តើម​សន្តតិកម្មផងដែរ (មាត្រា1044)(ចំពោះប្រទានកម្ម​ដែលបាន​ធ្វើឡើងដោយភាគីទាំងសងខាងដែលបានដឹងថា ប្រទានកម្មនោះនឹង​បណ្តាលឱ្យប៉ះពាល់​ដល់ភាគបម្រុង គឺត្រូវ​តែ​រាប់បញ្ចូល បើទោះបីជារយៈពេល 1ឆ្នាំ បាន​កន្លងផុតក៏ដោយ)។ បើ​មិនកំណត់​បែបនេះទេ ប្រព័ន្ធនៃភាគបម្រុងអាច​រងការបំផ្លាញ ដោយប្រទានកម្មមុនពេលមតកជនទទួលមរណភាព។ ដូចនេះ ទ្រព្យសម្បត្តិដែលក្លាយជា​មូល​ដ្ឋាន​នៃភាគបម្រុង ត្រូវគណនាដោយយក​ទ្រព្យសម្បត្តិនៅពេលស្លាប់ (ពេល​ចាប់ផ្តើម​សន្តតិកម្ម) បូកជាមួយតម្លៃនៃ​ទ្រព្យសម្បត្តិជាក់លាក់ដែលបាន​ធ្វើប្រទានកម្ម ហើយដកចេញវិញនូវចំនួនកាតព្វកិច្ចពី​ទ្រព្យសម្បត្តិទាំងអស់នោះ (មាត្រា1043 កថាខណ្ឌទី1)។
យ៉ាងណាមិញ សិទ្ធិទាមទារ​ចំនួនដែល​បំពានភាគបម្រុងត្រូវរលត់​ដោយ​អាជ្ញាយុកាល បើ​មិនបានអនុវត្តក្នុងអំឡុងពេល 1ឆ្នាំបានកន្លងហួស គិតចាប់ពីពេលដែលអ្នកមានសិទ្ធិ​លើ​ភាគបម្រុងបានដឹងអំពីការ​ចាប់ផ្តើមសន្តតិកម្ម និង អត្ថិភាពនៃអច្ច័យទាន ឬ ប្រទានកម្មដែល​បាន​បំពានភាគបម្រុង។ សិទ្ធិទាមទារ​ឱ្យកាត់បន្ថយនេះ ក៏ត្រូវ​រលត់ផងដែរ បើអំឡុងពេល 10ឆ្នាំបានកន្លង​ផុត គិតចាប់ពីពេល​ចាប់ផ្តើម​សន្តតិកម្ម (មាត្រា1048)។
7. ការបំបែកទ្រព្យសម្បត្តិ
ម្ចាស់បំណុល​លើ​ទ្រព្យសម្បត្តិសន្តតិកម្ម (បុគ្គលដែល​មាន​សិទ្ធិ​លើបំណុល​ចំពោះមតកជន) ឬ អច្ច័យលាភី​ដែល​ទទួល​ទ្រព្យសម្បត្តិ​ពី​មតកជនតាមរយៈអច្ច័យទាន (ករណីដែលសន្តតិជនខ្លួនឯងផ្ទាល់កំពុងជាប់បំណុល) អាច​ទាមទារឱ្យតុលាការគ្រួសារ បំបែកទ្រព្យសម្បត្តិសន្តតិកម្មចេញពីទ្រព្យសម្បត្តិរបស់សន្តតិជន ក្នុងអំឡុងពេល 3ខែ គិតចាប់ពី​ពេលសន្តតិកម្ម​ចាប់ផ្តើមបាន ដើម្បីការពារមិនឱ្យទ្រព្យសម្បត្តិសន្តតិកម្ម និងទ្រព្យសម្បត្តិ​របស់​សន្តតិជនច្របល់ចូលគ្នា ហើយ​ម្ចាស់បំណុលមិនអាចទាមទារ​ឱ្យ​ផ្តល់តាវកាលិកបាន (នេះហៅថា ការបំបែកទ្រព្យសម្បត្តិ​ប្រភេទទីមួយ។ មាត្រា941 កថាខណ្ឌទី1)។ ហើយ​បុគ្គលដែលបាន​ទាមទារ​ឱ្យបំបែក​ទ្រព្យសម្បត្តិ អាច​ទទួលការ​សងពីទ្រព្យសម្បត្តិសន្តតិកម្មនោះ មុនម្ចាស់បំណុលនៃសន្តតិជនបាន (មាត្រា942)។ ផ្ទុយមកវិញ ម្ចាស់​បំណុល​របស់​សន្តតិជន ក៏អាចទាមទារ​ឱ្យបំបែកទ្រព្យសម្បត្តិផងដែរ (ក្នុងករណីដែលសន្តតិជនបានទទួលសន្តតិកម្មនូវ​ទ្រព្យសម្បត្តិអកម្មជាច្រើន ហើយស្ថានភាពហិរញ្ញវត្ថុក្លាយជា​យ៉ាប់យ៉ឺនខ្លាំង) ដើម្បី​រក្សាការពារនូវ​ការ​ប្រមូល​សិទ្ធិ​លើ​បំណុល​របស់ខ្លួន​បាន​ (នេះហៅថា ការបំបែកទ្រព្យសម្បត្តិ​ប្រភេទទីពីរ។ មាត្រា950)។
8. នត្ថិភាព​នៃ​សន្តតិជន
ប្រសិនបើ​ពុំច្បាស់ថាមាន​សន្តតិជនទេ មត៌កត្រូវ​ក្លាយជានីតិបុគ្គល (នីតិបុគ្គល​មត៌ក។ មាត្រា951)។ នៅក្នុងករណីនេះ តុលាការ​គ្រួសារត្រូវ​ជ្រើសតាំងអ្នកគ្រប់គ្រងមត៌ក តាមការទាមទាររបស់​បុគ្គលដែលមាន​ទំនាក់​ទំនង​ផល​ប្រយោជន៍ ឬ ព្រះរាជអាជ្ញា (មាត្រា952 កថាខណ្ឌទី1។ បញ្ញត្តិស្តីពី​អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ​របស់បុគ្គល​អវត្ត​មាន​ត្រូវយកមកអនុវត្ត​ដូចគ្នា ចំពោះករណីអ្នកគ្រប់គ្រងមត៌កនេះ។ មាត្រា953)។ ទោះបីជាមិនអាច​ស្វែងរកឃើញ​សន្តតិជន នៅពេលដែលតុលាការគ្រួសារ ប្រកាសជាសាធារណៈអំពីការជ្រើសតាំងអ្នកគ្រប់គ្រងមត៌កក៏ដោយ ក៏​អ្នក​គ្រប់គ្រងនោះត្រូវប្រកាសជាសាធារណៈ ដើម្បីផ្តល់ឱកាសឱ្យម្ចាស់បំណុល​របស់​មតកជន ឬ អច្ច័យលាភី អាច​ដាក់​ពាក្យសុំទាមទារ (មាត្រា957)។ ហើយតុលាការគ្រួសារអាច​ប្រកាសអំពីការស្រាវជ្រាវរកសន្តតិជន តាមការទាមទារ​របស់​អ្នកគ្រប់គ្រង ឬ ព្រះរាជអាជ្ញាបាន (មាត្រា958)។ បើសិនជានៅតែមិនអាចរកឃើញសន្តតិជនទៀត តុលាការ​គ្រួ​សារ អាច​ផ្តល់មត៌កទាំងអស់ ឬ មួយផ្នែកដែល​នៅសល់ក្រោយពីការ​ជម្រះបញ្ជី ទៅឱ្យ​ជនដែលមាន​ជីវភាពជាមួយ​នឹង​មតកជន ជនដែលបាន​ខិតខំ​មើលថែទាំព្យាបាលមតកជន និង ជនមាន​និស្ស័យពិសេសផ្សេងទៀត តាមការទាមទារ​របស់​ជនទាំងនោះបាន (ការផ្តល់ចំណែកមត៌កទៅឱ្យជនមាននិស្ស័យពិសេស។ មាត្រា​958.3)។ នៅក្នុងករណីដែលពុំមាន​ទាំងជនមាន​និស្ស័យពិសេសទៀត មត៌កដែល​នៅសល់ទាំងអស់ត្រូវ​ដាក់ទៅក្នុងរតនាគារបស់​រដ្ឋ (មាត្រា959)។
សូមអ្នកទាំងអស់គ្នាកុំយល់ច្រលំអំពី ការ​ផ្តល់ចំណែក​មត៌កឱ្យជនមាន​និស្ស័យពិសេស និង ជនដែល​ផ្តល់វិភាគទានពិសេស ដែល​ត្រូវបានបង្កើតថ្មីនៅក្នុងវិសោធនកម្មឆ្នាំ2018។ ប្រព័ន្ធជនដែលផ្តល់​វិភាគទានពិសេស ដែលបាន​រៀបរាប់ខាងលើនេះ (មាត្រា1050 ថ្មី, សូមយោងជំពូកនេះ II.1(4)③) គឺជាប្រព័ន្ធដែលគាំពារដល់សាច់ញាតិដែលបានថែទាំព្យាបាលជាអាទិ៍ដោយមិនយក​កម្រៃ ហើយមិនអាច​ក្លាយជា​សន្តតិជន នៅពេល​ដែលមាន​សន្តតិជនផ្សេងទៀត។ ចំណែកឯ ការ​ផ្តល់ចំណែកមត៌កឱ្យជនមាន​និស្ស័យពិសេស ត្រូវ​យកមកប្រើប្រាស់​តែ​ក្នុង​ករណីដែលពុំមាន​សន្តតិជនណាម្នាក់ប៉ុណ្ណោះ។